វណ្ណយុត្ត

អក្សរ​សាស្ត្រ​និង​ភាសា​ខ្មែរ

( ន. ) [វ័ន-ណៈយុត]   ( បា. ស. )

(សំ. វណ៌យុក្ត ឬ–យុក្តិ) គ្រឿងប្រដាប់សម្រាប់ប្រើផ្សំជាមួយនឹងអក្សរ វណ្ណយុត្តសម្រាប់ប្រើក្នុងភាសាខ្មែរមាន ១៨ យ៉ាងគឺ៖

១- វិសជ៌នី ឬ វិសគ៌ៈ ឬក៏ រះមុខ (ះ)

(សំ.),(បា.) (–ស័រ-គៈ) (ធៀបនឹង សំ. ជា វិសគ្គ, វិសជ្ជនីយ) ឈ្មោះវណ្ណយុត្តមួយប្រភេទ (ះ) នេះ (ហៅ រះមុខ ក៏បាន); ខាងអក្សរទេវនាគរី (សម្រាប់សំស្រ្កឹត) ប្រើជាចំណុចមួយគូលើក្រោម ដូចយុគលពិន្ទុ (:), មានសូរសំឡេងស្រដៀងនឹងខ្យល់អក្សរ ស ដែលជាតួប្រកប ប៉ុន្តែមិនចេញសូរសម្ផស្សតាមប្រទល់ធ្មេញដូចតួ ស ទេ, ដូចជា កន្លះ, ពោះ សូរខុសគ្នានឹង កន្លាស់, ពស់។ ពាក្យសំស្រ្កឹតដែលមានតួ ហ នៅខាងចុង បើផ្លាស់ ហ ជា វិសគ៌ៈ (ះ) ហើយមិនត្រូវប្រើតួ ហ ថែមទៀតទេ, ដូចជា គ្ឫហ, ចន្រ្ទគ្រាហ, សំគ្រហ, អនុគ្រហ ទៅជា គ្ឫះ ឬ គ្រឹះ, ចន្រ្ទគ្រាះ, សង្រ្គោះ, អនុគ្រោះ; កុំប្រើជា គ្រឹះហ៍, ចន្រ្ទគ្រាះហ៍, សង្រ្គោះហ៍, អនុគ្រោះហ៍ ដូច្នេះឡើយ។

២- មូសិកទន្ត ឬ ធ្មេញកណ្តុរ ( ៉ )

(បា.),(សំ.)(មូសិកៈទ័ន)(< មូសិក “កណ្ដុរ” + ទន្ត “ធ្មេញ”; មូឞិក–) ធ្មេញកណ្ដុរ។ ខ្មែរប្រើពាក្យនេះជាវណ្ណយុត្តិមួយប្រភេទមានរូបជាគំនូសក្បៀសពីរ សណ្ឋានស្រដៀងនឹងធ្មេញកណ្ដុរ ( ” ) នេះ សម្រាប់ប្រើសម្លាប់បំបែរសំឡេងព្យញ្ជនៈ ៩ តួគឺ ង, ញ, ន, ប, ម, យ, រ, ល, វ, មានសំឡេងជា ង៉, ញ៉, ន៉, ប៉, ម៉, យ៉, រ៉, ល៉, វ៉, និងប្រើដាក់ពីលើស្រៈ ិ ឱ្យជា ឺ   ប៉ុន្តែបើមានស្រៈ ឬនិគ្គហិតនៅពីលើត្រូវយកធ្មេញកណ្ដុរមកដាក់ខាងក្រោមវិញ ដូចយ៉ាង ង៉ិកង៉ក់, ញ៉ាំញ៉ើ, ប៉ិនប៉ៅ ជាដើម។

៣- ត្រីសព្ទ (៊)

(–ស័ប) ន. (សំ. ត្រិសព្ទ; បា. តិសទ្ទ “សូរសំឡេងឮ ៣ យ៉ាង”) ខ្មែរយើងប្រើជាឈ្មោះគ្រឿងវណ្ណយុត្តិ ( ៊ ) នេះ សម្រាប់ប្រើដាក់លើអក្សរ ៤ តួ ប, ស, ហ, អ, ឱ្យមានសំឡេងធំជា ប៊, ស៊, ហ៊, អ៊ ដូចពាក្យថា ត្បូងប៊ុត, ស៊ងស្លា, ឮស៊ាន, ស៊ុនសម្ដី; មិនហ៊ានទៅ, ចូលហ៊ុន, ស្រែកហ៊ោ, ដំណើរអ៊‌ីកអ៊ាក (អ៊ីកអ៊ាក), ក្រួចអ៊‌ឺត(អ៊ឺត), អ៊ុះអ៊ះ ជាដើម; ប៉ុន្ដែតួ : “ស” កាលណាបើមានស្រៈ ឥ ឬ ឦ នៅពីខាងលើ នឹងផ្លាស់រូបត្រីសព្ទ ( ៊ ) នេះចេញដូចយ៉ាង ស៊ីបាយ ដូច្នេះជាដើមវិញក៏បាន។

៤- ទណ្ឌឃាដ ឬ បដិសេធ (៍)

(បា.) (ទ័នឌៈ-ឃាត) ការពិឃាតដោយអាជ្ញា, ដោយដំបង, កំណាត់ឈើ ជាគ្រឿងពិឃាត។ ខ្មែរយើងប្រើពាក្យនេះជាឈ្មោះវណ្ណយុត្តម្យ៉ាងមានសណ្ឋានលំនាំកន្ទុយកំប្រុក (៍) សម្រាប់ដាក់ឃាត់អក្សរមិនឱ្យមានសំឡេងដូចជា ប្រយោជន៍, យោជន៍, ខ្លឹមច័ន្ទន៍ ជាដើម; វណ្ណយុត្ត នេះបើហៅថា បដិសេធ ក៏បាន ចំពោះភាសាសំស្រ្កឹតដែលសរសេរជាអក្សរទេវនាគរី, ទណ្ឌឃាតនេះ ហៅថា វិរាម មានរូបដូច្នេះ (^) សម្រាប់ប្រើដាក់ពីក្រោមតួអក្សរក្រោយបង្អស់ ដែលទុកគ្រាន់តែជាតួប្រកបប៉ុណ្ណោះមិនឱ្យចេញសំឡេង ដូចជាពាក្យថា កម៌ន, តបស, តេជស, អាត្មន, ជាដើម។ ប៉ុន្តែចំពោះភាសាសំស្ក្រឹតដែលសរសេរជាអក្សរខ្មែរ, យើងសន្មតសញ្ញាទណ្ឌឃាតនេះដូច្នេះវិញ (៑) សម្រាប់ដាក់ពីលើតួអក្សរក្រោយបង្អស់នោះៗ ដែលគ្រាន់តែជាតួប្រកបមិនឱ្យចេញសំឡេងដូចគ្នាដែរដូចជា កម៌ន៑, តបស៑, តេជស៑, អាត្មន៑ (អ. ថ. ករ័ន្ម, តៈប៉័ស, តេជ័ស, អាត្ម័ន)។

៥- របាទ ឬ រេផៈ (៌)

( រ-បាត )ជើងអក្សរ រ (ហៅដោយសន្មតិ), ជាឈ្មោះវណ្ណយុត្តមួយប្រភេទ ដែលខ្មែរប្រើតាមបែប រេផៈ សំស្រ្កឹត មានរូបសណ្ឋានដូច្នេះ ( ៌ ), ក្លាយរូបមកទៀតជា (៌); ក្នុងសិលាចារឹកខ្មែរបុរាណច្រើនប្រើ រ ពេញតួ, សម្រាប់ប្រើដាក់លើអក្សរតួចុង ដើម្បីធ្វើអក្សរតួដើមបន្ទាប់នោះឱ្យមានសូរសំឡេងញ័រ, ប្រើចំពោះតែភាសាសំស្រ្កឹត ឬសំស្រ្កឹតក្លាយ, ដូចជា គ័ភ៌, ទុគ៌ត, ទុព៌ល, ធម៌, បព៌ត, ព័ណ៌, ធម៌អាថ៌ ជាដើម; ប៉ុន្តែបើមានស្រះដែលទើសពិបាកសរសេរនោះ ត្រូវដាក់អក្សរ រ ពេញតួពីលើជើងអក្សរខាងចុងវិញ, ដូចជា ទុរ្ភិក្ស, មូរ្តី, រាមកេរ្តិ៍, តិរ្ថិយ, អន្យតិរ្ថិយ ជាដើម; ចួនកាលមិនមានស្រះទើសទែងទេ ប៉ុន្តែគួរឱ្យច្រឡំពិបាកអាន ក៏ត្រូវដាក់តួ រ លើជើងអក្សរខាងចុងបានដែរ, ដូចជា កម៌ន៑, អស្ចាយ៌, អាចាយ៌ ប្រើជា ករ្ម័ន, អស្ចារ្យ, អាចារ្យ ជាដើម (ប្រើសម្រួលឱ្យងាយមើលងាយថា)។ បើមានអក្សរ រ ជាតួប្រកបពីខាងចុង, នឹងប្រើជា របាទ (រេផៈ) នេះផងពុំបានឡើយ, ដូចជា ជ័រ, ដើមសង្ឃ័រ, ញ័រ, ទទ័រ ជាដើម (សរសេរយ៉ាងនេះត្រឹមត្រូវហើយ) កុំសរសេរជា ជ័រ៌, ទទ័រ៌  ឬ ជារ៌, ទទារ៌ ឬក៏ ជារ៌, ទទារ៌ ដូច្នេះឡើយ។

៦- រស្សសញ្ញា ឬ បន្តក់ (់)

(បា.),(សំ.) (រ័ស-សៈ ស័ញ-ញ៉ា) (< រស្ស “ខ្លី” + សញ្ញា “គ្រឿងសម្គាល់; ឈ្មោះ, …”; ហ្រស្វ + សំជ្ញា) គ្រឿងសម្គាល់ឱ្យដឹងថាមានសំឡេងខ្លី។ ពាក្យនេះវេយ្យាករណ៍បណ្ឌិតខ្មែរសន្មតជាឈ្មោះវណ្ណយុត្តមួយប្រភេទ មានសណ្ឋានកំបុតខ្លីនេះ (់) សម្រាប់ប្រើបំបែរសំឡេងវែងឱ្យខ្លីកំបុតធ្ងន់, ប្រើដាក់បានចំពោះតែពីលើតួអក្សរប្រកបរបស់ពាក្យខ្មែរដែលជាស្រៈ អ, អា ពីរនេះដូចជា : អត់, កក់, ចប់, ដល់; អាក់, កាន់, ចង្កាក់, ស្គាល់ ជាដើម (ហៅថា សង្កត់ ឬ បន្តក់ ក៏បាន; សៀមហៅ ម៉ៃឯក អ. ថ. ម៉ៃអេក “ឈើមួយ” សម្រាប់ប្រើបំបែកសំនៀងដោយវិធីផ្សេងពីខ្មែរ។ ម. ព. រស្សៈ និង សញ្ញា ផង)។

៧- សំយោគសញ្ញា (័)

(បា.),(សំ.)(ស័ង-យោគៈស័ញ-ញ៉ា)គ្រឿងសម្គាល់អក្សរតម្រួត។ ខ្មែរប្រើជាឈ្មោះវណ្ណយុត្តមួយប្រភេទ មានសណ្ឋានដូច្នេះ (័) ជាជំនួសអក្សរសំយោគសម្រាប់ដាក់លើពាក្យបាលីឬសំស្រឹ្កតពួកខ្លះ ដែលប្រើបំប្លែងសំឡេងឱ្យក្លាយល្អៀងពីសូរដើម, កាលបើមិនដាក់ (័) នេះ នាំឱ្យពិបាកថា, ដូចជាក្ស័យ, ជ័យ, ទ័ល, នង្គ័ល, ន័យ, និស្ស័យ, បច្ច័យ, ពិន័យ, ពិរាល័យ, ភ័យ, រហ័ស, រំហ័ស, វិន័យ, វេស្ម័ន, វេស្សវ័ណ, សម័យ, អធ្យាស្រ័យ, អនាម័យ, អភ័យ, អាល័យ, អាស្រ័យ, ឧបនិស្ស័យ ជាដើម។ ទោះបីពាក្យដែលមានអក្សរសំយោគហើយ ប៉ុន្តែបើមិនដាក់ (័) នេះផ្សំផងទេ នាំឱ្យពិបាកថា, ត្រូវប្រើសំយោគសញ្ញាថែមទៀតក៏មានខ្លះ, ដូចជា គ័ភ៌, ទក្ខិណាព័ត៌, ព័ណ៌, ព័ទ្ធ, ព័ទ្ធព័ន្ធ, ពិទ័គ្ធ, ពិភ័ក្តិ, ភ័ព្វ, ម្រ័ក្សណ៍, យ័ន្ត ឬ យ័ន្រ្ត, ល័ក្ត, ល័ព្ធ, អភ័ព្វ ជាដើម។ សម្រាប់ប្រើពាក្យខ្មែរខ្លះក៏មាន, ដូចជា ខ្ទ័រ, ជ័រ, ញ័រ, ទទ័រ, ទូទ័រ, ទំព័រ, នំបុ័ង, សូរបុ័ងៗ, ភ្ជ័រ, ផ្លែសង្ឃ័រ, ដើមសំព័រ, ស្ពាន់ធ័រ ជាដើម។ សម្រាប់ប្រើភាសាដទៃក៏មានខ្លះ, ដូចជា កុងត្រូល័រ, ឌីរ៉ិកទ័រ, អ័ងស្ប៉ិកទ័រ ជាដើម។

៨- លេខទោ ឬ អាមេណ្ឌិតសញ្ញា (ៗ)

លេខផ្ទួនឬគ្រឿងសម្គាល់ពាក្យផ្ទួន។ ខ្មែរប្រើជាឈ្មោះវណ្ណយុត្តមួយប្រភេទ មានសណ្ឋានខាងក្បាលឬខាងលើជាលេខ ២ ប៉ុន្តែខាងកន្ទុយឬខាងក្រោមទាញចុះ (ៗ) នេះ សម្រាប់សរសេររៀងពីខាងមុខពាក្យ ដែលត្រូវថា ផ្ទួន, ដូចជា ផ្សេងៗ, ទីទៃៗ, បងៗ, ប្អូនៗ ជាដើម, ប៉ុន្តែពាក្យ បា. ដូចយ៉ាង អាបោ អាបោ ជាដើមកុំប្រើ អាបោៗ ត្រូវប្រើ អាបោ អាបោ តាមរូបដើម (ហៅ លេខទោក៏បាន)។

៩- លេខអស្តា (៏)

(សំ.)(ជើង ដ, ល៉េក-អ័ស-ស្ដា)(លេខ + អឞ្ដ) លេខ ៨។ ខ្មែរប្រើជាវណ្ណយុត្តសម្រាប់ដាក់លើអក្សរទោល កញ្ឆក់សំឡេងឱ្យខ្លីរហ័ស, ដូចជា : ក៏បាន, ក៏ដោយ, ដ៏ប្រសើរ, ព្ធដ៏អាកាស; ហ៏ !, ហ៏យកចុះ !; នុ៎ះន៏; អុញន៏ ! ជាដើម។

១០- កាកបាទ ឬ ជើងក្អែក (+)

(បា.) (កាកៈបាត) (“ជើងក្អែក”) ឈ្មោះវណ្ណយុត្តមួយយ៉ាងមានសណ្ឋានដូចជើងក្អែក គំនូស ឬឈើខ្វែងមានសណ្ឋានស្រដៀងនឹងក្រញាំជើងក្អែក។ ឈ្មោះវណ្ណយុត្តិមួយយ៉ាង (+) សម្រាប់ទាញសំឡេងអក្សរឱ្យឡើងខ្ពស់ជាងប្រក្រតី ដូចពាក្យថា ឆ្លើយកូ៎ក, នុ៎ះហើយ, អ្វីហ្ន៎ ? ជាដើម។ សម្រាប់ប្រើជៀតអក្សរ ជៀតពាក្យដែលសរសេរខុសហើយសរសេរជៀតពីលើ ឬពីក្រោមត្រូវការជើងក្អែកនេះ (+)។

១១- កុក្កុដនេត្រ ឬ ភ្នែកមាន់ (៙)

(សំ.),(បា.)(កុក្កុដនេត្ត “ភ្នែកមាន់”) ឈ្មោះវណ្ណយុត្តិមួយយ៉ាង មានសណ្ឋានជាវង់មូល ពីរជាន់ តូចក្នុង ធំក្រៅ ស្រដៀងនឹងភ្នែកមាន់ (៙) សម្រាប់ប្រើសរសេរដាក់ត្រង់ក្បាលបន្ទាត់ ដើមសេចក្ដីធំនីមួយៗ (ប្រើតែក្នុងសម័យជាន់ដើម) តែក្នុងសម័យសព្វថ្ងៃនេះមិនសូវប្រើ។

១២- របះ (។)

ការរះឱ្យមានឃ្លា។ ឈ្មោះវណ្ណយុត្តមួយប្រភេទមានរូបសណ្ឋានបែបនេះ (។ ) សម្រាប់រះខណ្ឌឃ្លាក្នុងសង្កាត់នៃប្រយោគវែងខ្លីនីមួយៗ។ របះ នេះមានឈ្មោះផ្សេងៗទៅទៀតហៅថា របះសាខា ក៏បានគឺ របះតូច របះដែលរះរាំងសេចក្ដីខ្លី។ របះធំ របះដែលរះរាំងសេចក្ដីវែង។ របះបន្ទាត់ ឬ របះលូកបន្ទាត់ របះដែលរះត្រង់ចុងបន្ទាត់មួយខាងលើហើយបន្ទាត់ខាងក្រោមបន្ទាប់គ្នានោះត្រូវលូកចូល គឺត្រូវសរសេរលូកចូលមកខាងក្នុងឱ្យល្មមដល់ការគួរ មិនសរសេរឱ្យមានដើមបន្ទាត់ឬក្បាលបន្ទាត់ស្មើនឹងបន្ទាត់លើ។ របះបរិយោសាន ឬ របះចប់ ក្នុងសម័យបុរាណ ប្រើរូបសណ្ឋានបែបនេះ ( ៕ ), ក្នុងសម័យបច្ចុប្បន្ន ប្រើរូបបែបនេះ (។ ) គឺរូបទោលតែមួយដែរ; ឬជួនប្រើរូបបែបនេះ (។៚ ) ក៏មាន, រូបបែបនេះ ( ៕៚ ) ក៏មាន (ដូចបុរាណដែរ)។ របះដែលមាន គោមូត្រ ផ្សំជាមួយផងនេះ កវីក្នុងសម័យបុរាណ ច្រើនប្រើក្នុងទីបំផុតចប់ស្រេចនៃកាព្យ, ដូចជា : អ្នកណាបានស្ដាប់ អ្នកណាបានត្រាប់អ្នកណាបានធ្យាន រសធម៌នេះគាប់ ជាច្បាប់ទូន្មាន អ្នកនោះស្មើបាន ដល់និញ្វនហោង ៕៚ (សាស្រ្តាច្បាប់ រាជនេតិ ជានិពន្ធនៃព្រះរាជសម្ភារ)។ ដែលធ្លាប់ប្រើរៀងមក, សរសេរជា របះ ក៏មាន ជាល្បះ ក៏មាន, ប៉ុន្តែតាមប្រភពនៃពាក្យ ត្រូវប្រើ របះ វិញ ព្រោះមានអត្ថន័យថាមកពី រះ គឺជាអំពើរបស់ រះ ឬដែលត្រូវ រះ; ឯ ល្បះ ជា ន. នៃពាក្យ កិ. ថា លះ; ល្បាស់ ជា ន. នៃ កិ. ថា លាស់។

១៣- របះចប់ ឬ របះបរិយោសាន (៕)

ក្នុងសម័យបុរាណ ប្រើរូបសណ្ឋានបែបនេះ ( ៕ ), ក្នុងសម័យបច្ចុប្បន្ន ប្រើរូបបែបនេះ (។ ) គឺរូបទោលតែមួយដែរ; ឬជួនប្រើរូបបែបនេះ (។៚ ) ក៏មាន, រូបបែបនេះ ( ៕៚ ) ក៏មាន (ដូចបុរាណដែរ)។ របះដែលមាន គោមូត្រ ផ្សំជាមួយផងនេះ កវីក្នុងសម័យបុរាណ ច្រើនប្រើក្នុងទីបំផុតចប់ស្រេចនៃកាព្យ, ដូចជា : អ្នកណាបានស្ដាប់ អ្នកណាបានត្រាប់អ្នកណាបានធ្យាន រសធម៌នេះគាប់ ជាច្បាប់ទូន្មាន អ្នកនោះស្មើបាន ដល់និញ្វនហោង ៕៚ (សាស្រ្តាច្បាប់ រាជនេតិ ជានិពន្ធនៃព្រះរាជសម្ភារ)។

១៤- គោមូត្រ (៚)

(សំ.),(បា.)(គោមុត្ត “ទឹកនោមគោ”) ឈ្មោះគ្រឿងវណ្ណយុត្តិមួយយ៉ាង មានសណ្ឋានស្រដៀងនឹងកង្កាញ់ទឹកនោមគោ (៚) សម្រាប់ប្រើសរសេរ ដាក់ត្រង់កន្លែងបញ្ចប់សេចក្ដី ដែលចប់អស់ហើយត្រឹមប៉ុណ្ណោះ, ច្រើនប្រើក្នុងទីចប់ស្រេចនៃកាព្យ។ គ្រឿងវណ្ណយុត្តិនេះ អ្នកលង្កាទ្វីប ប្រើដាក់ត្រង់ទីចប់នៃគាថាបាលីមួយៗ សម្គាល់ជាខ្យល់សំឡេងរនរន្ថាន់ដូចកង្កាញ់រលក តាមទំនងបទ សរភញ្ញ ម្យ៉ាងដែលហៅថា តរង្គៈ ; ប្រហែលជាពួកបុព្វបុរសរបស់យើងពីដើមប្រើបែបនេះតាមលង្កាទ្វីប សម្រាប់ដាក់ចំពោះតែត្រង់កន្លែងបញ្ចប់ពាក្យកាព្យឃ្លោង ជាគ្រឿងសម្គាល់សំឡេងរនទេដឹង ? លុះយូរៗតមក ទោះបីពាក្យរាយ ក៏ប្រើវណ្ណយុត្តិនេះដែរ។

១៥- រ៉ាត់ ឬ គាប ( } )

(ស.)ឈ្មោះវណ្ណយុត្តមួយប្រភេទ ( } ) នេះសម្រាប់សរសេរគាប កើត កើត ពាក្យទន្ទឹមគ្នា, ដូចជា : ថ្ងៃ ៨ និង ១៥ ឬ ១៤ រោច រោច នេះជា : ថ្ងៃ ៨ កើត, ៨ រោច និង ១៥ កើត, ១៥ រោច ឬ ១៤ រោច ដូច្នេះវិញ។

១៦- រជ្ជុសញ្ញា (-)

ជាសញ្ញាបន្ទាត់ផ្ដេកខ្លីសម្រាប់ប្រើប្រាស់បានច្រើនយ៉ាងនៅក្នុងការសរសេរអត្ថបទ ឬតែងនិពន្ធជាដើម។

ក- សម្រាប់បំបែកព្យាង្គនៃពាក្យមួយ កុំឱ្យអានច្រឡំជាប្រកប នាំឱ្យខុសពាក្យដូចជា ទូក-ង, កុក-ស, សម្បុរ-ស,ខ្សែ-ក…។

ខ- សម្រាប់តភ្ជាប់ពាក្យមួយ ដែលសរសេរមិនទាន់ចប់នៅចុងទំព័រ ហើយត្រូវត្រឡប់មកសរសេរនៅដើមបន្ទាត់វិញ។

គ- សម្រាប់ភ្ជាប់ពាក្យមួយដែលដាច់គ្នា ដើម្បីតម្រូវចាប់ចុងចួនក្នុងកំណាព្យ។

ឃ- សម្រាប់បញ្ជាក់អំពីការផ្លាស់ប្តូរឃ្លាសន្ទនានៃតួពីរ ឬច្រើននាក់។

ង- សម្រាប់សម្គាល់នូវការរៀបរាប់ ជាលំដាប់លំដោយ អំពីគំនិត ឬចំណុចប្លែកៗ។

១៧- មច្ឆណ្ឌសញ្ញា ឬ ពងត្រី (…)

(បា.) (ម័ច-ឆន់-ឌៈ ស័ញ-ញ៉ា) (មច្ឆ “ត្រី” + អណ្ឌ “ពង” + សញ្ញា “គ្រឿងសម្គាល់”) ឈ្មោះវណ្ណយុត្តិជាសញ្ញាមួយប្រភេទ ជាចំណុចមានសណ្ឋានដូចពងត្រី (…) សម្រាប់ប្រើក្នុងការរៀបរាប់របស់ផ្សេងៗឬខសេចក្ដីដែលនៅមានទៀត, ដែលមិនទាន់ចប់មិនទាន់អស់, មានន័យប្រហែលនឹងពាក្យ “ជាដើម” : សាលារៀនខ្ញុំមានតុ, ទូ, កៅអី…; ត្រូវយកប្រដាប់ប្រដាឱ្យសព្វគ្រប់ទៅផង ដូចជាឆ្នាំង, ចាន, វែក, ស្លាបព្រា, សម…។

១៨- បេយ្យាលៈ (។ បេ។) ឬ (។ល។)

(បា.)(ប៉ៃយ៉ាល៉ៈ) ឈ្មោះវណ្ណយុត្តមួយយ៉ាង សម្រាប់ប្រើបំព្រួញសេចក្ដីវែងឱ្យខ្លី ឬច្រើនឱ្យតិច, ប្រើតែអក្សរ១តួខាងដើមថា។ បេ។ (ប៉េ) ក៏បាន, ប្រើតែអក្សរខាងចុងថា។ល។ (ល៉ៈ) ក៏បាន។

១៩- យុគលពិន្ទុ (ៈ)

(សំ.),(បា.) (យុគៈលៈពិន-ទុ) (យុគល “គូ” + វិន្ទុ ឬ ពិន្ទុ “តំណក់; ចំណុច”) ចំណុចមួយគូ ឬចំណុចពីរទន្ទឹមគ្នា (ម. ព. ពិន្ទុ ផង)។ ពាក្យសន្មតឱ្យជា ឈ្មោះវណ្ណយុត្តមួយយ៉ាង (:) ដូចគ្នានឹង ដឺពង់ក៍ (Deux points) របស់បារាំងសែស, សម្រាប់ប្រើចុចពីខាងមុខអក្សរ ដែលមានសំឡេង ជា អៈ, អាៈ, អេៈ, ជាដើម ដូចជាខេមរៈ, ធុរៈ, ភារៈ, មរណៈ, លក្ខណៈ, សក្ការៈ, ស្រៈ, អក្ខរៈ, អ៊ីថាៈ, អេៈអុៗ, រអេះរអុ ជាដើម; ប៉ុន្តែ ពាក្យដែលជា សមាសនាម មានដើមថា កម្ពុជរដ្ឋ, ខេមរជាតិ, មគធភាសា, មរណភាព, រាជបុត្រ, សក្ការបូជា, អក្ខរវិធី (ក័ម-ពុជៈរ័ក, ខេម៉ៈរ៉ៈជាត, មៈគៈធៈភាសា, មៈរៈណៈភាប, រាជៈបុត, ស័កការ៉ៈបូជា, អ័កខៈរ៉ៈវិធី) នេះ កុំចុចអក្សរកណ្តាលជា កម្ពុជៈរដ្ឋ, ខេមរៈជាតិ, មគធៈភាសា, មរណៈភាព, រាជៈបុត្រ, សក្ការៈបូជា, អក្ខរៈវិធី ដូច្នេះឡើយ។ មួយទៀត, យុគលពិន្ទុ នេះមិនមានសំឡេងទេ សម្រាប់ប្រើជាគ្រឿងសម្គាល់ការចង្អុលពាក្យឬសេចក្តីខាងមុខ ដែលជាឧទាហរណ៍ឬជាព័ស្តុតាងជាដើម, ដូចជាម្តាយនិយាយ ថា : កូន, ឯងខំប្រឹងរៀនសូត្រទៅ ទាន់ខ្លួននៅក្មេង ! (ម. ព. វណ្ណយុត្ត ផង)។

ជា ១៩ យ៉ាងនឹង យុគលពិន្ទុ នេះ (ៈ) ដែលទើបនឹងបង្កើតថ្មី សម្រាប់ប្រើចុចសម្រួលពាក្យឱ្យងាយថា, ដូចជា, ធុរៈ, ភារៈ, ព្យូហៈ, លក្ខណៈ ជាដើម។

ប្រភព ៖ វចនានុក្រមខ្មែរ សម្ដេច ជួន ណាត

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Oldest
Newest Most Voted
Inline Feedbacks
View all comments