គុ. ពាក្យក្លាយឃ្លាតសំឡេងពី ឆាំន៉ានៗ ក្លាយសំឡេងពី ជំនាញ។ កាលពីក្នុងបុរាណសម័យព្រេងនាយសៀមយកពាក្យ ជំនាញ ទៅសរសេរជា ជាំនាញ អានថា ឆាំន៉ាន, ខ្មែរខ្លះក្នុងសម័យនោះទៅនៅឯប្រទេសសៀមយូរឆ្នាំ ធ្លាប់និយាយតាមសៀម ដែលថា ជំនាញ ជា ឆាំន៉ាន, លុះត្រឡប់មកនៅឯប្រទេសកម្ពុជាវិញ ក៏និយាយថា ឆាំន៉ានៗ តាមធ្លាប់មាត់, លុះចំណេរកាលយូរតមក ខ្មែរឯទៀតៗ និយាយក្លាយឃ្លាតសំឡេងពី ឆាំន៉ាន មកជា ចំណាន, ពាក្យជំនាញ របស់ខ្មែរក៏ទៅជាក្លាយសំឡេងពីរដងគឺ ជំនាញ ជា ឆាំន៉ាន, ឆាំន៉ាន ជា ចំណាន នេះឯង, ឯន័យរបស់ពាក្យទាំង ៣ សំឡេង : ជំនាញ > ឆាំន៉ាន > ចំណាន នេះ គង់នៅតែដដែល គឺមានដំណើរសេចក្ដីថា ប៉ិន, ប្រសប់, ស្ទាត់; ពូកែ; វាងវៃ ដូចគ្នា។
ជំនាញ ជាសម្ដីរបស់ខ្មែរ, គួរខ្មែរយើងថាឲ្យច្បាស់តាមសម្ដីរបស់ជាតិយើងវិញ ជាការប្រពៃណាស់ ឈ្មោះថាយើងមិនព្រមថាឲ្យឃ្លាតចាកសម្ដីដើមរបស់ខ្លួន, កាលបើយើងនិយាយជាមួយនឹងសៀម សឹមយើងថា ឆាំន៉ាន ជាមួយនឹងគេទៅចុះ កុំថា ចំណាន ព្រោះកុំឲ្យសៀមគេថា យើងនិយាយមិនច្បាស់ដូចគេ។
នេះជាប្រវត្តិនៃពាក្យ ចំណាន (ម. ព. ជំនាញ, ជាញ, ជាញជ័យ; ទិទៀន; ចឺម ទៀតផង)។
ប្រភព ៖ វចនានុក្រមខ្មែរ ទំព័រ២០៨