អំពី​អាហារ​ភោជន

សារវន្តកថា

គ្រឿងអាហារភោជនដែលមានគុណ ឬទោសស្រេចតែវិធីប្រុងផ្សំឬដាំស្លតាមបែបអនាម័យ គឺថា ៖

១- អាហារដែលប្រកបដោយមំសៈ បើឆៅឬស្រស់ ឬស្ទើរឆៅស្ទើរឆ្អិន ឆាប់រលាយជាង ហើយនាំឱ្យមានប្រយោជន៍ដល់រាងកាយច្រើនជាងសាច់ឆ្អិន មានប្រយោជន៍ច្រើនជាងសាច់ត្រាំ ឬដែលហាលស្ងួតហើយ។ ហេតុនេះ ត្រូវចម្អិនមំសៈឱ្យឆ្អិនត្រឹម ៥ នាទីទឹកពុះ ឬបន្ថយកម្ដៅឱ្យចុះមកទៀតក៏បាន ដើម្បីកុំឱ្យមំសៈនោះឆ្អិនហួសពេក។

២- តាមធម្មតា សាច់ត្រីច្រើនមានខ្លាញ់តិចមិនល្មមគ្រប់គ្រាន់នឹងសេចក្ដីត្រូវការរបស់រាងកាយ ជាតិត្រីដែលមានខ្លាញ់ច្រើននោះមិនសូវសម្បូណ៌ទេ ហេតុនេះ វេលាប្រុងអាហារភោជនបែបនេះ ត្រូវលាយខ្លាញ់សត្វដទៃផង លើកលែងតែត្រីដែលមានខ្លាញ់ច្រើនស្រាប់។ បើត្រូវការបរិភោគតែសាច់ត្រីសុទ្ធ ត្រូវយកទៅចៀននឹងខ្លាញ់ល្អជាងយកទៅចំហុយ ឬឆ្អើរ ឬអាំង បើស្លត្រី ត្រូវច្របាច់ខ្ទិះដូងដាក់ផង មានទំនងដូចសម្លការីជាដើម។

៣- ការដាំបាយ កុំជាត់ទឹកបាយចោលឱ្យសោះ ព្រោះរបស់វិសេសជាតិបាយតែងរលាយចេញមកជាមួយនឹងទឹកបាយ ដូច្នេះគួរប្រើវិធីចម្អិនបាយដោយលៃទឹកនឹងអង្ករ ឱ្យទឹករីងព្រមនឹងបាយឆ្អិន កុំបាច់ជាត់ទឹកបាយចោល ឬមួយនឹងប្រើទឹកបាយទទួលទានជំនួសទឹកស៊ុបក៏បាន មិនគួរចាក់ទឹកបាយឱ្យឆ្កែស៊ី ហើយខ្លួនឯងបែរជាបរិភោគតែកាកបាយដូច្នេះទេ។ តាមដោយពិត យើងគួរបរិភោគទឹកបាយ ឯសាច់បាយគួរឱ្យទៅឆ្កែស៊ីវិញ។

៤- ការប្រើបន្លែស្រស់បរិភោគឆៅៗ ដូចជាញាំសាលាដជាដើមនោះ ដំបូងត្រូវលាងឱ្យស្អាតហើយត្រាំបន្លែនោះក្នុងទឹក វេលាហាន់រួចត្រូវលាងដោយទឹកម្ដងទៀត បើបន្លែនេះស្អាតក៏គួរដែរ តែក្នុងខណៈកើតជំងឺអាសន្នរោគដល់ប្រជាជន មិនគួរគប្បីប្រើបន្លែស្រស់ទេ។

៥- អ្នកដែលមានមុខក្រសួងខាងប្រកបអាហារភោជននោះត្រូវមានសំពត់អៀមយ៉ាងសស្អាតចងនៅនឹងខ្លួនជានិច្ច។ វេលាដាំស្លរួចហើយត្រូវលាងដៃឱ្យស្អាតនឹងកាត់ក្រចកឱ្យខ្លីជានិច្ច។

៦- កាលបើរៀបចំអាហារភោជនរួចហើយមិនត្រូវប្រើដៃចាប់ពាល់ទេ គឺត្រូវយកវែក, ស្លាបព្រាផង ដួសជំនួសដៃ សូម្បីចាប់នំប៉័ងទទួលទានក៏ត្រូវប្រើសមដែលស្អាតដែរ ទើបអស់សេចក្ដីរង្កៀស។

៧- ក្នុងពេលដែលកំពុងធ្វើអាហារភោជនផ្សេងៗនោះ មិនត្រូវនិយាយស្ដីច្រើនពេក ព្រោះអាចនឹងធ្វើឱ្យទឹកមាត់ខ្ទាតធ្លាក់ទៅក្នុងអាហារភោជននោះៗបាន។

អាហារដែលធ្វើឱ្យឧច្ចារៈជ្រាយធូរស្រួលនោះគឺ ៖

១- ថ្លើមសត្វផ្សេងៗ មានថ្លើមមាន់និងថ្លើមទាជាដើម។

២- សម្លឬម្ហូបដែលបង់ម្ជូរអម្ពិល មានសម្លម្ជូរជាដើម។

៣- ផ្លែឈើស្រស់ផ្សេងៗ ដែលមានផ្លែតាមរដូវកាលជាដើម។

៤- នំប៉័ងខ្មៅ (នំប៉័ងនេះសម្បុរប្រផេះ) ជាដើម។

៥- ទឹកបង្អែម ទឹកឃ្មុំ និងកាហ្វេ។

របស់អស់នេះជាគ្រឿងធ្វើឱ្យលាមកចេញមកធូរស្រួលមិនក្ដៀនក្ដាំងទល់លាមកជាដើម។

ខ. ស.
ជាអ្នកប្រែនិងរៀបរៀង
ខេមរង្សី

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments