ឃុននិពន្ធមន្ត្រី ញ៉ុក– ថែម
ស្រង់ ប្រែ និងរៀបរៀង
ដែលហៅថា “ឯកភាគមិលិន្ទប្បញ្ហា” នេះ ព្រោះជាចំណែកផ្នែកមួយក្នុងគម្ពីរមិលិន្ទប្បញ្ហាខាងចុង មិនទាន់មានលោក-អ្នកឯណាប្រែបោះពុម្ពផ្សាយជាភាសាខ្មែរនៅឡើយទេ។ ប៉ុន្តែសេចក្ដីស្រង់នឹងប្រែចេញមកនេះ មិនបានប្រែតាមច្បាប់បាលីដើមទាំងមូលទេ បានកាត់ចោលពាក្យបុច្ឆា-វិសជ្ជនា នឹងសេចក្ដីផ្សេងៗទៀតជាច្រើន ស្រង់យកតែត្រង់ឧបមានុបមេយ្យដែលចាត់ជាអង្គៗតាំងពីមានអង្គមួយជាដើមទៅ ហើយប្រែរៀបរៀងជាសេចក្ដីខ្លីៗងាយយល់ងាយស្ដាប់ សម្រាប់ជាផ្លូវប្រតិបត្តិរបស់សាធុជនទាំងឡាយ។
ឯគម្ពីរមិលិន្ទប្បញ្ហា ដែលព្រះសពព្រះឧត្ដមមុនីជាអ្នកប្រែរៀបរៀងហើយព្រះរាជបណ្ណាល័យបានចាត់ចែងបោះពុម្ពផ្សាយ ជាវេលាយូរមកហើយនោះ មាន ២ភាគ គឺភាគទី១ និងភាគទី២ ត្រឹមប៉ុណ្ណេះមិនទាន់ចប់សព្វគ្រប់ទេ នៅមានសេចក្ដីពិស្ដារវែងឆ្ងាយតទៅទៀតជាច្រើនប្រហែលជា ៤-៥ ភាគទៀត ទើបចប់សព្វគ្រប់តាមច្បាប់បាលីដើមឥឡូវ លោកអគ្គលេខាធិការនៃពុទ្ធសាសនបណ្ឌិត្យ កំពុងឱ្យចាត់ចែងប្រែនិងរៀបរៀងឱ្យត្រាតែចប់សព្វគ្រប់ ហើយក្រសួងពុទ្ធសាសនបណ្ឌិត្យ នឹងចាប់ផ្ដើមឱ្យបោះពុម្ពតសេចក្ដីពីភាគពីរនោះតរៀងទៅដល់តែចប់តាមច្បាប់បាលីដើម។
ក្នុងទីបំផុតនេះ យើងមានសង្ឃឹមថា ការស្រង់យកអង្គរបស់វត្ថុ ឬសត្វនានា មកប្រៀបធៀបនឹងអ្នកប្រតិបត្តិក្នុងព្រះពុទ្ធសាសនា ដើម្បីឱ្យងាយយល់សេចក្ដីនៃអាថ៌ធម៌នោះៗ នឹងមានប្រយោជន៍ដល់អ្នកសិក្សានិងអ្នកប្រតិបត្តិតាមច្បាប់ធម៌របស់ព្រះពុទ្ធសាសនានេះខ្លះមិនខាន។
ឃុននិពន្ធមន្ត្រី ញ៉ុក– ថែម
បណ្ឌិត នៅពុទ្ធសាសនបណ្ឌិត្យ
ឯកភាគនៃមិលិន្ទប្បញ្ហា
ពួកមានអង្គ ១
អង្គ ១ របស់សត្វលា
មិនចេះរើសដំណេក ក្នុងទីណាក៏ដេកបាន ហើយដេកមិនយូរពេក មិនច្រើនពេក។
សេចក្ដីនេះ ប្រៀបដូចអ្នកប្រតិបត្តិប្រកបដោយសេចក្ដីព្យាយាមមិនរើសដំណេក មានព្យាយាមមិនប្រមាទក្នុងបធានទាំង ៤ គឺព្យាយាមមិនឱ្យបាបកើតឡើងក្នុងសន្ដាន ១ ព្យាយាមលះបង់បាបដែលកើតឡើងហើយ ១ ព្យាយាមធ្វើកុសលឱ្យកើតឡើងក្នុងសន្ដាន ១ ព្យាយាមរក្សាកុសលដែលកើតឡើងហើយ មិនឱ្យសាបសូន្យទៅវិញ ១។
អង្គ ១ របស់កង្ហែន
កាលបើមានសត្រូវចូលមកជិត ក៏ពង់កន្ទុយឱ្យធំឡើង តស៊ូសត្រូវនឹងកន្ទុយនោះ មិនថយរត់គេចចេញ។
ប្រៀបដូចអ្នកប្រតិបត្តិ កាលកិលេសកើតឡើង ក៏គប្បីចម្រើនសតិបដ្ឋានទាំង ៤ តស៊ូច្បាំងនឹងកិលេសទាំងពួងដោយសតិបដ្ឋានទាំង ៤ ដូចកន្ទុយកង្ហែនដូច្នោះ។
អង្គ ១ របស់ខ្លាញី
មានផ្ទៃពោះតែម្ដង ហើយមិនចូលទៅជិតតួឈ្មោលតទៅទៀត។
ប្រៀបដូចអ្នកប្រតិបត្តិ សម្លឹងមើលឃើញចុតិបដិសន្ធិ គឺការច្យុតទៅចាប់បដិសន្ធិថ្មីទៀត ជាដំណើរគួរខ្លាច ព្រោះច្របូកច្របល់ទៅដោយទុក្ខវេទនាយ៉ាងពន្លឹក មានសុខត្រឹមមួយដង្ហើម តោងពទុក្ខជាវេលាយូរ តោងវិលវល់ដោយជាតិ ជរា ព្យាធិ មរណៈមិនចេះចប់ ទើបរាងចាលមិនចង់ចួបប្រសព្វ តាំងចិត្តបំពេញយោនិសោមនសិការៈធ្វើទុកក្នុងចិត្តដោយឧបាយប្រាជ្ញា ថានឹងមិនចាប់បដិសន្ធិក្នុងភពថ្មីតទៅទៀត។
អង្គ ១ របស់ប៉ី
អនុលោមទៅតាមផ្លូវមាត់ដែលគេផ្លុំ សូរមិនបែកខ្ចាត់ខ្ចាយទៅទីឯទៀត។
ប្រៀបដូចជាបុគ្គលដែលអនុលោមតាមនវង្គសត្ថុសាសនា ដែលសម្ដេចព្រះសម្មាសម្ពុទ្ធជាម្ចាស់ បានសម្ដែងទុកល្អហើយ តម្កល់ខ្លួននៅក្នុងកម្មមិនមានទោស ស្វែងរកតែសមណធម៌ប៉ុណ្ណោះ។
អង្គ ១ របស់ឃ្លោក
ធម្មតាឃ្លោករមែងបោះដៃទៅតោងស្មៅ ឈើស្ងួតឬវល្លិហើយវារឡើងលើវត្ថុនោះៗ ចម្រើនលូតលាស់ល្អ។
ប្រៀបដូចអ្នកប្រតិបត្តិ ប្រាថ្នានឹងធ្វើខ្លួនឱ្យចម្រើនលូតលាស់យ៉ាងក្រៃលែងក្នុងព្រះអរហត្ត គប្បីតាំងចិត្តចាប់យកព្រះអរហត្តជាអារម្មណ៍ ឱ្យដូចជាវល្លិឃ្លោកដែលមានដៃដូច្នោះ។
អង្គ ១ របស់ដើមភ្លៅនាង
ដុះងក្ងក់នៅក្រោមដី កាលបើចាស់ពេញទីហើយ ក៏ដុះផុសចេញបំបែកដីឡើងមក ដល់ ១០០ ហត្ថក៏មាន ឬជាងនេះក៏មាន។
ប្រៀបដូចអ្នកប្រតិបត្តិ ដែលស្វែងរកសាមញ្ញផល ៤ បដិសម្ភិទា ៤ អភិញ្ញា ៦ និងសមណធម៌ ក្នុងព្រៃស្ងាត់ដូច្នោះ។
អង្គ ១ របស់សសរក្ដោង
តែងទ្រទ្រង់ទុកនៅខ្សែយោង រ៉ក និងសន្លឹកក្ដោង។
ប្រៀបដូចបុគ្គលប្រកបដោយសតិនិងសម្បជញ្ញៈ ដឹងខ្លួនក្នុងខណៈធ្វើ ក្នុងខណៈនិយាយ ក្នុងខណៈគិតប្រចាំនៅជានិច្ចដូច្នោះ។
អង្គ ១ របស់អ្នកធ្វើការ
អ្នកធ្វើការដែលពូកែនោះ តែងគិតដូច្នេះថា អញធ្វើការគេដោយបំណងថ្លៃឈ្នួលឱ្យបានច្រើន អញមិនគួរខ្ជិលច្រអូស ធ្វេសប្រហែសការរបស់គេទេ គួរតែពិចារណាឱ្យគត់មត់ជាមុនសិននឹងធ្វើ ទើបបានការយ៉ាងល្អ។
ប្រៀបដូចអ្នកប្រតិបត្តិ ខំពិចារណាកាយដែលកើតឡើង អំពីធាតុទាំង ៤ គឺដី ទឹក ភ្លើង ខ្យល់ ឱ្យរឿយៗ ដោយសេចក្ដីមិនប្រមាទ មានស្មារតីខ្ជាប់ខ្ជួន រឭកដឹងខ្លួន មានចិត្តខ្ជាប់ខ្ជួនទៀងទាត់ នៅក្នុងអារម្មណ៍តែមួយ ក៏នឹងផុតរបូតចាកទុក្ខទាំងឡាយទៅបាន។
អង្គ ១ របស់កណ្ដៀរ
យកដីមកកជាដំបូកពីខាងលើ កាល់ខ្លួនពួននៅខាងក្រោមស្វែងរកអាហារបរិភោក្ដា។
ប្រៀបដូចអ្នកប្រតិបត្តិ ធ្វើសីលសំវរៈទុកដូចជាដំបូកគ្រឿងកំបាំងកាយ បិទទ្វារគឺចិត្ត រួចសឹមត្រាច់រង្គាត់ទៅ ក៏នឹងឆ្លងផុតភ័យទាំងពួងបាន។
អង្គ ១ របស់កណ្ដុរ
កាលត្រាច់រង្គាត់ទៅទីណាមួយ តែងប៉ុនប៉ងស្វែងរកតែអាហារមួយយ៉ាងប៉ុណ្ណោះ។
ប្រៀបដូចអ្នកប្រតិបត្តិ កាលត្រាច់ទៅកាន់ទីណានីមួយ ក៏ប៉ុនប៉ងខ្ជាប់ខ្ជួននៅក្នុងយោនិសោមនសិការៈតែមួយ ទោះបីងើបមើលងាកទៅម្យ៉ាងឆ្វេងខាងស្ដាំ ក៏ធ្វើចិត្តឱ្យខ្ជាប់នៅក្នុងធម៌ដោយឧបាយប្រាជ្ញាតែខាងប៉ុណ្ណោះ។
អង្គ ១ របស់ខ្ទួយ
មានកន្ទុយជាអាវុធ មានកន្ទុយងស្ទើតត្រាច់ទៅ។
ប្រៀបដូចអ្នកប្រតិបត្តិ មានប្រាជ្ញាញាណជាអាវុធ លើកប្រាជ្ញាញាណឡើងកម្ចាត់កិលេស បន្ទោបង់កិលេសដោយលំដាប់ បើកងកិលេសនៅមាន ក៏តាំងចិត្តតស៊ូដោយវិធីសំលៀងអាវុធ គឺញាណឱ្យមុតស្រួចទាល់តែអាចកម្ចាត់កងកិលេសបានជ្រះស្រឡះ ភ័យទាំងពួងក៏មិនអាចមកញាំញីគ្របសង្កត់បាន។
អង្គ ១ របស់ស្ការ
កាលចូលទៅជិតពស់ វាតែងយកថ្នាំលាបខ្លួនវាជាមុនហើយទើបចូលទៅចាប់ខាំពស់។
ប្រៀបដូចអ្នកប្រតិបត្តិ កាលចូលទៅជិតបុគ្គលដែលច្រើនទៅដោយកម្លាំងឃោរឃៅ ហើយជាអ្នកតែងឈ្លោះវិវាទគ្នា គ្របសង្កត់សន្ដានចិត្តផង ក៏យកថ្នាំគឺមេត្តាលាបឱ្យសព្វខ្លួនហើយរម្លត់កំហឹងខឹងឃោរឃៅជាដើមនោះចេញ ធ្វើសន្ដានរបស់ខ្លួននឹងជនទាំងឡាយឱ្យត្រជាក់ស្រួលដោយមេត្តាភាវនា។
អង្គ ១ របស់សត្វចាប
នៅអាស្រ័យនឹងផ្ទះអ្នកដទៃ មិនដែលកាន់យកឬលួចយករបស់អ្វីមួយនៅក្នុងផ្ទះនោះឡើយ មានចិត្តទៀងទាត់ ច្រើនទៅដោយសញ្ញា (ការចាំ)។
ប្រៀបដូចអ្នកប្រតិបត្តិ កាលនឹងចូលទៅកាន់ត្រកូលណានីមួយ មិនគប្បីកាន់យកនិមិត្ត ក្នុងបុគ្គលនឹងរបស់អ្វីនីមួយក្នុងត្រកូលនោះៗ ទោះបីបុរស ស្ត្រី ទីដេក ទីអង្គុយ គ្រឿងឧបភោគបរិភោគ និងគ្រឿងប្រើប្រាស់ផ្សេងៗ គប្បីជាអ្នកមធ្យ័តប្រយត្នខ្លួន តាំងសមណសញ្ញាឱ្យប្រាកដច្បាស់ទុកក្នុងចិត្តជានិច្ច។
អង្គ ១ របស់ក្អែក
កាលស្រែកយំឡើង តែងប្រាប់ហេតុល្អឬអាក្រក់ មុខគួរឱ្យខ្លាចដល់មនុស្សដទៃ។
ប្រៀបដូចអ្នកប្រតិបត្តិ កាលនឹងសម្ដែងធម៌ដល់ជនដទៃ គប្បីសម្ដែងហេតុផលទាំងល្អទាំងអាក្រក់ ឱ្យមានឡាក់ឋានជាគ្រឿងអាងឱ្យអ្នកស្ដាប់មានសេចក្ដីសង្វេគស្លុតចិត្ត ហើយឱ្យមានចិត្តសប្បាយរីករាយក្នុងការប្រតិបត្តិតាមធម៌។
អង្គ ១ របស់ឈ្លើង
ទាមមនុស្សឬសត្វណា ក៏ចាប់កោះមនុស្សឬសត្វនោះយ៉ាងខ្ជាប់ខ្ជួន ហើយស្រូបយកលោហិត។
ប្រៀបដូចអ្នកប្រតិបត្តិ គប្បីចាប់យកអារម្មណ៍ណាមួយមកទុកឱ្យជាប់នាំនៅក្នុងចិត្ត ពិចារណាឱ្យឃើញច្បាស់ដោយពណ៌សណ្ឋានដោយនិមិត្ត ហើយគប្បីជញ្ជក់យករសគឺវិមុត្តិឱ្យបាន។
អង្គ ១ របស់ពស់ថ្លាន់
ជាសត្វធំ មានរាងកាយធំ ទុកជាមានពោះស្ងួតក្រៀមជាច្រើនថ្ងៃ ព្រោះស្វែងរកអាហារមិនបានពេញពោះ កាលធាត់ធំពេញបន្ទុកហើយ តែងចិញ្ចឹមជីវិតឱ្យល្មមតែរាងកាយទ្រទ្រង់នៅបានប៉ុណ្ណោះ។
ប្រៀបដូចអ្នកប្រតិបត្តិ បំពេញព្យាយាមខ្វល់ខ្វាយដើរបិណ្ឌបាតអាស្រ័យដុំបាយរបស់អ្នកស្រុក មានបំណងតែដុំបាយដែលគេឱ្យ វៀរចាកស្លដណ្ដាំខ្លួនឯង ស្វែងរកអាហារឱ្យបានពេញពោះបានដោយកម្រ សូម្បីបានអាហារមកច្រើនក៏ឆាន់តែល្មមប្រមាណ ដល់គ្រាបានអាហារតិចត្រឹម ៤-៥ ម៉ាត់ ក៏យកមកច្របល់ច្របាច់ឆាន់ (ល្មមតែទ្រទ្រង់ជីវិតឱ្យគង់វង់នៅប៉ុណ្ណោះ)។
អង្គ ១ របស់សត្វពីងពាងធ្វើសម្បុកក្បែរផ្លូវ
ហូតទាញសរសៃក្រាលសំណាញ់នៅក្បែរផ្លូវ បើមានរុយឬមមង់ហើរទៅប៉ះជាប់នៅនឹងសំណាញ់នោះ ពីងពាងក៏ចាប់សត្វដែលជាប់នៅនឹងសំណាញ់នោះស៊ីជាអាហារ។
ប្រៀបដូចអ្នកប្រតិបត្តិ ចម្រើនសតិបដ្ឋានដូចសរសៃពីងពាងហើយបិទទ្វារទាំង ៦ ទុក បើមានកិលេសដូចជារុយកើតឡើងក៏គប្បីកម្ចាត់បង់ដោយសតិប្បដ្ឋាននោះភ្លាមទៅ។
អង្គ ១ របស់ទារកបៅដោះ
រឭកឡើងចង់រកតែបៅដោះ ស្រែកយំអង្វរសុំដោះម្ដាយបៅតាមសេចក្ដីស្រេកឃ្លានរបស់ខ្លួន។
ប្រៀបដូចបុគ្គលអ្នករក្សាប្រយោជន៍របស់ខ្លួនទុក ជាអ្នកគាប់ចិត្តតែក្នុងប្រយោជន៍ខ្លួន ឧស្សាហ៍សាកសួរការសង្ស័យ គាប់ចិត្តប្រកបព្យាយាមត្រូវនៅក្នុងសេនាសនៈស្ងាត់ នៅរួមនឹងអ្នកចេះដឹងទាំងឡាយ គប់កល្យាណមិត្តទុកជាគូរួមសុខរួមទុក្ខក្នុងករណីកិច្ចទូទៅ។
អង្គ ១ របស់ក្អម
ក្អមដែលមានទឹកពេញប្រៀប ទុកជាមានគេគោះ ក៏មិនមានឮសូរសព្ទរំពងឡើយ។
ប្រៀបដូចអ្នកប្រតិបត្តិបានដល់ថ្នាក់កល្យាណជនពេញទី ឬមួយបានសម្រេចអរិយមគ្គអរិយផលហើយ ក៏មិនបានអួតអាងប្រកាសប្រាប់គេឯង ទាំងមិនជាប់ចិត្តនឹងលាភសក្ការៈ ដែលកើតឡើងតាមធម្មតា ព្រោះតែគុណវិសេសនោះ ជាអ្នកកម្ចាត់មានះបានហើយ កម្ចាត់អំនួតបានហើយ ជាអ្នកត្រង់ទៅត្រង់មក មានវាចាមិនសាហាវ មានកាយមិនក្រអេតក្រអឺត ជាអ្នកសុភាពរៀបរយជានិច្ច។
ពួកមានអង្គពីរ
អង្គ ២ របស់ខ្លាឈ្មោល
១- លាក់ខ្លួនពួននៅក្នុងទីស្ងាត់ ចាំលោតចាប់ពួកសត្វម្រឹគស៊ីជាអាហារ។
២- សត្វណានីមួយ ដែលវាចាប់បានហើយ បើដួលទៅខាងឆ្វេងក៏មិនព្រមស៊ី។
ប្រៀបដូចអ្នកប្រតិបត្តិប្រកបដោយអង្គសម្បត្តិ ២ ប្រការគឺ ៖
១- សេពសេនាសនៈដ៏ស្ងាត់ ចម្រើនភាវនាត្រាតែស្ទាត់ជំនាញក្នុងអភិញ្ញា ៦។
២- មិនបរិភោគភោជនាហារដែលសម្រេចដោយមិច្ឆាជីវៈ ដែលព្រះពុទ្ធទ្រង់ត្មិះដៀលនឹងដែលកើតមកអំពីអនេសនកម្ម យ៉ាងដូចខ្លាដំបងមិនព្រមស៊ីសត្វដែលដួលទៅខាងឆ្វេង ដូច្នោះ។
អង្គ ២ របស់សត្វក្អែក
១- មានសេចក្ដីរង្កៀសសង្ស័យជុំខ្លួនប្រយត្នខ្លួនដើរហើររកស៊ី។
២- ចួបប្រទះចំណីណានីមួយ គឺសាកសពឬសេសអាហារចំណី ក៏ស្រែកហៅពួកញាតិជាតិក្អែកផងគ្នាមកស៊ីជាមួយគ្នា។
ប្រៀបដូចអ្នកប្រតិបត្តិប្រកបដោយអង្គសម្បត្តិ ២ ប្រការ គឺ ៖
១- មានសេចក្ដីរង្កៀសខ្ពើមអំពើទុច្ចរិតសង្រួមឥន្រ្ទិយដោយសតិដ៏ខ្ជាប់ខ្ជួន តាំងចិត្តរក្សាការពារទ្វារទាំង ៦ គ្រប់ឥរិយាបថ។
២- បានលាភសក្ការៈយ៉ាងណាៗដែលប្រកបដោយធម៌ ដែលកើតឡើងដោយធម៌ ដោយហោចទៅគ្រាន់តែដុំបាយក្នុងបាត្ររបស់ខ្លួន ក៏គាប់ចិត្តបែងចែកលាភនោះៗដល់ពួកសព្រហ្មចារីដ៏មានសីលទាំងឡាយ មិនហួងហែងបរិភោគតែម្នាក់ឯង។
អង្គ ២ របស់ស្វា
១- អាស្រ័យនៅនឹងទីកន្លែងដូចដើមឈើធំ ដ៏ស្ងប់ស្ងាត់ មានមែនធាងត្រឈឹងត្រឈៃសាយចេញទៅ ជាលំនៅល្មមការពារសេចក្ដីភិតភ័យរបស់ខ្លួនបាន។
២- ដើរក្រោកអង្គុយនៅចំពោះជួរដើមឈើណា លុះវេលាព្រលប់យប់ក៏ឈប់ដេកនៅនឹងដើមឈើនោះឯង។
ប្រៀបដូចបុគ្គលដែលប្រកបដោយអង្គសម្បត្តិ ២ ប្រការ ៖
១- នឹងនៅទីណានីមួយ គប្បីរើសរកសេពគប់សព្រហ្មចារី ដែលមានខ្មាស មានសីលជាទីស្រឡាញ់ មានកល្យាណធម៌ ជាពហូសូត ទ្រង់ធម៌មុខគួរស្រឡាញ់ គួរគោរព គួរសរសើរ ណែនាំប្រៀនប្រដៅឱ្យស្គាល់ល្អស្គាល់អាក្រក់ សម្ដែងគុណនិងទោសតាមពិតដឹកនាំក្នុងផ្លូវល្អឱ្យមានចិត្តក្លាហានរីករាយក្នុងផ្លូវប្រតិបត្តិ កាលបើបានមិត្តសព្រហ្មចារីបែបនេះទើបសេពគប់ទុកជាកល្យាណមិត្តនៅអាស្រ័យជាមួយផង។
២- បែរមុខសំដៅព្រៃណា ក៏គប្បីឈរចង្ក្រម ដេក អង្គុយ ចម្រើនសតិបដ្ឋាននៅក្នុងព្រៃនោះ។
អង្គ ២ របស់ពូជស្រូវ
១- ពូជស្រូវមានប្រមាណតិច ដែលបុគ្គលព្រោះសាបទុកក្នុងស្រែមានដីជីជាតិល្អ មានភ្លៀងធ្លាក់ចុះមកធ្វើឱ្យជោកឫសនិងសន្លឹកជានិច្ចពូជស្រូវនោះក៏បង្កើតផលជាច្រើន។
២- ពូជស្រូវដែលបុគ្គលព្រោះសាបទុកក្នុងស្រែដែលបានគាស់រានល្អហើយ រមែងដុះលូតលាស់ល្អដោតរួសរាន់។
ប្រៀបដូចអ្នកប្រតិបត្តិប្រកបដោយអង្គសម្បត្តិ ២ ប្រការ ៖
១- សីលដែលរក្សាល្អហើយ ជាអនុបុព្វបដិបទាដែលអាចឱ្យផលជាច្រើនតាំងអំពីមនុស្សសម្បត្តិ សម្បត្តិសួគ៌ ហើយជាបច្ច័យឱ្យបានសម្បត្តិព្រះនិព្វាន តាមសមគួរដល់ការប្រតិបត្តិនោះ ៗ ផង។
២- ទប់រាំងរាចិត្តទុក នៅក្នុងទីស្ងាត់ ជម្រះចិត្តឱ្យស្អាតថ្លាដោយសតិបដ្ឋាន គឺតម្កល់ចិត្តទុកឱ្យខ្ជាប់នៅក្នុង កាយ វេទនា ចិត្តនឹងធម៌ ហើយឧស្សាហ៍ពិចារណាឱ្យឃើញតាមសភាពពិត ទាល់តែចិត្តស្ងប់កើតបញ្ញាជាហេតុនាំមកនូវផលដ៏ល្អប្រពៃដោយឆាប់ដូចពូជស្រូវ ដែលគេបានព្រោះសាបក្នុងដីស្រែដែលមានជីជាតិល្អដូច្នោះ។
អង្គ ២ របស់ទូកគឿងក្នុងសមុទ្ទ
១- ទូកដែលគឿងក្នុងមហាសមុទ្ទ ដែលមានផ្ទៃទឹកញាប់ញ័រគឹកកងដោយរលកតូចធំក៏ជាប់ណែននៅមិនរួចរបូតទៅទិសផ្សេងៗឡើយ។
២- អណ្ដែតឡើងលើមិនបាន តែលិចស្រឹមទៅក្នុងទឹកជ្រៅ។
ប្រៀបដូចអ្នកប្រតិបត្តិប្រកបដោយអង្គសម្បត្តិ ២ ប្រការ ៖
១- ទប់រាំងរាចិត្តដែលមានរាគៈ ទោសៈ មោហៈ ដូចខ្សែរលកទឹកមកគ្រប់សង្កត់ហើយច្រើនតែធ្លាក់ទៅក្នុងអំណាចអកុសលវិតក្ក តម្កល់ចិត្តខ្ជាប់ខ្ជួនក្នុងកុសលវិតក្កទាំងឡាយមិនឱ្យរសាប់រសល់ទៅមក។
២-កាលគ្រាមាន លាភ យស សរសើរ សុខ ជាដើមក៏មិនឡើងជោរទៅតាម ដល់គ្រាសាបសូន្យចាកលាភ យសជាដើម ក៏មិនចិត្តគប្បីតាំងចិត្តឱ្យខ្ជាប់ខ្ជួន មិនរញ្ជួយទៅតាមអំណាចឥដ្ឋារម្មណ៍និងអនិដ្ឋារម្មណ៍។
អង្គ ២ របស់ឆ្មា
១- សូម្បីនៅក្នុងទីណាក្ដី ដូចក្នុងគុហាច្រកភ្នំឬនិងផ្ទះសំបែង ក៏តែងតែស្វែងរកតែកណ្ដុរប៉ុណ្ណោះក្នុងទីនោះៗ។
២- ស្វែងអាហារស៊ីតែក្នុងទីជិតៗប៉ុណ្ណោះ។
ប្រៀបដូចអ្នកប្រតិបត្តិប្រកបដោយអង្គសម្បត្តិ ២ ប្រការ ៖
១- ទោះនៅក្នុងទីណាៗជាដើម គឺក្នុងព្រៃព្រឹក្សាក្ដី គល់ឈើក្ដី កណ្ដាលវាលក្ដី ក្នុងផ្ទះស្ងាត់ក្ដី គប្បីមិនប្រមាទក្នុងទីនោះៗ ចម្រើនកាយគតាសតិជានិច្ច ដូចជាឆ្មាតែងស្វែងរកអាហារជានិច្ច។
២- មានឧទយព្វយានុបស្សនាធម៌ជាគ្រឿងនៅ គឺឧស្សាហ៍ពិចារណា សេចក្ដីកើតនឹងរលត់នៃបញ្ចក្ខន្ធជាបច្ចុប្បន្ន ទាល់តែកើតចក្ខុគឺដួងភ្នែកមើលឃើញហេតុកើតនឹងរលត់នៃបញ្ចក្ខន្ធនោះតាមដោយពិត ទើបបានចេះប្រើបញ្ចក្ខន្ធឱ្យជាប្រយោជន៍ អាចចាប់យកប្រយោជន៍ក្នុងលោកនេះ ប្រយោជន៍ក្នុងលោកខាងមុខនិងប្រយោជន៍ដ៏ធំបំផុតគឺព្រះនិព្វាន ព្រោះអាស្រ័យឧទយព្វយានុប្សនាធម៌នេះឯង។
អង្គ ២ របស់សត្វចចក
១- បានអាហារហើយ មិនខ្ពើមស៊ីទាល់តែឆ្អែត។
២- បានអាហារមកហើយ មិនរើសថាល្អឬអាក្រក់ ស៊ីបានទាំងអស់។
ប្រៀបដូចអ្នកប្រតិបត្តិប្រកបដោយអង្គសម្បត្តិ ២ ប្រការ ៖
១- បានអាហារមកហើយមិនស្អប់ខ្ពើម បរិភោគតែល្មមញ៉ាំងអត្តភាពឱ្យប្រព្រឹត្តទៅបានប៉ុណ្ណោះ។
២- លុះបានអាហារមកហើយ មិនរើសថាល្អឬអាក្រក់ ត្រូវមាត់ឬមិនត្រូវមាត់ រមែងមានចិត្តត្រេកអរតាមមានតាមបាន។
អង្គ ២ របស់ជ្រូកព្រៃ
១- កាលដល់រដូវក្ដៅ ដែលមានកម្ដៅខ្លាំងតែងចុះប្រឡូកនៅតែក្នុងទឹក។
២- ប្រទះទឹកឥតភក់របាប់ ក៏យកច្រមុះញីញក់ដីធ្វើឱ្យទៅជាភក់របាប់ ហើយចុះដេកត្រាំ។
ប្រៀបដូចអ្នកប្រតិបត្តិប្រកបដោយអង្គសម្បត្តិពីរប្រការគឺ ៖
១- កាលចិត្តកើតអផ្សុកមួម៉ៅ ក៏ចម្រើនមេត្តាភាវនា ដ៏ជាធម៌ត្រជាក់ផូរផង់។
២-ចម្រើនកាយគតាសតិខ្ជាប់មាំនៅក្នុងចិត្តហាមរាំងរាអារម្មណ៍ខាងក្រៅមិនឱ្យគ្របសង្កត់ចិត្ត។
អង្គ ២ របស់សត្វមៀម
១- ជាសត្រូវនឹងក្អែក វេលាយប់តែងហើរទៅរកហ្វូងក្អែកហើយចឹកដល់ហ្វូងក្អែកពេញបន្ទុក។
២- លាក់ខ្លួនពួនសម្ងំនៅក្នុងព្រៃយ៉ាងស្ងប់។
ប្រៀបដូចអ្នកប្រតិបត្តិប្រកបដោយអង្គសម្បត្តិ ២ ប្រការគឺ ៖
១- ត្រាច់ទៅបិណ្ឌបាតក្នុងលង្វែកផ្ទះតាមលំដាប់ច្រក ទោះបីបានក៏ដោយ មិនបានក៏ដោយ ក៏រួសរាន់ត្រឡប់មកវិញ មិនជាប់ចិត្តនៅនឹងផ្ទះនោះៗ។
២- ចូលទៅកាន់ត្រកូលណានីមួយ មិនបង្កសេចក្ដីក្ដៅក្រហាយដល់ត្រកូលនោះៗ ដូចជាហៃសុំច្រើនជាងពាក្យ មិនបំផ្លាញការងាររបស់គេ មានតែធ្វើឱ្យគេបានសេចក្ដីចម្រើនឡើងតាមទំនងគន្លងធម៌។
អង្គ ២ របស់ព្រានសន្ទូច
១- ស្ទូចត្រីដោយសន្ទូច។
២- ខូចបង់នុយតែបន្តិច បានត្រីធំ។
ប្រៀបដូចអ្នកប្រតិបត្តិប្រកបដោយអង្គសម្បត្តិ ២ ប្រការ គឺ ៖
១- បានសម្រេចសាមញ្ញផលដ៏ឧត្ដមដោយញាណដែលទុកដូចជាសន្ទូចស្ទូចត្រី។
២- លះបង់លោកាដូចជានុយ ដែលជារបស់បន្តិចបន្តួចក៏បានសម្រេចក្នុងសាមញ្ញផលដ៏បរិបូណ៌។
អង្គ ២ របស់ជាងចាំង
១– ចាំងឈើតាមខ្សែបន្ទាត់។
២– ចាំងយកសាច់សម្បកស្រាយចេញទុកតែខ្លឹម។
ប្រៀបដូចអ្នកប្រតិបត្តិប្រកបដោយអង្គសម្បត្តិ ២ ប្រការគឺ ៖
១- ប្រតិបត្តិអនុលោមទៅតាមពាក្យប្រៀនប្រដៅរបស់សម្ដេចព្រះជិនស្រីឈរលើផែនដី គឺសីល ចាប់កាន់ពូថៅ គឺបញ្ញា យកដៃគឺសទ្ធា ហើយចាំងកិលេសទាំងឡាយឱ្យស្ងួតហួតហែងទៅចាកខន្ធសន្តាន។
២- លះបង់ចោលមិច្ឆាទិដ្ឋិ ដូចជាសាច់ជ្រាយ ដែលមានសស្សតទិដ្ឋិនិងឧច្ឆេទទិដ្ឋិជាដើមចេញ រើសយកតែធម៌ដែលមានខ្លឹមសារប៉ុណ្ណោះ។
អង្គ ២ របស់ថ្នាំរម្ងាប់ពិស
១– មិនមានដង្កូវកើតឡើងក្នុងថ្នាំពិស។
២– រម្ងាប់ពិសបានគ្រប់យ៉ាង។
ប្រៀបដូចអ្នកប្រតិបត្តិប្រកបដោយគុណសម្បត្តិ ២ ប្រការ គឺ ៖
១- មិនបង្កកិលេសដូចជាដង្កូវឱ្យកើតក្នុងចិត្ត។
២- កម្ចាត់រាគៈ ទោសៈ មានៈ ទិដ្ឋិ ដូចជាពិសចោលចេញ
ពួកមានអង្គ ៣
អង្គ ៣ របស់ផ្កាឈូក
១– ដុះឡើងក្នុងទឹក ធំចម្រើនក្នុងទឹក តែមិនជាប់ទឹកឡើយ។
២– ដុះផុតអំពីទឹកក៏អណ្ដែតនៅលើទឹក។
៣– ត្រូវខ្យល់បក់តែបន្តិចបន្តួច ក៏រញ្ជួយសន្លឹកយេកយោកទៅមក។
ប្រៀបដូចអ្នកប្រតិបត្តិ ប្រកបដោយអង្គសម្បត្តិ ៣ ប្រការគឺ ៖
១- មិនជាប់ចិត្តនឹងត្រកូលនិងពួកគណៈ លាភ យស សរសើរ សុខ ហើយនិងបច្ច័យជាគ្រឿងបរិភោគទាំងឡាយដរាបដល់មិនជាប់ចំពាក់ ដោយកិលេសទាំងអស់។
២-គ្របសង្កត់លោកធម៌ទាំងពួងបានហើយ ផុសអណ្ដែតនៅក្នុងលោកុត្តរធម៌។
៣- តាំងសង្រួមចិត្តមិនឱ្យភ្លាត់ទៅក្នុងកិលេស សូម្បីតែបន្តិចបន្តួចក៏ដោយ មានប្រក្រតីឃើញកិលេសបន្តិចបន្តួចជាសភាពគួរខ្លាចជានិច្ច។
អង្គ ៣ របស់សំពៅ
១– ផ្ទុកជនជាច្រើនឱ្យបានឆ្លងទៅដល់ត្រើយ។
២– តទល់ទ្រាំទ្រនឹងកម្លាំងទឹករលកបោកបក់នឹងខ្សែទឹកហូរឬខ្សែទឹកវិលវល់បាន។
៣– បើកចេញទៅក្នុងមហាសមុទ្ទ ដ៏ធំធេងមានជម្រៅជ្រៅពន្លឹកដ៏ដេរដាសដោយហ្វូងមច្ឆាតូចធំជាច្រើន។
ប្រៀបដូចអ្នកប្រតិបត្តិដោយអង្គសម្បត្តិ ៣ ប្រការគឺ ៖
១- ចម្លងជញ្ជូនសត្វក្នុងមនុស្សលោក ព្រមទាំងទេវលោកឱ្យបានឆ្លងដល់ត្រើយ ដោយអំណាចសេចក្ដីព្រមព្រៀងនៃគុណធម៌ទុកដូចជានាវា គឺ សីលគុណនិងវត្តប្រតិបត្តិជាដើម។
២- អត់ទ្រាំតទល់នឹងកម្លាំងកិលេស គឺលោកធម៌ទាំង ៨ ប្រការដែលមានឧបមាដូចរលកទឹក
៣- ខ្វល់ខ្វាយកសាងបារមី ដែលជាសេចក្ដីប្រតិបត្តិបង្អោនទៅរកសញ្ញាទាំង ១០ ប្រការ ធ្វើចិត្តឱ្យត្រាច់ទៅក្នុងអរិយសច្ច ៤ មានបរិវដ្ត ៣ មានអាការ ១២។
អង្គ ៣ របស់នាយសំពៅ
១– មានស្មារតីល្អមិនធ្វេសប្រហែស ទាំងយប់ទាំងថ្ងៃ ចាំគន់ថែរក្សាត្រួតត្រាសំពៅ។
២– ផ្លូវជើងទឹកគ្រប់ទិស នាយសំពៅត្រូវតែដឹងសព្វអន្លើក្នុងមហាសមុទ្ទនោះ ទុកជាផ្លូវមានគ្រោះថ្នាក់ឬគ្មាន នាយសំពៅក៏ត្រូវដឹងទាំងអស់។
៣– តាំងត្រីវិស័យដោយខ្លួនឯង មិនឱ្យអ្នកដទៃមកប៉ះពាល់ប្រយត្នសំពៅ មិនឱ្យមានអន្តរាយ
ប្រៀបដូចអ្នកប្រតិបត្តិប្រកបដោយអង្គសម្បត្តិ ៣ ប្រការគឺ ៖
១- ជាអ្នកមិនប្រមាទទាំងយប់ទាំងថ្ងៃជានិច្ច ទប់រក្សាចិត្តដោយយោនិសោមនសិការៈ។
២- ចេះដឹងច្បាស់លាស់នូវធម៌ទាំងឡាយ ដែលជាកុសលអកុសល មានទោសឥតទោសដែលគួរសេពមិនគួរសេព អាក្រក់និងល្អ ជាកណ្ហធម៌និងសុក្កធម៌។
៣- តាំងចិត្តសង្រួមដូចជាត្រីវិស័យទុកក្នុងចិត្ត ហាមចិត្តមិនឱ្យត្រិះរិះទៅក្នុងអកុសលវិតក្ក សូម្បីជាអំពើលាមកបន្តិចបន្តួចក៏ដោយ។
អង្គ ៣ របស់ព្រះឥន្ទ
១– ពោរពេញទៅដោយសេចក្ដីសុខជាទីបំផុត។
២– ជាកំពូលនៃទេវតាទាំងឡាយៗ តែងលើកសរសើរនាំ ឱ្យកើតសេចក្ដីសប្បាយរីករាយយ៉ាងក្រៃលែង។
៣- មិនដែលកើតចិត្តនឿយណាយក្នុងទិព្វសម្បត្តិ។
ប្រៀបដូចអ្នកប្រតិបត្តិប្រកបដោយអង្គសម្បត្តិ ៣ ប្រការគឺ ៖
១- ជាអ្នកត្រេកអរយ៉ាងក្រៃលែង ក្នុងសេចក្ដីសុខដែលកើតអំពីសេចក្ដីស្ងប់ស្ងាត់ដ៏ក្រៃលែងប៉ុណ្ណោះ។
២- ផ្គូផ្គងចិត្តឱ្យរីករាយ មិនខ្ជិលច្រអូសស្ងប់រម្ងាប់នៅក្នុងកុសលធម៌ទាំងឡាយ កើតសេចក្ដីរីករាយ ឧស្សាហ៍ព្យាយាមបំពេញកុសលធម៌ទាំងឡាយ។
៣- មិនដែលកើតចិត្តនឿយណាយនឹងផ្ទះស្ងាត់ទំនេរនោះឡើយ។
អង្គ ៣ របស់សត្វទ្រាយ
១- នៅក្នុងព្រៃតែវេលាថ្ងៃ លុះដល់យប់តែងចេញទៅនៅក្នុងទីវាល។
២- គេចចៀសលំពែងឬកូនសរ ដែលធ្លាក់មកត្រូវលើខ្លួនផុតរបូតទៅបាន ហើយមិនដែលបង្អោនកាយទៅរកកូនសរនោះឡើយ។
៣- កាលបានមកប្រទះនឹងមនុស្សហើយ ក៏លាក់ខ្លួនពួនសម្ងំនៅក្នុងទីណានីមួយ មិនឱ្យមនុស្សមើលឃើញខ្លួនឡើយ។
ប្រៀបដូចអ្នកប្រតិបត្តិប្រកបដោយអង្គសម្បត្តិ ៣ ប្រការគឺ ៖
១- វេលាថ្ងៃនៅតែក្នុងព្រៃ ដល់យប់ចេញមកនៅកណ្ដាលវាល។
២- កាលកិលេសកើតឡើង ក៏ចៀសគេចរត់ចេញមិនបង្អោនចិត្តទៅច្របូកច្របល់នឹងកិលេសទាំងនោះឡើយ។
៣- ឃើញជនដទៃបង្កជម្លោះវិវាទ ឬទ្រុស្តសីលខ្ជិលច្រអូស ក៏គេចចៀសវាងឱ្យឆ្ងាយទៅ មិនឱ្យជនទាំងនោះឃើញ ទាំងខ្លួនឯងសោតក៏មិនចង់ចួបប្រទះនឹងជនទាំងនោះឡើយ។
អង្គ ៣ របស់សត្វចាក្រពាក
១- មិនបោះបង់ចោលគូស្រកររបស់ខ្លួនដរាបអស់ជីវិត។
២- មានស្លែ សារាយ និងចកពងទឹកជាអាហារ ក៏ពេញចិត្តត្រេកអរដោយអាហារនោះ ទុកជាត្រេកអរដោយអាហារបែបនេះ ក៏មិនរៀវរោយខ្សោយកម្លាំង និងសម្បុរកាយទៅឡើយ។
៣- មិនបៀតបៀនជីវិតសត្វដទៃឡើយ។
ប្រៀបដូចអ្នកប្រតិបត្តិប្រកបដោយអង្គសម្បត្តិ ៣ ប្រការគឺ ៖
១- មិនលះបង់យោនិសោមនសិការៈ ដរាបដល់អស់ជីវិត។
២- ជាអ្នកសន្ដោស ទុកជាសន្ដោសដូច្នេះ ក៏មិនសាបសូន្យចាកកុសលធម៌ទាំងពួងឡើយ ត្រឡប់ជាបរិបូណ៌ដោយសីល សមាធិ បញ្ញា វិមុត្តិញ្ញាណទស្សនៈ។
៣- មានសេចក្ដីខ្មាសអៀនមិនហ៊ានកន្លងល្មើសអំពើដែលគួរខ្មាស មិនបៀតបៀនជីវិតសត្វទូទៅ មានចិត្តប្រកបដោយមេត្តាករុណាក្នុងពួកសត្វទាំងពួង។
អង្គ ៣ របស់ពស់
១-លូនវារទៅដោយដើមទ្រូង។
២- លូនទៅប្រទះនឹងដើមស្មៅ ក៏គេចចេញឱ្យផុតពីដើមស្មៅ។
៣- ប្រទះនឹងមនុស្ស ក៏កើតសេចក្ដីក្ដៅក្រហាយចិត្តភិតភ័យ គិតតែគេចចៀសឱ្យផុតទៅ។
ប្រៀបដូចអ្នកប្រតិបត្តិប្រកបដោយអង្គសម្បត្តិ ៣ ប្រការគឺ ៖
១- ត្រាច់ទៅដោយប្រាជ្ញា វៀរចាករបស់ដែលមិនមែនជាលក្ខណៈចម្រើនតែរបស់ដែលជាលក្ខណៈ គឺព្រះត្រៃលក្ខណ៍។
២- វៀរចាកទុច្ចរិត។
៣- ចួនជាកើតសេចក្ដីត្រិះរិះទៅក្នុងវិតក្កខុសហើយ ក៏កើតសេចក្ដីមិនពេញចិត្តខ្លួនឯង មានសេចក្ដីក្ដៅក្រហាយ ស្ដាយក្រោយ ហើយផ្លាស់ចិត្តគំនិត មកត្រិះរិះក្នុងកុសលវិតក្កវិញភ្លាម ជាអ្នកមិនប្រមាទ ព្រោះយប់ថ្ងៃកន្លងទៅហើយ មិនត្រឡប់មកវិញឡើយ។
អង្គ ៣ របស់ដើមឈើ
១- ទ្រទ្រង់នូវផ្លែនិងផ្កា។
២- ឱ្យពួកមនុស្សចូលអាស្រ័យម្លប់បាន។
៣- មានម្លប់ផ្សាយចេញទៅជានិច្ច មនុស្សចូលទៅអាស្រ័យបានគ្រប់គ្នាមិនរើសមុខ។
ប្រៀបដូចអ្នកប្រតិបត្តិប្រកបដោយអង្គសម្បត្តិ ៣ ប្រការគឺ
១- ទ្រទ្រង់នូវផលគឺវិមុត្តិ និងផ្កាគឺសាមញ្ញធម៌។
២- កាលបើមានភ្ញៀវចូលមករកក៏ទទួលរាក់ទាក់ ដោយអាមិសប្បដិសណ្ឋារៈនិងធម្មប្បដិសណ្ឋារៈ។
៣- មានសេចក្ដីស្មើភាគ ប្រាសចាកអគតិ ៤ ប្រការ ចម្រើនមេត្តាភាវនាដល់សព្វសត្វទូទៅស្មើភាគគ្នា។
អង្គ ៣ របស់ឆត្រ
១- សម្រាប់បាំងនៅលើក្បាល។
២- ការពារក្បាលឱ្យត្រជាក់ស្រួល។
៣- បង្ការថ្ងៃនិងភ្លៀងបាន។
ប្រៀបដូចអ្នកប្រតិបត្តិប្រកបដោយអង្គសម្បត្តិ ៣ ប្រការគឺ ៖
១- ជាអ្នកត្រាច់ទៅលើកិលេសទាំងឡាយ។
២- ទំនុកបម្រុងយោនិសោមនសិការឱ្យកាន់តែចម្រើនៗឡើង។
៣- កម្ចាត់ថ្ងៃគឺភ្លើង ៣ កង ភ្លើងគឺរាគៈ ភ្លើងគឺទាសៈ ភ្លើងគឺមោហៈ និងភ្លៀងគឺកិលេសចេញបាន។
អង្គ ៣ របស់ស្រែ
១- បរិបូណ៌ដោយប្រឡាយទឹក សម្រាប់អ្នកស្រែអាស្រ័យបង្ហូរចូលទៅក្នុងស្រែរក្សាស្រូវសន្ទូង។
២- បរិបូណ៌ដោយភ្លឺ សម្រាប់អ្នកស្រែទប់ទឹកទុកទំនុកបម្រុងដើមស្រូវឱ្យមានផ្លែផ្កា។
៣- បរិបូណ៌ដោយកួរស្រូវ ញ៉ាំងម្ចាស់ស្រែឱ្យសប្បាយចិត្ត ទោះបីគេព្រោះសាបព្រួសតែ បន្តិចបន្តួចក៏មានផលច្រើន បើព្រោះសាបពូជច្រើន ក៏កាន់តែមានផលច្រើនឡើងទៅទៀត។
ប្រៀបដូចអ្នកប្រតិបត្តិ ប្រកបដោយអង្គសម្បត្តិ ៣ ប្រការគឺ ៖
១- បរិបូណ៌ដោយសេចក្ដីសុចរិត និងវត្តប្រតិបត្តិបីដូចជាប្រឡាយទឹក។
២-រក្សាសមណធម៌ដោយសីលដូចជាភ្លឺស្រែ ដើម្បីឱ្យបានសម្រេចសាមញ្ញផលទាំង ៤។
៣- បរិបូណ៌ដោយព្យាយាម បង្កើតផលចម្រើនដល់ពួកទាយកទាយិកា ញ៉ាំងសេចក្ដីរីករាយឱ្យកើតឡើងដល់ពួកទាយកទាយិកា បើទុកជាឱ្យតិចក៏បានផលច្រើនជាអនេក បើបានជាឱ្យច្រើន ក៏កាន់តែមានផលចម្រើនឡើងទៅទៀត។
អង្គ ៣ របស់កែវមណី
១- មានសាច់ហ្មត់ចត់ល្អជាបំផុត។
២- មិនប្រឡាក់ដោយគ្រឿងសៅហ្មងយ៉ាងណានីមួយឡើយ។
៣- ប្រភេទកែវមណីក៏នៅនឹងប្រភេទកែវមណីផងគ្នា។
ប្រៀបដូចអ្នកប្រតិបត្តិប្រកបដោយអង្គសម្បត្តិ ៣ ប្រការគឺ ៖
១- ចិញ្ចឹមជីវិតបរិសុទ្ធិហ្មត់ចត់ជាបំផុត។
២- មិនច្របូកច្របល់ដោយបាបមិត្រ ដែលមានចិត្តអាក្រក់។
៣- នៅរួមតែអ្នកដែលមានជាតិឧត្ដមប្រសើរ មានបរិសុទ្ធិហ្មត់ចត់ផូរផង់។
ពួកមានអង្គ ៤
អង្គ ៤ របស់ស្ដេចចក្រពត្តិ
១- ទ្រង់ថែរក្សាទឹកចិត្តរបស់ប្រជាជនដោយសង្គហវត្ថុ ៤ ប្រការ។
២- ពួកចោរជាសត្រូវនឹងផែនដីមិនមានកើតឡើងក្នុងរាជអាណាចក្រឡើយ។
៣- តែងទ្រង់ពិចារណាអំពីសេចក្ដីល្អអាក្រក់ ទ្រង់ណែនាំប្រជានុរាស្ត្រទាំងផែនដីដ៏ធំទូលាយ មានមហាសមុទ្ទជាទីបំផុត ឱ្យប្រតិបត្តិតាមគន្លងធម៌។
៤- ទ្រង់ចាត់ការគ្រប់គ្រងការពាររាជអាណាចក្រយ៉ាងម៉ឺងម៉ាត់ ឱ្យមានអារក្ខាទាំងខាងក្នុងទាំងខាងក្រៅ។
ប្រៀបដូចអ្នកប្រតិបត្តិប្រកបដោយអង្គសម្បត្តិ ៤ ប្រការ ៖
១- ថែរក្សាទឹកចិត្តបរិសទ្យ អនុគ្រោះបរិសទ្យឱ្យមានចិត្តសប្បាយរីករាយ។
២- កាមវិតក្ក ព្យាបាទវិតក្ក វិហិង្សាវិតក្ក ដូចជាខ្មាំងសត្រូវមិនមានកើតឡើងក្នុងសន្ដានចិត្តឡើយ។
៣- តែងពិចារណាជម្រះដុះខាត់កាយកម្ម វចីកម្ម មនោកម្ម សព្វថ្ងៃៗថា យប់ថ្ងៃដែលកន្លងទៅ មានបើប៉ះពាល់ដោយហេតុទាំង ៣ នេះខ្លះឬទេ។
៤- តាំងប្រុងស្មារតីដូចជានាយទ្វារឱ្យនៅចាំប្រាបប្រាម កងកិលេសទាំងខាងក្នុង ទាំងខាងក្រៅ។
អង្គ ៤ របស់គោ
១- មិនលះចោលក្រោល ដែលខ្លួនធ្លាប់នៅ។
២- លីតែនឹម អូសទាញតែនឹមទៅ ទុកជាធ្ងន់ក៏ដោយ ស្រាលក៏ដោយ។
៣- ប្រើធ្មេញទំពាអៀងស្មៅ ឆ្អែតហើយក៏ផឹកទឹក។
៤- កាលម្ចាស់បង្ហាត់ឱ្យធ្វើយ៉ាងណាៗ ក៏ធ្វើតាមពាក្យគ្រប់យ៉ាង។
ប្រៀបដូចអ្នកប្រតិបត្តិប្រកបដោយអង្គសម្បត្តិ ៤ ប្រការគឺ ៖
១- មិនលះបង់ចោលឱកាសរបស់ខ្លួន ឧស្សាហ៍ពិចារណារឿយៗ ថាកាយនេះមិនទៀងទេ មានការបែកធ្លាយខ្ចាត់ខ្ចាយចេញទៅជាធម្មតា។
២- សមាទានព្រហ្មចរិយធម៌ ប្រព្រឹត្តិព្រហ្មចរិយឱ្យបរិសុទ្ធិផូរផង់ដរាបដល់អស់ជីវិត ប្រកបដោយសុខខ្លះ ទុក្ខខ្លះក្នុងខណៈផ្សេងៗគ្នា។
៣-ទទួលយកឱវាទានុសាសន៍របស់ឧបជ្ឈាយ៍អាចារ្យដោយពេញចិត្តជ្រះថ្លានិងតាំងចិត្តស្ដាប់ធម៌។
៤- តាំងចិត្តទទួលយកឱវាទានុសាសនីរបស់កល្យាណជនគ្រប់ជាន់គ្រប់ថ្នាក់ ទាំងជាថេរៈ មជ្ឈិម ឬនវកៈ ទាំងជាគ្រហស្ថដែលជាពួកឧបាសកឧបាសិកា។
អង្គ ៤ របស់នាយព្រានព្រៃ
១- កាលចេញទៅស្វែងរកនេសាទសត្វទ្រាយ មិនមានងងុយដេក។
២- តាំងចិត្តទុកតែក្នុងការនេសាទសត្វទ្រាយប៉ុណ្ណោះ។
៣- ដឹងកាលវេលាក្នុងការនេសាទសត្វទ្រាយ។
៤- ឃើញសត្វទ្រាយហើយក៏កើតចិត្តត្រេកអរដ៏ក្រៃលែង ថានឹងបានសត្វទ្រាយនោះមក។
ប្រៀបដូចអ្នកប្រតិបត្តិប្រកបដោយអង្គសម្បត្តិ ៤ ប្រការគឺ ៖
១- ប្រាសចាកថីនមិទ្ធ គឺមិនមានចិត្តស្រពោនស្រពន់ងោកងក់។
២- ចងចិត្តទុកក្នុងអារម្មណ៍តែមួយ ដែលអាចឱ្យលុះបានធម៌វិសេសដ៏ទៀងទាត់។
៣- ដឹងកាលនឹងចម្រើនសមាធិ និងកាលដែលចេញចាកសមាធិ។
៤- ចួបប្រទះនឹងអារម្មណ៍តែមួយ ដែលអាចឱ្យលុះបានធម៌វិសេសដ៏ទៀងទាត់។
អង្គ ៤ របស់នាយខ្មាន់ធ្នូ
១- កាលនឹងបាញ់កូនសរទៅ ក៏ទប់ជើងឱ្យជាប់នឹងផ្ទៃផែនដី តាំងផ្គងជង្គង់នឹងមិនឮកម្រើកញ័រ លើកដងធ្នូឡើងតាំងស្មើនឹងត្រចៀក ស្រលៀងភ្នែកបូញមាត់សំដៅឱ្យត្រង់ទៅ ទើបចិត្តថានឹងបាញ់ទៅ។
២- ថែរក្សាជំពាមទុកសម្រាប់ពត់កូនសរដែលវៀចកោង ឬឱ្យត្រង់បាន។
៣- សម្លឹងផ្ចង់ឱ្យចំទៅទីលំនៅ។
៤- ហាត់បាញ់ទាំងក្នុងវេលាព្រឹកទាំងក្នុងវេលាល្ងាច។
ប្រៀបដូចអ្នកប្រតិបត្តិប្រកបដោយអង្គ ៤ ប្រការ គឺ ៖
១- តាំងទប់ជើងគឺអរិយៈ (សេចក្ដីព្យាយាម) ទុកលើផែនដីគឺសីលឱ្យខ្ជាប់ បំពេញខន្តីនិងសោរច្ចៈមិនឱ្យទ្រេតទ្រោត តម្កល់ចិត្តទុកក្នុងសំវរៈ (សេចក្ដីសង្រួម) កម្ចាត់បង់នូវទោមនស្សនិងសោមនស្សធ្វើយោនិសោមនសិការៈទុកក្នុងចិត្ត ផ្គូផ្គងសេចក្ដីព្យាយាមបិទទ្វារទាំង ៦ តម្កល់ស្មារតីឱ្យខ្ជាប់ ញ៉ាំងសេចក្ដីរីករាយឱ្យកើតឡើង ថាអញនឹងសម្លាប់កងកិលេសដោយញាណគឺ កូនសរ។
២- ចម្រើនសតិបដ្ឋានដូចនាយខ្មាន់ធ្នូ ថែរក្សាឈើជំពាមទុក ពត់ចិត្តដែលវៀចកោងឱ្យត្រង់ល្អ។
៣- ពិចារណារាងកាយនេះ តាមផ្លូវព្រះត្រៃលក្ខណ៍។
៤- តម្កល់ចិត្តក្នុងអារម្មណ៍ ឧស្សាហ៍ពិចារណារាល់ពេលព្រឹកពេលល្ងាច។
ពួកមានអង្គ ៥
អង្គ ៥ របស់មាន់
១– បៀតព្រឹកនៅយប់ងងឹត ក៏ពួនក្នុងសម្បុកឬទ្រនំ មិនទាន់ចុះទៅស្វែងរកអាហារទេ។
២– លុះព្រឹកភ្លឺហើយ ទើបចុះដីដើររកអាហារ។
៣– នឹងចឹកស៊ីអារ តែងយកជើងកកាយដីទើបចឹកស៊ី។
៤– ក្នុងវេលាថ្ងៃ សូម្បីមានភ្នែកភ្លឺមើលឃើញច្បាស់ ដល់វេលាយប់បែរជាស្រវាំងងងឹតដូចភ្នែកខ្វាក់។
៥– ទុកជាគេយកដុំដីចោលឬចោលនឹងកំណាត់ឈើឬដេញមិនឱ្យមកចូលទ្រនំ ក៏មិនព្រមលះបង់ចោលទ្រនំរបស់ខ្លួនឡើយ។
ប្រៀបដូចអ្នកប្រតិបត្តិប្រកបដោយអង្គសម្បត្តិ ៥ ប្រការ គឺ ៖
១– កាលជិតព្រឹកនៅយប់ងងឹត ក៏បោសច្រាសសម្អាតទីបរិវេណរៀបចាត់តាំងគ្រឿងប្រើប្រាស់ចាត់ឱ្យមានរបៀបរៀបរយល្អ ងូតទឹកជម្រះកាយឱ្យស្អាតហ្មត់ចត់ហើយ ក៏បូជាក្រាបសំពះបូជនីយវត្ថុ ជាកិច្ចវត្តប្រចាំខ្លួន។
២– លុះព្រឹកភ្លឺឡើង ក៏ធ្វើករណីយកិច្ចមានអាជីវកម្មជាដើមតាមមុខក្រសួង តាមភេទរបស់ខ្លួន។
៣– ពិចារណាជាមុនហើយទើបបរិភោគជាអាហារភោជន។
៤– ភ្នែកមិនខ្វាក់ ក៏ធ្វើដូចជាខ្វាក់ គឺទុកជានៅក្នុងទីណានីមួយ ក៏តាំងចិត្តសង្រួមឥន្រ្ទិយ កុំឱ្យត្រេកអរក្នុងអារម្មណ៍ដែលគួរប្រាថ្នា ជាទីតាំងនៃតម្រេក កុំឱ្យត្រេកអរក្នុងអារម្មណ៍មិនជាទីប្រាថ្នា ដែលជាទីតាំងនៃកំហឹងនិងការស្អប់ខ្ពើម។
អង្គ ៥ របស់អណ្ដើក
១– ត្រាច់ទៅក្នុងទឹក អាស្រ័យនៅក្នុងទឹក។
២– មុជទៅក្នុងទឹក កាលងើបក្បាលមកលើទឹកបានឃើញអ្វីៗ ក៏ត្រឡប់មុជទៅវិញ មិនឱ្យនរណាមើលឃើញខ្លួនឡើយ។
៣– លុះងើបពីទឹកមកហើយ មិនឃើញមានអ្វី ក៏ហាលសំដិលកាយនៅតែក្នុងផ្នូរខ្សាច់។
៤– ជីកដីមុជខ្លួនពួននៅក្នុងទីស្ងាត់។
៥– កាលត្រាច់ដើរទៅ បើបានឃើញមនុស្សឬសត្វអ្វីៗមួយឬបានឮសំឡេងអ្វី ក៏ពង្រួញអវយវៈទាំង ៥ គឺជើង ៤ ក្បាល ១ ចូលនៅក្នុងស្នូករបស់ខ្លួន ប្រយត្នខ្លួនស្ងៀមនៅ។
ប្រៀបដូចអ្នកប្រតិបត្តិប្រកបដោយអង្គសម្បត្តិ ៥ ប្រការគឺ៖
១– ផ្សាយមេត្តាចិត្តដ៏ត្រជាក់ តាំងចិត្តឱ្យជាប្រយោជន៍ដល់សត្វលោកទូទៅ មិនមានព្យាបាទអាឃាដចងពៀរ តាំងចិត្តខ្ជាប់ខ្ជួននៅក្នុងព្រហ្មវិហារ។
២– កាលកិលេសកើតឡើង ក៏ខំអត់សង្កត់សង្កិនឱ្យលិចចុះទៅក្នុងអារម្មណ៍ដូចជាខ្សែទឹកចាប់យកអារម្មណ៍មកទុកឱ្យខ្ជាប់ មិនឱ្យពួកកិលេសហៀរចូលមកគ្របសង្កត់សន្ដានចិត្តបាន។
៣– នាំចិត្តចេញចាកឥរិយាបថ ដេក ដើរ ឈរ អង្គុយ ហើយគប្បីប្រកបក្នុងសម្មប្បធាន។
៤– រលាស់ចោលលាភសក្ការៈនិងពាក្យពោលសរសើរ ហើយគប្បីចូលទៅនៅសម្ងំក្នុងទីស្ងប់ស្ងាត់។
៥– កាលបើទ្វារទាំង ៦ ធ្លាក់ទៅនៅក្នុងកាមារម្មណ៍ ដែលជាទីតាំងនៃតម្រេកត្រេកត្រអាល ក៏បិទទ្វារគីឥន្រ្ទិយសំវរៈ សង្កត់ចិត្តឱ្យមានសំវរៈ ជាអ្នកមានសតិសម្បជ្ជញ្ញៈអង្គុយចម្រើនរក្សាសមណធម៌។
អង្គ ៥ របស់សមុទ្ទ
១– មិនរួមច្របូកច្របល់ដោយសាកអសុភ។
២– ជាទីប្រជុំនៃកែវមុក្ដា កែវពិទូរ្យ កែវប្រពាល កែវផលិកមានប្រការផ្សេងៗ មិនឱ្យខ្ចាត់ខ្ចាយរាត់រាយទៅក្រៅ។
៣– ដ៏ដេរដាសទៅដោយមហាភូតជាច្រើន។
៤– ដ៏ពេញប្រៀបដោយទឹកថ្មី ដែលហូរចូលមកអំពីទន្លេតូចធំទាំងឡាយ និងទឹកដែលធ្លាក់ចុះមកពីក្នុងអាកាស ប៉ុន្តែមិនហៀរហួសពីមាត់ច្រាំងសមុទ្ទឡើយ។
៥– មិនចេះឆ្អែតស្កប់ស្កល់ពេញប្រៀបដល់មាត់ច្រាំងដោយទឹកដែលហូរមកពីទន្លេទាំងពួងនឹងទឹកដែលធ្លាក់ចុះមកពីអាកាស។
ប្រៀបដូចអ្នកប្រតិបត្តិប្រកបដោយអង្គសម្បត្តិ ៥ ប្រការគឺ ៖
១– មិននៅរួមនឹងកិលេសជាគ្រឿងសៅហ្មង មានរាគៈ ទោសៈ មោហៈជាដើម។
២– ទ្រទ្រង់ទុកនូវកែវ គឺគុណវិសេសផ្សេងៗ មានមគ្គផលនិព្វានជាដើម ហើយរក្សាទុកតែខាងក្នុងមិនឱ្យសាយចេញទៅខាងក្រៅ។
៣– នៅអាស្រ័យនឹងសព្រហ្មចារី ដែលជាកល្យាណមិត្រ ជាអ្នកទ្រទ្រង់នូវគុណធម៌ប្រាថ្នាតិច សន្តោស មានខ្មាស មានសីលជាទីស្រឡាញ់ជាដើម។
៤– មិនក្លែងល្មើសសិក្ខាបទ ព្រោះហេតុតែលាភយសសរសើរសុខក្ដី ព្រោះហេតុតែការចិញ្ចឹមជីវិតក្ដី។
៥– ទុកជាបានស្ដាប់ពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធជាម្ចាស់ជានិច្ច ក៏មិនចេះឆ្អែតឆ្អន់សោះឡើយ។
អង្គ ៥ របស់ផែនដី
១– ទុកជាគេចាក់រោយរាយវត្ថុល្អ– អាក្រក់ច្រើនយ៉ាងច្រើនប្រការគឺ កប៌ូរ ពុំសែន ក្រស្នា ក្រចេះ ចួងចន្ទន៍ មានហមជាដើមក្ដី ស្លេស្មឈាម ខ្លាញ់ ទឹកសម្បោរ បន្ទោបង់ឧច្ចារៈបស្សាវៈជាដើមក្ដី ក៏ដែនដីនៅដដែលមិនត្រេកអរ មិនអន់ចិត្តសោះឡើយ។
២– ប្រាសចាកការតាក់តែងដោយគ្រឿងប្រដាប់ប្រដានឹងលាបស្រឡាបដោយគ្រឿងក្រអូបផ្សេងៗ។
៣– មិនមានចន្លោះ មិនមានរន្ធ មិនមានប្រហោង មានសាច់ណែនតាន់ជាផ្ទាំងមួយ។
៤– ទ្រទ្រង់នូវសព្វសារពើផ្សេងៗ ជាដើម គឺ ភូមិ ស្រុក នគរ ជនបទ ដើមឈើ ភ្នំ ស្ទឹង ទន្លេ ព្រែក ស្រះ សត្វទិ្វបាទ ចតុប្បាទ សត្វបក្សី និងមនុស្សប្រុសស្រី មិនមានសេចក្ដីខ្ជិលច្រអូសធុញទ្រាន់សោះឡើយ។
៥– ប្រាសចាកសេចក្ដីត្រេកអរឬអន់ចិត្ត ឥតគិតបៀតបៀនសត្វដទៃឱ្យលំបាកឡើយ។
ប្រៀបដូចអ្នកប្រតិបត្តិប្រកបដោយអង្គសម្បត្តិ ៥ ប្រការ គឺ ៖
១– នឹងនួនខ្ជាប់ខ្ជួន មិនសម្ដែងអាការខ្ពស់ទាប មិនត្រេកអរ មិនអន់ចិត្ត ក្នុងឥដ្ឋារម្មណ៍និងអនិដ្ឋារម្មណ៍។
២– ប្រាសចាកការប្រដាប់តាក់តែងដោយគ្រឿងប្រដាប់ដែលមិនសមគួរដល់ភេទរបស់ខ្លួន តែងអប់ខ្លួនដោយគ្រឿងក្រអូបគឺសីល។
៣– មានសីលបរិសុទ្ធ មិនមានទោស មិនដាច់មិនធ្លុះ មិនមានប្រហោង ណែនណាន់ខ្ជាប់ខ្ជួន។
៤– មិនខ្ជិលច្រអូស ឧស្សាហ៍ប្រកបករណីយកិច្ចទាំងឡាយឱ្យសមនឹងមុខក្រសួងរបស់ខ្លួន ឱ្យសមនឹងភេទរបស់ខ្លួនសព្វៗកាលទៅ។
៥– ផុតចាកសេចក្ដីត្រេកអរនិងអន់ចិត្ត មានចិត្តស្មើដោយផែនដី។
អង្គ ៥ របស់ធម្មជាតិ
១– នឹង ស្ងៀម មិនរញ្ជួយ មិនសៅហ្មង ថ្លាស្អាតជាប្រក្រតី។
២– មានលក្ខណៈត្រជាក់ជានិច្ច។
៣– ជម្រះលាងរបស់ស្មោកគ្រោកឱ្យស្អាតបាន។
៤– ជាទីប្រាថ្នាដ៏ក្រៃលែង នៃមនុស្សសត្វទាំងពួង។
៥– មិនយករបស់ឥតប្រយោជន៍ចូលទៅឱ្យដល់អ្នកឯណានីមួយឡើយ គឺសម្រេចប្រយោជន៍ដល់អ្នកផឹកគ្រប់គ្នា។
ប្រៀបដូចអ្នកប្រតិបត្តិប្រកបដោយអង្គសម្បត្តិ ៥ ប្រការគឺ ៖
១– មិននិយាយភូតភរ មិននិយាយផ្ដោះផ្ដងប៉ងស្វែងរកតែលាភជាអ្នកមានមាយាទល្អបរិសុទ្ធជាប្រក្រតី។
២– បរិបូណ៌ដោយមេត្តា ខន្ដី សោរច្ចៈ អវិហិង្សាជាប្រក្រតី ស្វែងរកតែប្រយោជន៍ មានសេចក្ដីអនុគ្រោះដល់សព្វសត្វទាំងឡាយ។
៣– ទុកជានៅក្នុងទីណាៗក៏ដោយ ក៏គប្បីធ្វើកិច្ចដែលជាប្រយោជន៍ដល់មនុស្សគ្រប់ជាន់។
៤– មានប្រាថ្នាតិច សន្ដោស គេចទៅពួនក្នុងទីស្ងាត់ ប្រតិបត្តិខ្លួនជាទីប្រាថ្នារបស់សត្វលោករាល់គ្នាជានិច្ច។
៥– មិនបង្កការចលាចល ជម្លោះ ប្រកួតប្រកាន់វិវាទ ឫស្យាឱ្យកើតឡើង មិនធ្វើអំពើអាក្រក់ដោយកាយ វាចាចិត្តឡើយ។
អង្គ ៥ របស់ភ្លើង
១– ដុតស្មៅ ឈើ ស្លឹកឈើ ចំបើង។
២– មិនអាណិត មិនអាសូរដល់វត្ថុដែលឆេះភ្លើងសោះឡើយ។
៣– ជាគ្រឿងកម្ចាត់រងាចេញបាន។
៤– ឱ្យកើតសេចក្ដីកក់ក្ដៅយ៉ាងក្រៃលែង។
៥– កម្ចាត់ងងឹតឱ្យភ្លឺឡើងបាន។
ប្រៀបដូចអ្នកប្រតិបត្តិប្រកបដោយអង្គសម្បត្តិ ៥ ប្រការ គឺ ៖
១– ដុតកម្ដៅកិលេស ទាំងខាងក្នុង ទាំងខាងក្រៅដោយភ្លើង គឺ ញាណ។
២– មិនមានចិត្តអាណិតអាសូរ ក្នុងកិលេសទាំងឡាយឡើយ។
៣– ញ៉ាំងភ្លើងជាគ្រឿងដុតបំផ្លាញ គឺវីរិយៈឱ្យកើតឡើងដើម្បីកម្ចាត់បង់នូវកងកិលេសទាំងពួង។
៤– ប្រាសចាកសេចក្ដីត្រេកអរនិងអន់ចិត្ត និងបដិឃៈ រមែងមានចិត្តស្មើដោយភ្លើង។
៥– កម្ចាត់ងងឹត គឺអវិជ្ជា បង្កើតពន្លឺ គឺបញ្ញាញាណ។
អង្គទាំង ៥ របស់ខ្យល់
១– បក់ផាត់ក្លិនក្រអូបនៃផ្កាឈើទាំងឡាយឱ្យផ្សាយផ្សព្វទៅក្នុងដងព្រៃ។
២– បក់បោកព្រៃព្រឹក្សាឱ្យបាក់ខ្ទេចខ្ទី និងជីកឫសរម្លើងគល់រហូតដល់ឫសកែវ។
៣– តែងបក់ផាត់ទៅក្នុងអាកាស។
៤– ផ្សាយក្លិនអប់ផ្សព្វផ្សាយទៅ។
៥– មិនមានអាល័យ មិនមានលំនៅ។
ប្រៀបដូចអ្នកប្រតិបត្តិប្រកបដោយអង្គសម្បត្តិ ៥ ប្រការគឺ ៖
១– ត្រេកអរក្នុងអារម្មណ៍ ដូចដងព្រៃដែលមានផ្កាឈើរីកនិងក្រអូបដ៏ក្រៃលែងគឺ វិមុត្តិ។
២– ពិចារណាសង្ខារ ដូចខ្យល់ដែលបក់ទៅក្នុងដងព្រៃដើម្បីបំផ្លាញកិលេសទាំងឡាយ។
៣– ញ៉ាំងចិត្តឱ្យត្រាច់ទៅក្នុងលោកុត្តរធម៌ទាំងឡាយ។
៤– ហិតស្រូបក្លិនដ៏ក្រអូបឈ្ងុយឈ្ងប់ គឺសីលរបស់ខ្លួន។
៥– មិនមានអាល័យ មិនមានលំនៅជាអ្នករួចរបូតផុតជ្រះស្រឡះ។
អង្គ ៥ របស់ភ្នំ
១– មិនរញ្ជួយ មិនកម្រើក មិនញាប់ញ័រ។
២– ជារបស់រឹងប៉ឹង មិនច្រឡូកច្រឡំដោយវត្ថុអ្វីនីមួយឡើយ។
៣– ដំណាំមិនដុះនៅលើភ្នំថ្មសុទ្ធនោះឡើយ។
៤– ខ្ពស់ឡើងទៅជាលំដាប់។
៥– មិនងេកងោកទៅមក។
ប្រៀបដូចអ្នកប្រតិបត្តិប្រកបដោយអង្គសម្បត្តិ ៥ ប្រការ គឺ ៖
១– មិនត្រេកអរ មិនអន់ចិត្តក្នុងឥដ្ឋារម្មណ៍និងអនិដ្ឋារម្មណ៍ មិនស្រឡាញ់ មិនខឹង មិនវង្វេង ក្នុងអារម្មណ៍ជាទីតាំង នៃសេចក្ដីត្រេកអរ មិនខឹងមិនវង្វេង មិនញាប់ញ័រ មិនរញ្ជួយដូចជាភ្នំ។
២– មិនច្របូកច្របល់ដោយសង្ខារ ដែលជាទីកើតនៃកិលេសគ្រឿងសៅហ្មងចិត្ត។
៣– មិនបើកឱកាសចន្លោះ ឱ្យកិលេសទាំងឡាយកើតឡើងក្នុងចិត្តរបស់ខ្លួន។
៤– ជាអ្នកប្រសើរវិសេសដោយប្រាជ្ញាញាណ។
៥– កាលបើមានឥដ្ឋារម្មណ៍និងអនិដ្ឋារម្មណ៍ មកប៉ះដល់ចិត្ត ក៏មិនមានសោមនស្សនិងទោមនស្សឡើយ។
អង្គ ៥ របស់អាកាស
១– ទោះអ្នកណានីមួយ កាន់កាប់រក្សាទុកមិនបានទាំងអស់។
២– ជាទីត្រាច់ទៅនៃពួកឫសីតាបសនិងសត្វបក្សីទាំងឡាយ។
៣– មានផ្លេកបន្ទោរ។
៤– មិនមានទីបំផុត គណនាមិនបាន ប្រមាណមិនត្រូវ។
៥– មិនមានជាប់ចំពាក់ មិនមានទីតាំងមិនមានអាល័យ។
ប្រៀបដូចអ្នកប្រតិបត្តិប្រកបដោយអង្គសម្បត្តិ ៥ ប្រការ គឺ ៖
១– មិនបើកឱកាសចន្លោះឱ្យកិលេសទាំងឡាយ ចូលមករួបរឹតដោយប្រការទាំងពួង។
២– ញ៉ាំងចិត្តឱ្យត្រាច់ទៅក្នុងសង្ខារទាំងឡាយ ដោយពិចារណាទៅតាមព្រះត្រៃលក្ខណ៍។
៣– ភ័យស្ញើបក្នុងការទៅចាប់បដិសន្ធិក្នុងភពទាំងពួង ព្រោះសេចក្ដីសុខក្នុងភពមានឧបមាដូចផ្លេកបន្ទោរ។
៤– មានសីលនិងមាយាទដ៏បរិសុទ្ធពេញទី មិនមានទីបំផុតមានញាណដ៏ចាស់ក្លាប្រមាណមិនបាន។
៥– ជាអ្នកមិនជាប់ចំពាក់ មិនមានទីតាំង មិនមានអាឡោះអាល័យក្នុងបច្ច័យនិងកិលេសទាំងពួង។
អង្គ ៥ របស់ព្រះចន្រ្ទ
១– ក្នុងសុក្កបក្ខឆ្លុះពន្លឺឡើងថ្លាត្រចះត្រចង់ដ៏ក្រៃលែង។
២– ជាធំដ៏ក្រៃលែង។
៣– អណ្ដែតត្រសែតក្នុងវេលារាត្រី។
៤– មានវិមានជាទង់ជ័យ។
៥– មនុស្សលោកនាំគ្នាអង្វរសុំឱ្យឆ្លុះពន្លឺនៅជានិច្ច។
ប្រៀបដូចអ្នកប្រតិបត្តិប្រកបដោយអង្គសម្បត្តិ ៥ ប្រការ គឺ ៖
១– ចម្រើនឡើងៗក្នុងកុសលធម៌ទាំងពួង។
២– មានឆន្ទៈជាធិបតីដ៏ឱឡារិក។
៣– មានកាយវាចាចិត្ត
៤– មានសីលជាទង់ជ័យ។
៥– កាលត្រកូលចូលមកសូមអារាធនានិមន្ត ក៏ចូលទៅកាន់ត្រកូលទាំងឡាយតាមសេចក្ដីត្រូវការប្រាថ្នារបស់គេ។
អង្គ ៥ របស់ដំរី
១– ត្រាច់ចូលទៅក្នុងព្រៃ តែងយកជើងឈូសផែនដី។
២– សម្លឹងមើលតែសព្វកាយខ្លួន មិនរមិលមើលទៅកាន់ទិសផ្សេងឡើយ។
៣– មិនដេកប្រចាំនៅនឹងកន្លែងជានិច្ចឡើយ ចេញទៅស្វែងរកអាហារបាននៅទីណា ក៏ចូលទៅអាស្រ័យនៅទីនោះ មិនអាល័យទីលំនៅ។
៤– នឹងចុះងូតទឹក ក៏ច្រើនតែចុះក្នុងស្រះឈូកដ៏ធំទូលាយ មានទឹកថ្លាស្អាត មិនកករល្អក់ ដ៏ដេរដាសទៅដោយមើមឈូកនិងផ្កាឈូកជាច្រើន ហើយតែងចុះលេងទឹកតាមដំណើរដំរី។
៥– នឹងលើកជើងក៏មានស្មារតី នឹងដាក់ជើងចុះក៏មានស្មារតី។
ប្រៀបដូចអ្នកប្រតិបត្តិប្រកបដោយអង្គសម្បត្តិ ៥ ប្រការគឺ ៖
១– ពិចារណាតែរាងកាយ ដើម្បីបំផ្លាញកិលេសទាំងឡាយ
២– ពិតពិលមើលតែសព្វកាយ មិនសម្លឹងមើលទៅទិសទាំងឡាយ មិនងើយមើលលើ មិនឈ្ងោកមើលក្រោម បោះភ្នែកក្រឡេកមើលទៅត្រឹមរយៈមួយនឹមរទេះ។
៣– មិនមានលំនៅប្រចាំជានិច្ច មិនមានអាល័យត្រាច់ទៅទីណាជាទីគាប់ចិត្តនឹងសមគួរ ក៏ចូលទៅអាស្រ័យទីនោះ មិនជាប់ចិត្តអាឡោះអាល័យលំនៅ។
៤– ចម្រើនមហាសតិបដ្ឋាន ដែលមានទំនងដូចជាស្រះបោក្ខរណី ( ស្រះឈូក ) ដ៏ពេញប្រៀបទៅដោយធម៌ដ៏ប្រសើរ ត្រជាក់មិនកករល្អក់ ថ្លាស្អាតប្រាសចាកមន្ទិល ដ៏ដេរដាសដោយមើមឈូកនិងផ្កាឈូកគឺវិមុត្តិ ពិចារណាញែកសង្ខារដោយញាណ។
៥– មានសតិសម្បជញ្ញៈនៅគ្រប់ឥរិយាបថ។
អង្គ ៥ របស់ព្រៃ
១– បិទបាំងទុកនូវមនុស្សមិនស្អាត។
២– ជាទីទំនេរ ឥតមនុស្សត្រាច់ទៅត្រាច់មក។
៣– ជាទីស្ងប់ស្ងាត់។
៤– ជាទីស្ងប់រម្ងាប់ដ៏បរិសុទ្ធ។
៥– ជាទីដែលព្រះអរិយៈទាំងឡាយតែងសេពគប់។
ប្រៀបដូចអ្នកប្រតិបត្តិប្រកបដោយអង្គសម្បត្តិ ៥ ប្រការគឺ ៖
១– បិទបាំង មិនបើកផ្សាយប្រកាសទោស សេចក្ដីភ្លាំងភ្លាត់ការសម្ងាត់របស់ជនដទៃ។
២– សាបសូន្យចាកកិលេសទាំងឡាយ មានរាគៈ ទោសៈ មោហៈ ជាដើម
៣– ស្ងប់ស្ងាត់ចាកអកុសលបាបធម៌ទាំងឡាយ។
៤– ជាអ្នកស្ងប់រម្ងាប់ដ៏បរិសុទ្ធ។
៥– ជាអ្នកគឺព្រះអរិយៈបុគ្គលគប្បីសេពគប់សមាគម។
អង្គ ៥ របស់មេឃ
១– រម្ងាប់ផង់ផុយធូលីលើផែនដី។
២– រម្លត់កម្ដៅនៅផែនដីឱ្យត្រជាក់។
៣– ញ៉ាំងដំណាំគ្រប់យ៉ាងឱ្យដុះលូតលាស់ល្អ។
៤– ជាកំណើតនៃទឹក ហើយតែងធ្លាក់ចុះមកតាមរដូវកាលតែងរក្សាគុម្ពស្មៅ ដើមឈើ វល្លិជាដើមឱ្យដុះលូតលាស់ល្អ។
៥– បង្អុរចុះមកក្នុងទីផ្សេងមានស្ទឹងទន្លេ ស្រះបោក្ខរណី អណ្ដូងត្រពាំងបឹងបួជាដើម ញ៉ាំងទីទាំងនោះឱ្យពេញទៅដោយទឹក។
ប្រៀបដូចអ្នកប្រតិបត្តិប្រកបដោយអង្គសម្បត្តិ ៥ ប្រការគឺ ៖
១– រម្ងាប់កិលេសដូចជាផង់ផុយធូលី ដែលកើតឡើង ឱ្យអស់ទៅទាល់តែផុតពូជ។
២– ចម្រើនមេត្តាភាវនា ដែលអាចរម្ងាប់កម្ដៅរបស់មនុស្សនិងទេវតាទាំងឡាយ ធ្វើឱ្យត្រជាក់បាន។
៣– ញ៉ាំងសទ្ធា ដែលទុកដូចជាពូជរបស់សព្វសត្វឱ្យចម្រើនលូតលាស់ល្អ ក្នុងសម្បត្តិទាំង ៣ គឺសម្បត្តិរបស់មនុស្ស សម្បត្តិរបស់ទេវតា និងសម្បត្តិគឺ ព្រះនិព្វាន។
៤– ញ៉ាំងយោនិសោមនសិការៈឱ្យកើតឡើងហើយរក្សាសមណធម៌ដោយយោនិសោមនសិការៈនោះ ព្រោះកុសលធម៌ទាំងពួង សឹងមានយោនិសោមនសិការៈជាមូលហេតុ។
៥– ញ៉ាំងភ្លៀង គឺបរិយត្តិ បដិវេធ ឱ្យបង្អុរចុះមកហើយញ៉ាំងចិត្តរបស់អ្នកប្រាថ្នាបដិវេធឱ្យបានពេញលេញឡើង។
ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៤៤-៤៥