របស់ ឃុនឧត្ដមប្រីជា ចាប- ពិន
ក្រុមពុទ្ធសាសនបណ្ឌិត្យ
វេលាមួយ ជាវេលាចូលឆ្នាំខ្មែរ អស់ពួកមន្ត្រីខ្ញុំរាជការគ្រប់តំណែង បានព្រះរាជានុញ្ញាតឈប់សម្រាក ៣ ថ្ងៃ ដើម្បីធ្វើបុណ្យចូលឆ្នាំថ្មីតាមទំនៀមស្រុក។ ឱកាសនោះ ក្នុងផ្ទះឧកញ៉ាឧត្ដមសម្បត្តិ នៅក្រុងភ្នំពេញ មានកិច្ចធ្វើទក្ខិណានុប្បទានឧទ្ទិសផលជូនលោកអ្នកមានគុណដែលធ្វើមរណកាល បានរៀបចំតាក់តែងតុតាំងកៅអី កម្រាលព្រែព្រំចៀមភ្ញីផ្កាជាច្រើន និមន្តព្រះសង្ឃជាច្រើនរូបមកទទួលភត្ត។ មានអស់លោកមន្ត្រីនិងពួកឧបាសកឧបាសិកា ជាញាតិមិត្រនៅជិតខាង មកជួយចាត់ចែងជាច្រើន។
វេលាវេរភត្តឧទ្ទិសផលរួចគ្រប់ ប្រគេនព្រះសង្ឃ ព្រះសង្ឃកំពុងឆាន់ដោយរៀបរយ ក្នុងរវាងនោះ ហ្លួងប្រជានុសិដ្ឋ ផ្ដើមនិយាយសំណេះសំណាលប្រឹក្សាក្បួនច្បាប់នឹងឃុនវោហារកោសលថា យើងទាំងអស់គ្នាជាឃរាវាសដែលមានកូនប្រុសស្រី សុទ្ធតែត្រូវរៀបចំឱ្យមានគូស្រកររៀងខ្លួន ចំណែកខាងលោក បើនឹងរៀបកូនស្រីឱ្យមានស្វាមី តើលោកចូលចិត្តឱ្យទៅមនុស្សបែបណា ?
ប្រស្នានេះខ្ញុំបាទពិបាកជម្រាបណាស់លោក មិនងាយទេ ព្រោះគំនិតមនុស្សយើងដែលប៉ងប្រាថ្នា ចួនកាលក៏បានសម្រេច ចួនកាលមិនបានសម្រេចដូចបំណងទេ។ ឃុនវោហារកោសល តប
បាទ ដែលលោកមានប្រសាសន៍ថាពិបាកនោះពិតណាស់ហើយ ប៉ុន្តែទោះបីពិបាកយ៉ាងម៉េច ក៏យើងត្រូវតែគិតខានពុំបាន បើយើងមិនគិតសោះ ចេះតែឱ្យដោយប្រថុយប្រថានទៅ ក៏មិនកើតដែរ ក្រែងដល់ទៅថ្ងៃខាងមុខ កើតសេចក្ដីមិនស្រួលដល់កូនស្រីយើង តែកើតរឿងមិនស្រួលឡើង កូនស្រីយើងវាបន្ទោសយើងបាន ព្រោះហេតុនេះបានជាមានបុរាណសុភាសិតថា “ធ្វើស្រែឱ្យមើលស្មៅ ទុកដាក់កូនចៅ មើលផៅសន្ដាន”។ ចំណែកខ្ញុំបាទរើសបន្តិចហើយមិនងាយប្រថុយទេ ខាងលោកតើរើសយ៉ាងណា ឬលោកមិនរើសទេ ? ហ្លួងប្រជានុសិទ្ធសួរ
ខ្ញុំបាទក៏រើសដូចលោកដែរ មិនមែនចេះតែប្រថុយទេ តែការនេះស្រេចលើសំណាងកូនខ្ញុំបាទផង ដ្បិតបុរាណលោកពោលថា “នាងត្រូវនឹងអ្នក មេខាតលក្ខណ៍ត្រូវនឹងអាកំបាក់ទន្សា គូគេចមិនរួច អាយុមិនអស់មិនស្លាប់” ព្រេងសំណាងកូនខ្ញុំបាទមិនដឹងជាដូចម្ដេចដែរ ខ្ញុំបាទជាអាពុកគ្រាន់ជួយផ្សំប៉ុណ្ណោះ។ ឃុនវោហាកោសល តប
នៅឱកាសដែលមន្ត្រីពីរនាក់ កំពុងប្រឹក្សាគ្នាមិនទាន់ដាច់ស្រេច ស្រាប់តែឧកញ៉ាធម្មានុសាសក៍ ជាមន្ត្រីក្រុមរាជបណ្ឌិត ចូលមកអង្គុយក្នុងទីប្រជុំនោះដែរ ហ្លួងប្រជានុសិដ្ឋ ក៏ងាកទៅប្រឹក្សានឹងឧកញ៉ាធម្មានុសាសក៍ថា ឱ! ដំណើរដែលលោកអញ្ជើញមកនេះជាការប្រពៃណាស់ ព្រោះខ្ញុំបាទជាមួយនឹងឃុនវោហារកោសល កំពុងពិភាក្សាគ្នាពីរឿងរៀបចំកូនឱ្យមានគូស្រករ មិនទាន់ដាច់ស្រេច សូមលោកជាអ្នកប្រាជ្ញជួយវិនិច្ឆ័យសេចក្ដីនេះឱ្យត្រឹមត្រូវផង ម៉េចទៅលោក ! ព្រះសម្មាសម្ពុទ្ធជាបរមគ្រូរបស់យើង ទ្រង់បានសម្ដែងរឿងរៀបចំកូនស្រីឱ្យមានស្វាមីដែរឬទេ ?
ព្រះសម្មាសម្ពុទ្ធឥតមានធុរៈ ក្នុងរឿងរៀបចំឱ្យមានគូស្រករ ព្រះអង្គមានព្រះអធ្យាស្រ័យតែខាងចម្លងសត្វឱ្យឆ្លងកាត់វាលវដ្តសង្សារទៅកាន់ឋានព្រះនិព្វានតែមួយយ៉ាងទេតើលោក !។ ឧកញ៉ាធម្មានុសាសក៍តប
បាទ ព្រះពុទ្ធជាម្ចាស់ មានព្រះអធ្យាស្រ័យដូចលោកមានប្រសាសន៍នោះមែនហើយ តែក្រែងមានរឿងជាតកនិទានអំពីបុគ្គលណាទុកដាក់កូនចៅដែរឬគ្មានសោះ ? ហ្លួងប្រជានុសិដ្ឋសួរ
បាទ មានខ្លះដែរ ឧកញ៉ាធម្មានុសាសក៍ឆ្លើយ ខ្ញុំបាទឃើញក្នុងសាធុសីលជាតក អដ្ឋកថាទុក្កនិបាត និទានអំពីរឿងព្រាហ្មណ៍ម្នាក់ថា
កាលព្រះសម្មាសម្ពុទ្ធទ្រង់ប្រថាប់ក្នុងវត្តជេតពន មានព្រាហ្មណ៍ម្នាក់មានកូនក្រមុំ ៤នាក់។ គ្រានោះ មានប្រុស ៤នាក់ ម្នាក់រូបល្អ ម្នាក់ចាស់ ម្នាក់ជាតិខ្ពស់ ម្នាក់មានសីល មកដណ្ដឹងកូនព្រាហ្មណ៍នោះ។ ព្រាហ្មណ៍គិតថា “នឹងឱ្យអ្នកណាទើបគាប់ប្រសើរ”។ កាលបើគាត់មិនដឹងថាខាងណាស្រួល ក៏ចូលទៅគាល់ព្រះបរមសាស្តាដំណាលរឿងនុ៎ះក្រាបទូលសួរព្រះអង្គ។
ព្រះសម្មាសម្ពុទ្ធត្រាស់ថា ម្នាលព្រាហ្មណ៍ កាលពីព្រេងនាយមានអ្នកប្រាជ្ញឆ្លើយប្រស្នានេះប្រាប់អ្នកដែរ តែអ្នកភ្លេចទៅ ព្រោះភពបិទបាំង។ ព្រាហ្មណ៍សុំអារាធនា ព្រះអង្គទ្រង់ទាញអតីតនិទានមកសម្ដែងថា
ក្នុងកាលកន្លងរំលងទៅហើយ តថាគតជាពោធិសត្វកើតក្នុងត្រកូលព្រាហ្មណ៍ នៅក្នុងក្រុងពារាណសី កាលបឋមវ័យបានទៅរៀនសិល្បសាស្ត្រឯនគរតក្កសិលា លុះត្រឡប់មកស្រុកកំណើតវិញ បានជាអាចារ្យទិសាបាមោក្ខ (ជាប្រធានក្នុងទិស) មានសិស្សពីស្រុកតូចធំនិគមជនបទផ្សេងៗ មករៀនជាច្រើន។ គ្រានោះ អ្នកកើតជាព្រាហ្មណ៍ម្នាក់ មានកូនក្រមុំ ៤ នាក់ ដូចកាលឥឡូវនេះដែរ មានប្រុស ៤នាក់ មកដណ្ដឹងដូចគ្នា។ អ្នកមិនដឹងជាឱ្យទៅអ្នកណាស្រួល ក៏ចូលទៅរកអាចារ្យទិសាបាមោក្ខ ដំណាលរឿងនោះសព្វគ្រប់ សួរលោកជាគាថាថា
មនុស្សរូបល្អ ចាស់ និងខ្ពស់ ជាតិ មនុស្សមានសីលស្អាត ៤ នេះពិត
ខ្ញុំសូមសួរលោកឱ្យពិនិត្យ តើលោកចូលចិត្តមនុស្សយ៉ាងម៉េច ?
បើលោកចូលចិត្តមនុស្សបែបណា មេត្តាប្រោសប្រាប់មួយរំពេច
ឱ្យខ្ញុំបានដឹងសព្វសេចគ្រេចលោកថាយ៉ាងម៉េចខ្ញុំជឿតាម។
អាចារ្យទិសាបាមោក្ខឆ្លើយជាគាថាថា
មនុស្សមានរូបល្អពេកកន្លងអ្នកផងចង់សេពគប់
មនុស្សមានវ័យចាស់គេគោរព មនុស្សជាតិខ្ពស់លុបគេកោតក្រែង។
តែប៉ែកខាងខ្ញុំៗចូលចិត្ត អ្នកមានសីលពិតល្អក្រៃលែង
ព្រោះមនុស្ស ៣ ពួកក្រៅនោះឯង រមែងមានគេតិះដៀលបាន។
ឯអ្នកមានសីលល្អចំណាប់ កាន់ច្បាប់គ្រហស្ថខ្ពស់ចំណាន
ពុំដែលឱ្យកើតរឱស្ឋាន អ្នកផងពុំបានរង្កៀសឡើយ។
ព្រាហ្មណ៍បានស្ដាប់អាចារ្យទិសាបាមោក្ខពោលដូច្នោះហើយ ក៏ផ្សំផ្គុំកូនក្រមុំទាំង ៤ នាក់ឱ្យមានប្ដីសុទ្ធតែជាអ្នកមានសីលគ្រប់គ្នា។
ដែលលោកមានប្រសាសន៍រឿងសាធុសីលជាតកមកនេះ ខ្ញុំបាទស្ដាប់បានថា អាចារ្យទិសាបាមោក្ខជាន់ដើមសរសើរអ្នកមានសីល ព្រាហ្មណ៍ក៏ឱ្យកូនទៅអ្នកមានសីលតាមនោះ បានសេចក្ដីសុខសេចក្ដីចម្រើន យើងជាន់ឥឡូវ ក៏គួរឱ្យកូនទៅអ្នកមានសីលដូចព្រាហ្មណ៍នោះដែរ ព្រោះយើងក៏ចង់ឱ្យកូនបានសេចក្ដីសុខដូចគ្នា តែលោកមិនទាន់អធិប្បាយឱ្យច្បាស់លាស់ថា “អ្នកមានសីលនោះ ជាមនុស្សមានកិរិយាប្រព្រឹត្តដូចម្ដេចនៅឡើយ” បើដូច្នោះ សូមអញ្ជើញលោកអធិប្បាយបន្តិចទៅទៀតមើល ទម្រាំពេលព្រះសង្ឃឆាន់ចង្ហាន់រួច ដូចម្ដេចទៅលោក ដែលហៅថា មនុស្សមានសីល ? ហ្លួងប្រជានុសិដ្ឋសួរ
សូមជម្រាបលោក ដែលហៅមនុស្សមានសីលនោះ បើនិយាយដោយពិស្ដារ បានដល់មនុស្សដែលរក្សាសីល៥ កម្មបថ១០ បើនិយាយដោយសង្ខេបក៏គឺមនុស្សដែលមានកាយ វាចា សណ្ដាប់ធ្នាប់ត្រឹមត្រូវ មានគំនិតមារយាទល្អ ស្លូតបូត មិនព្រហើនកោងកាច ជាមនុស្សខំរកស៊ីធ្វើការមិនដើរលេងថ្លែថ្លោ មិនលេងស្រី មិនផឹកស្រា និងមិនលេងល្បែងភ្នាល់ជាដើម។ ឧកញ៉ាធម្មានុសាសក៏ឆ្លើយ
ខ្ញុំបាទសុំឱកាសលោក បើលោកបើកឱ្យ ខ្ញុំបាទសុំសួរដេញដោលតទៅទៀត ដើម្បីកម្ចាយប្រស្នានេះឱ្យខ្ចាយឡើង។ ហ្លួងប្រជានុសិដ្ឋ តប
បាទ មិនអីទេលោក ! ខ្ញុំបើកឱកាសជូនបាន តែបានតាមប្រទាល់ ដ្បិតខ្ញុំបាទចេះដឹងតិចដែរ ក្នុងគម្ពីរពុទ្ធសាសនាមានសម្ដែងច្រើនណាស់អំពីលក្ខណៈអ្នកមានសីល ខ្ញុំបាទមិនចេះសព្វទេ សុំឆ្លើយជូនលោកតែយ៉ាងសង្ខេបខ្លីៗ តាមទំនងដែលចេះដឹងខ្លះ។ ឧកញ៉ាធម្មានុសាសក៍តប
បាទ មិនអីទេ ខ្លីក៏ខ្លីចុះ ព្រោះពេលយើងក៏ខ្លីដែរ លាក់បាំងអីលោក បានជាខ្ញុំឈ្លេចឈ្លីដេញដោលដូច្នេះ ព្រោះធម្មតាមនុស្សប្រុសកំលោះដែលចង់បានកូនក្រមុំរបស់ត្រកូលណា បើដឹងថាត្រកូលនោះគេចូលចិត្តបែបណា ក៏ប្រព្រឹត្តខ្លួនជាមនុស្សបែបនោះដែរ ឡែបឡបអបជើងគេ ដើម្បីឱ្យគេផុងគំនិតឱ្យកូនមកខ្លួន បើមេបារបស់ត្រកូលនោះមិនសង្កេតឱ្យល្អិតល្អទេ ភ្លាត់គំនិតឱ្យកូនទៅ ដល់ទៅថ្ងៃមុខ មិនយូរប៉ុន្មាន ក៏ទៅជាអ្នកលេងស្រី ផឹកស្រា លេងល្បែងភ្នាល់ ធ្វើឱ្យកើតទុក្ខវេទនាយ៉ាងខ្លាំងដល់កូនស្រីរបស់ខ្លួន កាលបើដូច្នោះ ម្ដាយអាពុកតែងបានសេចក្ដីបន្ទោសអំពីកូនស្រីថា “ទាស់តែពីម៉ែឪ បានជាកូនពិបាកដល់ម្ល៉ឹង” ម្ដាយឪពុកក៏មិនដឹងបើនឹងធ្វើម៉េច ព្រោះខ្លួនមិនបានពិនិត្យពិច័យមែន ហេតុនេះ បើយើងចូលចិត្តឱ្យកូនទៅអ្នកមានសីល យើងត្រូវពិនិត្យឱ្យល្អសិនសឹមឱ្យ រឿងអ្នកមានសីលនេះ តើយើងត្រូវសង្កេតយ៉ាងណាទៅលោក ! ទើបដឹងប្រាកដថាជាអ្នកមានសីលមែន? ហ្លួងប្រជានុសិទ្ធសួរ
ឱ ! លោក រឿងសង្កេតរកមនុស្សអ្នកមានសីលនោះពិបាកណាស់មិនងាយទេ ឧកញ៉ាធម្មានុសាសក៍ឆ្លើយ ក្នុងគម្ពីរពុទ្ធសាសនាមានសម្ដែងថា បើចង់ដឹងមនុស្សអ្នកមានសីលត្រូវពិសោធដោយការនៅរួមជាមួយគ្នា ឬនៅជិតគ្នាយូរៗទើបដឹងបាន ចួបគ្នាតែមួយភ្លែត ឬគ្រាន់តែឮសម្ដី មិនទាន់ប្រាកដទេ ដូចចង់ដឹងមនុស្សអ្នកមានប្រាជ្ញា ត្រូវពិសោធក្នុងពេលដែលមានគេសាកសួរដេញដោល ចង់ដឹងមនុស្សអ្នកមានកម្លាំង ត្រូវពិសោធក្នុងពេលដែលមានគ្រោះថ្នាក់ បើមិនទាន់បានពិសោធមើលទេ កុំអាលជឿ សេចក្ដីនេះយ៉ាងណា ការជ្រើសរើសរកអ្នកមានសីល ក៏ដូចគ្នា នឹងជឿប្រញាប់ភ្លាមៗពេកមិនបានទេ លុះតែគយឃ្លាំចាំមើលពុតដោយខ្លួនឯង ឬស៊ើបសួរអ្នកផងដែលជាមនុស្សសុចរិត ឬក៏ធ្លាប់ស្គាល់ជាយូរៗ មកហើយថាជាមនុស្សមានសីលពិតប្រាកដមែនសឹមជឿ មួយទៀតស៊ើបសួររកពូជពង្សវង្សត្រកូលរបស់អ្នកនោះដោយម៉ឹងម៉ាត់ បើឃើញថា សុទ្ធតែជាមនុស្សរកស៊ីធ្វើការ មានសីលាចារ មានគំនិតមារយាទល្អគ្រប់គ្នា មិនសូវខិលខូច សឹមជឿយកជាការ ព្រោះធម្មតាមនុស្ស បើពូជពង្សវង្សត្រកូលល្អហើយគង់មិនចោលខ្សែអំពីវង្សត្រកូលប៉ុន្មាន សមដូចសុភាសិតបុរាណថា “ផ្លែឈើជ្រុះមិនឆ្ងាយពីគល់” ព្រោះហេតុនេះបានជាចាស់ៗពីបុរាណតែងពោលថា “ធ្វើស្រែឱ្យមើលស្មៅ ទុកដាក់កូនចៅមើលផៅសន្ដានគឺមើលពូជ” នោះឯង បើមិនទាន់បានពិសោធទាំងសាមីខ្លួននិងពូជពង្សទេ កុំអាលទុកចិត្តឱ្យសោះ ព្រោះមនុស្សយើងមានពុតត្បុតច្រើនបែបច្រើនយ៉ាងណាស់ ចួនកាលបានរៀនសូត្រធម៌អាថ៌ចេះដឹងច្រើន បានឈ្មោះថាជាអាចារ្យហើយ ក៏គង់តែជាមនុស្សឥតសីលទៅបាន បើយើងពិនិត្យទាំងសាមីខ្លួន ទាំងពូជពង្សវង្សត្រកូលឃើញថា ជាអ្នកមានសីលាចារកិរិយាមារយាទល្អត្រឹមត្រូវហើយសឹមឱ្យ បើនៅតែមិនស្រួល នោះយើងក៏ល្មមអស់ចិត្តដែរ កូនស្រីយើងក៏វាបន្ទោសយើងពុំបាន ធ្វើម៉េចជាកម្មរបស់យើងនិងកម្មរបស់វា យើងតោងគិតដល់កម្មនិងផលរបស់កម្មផង ទើបស្រាលចិត្ត។
ណ្ហើយលោក ! យើងល្មមបញ្ចប់ប្រស្នាប៉ុណ្ណឹងចុះ បើលោកមិនអស់ចិត្ត ចាំថ្ងៃក្រោយ បើមានពេលសឹមយើងប្រឹក្សាគ្នាម្ដងទៀត ឬលោកអញ្ជើញទៅប្រឹក្សានឹងលោកអ្នកប្រាជ្ញរាជបណ្ឌិតណាទៀតក៏បាន ពេលនេះល្មមសង្ខេបប៉ុណ្ណឹងហើយ។
សាធុ ! សាធុ ! ល្អហើយ ! ល្អហើយ ! លោក ខ្ញុំបាទអស់ចិត្តហើយរឿងរកកូនប្រសាប្រុសនេះ នៅតែរឿងរកកូនប្រសាស្រី មិនទាន់បានដឹងសោះ ខ្ញុំបាទចង់សួរលោកតទៅទៀត តើបានឬទេ? ហ្លួងប្រជានុសិដ្ឋទទួលអំណរដោយសេចក្ដីរីករាយ !
ណ្ហើយលោក ! កុំអាលសួរ ចាំក្រោយបើមានឱកាសសឹមយើងប្រឹក្សាគ្នាទៀត ពេលនេះ ល្មមប៉ុណ្ណឹងចុះ ព្រោះដល់ពេលបាយហើយ មិនអីទេលោក ! បើប្រស្នាក្រោយនោះធូរ ! ល្មមនឹងប្រាជ្ញាខ្ញុំបាទ ខ្ញុំបាទឆ្លើយជូនបានទៀត កុំព្រួយ !! ឧកញ៉ាធម្មានុសាសក៍ តប
កាលអស់លោកត្រៃមន្រ្តីគឺឃុនវោហារកោសល ហ្លួងប្រជានុសិដ្ឋ និងឧកញ៉ាធម្មានុសាសក៍ ប្រឹក្សាធម៌អាថ៌ក្បួនច្បាប់ ព្រមព្រៀងគ្នាហើយ ដល់វេលាព្រះសង្ឃឆាន់រួចល្មម ឧកញ៉ាសម្បត្តិ ក៏ចាត់ចែងអាហារដ៏ផ្ចិតផ្ចង់ ជូនអស់លោកត្រៃមន្ត្រី ព្រមទាំងឧបាសកឧបាសិកា ពិសាឆ្អែតស្កប់ស្កល់គ្រប់គ្រាន់ លុះអស់លោកត្រៃមន្ត្រីនិងឧបាសកឧបាសិកាទាំងនោះ ពិសាភោជនាហាររួចហើយ ក៏ជូនពរសព្ទសាធុការដល់ឧកញ៉ាឧត្ដមសម្បត្តិព្រមទាំងគ្រួសារ ហើយលាចេញទៅគេហដ្ឋានរៀងខ្លួន។
ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៤៤