កម្ពុជាសម័យអាណាចក្រភ្នំ

ប្រវត្តិសាស្រ្ត​​​ខ្មែរ​​​
នគរភ្នំ
  គ.ស ៥២–៦២៧  
 
 
ធានី
ភាសា ខ្មែរបុរាណ
សាសនា ពុទ្ធសាសនា ព្រហ្មញ្ញសាសនា
រដ្ឋាភិបាល រាជាធិបតេយ្យ
កុរុងវ្នំ កៅណ្ឌិន្យទី១
    កៅណ្ឌិន្យទី២
    ស្រេន្ទ្រវម៌្មទី១
    រុទ្រវម៌្មទី១
ប្រវត្តិសាស្ត្រ  
 –  បង្កើតឡើងនៅ​ដីសណ្ដមេគង្គវៀតណាមខាងត្បូង គ.ស ៥២
 –  បានសញ្ជ័យដោយចេនឡា ៦២៧
 –  ទីបញ្ចប់វ្នំនៅភាគខាងត្បូង ៦២៨
ប្រជាជន
 –  ប៉ាន. ១០០,០០០ 
រូបិយវត្ថុ មាស ប្រាក់ គុជខ្យង
សព្វថ្ងៃ ប៉ែកនៃ  កម្ពុជា
 មីយ៉ាន់ម៉ា
 ថៃ
 វៀតណាម

Fúnán 扶南 គឺជាឈ្មោះចិនរបស់នគរបុរាណមួយដែលស្ថិតនៅតំបន់ដីសណ្ដទន្លេមេគង្គ។ ការកំណត់ឈ្មោះនេះត្រូវបានគេរកឃើញ នៅក្នុងអត្ថបទប្រវត្តិសាស្ត្រចិនជាច្រើនដែលពិពណ៌នាពីរដ្ឋនេះ បើតាមចិនបុរាណអានថា ប៊ីយូណាម ដែលជាពាក្យគ្មានន័យអ្វីឱ្យប្រាកដក្នុងភាសាចិនទេ។ ឈ្មោះនេះផ្អែកលើរបាយការណ៍អ្នកការទូតចិនពីរនាក់ដែលតំណាងឱ្យ នគរអ៊ូ នៅណានជិនដែលបានស្នាក់នៅបណ្ដោះអាសន្ននៅហ៊្វូណន នៅពាក់កណ្ដាលសតវត្សទី៣នៃគ.ស. យ៉ាងណាក៏ដោយ ឈ្មោះ ហ៊្វូណន មិនត្រូវបានគេរកឃើញក្នុងអត្ថបទដើមក្នុងស្រុកមួយណាទេ ហើយមិនដឹងថាតើប្រជាជនហ៊្វូណនហៅប្រទេសខ្លួនឯងថាយ៉ាងម៉េចដែរ។[១] លក្ខណៈធម្មជាតិនៃមនុស្សជាតិពន្ធុភាសា គឺជាប្រធានបទនៃការពិភាក្សាជាច្រើនក្នុងចំណោមពួកអ្នកឯកទេស។ សម្មតិកម្មនាំមុខគេលើកឡើងថា អ្នកនគរវ្នំភាគច្រើនជាមនុស្សមន-ខ្មែរឬទក្សិណាស៊ី(Austronesian)។ មានមតិខ្លះចាត់ទុកថា ហ៊្វូណន ត្រូវនឹងពាក្យថា ភ្នងដោយសំអាងថាកុលសម្ពន្ធភ្នងដែលរស់នៅលើខ្ពង់រាបសព្វថ្ងៃ ស្ថិតនៅក្នុងអម្បូរខ្មែរនេះម្យ៉ាង ហើយម្យ៉ាងទៀតដោយសំអាងថារូបចម្លាក់ នៅលើជញ្ជាំងប្រាសាទបុរាណខ្មែរ បានបង្ហាញថាខ្មែរក្នុងសម័យនោះ មានសម្លៀកបំពាក់និងទម្លាប់ខ្លះដូចពួកភ្នងដែរ។ ចំពោះរឿងនេះគួរកត់សម្គាល់ថាលោកសាស្ត្រាចារ្យ អ៊ែល-ប្រាំផ្ត៍ (L. Brumpt) បានបញ្ជាក់ថា ខ្មែរនិងភ្នងពិតជាមានពូជអម្បូរជាមួយគ្នាមែន ដោយសំអាងទៅលើលទ្ធផលនៃការសិក្សារបស់លោកទៅលើឈាមក្រហម(អេម៉ូក្លូប៊ីន)។[២]  ឈ្មោះដើមមិនត្រូវបានគេស្គាល់ទេ។ ការបកប្រែខ្លះដូចជា នគរភ្នំ ដែលច្រើនស្មានថា ពាក្យហ៊្វូណននេះ គឺត្រូវបានយកចេញជាញឹកញាប់ពីពាក្យខ្មែរ ព្នំ ឬ វ្នំ (ទំនើប៖ ភ្នំ) ដោយលោកសឺដេស លោកបានបញ្ជាក់ថា ស្ដេចនៅសម័យនោះមានឋានន្តរនាមថា ស្ដេចភ្នំ ពាក្យខ្មែរបុរាណថា កុរុងវ្នំ ត្រូវនឹងសំស្ក្រឹតថា បវ៌តភូបាល ឬ សៃលរាជ។ ជនជាតិចិនក៏បានយកឋានន្តរនាមនេះប្រើសម្រាប់ ហៅប្រទេសដែលស្ដេចទាំងនោះគ្រប់គ្រងផងដែរ។ ចំពោះទម្លាប់ខាងលើនេះ លោក E.Aymomier បានកត់សម្គាល់ឃើញថា ក្នុងសម័យបុរាណចិនមិនចេះវែកញែកមនុស្សឱ្យដាច់ពីប្រទេសទេ។ ពួកនេះច្រើនប្រើឈ្មោះតែមួយសម្រាប់សម្គាល់មនុស្សផង រាជធានីផង ប្រទេសទាំងមូលផង ឬក៏ឈ្មោះឋានន្តរនាមរបស់អ្នកដឹកនាំផង។ ចំពោះទស្សនៈរបស់លោកសឺដេសនេះ គួរឱ្យកត់សម្គាល់ថា ឯកសារចិនបាននិយាយច្បាស់ថាអធិរាជអាណាចក្រវ្នំមានឋានន្តរនាម គូឡុង គឺ ក្រុង ដែលសព្វថ្ងៃមានន័យថា ស្ដេចសោយរាជ្យ។ បើដូច្នេះ ពាក្យ ហ៊្វូណន ចិនហៅតាមឋានន្តរនាមរបស់អធិរាជអាណាចក្រវ្នំគឺ កុរុងវ្នំ នេះ​ឯង​។ ឯការដែលមានឋានន្តរនាមយ៉ាងនេះគឺប្រហែលមកពីភ្នំជាទីកន្លែងដែលអធិរាជឡើងទៅចួបនឹងព្រះឥសូរ ឯកសារ​ចិនបាននិយាយថា ព្រះអាទិទេពយាងចុះលើភ្នំម៉ូតាន់ (Mo-tan) ជាញឹកញាប់ ព្រះអង្គបានមកទីនោះដើម្បីបញ្ចេញមហិទ្ធិឫទ្ធិរបស់ព្រះអង្គ ព្រះអធិរាជទាំងឡាយបានទទួលនូវពរជ័យពីព្រះអង្គ ហើយប្រជារាស្ត្រក៏បានសុខចម្រើនដោយសារនោះផង[៣]ក៏ប៉ុន្តែ ណាន 南 ប្រហែលជាមានន័យទូទៅថា ត្បូង ដែលគឺជាករណីយរដ្ឋដទៃទៀតមានឈ្មោះថា អណ្ណាម។ នគរវ្នំ (ខ្មែរបុរាណ ៖ នគរវ្នំ ; ចិន៖ 扶南; ភិងអ៊ិង ៖ Fúnán; យួន ៖ Phù Nam) ជាឈ្មោះដែលជនជាតិខ្មែរហៅឈ្មោះប្រទេសរបស់ខ្លួន។ ចិន អានត្រាប់តាមសូរខ្មែរក្លាយជា ហ៊្វូណន។ នគរវ្នំមានទឹកដីលាតសន្ធឹងពីបឹងទន្លេសាបរហូតដល់ពាមទន្លេមេគង្គ ដែលជាប់ទៅនឹងសមុទ្ទ។ រាជធានីវ្យាធបុរៈរបស់នគរវ្នំ កាលនោះប្រហែលស្ថិតនៅបាភ្នំ ខេត្តព្រៃវែងសព្វថ្ងៃ។

គេមានជំនឿថារដ្ឋនេះត្រូវបានបង្កើតឡើងនៅសតវត្សទី១នៃគ.ស. នៅតំបន់ដីសណ្ដទន្លេមេគង្គ ដែលបច្ចុប្បន្នគឺជាទឹកដីវៀតណាម [៤] ក៏ប៉ុន្តែលំនៅដ្ឋានរបស់មនុស្សដ៏ច្រើនសន្ធឹកសន្ធាប់ នៅក្នុងតំបន់នោះប្រហែលជាត្រូវត្រឡប់កាលទៅសតវត្សទី៤ម.គ.វិញ។ ថ្វីបើត្រូវបានចាត់ទុកដោយពួកបេសកជនចិនថាជាអាណាចក្រឯកភាពមួយមែន វ្នំ ប្រហែលជាធ្លាប់ជាការប្រមូលផ្ដុំនៃរដ្ឋបុរីមួយចំនួន ចួនកាលបានធ្វើសឹកនឹងរដ្ឋផ្សេងមួយទៀត និងនៅពេលមួយក៏បានបង្រួបបង្រួមនយោបាយគ្នាឡើងវិញ។[៥]

តិចណាស់ដែលគេដឹងអំពីវ្នំ វាលែងតែវាជារដ្ឋពាណិជ្ជកម្មដែលប្រកបដោយសក្ដានុពល បើតាមភស្តុតាងតាម​រយៈ​ការរកឃើញនៃទំនិញរ៉ូម ចិន និងឥណ្ឌា អំឡុងពេលកំណាយបុរាណវត្ថុនៅកំពង់ផែបុរាណ អូរកែវ (O’Keo ឬ O’Ceo ) ដែលជាញឹកញយត្រូវបានសរសេរដោយភាន់ច្រឡំថាជា Oc Eo (អូរកែវ) នៅវៀតណាមខាងត្បូង។[៦]  រាជធានីនៃនគរវ្នំប្រហែលជាដើមឡើយតាំង នៅបរិវេណបាភ្នំក្បែរទីប្រជុំជនបាណាមកម្ពុជាបច្ចុប្បន្ននៅក្នុងខេត្តព្រៃវែង ទំនងជាត្រូវបានគេផ្លាស់ទៅអូរកែវ នៅសម័យក្រោយមកទៀត។ វិខខឺរី (Vickery) [៧] បានច្រានចោលដោយកែតម្រូវលើការប្រកាសរកឃើញទីប្រជុំជនមួយដែលហៅថា វ្យាធបុរៈ (ទីក្រុងនៃអ្នកប្រមាញ់) ដោយលោកសឺដេស[៨] ពីព្រោះតែលោកបានទាញយកឈ្មោះពី តេមូ (Tèmù 特牧) ដែលគេលើកយកមកនិយាយជារាជធានីនៅក្នុងអត្ថបទ​ប្រវត្តិសាស្ត្រចិន ដូច្នេះហើយវាត្រូវនឹងពាក្យខ្មែរថា ទ្មាក់ ទល្មាក់ ដែលមានន័យថា អ្នកទាក់ មិនមែន អ្នកប្រមាញ់ ទេ។ ភាគច្រើនរឿងរ៉ាវដែលគេដឹងពីវ្នំ គឺបានមកពីកំណត់ត្រាពីប្រភពចិននិងចាម ដែលចុះកាលបរិច្ឆេទពីសតវត្សទី៣ដល់ទី៦ និងបានមកពីកំណាយបុរាណវត្ថុ។ គ្មានការស្រាវជ្រាវខាងបុរាណវត្ថុណាមួយត្រូវបានធ្វើឡើងនៅ ក្នុងរដ្ឋនេះក្នុងតំបន់ដីសណ្ដទន្លេមេគង្គ របស់កម្ពុជាជាច្រើនទសវត្សមកហើយ ហើយតំបន់នេះប្រាកដជា ជាទីតាំងដោយបានស្មានទុកថាជា ទីតាំងរាជធានីជាច្រើននៃវ្នំ។ [៩] វ្នំត្រូវបានគេចាត់ទុកថាជានគរខ្មែរដំបូង និងជានគរមុនអាណាចក្រខ្មែរ។

ប្រភព

អ្នកប្រាជ្ញសម័យទំនើបទីមួយដែលកសាងប្រវត្តិសាស្ត្រនៃអង្គនយោបាយវ្នំបុរាណឡើងវិញគឺលោក ប៉ូល-ពេល្យោ ដែលក្នុងអត្ថបទប្លែកជាងគេ ឡឺហ៊្វូណន នៅឆ្នាំ១៩០៣ បានទាញកំណត់ត្រាប្រវត្តិសាស្ត្រចិនដោយឡែកៗដើម្បីពិពណ៌នាពីលំដាប់ព្រឹត្តិការណ៍តាមឯកសារដែលភ្ជាប់ទៅនឹងការបង្កើតវ្នំនៅប្រហែលសតវត្សទី១នៃគ.ស.ជាមួយការរលំរលាយទៅវិញដោយការសញ្ជ័យនៅសតវត្សទី៦ដល់ទី៧។ កត្តាសំខាន់នៃប្រភពចិនរបស់លោកពេល្យោបានបង្ហាញការសង្ស័យចំពោះការយល់ឃើញក្នុងសេចក្ដីសន្និដ្ឋានរបស់លោក។[១០]

កំណត់ត្រាចិនដែលចុះកាលបរិច្ឆេទចាប់ពីសតវត្សទី៣នៃគ.ស. ដែលចាប់ផ្ដើមជាមួយ សានគ័រជឺក 三國志 (កំណត់ត្រានគរបី) បានបញ្ចប់នៅឆ្នាំ២៨៩ នៃគ.ស.ដោយ ឆឹន-ឝុ 陳壽 (២៣៣-២៩៧) កត់ត្រាការមកដល់នៃគណៈទូតវ្នំពីរនៅឯសវនការនៃ ល៊្អឺក-តាយ 呂待 ចៅហ្វាយខេត្តនៅនគរអ៊ូ 吳 ចិនខាងត្បូង គណៈទូតទីមួយបានមកដល់នៅរវាងឆ្នាំ២២៥ និង ២៣០ គ.ស. លើកទីពីរនៅឆ្នាំ២៤៣។[១១] ប្រភពក្រោយៗដូចជា លាំងឝ៊ូក 梁書 (ក្រាំងលាំង) របស់យ៉ោវ-ឆា 姚察 (៥៣៣-៦០៦) និង យ៉ោវ-ស៊ឺកលៀន 姚思廉 (ស.៦៣៧) បានបញ្ចប់នៅឆ្នាំ៦៣៦ ពិភាក្សាលើបេសកកម្មនៃបេសកជនចិនសតវត្សទី៣ ខាំង-ថែយ 康泰 និង ជូក-យិន 朱應 ពីនគរអ៊ូទៅវ្នំ។ សំណេរនៃបេសកជនទាំងនេះ ទោះបីវាមិនស្ថិតនៅក្នុងស្ថានភាពដើមក៏ដោយ ក៏ត្រូវបានគេដកស្រង់និងវាគួរតែបានរក្សាទុកក្នុងប្រវត្តិសាស្ត្ររាជវង្សក្រោយៗមកទៀត ហើយនិងបង្កើតជាមូលដ្ឋានសំខាន់ដើម្បីឱ្យយើងយល់ដឹងច្រើនអំពីវ្នំ។

ចាប់តាំងពីការបោះពុម្ពផ្សាយអត្ថបទរបស់លោកពេល្យោ កំណាយបុរាណវត្ថុនៅវៀតណាមនិងកម្ពុជា ជាពិសេសកំណាយនៃស្ថានីយមួយចំនួនដែលជាប់ទាក់ទងនឹងវប្បធម៌អូរកែវ បានគាំទ្រនិងបង្គ្រប់ការសន្និដ្ឋានរបស់លោក​។ សិលាចារឹកក្នុងតំបន់មួយចំនួនបានរកឃើញនៅវៀតណាមនិងកម្ពុជា ជាពិសេសសិលាចារឹកនៃប្រាសាទប្រាំល្វែងនៅ “វាលប្របុស” និងនៅមីសឺនក្បែរដាណាង ក៏បានជួយដល់ការកសាងប្រវត្តិសាស្ត្រវ្នំឡើងវិញដែរ។

ដើមកំណើត

នគរវ្នំត្រូវបានគេជឿថាបង្កើតឡើងនៅក្នុងសតវត្សទី១នៃគ.ស. នៅតំបន់ដីសណ្ដទន្លេមេគង្គ ដែលបច្ចុប្បន្នគឺជាទឹកដីវៀតណាម[៤] ភស្តុតាងបុរាណវត្ថុបង្ហាញថាលំនៅដ្ឋាននៃមនុស្សដ៏ច្រើន នៅតំបន់នេះប្រហែលជាត្រឡប់ទៅសម័យសតវត្សទី៤ម.គ.វិញ។ ថ្វីបើត្រូវបានចាត់ទុកដោយពួកបេសកជនចិនថាជាអាណាចក្រឯកភាពមួយក៏ដោយ ក៏នគរវ្នំ ប្រហែលជាបណ្ដុំនៃរដ្ឋបុរីដែលចួនកាលបានធ្វើចម្បាំងជាមួយនឹងរដ្ឋដទៃផ្សេងមួយទៀត ហើយនៅពេលក្រោយមកទៀតក៏បានបង្រួបបង្រួមនយោបាយឡើងវិញ។[៥] ដើមកំណើតពិតនៃពួកអ្នកនគរវ្នំគឺជាប្រជាជនដើម ដែលតាំងលំនៅនៅវៀតណាមខាងត្បូងសព្វថ្ងៃនេះ ចាត់ទុកខ្លួនឯងថាជា ខ្មែរ ឬ ខ្មែរក្រោម។ ពាក្យខ្មែរ ក្រោម មានន័យថា ខាងក្រោម ឬ ប៉ែកខាងក្រោម សំដៅលើភាគក្រោមនៃទឹកដីខ្មែរដែលត្រូវបានធ្វើអាណានិគមដោយវៀតណាមហើយក្រោយមកទៀតបានប្រែក្លាយ ជាផ្នែកមួយនៃវៀតណាមរហូតដល់សព្វថ្ងៃនេះ។ នៅមុនពេលសង្គ្រាមសកលលោកលើកទី១ គេនៅមានកង្វែងគំនិតគ្នាអំពីទីតាំងនគរវ្នំនៅឡើយ។ មានអ្នកប្រាជ្ញមួយចំនួនដូចជាលោក វីលផ្វដ (Wilford) លោកថាវ្នំស្ថិតនៅត្រង់ប្រទេសម៉ាឡេស៊ី។ លោក អា.រ៉ែមមុសាត (A.Remusat) លោកថាវ្នំជាអាណាខេត្តរបស់ចិន ស្ថិតនៅត្រង់តុងកឹង។ លោក ខ្លាបផ្រថ (Klaproth) និង ផូសៀ (Pauthier) ថាវ្នំត្រូវនឹងដែនដីប៉េគូ និងប្រទេសភូមា។ លោក ដឺឃ្វីនណេស (Dequines) ថាត្រូវនឹងកោះមួយនៅខាងលិចប្រទេសសៀម។ ឯលោកបាថ (Barth) ថាត្រូវនឹងឆ្នេរសមុទ្ទតេណាស្សេរីម ក្រៅពីនេះអ្នកសិក្សាឯទៀតយល់ថាវ្នំស្ថិតនៅត្រង់ប្រទេសខ្មែរឬប្រទេសសៀម។ ដើម្បីឱ្យអស់ចម្ងល់ចំពោះទីតាំងរបស់វ្នំ យើងនឹងលើកយកឯកសារចិនយកមកពិនិត្យឡើងវិញ។ ឯកសារចិនបានផ្ដល់ព័ត៌មានដូចតទៅ ៖

១- វ្នំមានចម្ងាយ ៣០០០លី ខាងលិចប្រទេសលីនយី (ចាម្ប៉ា)

២- វ្នំមានចម្ងាយ ៧០០០លី ពី ចេណាន (Jenan) (តុងកឹង)

៣- វ្នំមានទំហំ ៣០០០លី ក្រោយពង្រីកធំដល់ ៥០០០ ឬ ៦០០០លី

៤- វ្នំស្ថិតនៅក្នុងឈូងសមុទ្ទធំមួយ

៥- មានទន្លេធំមួយហូរពីខាងលិច (ឯកសារខ្លះពាយព្យ) ហើយចាក់ទៅសមុទ្ទ។ បើសិនគិតថា ១ លី ប្រវែង ៥៧៦ មាត្រ ចម្ងាយពីលីនយីមកវ្នំមាន ១៧២៨ គ.ម. គឺត្រូវនឹងប្រទេសខ្មែរសព្វថ្ងៃនេះ កម្ពុជាក្រោមនិងប្រទេសថៃ​កណ្ដាល​។ ឈូងសមុទ្ទក្នុងឯកសារចិនគឺជាឈូងសមុទ្ទថៃ ឯទន្លេធំដែលហូរចាក់ទៅក្នុងសមុទ្ទ គឺគ្មានអ្វីក្រៅពីទន្លេមេគង្គ ឬបើនិយាយឱ្យចំទៅគឺទន្លេសាបនឹងឯង។ សរុបសេចក្ដីមកឃើញថាមជ្ឈមណ្ឌលវ្នំ ស្ថិតនៅត្រង់វាលទំនាបខាងក្រោមនៃទន្លេមេគង្គ។ ត្រង់នេះអ្នកសិក្សាហាក់ដូចជាយល់ស្របគ្នា ហើយតែចំណុចមួយទៀតដែលអ្នកសិក្សានៅមិនហ៊ានអារកាត់នៅឡើយ គឺរឿងរាជធានីដំបូងរបស់វ្នំ។ បើតាមសិលាចារឹកសម័យក្រោយៗមកទៀតបានឱ្យដឹងថាក្រុង វ្យាធបុរៈ (បុរីនៃស្ដេចទាក់ដំរី) ដែលអ្នកប្រវត្តិវិទូចាត់ទុកថាជារាជធានីមួយរបស់នគរវ្នំ។ ចិនហៅរាជធានីនេះថា តូមូ ដែលលោកសឺដេសថាត្រូវនឹងពាក្យខ្មែរបុរាណថាទ្មាក់ ឬ ទល្មាក់ (អ្នកទាក់ដំរី)។ លោកយល់ទៀតថា ក្រុងវ្យាធបុរៈ​នេះស្ថិតនៅម្ដុំបាភ្នំនិងបាណាមក្នុងខេត្តព្រៃវែងសព្វថ្ងៃ។ ព្រះភិក្ខុ ប៉ាង ខាត់ ក៏មានព្រះយោបល់ដូច្នេះដែរ។ ព្រះអង្គបានសរសេរថា «រាជធានីវ្យាធបុរៈ តាំងនៅតំបន់បាភ្នំទំនងជានៅភ្នំខ្សាច់បច្ចុប្បនេះ ព្រោះគេបានរកឃើញបុរាណដ្ឋាននិងបុរាណទេវរូបជាច្រើននៅទីនោះ។ សិលាចារឹកមួយនៅវត្តចក្រឹតនៅជើងភ្នំ ពីស.វ.ទី១០ បាននិយាយពីការកសាងទេវរូបព្រះឥសូរហៅថា អទ្រិវ្យាធបុរេស្វរៈ តម្កល់នៅទីនោះ។ គួរកត់សម្គាល់ម្យ៉ាងទៀតថា នៅតំបន់បាភ្នំឈើកាច់សព្វថ្ងៃនេះមានភូមិជាច្រើនដែលមានឈ្មោះទាក់ទងនឹងដំរី គឺភូមិ រោងដំរី ក្បាលដំរី និងព្រៃដំរី។ តើយើងអាចកត់សម្គាល់ថាឈ្មោះទាំងនេះ ជាអនុស្សាវរីយ៍រំឭកដល់ទីតាំងរាជធានីអាណាចក្រវ្នំបានទេ? តាមប្រវត្តិរាជវង្សលាំង ក្រុងនេះស្ថិតនៅប្រហែល ២០០ លី ពីសមុទ្ទ បើគិតទៅគឺត្រូវនឹងចម្ងាយពីបាភ្នំទៅ អូរកែវ ដែលជាកំពង់ផែមួយរបស់វ្នំ។ នៅពេលសង្គ្រាមលោកលើកទីពីរ លោកល្វីស-ម៉លឡឺរ៉េត (Louis Malleret) អ្នកប្រាជ្ញបារាំងបានធ្វើកំណាយ​ផ្សេងៗ​ក្នុងដែនដីសណ្ដទន្លេមេគង្គ ហើយបានរកឃើញរមណីយដ្ឋាន អូរកែវ នេះ ដែលលោកចាត់ទុកថាជាកំពង់ផែធំរបស់វ្នំ ព្រោះនៅទីនោះគឺនៅខាងត្បូងភ្នំបាថេ ខេត្តក្រមួនស គេបានជីករកឃើញខឿនសំណង់ផ្សេងៗព្រមទាំងវត្ថុផ្សេងទៀតជាច្រើន ខ្លះមកពីចក្រភពរ៉ូម ខ្លះទៀតមកពីប្រទេសឥណ្ឌា និងខ្លះទៀតជាវត្ថុធ្វើពីថ្មរំលីង។ ដោយហេតុនេះហើយបានជាមានមតិខ្លះថា អូរកែវ ជារាជធានីដំបូងរបស់វ្នំ។ ប៉ុន្តែអ្នកប្រាជ្ញខ្លះទៀតយល់ឃើញផ្សេង ដូចលោកហ្សង់-បូអ៊ីសេលី (Jean Boisselier) យល់ថារាជធានីវ្នំស្ថិតនៅត្រង់វាលទំនាបខាងក្រោមទន្លេមេណាមវិញ ដោយសំអាងលើការរកឃើញរូបសំណាកខ្លះដែលធ្វើពីដីឥដ្ឋ។ បើតាមលោកគិតថារបស់នេះធ្វើនៅក្នុងស្រុកមិនមែនជារបស់យកពីក្រៅឡើយ។ ប៉ុន្តែអ្នកប្រាជ្ញបារាំងរូបនេះយល់ដែរថា នៅចុងសម័យវ្នំរាជធានីត្រូវបានប្ដូរទៅតាំង នៅម្ដុំនៅជិតពាមទន្លេមេគង្គខាងត្បូងប្រទេសកម្ពុជា។ »[១២] មានកំណត់ត្រាជាច្រើនជាភាសាចិន ដែលចុះកាលបរិច្ឆេទពីសតវត្សទី៣ផ្ដើមជាមួយ សានគ័រជឺក 三國志 (កំណត់ត្រានគរបី) ដែលបានបញ្ចប់បង្ហើយនៅឆ្នាំ២៨៩ នៃ គ.ស. ដោយលោក ឆឹន-ឝុ 陳壽 (២៣៣-២៩៧) ក្នុងនោះអង្គទូតមានតែពីរប៉ុណ្ណោះមកពីនគរវ្នំអំឡុងសតវត្សទី៣ត្រូវបានកត់ត្រាថា ៖ អង្គទូតលើកទីមួយទៅកាន់ លោកល៊្អឺក-តាយ 呂待 ចៅហ្វាយខេត្តនៅភាគខាងត្បូងនៃនគរអ៊ូ 吳 ចិន ឧ.រវាងឆ្នាំ២២៥ និង ២៣០ គ.ស. លើកទី២នៅឆ្នាំ២៤៣។[១៣] ក៏ប៉ុន្តែប្រភពក្រោយៗទៀតដូចជា លាំងឝ៊ូក 梁書 (ក្រាំងលាំង) ដោយលោកយ៉ោវ-ឆា 姚察 (៥៣៣-៦០៦) និង យ៉ោវ-ស៊ឺកលៀន 姚思廉 (ម.៦៣៧) បានបញ្ចប់នៅឆ្នាំ៦៣៦ បញ្ជាក់ថាគណៈទូតនៃពួកបេសកជនចិន លោកខាំង-ថែយ 康泰 និង ជូក-យិន (Zhū Yīng 朱應) នៅសតវត្សទី៣។

ហ៊ុនទៀន (ហ៊ុនហ្ធៀន)

ពង្សាវតារនៃរាជវង្សលាំងកត់ត្រាអំពីរឿងរ៉ាវនៃជនបរទេសម្នាក់ដែលមានឈ្មោះថា ហ៊ុន-ហ្ធៀន 混塡 ៖ «ព្រះអង្គបានមកពីប្រទេសខាងត្បូងជាំវ (ជ្វា) 徼 (ឧបទ្វីបម៉ាឡេ ឬ ប្រជុំកោះឥណ្ឌូនេស៊ី?) បន្ទាប់ពីបានសុបិនថាទេវតារក្សាខ្លួនព្រះអង្គបានប្រគល់ធ្នូទិព្វទៅឱ្យទ្រង់ បានបង្គាប់ឱ្យព្រះអង្គចេញដំណើរតាមសំពៅជំនួញដ៏ធំមួយ។ ព្រះអង្គបានចេញដំណើរនៅពេលព្រឹកទៅកាន់ប្រាសាទមួយ ជាកន្លែងដែលព្រះអង្គរកឃើញធ្នូមួយនៅឯគល់នៃដើមឈើរបស់ទេពារក្សនោះ។ ព្រះអង្គក្រោយមកបានឡើងសំពៅមួយ ហើយទេពារក្សបានបណ្ដាលឱ្យចិត្តព្រះអង្គទៅដល់ទឹកដីវ្នំ។ ម្ចាស់ក្សត្រីនៃប្រទេសនេះ គឺព្រះនាង លៀវយ៉េក ឬ លីវយី 柳葉 ស្លឹកសូល ចង់ឆ្មក់យកសំពៅនិងពន្លិច ដូច្នេះហើយព្រះបាទហ៊ុនទៀនបានបាញ់ព្រួញចេញពីធ្នូទិព្វទម្លុះសំពៅរបស់លីវយី។ ដោយភិតភ័យ ព្រះនាងបានប្រគល់ខ្លួនចុះចាញ់ ហើយហ៊ុនទៀនបានយកព្រះនាងធ្វើជាព្រះមហេសីរបស់ព្រះអង្គ។ ប៉ុន្តែដោយមិនសប្បាយចិត្តដែលឃើញព្រះនាងស្រាតននល ព្រះអង្គក៏បានដណ្ដប់វត្ថុអ្វីមួយដើម្បីធ្វើជាសម្លៀកបំពាក់ ដែលព្រះអង្គបានបំពាក់កន្លងព្រះសិរសាព្រះនាង។ ក្រោយមកទៀតទ្រង់ក៏បានគ្រប់គ្រងប្រទេសនេះ​និងបន្តអំណាចទៅបុត្រារបស់ព្រះអង្គ ដែលជាស្ថាបនិកនៃទីក្រុងទាំងប្រាំពីរ។» ស្ទើរតែជារឿងដូចគ្នាហើយបានលេចឡើងក្នុង ជិនឝ៊ូក 晉書 ឬ ពង្សាវតាររាជវង្សជិន បានចងក្រងដោយលោកផ្វាង-ស្ឈាំនលិង 房玄齡 (៥៧៨-៦៤៨) នៅឆ្នាំ៦៤៨គ.ស. មានតែឈ្មោះទេត្រូវបានផ្លាស់ប្ដូរទៅជា ហ៊ុនហួយ 混湏 និង យ៉េកលៀវ 葉柳។

កៅណ្ឌិន្យ

ពួកអ្នកប្រាជ្ញខ្លះបានព្យាយាមបញ្ចូលទេវកថានេះ ជាមួយរឿងព្រាហ្មណ៍ម្នាក់ ដែលមាននាមថា កៅណ្ឌិន្យដែលបានរៀបអភិសេកជាមួយបុត្រីនាគ (ពស់) ដែលមានព្រះនាមថាសោមា ដែលដំបូងយោងទៅតាមសិលាចារឹកចាមមួយ ដែលមានចុះកាលបរិច្ឆេទ ៦៥៨ គ.ស. (សូមមើលខាងក្រោម)។ វិខ្ខឺរី (Vickery) [១៤] បានច្រានចោលដោយកែតម្រូវទៅលើភាពដូចគ្នានេះ ដោយបង្ហាញថា ហ៊ុនទៀន មានត្រឹមតែពីរព្យាង្គប៉ុណ្ណោះ (ការបញ្ចេញសំឡេងបានសង់ឡើងវិញគឺអនុលោមតាម ភូឡេប៊្លែងខ៍[១៥] γwәn dεn): “…វាគួរឱ្យដឹងថា គ្មានឯកសារណាដែលបានផ្ដល់នូវព្យាង្គទីបី [a] ទេ ដោយហេតុថា តាមការសិក្សាខាងចិនវិទ្យាបានសង្កត់ធ្ងន់ថា ភាសាចិនមានសមត្ថភាពដ៏អស្ចារ្យ ក្នុងការកត់ឈ្មោះតាមភាសាមួយទៅភាសាមួយទៀតជាប្រព័ន្ធពីទីដទៃទៀតនៃអាស៊ី ជាពិសេសឈ្មោះនោះជាភាសាឥណ្ឌា។” បន្ថែមលើសពីនេះ គួរឱ្យកត់សម្គាល់ដែរ ព្រោះរឿងនេះក៏មិនបញ្ជាក់ថាហ៊ុនទៀនជាព្រាហ្មណ៍ឬលីវយីជាបុត្រីនាគដែរ។

កៅណ្ឌិន្យក្នុងប្រភពចិន

បន្ថែមទៀតនោះដែរ ការប្រែជាភាសាចិននៃកៅណ្ឌិន្យ ឬ Koṇḍañña, Koṇḍinya។ល។ គឺ ឈ្ហាំវឆ្ហឹនយូ 僑陳如។[១៦] មនុស្សម្នាក់ដែលត្រូវបានយកមកវែកញែកដែរនៅក្នុង លាំងឝ៊ូក តាមរយៈប្រភពនេះ ឈ្ហាំវឆ្ហឹនយូ (កៅណ្ឌិន្យ) គឺជាអ្នកស្នងរាជ្យបន្តនៃព្រះបាទស្រុតវម៌្ម ឬ ធៀនជូចាន់ថាន់ 天竺旃檀 (“ឆានតាណា ឬ Candana មកពីឥណ្ឌា”) ជាព្រះរាជាមួយអង្គនៃនគរវ្នំ ដែលបានបញ្ជូនដំរីផ្សាំងមួយចំនួនក្នុងឆ្នាំ៣៥៧ គ.ស. ជាសួយសារទៅព្រះចៅអធិរាជចិនស៊ឺម៉ា-តាន់ 司馬聃 (រ.៣៤៤-៣៦១ ឈ្មោះជាអនុស្សាវរីយ៍៖ មូទី 穆帝)៖ ព្រះអង្គកៅណ្ឌិន្យ ឬ ឈ្ហាំវឆ្ហឹនយូ [Qiáochénrú] ដើមឡើយជាព្រាហ្មណ៍ម្នាក់មកពីឥណ្ឌា។ មានសំឡេងមួយប្រាប់ទ្រង់ថា៖ʻលោកត្រូវតែទៅសោយរាជ្យនៅវ្នំʼ ហើយព្រះអង្គបានសប្បាយក្នុងព្រះហឫទ័យណាស់។ ទៅទិសខាងត្បូង ព្រះអង្គក៏បានមកដល់ផាន់ផាន់ 盤盤។ ប្រជារាស្ត្រវ្នំបានបង្ហាញទៅកាន់ទ្រង់ថា នគរទាំងមូលបានរះឡើងជាមួយភាពសប្បាយរីករាយ បន្ទាប់ពីទ្រង់បានមកដល់ ហើយក៏បានជ្រើសរើសទ្រង់ធ្វើជាស្ដេច។ ព្រះអង្គបានផ្លាស់ប្ដូរច្បាប់ទាំងអស់ ដើម្បីអនុលោមតាមប្រព័ន្ធនៃច្បាប់ឥណ្ឌា។

ការគាប់ចួននៃឈ្មោះ “កៅណ្ឌិន្យ” ក្នុងប្រវត្តិនគរវ្នំ

នាម កៅណ្ឌិន្យ ល្បីល្បាញដោយសារសិលាចារឹកទមិឡមួយចំនួន នៅភាគខាងត្បូងប្រទេសឥណ្ឌានៅសហវត្សទី១នៃគ.ស. និងទំនងជានគរវ្នំត្រូវបានគ្រប់គ្រងឡើង នៅសតវត្សទី៦ដោយគោត្រនាមដដែលនេះ។ តាមរយៈណាន់ឈ៊្ហីកស្ឈូក 南齊書 ឬ កំណត់ត្រាប្រវត្តិសាស្ត្រនៃរាជវង្សឈ៊្ហីកខាងត្បូង”) ដោយលោកស្ឈាំវ-ហ៊្សឺកស្ហ្រ៊ាំន 簫子顯 (៤៨៥-៥៣៧) ស្ដេចនគរវ្នំ ឈ្ហាំវឆ្ហឹនយូ-ទូយ្ហេកប៉ាម័រ 僑陳如闍耶跋摩 (កៅណ្ឌិន្យ-ជ័យវម៌្ម) បានបញ្ជូនព្រះសង្ឃមួយអង្គនៅឆ្នាំ៤៨៤ ព្រះនាមណាឈ៊្ហែកស្ហៀន 那伽仙 (នាគសេន) ដើម្បីនាំជំនូនទៅកាន់ព្រះចៅអធិរាជចិននិងទូលសុំឱ្យព្រះចៅអធិរាជ នៅខណៈពេលនោះឱ្យជួយនៅក្នុងការធ្វើសញ្ជ័យយក លិនយិ 臨沂 (ភាគខាងជើង​ចាម្ប៉ា) …ព្រះចៅអធិរាជចិនបានអរព្រះគុណព្រះបាទជ័យវម៌្មចំពោះជំនូនរបស់ទ្រង់ ក៏ប៉ុន្តែទ្រង់មិនបានបញ្ជូនកងទ័ពទៅតទល់នឹងលិនយិទេ”។[១៧]

កៅណ្ឌិន្យនៅក្នុងសិលាចារឹកប្រាសាទប្រាំល្វែង (ថាបមឿយ)

សិលាចារឹកមួយក្នុងចំណោមសិលាចារឹកដំបូងគេបង្អសរបស់កម្ពុជាមកពីប្រាសាទប្រាំល្វែងនៅ​ “វាលដើមត្រែង” (ថាបមឿយ) នៅកូសាំងស៊ីន (K.5) បញ្ជាក់ពីព្រះអង្គម្ចាស់មួយអង្គព្រះនាមគុណវម៌្ម បុត្រាវ័យក្មេងជាងគេ (npasunubālo pi) នៃព្រះបាទជ័យវម៌្ម គឺជាអ្នក“ដែលជាប់សោមវង្សនៃវង្សកៅណ្ឌិន្យ ( kauṇḍi[n]ya[va]śaśaśinā ) និងជាអធិបតីនៃ “អាណាចក្រមួយដែលបានទាញចេញពីភក់”។[១៨] ញាតិខាងកៅណ្ឌិន្យនេះល្បីល្បាញណាស់ បុព្វបុរសស្ថាបនិករបស់ព្រះអង្គនៅពេលក្រោយមកទៀត (ពីសតវត្សទី៧ក្រោមមកខាងមុខទៀត) ត្រូវបានគេរៀបចំជាឥសីក្នុងវីរកថាឥណ្ឌា មហាភារតៈ ទោះបីជាតួអង្គនេះជាតួអង្គមិនសូវសំខាន់ក៏ដោយ ក៏ឈ្មោះត្រូវបានបិទបាំងដដែល។

កៅណ្ឌិន្យនៅក្នុងសិលាចារឹកភទ្រេស្វរៈ (មីសឺន)

ជាលើកទីមួយរឿងនេះបានលេចឡើងនៅក្នុងសិលាចារឹកមីសឺន C. ៩៦ ដែលបានចុះកាលបរិច្ឆេទថ្ងៃអាទិត្យ ១៨ កុម្ភៈ ឆ្នាំ៦៥៨ គ.ស. (វគ្គទី១៦-១៨)[១៩] ៖ “នៅឯ[ទីក្រុង ភវបុរៈ ] កៅណ្ឌិន្យ ជាអ្នកដំបូងក្នុងចំណោមពួកព្រាហ្មណ៍បានពួយលំពែង ដែលលោកបានទទួលពីបុត្ររបស់ទ្រោញ៖ អស្វត្ថាម័ន ជាព្រាហ្មណ៍ប្រពៃបំផុតក្នុងចំណោមពួកព្រាហ្មណ៍។ មានបុត្រីនៃស្ដេចភុជង្គនាគមួយអង្គ ព្រះនាមសោមា ដែលបានសាងគ្រួសារនៅលើ​លោកិយ​។ ដោយទទួលបានសេចក្ដីស្នេហានឹងជាតិផ្សេងគ្នា ព្រះនាងក៏បានរស់នៅក្នុងសម្នាក់នៃមនុស្ស។ ព្រះនាងបានក្លាយជាព្រះមហេសីរបស់ព្រាហ្មណ៍ដ៏ខ្ពង់ខ្ពស់ កៅណ្ឌិន្យ ដើម្បីជាប្រយោជន៍ (ការបំពេញ)…កិច្ចការខ្លះ [២០] ក៏ប៉ុន្តែ រឿងនេះមានក្នុងសម័យក្រោយនគរវ្នំទេ។

កៅណ្ឌិន្យក្នុងរឿងព្រេងខ្មែរ

ទេវកថានិយាយពីដើមកំណើតដដែលនេះមាន នៅក្នុងរឿងព្រេងខ្មែរបានដាក់ព្រះនាមថាព្រះថោងជាព្រះអង្គម្ចាស់ និងនាងនាគជាម្ចាស់ក្សត្រីវិញ។ ក្នុងកំណែប្រែនេះ ព្រះថោងមកដល់តាមសមុទ្ទមកកោះមួយ ដែលទ្រង់បានកត់សម្គាល់ឃើញដើមធ្លកយក្សធំមួយមានដើមកំណើតនៅកម្ពុជា។ នៅលើកោះនោះ ទ្រង់បានដឹងថាជាលំនៅនៃពួកនាគ ហើយព្រះអង្គបានចួបនឹងនាងនាគ បុត្រីនៃស្ដេចភុជង្គនាគ។ ព្រះអង្គបានរៀបអភិសេកជាមួយព្រះនាង ដោយទទួលបានពរជ័យពីព្រះបិតាក្មេកព្រះអង្គ ហើយក៏ត្រឡប់មកពិភពមនុស្សលោកវិញ។ ស្ដេចនាគបានផឹកទឹកសមុទ្ទដែលនៅជុំវិញកោះ និងផ្ដល់នាមដល់កោះនោះថាកម្ពុជាធិបតី មានន័យថាម្ចាស់ ឬអ្នកជាធំនៃកម្ពុជា។ នៅក្នុងកំណែប្រែផ្សេងមួយទៀត ត្រូវគេថ្លាថ្លែងថាព្រះថោងបានប្រយុទ្ធនឹងនាងនាគ។ ជាបន្តបន្ទាប់នៃទេវកថាដើមកំណើតដដែលនេះ បញ្ជាក់ថាខ្មែរសម័យបច្ចុប្បន្ននេះគឺជាកូនចៅ នៃពួកអ្នកនគរវ្នំនេះឯង។[២១][២២][២៣] ហើយទោះបីជារឿងទាំងនេះមានលក្ខណៈជារឿងព្រេងក៏ដោយ ក៏អាចបង្ហាញការណ៍ពិតដល់យើងខ្លះដែរជាមិនខានថាគឺមានធាតុបរទេសមួយគឺ ឥណ្ឌាបាននាំអរិយធម៌របស់ខ្លួនមកផ្សំផ្ដុំជាមួយនិងអរិយធម៌របស់អ្នកអាយ (មាននាងនាគជាតំណាង) ដើម្បីបង្កើតអរិយធម៌ចម្រុះមួយដែលបានវិវត្តរហូតដល់សព្វថ្ងៃនេះ។ ម្យ៉ាងទៀតព្រឹត្តិការណ៍ទាំងនេះ ត្រូវតែបានកើតឡើងក្នុងគ្រិស្តសតវត្សទី១ ព្រោះថានៅសតវត្សបន្ទាប់មកទៀត ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រត្រូវបានកត់ត្រាដោយសិលាចារឹកផង និងដោយអ្នកប្រវត្តិសាស្ត្រចិនផង។[២៤]

រាជវង្សដំបូង

បើតាមពង្សាវតាររាជវង្សលាង ហ៊ុនទៀនមានបុត្រម្នាក់ដែលបានទៅត្រួតត្រាលើទឹកដីមួយផ្នែកដែលមានក្រុងប្រាំពីរ។ ក្នុងចំណោមអ្នកសោយរាជ្យតមកមានស្ដេចឈ្មោះ ហ៊ុនប៉ានហួង។ ស្ដេចអង្គនេះបានប្រើឧបាយកលផ្សេងៗដើម្បីឱ្យក្រុងទាំងនោះបែកបាក់គ្នា រួចលើកយកទៅវាយយកបានទាំងអស់។ បន្ទាប់មកបានចាត់ឱ្យកូនចៅរបស់ព្រះអង្គគ្រប់គ្រងត្រួតត្រា ក្រុងទាំងនោះម្នាក់មួយៗ។ ស្ដេច ហ៊ុនប៉ានហួង បានសោយទិវង្គតនៅពេលមានជន្មា៩០វស្សា។ បុត្រទី២ឈ្មោះប៉ានប៉ាន ត្រូវលើកឱ្យឡើងសោយរាជ្យ ដោយប្រគល់កិច្ចការរដ្ឋទាំងឡាយឱ្យមេទ័ពម្នាក់ឈ្មោះហ្វាន់ចេម៉ាន់ (ស្រីមារវម៌្ម) មើលខុសត្រូវ។ ស្ដេចប៉ានប៉ានបានសោយរាជ្យបានតែ ៣ ឆ្នាំក៏បានសោយទិវង្គតទៅ។ ប្រជារាស្ត្រក៏បានព្រមព្រៀងគ្នាឱ្យលើកស្រីមារវម៌្មឱ្យឡើងសោយរាជ្យជំនួស។ ស្ដេចអង្គនេះមានសេចក្ដីក្លាហាន ហើយមានឫទ្ធានុភាពណាស់ ព្រះអង្គបានលើកទ័ពទៅវាយយកប្រទេសជិតខាងដាក់ជាចំណុះអស់ជាច្រើន។ ព្រះអង្គទ្រង់ប្រកាសខ្លួនថាជា មហារាជនៃវ្នំ។ បន្ទាប់មកទ្រង់បញ្ជាឱ្យធ្វើសំពៅធំៗជិះកាត់សមុទ្ទទៅវាយនគរជាង១០ ដែលក្នុងចំណោមនោះមាននគរ គីវទួគុន (k’iu-tou-k’ouen) កៀវឆេ (Kieou-tche) ទៀនស៊ុន(Tien-Souen)។ ព្រះអង្គបានពង្រីកទឹកដីធំរហូតដល់ ៥ ឬ ៦ ពាន់ លី។

អ្នកប្រវត្តិសាស្ត្រនិយមចាត់ទុកដោយសមហេតុផលថា ហ្វានចេម៉ាន់នេះត្រូវនឹងស្ដេចស្រីមារៈ ដែលមានឈ្មោះចារនៅក្នុងសិលាចារឹកវ៉ូកាញ់ (ខេត្តញ៉ាត្រាង-ប្រទេសវៀតណាមសព្វថ្ងៃ) ដែលពីដើមគេយល់ច្រឡំថាជារបស់ចាម្ប៉ា តែក្រោយមក គឺចាប់ពីគ.ស. ១៩២៧ លោកល្វីស-ភ្វីណូត (Louis Finot) ចាត់ទុកថាជារបស់សាមន្តរដ្ឋមួយរបស់អាណាចក្រវ្នំទៅវិញ។[២៥]

ឯកសារចិនបានបញ្ជាក់ថាស្ដេច ស្រីមារវម៌្ម ឬ ស្រីមារៈ បានសោយទិវង្គតនៅពេលលើកទ័ពទៅវាយរដ្ឋ គីនលីន(កំពែងមាស) ដែលលោកសឺដេស ថាត្រូវនឹងសុវណ្ណភូមិ (ដីមាសក្នុងអត្ថបទបាលី) ឬ សុវណ៌កុដ្យ (កំពែងមាសក្នុងអត្ថបទសំស្ក្រឹត.នៅប្រទេសភូមាខាងត្បូង ឬ លើជ្រោយម៉ាឡេយូ)។ នៅពេលដែលទ្រង់ប្រឈួន ស្រីមារវម៌្ម ទ្រង់បានបញ្ជូនរាជបុត្រឈ្មោះ គិនចេង ឱ្យទៅសោយរាជ្យជាជំនួសព្រះអង្គ។ ពេលនោះក្មួយព្រះអង្គឈ្មោះ ធរនិន្ទ្រៈ (ផ្វាន់ឆាន ឬ ធរនិន្ទ្រវម៌្ម) (កូននៃបងស្រីរបស់ព្រះអង្គ) ដែលជាមេត្រួតទ័ព ២០០០ នាក់ ក៏បានជ្រែករាជ្យធ្វើគត់រាជទាយាទគិនចេង។ ពេលដែលស្រីមារវម៌្មបានសោយទិវង្គតទៅ ព្រះអង្គនៅមានបុត្រមួយអង្គទៀត ប៉ុន្តែនៅបៅដោះនៅឡើយ។ បុត្រអង្គនោះឈ្មោះ ឆាង (ផ្វាន់ឆាង ឬ ឆាងវម៌្ម) បានរស់នៅក្នុងចំណោមប្រជារាស្ត្រ។ លុះធំបានព្រះជន្ម ២០ វស្សាបានប្រមូលស្មគ្របក្សពួកទៅធ្វើគត់ធរនិន្ទ្រៈវិញ។ ក៏ប៉ុន្តែមេទ័ពម្នាក់របស់ធរនិន្ទ្រៈបានធ្វើគត់ព្រះអង្គ ហើយបានឡើ់ងសោយរាជ្យវិញ។ ព្រះអង្គទ្រង់បានបញ្ជាឱ្យកសាងកន្លែងកម្សាន្តផ្សេងៗ។ ព្រឹកនិងថ្ងៃត្រង់ ទ្រង់ប្រទានសវនការ ៣ ឬ ៤ ដង។ ជនបរទេសនិងប្រជារាស្ត្របានថ្វាយ ចេក អំពៅ អណ្ដើក និងសត្វបក្សី…។ ព្រឹត្តិការណ៍នេះបានកើតឡើងតាំងពីស្រីមារៈសោយទិវង្គត និងរហូតដល់អស្សាចេយ្យ (ហ្វាន់ស៊ីយុន) ឡើងសោយរាជ្យគឺនៅរវាងឆ្នាំ២២៥ និង ២៥០។ នៅចន្លោះកាលកំណត់ទាំងពីរនេះ ក្នុងរជ្ជកាលរបស់ ធរនិន្ទ្រវម៌្ម ដែលអាណាចក្រវ្នំមានទំនាក់ទំនងជាមួយនឹងរាជវង្សមុរុណ្ឌនៅឥណ្ឌានិងបញ្ជូនរាជទូតទី១ទៅកាន់ចិន។ បើតាមពង្សាវតារនគរបីចិន ធរនិន្ទ្រវម៌្មនេះហើយ បានបញ្ជូនរាជទូតទី១ទៅប្រទេសចិននៅឆ្នាំ២៤៣ នៃ គ.ស. ដើម្បីនាំភ្លេងនិងផលិតផលទៅថ្វាយស្ដេចចិន។ គេអាចចោទសួរថាតើធរនិន្ទ្រវម៌្មនេះហើយ ដែលជាអ្នកនិពន្ធសិលាចារឹកវ៉ូកាញ់ដែលអះអាងថាព្រះអង្គជាញាតិនៃព្រះបាទស្រីមារៈ ?

អស្សាជ័យរាជបានឡើងសោយរាជ្យបន្តពីធរនិន្ទ្រវម៌្ម ក្រោយពីបានធ្វើគត់បុត្ររបស់ព្រះបាទស្រីមារវម៌្មរួច បានទទួលនៅប្រមាណឆ្នាំ២៤៥-២៥០ នូវគណៈទូតរបស់លោកខាំង-ថែយ និងលោកឈូយីង ដែលបានមកចួបគ្នាជាមួយទូតឥណ្ឌានៅក្នុងរាជវាំង។ បន្ទាប់ពីនោះស្ដេចអស្សាជ័យ ឬ អស្សចេយ្យ ក៏បានបញ្ជូនទៅប្រទេសចិនវិញនៅរវាងឆ្នាំ២៦៨ ដល់ ២៨៧ ហើយដែលបានកត់ត្រានៅក្នុងពង្សាវតាររាជវង្សជិងចិន។ តាមការប៉ាន់ស្មានការបញ្ជូនទូតបីលើកចុងក្រោយក្នុងឆ្នាំ២៨៥ ដល់ ២៨៧ ទំនងជាហុចផលដល់សន្ទុះនៃជំនួញផ្លូវសមុទ្ទក្រោយ ពីប្រទេសចិនបានឯកភាពឡើងវិញ ដោយរាជវង្សជិន ព្រោះព្រឹត្តិការណ៍នេះបានបំពេញដល់សេចក្ដីត្រូវការវត្ថុប្រណីតរបស់ពួកស្ដេចចិនជាច្រើន។[២៦]

រុងរឿងនិងធ្លាក់ចុះ

តាមស្ដេច ព្រះបាទស្រីមារវម៌្មបានពង្រីកកងទ័ពជើងទឹករបស់អាណាចក្ររបស់ព្រះអង្គ និងបង្កើនការិយាធិបតេយ្យ​របស់នគរវ្នំ ដោយបង្កើតនូវទម្រង់ដូចសក្ដិភូមិដែលបន្សល់ទំនៀមទម្លាប់និងអត្តសញ្ញាណតាមតំបន់ឱ្យនៅដដែលភាគច្រើន ពិសេសជាការលូតទៅមុខបន្ថែមនៃអាណាចក្រនេះ។ ព្រះបាទស្រីមារវម៌្ម និងស្ដេចសោយរាជ្យបន្តពីព្រះអង្គក៏បានបញ្ជូនពួកឯកអគ្គរាជទូតទៅកាន់ចិន និងឥណ្ឌាដើម្បីធ្វើពាណិជ្ជកម្មជាទៀងទាត់តាមផ្លូវសមុទ្ទ។ នគរនេះទំនងប្រហែលជាបានពន្លឿនទៅមុខនូវឥណ្ឌូនីយកម្មជាដំណាក់កាលនៅអាស៊ីអាគ្នេយ៍។ នគរជាច្រើននៅអាស៊ីអាគ្នេយ៍ក្រោយមកបានប្រណាំងប្រជែងគ្នា តាមរាជវាំងនគរវ្នំ។ ពួកអ្នកវ្នំបានបង្កើតឡើងនូវប្រព័ន្ធពាណិជ្ជវិស័យនិយម និងពាណិជ្ជកម្មផ្ដាច់មុខដ៏ខ្លាំងក្លា ដែលបានក្លាយជាគំរូមួយសម្រាប់អាណាចក្រជាច្រើននៅក្នុងតំបន់។

ស្ដេចអស្សាចេយ្យបានសោយរាជ្យដល់ឆ្នាំ២៨៩។ ពីនេះតទៅសតវត្សទី៤គ្មានឯកសារណានិយាយពីអាណាចក្រវ្នំទាល់តែសោះ។ ពង្សាវតាររាជវង្សជិននិងលាងបាននិយាយថានៅឆ្នាំ៣៥៧ ស្ដេចនគរវ្នំឈ្មោះ ធៀនឈូ-ឆានតាន (ស្រុតវម៌្ម ឬ កៅណ្ឌិន្យចណ្ឌាល ឬ កៅណ្ឌិន្យវម៌្ម) បានលើកសួយដំរីផ្សាំងទៅថ្វាយស្ដេចចិន។ ធៀនឈូគឺជាឈ្មោះដែលចិនហៅប្រទេសឥណ្ឌា។ ដូច្នេះពាក្យថាធៀនឈូ ឆានតាននេះមានន័យថាឥណ្ឌាឈ្មោះ ឆានតាន។ បើតាមលោកឡឺវី (S.Levi) ឆានតានគឺជាពាក្យកត់សូរសំឡេង chandan (ចណ្ឌាល?) ដែលជាឋានន្តរនាមរបស់ឥណ្ឌូ-ស៊ីថជាពិសេសរបស់រាជវង្សកុសាណៈ។ គួរគប្បីបញ្ជាក់ថាពួកកុសាណៈនេះបានលើកទ័ពទៅវាយប្រទេសឥណ្ឌា ហើយត្រួតត្រាតំបន់ទន្លេគង្គាយ៉ាងហោចរហូតដល់ក្រុងពារាណសី។ នៅ គ.ស. ៣៥៧ ប្រទេសឥណ្ឌាត្រូវធ្លាក់ក្រោមការគ្រប់គ្រងរបស់រាជវង្សគុប្តៈដឹកនាំដោយព្រះចៅសមុទ្ទគុប្តៈ។ ដូច្នេះពួកស៊ីថក៏ត្រូវបានកម្ចាត់។ ដូច្នេះហើយបានជាពួកកុសាណៈបានភៀសខ្លួនមកសុវណ្ណភូមិ ហើយជាពិសេសបានមកដល់នគរវ្នំដូចជាករណីរបស់ព្រះបាទកៅណ្ឌិន្យចណ្ឌាលនេះឯង។ អ្នកសិក្សាយល់ថាប្រហែលជាស្ដេចអង្គនេះហើយ ដែលនាំមកនូវសិល្បៈចម្លាក់ដូចជាអាវផាយរបស់ព្រះសូរ្យនិងមកុដរាងបំពង់របស់ព្រះវិស្ណុ។ ការលើកឡើងបែបនេះគឺដោយសារការរកឃើញរបស់ខ្លះនៅរមណីយដ្ឋានអូរកែវ ហើយដែលបង្ហាញពីទំនាក់ទំនងនគរវ្នំនិងពិភពអ៊ីរ៉ង់ ដូចជាដុំថ្មឆ្លាក់រូបពិធីបួងសួងចំពោះព្រះអគ្គី និងពេជ្រមានរូបស្ដេចនៃរាជវង្សសាស្សានីដ (Sassanide)។

ចំពោះរជ្ជកាលស្ដេចស្រុតវម៌្មទី១នេះព្រឹត្តិការណ៍ដែលគេដឹងច្បាស់មានតែមួយគត់ គឺការលើកសួយទៅថ្វាយស្ដេចចិននៅឆ្នាំ៣៥៧។ ក្រោយពីនោះអ្នកប្រវត្តិសាស្ត្រគឺចួបប្រទះនឹងកង្វះឯកសារម្ដងទៀត ព័ត៌មានដែលទាក់ទងនឹងនគរវ្នំគេអាចដឹងបានចាប់ពីចុងសតវត្សទី៤ប៉ុណ្ណោះ។

នៅពាក់កណ្ដាលទី១នៃសតវត្សទី៥ គេឃើញថាការផ្សព្វផ្សាយអរិយធម៌ឥណ្ឌាមានសន្ទុះយ៉ាងខ្លាំង នៅតំបន់សុវណ្ណភូមិ។ អ្នកប្រវត្តិវិទូខិតខំស្វែងរកតើអ្វីទៅជាមូលហេតុ។ តាមគេប៉ាន់ស្មានមើល មកពីការវាយលុករបស់ព្រះបាទសមុទ្ទគុប្តៈ (៣៣៥-៣៧៥) នៅឥណ្ឌាខាងត្បូង ដែលបណ្ដាលឱ្យមានជនភៀសខ្លួនមកកាន់បូព៌ាប្រទេស។ រួចហើយលោកឡឺវី ថាប្រហែលជាការវាយលុករបស់ស្ដេចនេះនៅតំបន់ទន្លេគង្គា ទើបបណ្ដាលឱ្យមានជនជាតិស៊ីថម្នាក់មកសោយរាជ្យនៅអាណាចក្រវ្នំនៅឆ្នាំ៣៥៧។ នេះគឺជាជំហានដំបូងនៃចលនាទូលំទូលាយ នៃលំហូរនៃអរិយធម៌ឥណ្ឌា មកលើតំបន់ដែលរងឥទ្ធិពលនៃអរិយធម៌ឥណ្ឌាស្រាប់ទៅហើយពីសំណាក់ពួកស្ដេច ព្រាហ្មណ៍ និងពួកបញ្ញវន្តចាប់ពីពាក់កណ្ដាលស.វ.ទី៤ដល់ពាក់កណ្ដាលនៃសតវត្សទី៥។

គឺនៅក្នុងពេលជាមួយគ្នានេះហើយ ដែលអាណាចក្រវ្នំទទួលនូវសន្ទុះថ្មីនៃការផ្សាយអរិយធម៌ឥណ្ឌា។

រាជពង្សាវតារចិនបានកត់ទុកថាក្នុងចំណោមស្ដេចសោយរាជ្យបន្តបន្ទាប់ពីស្រុតវម៌្ម១ គឺមានស្ដេចម្នាក់មានឈ្មោះថាគាវឆេនយូ (កៅណ្ឌិន្យ) ជាព្រាហ្មណ៍មានដើមកំណើតនៅប្រទេសឥណ្ឌា។ គេដំណាលថាមានសំឡេងអាថ៌កំបាំងមួយ បានបញ្ជាឱ្យព្រាហ្មណ៍នេះទៅសោយរាជ្យនៅនគរវ្នំ។ កៅណ្ឌិន្យមានសេចក្ដីត្រេកអរខ្លាំងណាស់ ហើយក៏បានធ្វើដំណើរទៅស្រុកប៉ានប៉ាននៅខាងត្បូង។ អ្នកស្រុកនគរវ្នំមានសេចក្ដីត្រេកអរណាស់បាននាំគ្នាទៅចួប ហើយបានលើកលោកឱ្យឡើងសោយរាជ្យ។ ស្ដេចអង្គនេះបានរៀបចំក្បួនច្បាប់តាមបែបឥណ្ឌា។ ក្នុងចំណោមស្ដេចសោយរាជ្យក្រោយមកទៀត ដូចជាមានឈ្មោះស្ដេចមួយអង្គ ឆេលីតោប៉ាម៉ោ (ស្រីឥន្ទ្រវម៌្ម ឬ ស្រេន្ទ្រវម៌្ម) បាននាំសួយនិងតង្វាយទៅថ្វាយស្ដេចក្រុងចិនជាច្រើនលើកគឺនៅឆ្នាំ៤៣៤-៤៣៥ និង ៤៣៨។ គឺស្ដេចអង្គនេះហើយដែលចង់រក្សាចំណងមិត្តភាពជាមួយចិន ហើយបានប្រកែកមិនចូលរួមជាមួយចាម្ប៉ាដើម្បីដណ្ដើមយកខេត្តតុងកឹងរបស់ចិន។

តាមពង្សាវតារជិនខាងត្បូងនិយាយថាប្រហែល ១០ ឆ្នាំក្រោយកាលកំណត់ ៤៣១-៤៣២ ក៏មានស្ដេចសោយរាជ្យបន្តនៅអាណាចក្រវ្នំដែរ ដែលស្ដេចអង្គនោះព្រះនាមថាចោយ៉ាប៉ាម៉ោ (ជ័យវម៌្ម) ដែលមាននាមត្រកូលគាវឆេនយូ បានសេចក្ដីថាជាស្ដេចក្នុងរាជវង្សកៅណ្ឌិន្យដែរ។ តាមលោកប៉េ.ប៉េលីអុត (P.Pelliot) គឺស្ដេចអង្គនេះបានបញ្ជូនឈ្មួញទៅគ័ងតុងប្រទេសចិនហើយពេលពួកឈ្មួញនេះត្រឡប់មកវិញត្រូវខ្យល់បក់ទៅទើរលើប្រទេសលីនយី ដែលមានព្រះសង្ឃឥណ្ឌាមួយអង្គព្រះនាមថានាគសេន ក៏បានធ្វើដំណើរទៅជាមួយដែរ។ ព្រះភិក្ខុអង្គនេះបាននិមន្តមកអាណាចក្រវ្នំតាមផ្លូវកាត់ នៅឆ្នាំ៤៨៤ ត្រូវព្រះបាទជ័យវម៌្មបានចាត់ឱ្យនាំតង្វាយទៅព្រះចៅក្រុងចិន និងស្នើសុំទ័ពជំនួយមកបង្ក្រាបមន្ត្រីម្នាក់ (ឬ បុត្រ) ដែលបានជ្រែករាជ្យនៅចាម្ប៉ា។ ប៉ុន្តែស្ដេចក្រុងចិនមិនយល់ព្រមតាមសំណូមពរ ហើយដើម្បីថែរក្សាចំណងមិត្តភាពទ្រង់បានថ្វាយត្រឡប់មកវិញនូវសំពត់ព្រែដែលមានពណ៌ប្លែកៗប៉ុណ្ណោះ។ ក្នុងរាជ្យស្ដេចអង្គនេះហើយដែលព្រះសង្ឃពីរអង្គអាណាចក្រវ្នំ បានទៅបកប្រែគម្ពីរនៅប្រទេសចិនគឺ សង្ឃបាល និងមន្ត្រសេន។ នៅគ្រិស្តសករាជ ៥០៣ ព្រះអង្គបានចាត់ឱ្យយករូបព្រះពុទ្ធដែលធ្វើពីផ្កាថ្មនិងវត្ថុផ្សេងៗទៅថ្វាយស្ដេចក្រុងចិន​។

ដោយសារសេចក្ដីរាប់អានពីសម្នាក់ស្ដេចចិន គេអាចចាត់ទុកថារជ្ជកាលរបស់ព្រះបាទកៅណ្ឌិន្យជ័យវម៌្មជា រជ្ជកាលរុងរឿងបំផុតនៃប្រវត្តិសាស្ត្រអាណាចក្រវ្នំ។

ព្រះបាទកៅណ្ឌិន្យជ័យវម៌្មសុគតនៅឆ្នាំ៥១៤។ ព្រះអង្គពុំបានបន្សល់ទុកនូវសិលាចារឹកទេ។ តែព្រះអគ្គមហេសីព្រះអង្គព្រះនាមកុលប្រភាវតី និងបុត្រព្រះនាមគុណវម៌្មបានបន្សល់ទុកនូវសិលាចារឹក។

ក្នុងសិលាចារឹកដំបងដែក (ខាងត្បូងខេត្តកែវ) ព្រះនាងកុលប្រភាវតីបាននិយាយពីការកសាងអាស្រមមួយ។ សិលាចារឹកនេះមានលក្ខណៈជាវិស្ណុនិយម។ ក្នុងសិលាចារឹកវិស្ណុនិយមដូចគ្នានេះដែរ ដែលគេបានរកឃើញនៅវាលភក់បាននិយាយ ពីការកសាងទេវាល័យសម្រាប់តម្កល់ព្រះវិស្ណុបាទ។ បើគេប៉ាន់ស្មានមើលទៅព្រះនាងកុលប្រភាវតីគឺជាមាតារបស់គុណវម៌្ម ដែលជាបុត្ររបស់ព្រះបាទកៅណ្ឌិន្យជ័យវម៌្ម ហើយទ្រង់ត្រូវបានព្រះជេដ្ឋាធ្វើគត់ ដែលមាននាមថាព្រះបាទរុទ្រវម៌្មនេះឯង (ជាបុត្ររបស់ស្រីស្នំម្នាក់) នៅក្នុងឆ្នាំ៥១៤ ដើម្បីដណ្ដើមរាជ្យសម្បត្តិដូច ដែលពង្សាវតាររបស់រាជវង្សលាងបានកត់ទុក។ រុទ្រវម៌្ម ជាស្ដេចចុងក្រោយបង្អស់នៃអាណាចក្រវ្នំ។ ព្រះអង្គបានបញ្ជូនទូតទៅប្រទេសចិនជាច្រើនដងក្នុងចន្លោះឆ្នាំ៥១៧ និង ៥៣៥។ រាជទូតនគរវ្នំបាននាំសួយថ្វាយស្ដេចចិននៅឆ្នាំ៥៣៩ ហើយបានទូលប្រាប់ទៅព្រះចៅក្រុងចិនថា នៅប្រទេសខ្លួនមានព្រះកេសមួយសសៃប្រវែង ៣ មាត្រ។ លុះទ្រង់ជ្រាបហើយព្រះចៅលាងវូទី ទ្រង់ក៏បានចាត់ព្រះសង្ឃមួយអង្គនាមធេយុនប៉ាវ ឱ្យយកព្រះកេសនោះទៅប្រទេសចិនវិញ។ សិលាចារឹក​សំស្ក្រឹត​នៅបាទីនិយាយថាព្រះអង្គនៅសោយរាជ្យនៅឡើយ នៅពេលដែលគេកសាងខាងពុទ្ធសាសនាដែលមានចារក្នុងឯកសារនោះ។ បើតាមពង្សាវតាររាជវង្សលាងពុទ្ធសាសនាបានរុងរឿងណាស់ ឯកសារនេះ និយាយថាមានគណៈបេសកកម្មទូតចិនមួយ ត្រូវបានបញ្ជូនមកអាណាចក្រវ្នំនៅរវាង គ.ស. ៥៣៥ និង ៥៤៥ ដើម្បីឱ្យអធិរាជនគរវ្នំបញ្ជូនអ្នកប្រាជ្ញនិងខាងគម្ពីរសាសនាមកចិនវិញ។ គ្រានោះមានឥណ្ឌាម្នាក់ឈ្មោះបរមាថ៌ឬគុណរតនៈបានមកនគរវ្នំ ព្រះចៅអធិរាជក៏បញ្ជូនវរជននេះនាំយកគម្ពីរជាច្រើនទៅកាន់ប្រទេសចិនវិញនៅ គ.ស. ៥៤៦។ គួរកត់សម្គាល់ដែរថា ដោយសារតែស្ដេចរុទ្រវម៌្មឡើងសោយរាជ្យខុសទំនងបែបនេះហើយ ដែលបណ្ដាលឱ្យអាណាចក្រវ្នំមានភាពវឹកវរ រហូតដល់រលាយរលំអាណាចក្រវ្នំជាស្ថាពរនៅពាក់កណ្ដាលទី២នៃសតវត្សទី៦។[២៧]

នគរវ្នំបានធ្លាក់ចុះនៅសតវត្សទី៦ និងត្រូវបានលេបត្របាក់ដោយចេនឡា ដែលជាអ្នកដែលមិនអាចប្រកែកបានថាគឺជាពួកខ្មែរ។ សិលាចារឹកខ្មែរលើកដំបូងបានចុះកាលបរិច្ឆេទ ដោយខ្លីបន្ទាប់ពីការធ្លាក់ចុះនៃនគរវ្នំ ហើយការចុះកាលបរិច្ឆេទទាំងនោះដោយកាលបរិច្ឆេទ ក្រោយមកទៀតត្រូវបានប្រមូលនៅកម្ពុជាភាគខាងត្បូងនិយាយថា ខ្មែរបានតាំងលំនៅរួចទៅហើយនៅឯទឹកដីកម្ពុជាភាគខាងក្រោម។[២៨] វីខខឺរីបានឱ្យយោបល់ថា“តាមភស្តុតាងបច្ចុប្បន្នវាមិនអាចទៅរួចទេ ដោយបញ្ជាក់អះអាងថា នគរវ្នំជាតំបន់មួយ និងពួកក្រុមត្រួតត្រាគេដែលមិនមែនជាជនជាតិខ្មែរ”។[២៩] វ្នំត្រូវបានចាត់ទុកថាជានគរខ្មែរទីមួយ និងជានគរមុននៃអាណាចក្រខ្មែរ។

អង្គការ

ដោយទុកក្នុងចិត្តថាកំណត់ហេតុរបស់នគរវ្នំ មិនបាននៅសេសសល់មកដល់សម័យបច្ចុប្បន្នទេភាគច្រើន អ្វីដែលយើងដឹងគឺបានមកពីកំណាយខាងបុរាណវត្ថុ។ កំណាយជាច្រើនបានហុចជាលទ្ធផលជារបកគំហើញមួយចំនួននៃសំណង់កំពែងឥដ្ឋ ឧបករណ៍ធ្វើពីលោហៈ និងគ្រឿងស្មូន ជាក់ស្ដែងបានមកពីកម្ពុជាខាងត្បូងនិងវៀតណាម។ ផងដែរការស្ថាបនាប្រព័ន្ធប្រឡាយធំៗភ្ជាប់ទីលំនៅដ្ឋាននៅអង្គរបុរី និងច្រកចេញទៅកាន់ឆ្នេរសមុទ្ទ នេះជាផែនការ​រដ្ឋបាល​ដែលបានរៀបចំលំដាប់ខ្ពស់។[៣០] នគរវ្នំ ជាសង្គមដែលស្មុគស្មាញនិងពិបាកយល់ ដែលមាននៅសន្ទភាពអត្រាប្រជាជនខ្ពស់ បានអភិវឌ្ឍបច្ចេកទេស និងប្រព័ន្ធសង្គមដ៏ស្មុគស្មាញដើម្បីគ្រប់គ្រងលើតំបន់នៃប្រទេសកម្ពុជានេះ ពីព្រោះដោយសារតែ សមត្ថភាពនៃប្រជារាស្ត្រខ្មែរអាចផលិតស្បៀងអាហារក្នុងវាលទំនាបដ៏សម្បូរ ដោយជីជាតិរបស់កម្ពុជា។ បើតាមឯកសារប្រវត្តិសាស្ត្រខ្មែរ ត្រឹង-ងារ គេនិយាយថានគរវ្នំយករបបគ្រប់គ្រងរដ្ឋតាមបែបឥណ្ឌា។ ព្រះរាជាត្រូវគង់ក្នុងប្រាសាទឈើដែលមានច្រើនជាន់ហើយមានសង់របងពទ្ធជុំវិញ។ ព្រះរាជាយកឋានន្តរនាមជា ក្រុងវ្នំ ព្រោះយកតាមភ្នំដែលព្រះអង្គធ្វើសក្ការបូជាចំពោះព្រះមហេស្វរ(ម៉.ស៊ីសូវឡ) និងមានតម្កល់លិង្គព្រះគិរិសគឺឈ្មោះព្រះឥសូរដែលសណ្ឋិតលើនោះ។ ដោយសារតែស្ដេចជាតំណាងនៃអាទិទេព ដូច្នោះហើយទើបព្រះអង្គមានអំណាចទូលំទូលាយណាស់។ រាជ្យសម្បត្តិត្រូវតពីបិតាទៅបុត្រ ជាមូលហេតុឱ្យមានវិបត្តិរាជវង្សច្រើនគ្រា។ ប៉ុន្តែរាស្ត្រក៏អាចលើកវរជនដែលខ្លួនពេញចិត្តឱ្យឡើងសោយរាជ្យដែរ តួយ៉ាងដូចជាស្ដេចស្រីមារវម៌្ម និងកៅណ្ឌិន្យទី២ជាដើម។

ព្រះរាជានគរវ្នំនិយមធ្វើសង្គ្រាមពង្រីកទឹកដី តួយ៉ាងដូចជាស្ដេចស្រីមារវម៌្មបានលើកទ័ពជើងទឹកទៅវាយរដ្ឋជាច្រើនមកដាក់ជាចំណុះរួមមានរដ្ឋខ្មែរខ្លះ មនខ្លះ ចាម ឬម៉ាឡេយូ។ ក្នុងសង្គ្រាមគេច្រើនចាប់ឈ្លើយសឹកមកធ្វើជាទាសាទាសី។ ដោយហេតុនេះហើយ ទើបយើងហៅ អាណាចក្រវ្នំថាជាអធិរាជាណាចក្រហើយស្ដេចមានឋានៈថាជាមហារាជឬជាសាវ៌កៅ (ស្ដេចចក្រវាឡ)។ រដ្ឋដែលក្រោមអំណាចអាណាចក្រវ្នំទាំងនោះ មានស្ដេចសោយរាជ្យគ្រប់ៗរដ្ឋទាំងអស់ ហើយរដ្ឋទាំងនោះមានតួនាទីលើកសួយមកថ្វាយអធិរាជនគរវ្នំរៀងរាល់ឆ្នាំរដ្ឋនេះគេហៅថាសាមន្តរាជ។ ហើយរដ្ឋបែបទី២គឺត្រូវគ្រប់គ្រងដោយព្រះរាជបុត្រ ឬព្រះញាតិរបស់ស្ដេច អាណាចក្រវ្នំគេហៅថាវិស័យរដ្ឋ ដែលជាសម្បត្តិរបស់អាណាចក្រវ្នំផ្ទាល់ ដែលបង្កើតឡើងដោយព្រះបាទកៅណ្ឌិន្យទី១ ប៉ុន្តែ ត្រូវរម្លាយចោលវិញដោយព្រះបាទហ៊ុន-ប៉ានហួងវិញ។ គួរកត់សម្គាល់ដែលថារចនាសម្ពន្ធនយោបាយបែបនេះគឺមានគ្រោះថ្នាក់ណាស់ គឺដោយសារតែពេលណាអំណាចកណ្ដាលចុះខ្សោយនោះសាមន្តរាជមួយចំនួននឹងងើបឡើងបះបោរដូចករណីសាមន្តរដ្ឋចេនឡានៅស.វ.ទី៦។

ក្នុងវិស័យនយោបាយក្រៅប្រទេស ​នគរវ្នំនិយមចងស្ពានមេត្រី ជាមួយប្រទេសធំៗដូចជាចិននិងឥណ្ឌា។ វិស័យនយោបាយក្រៅប្រទេសនេះមមាញឹកចាប់តាំងពីរាជ្យស្ដេចហ្វាន-ឆានមកម៉្លេះ។ ទំនាក់ទំនងនេះមានក្នុងវិស័យ​នយោបាយ ពាណិជ្ជកម្ម និងវប្បធម៌ផងដែរ។

មន្ត្រីក្នុងរាជការនៅប្របអធិរាជគឺមន្ត្រីពីរបែបគឺ មន្ត្រីឆ្វេងនិងមន្ត្រីស្ដាំ។ មន្ត្រីឆ្វេងនៅអង្គុយនៅឆ្វេងនិងមន្ត្រីស្ដាំអង្គុយនៅស្ដាំ ដែលមានសក្ដិធំជាងមន្ត្រីឆ្វេង។ ក្រៅពីមន្ត្រីទាំងនេះនៅមានមន្ត្រីផ្សេងទៀតឈរត្រួតត្រាតាមខេត្ត។ ព្រះអង្គតែងប្រទានសវនការជាញឹកញាប់ជាមួយរាស្ត្រ និងជនបរទេសដែលយកតង្វាយមកថ្វាយ។ ក្នុងករណីនេះព្រះអធិរាជទ្រង់ប្រថាប់ទម្លាក់ព្រះបាទឆ្វេងដល់ដី ហើយបញ្ឈរព្រះបាទស្ដាំរួចគេក្រាលកម្រាលមួយផ្ទាំង ចំពោះព្រះភក្ត្រព្រះអង្គដើម្បីយកភាជន៍មាស និងភាជន៍ដុតគ្រឿងក្រអូបមកតម្កល់លើកម្រាលនោះ។ ពេលយាងចេញក្រៅឬយាងចូលមកវិញព្រះអង្គតែងគង់ប្រថាប់លើដំរី។ ឯពួកស្រីស្នំនិងពួកមន្ត្រីជាបរិវារក៏ជិះដំរីដែរ។ ព្រះអធិរាជទ្រង់សព្វព្រះហឫទ័យនឹងការបរបាញ់ ដោយទ្រង់យាងចេញម្ដងៗរាប់ខែ។ នៅអាណាចក្រវ្នំ រាស្ត្រច្រើនបង់ពន្ធដារជា មាស ប្រាក់ ត្បូង គុជ ឬគ្រឿងក្រអូបផ្សេងៗ។ គេមិននិយមធ្វើគុកដាក់ជនទុច្ចរិតទេ។ បើកាលណាទោសស្រាលគេពិន័យ ផ្ទុយទៅវិញបើទោសធ្ងន់គេយកអ្នកមានទោសនោះទៅឱ្យក្រពើឬសត្វសាហាវស៊ី។ បើសិនជាសត្វទាំងនោះមិនស៊ីអស់ពេល៣ថ្ងៃគេនឹងលែងជននោះមកវិញ។[៣១]

ស្ថានភាពប្រជាករ

អ្នកស្រុកនគរវ្នំរស់នៅដោយប្រមូលផ្ដុំជាកុលសម្ពន្ធ។ នៅដើមគ្រិស្តសករាជ ដោយសារកំណើនផលិតផលនិងកំណើនប្រជាជន នគរវ្នំបានក្លាយទៅជារដ្ឋមួយ ដែលមានព្រះនាងលីវយីជាអ្នកគ្រប់គ្រង។ អ្នកស្រុកនគរវ្នំកាត់សក់ជ្រងផ្កាថ្កូវ លែងខ្លួនទទេ ស្លៀកសំពត់ញ៉ុក ហើយចោះត្រចៀក ពាក់ត្រសាល់ទាំងប្រុសទាំងស្រី។ ខ្មែរបុរាណជាអ្នកដំណើរតាមសមុទ្ទដ៏ចំណាន ហើយប្រើ មាស ប្រាក់ សំរឹទ្ធ និងសំណ ធ្វើជាប្រាក់ចាយ។

បើតាមឯកសារចិនបានបញ្ជាក់ថាអ្នកស្រុកនគរវ្នំ សម្បុរខ្មៅ សក់រួញអង្គារដី រូបច្រើនមិនសូវបាន។ ព័ត៌មានអាចបញ្ជាក់ពីលក្ខណៈនរវិទ្យារបស់ជនជាតិខ្មែរ-មនជាទូទៅជាពិសេសជនជាតិខ្មែរនេះឯង។ ដែលចិននិយាយពីសម្បុរខ្មៅក្ដី រូបមិនសូវល្អក្ដី គឺគេនិយាយប្រៀបទៅនឹងលក្ខណៈរបស់ជនជាតិចិន។ ដោយកង្វះឯកសារជាភាសាខ្មែរ ទើបអ្នកសិក្សាបានបញ្ចេញផ្សេងៗអំពីម្ចាស់ដើមនៃនគរវ្នំនេះ៖ អ្នកខ្លះយល់ថារដ្ឋនេះជារដ្ឋឥណ្ឌា ខ្លះទៀតថាជារដ្ឋមនឬខ្មែរ មនផង ឬម៉ាឡេយូទៅវិញ។ តាមការណ៍ពិតជាតិទាំងនោះសុទ្ធតែបានរស់នៅនគរវ្នំ ហើយអ្នកខ្លះជាអ្នកគ្រប់គ្រងគេ (ខ្មែរនិងឥណ្ឌាខ្លះ) ឯអ្នកខ្លះទៀតត្រូវគេគ្រប់គ្រង (មន-ម៉ាឡេយូ) (ចំពោះបញ្ហានេះសូមមើលអត្ថបទ ហ៊្វូណនជារដ្ឋខ្មែរ ឬពុំមែនទេ? ចុះផ្សាយក្នុងព្រឹត្តិបត្រវិទ្យាស្ថានខ្មែរមានលេខ៥ ខែ សីហា គ.ស. ១៩៧៣)។

ឯកសារចិនដដែលនេះបាននិយាយទៀតថា មនុស្សនៅអាណាចក្រវ្នំច្រើនលែងខ្លួន អ្នកក្រស្លៀកសារុងអំបោះដើរជើងទទេ អ្នកមាននិងនាម៉ឺនស្លៀកសារុងចរបាប់ពាក់ស្បែកជើង។ ផ្ទះសង់ខ្ពស់ពីដីមានប្រក់ស្លឹកចាក (?) ដែលមានដុះនៅតាមមាត់សមុទ្ទហើយមានការតុបតែង។ ផ្ទះទាំងនោះសុទ្ធសង់ពីឈើដែលគេកាប់ពីព្រៃ ហើយសង់ផ្ដុំគ្នាជាភូមិពី៥០ទៅ៦០ ហើយមានស្រះទឹកមួយសម្រាប់យកទឹកប្រើប្រាស់រួមគ្នា។

មនុស្សនៅអាណាចក្រវ្នំត្រង់ណាស់ (ឯកសារខ្លះថាលោភលន់) មានការប៉ិនប្រសប់និងខិល ព្រោះចូលចិត្តចាប់អ្នកនៅក្រុងជិតខាង ដែលមិនគោរពរាប់អានខ្លួនធ្វើជាខ្ញុំកំដរ។ ពេលទំនេរចូលចិត្តលេងប្រជល់មាន់និងជ្រូក។

សង្គមនៅអាណាចក្រវ្នំជាសង្គមមេនិយមគឺទុកស្ត្រីជាធំទាំងក្នុងគ្រួសារនិងសង្គមតួយ៉ាងដូចរឿងព្រះនាងលីវយីទៅច្បាំង ជាមួយហ៊ុនទៀនជាភស្តុតាងជាក់ស្ដែង។ ពិធីបុណ្យការនិងបុណ្យសពមានលំនាំដូចនៅលីនយីដែរ ហើយស្រីៗនិយមទៅដណ្ដឹងប្រុសៗ។ នេះគឺធាតុមួយនៃអត្ថិភាពនៃលទ្ធិមេនិយមទៀតដែរ។ ចិនបានកត់សម្គាល់ថានៅក្នុងគ្រួសារពួកស្រីប្រុសអាចទាក់ទងគ្នា បានតាមទំនើងចិត្ត។

ក្នុងករណីកាន់ទុក្ខគេត្រូវកោរសក់និងពុកមាត់ ឯពិធីរម្លាយសពមានបួនយ៉ាង៖

១- បោះសពចោលទៅក្នុងទន្លេ

២- បូជាដោយភ្លើង

៣- យកសពទៅកប់

៤- យកសពទៅដាក់ចោលក្នុងព្រៃស្មសានឱ្យសត្វស៊ី។

ក្នុងករណីបូជាដោយភ្លើងគេនិយមយកធាតុ ដែលនៅសេសសល់ពីដុតដាក់ក្នុងកោដិបិទជិត ហើយយកទៅបោះចោលក្នុងទន្លេ។ ព្រះមហាក្សត្រប្រើកោដិមាស មន្ត្រីនាម៉ឺនប្រើកោដិប្រាក់ រាស្ត្រសាមញ្ញប្រើកោដិដី។ អ្នកស្រុកអាណាចក្រវ្នំចូលចិត្តយកវិធីចម្លែកដើម្បីរកសេចក្ដីពិត។ កាលណាមានបាត់របស់អ្វីមួយគេតែងពូតបាយមួយពំនូត យកទៅដាក់មុខទេព្ដាហើយបួងសួងឱ្យរកមុខជនទុច្ចរិត។ ស្អែកឡើងគេចែកឱ្យបាយទៅខ្ញុំកំដរនៅក្នុងផ្ទះឱ្យបរិភោគ៖ ក្នុងមាត់ចោរវានឹងមានហូរឈាមចេញមកនិងមិនអាចទំពារបាយផង ឯមាត់ជនទៀងត្រង់បាយនោះនឹងរអិលចូលទៅក្នុងមាត់បានយ៉ាងស្រួល។ ម្យ៉ាងទៀតកាលណាជនណាជាប់ចោទគេឱ្យជននោះអត់បាយបីថ្ងៃ រួចគេតម្រូវឱ្យលូកយកវត្ថុផ្សេងៗចេញពីទឹកកំពុងពុះ ឬកាន់ពូថៅ ឬច្រវាក់ដុតក្រហមដើរ៧ជំហាន។ បើមានកំហុសមែនដៃជននោះនឹងរលាករលួយ ផ្ទុយទៅវិញនឹងគ្មានកើតអ្វីទាំងអស់។[៣២]

វប្បធម៌

សិលាចារឹកនេះបានរកឃើញនៅថាបមឿយក្នុងខេត្តផ្សារដែកវៀតណាមនិងបច្ចុប្បន្នបានដាក់តាំងក្នុងសារមន្ទីរប្រវត្តិសាស្ត្រនៅទីក្រុងហូជីមិញគឺជាសំណេរមួយ នៅក្នុងចំណោមសំណេរ ដែលនៅសេសសល់តិចតួច ដែលត្រូវបានគេសន្និដ្ឋាន ដោយជឿទុកចិត្តថាជារបស់នគរវ្នំ។ អត្ថបទជាភាសាសំស្ក្រឹត ដែលត្រូវបានចុះកាលបរិច្ឆេទពាក់កណ្ដាល នៃសតវត្សទី៥នៃគ.ស. និងប្រាប់នូវការឧបត្ថម្ភ របស់ព្រះអង្គម្ចាស់គុណវម៌្ម ជាអ្នកគោរពដល់ព្រះវិស្ណុ។

នៅរវាងសតវត្សទី១នៃគ.ស. ព្រះនាងលីវយីបានធ្វើសង្គ្រាមចាញ់ព្រះបាទហ៊ុនទៀន ដែលជាជនជាតិឥណ្ឌា។ ចាប់ពីពេលនោះមក ព្រះបាទហ៊ុនទៀនបានក្លាយជាព្រះមហាក្សត្ររបស់នគរវ្នំ។ អរិយធម៌ឥណ្ឌាមាន ភាសា សាសនា សិល្បៈជាដើម ក៏បានជ្រាបចូលទៅក្នុងសង្គមខ្មែរចាប់ពីពេលនោះមក។ តុលាការខ្មែរ ប្រើប្រាស់ច្បាប់តុលាការឥណ្ឌា រួមជាមួយនិងតុលាការតាមបែបប្រពៃណីខ្មែរ។ របបគ្រប់គ្រងរដ្ឋបាលខ្មែរអនុវត្តតាមរបបរាជានិយមបែបឥណ្ឌា។ ប៉ុន្តែមិនបែងចែកវណ្ណៈនៅក្នុងសង្គមតាមបែបឥណ្ឌាទេ។ ឯការបន្តមត៌ក ខ្មែរនៅតែប្រកាន់យកប្រពៃណីរបស់ខ្លួនដដែល។

វប្បធម៌វ្នំត្រូវបានលាយចម្រុះគ្នានូវជំនឿតាមបែបអ្នកស្រុកដើមនិងគំនិតទស្សនៈបែបឥណ្ឌា។ នគរនេះត្រូវបានគេនិយាយថារងឥទ្ធិពលយ៉ាងខ្លាំងដោយសារវប្បធម៌ឥណ្ឌា ប្រហែលជាតាមរយៈក្រុមនគរភាគកណ្ដាលដូចជា ទ្វារវតី ឬម៉ាឡេយូ [៣៣] ហើយនិងការជួលពួកឥណ្ឌាក្នុងប្រយោជន៍គ្រប់គ្រងរដ្ឋបាលរដ្ឋខ្លះ។ សំស្ក្រឹតគឺជាភាសានៅក្នុងរាជវាំង និងពួកអ្នកនគរវ្នំបានឧបត្ថម្ភទំនុកបម្រុងដល់ព្រហ្មញ្ញសាសនានិងក្រោយមកសតវត្សទី៥ បានទំនុកបម្រុងដល់លទ្ធិព្រះពុទ្ធសាសនា។ គេពុំបានដឹង ថាតើសាសនាណាមួយបានចូលមកស្រុកខ្មែរមុនទេ បើតាមឯកសារខ្លះគេថាព្រះបាទអសោកទ្រង់ បានបញ្ជូនសមណទូតពីរអង្គមកជ្រោយសុវណ្ណភូមិ ដើម្បីផ្សព្វផ្សាយព្រះពុទ្ធសាសនានៅសតវត្សទី៣មុនគ.ស.។ គេមិនដឹងថាសុវណ្ណភូមិនេះត្រូវត្រង់ណាឱ្យប្រាកដទេ។ អ្នកស្រាវជ្រាវគ្រាន់តែស្របថាសុវណ្ណភូមិនេះត្រូវ នឹងភូមិភាគអាស៊ីអាគ្នេយ៍នេះឯង។ ម្យ៉ាងទៀតបុរាណវត្ថុទាក់ទងនឹងព្រះពុទ្ធសាសនាដែលគេរកឃើញ នៅតំបន់នេះគេឃើញមានអាយុកាលត្រឹមតែពីសតវត្សទី៣-៤នៃគ.ស.ប៉ុណ្ណោះ។ គេឆ្ងល់ថាបើផ្សាយតាំងពីសតវត្សទី៣មុនគ.ស.ហេតុអ្វីបានជាឱ្យផ្លែផ្កានៅសតវត្សទី៣-៤នៃគ.ស.ទៅវិញ គឺអស់រយៈពេល៦ ឬ ៧ស.វ.? បើទោះជាបែបនេះក្ដីក៏គេដឹងថាព្រះពុទ្ធសាសនា ដែលយកមកប្រទេសយើងដំបូងគឺពុទ្ធសាសនាហីនយានជាភាសាសំស្ក្រឹតដែលពួកឥណ្ឌានៅអមរវត្តីរាប់អាននៅស.វ.ទី២-៣នៃគ.ស.។ នេះបើតាមសិលាចារឹកវ៉ូកាញ់និងតាព្រហ្មបាទី។ ព្រះពុទ្ធសាសនារុងរឿងនៅសតវត្សទី៥ និងទី៦ក្នុងរជ្ជកាលស្ដេចកៅណ្ឌិន្យជ័យវម៌្មនិងរុទ្រវម៌្ម ដោយមានការបញ្ជូនព្រះសង្ឃជាតិខ្មែរនិងឥណ្ឌាទៅប្រទេសចិន។[៣៤] កាក់លុយនៅស្ថានីយអូរកែវត្រូវបានគេរកឃើញតាមរយៈសិលាចារឹកជាច្រើនជាភាសាបាលី បង្ហាញនូវវត្តមាននៃព្រះពុទ្ធសាសនា ក្នុងតំបន់នេះក្បែរៗសតវត្សទី៥នៃគ.ស.។[៣៥]កំណត់ត្រាជាច្រើនបង្ហាញថាការប្រមូលពន្ធត្រូវបង់ជា ប្រាក់ មាស គុជខ្យង និងឈើក្រអូប។ លោកខាំង-ថែយ 康泰 និង ជូ-យិន 朱應 បានរាយការណ៍ថាប្រជាជនវ្នំបានអនុវត្តរបបទាសភាពនិងការកាត់ក្ដីត្រូវបានកាត់តាមរយៈការល្បងនិងពិសោធន៍ រួមមានដូចជាវិធីជាច្រើនតាមការរើសយកច្រវាក់ដែកក្រហមក្ដៅ និងលូកយកចិញ្ចៀននិងស៊ុតចេញពីទឹកកំពុងតែពុះ។

ភស្តុតាងខាងបុរាណវត្ថុឆ្លើយតបយ៉ាងទូលំទូលាយដល់កំណត់ត្រារបស់ចិន។ ពួកចិនបានពិពណ៌នាពួកអ្នកនគរវ្នំជាមនុស្សដែលរស់នៅលើផ្ទះសសរខ្ពស់ៗ ដាំស្រូវហើយបញ្ជូនសួយសារអាករជាមាស ប្រាក់ ភ្លុក និងសត្វប្លែកៗ។[៣៦]

របាយការណ៍របស់លោកខាំង-ថែយ និង ជូ-យិនមិនបញ្ចើចបញ្ចើដល់អរិយធម៌វ្នំទេ ថ្វីបើដូច្នោះក៏ដោយកំណត់ត្រារាជវាំងចិន បង្ហាញថាក្រុមតន្ត្រីករវ្នំបានមកទស្សនកិច្ចប្រទេសចិន ក្នុងឆ្នាំ២៦៣។ ព្រះចៅអធិរាជចិនមានចំណាប់អារម្មណ៍ណាស់ ដោយព្រះអង្គចេញព្រះរាជបញ្ជា ឱ្យមានការបង្កើតឡើងនូវវិទ្យាស្ថានមួយសម្រាប់តន្ត្រីអ្នកវ្នំ ក្បែរណានជីង។[៣៧] ពួកអ្នកនគរវ្នំត្រូវបានរាយការណ៍ផងដែរ ថាមានការចងក្រងសៀវភៅដ៏ច្រើននិងដាក់ទុកជាឯកសារទូទាំងប្រទេស ដោយបង្ហាញនូវកម្រិតខ្ពស់នៃស្នាដៃខាងសិក្សាធិការ។ ប៉ុន្តែឯកសារទាំងនោះត្រូវបាត់បង់អស់ហើយ ដែលធ្វើឱ្យយើងមិនដឹងថាតើអក្សរដូនតាយើងក្នុងសៀវភៅយ៉ាងម៉េចទេ។ បើតាមសិលាចារឹក៤ផ្ទាំងភាសាផ្លូវការគឺភាសាសំស្ក្រឹត ដូច្នេះមិនបានន័យថាភាសាខ្មែរមិនត្រូវបានប្រើប្រាស់ទេ។ យើងអាចមើលឃើញមានភាសាខ្មែរដូចជាឈ្មោះស្រុកក្ដី (វ្នំ) ឈ្មោះរាជធានីក្ដី (ទមាក់ ឬ ទល្មាក់) ដែលអាចបញ្ជាក់ថាភាសាខ្មែរគេប្រើជាមួយនឹងភាសាសំស្ក្រឹតដែរ​។ ប្រហែលជាថ្ងៃណាមួយគេអាចរកឃើញសិលាចារឹកណាមួយ ក្នុងចំណោមសិលាចារឹកជាភាសាខ្មែរដែលអាចភ្ជាប់ ទៅអាណាចក្រវ្នំបានជាមិនខាន។[៣៨]

ព្រះសង្ឃពីរអង្គមកពីនគរវ្នំគឺមន្ត្រសេននិងសង្ឃបាលបានសម្នាក់នៅនិវេសនដ្ឋាន[នៅចិនអស់រយៈពេល១៦ឆ្នាំ ហើយធ្វើការប្រាំការិយាល័យក្នុងសតវត្សទី៥ដល់ទី៦ និងបកប្រែគម្ពីរព្រះសូត្រពុទ្ធសាសនាពីសំស្ក្រឹត (ឬ ប្រាក្រឹត) ទៅភាសាចិន។ ព្រះអង្គបានការស្ងើចសរសើរពីព្រះចៅក្រុងចិន ហើយបានចាត់ទុកព្រះអង្គជាព្រះគ្រូទៀតផង។[៣៩][៤០]ក្នុងចំណោមអត្ថបទជាច្រើនទាំងនោះគឺជា សប្តសតិកាប្រាជ្ញាបារមីតសូត្រ មហាយាន (តៃស្ឆុត្រៃបិដក ២៣២)។[៤១]អត្ថបទនេះត្រូវបានបកប្រែផ្សេងពីគ្នាដោយព្រះសង្ឃទាំងពីរអង្គ។[៤០] ព្រះពោធិសត្វមញ្ជុស្រីកុមារភូត (Mañjuśrī) គឺជាតួអង្គលេចធ្លោមួយអង្គក្នុងអត្ថបទនេះ។

នៅពេលទ័ពចេនឡាបានចូលវាយអាណាចក្រវ្នំ ពុទ្ធសាសនាហីនយានជាភាសាសំស្ក្រឹតនៅរុងរឿងនៅឡើយ។ នៅសតវត្សទី៧ មានព្រះសង្ឃចិនមួយអង្គនិមន្តពីឥណ្ឌាទៅចិនវិញ ព្រះនាមយី-ស៊ីងមានថេរដិកាថា ពីដើមព្រះធម៌មានភាពរុងរឿងហើយផ្សព្វផ្សាយទៅគ្រប់ទិសទី តែឥឡូវនេះស្ដេចកំណាចមួយអង្គបានបំផ្លិចបំផ្លាញចោលអស់ហើយ ព្រះសង្ឃរកតែមួយអង្គមិនបានផង។ ដូច្នេះពុទ្ធសាសនាហីនយានប្រហែលជារលាយបាត់បង់នៅសតវត្សនោះហើយ ទើបក្រោយមកទៀតទើបឃើញលទ្ធិពុទ្ធសាសនាមហាយាន បានចេញផ្សព្វផ្សាយលទ្ធិរបស់ខ្លួន។

ចំណែកព្រាហ្មណ៍សាសនាគេឃើញមានគោរពព្រះឥសូរ ព្រះវិស្ណុ ព្រះហរិហរៈ (វិស្ណុនិងឥសូររួមគ្នា) និងព្រះព្រហ្ម។ នៅខាងដើមអាណាចក្រវ្នំទំនងគណៈខាងឥសូរនិយមជាសាសនាផ្លូវការផងដឹង បើតាមឯកសារចិនគេថាព្រះរាជាយាងឡើងភ្នំម៉ូតាន ដើម្បីធ្វើសក្ការបូជាដល់ព្រះមហេស្វរៈ។ ប៉ុន្តែព្រះអធិរាជាខ្លះបានផ្លាស់ពីឥសូរនិយមមកពុទ្ធនិយមវិញ ដូចជាព្រះបាទកៅណ្ឌិន្យជ័យវម៌្មជាដើម។ ខាងព្រះវិស្ណុគេឃើញមានប្រាសាទនៅភ្នំដា ស្រុកព្រៃកប្បាស ខេត្តតាកែវ។ គេឃើញសិលាចារឹករបស់ព្រះនាងកុលប្រភាវតីនិងគុណវម៌្ម ក៏មានលក្ខណៈវិស្ណុនិយមដែរ។ ក្នុងវិស័យស្ថាបត្យកម្មគេច្រើនសាងប្រាសាទពីឥដ្ឋ។ ដូច្នេះហើយទើបប្រាសាទទាំងនោះមិនឃើញមានស្ថិតស្ថេរមកដល់សព្វថ្ងៃសោះ លើកលែងតែប្រាសាទដុលដែលលុងដោយភ្នំទើបគេមានឃើញនៅសេសសល់។ ខឿនសំណង់ផ្សេងៗដែលគេរកឃើញនៅកំពង់ផែអូរកែវ និងអង្គបុរីក៏សង់អំពីឥដ្ឋដែរ។ ខាងសិល្បៈបដិមាក៏គេបានរកឃើញនៅភ្នំដា ស្រុកព្រៃកប្បាស ខេត្តតាកែវដែរ ដូចជាពុទ្ធរូបវត្តរំលក រូបព្រះវិស្ណុព្រះពលរាម ព្រះកល្កិន ព្រះគ្រឹស្ណគោវធន៌។ ស្នាដៃទាំងនេះមានលក្ខណៈជាឥណ្ឌារាងធាត់កាច់ចង្កេះនិងមានធ្នូឬជន្ទល់ទ្រ ឆ្លាក់ជាប់នឹងជញ្ជាំងថ្ម គឺពុំទាន់មានលក្ខណៈចម្លាក់លោតពេញលេញឡើយ។ ដូច្នេះគេអាចឃើញថាអរិយធម៌ខ្មែរ ជាអរិយធម៌ខ្ពង់ខ្ពស់ជាងប្រទេសជិតខាង ដែលខ្មែរចេះពូនផ្សំជាមួយនិងអរិយធម៌បរទេស ហើយបានកែច្នៃមកក្លាយជារបស់ខ្មែរ ទោះបីជាវាមិនទាន់មានលក្ខណៈជាតិពិតប្រាកដក៏ ដោយក៏វាជាកេរមរតករបស់កូនចៅខ្មែរជំនាន់ក្រោយដែរ វាក៏ជាគ្រឹះសម្រាប់អរិយធម៌សម័យអង្គរផងដែរ។[៤២]

សេដ្ឋកិច្ច

នគរវ្នំគឺជាមហាសេដ្ឋកិច្ចទីមួយដំបូងគេរបស់អាស៊ីអាគ្នេយ៍។ នគរនេះគឺសម្បូរសប្បាយព្រោះតែការដោះដូរពាណិជ្ជកម្មនិងកសិកម្ម។ នគរវ្នំបានកើនឡើងនូវទ្រព្យសម្បត្តិដោយសារតែបានត្រួតត្រាលើបួរដីក្រៈជាច្រកតូចចង្អៀតនៃឧបទ្វីបម៉ាឡេ ដែលក្រុមពួកឈ្មួញបានដឹកជញ្ជូនទំនិញធ្វើពាណិជ្ជកម្មរវាងចិននិងឥណ្ឌា។ ពួកគេប្រើប្រាស់ប្រាក់ចំណេញមួយចំនួនដើម្បីសាងនូវប្រព័ន្ធស្តុកទឹកនិងបញ្ចូលទឹកសព្វទិសទី។ ពួកពលរដ្ឋរស់នៅតាមជីវិតបែបរំភើយ។ ប្រជាជននគរវ្នំបានប្រមូលផ្ដុំគ្នាតាមដងទន្លេមេគង្គ ៖ តំបន់នេះគឺជាតំបន់ធម្មជាតិសម្រាប់អភិវឌ្ឍ​សេដ្ឋកិច្ច ដោយពឹងផ្អែកលើការនេសាទត្រីនិងការដាំដុះស្រូវ។ សេដ្ឋកិច្ចនគរវ្នំត្រូវពឹងផ្អែកទៅលើស្រូវដ៏ច្រើនលើសលប់ ដែលបានផលិតដោយប្រព័ន្ធបញ្ចេញបញ្ចូលទឹកចូលស្រែដ៏ច្រើនសន្ធឹកសន្ធាប់។ អ្នកស្រុកចេះជីកព្រែកខ្វាត់ខ្វែងដែលគេឃើញមានស្លាកស្នាម នៅកម្ពុជាក្រោមភាគខាងលិច។ តាមយោបល់អ្នកជំនាញគេថាព្រែកជីកទាំងនេះ គឺសម្រាប់បង្ហូរទឹកជំនន់ទន្លេមេគង្គចេញផង និងលាងឱ្យស្អាតទឹកភក់ល្បាប់ និងបន្សាបអំបិលដែលជ្រួតជ្រាបក្នុងដីផងដែរ ជាគមនាគមន៍ទៅទីក្រុងទាំងឡាយនឹងអាចឱ្យសំពៅឆ្លងកាត់ទៅពីសមុទ្ទចិនទៅឈូងសមុទ្ទសៀម ដោយមិនបាច់កុងពទ្ធជ្រោយទឹកខ្មៅឡើយ។ ក្រៅពីរបរស្រែចម្ការដែលចិនថា គេព្រួសមួយឆ្នាំរួចគេច្រូតបានបីរដូវ របរខាងចម្ការក៏មានដូចជាដាំក្រូច ទទឹម អំពៅ ស្លា។ល។ [៤៣]ពាណិជ្ជកម្មតាមសមុទ្ទក៏បានដើរតួសំខាន់ខ្លាំងមែនទែន ក្នុងការអភិវឌ្ឍនគរវ្នំ។ សំណល់បុរាណវត្ថុនូវអ្វីដែលជាកំពង់ផែដ៏សំខាន់របស់ព្រះរាជាណាចក្រនេះគឺ អូរកែវ ត្រូវបានរកឃើញរួមមានវត្ថុបុរាណរ៉ូមដូចគ្នានឹងវត្ថុបុរាណពែរ្ស ឥណ្ឌា និងក្រិកដែរ។ អ្នកជំនួញអាចធ្វើដំណើរបែបនោះបាន ក៏ដោយសារតែមានបច្ចេកទេសខាងនាវាចរណ៍ តាមឯកសារចិនបានឱ្យដឹងថាអ្នកនគរវ្នំអាចធ្វើសំពៅបាន ប្រវែងប្រហែល ៣០ មាត្រ ក្បាលនិងកន្សៃមានរាងជាក្បាលនិងកន្ទុយរបស់សត្វត្រី។[៤៤] អ្នកប្រាជ្ញបុរាណជាតិអាល្លឺម៉ង់ អាល់​ប្រិឆថ៍-ឌីលេ មានជំនឿថាកំពង់ផែដ៏សំខាន់របស់នគរវ្នំបានបង្ហាញខ្លួននៅអូរកែវក៏ជាកត្តិករៈដែរ ដែលបានចាត់ទុកដោយភូមិវិទូសតវត្សទី២នៃអេឡិចសង់ឌ្រីប៉្តូលេមី (Ptolemy) ថាជាផ្សារធំដែលពួកឈ្មួញមកពីអាណាចក្រចិន និងរ៉ូមចួបជុំគ្នាដើម្បីដោះដូរពាណិជ្ជកម្ម។ ទំនិញដែលគេច្រើនលក់គឺមានមាស ប្រាក់ សំពត់ព្រែ គ្រឿងកែវ។ល។ ឯកសារចិនបាននិយាយថាអាណាចក្រវ្នំជាទីកើតមាស ប្រាក់ ទង់ដែង សំណប៉ាហាំង គ្រឿងក្រអូប ភ្លុកដំរី និងពេជ្រ។ ឯកសារនេះបញ្ជាក់ថាពេជ្រនេះគឺគេមុជចូលយកនៅក្នុងសមុទ្ទ ហើយយកដែកដំមិនខូចទេតែខូចដែកវិញ។ អ្នកស្រុកប៉ិនប្រសប់ខាងរបរជាងមាសឬប្រាក់ដូចជាធ្វើចិញ្ចៀន ឬកងដៃមាស ធ្វើគ្រឿងចានក្បានប្រាក់ ហើយអ្នកស្រុកក៏ប៉ិនដែរខាងរបរសូនរូប ត្បាញសូត្រ ចរបាប់ ស្លកែវ។ល។[៤៥] ឌីហ៍ឡេក៏មានជំនឿថាអូរកែវផ្គត់ផ្គង់បរិក្ខារ​ល្អបំផុត ព័ត៌មានលម្អិតនេះត្រូវបានផ្ដល់ដោយប៉្តូលេមី តាមរយៈដំណើរសមុទ្ទមួយដែលធ្វើឡើងដោយឈ្មួញក្រិច-រ៉ូមម្នាក់ឈ្មោះអេឡិចសង់ដឺរទៅកាន់កត្តិករៈ ដែលស្ថិតនៅចុងបូព៌ាបង្អស់នៃច្រកពាណិជ្ជកម្មតាមសមុទ្ទពីចក្រភពរ៉ូមខាងកើត។[៤៦]

ទំនាក់ទំនង

ប្រវត្តិវិទូជាតិបារាំងលោកហ្សក-សឺដេស ភ្លាមៗបានឱ្យសម្មតិកម្មនូវទំនាក់ទំនងមួយ រវាងព្រះរាជានៃនគរវ្នំ និងរាជវង្សសៃលេន្ទ្រនៃឥណ្ឌូនេស៊ី។ លោកសឺដេសមានជំនឿថាគោរម្យងារ ម្ចាស់ភ្នំ ត្រូវបានប្រើ ដោយពួកស្ដេចសៃលេន្ទ្រទំនងជាត្រូវបានប្រើ ដោយស្ដេចនគរវ្នំដែរ ដោយហេតុថាឈ្មោះ វ្នំ គឺជាប់ទាក់ទងនឹងភាសាខ្មែរថា ភ្នំ[៤៧] ពួកអ្នកប្រាជ្ញដទៃទៀតបានច្រានចោលនូវសម្មតិកម្មនេះ ដោយចង្អុលបង្ហាញថាខ្វះភស្តុតាងខាងអក្សរចារឹក នៃកម្ពុជាដើមដំបូងចំពោះការប្រើប្រាស់នៃគោរមងារដូចគ្នានេះ។[៤៨] ពួកអ្នកវ្នំក៏ធ្វើពាណិជ្ជកម្មជាមួយរាជវង្សលាំងចិនភាគខាងត្បូងដែរ។[៣០]

តិចតួចណាស់ដែលគេដឹងអំពីប្រវត្តិនយោបាយរបស់វ្នំ ក្រៅពីទំនាក់ទំនងជាមួយចិន។ លោកសឺដេសយល់ថាទំនាក់ទំនងជាមួយចិនមានលក្ខណៈ ជាពាណិជ្ជកម្មច្រើនជាងនយោបាយ។ កាលណោះប្រទេសចិនស្ថិតនៅក្នុងសម័យនគរបី ពេលនោះនគរអ៊ូចិនមិនអាចធ្វើជំនួញតាមផ្លូវគោកបាន ក៏បានធ្វើជំនួញតាមផ្លូវទឹកជាមួយវ្នំវិញព្រោះតែតម្រូវការវត្ថុប្រណីតៗ។ ដោយហេតុនេះហើយទើបគេជ្រើសរើសយកប្រទេសវ្នំ ដែលស្ថិតនៅចំផ្លូវសមុទ្ទ ដែលមិនអាចជៀសវៀងបានសម្រាប់អ្នកដំណើរសំពៅកាត់តាមច្រកមល្លកា និងអ្នកនិយមដឹកទំនិញតាមបួរដីប្រទេសម៉ាឡេយូ។[៤៩] ការប៉ះទង្គិចគ្នារយៈពេលខ្លីមួយត្រូវបានកត់ត្រាថាកើតឡើង នៅទសវត្សឆ្នាំ២៧០ នៅពេលវ្នំនិងប្រទេសជិតខាង ចាម្ប៉ាបានចូលរួមកម្លាំងគ្នា ដើម្បីវាយប្រហារលើតំបន់មួយនៃតុងកឹង (ដែលនៅក្រោមការគ្រប់គ្រងរបស់ចិននៅពេលនោះ) ស្ថិតនៅអ្វីដែលឥឡូវជាវៀតណាមខាងជើងសព្វថ្ងៃនេះ។ នៅឆ្នាំ៣៥៧ នគរវ្នំបានក្លាយជាសាមន្តរដ្ឋចិន និងបន្តជារៀងរហូតមកដល់ការបែកបាក់ប្រទេសនៅសតវត្សទី៦។ ចំពោះទំនាក់ទំនងជាមួយឥណ្ឌា ឯកសារចិនមួយនៅសតវត្សទី៥ និយាយថាមានមនុស្សឈ្មោះ កៀសៀងលី ជាអ្នកស្រុកតាន់យ៉ាង (នៅខាងលិចឥណ្ឌា) បានធ្វើដំណើរពីឥណ្ឌាមកដល់អាណាចក្រវ្នំ។ ជាអ្នកដែលនិយាយប្រាប់ពីរឿងប្លែកៗពីឥណ្ឌាទៅហ្វានឆាន (ធរនិន្ទ្រវម៌្ម) ប៉ុន្តែដំណើរទៅប្រទេសនោះត្រូវអស់ពេលយូរប្រហែលជា៣ ឬ ៤ ឆ្នាំក៏សឹងតែមាន។ ដោយស្ដេចជាប់ចិត្តនឹងរឿងចម្លែកទាំងនោះហើយ ទើបទ្រង់ឱ្យព្រះញាតិរបស់ព្រះអង្គ ស៊ូវូ ទៅឥណ្ឌា។ រាជទូតខ្មែរបានចុះសំពៅនៅ តូវគីវលី (T’eou-kiu-li) ប្រហែលជាត្រូវនឹងតក្ដោល ត្រង់នេះហើយដែលបង្ហាញថាឥទ្ធិពលវ្នំបានលាតសន្ធឹង ដល់មហាសមុទ្ទឥណ្ឌា។ រាជទូតនគរវ្នំបានទៅដល់ពាមទន្លេគង្គា ហើយធ្វើដំណើរតាមទន្លេទៅចួបស្ដេចមួយអង្គ ដែលលោកឡឺវី (L.Levi) ថាជាស្ដេចក្នុងរាជវង្សមុរុណ្ឌ។ ស្ដេចអង្គនេះបាននាំភ្ញៀវទស្សនាប្រទេសព្រះអង្គ ហើយបានឱ្យឥណ្ឌាម្នាក់ឈ្មោះ ឆេន-សុងនាំត្រឡប់មកវិញនូវសេះ ៤ នៃស្រុកនោះ ដើម្បីទុកជាតង្វាយនៃអធិរាជអាណាចក្រវ្នំ។[៥០]

ចេនឡា (Zhēnlà) គឺជាសាមន្តរដ្ឋមួយរបស់វ្នំនៅទីបំផុតបានលេបយកនគរវ្នំទាំងមូល។ ព្រះរាជាដែលគេបានស្គាល់ចុងក្រោយបង្អស់នៃរាជាណាចក្រវ្នំគឺ រុទ្រវម៌្ម 留陁跋摩 ដែលជាអ្នកគ្រប់គ្រងពីឆ្នាំ៥១៤ រហូតដល់ រង.ឆ្នាំ៥៤៥ នៃគ.ស.។

ប្រជាជនដែលមកពីឆ្នេរនគរវ្នំបានឱ្យដឹងផងដែរថាបានបង្កើតនគរមួយឈ្មោះថា ស្ឈឺកធ្ហូក (នគរដីក្រហម) នៅក្នុងទៀបកោះម៉ាឡេ។ នគរដីក្រហមត្រូវបានគេគិតថាជាប្រទេសជាតិកើតក្លាយពីនគរវ្នំ។

អាណាចក្រវ្នំ៖ សតវត្សទី២-៧

រៀង

ព្រះនាមដើម

ព្រះនាមចិន

រជ្ជកាល

០១

មិនស្គាល់

Liǔyè 柳葉 / Yèliǔ葉柳 (លីវយី/យីលីវ)

សតវត្សទី១/២?

០២

មិនស្គាល់

Hùntián 混塡 / Hùnhuì 混湏] (ហ៊ុនទៀន/ហ៊ុនហួយ)

៦៨-ខាងចុងសតវត្សទី១

០៣

មិនស្គាល់

 

ខាងចុងសតវត្សទី២

០៤

មិនស្គាល់

Hùnpánhuáng 混盤況 (ហ៊ុនផានខ្វាង)

ខាងចុងសតវត្សទី២-ឆ្នាំ៣ គ.ស.

០៥

មិនស្គាល់

Pánpán 盤盤 (ផានផាន)

ដើមសតវត្សទី៣

០៦

ស្រីមារៈ ឬ ស្រីមារវម៌្ម

Fàn Shīmàn 范師蔓 (ផ្វាន់ចេម៉ាន់)

រ.២០៥-២២៥

០៧

មិនស្គាល់

Fàn Jīnshēng 范金生 (ផ្វាន់ជិនស៊ិង ឬ គិនចេង)

រ.២២៥

០៨

ធរនិន្ទ្រវម៌្ម

Fàn Zhān 范旃 (ផ្វាន់ចាន)

រ.២២៥-រ.២៤០ ឬ ក្រោយមកទៀត

០៩

បុត្ររបស់ព្រះបាទស្រីមារៈ អនុជគិនចេង

Fàn Cháng 范長 (ផ្វាន់ឆាង)

បន្ទាប់ពីឆ្នាំ២៤៣

១០

អស្សាជ័យ ឬ អស្សាចេយ្យរាជ ឬ អស្សាចេយ្យ (ទេវវង្សអស្ចារ្យ)

Fàn Xún 范尋 (ផ្វាន់ស៊ីយុន)

២៤៥/៥០-រ.២៨៧

១១

មិនស្គាល់

មិនស្គាល់

ខាងចុងសតវត្សទី៣

១២

ស្រុតវម៌្មទី១ ឬ កៅណ្ឌិន្យវម៌្មទី១(កេតុមាលា ឬ អរត្តពលពាសោ)

ឆានតាណា Zhāntán 旃檀 (ចានថាន)

រ.៣៥៧

១៣

មិនស្គាល់

មិនស្គាល់

ខាងចុងសតវត្សទី៤

១៤

កៅណ្ឌិន្យទី២

Qiáochénrú 僑陳如 (ឈាវឆិនយូ)

មិនដឹង-៤៣៤

១៥

ស្រីឥន្ទ្រវម៌្ម ឬ ស្រេន្ទ្រវម៌្ម

Chílítuóbámó 持梨陀跋摩 (ឈីលីធួប៉ាម៉ូ)

៤៣៤-៤៣៥

១៦

មិនស្គាល់

មិនស្គាល់

មិនស្គាល់

១៧

មិនស្គាល់

មិនស្គាល់

មិនស្គាល់

១៨

កៅណ្ឌិន្យជ័យវម៌្ម ឬ ជ័យវម៌្មកៅណ្ឌិន្យ ឬកៅណ្ឌិន្យវម៌្មទី២

Qiáochénrú Shéyébámó 僑陳如闍耶跋摩 (ឈាវឆិនយូ សេយ៉េប៉ាម៉ូ)

៤៨៤-៥១៤

១៩

រុទ្រវម៌្ម

Liútuóbámó 留陁跋摩 (លាវថួប៉ាម៉ូ)

៥១៤-៥៥០

២០

សវ៌ភៅមៈ

មិនស្គាល់

៥៥០-?

២១

មិនស្គាល់

មិនស្គាល់

រ.៥៥០-៦២៧

ព្រះមហាក្សត្រល្បីៗ

  • ព្រះបាទហ៊ុនទៀន ឬ កៅណ្ឌិន្យទី១ (គ.ស. ៦៨) ៖ ជនជាតិឥណ្ឌា កាន់សាសនាព្រាហ្មណ៍។ ព្រះអង្គបានរៀបចំអភិសេកជាមួយព្រះនាងលីវយី នៅសតវត្សទី១នៃគ.ស.។
  • ព្រះបាទហ៊ុនប៉ាន់ហួន ៖ ព្រះអង្គបានបង្ក្រាបការបះបោរ ហើយតែងតាំងរាជបុត្រ និងចៅព្រះអង្គជាស្ដេចសាមន្តរាជជាច្រើន។
  • ព្រះបាទស្រីមារៈ ៖ ព្រះអង្គបានពង្រីកទឹកដីរហូតដល់ជ្រោយមល្លកា។ ក្នុងរាជ្យព្រះអង្គ នគរវ្នំក្លាយជាចក្រភពមួយ។

ចងចាំ

នគរវ្នំ គឺជាឈ្មោះរបស់រដ្ឋខ្មែរដំបូងដែលមានរាជិនីលីវយីនិងព្រះបាទហ៊ុនទៀនគ្រងរាជ្យ។ ជនជាតិចិនហៅនគរវ្នំថា ហ៊្វូណន។ ក្រោយពីព្រះបាទហ៊ុនទៀនបានច្បាំងឈ្នះព្រះនាងលីវយីនិងអភិសេកជាមហាក្សត្រខ្មែរនៅសតវត្សទី១នៃគ.ស.មក ព្រះអង្គបាននាំវប្បធម៌ អរិយធម៌ឥណ្ឌា មានសិល្បៈ ភាសា អក្សរសាស្ត្រ ជំនឿ សាសនា និងរបបគ្រប់គ្រងរដ្ឋមកនគរវ្នំ៕

ឯកសារពិគ្រោះ

  • សៀវភៅសិក្សាសង្គមថ្នាក់ទី៧ ក្រសួងអប់រំឆ្នាំ១៩៩៧
  1. ត្រឹង ងារ, ប្រវត្តិសាស្ត្រខ្មែរ ទំព័រ ៤៦
  2. ត្រឹង ងារ, ប្រវត្តិសាស្ត្រខ្មែរ ទំព័រ ៤៦
  3. ត្រឹង ងារ, ប្រវត្តិសាស្ត្រខ្មែរ ទំព័រ ៤៦,៤៧
  4. ,០ ,១ http://www.asiatour.com/vietnam/e-01land/ev-lan20.htm
  5. ,០,១ ហា-វ៉ាន់តាន់ “អូរកែវ: ធាតុអន្តោជាតិ និង ពហិជាតិ” វិទ្យាសាស្ត្រសង្គមវៀតណាម ១-២ (៧-៨), ១៩៨៦, ទទ.៩១-១០១។
  6. Lương Ninh, “Funan Kingdom: A Historical Turning Point”, Vietnam Archaeology,147 3/2007: 74-89.
  7. Michael Vickery, Society, Economics, and Politics in pre-Angkor Cambodia: The 7th-8th centuries, pp. 36 ff.
  8. Coedès, The Indianized States of Southeast Asia, pp.36 ff.
  9. Miriam T. Stark, et al., “Results of the 1995–1996 Archaeological Field Investigations at Angkor Borei, Cambodia”, Asian Perspectives,38, no.1, 1999, on University of Hawai’i, pp.7ff.
  10. See Vickery, “Funan Deconstructed”
  11. Pelliot, “Le Fou-nan”, p.303
  12. ត្រឹង ងារ, ប្រវត្តិសាស្ត្រខ្មែរ ទំព័រ ៤៧,៤៨
  13. Pelliot, “Le Fou-nan”, p.303
  14. Vickery, “Funan reviewed”, p. 197
  15. Edwin George Pulleyblank, Lexicon of reconstructed pronunciation in early Middle Chinese, and early mandarin, Vancouver: UBC Press 1991, pp. 135 and 306
  16. Hackmann, Erklärendes Wörterbuch zum chinesischen Buddhismus, p. 80, s. v. Chiao-ch’ên-ju
  17. Pelliot, “Le Fou-nan, pp. 259-260
  18. George Cœdès, “Études Cambodgiennes XXV: Deux inscriptions sanskrites du Fou-nan”, pp. 2-8
  19. Louis Finot,Notes d’Epigraphie XI: Les Inscriptions de Mi-so’n, p.923
  20. Golzio, “Kauṇḍinya in Südostasien“, pp. 157-165
  21. Rudiger Gaudes, Kaundinya, Preah Thong, and the Nagi Soma: Some Aspects of a Cambodian Legend, p. 337
  22. Eveline Poree-Maspero, Nouvelle Etude sur la Nagi Soma, pp. 239 & 246
  23. C Majumdar, Kambuja-Desa or An Ancient Cambodian Colony in Cambodia, pp. 18-19
  24. ត្រឹង ងារ, ប្រវត្តិសាស្ត្រខ្មែរ ទំព័រ ៤៩
  25. ត្រឹង ងារ, ប្រវត្តិសាស្ត្រខ្មែរ ទំព័រ៥០
  26. ត្រឹង ងារ, ប្រវត្តិសាស្ត្រខ្មែរ ទំព័រ៥០,៥១,៥២
  27. ត្រឹង ងារ,ប្រវត្តិសាស្ត្រខ្មែរ ទំព័រ ៥២-៥៥
  28. Michael Vickery,”What to Do about The Khmers”,Journal of Southeast Asian Studies27, 2, 1996. p. 390,
  29. Jump up↑Michael Vickery, “Funan Reviewed: Deconstructing the Ancients”, see p.125.
  30. Jump up to:៣០,០ ៣០,១ ឆាឡិស-ហូលខូមប៍ ពុទ្ធសាសនាពាណិជ្ជកម្ម: ពាណិជ្ជកម្មសមុទ្ទ, អន្តោប្រវេសន្ត៍ និង ការហូរចូលពុទ្ធសាសនានៅជប៉ុនពីដំបូង, ទ. ២៨០
  31. ត្រឹង ងារ, ប្រវត្តិសាស្ត្រខ្មែរ ទំព័រ ៥៨-៥៩
  32. ត្រឹង ងារ, ប្រវត្តិសាស្ត្រខ្មែរ ទំព័រ៥៥-៥៨
  33. Dougald J. W. O’Reilly, Early civilizations of Southeast Asia, 2006, pp.93-94 partially on Google Books
  34. ត្រឹង ងារ, ប្រវត្តិសាស្ត្រខ្មែរ ទំព័រ ៦១
  35. Historical Sites in Burma, Aung Thaw, 1972
  36. Paul Pelliot,Le Fou-nan, pp.248-303
  37. R.Sardesai, Southeast Asia: Past And Present, 3rd ed. 1994, Westview Press, ISBN 978-0813317069, p.23
  38. ត្រឹង ងារ, ប្រវត្តិសាស្ត្រខ្មែរ ទំព័រ ៦០
  39. ត្រឹង ងារ, ប្រវត្តិសាស្ត្រខ្មែរ ទំព័រ ៦១
  40. ៤០,០៤០,១ តោង-ប៉ាវ: សារព័ត៌មានសិក្សាចិនអន្តរជាតិ។១៩៥៨។ ទ. ១៨៥
  41. The Korean Buddhist Canon: A Descriptive Catalog (T 232)
  42. ត្រឹង ងារ, ប្រវត្តិសាស្ត្រខ្មែរ ទំព័រ ៦១-៦២
  43. ត្រឹង ងារ, ប្រវត្តិសាស្ត្រខ្មែរ ទំព័រ ៥៩
  44. ត្រឹង ងារ, ប្រវត្តិសាស្ត្រខ្មែរ ទំព័រ៦០
  45. ត្រឹង ងារ, ប្រវត្តិសាស្ត្រខ្មែរ ទំព័រ៦០
  46. Albrecht Dihle, “Serer und Chinesen”, in Antike und Orient: Gesammelte Aufsätze,Heidelberg, Carl Winter, 1984, S.209.
  47. Cœdès, The Indianized States of Southeast Asia, p.36.
  48. Vickery, “Funan Reviewed,” pp.103, 132-133.
  49. ត្រឹង ងារ, ប្រវត្តិសាស្ត្រខ្មែរ ទំព័រ៥១
  50. ត្រឹង ងារ, ប្រវត្តិសាស្ត្រខ្មែរ ទំព័រ៥១

អក្សរសាស្ត្រ

  • George Cœdès, The Indianized States of Southeast Asia(translated from the French by Susan Brown Cowing). Honolulu: East West Center Press, 1968.
  • George Cœdès, “Études Cambodgiennes XXV: Deux inscriptions sanskrites du Fou-nan”,Bulletin de l’École Française d’Extrême OrientXXXI (1931), pp. 1–
  • Louis Finot, “Notes d’Épigraphie XI: Les Inscriptions de Mi-so’n”, Bulletin de l’École Française d’Extrême OrientIV (1904), pp. 918–
  • Karl-Heinz Golzio, “Kauṇḍinya in Südostasien“, in Martin Straube, Roland Steiner, Jayandra Soni, Michael Hahn and Mitsuyo Demoto (eds.) Pāsādikadāna. Festschrift für Bhikkhu Pāsādika”, Marburg: Indica et Tibetica Verlag 2009, pp. 157
  • Heinrich Hackmann, Erklärendes Wörterbuch zum chinesischen Buddhismus. Chinesisch-Sanskrit-deutsch. Von Heinrich Hackmann. Nach seinem handschriftlichen Nachlass überrbeitet von Johannes Nobel, Leiden: E. J. Brill 1952
  • Claude Jacques, “’Funan’, ‘Zhenla’. The reality concealed by these Chinese views of Indochina”, in R. B. Smith and W. Watson (eds.), Early South East Asia: Essays in Archaeology, History, and Historical Geography,New York, Oxford University Press, 1979, pp. 371–
  • James C.M. Khoo (editor), Art & archaeology of Fu Nan: pre-Khmer Kingdom of the lower Mekong valley,Bangkok, The Southeast Asian Ceramic Society, Orchid press, 2003.
  • Lương Ninh, Vương quó̂c Phù Nam: lch s và văn hóa[Fu Nan: history and culture], Hà NộI, Việ̣̂n văn hóa và Nhà xuá̂t bản Văn hóa thông tin, 2005.
  • Lương Ninh, «Nước Chi Tôn», một quőc gia cở ở miển tây sông Hậu, (“Chi Tôn”, an ancient state in the western bank of the Hậu river), Kho c hc,ső 1, 1981, tr.38.
  • Pierre-Yves Manguin, “The archaeology of Fu Nan in the Mekong River Delta: the Oc Eo culture of Viet Nam ”, in Nancy Tingley and Andreas Reinecke, Arts of ancient Viet Nam: from River Plain to Open Sea,Houston, Museum of Fine Arts, 2009, pp. 100–
  • Paul Pelliot, “Le Fou-nan.” Bulletin de l’École Française d’Extrême OrientIII (1903), pp. 248–
  • Michael Vickery, Society, Economics, and Politics in pre-Angkor Cambodia: The 7th-8th centuries. Tokyo: The Center for East Asian Cultural Studies for Unesco, The Toyo Bunko, 1998.
  • Michael Vickery, “Funan reviewed: Deconstructing the Ancients.” Bulletin de l’École Française d’Extrême OrientXC-XCI (2003–2004), pp. 101–

ប្រភព ៖ km.wikipedia.org

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments