កម្ពុជាសម័យអាណាចក្រចេនឡា

ប្រវត្តិសាស្រ្ត​​​ខ្មែរ​​​
អាណាចក្រចេនឡា
ចេនឡា
៥៥០–៨០២
ធានី
  • ភវបុរៈ
  • ឦសានបុរៈ
ភាសា ខ្មែរបុរាណ
សាសនា ព្រហ្មញ្ញសាសនា ពុទ្ធសាសនា
រដ្ឋាភិបាល រាជាធិបតេយ្យផ្ដាច់ការ
សម័យកាលប្រវត្តិសាស្ត្រ មជ្ឈិមសម័យ
 – សាមន្តរដ្ឋនគរវ្នំ ៥៥០
 – បន្តទៅឱ្យអាណាចក្រខ្មែរ ៨០២
សព្វថ្ងៃ ប៉ែកនៃ  កម្ពុជា
 លាវ
 ថៃ
 វៀតណាម

 

ចេនឡា ឬ កម្វុជ (កាំវុជៈ) (ចិនធម្មតា ៖ 真腊; ចិនប្រពៃណី ៖ 真臘; ភិងអ៊ិង ៖ Zhēnlà; វ៉េដ–ហ្គែយល្ស៍ ៖ Chēn-là; យួន ៖ Chân Lp) ជាឈ្មោះចិនហៅកម្ពុជាបន្ទាប់ពីការធ្លាក់ចុះនៃនគរវ្នំ (扶南) ដែលគេស្គាល់ថាចឹងឡាបជាភាសាយួន (ដែលមាននៅក្នុងការបញ្ចេញសំឡេងចិន-យួន)។ ឈ្មោះនេះនៅតែឃើញប្រើនៅក្នុងសតវត្សទី១៣ ដោយបេសកជនចិន ជីវ តាក្វាន់ (周達觀) អ្នកនិពន្ធ ចឹនឡាផ្វុងធ្ហូជី  (លក្ខណៈនិងទំនៀមទម្លាប់នៃកម្ពុជា) (真蠟風土記)។ ពួកអ្នកប្រាជ្ញមួយចំនួនសម័យទំនើប បានប្រើឈ្មោះនេះសំដៅតែរដ្ឋខ្មែរនៅសម័យនោះចាប់ពីចុងសតវត្សទី៦ដល់ដើមសតវត្សទី៩តែប៉ុណ្ណោះ។ ចេនឡា គឺជាឈ្មោះអាណាចក្រមួយដែលកើតឡើង ក្រោយពីអាណាចក្រវ្នំបានដួលរលំ។ ក្រោយមកចេនឡា ក៏ត្រូវបានបែងចែកទៅជាពីរ គឺចេនឡាខាងជើងជា ចេនឡាដីគោក និងចេនឡាខាងត្បូងជា ចេនឡាទឹកលិច។

កាលពីដើម គួរហៅថា ពួកមេកន្ទ្រាញដងរែក [១] ដែលដែនមេកន្ទ្រាញតូចៗ ភាគខាងជើងនិងខាងត្បូងនៃជួរភ្នំដងរែក គេមិនសូវស្គាល់ទេ។ ពួកព្រះអង្គម្ចាស់ដែលគេស្គាល់លើកទីមួយត្រូវបានវែកញែក នៅក្នុងសិលាចារឹកដើមដំបូងខ្លះដែរ។ សិលាចារឹកសំស្ក្រឹត (ដែលមិនបានចុះកាលបរិច្ឆេទ) នៅវាលកន្ទេល ខេត្តស្ទឹងត្រែង (K.៣៥៩)[២] មានឈ្មោះក្សត្រមួយអង្គព្រះនាមវីរវម៌្មជាបិតានៃព្រះនាងមួយអង្គ ព្រះនាមព្រះនាងមិនត្រូវបានវែកញែកទេ ដែលបានរៀបអភិសេកជាមួយនឹងព្រាហ្មណ៍ម្នាក់នាម សោមស៌ម័ន (Somaśarman) និង ជាព្រះភគិនីនៃព្រះបាទភវវម៌្មបង្កើត។ តាមរយៈសិលាចារឹកមួយមកពីចន្ទនគរ (Čăn Năk’ôn) នៅបាសាក់/លាវ (K.៣៦៣) [៣] ព្រះបាទវីរវម៌្មក៏ជាបិតាព្រះអង្គម្ចាស់ចិត្រសេនាដែរ ដែលត្រូវជាព្រះអនុជនៃព្រះបាទភវវម៌្ម។ មែនហើយព្រះអង្គម្ចាស់ទាំងពីរអង្គមានព្រះមាតាតែមួយ តែបិតាផ្សេងគ្នា ដែលត្រូវបានបញ្ជាក់អះអាងដោយសិលាចារឹកស្រីទេព K.៩៧៨ (ប្រទេសថៃសម័យបច្ចុប្បន្ន ៖ ១៥° ២៧’ ជ, ១០១° ៤’ ក)[៤] ដែលផ្ដល់ព័ត៌មានថាព្រះបាទភវវម៌្មជាបុត្រនៃព្រះប្រធិវីន្ទ្រវម៌្ម (វីរវម៌្ម) (Prathivīndravarman) និងជាព្រះនត្តានៃព្រះចក្រវរ្តិន (រុទ្រវម៌្ម) (Cakravartin) រីឯសិលាចារឹកមួយទៀតមកពីបាកមូល (ปากมูล) នៅឧប្បល/ប្រទេសថៃ (K.៤៩៦) [៥] បានឱ្យដឹងថាព្រះនាមនៃព្រះបិតាព្រះបាទវីរវម៌្មមានព្រះនាមថាសាវ៌ភៅមៈ (Sārvabhauma)។ សិលាចារឹកទាំងប៉ុន្មាននេះបានបញ្ជាក់ថាទឹកដីដ៏ធំមួយកាលណោះ បានគ្រប់គ្រងដោយបណ្ដាស្ដេចអស់ទាំងនេះ។ ដោយបានកត់ត្រានៅក្នុងសិលាចារឹក K.១៥១ ពីរបងរមាស (Robaṅ Romãs) នៅឦសានបុរៈ (រមណីយដ្ឋានបុរាណវត្ថុសម្បូណ៌ព្រៃគុក​) បញ្ជាក់ថា នរសិម្ហគុប្តៈ (Narasiṃhagupta) គឺជាបរិវារ (សមានតនប៌ៈ ឬ sam­ān­tanpa) នៃស្ដេចស្នងរាជ្យបន្តពីព្រះបាទភវវម៌្មទី១ ព្រះបាទមហេន្ទ្រវម៌្ម (ព្រះនាមសម្រាប់រាជ្យនៃព្រះអង្គម្ចាស់ចិត្រសេនា) និងព្រះបាទឦសានវម៌្មបានកសាងនៅ ថ្ងៃ១៣ មេសា ឆ្នាំ៥៩៨  អំឡុងរជ្ជកាលព្រះបាទភវវម៌្មនូវរូបបដិមាតំណាងឱ្យកល្បវាសុទេវៈ (Kalpavāsudeva) (ព្រះវិស្ណុ)។[៦] មានការស្របគ្នាជាច្រើន ជាមួយនឹងអត្ថបទចិនបុរាណដ៏ចាស់បំផុតដែលបានវែកញែកអំពីចេនឡា ស៊្ហ្រុយឝ៊ូក 隋書 (កំណត់ត្រាប្រវត្តិសាស្ត្ររាជវង្សសួយ) បានចងក្រងដោយ អួយ-ចឹង 魏徵 (៥៨០-៦៤៣) នៅឆ្នាំ៦៣៦ គ.ស. ដែលក្នុងនោះផ្ដល់ព័ត៌មានថាចំណាប់ផ្ដើមនៃសតវត្សទី៧ ចេនឡាត្រូវបានគ្រប់គ្រងដោយ ជឺទួស៊ឺណា (ចិត្រសេនា) (質多斯那) និង អ៊ីស្ឈ័រណាសៀនតែយ (ឦសានវម៌្ម) (伊奢那先代)។ រាជធានីចុងក្រោយគឺឦសានបុរៈ[៧] កាលពីរជ្ជកាលព្រះបាទភវវម៌្មទី១ រាជធានីស្ថិតនៅភវបុរៈ ជាកន្លែងមួយទំនងជាតាំងនៅក្នុងបរិវេណ ទីរួមស្រុកធារាបរិវត្តន៍ (ថាឡាបរិវ៉ាត់) នាសម័យនេះ (១៣°៣៣’ ជ, ១០៥°៥៧’ ក)។[៨]

បញ្ហាឈ្មោះចេនឡា

ចំពោះឈ្មោះចេនឡានេះអ្នកសិក្សាស្រាវជ្រាវបានបញ្ចេញទស្សនៈផ្សេងៗដូចតទៅ ៖

១- សម្មតិកម្មលោកផូល-ផេលាត (Paul Pelliot) លោកយល់ថាពាក្យចេនឡានេះមកពីពាក្យ ចិននិង រាប ចិន+រាប > ចិនឡា គេបានពន្យល់ថារដ្ឋនេះធ្លាប់មានជម្លោះនឹងចិន ហើយទទួលជោគជ័យក៏បានឱ្យឈ្មោះទីនោះថាចិនរាប ដល់ពេលចិនថាត្រាប់តាមបានក្លាយជាចេនឡាទៅ។

២- ទស្សនៈលោក កេង-វ៉ាន់សាក់ លោកយល់ថាក្លាយមកពីពាក្យ ថា ចិន និង លា ដូច្នេះគេបាន ចិន + លា > ចិនឡា លោកបានពន្យល់ថាចិនមិនអាចត្រួតត្រាកន្លែងនោះបានក៏ដកថយទៅវិញឬ លា ទើបមានឈ្មោះថា ចិនលាៗ ដូច្នេះ  ។

៣- ទស្សនៈលោក លី-ធាមតេង យោងទៅកំណត់ហេតុរបស់ ជីវ-តាក្វាន់ ចេនឡាគឺពួកចិនបានដាក់ឈ្មោះឱ្យប្រទេសមួយដែលមានព្រៃក្រាស់ ដែលស្ថិតនៅភាគខាងលើវ្នំ ដោយសារតែស្រុកនោះមានក្រមួនជាច្រើន ទើបឈ្មួញចិនឧស្សាហ៍ទៅទិញក្រមួននៅទីនោះទើបមានឈ្មោះថាចេនឡា គឺថា ចេន ឬ ចេង ប្រែថា សុទ្ធ ឯ ឡា ឬ ឡាក់ ប្រែថា ក្រមួន ឬ ឃ្មុំ ឬ ទៀន (ភាសាចិនគេដាក់គុណនាមមុននាម) មានន័យថាស្រុកក្រមួនសុទ្ធ

៤- ទស្សនៈលោកឆត្រាប្រេមឬឌី លោកថាប្រទេសខ្មែរកាលពីសម័យបុរាណផ្នែកខាងលើហៅថា ជាន់លើ ឯផ្នែកខាងក្រោមហៅថា ក្រោមពូជ ។ (ទំនង) ពាក្យជាន់លើចិនហៅមិនច្បាស់ក៏ក្លាយជាចេនឡា ជាន់លើ > ចេនឡា ។

៥- ទស្សនៈលោក ពៅ-ឈិន តាមសៀវភៅអរិយធម៌ខ្មែរ-មនទំព័រ៣២-៣៣ លោកសរសេរថា “.ហើយពុំទាន់មានស្ដេចទេ គឺមានកុលសម្ពន្ធពីរគឺ មន១និងខម១ ប៉ុណ្ណោះឯង។ ថាកុលសម្ពន្ធមននៅតាមដងទន្លេមេណាមស្រុកសៀមរហូតដល់ភាគខាងត្បូងភូមា ឯកុលសម្ពន្ធខមនៅចាប់ពីស្រុកបាភ្នំ-លវបុរី-ស្រីអយុធ្យា និងនៅលើដីកោះគោកធ្លកតាមជួរភ្នំដងរែករហូតទៅដល់ស្រុកចិន ទើបបានជាមានពាក្យថាចិនឡា ។ មួយទៀតថា ដោយហេតុតែដីកោះទាំងនោះមានមាសច្រើន ទើបបានជាមានពាក្យថា សុវណ្ណភូមិនោះឯង

៦- ទស្សនៈលោក អ៊ែម-ហ្គុឝ យល់ថាចេនឡាមកពីពាក្យថា ចន្ទ្របូរា (Chantrapura) គាត់ថាប្រហែលពាក្យនេះជាសព្វនាមផ្សេងទៀតរបស់ក្រុងវៀងចន្ទ (Vientiane)។ លោកពន្យល់ថាមាននាមសព្ទជាច្រើន បានដាក់ឈ្មោះឱ្យរដ្ឋប៉ែកខាងជើងជាភាសាសំស្ក្រឹត បូរា (Pura) ដូចជា ឥស្សនាបូរា (Icanapura = សម្បូណ៍ព្រៃគុក = Sambor Prey Kup) គិម៉ាបូរា (Bhimapura = ភិម៉ៃ = Phimai)  ។ ទម្រាំមានអំណះអំណាងមកប្ដូរវិញ។[៩]

ទីតាំងភូមិសាស្ត្រ

ចេនឡា ជាសាមន្តរដ្ឋមួយរបស់អាណាចក្រវ្នំ ស្ថិតនៅទីវាលទំនាបភាគកណ្ដាលទន្លេមេគង្គក្នុងតំបន់បាសាក់ប្រទេសលាវសព្វថ្ងៃ។ រាជធានីឈ្មោះ ភវបុរៈ ក្សត្រដែលគ្រងរាជ្យនៅចេនឡា ជាខ្សែសូរ្យវង្ស។ ចាប់ពីសតវត្សទី៣មក អាណាចក្រវ្នំបានចងសម្ពន្ធមិត្តនឹងប្រទេសចម្ប៉ា។ ប៉ុន្តែមកដល់សតវត្សទី៥ ចក្រភពនេះបានបដិសេធចោលសម្ពន្ធភាព ហើយឈប់ជួយចម្ប៉ាក្នុងការច្បាំងនឹងប្រទេសចិន។ ព្រឹត្តិការណ៍នេះកើតមានឡើង បន្ទាប់ពីមានទំនាក់ទំនងពាណិជ្ជកម្មនាំទៅប្រទេសចិននូវគ្រឿងអលង្ការ សូធ្យ ភ្លុក ចាន …។

ប្រវត្តិសាស្ត្រ

គឺព្រះបាទឦសានវម៌្មនេះហើយ ដែលជាអ្នករៀបចំដើម្បីលេបយកទឹកដីវ្នំបុរាណដែលនាំឱ្យ ឝ៊ិនថាងស្ឈូក (ពង្សាវតាររាជវង្សថាងថ្មី) (新唐書) ចងក្រងដោយ ឪយ៉ាង-សៀវ 歐陽修 (១០០៧-១០៧២) និង ស៊ង-ឈ៊្ហីក 宋祁 (៩៩៨-១០៦១) នៅឆ្នាំ១០៦០ នៃ គ.ស. បញ្ជាក់ពីការសញ្ជ័យប្រកបដោយប្រសិទ្ធភាពលើប្រទេសនេះឱ្យទៅជាប្រទេសរបស់ទ្រង់។ កាលបរិច្ឆេទដែលគេដឹងដំបូងបង្អស់នៃរជ្ជកាលព្រះបាទឦសានវម៌្ម ជាកាលបរិច្ឆេទមិនយូរប៉ុន្មានទេ បន្ទាប់ពីការឡើងកាន់អំណាចរបស់ព្រះអង្គ និយាយថារាជទូតលើកទីមួយរបស់ព្រះអង្គទៅកាន់ប្រទេសចិនទៅដល់ក្នុងរាជសវនការសួយនៅឆ្នាំ៦១៦-៦១៧។ ស្ដេចអង្គនេះក៏ត្រូវបានគេដឹងតាមរយៈសិលាចារឹកផ្ទាល់របស់ព្រះអង្គ មួយបានចារឹកនៅឦសានបុរៈ ចុះកាលបរិច្ឆេទ ថ្ងៃទី១៣ កញ្ញា ឆ្នាំ៦២៧ នៃ គ.ស. (K.៦០៤)[១០]  មួយទៀតនៅខៅណយ (ប្រទេសថៃ) ចុះកាលបរិច្ឆេទថ្ងៃ៧ ឧសភា ឆ្នាំ៦៣៧ (K.៥០៦)។[១១] បន្ទាប់ពីព្រះបាទឦសានវម៌្ម បានបញ្ចប់រជ្ជកាលនៅប្រហែលឆ្នាំ៦៣៧ សិលាចារឹកខ្លះបានប្រាប់យើងអំពីស្ដេចមួយអង្គទៀត ព្រះនាមភវវម៌្មទី២។ សិលាចារឹកចុះកាលបរិច្ឆេទមានតែប៉ុណ្ណេះឯង ដែលយើងមានស្ដីអំពីព្រះអង្គ គឺនៅតាកែវ (K.៧៩) ចុះកាលបរិច្ឆេទ ថ្ងៃ៥ មករា ឆ្នាំ៦៤៤ [១២] និងនៅពញាហូរ (Poñā Hòr) ខាងត្បូងតាកែវ (K.២១)[១៣] បានចុះកាលបរិច្ឆេទ ថ្ងៃពុធ ទី២៥ មីនា ឆ្នាំ៦៥៥។ ក្រោយបន្តមកទៀតទំនងជាមានស្ដេចមួយអង្គប្រាកដខ្លួនឡើងព្រះនាមចន្ទ្រវម៌្ម (Candravarman) ដែលគេបានស្គាល់ពីសិលាចារឹកគ្មានកាលបរិច្ឆេទ K.១១៤២ [១៤] ដោយមិនស្គាល់ដើមកំណើត ដែលជាស្ដេចមកពីរាជវង្សនៃព្រះបាទឦសានវម៌្ម។ ព្រះរាជបុត្រារបស់ព្រះបាទចន្ទ្រវម៌្មគឺជាស្ដេចដ៏ល្បីល្បាញបំផុត ព្រះនាមជ័យវម៌្មទី១ដែលសិលាចារឹកដំបូងៗបង្អស់របស់ទ្រង់យកមកពីទួលកោះព្រះ (Tûol Kôk Práḥ) ខេត្តព្រៃវែង (K.៤៩៣) [១៥] និងពីបាសិត(Bàsêt) ខេត្តបាត់ដំបង (K.៤៤៧)[១៦] សិលាចារឹកទាំងពីរនេះបានចុះកាលបរិច្ឆេទនៅ ថ្ងៃ១៤ មិថុនា ឆ្នាំ៦៥៧។ សិលាចារឹក១៩ ឬ ២០ផ្ទាំងភាគខ្លះចុះកាលបរិច្ឆេទពីរជ្ជកាលរបស់ទ្រង់ ត្រូវបានគេរកឃើញនៅតំបន់មួយដែលលាតសន្ធឹងពីវត្តភូ នៅភាគខាងជើងទៅ ឈូងសមុទ្ទសៀមនៅភាគខាងត្បូង។ តាមរយៈ ឝ៊ិនថាងស្ឈូក អាណាចក្រចេនឡាបានសញ្ជ័យបានក្សត្របុរីផ្សេងៗ នៅប្រទេសកម្ពុជាទិសពាយព្យ បន្ទាប់ពីចុងនៃសម័យរជ្ជកាលរបស់ចិន យុងហួយ 永徽 (ឧ.បន្ទាប់ពី ថ្ងៃទី៣១ មករា ឆ្នាំ៦៥៦) ដែលនៅមុនពេល (នៅឆ្នាំ៦៣៨/៣៩) នាំសួយសារអាករទៅប្រទេសចិន។ [១៧] រជ្ជកាលរបស់ព្រះបាទជ័យវម៌្មទី១បានបន្តប្រហែលជា ៣០ ឆ្នាំនិងទំនងបានបញ្ចប់បន្ទាប់ពីឆ្នាំ៦៩០ មក។ វាហាក់បីដូចជាបន្ទាប់ពីការសោយទិវង្គតនៃព្រះបាទជ័យវម៌្មទី១ (សិលាចារឹកដែលបានដឹងពីព្រះអង្គចុងក្រោយ K.៥៦១ [១៨] ត្រូវបានចុះកាលបរិច្ឆេទ ៦៨១/៨២ ភាពវឹកវរបានកើតឡើងលើអាណាចក្រនេះនិងនៅពេលចាប់ផ្ដើមនៃសតវត្សទី៨ អាណាចក្រនេះត្រូវបានបែកបាក់ទៅជាក្សត្របុរីជាច្រើន។ តំបន់អង្គរត្រូវបានគ្រប់គ្រងដោយបុត្រីរបស់ព្រះអង្គ ព្រះមហាក្សត្រីជយទេវី ទ្រង់បានត្អូញត្អែរនៅក្នុងសិលាចារឹកបារាយណ៍ខាងលិចរបស់ព្រះនាង K.៩០៤[១៩] បានចុះកាលបរិច្ឆេទនៅ ថ្ងៃពុធ ទី៥ មេសា ឆ្នាំ៧១៣ ថាប្រទេសស្ថិតនៅក្នុង កាលៈទេសៈដ៏អាក្រក់ ។ ពង្សាវតារថាងប្រាប់យើងថាបន្ទាប់ពីចុងសម័យរជ្ជកាលឝិនឡុង 神龍 (ឧ.បន្ទាប់ពី ខែ កុម្ភៈ ឆ្នាំ៧០៧ សតវត្សទី៦) ចេនឡាបានបែកជាពីររាជាអាណាចក្រ លូចឹនឡា 陸真蠟 (“ចេនឡាគោក” ក៏ហៅថាវឹនតាន់ 文單 ឬ ភឡូវ 婆鏤 ផងដែរ) ដែលសម្បូរដោយភ្នំនិងជ្រលងភ្នំ បើតាមការស្រាវជ្រាវមានវិសាលភាពលាតសន្ធឹង ចាប់ពីលាវកណ្ដាលរហូតដល់ភាគខាងត្បូងសព្វថ្ងៃនេះ និង សួយចេនឡា 水真蠟 (“ចេនឡាទឹក”) ដែលជាតំបន់សម្បូរដោយបឹងបួរនឹងសមុទ្ទហ៊ុមពទ្ធជុំវិញគ្របដណ្ដប់លើតំបន់អាងទឹកទន្លេមេគង្គចាប់ពីល្បាក់ទឹកខោនរហូតដល់សមុទ្ទ។[២០][២១] ប្រទេសបានត្រឡប់ទៅជារដ្ឋ​អនាធិបតេយ្យ ដែលធ្លាប់មានកាលពីសម័យមុន មុនពេលប្រទេសនេះត្រូវបានបង្រួបបង្រួមក្រោមក្រុមស្ដេចវ្នំ និងស្ដេចដំបូងនៃចេនឡា។ មូលហេតុនៃការបែកបាក់នេះគឺដោយសារខ្វះរាជបុត្រាស្នងរាជ្យ និងកម្សោយអំណាចកណ្ដាលដែលត្រូវបានគ្រប់គ្រង ក្នុងដៃព្រះនាងជយទេវីដែលជាស្ត្រី ទើបបណ្ដាលឱ្យចេនឡាបែកជាពីរដូច្នេះ។[២២]

ព្រះមហាក្សត្រមួយចំនួនដូចជាព្រះបាទស្រុតវម៌្មនិងព្រះបាទស្រេស្ឋវម៌្ម ឬព្រះបាទបុស្ករាក្ស ត្រូវបានបញ្ជាក់ជាច្រើនតមកទៀតតែក្នុងសិលាចារឹកអង្គរប៉ុណ្ណោះ ប្រវត្តិភាពរបស់ពួកទ្រង់គឺពោរពេញដោយមន្ទិល រឿងរ៉ាវទាំងអស់ដែលយើងបានដឹងអំពីចេនឡាដីគោក គឺដោយសារតែចេនឡាដីគោកបានបញ្ជូនរាជទូតទៅប្រទេសចិនក្នុងឆ្នាំ៧១៧។ គណៈរាជទូតមួយផ្សេងទៀតដែលទៅធ្វើទស្សនកិច្ចនៅចិនឆ្នាំ៧៥០ ទំនងជាមកពីចេនឡាទឹកលិច។ តាមរយៈកំណត់ត្រាប្រវត្តិសាស្ត្រចិនបុត្រានៃស្ដេចវឹនតាន់ (ចេនឡាដីគោក) បានទៅទស្សនកិច្ចចិនក្នុងឆ្នាំ៧៥៣ និងចូលរួមក្នុងជួរកងទ័ពចិនអំឡុងយុទ្ធនាការសឹកប្រឆាំងនឹងនគរណានចោវ 南詔 ក្នុងឆ្នាំបន្ទាប់។[២៣] បន្ទាប់ពីគណៈទូតវឹនតាន់នៅឆ្នាំ៧៧១ រជ្ជទាយាទ ភមី 婆彌 បានមកដល់ក្នុងសវនការអធិរាជ ហើយនៅថ្ងៃទី១៣ ធ្នូ ឆ្នាំ៧៧១ ទ្រង់ក៏បានទទួលងារថា ខាយភ្វូកអ៊ីថុងសាន់ស៊្ហ្រឺក 開府儀同三司 (អ្នកសម្ពោធព្រះរាជវាំង ដែលសព្វព្រះទ័យនឹងព្រះកិត្តិយសស្មើនឹងពួកមន្ត្រីថ្នាក់ខ្ពស់ៗទាំងបី)។ នៅឆ្នាំ៧៩៩ បេសកជនម្នាក់មកពីវឹនតាន់មានឈ្មោះថា លីថ្រវ់ឈ្ហ្រីក 李頭及 ក៏បានទទួលគោរមងារចិនមួយដែរ។ ខណៈពេលនោះក្សត្រនៃសម្ភុបុរៈត្រូវបានចារដោយសិលាចារឹក K.១២៤ ចុះកាលបរិច្ឆេទ ៨០៣/០៤ [២៤]ថាមានស្ដេចមួយអង្គ ព្រះបាទឥន្ទ្រលោក ហើយព្រះមហាក្សត្រីស្នងរាជ្យបន្តបន្ទាប់បីអង្គទៀតគឺ នឫបតេន្ទ្រទេវី (Nṛpatendradevī) ជយេន្ទ្រភា (Jayen­dra­bhā) និងជ្យេស្ថាយ៌ា (Jyeṣṭhāryā)។ សិលាចារឹកពីរបញ្ជាក់ថាមានក្សត្រមួយអង្គព្រះនាមថាជ័យវម៌្ម ៖ សិលាចារឹកទី១ K.១០៣ មកពីព្រះធាតុព្រះស្រីភាគខាងត្បូងកំពង់ចាម ចុះកាលបរិច្ឆេទ ២០ មេសា ឆ្នាំ៧៧០[២៥] សិលាចារឹកទីពីរ មកពី ល្បុកស្រុត នៅបរិវេណក្រចេះក្បែរសម្ភុបុរៈ (K.១៣៤) ចុះកាលបរិច្ឆេទ ៧៨១ )។[២៦] លោកសឺដេសបានហៅទ្រង់ថាព្រះបាទជ័យវម៌្មទី១(ស្ទួន) ប៉ុន្តែទំនងជាព្រះអង្គមិនប្លែកគ្នាជាមួយនឹងព្រះបាទជ័យវម៌្មទី២ បិតាស្ថាបនិកអាណាចក្រអង្គរទេ តាមលោក វីខខឺរី បានគូសបង្ហាញ ៖ព្រះបាទជ័យវម៌្មទី២មិនមែនត្រឹមតែមកពីភាគខាងត្បូងប៉ុណ្ណឹងនោះទេ ច្រើនជាងអ្វីដែលយើងបានដឹងពីព្រះរាជាអង្គនេះទៅទៀត ទ្រង់មានខ្សែស្រឡាយជិតស្និទជាពិសេសជាមួយរាជវង្សនៅវ្យាធបុរៈ។ ត្រង់នេះត្រូវបានកត់ត្រាក្នុងសិលាចារឹកបុរេអង្គរតែមួយគត់ប៉ុណ្ណោះ K.១០៩/៦៥៥ [ពិតប្រាកដ ៖ ទី១០ កុម្ភៈ ឆ្នាំ៦៥៦] ក៏ប៉ុន្តែនៅក្នុងអត្ថបទសម័យអង្គរទាំង១៦ បានចុះកាលបរិច្ឆេទចុងក្រោយឆ្នាំ១០៦៩ [K.៤៤៩ មកពីបាហាល់ (Pàlhàl) បានចុះកាលបរិច្ឆេទថ្ងៃអាទិត្យ ទី៣ មីនា ឆ្នាំ១០៦៩] ពីរក្នុងចំណោមអត្ថបទនោះ K.៤២៥/៩៦៨ និង K.៤៤៩/១០៦៩ គឺជាការកត់ត្រាជាក់លាក់អំពីព្រះបាទជ័យវម៌្មទី២ ដែលបានដឹកនាំប្រជារាស្ត្រពីវ្យាធបុរៈទៅតាំងលំនៅនៅបាត់ដំបងវិញ[២៧]

ចម្បាំងចេនឡានិងអាណាចក្រវ្នំ

យើងគួរដឹងថាមុនកាលចូលវាយលុករបស់ចេនឡាស្ដេចរុទ្រវម៌្ម បានបញ្ជូនទូតទៅប្រទេសចិនចុងក្រោយបង្អស់នៅឆ្នាំ៥៣៩។ តាមឯកសារចិននៅពាក់កណ្ដាលសតវត្សទី៧ អាណាចក្រវ្នំបានបញ្ជូនទូតទៅចិននៅឡើយ ហើយអាណាចក្រវ្នំបានរើរាជធានីពីតូមូទៅភាគខាងត្បូង ព្រោះរាជធានីត្រូវបានបំផ្លិចបំផ្លាញ។ អាណាចក្រចេនឡាស្ថិតនៅទិសនិរតីនៃប្រទេសលីនយី ជាសាមន្តរដ្ឋនៃអាណាចក្រវ្នំ ហើយមជ្ឈមណ្ឌលរបស់វាបានតាំងនៅតំបន់បាសាក់ក្នុងប្រទេសលាវសព្វថ្ងៃនេះ។ នៅជិតរាជធានីមានភ្នំមួយឈ្មោះថាលិង្គបវ៌ត (លិងកៀប៉ូផូ) ដែលនៅលើកំពូលភ្នំមានប្រាសាទមួយមានទាហានយាម ១០០០ នាក់ជាប្រចាំ ហើយឧទ្ទិសថ្វាយព្រះឥសូរ (ផូតូលី) គេតែងតែយកមនុស្សមកបូជា។ រៀងរាល់ឆ្នាំព្រះរាជាតែងប្រារព្ធពិធីបូជាយញ្ញនៅទីនោះនៅពេលយប់។ បើតាមសិលាចារឹកបក្សីចាំក្រុងស្ដេចចេនឡាមានដើមកំណើតពី ឥសីកម្ពុស្វយម្ភុវនិងនាងទេពអប្សរមេរា ដែលព្រះឥសូរប្រទានឱ្យធ្វើព្រះមហេសី។ ស្ដេចដំបូងមានស្រុតវម៌្ម ឯរាជបុត្រព្រះនាមស្រេស្ឋវម៌្ម ហើយបានកសាងក្រុងស្រេស្ឋបុរៈដែលប្រហែលជានៅតំបន់​បាសាក់។ ប្រហែលជាស្ដេចទាំងនេះហើយ ដែលជួយរំដោះអ្នកស្រុកឱ្យផុតពីច្រវាក់សួយសាអាករដោយខំរើ​បម្រះ​ខ្លួនពីការគ្រប់គ្រងអាណាចក្រវ្នំ។ នៅពាក់កណ្ដាលទី២នៃសតវត្សទី​៦ ចេនឡាកាន់តែមានអានុភាពកាន់តែខ្លាំង បានវាយលុកនឹងអាណាចក្រវ្នំ។ កាលណោះព្រះបាទភវម៌្មទី១ជាបុត្រព្រះវីរវម៌្មត្រូវជាព្រះនត្តា នៃព្រះបាទរុទ្រវម៌្មទ្រង់បានរៀបអភិសេកជាមួយក្សត្រីកម្ពុជរាជលក្ស្មីត្រូវជាព្រះញាតិខាងមាតាព្រះបាទស្រេស្ឋវម៌្ម។ ដោយហេតុនេះហើយបានជាស្លោកទី១១ នៃសិលាចារឹកបក្សីចាំក្រុងបានបញ្ជាក់ថា កូនចៅឥសីកម្ពុ បានភ្ជាប់សូរ្យវង្ស (ខាងចេនឡា) ទៅនឹង សោមវង្ស (ខាងអាណាចក្រវ្នំ)។ បុព្វហេតុនៃចម្បាំងនេះមានសម្មតិកម្មជាច្រើនដូចតទៅ ៖ អ្នកខ្លះយល់ថាព្រះបាទភវវម៌្មលើកទ័ពមកតទល់ នឹងការដណ្ដើមរាជ្យបល្លង្ករបស់គុណវម៌្ម។ មូលហេតុមួយទៀតគេថាមក ពីទំនាស់សាសនាគឺថារុទ្រវម៌្មកាន់សាសនាព្រះពុទ្ធ រីឯភវវម៌្មកាន់សាសនាព្រះឥសូរ។ បើតាមយីស៊ីងពុទ្ធបរិស័ទចិនបានសរសេរថានៅចុងសតវត្សទី៧ ៖ ពីដើមនៅវ្នំព្រះធម៌បានចម្រើនលូតលាស់ហើយផ្សព្វផ្សាយទៅគ្រប់ទិសទីតែឥឡូវនេះមានព្រះរាជាកំណាចមួយអង្គបានបំផ្លាញចោលអស់ ឯព្រះសង្ឃតែមួយអង្គក៏គ្មានដែរ ។ គេអាចសន្និដ្ឋានថាព្រះរាជាកំណាចនោះប្រាកដជាព្រះបាទភវវម៌្មនេះហើយ។ តែលោកបឺនាដ-ភ្វីលីព-ហ្ក្រុស្លៀរ យល់ថាមកពីទឹកជំនន់បំផ្លាញប្រព័ន្ធបញ្ចូលទឹក ពេលនោះកម្ពុជាក្រោមក៏ក្លាយជាដីល្បាប់ស្ងាត់ជ្រងំ ប្រជារាស្ត្ររត់ទៅកាន់ដីខ្ពស់ភាគខាងជើង ដោយហេតុនេះនៅឆ្នាំ៥៥០ ព្រះបាទភវវម៌្មបានវាយលុកនគរវ្នំ ដើម្បីបង្កើតរាជាណាចក្រខ្មែរ។ យើងឃើញថានេះជាមូលហេតុដែលមានចម្បាំងចេនឡា និងអាណាចក្រវ្នំ បូករួមទាំងទំនាស់រាជបល្លង្កផង។ នៅពាក់កណ្ដាលសតវត្សទី៦ ភវវម៌្មទី១ និងប្អូនជីដូនមួយ (បើតាមសៀវភៅប្រវត្តិសាស្ត្រត្រឹង-ងារ) របស់ព្រះអង្គព្រះនាមចិត្រសេនា បានផ្ដើមការវាយលុកនគរវ្នំ។ បើតាមសិលាចារឹករបស់ព្រះភវវម៌្ម និងប្អូនជីដូនមួយចិត្រសេនាបានវាយសម្រុកចូលដល់ក្រចេះនៅលើច្រាំងខាងកើតនៃទន្លេមេគង្គ ដល់បុរីរម្យនៅចន្លោះទន្លេមូល និងជួរភ្នំដងរែក និងដល់មង្គលបុរីនៅខាងលិចបឹងទន្លេសាប។ នៅចំពោះមុខអាសន្ននេះទ័ពអាណាចក្រវ្នំបានថយដៃ ហើយក៏បានលើករាជធានីពីវ្យាធបុរៈទៅតាំងនៅភាគខាងត្បូងត្រង់ណាហ្វូណា (នរវរនគរ) ដែលអ្នកប្រវត្តិវិទូថាត្រូវនឹងអង្គរបុរីខេត្តតាកែវសព្វថ្ងៃនេះ។[២៨]

បម្រែបម្រួលប្រជាករនិងស្ថានភាពសង្គម

ការលូតលាស់ពូជពង្សនៃជនជាតិខ្មែរសម័យនោះ ពុំទាន់ធាត់ធំទេ ជាកត្តាចម្បងធ្វើឱ្យមានការបែកបាក់ផ្ទៃក្នុងប្រទេស។ ម្យ៉ាងទៀត លក្ខណៈពិសេសនៃសេដ្ឋកិច្ចរបស់ប្រទេស និងវិវឌ្ឍន៍ខាងនយោបាយនៃប្រទេស ពឹងផ្អែកទៅលើដីស្រែចម្ការ។ វាលទំនាបទន្លេមេគង្គ សម្បូរថ្លុកត្រពាំង។ ដូចនេះនៅនគរវ្នំ ផ្ទៃដីសម្រាប់ដាំស្រូវមានតូច តម្រូវឱ្យមានការវាតដីជាបន្តបន្ទាប់ ដោយវិធីបង្ខិតបង្ខំកម្លាំងទាសាទាសី ដែលជាកសិករ។ ដីស្រែចម្ការគឺជាកម្មសិទ្ធិរបស់រដ្ឋ ហើយសំណង់ទំនប់ទឹក និងប្រព័ន្ធបង្ហូរទឹក គឺកសាងនិងដឹកនាំដោយរាជការ។ ចេនឡាមានការរីកចម្រើនខ្លាំងខាងវិស័យសេដ្ឋកិច្ច។ រីឯអាណាចក្រវ្នំវិញរងគ្រោះធម្មជាតិបណ្ដាលឱ្យសេដ្ឋកិច្ចធ្លាក់ចុះ។ នេះជាឱកាសល្អសម្រាប់រាជវង្សខាងចេនឡាធ្វើសញ្ជ័យលើអាណាចក្រវ្នំ។ ព្រះរាជាចេនឡា ព្រះបាទភវវម៌្ម និងប្អូនជីដូនមួយ ចិត្រសេនា បានវាយលុកអាណាចក្រវ្នំប្រហែលរវាង ​គ.ស.៥៥០។ អាណាចក្រវ្នំក៏ធ្លាក់ក្នុងកណ្ដាប់ដៃរាជវង្សនៅចេនឡាគឺ ព្រះបាទភវវម៌្មទី១ ហើយអាណាចក្រវ្នំក៏ប្រែឈ្មោះជា កម្ពុជា។ នៅសតវត្សទី៨ រវាងឆ្នាំ៧០៦ កម្ពុជាត្រូវបានបែងចែកជាពីរគឺចេនឡាដីគោកដែលសម្បូរភ្នំនិងជ្រលងភ្នំ និងចេនឡាទឹកលិចដែលសម្បូរទៅដោយបឹងនិងមានឆ្នេរសមុទ្ទ។ ការបែកបាក់ផ្ទៃក្នុងរវាងចេនឡាទាំងពីរ ជាការបើកឱកាសឱ្យពួកចោរជាតិជ្វាក្នុងសម័យរាជវង្សសៃលេន្ទ្រចូលឈ្លានពាន ហើយបានកៀរយកប្រជាជន មន្ត្រី និងរាជវង្សទៅកាន់ប្រទេសជ្វា។

អរិយធម៌

អរិយធម៌ចេនឡាត្រូវពឹងផ្អែកលើឯកសារចិនរាជវង្សសួយដែលកត់ត្រាក្នុងរជ្ជកាលព្រះបាទឦសានវម៌្មទី១ ហើយលោក ម៉ា-តួនលិន បានចម្លងដាក់ក្នុងសៀវភៅ ការសិក្សាពីប្រជារាស្ត្រក្រៅប្រទេសចិន របស់លោកនៅសតវត្សទី១៣។[២៩]

ជីវភាពមនុស្ស

មនុស្សនៅសម័យនោះ មាឌតូចហើយសម្បុរខ្មៅ ដូចមនុស្សនគរវ្នំដែរ ស្រីៗភាគច្រើនសម្បុរស (នេះមកពីមានការចូលម្លប់ទេដឹង?)។ ទាំងប្រុសស្រីបួងសក់ ហើយពាក់រយ៉ាថែមទៀត។ លក្ខណៈរូបរាងកាយបែបនេះឃើញថា ដូចពួកខ្មែរលើដែលរស់នៅតំបន់ខ្ពង់រាបសព្វថ្ងៃច្រើន។ ពួកអ្នកស្រុកចេនឡាមានគំនិតឆ្លាតវាងវៃនិងមានមាឌមាំមួនទៀតផង។ គេចាត់ទុកដៃស្ដាំបរិសុទ្ធហើយដៃឆ្វេងមិនបរិសុទ្ធ។ រាល់ព្រឹកគេលុបលាងមុខចាក់ធ្មេញរួចអានសៀវភៅឬសូធ្យធម៌។ មុនពេលហូបអាហារគេតែងលុបលាងសាជាថ្មីលុះទទួលទានរួចហើយគេតែងចាក់ធ្មេញ ហើយគេសូធ្យធម៌ជាថ្មីថែមទៀត។ ក្នុងម្ហូបអាហារគេចូលចិត្តប្រើ ទឹកដោះគោ ស្ករគ្រាប់ល្អិត បាយ និង millet។ គេនិយមរាប់ញាតិខ្សែខាងម្ដាយ (សិលាចារឹក)។ ការរើសគូស្រករវិញគឺប្រុសៗទៅដណ្ដឹងស្រីៗ ឃើញថាសម័យនេះខុសពីសម័យវ្នំ។ មុនដំបូងប្រុសៗត្រូវលើកជំនូនទៅខាងស្រី បន្ទាប់មកខាងស្រីត្រូវរើសថ្ងៃមង្គលការ ដើម្បីនាំកូនស្រីទៅផ្ទះកូនប្រុស តាមរយៈមេអណ្ដើកម្នាក់។ គ្រួសារទាំងសងខាងត្រូវនៅផ្ទះរហូតរយៈពេល៨ថ្ងៃ ហើយអុជចង្កៀងទាំងយប់ទាំងថ្ងៃ។ លុះមង្គលការចប់ហើយ កូនប្រុសទទួលកេរមត៌កពីឪពុកម្ដាយខ្លួន ហើយទៅរស់នៅបែកផ្ទះដោយឡែក។ ដល់ឪពុកម្ដាយស្លាប់ទៅ កូនណាដែលនៅលីវនឹងទទួលបានកេរមរតកដែលនៅសេសសល់ បើសិនជាកូនទាំងអស់នោះមានប្ដីប្រពន្ធអស់ ហើយទ្រព្យសម្បត្តិទាំងនោះត្រូវយកទៅដាក់ក្នុងឃ្លាំងជាតិ។ ក្នុងពិធីបុណ្យសពកូនទាំងអស់ត្រូវអត់បាយ៧ថ្ងៃនិងកោរសក់ហើយត្រូវយំស្រែកខ្លាំងៗ។ ក្រុមគ្រួសារសព ភិក្ខុ និងភិក្ខុនីដើរដង្ហែសពដោយមានច្រៀងនិងលេងភ្លេងផង។ សពគេបូជាក្នុងបច្ឆាសង់ពីឈើក្រអូប រួចគេរើសធាតុដាក់ក្នុងកោដ្ឋមាសឬប្រាក់ រួចយកទៅបោះចូលក្នុងទឹក។ ពួកអ្នកក្រប្រើកោដ្ឋដីមានលាបពណ៌ផ្សេងៗ អ្នកខ្លះយកសពបោះចោលទៅក្នុងព្រៃស្មសានឱ្យសត្វស៊ី។ ទម្លាប់មួយទៀតរបស់អ្នកស្រុកមួយទៀត គឺពេលចេញទៅណាមកណាមានពាក់អាវក្រោះនិងកាន់អាវុធ ហើយបើមានរឿងបន្តិចបន្តួច គេក៏ប្រយុទ្ធបង្ហូរឈាមគ្នាភ្លាម។[៣០]

នយោបាយនិង​រដ្ឋបាល

ក្នុងរជ្ជកាលព្រះបាទឦសានវម៌្ម រាជធានីតាំងនៅឦសានបុរៈហើយមានគ្រួសារ ២០០០ គ្រួ។ នៅកណ្ដាលក្រុងមានសាលធំមួយ ជាទីដែលព្រះរាជាទ្រង់ព្រះប្រទានសវនការនិងចួបជុំពួកមន្ត្រីសេនាបតី។ នៅខាងក្រៅរាជធានីមានក្រុងចំនួន៣០ទៀត ក្រុងនីមួយៗមានច្រើនពាន់គ្រួសារហើយគ្រប់គ្រងដោយអភិបាលម្នាក់។ ៣ថ្ងៃព្រះរាជាយាងទៅសាលប្រជុំ។ មន្ត្រីជាន់ខ្ពស់មាន ៥ នាក់ ៖ ទី១ មានងារហៅតាមចិនថា Kou-lo-yeou, ទី២ Siang-kao-ping, ទី៣ Po-hoto-ling (ពហុទេពឬពហុទេវៈ), ទី៤ Cho-mo-ling (យោមរាជ ឬ យមរាជ), ទី៥ jan-lo-leou  ។ គេមិនទាន់ដឹងគោរមងារនេះត្រូវនឹងពាក្យខ្មែរថាម៉េចទេ។ ឯមន្ត្រីតូចតាចវិញមានចំនួនច្រើនណាស់។ នៅចំពោះមុខព្រះរាជា ពួកមន្ត្រីត្រូវធ្វើគារវកិច្ចឱនក្បាលដល់ដីបីដង។ បើស្ដេចមានព្រះបន្ទូលហៅឬប្រើ ពួកមន្ត្រីត្រូវលុតជង្គង់រត់ទៅ ទៅអង្គុយដំកង់ជុំវិញព្រះរាជាដើម្បីពិភាក្សាពីកិច្ចប្រទេសជាតិ។ ចប់កិច្ចហើយគេត្រូវលុតជង្គង់សំពះសាជាថ្មីមុននឹងត្រឡប់ទៅវិញ។ ទាហានរាប់ពាន់នាក់បំពាក់អាវក្រោះ កាន់លំពែង ឈរយាមគ្រប់ទីកន្លែង តាំងពីជុំវិញរាជបល្លង្ក​រហូតដល់ទ្វារទាំងឡាយ។ ចំពោះការផ្ទេររាជសម្បត្តិគឺមានតែបុត្ររបស់អគ្គមហេសីទេ ទើបឡើងសោយរាជ្យបាន។ ដល់ថ្ងៃប្រារព្ធពិធីអភិសេកព្រះរាជាថ្មី គេកាត់ម្រាមដៃ ច្រមុះនៃបុត្រឯទៀតៗ រួចយកទៅឃុំទុកនៅកន្លែងទីទៃៗពីគ្នា ដោយមិនឱ្យកាន់តំណែងអ្វីមួយសោះឡើយ។ [៣១]

សេដ្ឋកិច្ច

សម័យចេនឡាសេដ្ឋកិច្ចខ្មែរពឹងលើវិស័យកសិកម្មជាចម្បង ពីព្រោះទីក្រុងធំដែលរីកចម្រើនទាំងអស់សុទ្ធតែនៅក្បែរមាត់ស្ទឹងបូករួមទាំងនយោបាយទឹក ដែលមានពីអាណាចក្រវ្នំផង សេដ្ឋកិច្ចចេះតែលូតលាស់ជាលំដាប់។ ឧ. ក្រុងឦសានបុរៈបានកសាងនៅក្បែរមាត់ស្ទឹងសែន ឯទឹកស្ទឹងត្រូវបង្ហូរចូលស្រះដែលពទ្ធជុំវិញក្រុងនិងអាងទឹកក្នុងផ្ទៃក្រុង ៖ ធ្វើដូច្នេះគេអាចមានទឹកប្រើប្រាស់គ្រប់គ្រាន់ ហើយមានលទ្ធភាពពង្រីកដីដាំដំណាំទៀតផង។ បើតាមឯកសារចិនគេដាំស្រូវ seigle, mil និង gros millet។ គេដឹងថា​ស្រូវ​ប្រាកដជាមានតែដំណាំផ្សេងៗទៀតមិនដឹងថាមានឬអត់ទេ។[៣២]

វប្បធម៌

នៅក្នុងវិស័យអក្សរសាស្ត្រគេឃើញមានសិលាចារឹកជាភាសាខ្មែរបុរាណ នៅអង្គរបុរីជាលើកទីមួយ។ ក្នុងវិស័យអក្សរសិល្ប៍បើតាមសិលាចារឹកវាលកន្ទេលបាននិយាយថា គេសូធ្យរៀងរាល់ថ្ងៃនូវរឿងរាមាយណៈ រឿងមហាភារតៈនិងគម្ពីរបុរាណ។ ក្នុងវិស័យជំនឿសាសនាបើតាមសិលាចារឹកឃើញមានការគោរពបូជាគណៈផ្សេងៗ ៖

  • គណៈសិវៈ ៖ ជាសាសនាផ្លូវការ ព្រោះមានកសាងលិង្គព្រះឥសូរជាច្រើនដូចព្រះបាទភវវម៌្មទី១ និងប្អូនជីដូនមួយចិត្រសេនាបានធ្វើ។ ព្រះបាទជ័យវម៌្មទី១ បានយកមរណនាមរួចទៅហើយ។ យ៉ាងណាមិញសិលាចារឹកឆ្នាំ៧១៣ និយាយថា ព្រះរាជាដែលយាងទៅកាន់សិវបុរៈ ប្រហែលជាចង់សំដៅចំពោះព្រះអង្គនេះឯង។ ចំណែកមរណនាមឥន្ទ្រលោកដែលចារក្នុងសិលាចារឹក នៅឆ្នាំ៨០៣ ក៏ទំនងសំដៅចំពោះព្រះបាទបុស្ករាក្សៈ ដែលទ្រង់បានយាងទៅសោយរាជ្យនៅសម្ភុបុរៈនៅពេលដែលរាជបល្លង្កនៅទីនោះទំនេរហើយដែលព្រះអង្គប្រើកម្លាំងផង។ ក្រៅពីគោរពបូជាលិង្គព្រះឥសូរនៅមានគណៈមួយទៀតដែលគោរពព្រះឥសូរដែរ គឺគណៈបាសុបត។
  • គណៈវិស្ណុ ៖ មិនសូវមានគេនិយមទេ។ មានការគោរពចំពោះគណៈបញ្ចរាត្រ។
  • ហរិហរៈ ៖ គេគោរពព្រះហរិហរៈបន្តពីសម័យអាណាចក្រវ្នំមក។ មានរូបបដិមាហរិហរៈយ៉ាងល្អវិចិត្រ ហើយមានរាងសង្ហារថែមទៀត ដូចជាហរិហរៈប្រាសាទអណ្ដែត (ស្ទោង-កំពង់ធំ) ជាដើម។ តែក្រោយពីនេះគេពុំឃើញ មានការគោរពហរិហរៈទៀតឡើយ។
  • ពុទ្ធសាសនា ៖ មិនបាត់បង់ទេ តែទំនងជាត្រូវសាបសូន្យបន្តិចម្ដងៗជាពិសេសនៅស.វ.ទី៧ បើផ្អែកទៅលើសក្ខីភាព របស់ពុទ្ធសាសនិកចិនឈ្មោះយីស៊ីង។ គេឃើញមានតែសិលាចារឹកមួយគត់និយាយពីព្រះភិក្ខុពីរអង្គ។ ពុទ្ធសាសនាមហាយានចាប់ផ្ដើមឃើញមានគេគោរពបូជាខ្លះៗហើយ។

ក្នុងវិស័យស្ថាបត្យកម្ម ប្រាសាទច្រើនតែសង់ពីឥដ្ឋដាច់ៗ ពីគ្នាឬផ្ដុំគ្នាជាក្រុម។ ផ្ដែនិងក្របក្លោងទ្វារគេធ្វើពីថ្មភក់។ រូបចម្លាក់បដិមានៅមានជាប់លក្ខណៈឥណ្ឌានៅឡើយ តែភាគច្រើន បានបង្ហាញក្បាច់រចនាបែបខ្មែរ ហើយមានរាងសង្ហារផង (ហរិហរៈ ប្រាសាទអណ្ដែត)។ ចម្លាក់តុបតែង (Sculpture decorative) មានសភាពល្អប្រណីតហើយថែមទាំងបានបន្តអានុភាពរបស់ខ្លួន រហូតដល់ក្នុងសម័យអង្គរទៀត។[៣៣]

មហាក្សត្រល្បីៗសម័យចេនឡា

  • ព្រះបាទភវវម៌្មទី១ (៥៥០ – ៦០០) បានប្រែឈ្មោះនគរវ្នំមកជា កម្ពុជា។
  • ព្រះបាទមហេន្ទ្រវម៌្ម (៦០០ – ៦១៥) បានចងសម្ពន្ធភាពនឹងប្រទេសចម្ប៉ា។
  • ព្រះបាទឦសានវម៌្មទី១ (៦១៥ – ៦៣៥) ទ្រង់បានយកចិត្តទុកដាក់ទៅលើប្រព័ន្ធធារាសាស្ត្រ កសាងប្រាសាទបាយ៉ង់កោរ និងកសាងរាជធានីនៅ ឦសានបុរៈ។
  • ព្រះបាទជ័យវម៌្មទី១ (៦៥៧ – ៦៨១) ទ្រង់បានធ្វើទំនាក់ទំនងជាមួយប្រទេសចិន។ ក្រោយពេលព្រះអង្គចូលទិវង្គត ព្រះរាជបុត្រីព្រះនាម ព្រះនាងជយទេវី បានឡើងគ្រងរាជ្យបន្ត។ អំណាចរបស់ព្រះមហាក្សត្រនាពេលនោះធ្លាក់ចុះខ្សោយ ធ្វើឱ្យមានភាពច្របូកច្របល់ក្នុងស្រទាប់ប្រជារាស្ត្រ ដែលនាំទៅដល់អស្ថិរភាពនយោបាយ ធ្វើឱ្យប្រទេសបែងចែកជាពីរ (គ.ស. ៧០៦)។

បញ្ជីព្រះមហាក្សត្រ

លំដាប់

ក្សត្រ

រជ្ជកាល

ស្រុតវម៌្មទី២

សតវត្សទី៥-?

ស្រេស្ឋវម៌្ម

 ?-?

សាវ៌ភៅមៈ

 ?-?

វីរវម៌្ម (ប្រធិវីន្ទ្រវម៌្ម)

 ?-៥៥០

ភវវម៌្មទី១

៥៥០–៦០០

មហេន្ទ្រវម៌្ម (ចិត្រសេនា)

៦០០–៦១៦

ឦសានវម៌្មទី១

៦១៦–៦៣៥

ភវវម៌្មទី២

៦៣៩–៦៥៧

ចន្ទ្រវម៌្ម

 ?-?

១០

ជ័យវម៌្មទី១

៦៥៧–៦៨១

១១

ព្រះនាងជយទេវី

៦៨១–៧១៣

១២

សម្ភុវម៌្មទី១

៧១៣–៧១៦

១៣

បុស្ករាក្ស

៧១៦–៧៣០

១៤

សម្ភុវម៌្មទី២

៧៣០–៧៦០

១៥

ភវវម៌្មទី៣

៧៤៣-៧៩០

១៦

រាជេន្ទ្រវម៌្មទី១

៧៦០–៧៨០

១៧

ជ័យវម៌្មទី១ស្ទួន

 ?-៧៧០ និង៧៨១ កំពុងសោយរាជ្យ-?

១៨

មហីបតិវម៌្ម

៧៨០–៧៨៨

១៩

នរបតីន្ទ្រវ៌ម្ម (នបតីន្ទ្រវម៌្ម)

 ?–?

២០

ឥន្ទ្រលោក

 ?–?

២១

នឫបតេន្ទ្រទេវី

 ?–?

២២

ជយេន្ទ្រភា

 ?–?

២៣

ជ្យេស្ថាយ៌ា

 ?–?

២៤

ជយសិង្ហវម៌្ម

 ?-?

ចងចាំ

ចេនឡា ជាសាមន្តរដ្ឋរបស់នគរវ្នំនិងស្ថិតនៅវាលទំនាបភាគកណ្ដាល នៃទន្លេមេគង្គក្នុងតំបន់បាសាក់ ប្រទេសលាវសព្វថ្ងៃ។ នៅរវាងគ.ស. ៥៥០ គ្រោះធម្មជាតិនៅនគរវ្នំបានធ្វើឱ្យរាជវង្សខាងចេនឡាធ្វើសញ្ជ័យលើរាជវង្សនគរវ្នំ ហើយក៏ប្ដូរឈ្មោះប្រទេសទៅជា កម្ពុជា។ នៅរវាងឆ្នាំ៧០៦ កម្ពុជាបានបែកបាក់ជាពីរ គឺចេនឡាដីគោក និងចេនឡាទឹកលិច ហើយការបែកបាក់នេះជាការបើកឱកាសឱ្យជ្វាចូលលុកលុយ ៕

កំណត់សម្គាល់

  1. Vickery, Society, Economics, and Politics in pre-Angkor Cambodia, pp. 71 ff.
  2. ISCC, No. IV, pp. 28 ff.
  3. Barth, “Inscription sanskrite du Phou Lokhon (Laos)”, pp. 37-40
  4. IC, VII, pp. 156-157
  5. Seidenfaden, «Complément à l’inventaire descriptif des Monuments du Cambodge pour les quatre provinces du Siam Oriental», p. 57
  6. Cœdès, «Études Cambodgiennes XXXVI ៖ Quelques précisions sur la fin de Fou-nan», pp. 5-8
  7. Pelliot, “Le Fou-nan.”, p. 272
  8. Lévy,«Thala Bŏrivăt ou Stu’ṅ Trèṅ ៖ sites de la capitale du souverain khmer Bhavavarman Ier», pp. 113-129
  9. ត្រឹង ងារ, ប្រវត្តិសាស្ត្រខ្មែរ ទំព័រ៦៣-៦៥
  10. Finot, «Nouvelles inscriptions du Cambodge», pp. 44 ff.
  11. IC, Vol. V, p. 23
  12. ICII, pp. 69 ff.
  13. The Sanskrit text and a French translation was published in ISCC, pp. 21-26, the Khmer text and a French translation in ICV, pp. 5-6
  14. MÉC I, 47-53
  15. ICII, pp. 149-152
  16. IC II, pp. 193-195
  17. Wolters, “North-western Cambodia in the seventh century”, p. 356 and pp. 374-375
  18. ICI, pp. 39-44
  19. ICIV, 54-63
  20. ត្រឹង ងារ, ប្រវត្តិសាស្ត្រខ្មែរ ទំព័រ៧០
  21. Pelliot, «Deux itinéraires de Chine en Inde à la fin du VIIIe siècle», p. 211
  22. ត្រឹង ងារ, ប្រវត្តិសាស្ត្រខ្មែរ ទំព័រ៧០
  23. Pelliot, «Deux itinéraires de Chine en Inde à la fin du VIIIe siècle», p. 212
  24. IC III, pp. 170-174
  25. ICV, p. 33
  26. IC II, pp. 92 ff.
  27. Vickery, Society, Economics, and Politics in pre-Angkor Cambodia, p. 396
  28. ត្រឹង ងារ, ប្រវត្តិសាស្ត្រខ្មែរ ទំព័រ៦៥-៦៧
  29. ត្រឹង ងារ ប្រវត្តិសាស្ត្រខ្មែរ ទំព័រ៧៣
  30. ត្រឹង ងារ ប្រវត្តិសាស្ត្រខ្មែរ ទំព័រ៧៣-៧៤
  31. ត្រឹង ងារ ប្រវត្តិសាស្ត្រខ្មែរ ទំព័រ៧៤-៧៥
  32. ត្រឹង ងារ ប្រវត្តិសាស្ត្រខ្មែរទំព័រ៧៥
  33. ត្រឹង ងារ ប្រវត្តិសាស្ត្រខ្មែរទំព័រ៧៥-៧៦

ឯកសារពិគ្រោះ

  • សៀវភៅសិក្សាសង្គមថ្នាក់ទី៧ ក្រសួងអប់រំឆ្នាំ១៩៩៧
  • A[uguste] Barth, «Inscription sanskrite du Phou Lokhon (Laos)», Album Kern; opstellen geschreven ter eere van H[endrik] Kern, Leiden ៖J. Brill 1903, pp. 37–40.
  • George Cœdès,«Études Cambodgiennes XXXVI ៖ Quelques précisions sur la fin de Fou-nan», Bulletin de l’École Française dExtrême OrientXLIII (1943), pp. 1–
  • Louis Finot, «Nouvelles inscriptions du Cambodge», Bulletin de l’École Française dExtrême OrientXXVIII (1928), pp. 43–
  • IC = Inscriptions du Cambodge.Éditées et traduites par G[eorge] Cœdè Vol. I-VIII. Hanoi, Paris ៖ Impr. Extrême-Orient; de Boccard [etc.] 1937-1966 (Collection de Textes et Documents sur l’Indochine ៖ III).
  • ISCCInscriptions sanscrites de Campā et du Cambodge. [É et trad.] par Abel Bergaigne et A[uguste] Barth. Paris ៖ Klincksieck 1885-93.
  • Paul Lévy,«Thala Bŏrivăt ou Stu’ṅ Trèṅ ៖ sites de la capitale du souverain khmer Bhavavarman Ier», Journal Asiatique258 (1970), pp. 113–
  • MÉC = Manuel d’épigraphie du Cambodge. Yoshiaki Ishizawa, Claude Jacques, Khin SoK.Avec la collaboration de ៖ Uraisi Varasarin, Michael Vickery, Tatsuro Yamamoto. Vol. I, Paris ៖ École Français d’Extrême-Orient 2007.
  • Paul Pelliot, «Le Fou-nan.»Bulletin de l’École Française dExtrême OrientIII (1903), pp. 248–
  • Paul Pelliot, «Deux itinéraires de Chine en Inde à la fin du VIIIe siècle», Bulletin de l’École Française dExtrême OrientIV (1904), pp. 131–
  • Erik Seidenfaden, «Complément à l’inventaire descriptif des Monuments du Cambodge pour les quatre provinces du Siam Oriental», Bulletin de l’École Française dExtrême OrientXXII (1922), pp. 55–
  • Michael Vickery, Society, Economics, and Politics in pre-Angkor Cambodia ៖ The 7th-8th centuries.Tokyo ៖ The Center for East Asian Cultural Studies for Unesco, The Toyo Bunko, 1998.
  • O[liver] W[illiam] Wolters,, “North-western Cambodia in the seventh century”, Bulletin of the School of Oriental and African Studies37 (1974), pp. 355–

ប្រភព ៖ km.wikipedia.org

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments