អារាធ​នា​ធម្មក​ថិក​ឱ្យ​សម្ដែង​ធម៌

ធម៌សូធ្យ - ធម៌ស្មូធ្យ
គឺ​ឧកញ៉ា​សុត្តន្ត​ប្រីជា ឥន្ទ​ ប្រែ​ចេញ​ពី​បាលី​ហើយ​ចង​ជា​ពាក្យ​ទុក​មក​
ព្រះ​គ្រូ​សំ​សត្ថា​ ជួន – ណាត គ្រូ​បង្រៀន​ក្នុង​សាលា​បាលី​ជាន់​ខ្ពស់​
និង​ព្រះ​គ្រូ​វិមល​បញ្ញា​ អ៊ុម – ស៊ូរ អាចារ្យ​ក្នុង​ព្រះ​រាជ​បណ្ណាល័យ​កម្ពុជា​
បាន​ទទួល​ផ្ទៀង​ផ្ទាត់​កែ​សម្រួល​ឡើង។
—————–
ធម្ម​ទេសនា​យា​ចន​កថា​

ពាក្យ​សូម​អារាធ​នា​លោក​អ្នក​សម្ដែង​ធម៌​

ព្រហ្មា   ច  លោកាធិបតី   សហម្បតី

កត្តញ្ជលី   អន្ធិវរំ  អយាចថ

សន្ដីធ  សត្តាប្បរជក្ខជាតិកា

ទេសេតុ  ធម្មំ  អនុកម្បិមំ  បដំ។

សទ្ធម្មភេរី  វិនយញ្ច  កាយំ

សុត្តញ្ច  ពន្ធំ  អភិធម្មចម្មំ

អាកោដយន្ដោ  ចតុសច្ចទណ្ឌំ

បព្វោធ  នេយ្យេ  បរិសាយ  មជ្ឈេ ។

ឯវំ  សហម្បតី  ព្រហ្មា  ភតវន្តំ  អយាចថ

តុណ្ហីភាវេន តំ ពុទ្ធោ

ការុញ្ញេនាធិវាសយ  តម្ហាវុដ្ឋាយ  ចាទេន

មិតទាយំតតោកតោ

បញ្ចវត្យាទយោ  នេយ្យេ  អមំ  ចាយេសិ  ធម្មតោ

តតោ  បភូតិ  សម្ពុទ្ធោ  អនូនា  ធម្មទេសនំ

មាឃវស្សានិ  ទេសេសិ  សត្តាន់  អត្ថសិទ្ធកំ។

តេន  សាធុ  អយ្យោ  ភន្តេ  ទេសេតុ  ធម្មទេសនំ

សញ្វយិធ  បរិសាយ  អនុកម្បម្បិ  កាតវេ។

គ្រា​នោះ​សហម្បតី​ ព្រហ្ម​ជា​ឥសូរ​លោកា​ ចូល​គាល់​ព្រះ​សាស្ដា​ លើក​ហត្ថា​សិរោ​រាប។ ហើយ​ពោល​ពាក្យ​ទូល​ថា​ សូម​ករុណា​ស្ដេច​ទ្រង់​ជ្រាប​ ដ្បិត​សត្វ​អន់​ទន់​ទាប​ ទុព្វល​ភាព​បាប​ក្រៃ​ក្រាស់។ ទន្ទឹង​ព្រះ​ធម៌​ថ្លៃ​ ជា​និស្ស័យ​បច្ច័យ​ច្បាស់​ ឥឡូវ​ទ្រង់​បាន​ត្រាស់​ ត្រេកអរ​ណាស់​ពុំ​កន្តើយ។ សត្វ​ខ្លះ​ក្រាស់​ដោយ​កាម​ មិន​យល់​តាម​ត្រៃ​លក្ខណ៍​ឡើយ​ ឥឡូវ​យល់ខ្លះ​ហើយ​ ដោយ​អំណាច​ព្រះ​មាន​បុណ្យ។  បើ​បាន​ស្ដាប់​ទេសនា​ បញ្ញា​ក្លា​ខ្លាំង​លើស​មុន​ សូម​ព្រះ​ដ៏​មាន​បុណ្យ​ ទ្រង់​និមន្ត​ត្រាស់​ទេសនា។  ប្រោស​សត្វ​បំបាត់​សោក​ ទាំង​រាគ​រោគ​រូប​តណ្ហា​ ងងឹត​ប្រែ​ជ្រះ​ថ្លា ​កើត​បញ្ញា​ភិយ្យោ​យល់។ ត្រៃ​លោក​គោក​ព្រៃ​លក្ខណ៍​ សង្សារ​ចក្រ​វិល​មិន​ដល់​ អវិជ្ជា​ករ​ឫស​គល់​ ជា​បច្ច័យ​នៃ​សង្ខារ។ នាំ​សត្វ​ឱ្យ​សោក​សៅ​ លិច​លង់​នៅ​ក្នុង​សង្សារ ​បញ្ចមារ​មោហន្ធការ​ រឹត​រុំ​ហ៊ុម​ជុំ​ជាប់​នៅ។  ហេតុ​នោះ​សូម​ព្រះ​អង្គ​ ប្រោស​ស្រោច​ស្រង់​ដាក់​សំពៅ​ ចម្លង​សត្វ​ឆ្ពោះ​ទៅ ​កាន់​ត្រើយ​ត្រាន​និព្វាន​នាយ។ ដូច​កល់​ប្រទីប​ធំ​ សាយ​ត្រសុំ​ភ្លឺ​ព្រោង​ព្រាយ​ បំភ្លឺ​សត្វ​ទាំង​ឡាយ​ ឱ្យ​សប្បាយ​ក្សាន្ត​ភិរម្យ។ ព្រះ​សទ្ធម្ម​ជា​ស្គរ​ជ័យ​ ព្រះ​វិន័យ​ជា​រាង​ធំ​ ព្រះ​សូត្រ​ជា​ខ្សែ​រុំ​ ព្រះ​អភិ​ធម្ម​ជា​ស្បែក​ដាស។

អរិយ​សច្ច​ជា​អន្លូង​ សម្រាប់​ទូង​ឱ្យ​ឮ​ច្បាស់​ សត្វ​លោក​ងោក​ងុយ​ណាស់​ ឮ​ស្គរ​ដាស​ក្រោក​ឡើង​បាន។ បរិស័ទ​៤​ចំពូក​ ដូច​ផ្កា​ឈូក​ក្នុង​ជលដ្ឋាន​ ខ្លះ​ផុស​ចាំ​សូរ្យ​ធាន​ រះ​និង​រីក​ដោយ​រស្មី។ ព្រះ​ធម៌​ជា​សូរ្យ​សែង​ រះ​ឡើង​ចែង​ចាំង​រង្សី​ បំភ្លឺ​លោក​ទាំង​បី​ ឱ្យ​យល់​ផ្លូវ​ឋាន​សុខា។

សហម្បតី​ព្រហ្ម​ ឱន​បង្គំ​អារាធនា​ សម្ដេច​ព្រះ​ភគវា​ ដោយ​គាថា​យ៉ាង​នេះ​ឯង។ ព្រះ​ពុទ្ធ​ទ្រង់​អនុកូល ​ព្រម​ទទួល​និង​សម្ដែង ​ដោយ​តុណ្ហី​ភាព​ថ្លែង​ តាម​ភាវៈ​គុណ​ករុណា។ ទើប​ក្រោក​ចាក​ទី​នោះ​ភក្រ្តា​ឆ្ពោះ​ព្រៃ​មិគ​ទា​ យាង​ចេញ​ចរ​លីលា​ ពី​ទី​នោះ​ដោយ​ព្រះ​បាទ។ ញ៉ាំង​សត្វ​ចូល​ពុទ្ធ​ចក្រ​ មាន​បញ្ច​វគ្គីយ៍​ជា​អាទិ៍​ ឱ្យ​ផឹក​អម្រឹត​ជាតិ​ រស​និព្វាន​តាម​ធម្មតា។

ចាប់​ដើម​ពី​នោះ​ឯង​ ទ្រង់​សម្ដែង​ធម៌​ទេសនា​ ធ្វើ​ពុទ្ធ​ក្រឹត្យា​ អស់​វស្សា​សែ​សឹប​ប្រាំ។  ពុំ​ថយ​ពុំ​បន្ធូរ ​ប្រយោជន៍​យូរ​អង្វែង​ឆ្នាំ​ សម្រេច​បុញ្ញ​កម្ម​ដល់​សព្វ​សត្វ​ទាំង​ភព​ត្រៃ។ ហេតុ​នោះ​ឥឡូវ​នេះ​ យើង​ខ្ញុំ​នេះ​សាទរ​ក្រៃ​ បពិត្រ​ព្រះ​គុណ​ថ្លៃ​ សូម​និមន្ត​ប្រោស​ទេសនា។ អនុគ្រោះ​ពួក​បរិស័ទ​ដែល​ជាប់​ខាត់​ដោយ​មោហា​ ឱ្យ​កើត​មាន​បញ្ញា​ ប្រាកដ​ជា​ទី​នេះ​ហោង។

អត្ថបទ​នេះ​ ស្រង់​ពី​កម្ពុជ​សុរិយា​ ក្បាល​លេខ​៤​ ឆ្នាំ​ ១៩២៦ – ២៧។

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Oldest
Newest Most Voted
Inline Feedbacks
View all comments