ហេតុ​ដែល​នាំ​ឱ្យ​កើត​រោគ

អនាមយកថា

បទទី ៣

អ្នកប្រាជ្ញខាងវិទ្យាពេទ្យសាស្ត្រ បានព្យាយាមស្រាវជ្រាវរាវរកដើមហេតុដែលនាំឱ្យកើតរោគមកជាច្រើនតំណអាយុមនុស្សហើយ ក្នុងទីបំផុតបានសេចក្ដីថា មូលហេតុដែលនាំឱ្យកើតរោគមាន ៣ យ៉ាងគឺ ៖

១– រាងកាយយើងមានកម្លាំងខ្សោយ

២– មានមេជំងឺ ឬមីក្រុបមកប៉ះពាល់ដល់រាងកាយ

៣– មានគ្រឿងចម្លងមេរោគ។

ហេតុទាំង ៣ ប្រការប្រមូលរួមគ្នាទៅទើបធ្វើឱ្យរាងកាយកើតរោគឡើង បើមានតែយ៉ាងណានីមួយមិនគ្រប់ព្រមគ្នាទាំង ៣ ប្រការទេ ក៏មិនកើតរោគដែរ ហេតុនេះ ទើបមានវិធីការពាររោគដូច្នេះគឺ៖

១– ត្រូវប្រយត្នកុំឱ្យរាងកាយខ្សោយថយកម្លាំង

២– ត្រូវរៀនឱ្យស្គាល់មីក្រុបឬមេជំងឺផ្សេងៗ

៣– ត្រូវរៀនឱ្យដឹងថា មានអ្វីខ្លះជាគ្រឿងចម្លងមេរោគ។

រាងកាយមានកម្លាំងខ្សោយ

អាកាស ការសម្អាត និងគ្រឿងអាហារ ភោជនទាំង ៣ មុខនេះអាចធ្វើឱ្យរាងកាយមានកម្លាំងខ្លាំងពូកែឬធ្វើឱ្យទន់ខ្សោយកម្លាំងបានដូចពោលតទៅនេះ ៖

អាកាសឬខ្យល់ជារបស់សម្រាប់ប្រើក្នុងការដកដង្ហើមរបស់យើង ជីវិតរបស់យើងដែលរស់នៅបានសព្វថ្ងៃនេះក៏ព្រោះមានអាកាស ប្រសិនបើមិនមានខ្យល់អាកាសសម្រាប់ដកដង្ហើមទេ មុខជាយើងនឹងស្លាប់មួយរំពេចមិនខាន។ ប្រសិនបើយកដបកែវមួយមកចាប់កណ្ដុរដាក់ក្នុងដបនោះហើយបិទមាត់ដបឱ្យជិតកុំឱ្យខ្យល់អាកាសចេញចូលបាន កណ្ដុរនោះមុខជានឹងស្លាប់ក្នុង ១០ នាទី មិនខាន។ នេះចង្អុលឱ្យឃើញថាកណ្ដុរនោះត្រូវការដកដង្ហើមចេញចូលដូចមនុស្សយើងដែរ ឬប្រសិនបើល្បងយកដៃខ្ទប់បិទរន្ធច្រមុះមាត់របស់យើងមិនឱ្យខ្យល់ដកដង្ហើមចេញចូលទេ មុខជាយើងអត់ធន់ទ្រាំពុំបាន បើមិនដកដៃចេញនឹងដាច់ខ្យល់ស្លាប់មិនខាន នេះជារបស់សំខាន់មួយរបស់អាកាសឬខ្យល់។

ក្នុងបន្ទប់ដែលយើងនៅនោះបើមានខ្នាតតូច ហើយមានចំនួនមនុស្សនៅច្រើន ខ្លួនយើងរមែងដឹងខ្លួនច្បាស់ថា វាដកដង្ហើមមិនស្រួលហើយមានអាការឈឺក្បាល ដូច្នេះតើមកពីហេតុអ្វី ? – ព្រោះអាកាសមិនមានចំនួនល្មមគ្រប់គ្រាន់ បើនិយាយតាមច្បាប់សុខវិទ្យា នឹងឃើញថា មនុស្សគ្រប់រូបត្រូវការអាកាសសម្រាប់ដកដង្ហើម ដោយហោចទៅបន្ទប់នោះតោងមានបណ្ដោយ ៣ ម៉ែត្រ កម្ពស់ ៣ ម៉ែត្រ ៥០ សង់ទីម៉ែត្រ ហើយត្រូវឱ្យមានបង្អួចសម្រាប់ខ្យល់ចេញចូលបានផង ទើបមានចំនួនអាកាសល្មមនឹងសេចក្ដីត្រូវការរបស់យើង។

ហេតុនេះ បន្ទប់ផ្ទះយើងគួរប្រកាន់តាមកំណត់នេះ ដើម្បីជាគ្រឿងការពារមិនឱ្យរាងកាយទ្រុឌទ្រោមថយកម្លាំងទៅបាន បើយើងមានអាកាសមិនបានចំនួនគ្រប់គ្រាន់ រោគផ្សេងៗនឹងបៀតបៀនរាងកាយ យើងមានជំងឺក្អករីងជាដើម ក្រៅពីនេះយើងនៅត្រូវការអាកាសស្អាតបរិសុទ្ធប្រាសចាកគ្រឿងស្មោកគ្រោក ឯគ្រឿងស្មោកគ្រោកមាននៅក្នុងអាកាសតិចច្រើននោះ ស្រេចតែទីកន្លែងនោះៗ។ ប្រសិនបើម្នាមនុស្សច្រើនណែនណាន់តាន់តាប់ គ្រឿងស្មោកគ្រោកក្នុងអាកាសក៏មានច្រើន កាលបើយើងដកដង្ហើមចូលទៅនឹងនាំឱ្យកើតទោសដល់រាងកាយយើងមិនខាន។ ឯវត្ថុជាគ្រឿងស្មោកគ្រោកនោះ គឺមេជំងឺល្អងផង់ធូលី អាកាសស្មោកគ្រោកដែលដកដង្ហើមចេញមកនឹងផ្សែងបារីជាដើម។

មេជំងឺឬមេរោគ‍‌ – យើងមិនអាចកម្ចាត់វាចេញឱ្យអស់ទៅបានទេ ព្រោះយើងមើលខ្លួនវាមិនឃើញ ហេតុនេះទើបមានតែវិធីមួយដែលជួយខ្លួនយើងឱ្យរម្ងាប់បាន គឺធ្វើរាងកាយឱ្យមានកម្លាំងខ្លាំងពូកែសម្រាប់តទល់នឹងមេរោគផ្សេងៗបាន។

ផង់ល្អងធូលី – យើងអាចការពាររបស់ស្មោកគ្រោកអស់នេះបានដោយវិធីខំឧស្សាហ៍បោសសម្អាតជូតលាងគ្រឿងប្រើប្រាស់ ពិតានផ្ទះ ជញ្ជាំងផ្ទះ ក្ដារក្រាលជាដើមឱ្យស្អាតជានិច្ច។

អាកាសអាក្រក់ – យើងអាចធ្វើឱ្យទៅជាអាកាសល្អបរិសុទ្ធបាន ដោយវិធីបើកទ្វារបង្អួចឱ្យខ្យល់អាកាសចេញចូលបានដោយស្រួល។

ផ្សែងបារី – យើងនឹងធ្វើការការពារផ្សែងបារីបានដោយកម្រពេកណាស់ ព្រោះមនុស្សយើងតែងនិយមជក់បារីស្ទើរតែរាល់គ្នា យើងនឹងហាមឃាត់គេមិនឱ្យជក់បារីនៅផ្ទះយើងក៏មិនទំនងដែរ។ ហេតុនេះមានតែផ្លូវមួយ គឺយើងតោងបើកទ្វារបង្អួចឱ្យអស់  ហើយយកផ្លិតបក់ផ្សែងបារីចេញឱ្យអស់។

ការសម្អាត – ការសម្អាត គឺការថែទាំបោសសម្អាតនិងកម្ចាត់បង់នូវគ្រឿងស្មោកគ្រោកផ្សេងៗឱ្យអស់ទៅ ដូចជាឧច្ចារៈនិងសំរាមជាដើម។

វិធីកម្ចាត់ឧច្ចារៈ – នៅប្រទេសយើង មានវិធីបន្ទោបង់ឧច្ចារៈបស្សាវៈផ្សេងៗគ្នា មានភូមិខ្លះឬផ្ទះខ្លះប្រើវិធីជីករណ្ដៅកប់ឬយកផេះលុបក៏មាន វិធីនេះបើធ្វើឱ្យស្អាតហ្មត់ចត់ក៏គួរសមដែរ ទាំងការពារក្លិនឧច្ចារៈមិនឱ្យផ្សាយចេញផង។ វិធីបន្ទោបង់ឧច្ចារៈក្នុងព្រែកឬស្រះបឹង ជាការមិនគួរគប្បីសោះ ព្រោះអាចនាំឱ្យមានអន្តរាយដល់រាងកាយឬជីវិតរបស់អ្នកដែលប្រើប្រាស់ទឹកអស់នោះបាន។  បើជាបង្គន់សាធារណៈដែលមាននៅទីប្រជុំជន មានមនុស្សរាប់រយរាប់ពាន់តែងចេញចូលប្រើប្រាស់នោះត្រូវតែប្រយត្នឱ្យណាស់ ព្រោះថា បើមានអ្នកណាមួយកើតរោគឆ្លងមានកាមរោគជាដើម មកជុះនៅបង្គន់នេះ អ្នកក្រោយមកជុះនៅទីនេះទៀត រោគនោះអាចនឹងឆ្លងបាន។ ទើបឃើញថា បង្គន់បែបនេះ បើមិនបានថែទាំឱ្យស្អាតល្អទេ មុខគួរឱ្យរង្កៀសពន់ពេក ហេតុនេះទើបត្រូវតែរក្សាទីអង្គុយជុះក្នុងបង្គន់ឱ្យស្អាតបាតជានិច្ច ត្រូវយកកំណាត់សំពត់ជ្រលក់ទឹកក្រេស៊ីលជូតឬជូតដោយទឹកក្ដៅ ត្រូវប្រយត្នកុំបន្ទោបង់បស្សាវៈឱ្យប្រឡាក់ក្ដារអង្គុយជុះ ព្រោះនាំឱ្យស្មោកគ្រោកបង្គន់ មុខគួរឱ្យខ្ពើមពន់ពេក។ ប្រជាជនដែលនិយមធ្វើបង្គន់ដោយជីករណ្ដៅ ធ្វើរោងប្រក់ស្លឹក ដាក់ក្ដារអង្គុយជុះ នៅក្បែរផ្ទះក្នុងភូមិនោះ តោងប្រយត្នឱ្យណាស់ ព្រោះរណ្ដៅបង្គន់បែបនេះមិនជិតដិតទេមុខគួរឱ្យស្ញប់ស្ញែងអន្តរាយ មានចួនកាលពេញរណ្ដៅហើយក៏នៅតែប្រើប្រាស់ដែរ នាំឱ្យផ្សាយក្លិនសម្អុយពាសពេញទាំងភូមិក៏សឹងមាន បង្គន់បែបនេះមិនគួរប្រើទេនឹងនាំឱ្យកើតរោគផ្សេងៗមិនខាន។ ឯបង្គន់ដាក់ធុងមានផ្លាស់ប្ដូររាល់យប់ទុកប្រើប្រាស់ច្រើននាក់នោះ បើបានថែទាំសម្អាតឱ្យស្អាតជានិច្ច ចាក់ទឹកក្រេស៊ីលខ្លះផង ទើបផុតអំពីជំងឺឆ្លងបានខ្លះ។

វិធីកម្ចាត់សំរាម – សំរាមផ្សេងៗនោះ បើរបស់ណាដែលល្មមដុតភ្លើងបាន ត្រូវយកទៅដុតភ្លើងចោលទៅ បើដុតភ្លើងមិនកើត ត្រូវយកទៅកប់លុបដី ឬដាក់ធុងសង្កសីមានគម្របគ្រប យកសំរាមសម្រោចទៅដាក់ហើយយកទៅចាក់ចោលក្នុងរណ្ដៅ ពេញហើយតាយដីលុបទៅឱ្យជិតល្អក៏បាន។

ការជះសំរាមចោលក្រោមផ្ទះនោះមិនប្រពៃសោះ ជាទីកើតនៃរោគផ្សេងៗច្រើនយ៉ាង ថែមទាំងនាំឱ្យនឿយហត់ពីរត្រួតទៀតផង។

អំពីអាហារភោជន

គ្រឿងអាហារភោជនដែលមានគុណឬទោសស្រេចតែវិធីប្រុងផ្សំឬដាំស្លតាមបែបអនាម័យ គឺថា ៖

១– អាហារដែលប្រកបដោយមំសៈ បើឆៅឬស្រស់ ឬស្ទើរឆៅស្ទើរឆ្អិនឆាប់រលាយជាង ហើយនាំឱ្យមានប្រយោជន៍ដល់រាងកាយច្រើនជាងសាច់ឆ្អិន មានប្រយោជន៍ច្រើនជាងសាច់ត្រាំឬដែលហាលស្ងួតហើយ។ ហេតុនេះ ត្រូវចម្អិនមំសៈឱ្យឆ្អិនត្រឹម ៥ នាទីទឹកពុះ ឬបន្ថយកម្ដៅឱ្យចុះមកទៀតក៏បាន ដើម្បីកុំឱ្យមំសៈនោះឆ្អិនហួសពេក។

២– តាមធម្មតា សាច់ត្រីច្រើនមានខ្លាញ់តិចមិនល្មមគ្រប់គ្រាន់នឹងសេចក្ដីត្រូវការរបស់រាងកាយ ជាតិត្រីដែលមានខ្លាញ់ច្រើននោះមិនសូវសម្បូរទេ ហេតុនេះ វេលាប្រុងអាហារភោជនបែបនេះ ត្រូវលាយខ្លាញ់សត្វដទៃផង លើកលែងតែត្រីដែលមានខ្លាញ់ច្រើនស្រាប់។ បើត្រូវការបរិភោគតែសាច់ត្រីសុទ្ធ ត្រូវយកទៅចៀននឹងខ្លាញ់ល្អជាងយកទៅចំហុយ ឬឆ្អើរ ឬអាំង បើស្លត្រី ត្រូវច្របាច់ខ្ទិះដូងដាក់ផង មានទំនងដូចសម្លការីជាដើម។

៣– ការដាំបាយ កុំជាត់ទឹកបាយចោលឱ្យសោះ ព្រោះរបស់វិសេសជាតិបាយតែងរលាយចេញមកជាមួយនឹងទឹកបាយ ដូច្នេះគួរប្រើវិធីចម្អិនបាយដោយលៃទឹកនិងអង្ករ ឱ្យទឹករីងព្រមនឹងបាយឆ្អិន កុំបាច់ជាត់ទឹកបាយចោល ឬមួយនឹងប្រើទឹកបាយទទួលទានជំនួសទឹកស៊ុបក៏បាន មិនគួរចាក់ទឹកបាយឱ្យឆ្កែស៊ី ហើយខ្លួនឯងបែរជាបរិភោគតែកាកបាយដូច្នេះទេ។ តាមដោយពិត យើងគួរបរិភោគទឹកបាយ ឯសាច់បាយគួរឱ្យទៅឆ្កែស៊ីវិញ។

៤– ការប្រើបន្លែស្រស់បរិភោគឆៅៗ ដូចជាញាំសាលាដជាដើមនោះ ដំបូងត្រូវលាងឱ្យស្អាតហើយត្រាំបន្លែនោះក្នុងទឹក វេលាហាន់រួចត្រូវលាងដោយទឹកម្ដងទៀត បើបន្លែនេះស្អាតក៏គួរដែរ តែក្នុងខណៈកើតជំងឺអាសន្នរោគដល់ប្រជាជន មិនគួរគប្បីប្រើបន្លែស្រស់ទេ។

៥– អ្នកដែលមានមុខក្រសួងខាងប្រកបអាហារភោជននោះត្រូវមានសំពត់អៀមយ៉ាងសស្អាតចងនៅនឹងខ្លួនជានិច្ច។ វេលាដាំស្លរួចហើយត្រូវលាងដៃឱ្យស្អាតនឹងកាត់ក្រចកឱ្យខ្លីជានិច្ច។

៦– កាលបើរៀបចំអាហារភោជនរួចហើយមិនត្រូវប្រើដៃចាប់ពាល់ទេ គឺត្រូវយកវែក ស្លាបព្រាផង ដួសជំនួសដៃ សូម្បីចាប់នំប៉័ងទទួលទានក៏ត្រូវប្រើសមដែលស្អាតដែរ ទើបអស់សេចក្ដីរង្កៀស។

៧– ក្នុងពេលដែលកំពុងធ្វើអាហារភោជនផ្សេងៗនោះ មិនត្រូវនិយាយស្ដីច្រើនពេក ព្រោះអាចនឹងធ្វើឱ្យទឹកមាត់ខ្ទាតធ្លាក់ទៅក្នុងអាហារភោជននោះៗបាន។

អាហារដែលធ្វើឱ្យឧច្ចារៈជ្រាយធូរស្រួលនោះគឺ ៖

១– ថ្លើមសត្វផ្សេងៗ មានថ្លើមមាន់និងថ្លើមទាជាដើម។

២– សម្លឬម្ហូបដែលបង់ម្ជូរអម្ពិល មានសម្លម្ជូរជាដើម។

៣– ផ្លែឈើស្រស់ផ្សេងៗដែលមានផ្លែតាមរដូវកាលជាដើម។

៤– នំប៉័ងខ្មៅ (នំប៉័ងនេះសម្បុរប្រផេះ) ជាដើម។

៥– ទឹកបង្អែម ទឹកឃ្មុំ និងកាហ្វេ។

របស់អស់នេះជាគ្រឿងធ្វើឱ្យលាមកចេញមកធូរស្រួលមិនក្ដៀនក្ដាំងទល់លាមកជាដើម។

បទទី ៤

 មីក្រូបឬមេរោគផ្សេងៗ

រូបឬវត្ថុដែលមានជីវិតិន្ទ្រិយយ៉ាងល្អិតៗ ជាអណូបរមាណូមាននៅជុំវិញខ្លួនយើងសព្វថ្អៃនេះ មានចំនួនច្រើនជាអនេក ប៉ុន្តែយើងមិនដឹងខ្លួន ហើយមើលមិនឃើញខ្លួនវាផង ជីវិតិន្ទ្រិយអស់នេះមាននៅទូទៅសព្វអន្លើឥតចន្លោះ គឺក្នុងដី ក្នុងអាកាស ក្នុងទឹក វត្ថុអស់នេះជាពីជគាមយ៉ាងល្អិតៗ ពូជស្រឡែទឹកក៏មាន សឹងមានរូបរាងផ្សេងៗគ្នា ប៉ុន្តែយើងមើលដោយភ្នែកទទេមិនឃើញទេ លុះតែប្រើកែវឆ្លុះពង្រីកខ្លួនវាឱ្យធំឡើងតាំងពី ១០០ ភាគដល់ ១,០០០ ភាគ ទើបសង្កេតមើលរូបសណ្ឋានខ្លួនវា ឬវត្ថុអស់នោះបាន តាមធម្មតាច្រើនតែមានរូបរាងជាកំណាត់ៗ មានទំនងដូចជាកំណាត់ឈើ ទើបគេហៅថា “បាក់តេរី” ប្រែថាកំណាត់ឈើ។

បាក់តេរីមានច្រើនយ៉ាងច្រើនពួកដែលយើងបានដឹងឮ ក្នុងវេលានេះមានចំនួនប្រហែល ១,២៧២ ចំពូកៗ ដែលមានសណ្ឋានមូលដូចជាផ្លែក្រូចពោធិ៍សាត់មានប្រមាណ ៣៤៣ ចំពូកៗ ដែលមានសណ្ឋានជាកំណាត់ៗ ដូចកំណាត់ឈើមានប្រមាណ ៨៣៣ ចំពូកៗ ដែលមានសណ្ឋានវែងៗ គន្លិកគន្លាក់មានប្រមាណ ៩៦ ចំពូកៗ ដែលអាចធ្វើយើងឱ្យកើតរោគបាន ដែលយើងដឹងច្បាស់ហើយនោះ មានចំនួនប្រមាណ ៥០ ចំពូក។ ក្រៅពីនេះមិនទាន់ដឹងច្បាស់ថា ឱ្យទោសដូចម្ដេចដល់មនុស្សយើងនៅឡើយ ហើយមានចំពូកខ្លះនោះប្រែត្រឡប់ឱ្យគុណដល់មនុស្សយើងវិញក៏មាន។

ខ្នាតបាក់តេរី

ខ្នាតបណ្ដោយរបស់បាក់តេរីនេះប្រហែល ២ មីក្រូ ឬមីក្រូមិល្លីម៉ែត្រ ខ្នាតទទឹង ១–៥ មីក្រូ. (ក្នុង ១ មីក្រូ. គឺ ១ ភាគក្នុង ១០០០ ភាគនៃមិល្លីម៉ែត្រ) ឯបាក់តេរីខ្នាតតូចបំផុតដែលយើងបានដឹងក្នុងវេលានេះ ដែលធ្វើឱ្យយើងកើតជំងឺគ្រុនផ្ដាសាយខ្លាំងនោះមានខ្នាតបែង បណ្ដោយប្រហែល ១–៥ មីក្រូ. ទទឹង ០.២ មីក្រូ. (តួឈាមក្រហមរបស់មនុស្សយើងមានទំហំប្រមាណ ៧ មីក្រូ.)។

គ្រឿងនាំឱ្យបង្កើតបាក់តេរីគឺ ៖

១– អាហារ  បាក់តេរីត្រូវការអាហារ ទឹកលោហិត ទឹករងៃជាដើម ជាអាហារដ៏មានឱជារស សម្រាប់បង្កើតបាក់តេរីឱ្យមានច្រើនឡើងដោយរួសរាន់។

២– កម្ដៅឧណ្ហៗ បាក់តេរីត្រូវការកម្ដៅឧណ្ហៗ ដូចជាចំហាយឧណ្ហៗក្នុងខ្លួនយើង។

៣– គ្រឿងសើមទទឹក បាក់តេរីត្រូវការគ្រឿងសើម បើបានទទួលគ្រឿងសើមអំពីរាងកាយយើង ឬអំពីទីណាក៏ដោយ ជាហេតុធ្វើឱ្យបាក់តេរីទាំងនោះកើតឡើងដោយរួសរាន់ ក្នុងរវាង ២៤ ម៉ោង វាអាចបង្កើតឡើងដល់ទៅ ៤,០០០,០០០ តួ ឬដើម ប្រសិនបើមានវត្ថុ ៣ យ៉ាងដូចពោលមកហើយខាងលើនេះប្រជុំព្រមជាមួយគ្នា។

គ្រឿងកាពារបាក់តេរីគឺ ៖

១– កម្ដៅ តាមធម្មតា បើមានចំហាយក្ដៅតាំងពី ៥៤ កម្រិតឡើងទៅ បាក់តេរីនឹងស្លាប់ក្នុង ១០ នាទី ហេតុនេះគ្រឿងបរិភោគទាំងឡាយត្រូវយកទៅដាំឬស្ងោររួចសឹមយើងបរិភោគ ទើបផុតពីរោគាព្យាធិទាំងពួង ហើយបាក់តេរីគ្រប់ចំពូកនឹងស្លាប់អស់ដោយកម្ដៅនេះមិនខាន។

២– គ្រឿងពន្លឺ បាក់តេរីដែលត្រូវឆ្លុះឬបញ្ចាំងដោយពន្លឺរស្មីព្រះអាទិត្យ នឹងស្លាប់អស់មួយរំពេច។ ហេតុនេះ ផ្ទះសម្បែងណាដែលមានពន្លឺថ្ងៃចាំងឆ្លុះចូលទៅក្នុងផ្ទះបាន ផ្ទះនោះមានបាក់តេរីតិច ឯបាក់តេរីដែល​នៅនឹងសំពត់ អាវ មុង ខ្នើយ ឬវត្ថុផ្សេងៗ កាលបើយករបស់ទាំងនោះហាលថ្ងៃ ក៏នឹងស្លាប់អស់ដែរ។

៣– ការសម្ងួត កាលបើយើងធ្វើវត្ថុដែលមានបាក់តេរីឱ្យស្ងួតមិនឱ្យសើម តួបាក់តេរីក៏នឹងស្លាប់ដែរ ហេតុនេះ មុខដំបៅរបួសផ្សេងៗ ត្រូវតែថែរក្សាឱ្យស្ងួតជានិច្ចទើបសះឆាប់ជា ព្រោះបាក់តេរីដែលនៅក្នុងមុខរបួសដំបៅនោះនឹងស្ងួតក្រៀមស្លាប់អស់ទៅ។

៤– អាកាស បាក់តេរីចំពូកខ្លះត្រូវការអាកាស ចំពួកខ្លះមិនត្រូវការបើចំពួកដែលត្រូវការ កាលមិនបានអាកាសតាមត្រូវការក៏ទ្រាំនៅពុំបាន ដូចជាជំងឺអហិវាតករោគជាដើម ចំពួកដែលមិនត្រូវការ កាលបើយកកាស (gaz) ក៏ទ្រាំពុំបានដែរ ដូចមេជំងឺហួសក្លាយ។ ហេតុនេះ មេជំងឺហួសក្លាយ ទើបត្រូវតែព្យាយាមបញ្ចូលអាកាសឱ្យបានច្រើន ឬនាំយកអាកាសអុកស៊ីសែនទៅដាក់ ដើម្បីឱ្យមេជំងឺអស់នោះស្លាប់ ទើបមុខរបួសនឹងសះជាជាឆាប់មិនខាន។

៥– ការបង្អត់អាហារ បាក់តេរីត្រូវការបរិភោគអាហារដូចសត្វដទៃៗដែរ បើមានអាហារតិចពេកមិនគ្រប់គ្រាន់នឹងបរិភោគ ក៏រស់នៅពុំបាន។ ហេតុនេះ ការរក្សារបួសឬដំបៅត្រូវតែកុំឱ្យមានទឹករងៃ ទឹកឈាម ខ្ទុះ ដែលជាអាហារចំណីរបស់បាក់តេរីចូលទៅនៅក្នុងមុខរបួសបាន នេះជាវិធីបង្អត់អាហារដើម្បីឱ្យបាក់តេរីអត់ស្លាប់អស់ទៅ។

៦– ថ្នាំសម្រាប់សម្លាប់បាក់តេរី ថ្នាំសម្រាប់សម្លាប់បាក់តេរីមានច្រើនយ៉ាង ដូចជា ………. ជាដើម ដូចជាថ្នាំសម្រាប់ប្រើក្នុងការកាត់វះនិងរក្សាមុខរបួស បើមិនធ្វើដូច្នេះទេបាក់តេរីក្នុងអាកាសដែលចាប់នៅតាមដៃរបស់អ្នកធ្វើការនិងគ្រឿងប្រដាប់នោះ នឹងធ្វើឱ្យរបួសមានខ្ទុះឡើងហើយស្អុយ កម្រនឹងសះជាបាន បើមិនមានបាក់តេរីក្នុងរហួសទេ របួសនោះនឹងសះជាជាឆាប់មិនខាន មិនមែនព្រោះបរិភោគបាយដំណើប ឬស៊ីក្រូចទេដែលធ្វើឱ្យរបួសមានខ្ទុះនោះ នេះជាសេចក្ដីចូលចិត្តខុសរបស់មនុស្សចំពួកខ្លះ។

រួមសេចក្ដីថា បាក់តេរីមាននៅទូទៅមិនថាទីតំបន់ណាទេ  សឹងមានរូបរាងនិងឫទ្ធិអំណាចផ្សេងៗគ្នា។ មានចំពួកខ្លះនោះមានប្រយោជន៍ដល់រាងកាយយើងជាច្រើន ដូចជាចំពួកដែលនៅក្នុងពោះវៀន វាជួយរម្លាយកាកអាហារ វាជួយញែករំលែកគ្រឿងពិសពុលក្នុងរាងកាយឱ្យក្លាយទៅជារបស់ដទៃៗដែលគ្មានពិស ហើយបញ្ចេញទៅតាមផ្លូវឧច្ចារៈបស្សាវៈ។ មានចំពួកខ្លះឱ្យទោសចំពោះសត្វនិងដើមឈើ មិនឱ្យទោសដល់មនុស្សក៏មានចំពួកខ្លះឱ្យទោសចំពោះមនុស្សតែមិនឱ្យទោសដល់សត្វនិងដើមឈើក៏មាន។ ចំពួកដែលយើងដឹងស្គាល់ច្បាស់ក្នុងវេលានេះដែលឱ្យទោសចំពោះមនុស្សនិងសត្វនោះមានប្រមាណ ៥០ ចំពួក។

គ្រឿងចម្លងរោគ

មេរោគឬមេជំងឺដែលមកប៉ះពាល់ដល់រាងកាយមនុស្សយើងបានដោយមានអ្វីមួយសម្រាប់ចម្លង ដូចជាយើងនឹងឆ្លងទន្លេឬស្ទឹងពីត្រើយម្ខាងទៅត្រើយម្ខាងទៀតបានតោងមានទូកដឬទូកចម្លង ទើបយើងឆ្លងទៅបាន  ហេតុនេះ ទើបត្រូវដឹងថា អ្វីជាតួចម្លងរោគមកកាន់រាងកាយយើងបាន។

វត្ថុផ្សេងៗដែលនឹងពោលតទៅនេះជាគ្រឿងនាំឬចម្លងមេជំងឺផ្សេងៗមកកាន់រាងកាយមនុស្សយើងបានគឺ ៖

១– អាកាស តាមធម្មតា មេរោគឬមេជំងឺច្រើនអណ្ដែតទៅតាមអាកាស ដូចមេជំងឺឡាប៉ែស្ត កញ្ជ្រឹល ផ្ដាសាយជាដើម បើមិនមានអាកាសនៅជាចន្លោះខ្លួនយើងនិងមេជំងឺទេ យើងក៏មិនកើតរោគអស់ទេដែរ ប្រសិនបើយើងការពារខ្លួនមិនឱ្យកើតរោគអស់នេះ យើងត្រូវតែនៅក្នុងទីអាកាសល្អបរិសុទ្ធមិនស្អុះស្អាប់ ដូចបានពោលមកក្នុងបទមុននេះ ព្រោះអាកាសល្អនេះ ក្រៅពីធ្វើឱ្យយើងមានកម្លាំងតទល់នឹងមេជំងឺបាន នៅមានប្រយោជន៍ជាថ្នាំពិសសម្រាប់បំពុលមេជំងឺផ្សេងៗទៀតផង។ កាលបើមេជំងឺត្រូវអាកាសល្អគង់តែនឹងស្លាប់អស់ទៅមិនខាន។

២– ទឹក  មេជំងឺផ្សេងៗ រមែងមកកាន់រាងកាយយើងតាមផ្លូវទឹក ដូចជាជំងឺអាសន្នរោគ ជំងឺមួលជាដើម។ វិធីការពារ គឹត្រូវផឹកទឹកដែលស្អាត គឺដាំឱ្យពុះជាមុនសិនផឹក។

៣– គ្រឿងបរិភោគ  មេជំងឺផ្សេងៗ ក្រៅអំពីមានមកតាមផ្លូវទឹក នៅមានជាប់មកនឹងគ្រឿងស៊ីគ្រឿងបរិភោគ បង្កើតទៅជារោគ កតាន់ឬខាន់ស្លាក់ គ្រុនរងាជាដើម ហេតុនេះ ត្រូវតែយើងប្រយត្នគ្រឿងស៊ីនេះឱ្យមាំមួន របស់ដែលរែកលក់ឬរុញលក់តាមផ្លូវតាមថ្នល់ ឬដាក់លក់តាមចិញ្ចើមថ្នល់ ឬរបស់ដែលមិនទាន់ឆ្អិនល្អក៏គួរចៀសវាងដែរ ដើម្បីរក្សាខ្លួនយើងឱ្យផុតស្រឡះពីជំងឺឆ្លងអស់នោះ។

៤– សម្លៀកបំពាក់  មេជំងឺចំពួកខ្លះ ដូចជាកមរមាស់ ស្រែង ភ្លឺ ឃ្លង់ និងកាមរោគជាដើម រមែងជាប់នៅនឹងសំពត់ស្លៀកពាក់ ហេតុនេះ គ្រឿងស្លៀកពាក់យើងមិនត្រូវខ្ចីគេប្រើទេ ទាំងសំពត់អាវរបស់យើងក៏មិនត្រូវឱ្យអ្នកដទៃខ្ចីប្រើដែរ។

៥– មូស  មូសជាសត្វនាំជំងឺគ្រុនចាញ់ មកកាន់មនុស្សយើង ចួនកាលធ្វើឱ្យយើងស្លាប់ដោយសារជំងឺនេះក៏មានច្រើន ឯវិធីបង្ការមូសមិនឱ្យខាំយើងបាននោះ ជាការលំបាកណាស់ ទុកជាយើងព្យាយាមកម្ចាត់វាឱ្យអស់ផ្ទះយើងទៅបាន គង់មានមូសមកពីផ្ទះអ្នកជិតខាងយើងបានទៀត ឬមានមកពីទីដទៃដែលស្មោកគ្រោក។ ហេតុនេះ ត្រូវយើងប្រើមុងជាគ្រឿងបង្ការមូសជាបណ្ដោះអាសន្នទៅសិនចុះ ទម្រាំប្រជាជនទូទៅចេះរកវិធីកម្ចាត់និងបង្ការមូសសព្វគ្រប់។

៦– ចំពួកពួកសត្វល្អិតៗ  ដូចជាសត្វរុយតែងនាំមេជំងឺអាសន្នរោគ គ្រុន ពិស និងរោគឯទៀតៗ មកកាន់មនុស្ស ដោយវាហើរទៅទំលើរបស់ស្មោកគ្រោកហើយវាហើរមកទំលើគ្រឿងបរិភោគរបស់យើង។ សង្កើចនាំឱ្យកើតរោគឃ្លង់និងរោគឯទៀតៗ។ ចៃកណ្ដុរនាំឱ្យកើតជំងឺកាឡរោគ (ប៉ែស្តិ៍)។ ហេតុនេះ ត្រូវដេញកម្ចាត់ចេញឱ្យអស់ហើយគ្រប់បិទគ្រឿងបរិភោគឱ្យជិតល្អ រៀបចំសម្អាតដំណេកឱ្យស្អាតបាតកុំឱ្យសង្កើចអាស្រ័យនៅបាន។

៧– មនុស្ស មនុស្សខ្លះដែលកើតរោគឆ្លង តែងចម្លងនោះមកកាន់មនុស្សផងគ្នាជាច្រើនយ៉ាង ដូចជាកាមរោគ (ស្វាយ ប្រមេះ ទីមឡា) និងអាសន្នរោគជាដើម។ ហេតុនេះ យើងត្រូវប្រយត្នឱ្យមែនទែនក្នុងការសេពគប់សមាគមនឹងមនុស្សផងគ្នា។

ខ. ស.

ជាអ្នកប្រែនឹងរៀបរៀង

ខេមរង្សី

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments