បទទី ៥
និយាយពីមហាយុទ្ធសង្គ្រាមក្នុងសង្គ្រាមរបស់យើង
មុននឹងនិយាយពីមហាយុទ្ធសង្គ្រាមក្នុងរាងកាយនេះ យើងនឹងថ្លែងអំពីបាក់តេរីទាំងឡាយដោយសង្ខេបជាមុនសិន ដើម្បីឱ្យអ្នកមើលយល់សេចក្ដីច្បាស់អំពីមហាយុទ្ធសង្គ្រាមនេះ ដែលយើងនឹងរៀបរាប់ជាលំដាប់តទៅ។
បាក់តេរី
មុននឹងដឹងស្គាល់តួបាក់តេរីនេះ មានជាតិវិឡ័នដាម្នាក់ជាជាងធ្វើកែវឆ្លុះឬកែវពង្រីក គេល្បងឆ្កឹះអាចម៍ធ្មេញបន្តិចមកលាយទឹក ហើយឆ្លុះមើលដោយកែវយឹតទើបពិនិត្យមើលឃើញជីវិតិន្ទ្រិយមានរូបផ្សេងៗជាចំនួនច្រើនស្អេកស្កះ ជីវិតិន្ទ្រិយអស់នេះហើយដែលហៅថា បាក់តេរី។
លុះតៗមក ទើបមានគ្រូពេទ្យនានាបានព្យាយាមស្រាវជ្រាវរាវរកទៅចួបប្រទះនឹងបាក់តេរីចំពួកផ្សេងៗទៀតជាច្រើន តែការប្រទះឃើញនេះក៏នៅតែមិនទាន់មានប្រយោជន៍ដល់មនុស្សយើងប៉ុន្មានទេ លុះតមកដល់សម័យលោកគ្រូពេទ្យប៉ាស្ទ័រជនជាតិបារាំងសែសម្នាក់ដែលជាមនុស្សដំបូងដែលខំសិក្សារាវរកឱ្យឃើញលំនៅ និងការចិញ្ចឹមជីវិតរបស់បាក់តេរី ទើបធ្វើឱ្យយើងស្គាល់វិធីបំផ្លាញវាបានក្នុងកាលជាលំដាប់ៗមក។
បាក់តេរី ជាវត្ថុមានជីវិតិន្ទ្រិយតែយើងនឹងមើលដោយភ្នែកទទេមិនឃើញឡើយ សឹងមាននៅទូទៅសព្វអន្លើ គឺចំពួកខ្លះនៅក្នុងអាកាស ចំពួកខ្លះនៅក្នុងទឹក ចំពួកខ្លះនៅក្នុងដី ចំពួកខ្លះនៅក្នុងរាងកាយមនុស្សនិងសត្វ តែតាមធម្មតាវាចូលចិត្តនៅក្នុងរបស់ស្មោកគ្រោក មានសំរាមនិងផង់ល្អងធូលីជាដើម។ វត្ថុអស់នេះសឹងមានរូបរាងផ្សេងៗគ្នា ចំពួកខ្លះមានរូបរាងដូចបាល់ ចំពួកខ្លះមានរូបរាងជាកំណាត់ៗ ដូចជាកំណាត់ឈើ ហើយសឹងមានច្រើនជាងចំពួកដទៃៗ ហេតុនេះទើបគេសន្មតហៅថា បាក់តេរី (ប្រែថាកំណាត់ឈើ)។
បាក់តេរីអស់នេះ លុះតែយើងពង្រីកខ្លួនវាឱ្យរីកធំឡើងដល់ទៅ ១,០០០ ភាគ ទើបយើងមើលឃើញខ្លួនវាប៉ុនសរសៃសក់ប៉ុណ្ណោះ ដោយហេតុខ្លួនវាតូចដល់ម្ល៉េះ បានជាយើងមើលដោយភ្នែកទទេពុំឃើញ តោងប្រើកែវពង្រីកឆ្លុះមើលទើបឃើញ។ បាក់តេរីចំពួកខ្លះ ឱ្យទោសចំពោះសត្វ ចំពួកខ្លះឱ្យទោសចំពោះមនុស្ស តែចំពួកដែលមានប្រយោជន៍ដល់មនុស្សក៏មានខ្លះដែរ ដូចជាចំពួកជួយរម្លាយកាកអាហារក្នុងពោះវៀន។ ចំពួកដែលជួយរម្លាយគ្រឿងអសុភ ដើម្បីឱ្យដើមឈើបានទទួលរ៉ែធាតុអំពីអសុភនោះមកជប់លៀងដើមឱ្យបានលូតលាស់ឡើងក៏មាន។
កាលបើយើងសម្លឹងមើលជុំវិញខ្លួន យើងនឹងឃើញបាក់តេរីឬមេរោគផ្សេងៗទូទៅ ចុះហេតុដូចម្ដេចទើបយើងមិននាំគ្នាឈឺចាប់រាល់គ្នាទៅ ? … សេចក្ដីតទៅនេះជាសេចក្ដីឆ្លើយប្រស្នាខនេះ
វិធីតទល់នឹងមេជំងឺ
បណ្ដាចុល្លិន្ទ្រិយដែលធ្វើឱ្យយើងកើតរោគផ្សេងៗនោះ ទោះបីជាបាក់តេរីចំពួកណាក៏ដោយ កាលបើបានចូលទៅក្នុងរាងកាយរបស់អ្នកឯណាមួយហើយ នឹងធ្វើឱ្យអ្នកនោះមានអាការផ្សេងៗ ហើយអាការរោគនឹងទ្វេចម្រើនឡើងជាលំដាប់រហូតដល់ថ្នាក់ស្លាប់ជាទីបំផុត ឬបើមិនស្លាប់ អាការរោគក៏នឹងធូរថយមកចុះមកជាលំដាប់រហូតដល់សះជាជាទីបំផុត តែងមានទំនងដូច្នេះជាធម្មតា ប៉ុន្តែទោះបីដល់ស្លាប់ឬត្រឡប់រស់ឡើងវិញនេះ ស្រេចតែការតទល់គ្នារវាងរាងកាយយើងនឹងបាក់តេរី ប្រសិនបើបាក់តេរីចាញ់យើងតាំងអំពីផ្ដើមតទល់គ្នា យើងក៏មិនបាច់កើតរោគ ទាំងអាការរបស់រោគក៏មិនមានប្រាកដ។ ប្រសិនបើយើងចាញ់ប្រៀបបាក់តេរីជាដំបូងវិញ ហើយតមកទើបមានជ័យជម្នះ យើងក៏កើតរោគនោះហើយអាការរបស់រោគក៏ប្រាកដឡើង តមកទើបសង្ឃឹមៗគ្រាន់បើឡើងជាលំដាប់ នៅទីបំផុតក៏បានសះជាចាករោគនោះ។ ប្រសិនបើយើងច្បាំងចាញ់ មេរោគមានជ័យជម្នះលើរាងកាយយើងតាំងពីផ្ដើមតទល់គ្នារហូតដល់ទីបំផុត គឺថាវាធ្វើឱ្យរាងកាយយើងឱ្យទាល់តែស្លាប់ទៅ ទើបឃើញថាមានតែ ២ ផ្លូវប៉ុណ្ណោះ គឺ “មិនជាក៏ស្លាប់”។ កាលបើសេចក្ដីពិតមានទំនងដូច្នេះ យើងត្រូវតែបន្ថែមកម្លាំងរបស់យើងឱ្យខ្លាំងក្លាឡើង ដើម្បីឱ្យមានកម្លាំងតទល់នឹងមេរោគយ៉ាងម៉ឺងម៉ាត់ ដោយវិធីបន្ថែមពលចម្បាំងនិងស្បៀងអាហារទៅជួយពួកយើងនៅទីចម្បាំង ត្រាតែយើងមានជ័យជម្នះសត្រូវជាទីបំផុត។
កងទ័ពគ្រប់ៗប្រទេសក្នុងលោកនេះ ដែលបានចាត់រៀបចំឱ្យមានក្រុម កង និងមុខក្រសួងផ្សេងៗគ្នា។ល។ នោះបម្រុងនិងសម្រួលកិច្ចការតទល់នឹងពួកសត្រូវដោយម៉ឺងម៉ាត់ ទាំងមិនឱ្យចាញ់ប្រៀបខាងសត្រូវផង។ ប្រសិនបើយើងប្រៀបធៀបវិធីកម្ចាត់កងទ័ពក្នុងរាងកាយយើង ដែលបានរៀបចំបម្រុងទុកសម្រាប់តទល់នឹងបាក់តេរី នឹងឃើញថាមានរបៀបរៀបរយមុខគួរឱ្យស្ងើចណាស់។ ប្រសិនបើសឹកសត្រូវមានចំនួនតិចល្មមសមគួរទេ យើងច្បាំងមានជ័យជម្នះគ្រប់គ្រា នៅវេលាជាធម្មតានេះ តាងកាយយើងតែងច្បាំងតទល់នឹងបាក់តេរីជានិច្ចជានិរន្តរ៍ សព្វថ្ងៃនេះដែលយើងមានជីវិតរស់នៅបានមិនឈឺចាប់ ក៏ព្រោះកងទាហានរបស់យើងតែងធ្វើការតទល់នឹងខ្មាំងសត្រូវគ្រប់ពេលវេលា ហេតុនេះពាក្យថា “មានជីវិតរស់នៅឬនៅជាសុខសប្បាយ” បានសេចក្ដីថា យើងកំពុងមានជ័យជម្នះបាក់តេរី។ ឯការដែលធ្វើឱ្យយើងមានជ័យជម្នះជានិច្ច ដូច្នេះ ត្រូវតែយើងទំនុកបម្រុងកម្លាំងរបស់យើងឱ្យខ្លាំងក្លាឡើង កុំឱ្យទន់ខ្សោយទ្រុឌទ្រោមដូចបានពោលមកហើយខាងដើម។
ឥឡូវនេះ នឹងពោលអំពីវិធីធ្វើសង្គ្រាមក្នុងរាងកាយ ប្រៀបធៀបនឹងវិធីធ្វើសង្គ្រាមក្នុងសម័យបច្ចុប្បន្ននេះ ដើម្បីសម្ដែងឱ្យឃើញថា ក្នុងរាងកាយយើងនេះមានមហាសង្គ្រាមជានិច្ចហើយជាសង្គ្រាមធំក្រៃលែងជាងមហាសង្គ្រាមលោកក្នុងឆ្នាំ ១៩១៤-១៩១៨ នោះទៅទៀត។
ការយាត្រាទ័ព
កាលបើប្រកាសសង្គ្រាមហើយ សឹកសត្រូវក៏កេណ្ឌទាហានលើកទ័ពរុករានទន្ទ្រានចូលមកទាំងផ្លូវគោក-ផ្លូវទឹក ដើរទ័ពចូលមកក្នុងខេត្តដែនរបស់យើង តែចួនជាមានទេសកាលស្រាប់តែកើតខ្យល់ព្យុះបក់ផាត់ទូកកប៉ាល់បាក់បែកឬរសាត់អណ្ដែតទៅ ឬក៏មានរលកធំនឹងចូលចតបញ្ជូនទាហានឡើងគោកពុំរួច ឬមួយមានឧបសគ្គមករារាំងធ្វើឱ្យកងទ័ពផ្សេងៗតោងឈប់ខាន មិនបានច្បាំងតទល់ក៏មាន។
ចំណែកឯក្នុងរាងកាយរបស់យើងវិញ កាលបើបាក់តេរីដែលជាមេរោគមកប៉ះពាល់ដល់ស្បែករបស់យើង ដោយអណ្ដែតមកតាមអាកាសក្ដី ឬមួយរាងកាយរបស់យើងទៅប៉ះពាល់វាក្ដី ហើយវាមិនទាន់បានធ្វើអន្តរាយដល់យើង ស្រាប់តែញើសហូរចេញមក ឬយើងទៅងូតទឹកជម្រះលាងខ្លួនចេញ កងទ័ពបាក់តេរីនោះក៏ត្រូវតែថយទ័ពលើកត្រឡប់ទៅវិញ ដោយហេតុទាស់ផ្សេងៗដូចបានពោលមកខាងលើនេះ។ ប្រសិនបើមិនមានហេតុទាស់ទំនងដូចបានពោលមកហើយទេ បើខាងណាលើកទាហានរំលងចូលមកក្នុងខេត្តដែនហើយ គង់តែមានការច្បាំងគ្នាជាដរាប។ ចំណែកឯបាក់តេរីជាមេរោគ កាលបើបានបោះខ្ជាប់នៅនឹងរាងកាយរបស់យើងហើយ ក៏ចាប់ផ្ដើមប្រទូសរ៉ាយរាងកាយយើង ៗ ក៏ធ្វើការតទល់នឹងពួកវាឱ្យត្រាតែដល់ចាញ់ឈ្នះគ្នា។
ការត្រៀមខ្លួន
កាលបើមានអ្នកណាមួយចូលទៅកាន់កន្លែងដែលមានជំងឺឆ្លង ដូចជាជំងឺគ្រុនចាញ់ អាសន្នរោគ កាឡរោគ។ល។ អ្នកនោះនឹងជាប់រោគឆ្លងនោះៗមកខ្លះមិនខាន តែមិនមែនចាប់ឈឺភ្លាមមួយរំពេចនោះទេ រមែងចាប់ផ្ដើមជំងឺនេះឡើងតាមកំណត់ពេលវេលា មានឧទាហរណ៍ដូចជាជំងឺគ្រុនចាញ់ តោងមានមេជំងឺឆ្លងជាប់មកដល់ ១២ថ្ងៃទើបអាការរោគប្រាកដជាក់ស្ដែងឡើង ដោយហេតុមេជំងឺត្រូវការប្រុងត្រៀមខ្លួនជាច្រើនវេលាដែរ គឹថាត្រូវការបន្ថែមកម្លាំងឱ្យមានច្រើនល្មមគ្រប់គ្រាន់ ដោយត្រូវការបង្កើនពួកវាឱ្យមានគ្នាច្រើនឡើង ឯវិធីបង្កើតដើម្បីបង្កើនពួកវាឱ្យបានគ្នាច្រើនឡើងនេះ គឺខ្លួន ១ កើតទ្វេឡើងជា ២ ពីរទ្វេឡើងជា ៤ តាមទំនងនេះយ៉ាងរហ័សរួសរាន់ បាក់តេរីមួយអាចបង្កើតពួកវាឡើងបានដល់ចំនួន ៤ លានក្នុង ២៤ ម៉ោង។ សូមឱ្យគិតមើលចុះ បើបាក់តេរីចំពួកខ្លះត្រូវការពេលត្រៀមខ្លួនទៅ ១០ថ្ងៃ ក្នុង ១ថ្ងៃ ១តួកើតឡើងដល់ទៅ ៤ លានតួ។ ក្នុងថ្ងៃគម្រប់ ២ នោះ ចំនួន ៤ លានតួនោះនឹងកើតទ្វេឡើងទៀតមានចំនួនដល់ទៅ ៤ លានភាគ បើគិតដល់ទៅថ្ងៃជាគម្រប់ ១០ នោះតើនឹងមានចំនួនប៉ុន្មានទៅ ? – បើបាក់តេរីមានចំនួនពលរាប់មិនកើត ដូច្នេះតើនឹងមិនហៅថា មហាយុទ្ធសង្គ្រាម ដូចម្ដេចបាន ? កាលបើកងទ័ពបាក់តេរីមានកម្លាំងល្មមធ្វើការបានហើយ ក៏ចូលលុកលុយប្រទូសរ៉ាយដល់រាងកាយយើងមួយរំពេច ខណៈនេះធ្វើឱ្យយើងដឹងខ្លួនច្បាស់ថា ដូចជាមិនសូវស្រួលខុសប្រក្រតី។
កងទ័ពមនុស្សដែលលើកចូលទៅក្នុងខេត្តដែនរបស់សត្រូវក៏មានទំនងដូចគ្នាដែរ គឺត្រូវប្រុងត្រៀមខ្លួនទំនុកបម្រុងកងទ័ពឱ្យមានកម្លាំងមាំមួន ទាំងសន្សំគ្រឿងអាវុធយុទ្ធភណ្ឌឱ្យមានចំនួនល្មមគ្រប់គ្រាន់ហើយ រើសរកទីកន្លែងសម្រាប់តាំងឋានទ័ពឱ្យមាំមួនបានជាមុនសិន ទើបច្បាំងតទល់គ្នា។
ចុះហេតុដូចម្ដេចបានជាមនុស្ស ២ នាក់ដើរចូលទៅក្នុងកន្លែងមួយជាមួយគ្នា ម្នាក់ជាប់ជំងឺឆ្លងនោះកើតរោគឡើង ម្នាក់ទៀតមិនកើតរោគនោះ ? អ្នកដែលមិនជាប់ជំងឺឆ្លងនេះ ដោយហេតុកម្លាំងតស៊ូរបស់រាងកាយខ្លាំងពូកែ ទើបពួកសត្រូវលើកទ័ពចូលមកចោមរោមវាយមិនសម្រេច ដោយមានហេតុទាស់ច្រើនប្រការ គឺដោយខ្វះខាតស្បៀងអាហារឬមានកម្លាំងតិចមិនគ្រប់គ្រាន់នឹងធ្វើការ ហើយកម្លាំងតទល់របស់រាងកាយមាំមួន ល្អទាំងប្រជាជនក៏មានសាមគ្គីស្រុះស្រួលជួយជាកម្លាំង ទើបធ្វើឱ្យសត្រូវលើកទ័ពចូលលុកមិនបាន។
ដោយលំបាក ត្រូវតែដកទ័ពថយលើកត្រឡប់ទៅវិញ ដែលពោលមកនេះមានឧបមាយ៉ាងណា សេចក្ដីឧបមេយ្យក៏មានទំនងដូចគ្នា។
ប្រជារាស្ត្រភ្ញាក់ផ្អើល
កាលបានដំណឹងថាសឹកសត្រូវលើកទ័ពចូលមកក្នុងខេត្តដែនហើយ ពួកប្រជារាស្ត្រក៏ភិតភ័យភ្ញាក់ផ្អើល នេះត្រូវនឹងពេលដែលចាប់ផ្ដើមរោគឡើងយ៉ាងស្រាលៗក្នុងរាងកាយៗក៏កើតកោលាហលឡើង អវយវៈផ្សេងៗធ្វើការខុសប្រក្រតី ដឹងខ្លួនថាមិនសូវស្រួលខ្លួន មិនឃ្លានបាយ ស្រៀវស្រាញ ឈឺក្បាលជាដើម ប្រសិនបើរាងកាយអាចទប់ទល់នឹងខ្មាំងសត្រូវត្រឹមប៉ុណ្ណោះបាន អាការរោគក៏ប្រាកដឡើងត្រឹមប៉ុណ្ណោះ ហើយសន្សឹមៗបាត់អស់ទៅ ត្រឡប់សះជាដូចប្រក្រតីវិញ ប៉ុន្តែមានជំងឺខ្លះទៀតស្រាប់តែចាប់កើតឡើងមានអាការឈឺធ្ងន់តែម្ដង ធ្វើឱ្យអ្នកជំងឺដុនដាបចុះមួយរំពេចមិនដឹងខ្លួនប្រាណក៏មាន ក្នុងរាងកាយក៏កើតកោលាហលយ៉ាងខ្លាំងត្រាតែមានអាការសន្លប់សន្លិនឬដល់នូវសេចក្ដីស្លាប់ក៏មាន នេះមានទំនងដូចជាការកើតចលាចលបះបោរឡើងក្នុងនគរ មិនមែនត្រឹមតែធ្វើឱ្យប្រជារាស្ត្រមានសេចក្ដីភ្ញាក់ផ្អើលប៉ុណ្ណោះទេ។
អាការរបស់រោគ
មានអាការចំពួកខ្លះធ្វើឱ្យអ្នកជំងឺឈឺដាបជាខ្លាំងមួយរំពេច ហើយទ្វេឡើងដល់ថ្នាក់ធ្ងន់បំផុត កាលបើមកដល់ថ្នាក់នេះហើយនៅតែមិនទាន់ស្លាប់ទេ ក៏នឹងបែរជាសះស្បើយឡើងវិញត្រាតែជាស្រឡះទៅ។ បើបែរជាដល់នូវសេចក្ដីស្លាប់វិញ ក៏គឺថាពួកបាក់តេរីដែលជាខ្មាំងសត្រូវនោះមានចំនួនច្រើនលើកទ័ពចូលរុករានញាំញីសម្លាប់កងទ័ព ដែលចាំទប់ទល់ការពារនោះត្រាតែបាក់បែកខ្ទេចខ្ទីអស់ទៅ ឬមួយថាបើបែរជាមិនស្លាប់ត្រឡប់ជាធូរថយគ្រាន់បើឡើងវិញ ក៏គឺថាក្នុងទីបំផុតចម្បាំងនោះយើងមានជ័យជម្នះឡើងវិញ កងទ័ពខ្មាំងសត្រូវដកទ័ពថយពីស្រុកទៅអស់។ បើសត្រូវមានកម្លាំងតិច អ្នកជំងឺក៏មានអាការឈឺតែបន្តិចៗសន្សឹមៗធ្វើឱ្យយើងមានពេលព្យាបាលបានដោយស្រួល។
កាលបើសឹកសត្រូវដកទ័ពថយចេញទៅផុតពីខេត្តដែនរបស់យើងហើយ យើងត្រូវតែព្យាយាមមកសាង នឹងជួសជុលរបស់ដែលខូចខាតបាក់បែកទៅទាំងប៉ុន្មាននោះឱ្យជាល្អដូចដើមឡើងវិញ។ មានចួនកាលសឹកសត្រូវដែលដកទ័ពថយទៅវិញនោះបានធ្វើទ្រព្យសម្បត្តិនិងស្បៀងអាហាររបស់យើងឱ្យវិនាសខូចខាតអស់ទៅ ត្រាតែយើងមានកម្លាំងថយខ្សោយពន់ពេកមិនអាចតាំងខ្លួននៅជាជាតិមួយដូចដើមវិញបានក៏មាន អ្នកដែលមានជំងឺធ្ងន់ៗហើយក៏បានសះជាឡើងវិញថ្មីៗនោះ ក៏មានទំនងដូចគ្នាដែរ អ្នកជំងឺធ្ងន់មានអាការថយខ្សោយកម្លាំងអស់កាលយូរដូច្នេះ ចួនកាលបែរជាស្លាប់ព្រោះហេតុនេះក៏សឹងមានខ្លះដែរ។
អំពីហេតុផ្សំខាងក្រៅ
មានចួនកាលមិនមែនត្រឹមតែកើតរោគនោះមួយមុខប៉ុណ្ណោះទេ នៅមានហេតុផ្សំខាងក្រៅបន្ថែមលើរោគនោះទៀត មានឧទាហរណ៍ដូចយើងឈឺគ្រុន ហើយមានខ្ទុះក្នុងត្រចៀក ឬភ្នែកពិការ ឬបេះដូងពិការ ឬមួយកើតរោគផ្ដាសាយ ហើយក្លាយទៅជាកើតរោគសួតពិការថែមទៀត។ល។ នេះកើតឡើង ពីព្រោះតែរាងកាយរបស់យើងទន់ខ្សោយកម្លាំងទើបបណ្ដាលឱ្យកើតរោគដទៃៗថែមផ្ទួនឡើងទៀត។ រឿងនេះ មានឧទាហរណ៍ដូចជាយើងកំពុងធ្វើសង្គ្រាមនឹងប្រទេសមួយ ក្នុងខណៈដែលស្រុកទេសមានកម្លាំងខ្សោយនោះ ស្រាប់តែមានប្រទេសជិតខាងដែលមិនត្រូវនឹងយើងចាំរកពេលចន្លោះនោះ រករឿងបង្កហេតុឡើង លើកពលចូលមកវាយថែមផ្ទួនជាពីរត្រួត ឬពុំនោះសោត រាស្ត្ររបស់យើងកើតបះបោរចលាចលឡើង វាយដណ្ដើមប្លន់យកទ្រព្យសម្បត្តិរបស់ប្រជាជនដូច្នេះជាដើម។
អំពីយុទ្ធវិធីរបស់បាក់តេរី
ផ្លូវដែលបាក់តេរីចូលមកលុកលុយក្នុងរាងកាយរបស់យើងបាននោះមាន ៣ ផ្លូវ គឺ ៖
ក- លើកចូលមកតាមអាកាសដែលយើងដកដង្ហើម មានទំនងដូចសឹកសត្រូវដែលលើកចូលមកតាមយន្តហោះ។
ខ- លើកចូលមកតាមទឹកនិងអាហារដែលយើងបរិភោគ មានទំនងដូចសត្រូវដែលលើករុកចូលមកតាមផ្លូវទឹក។
គ- វានាំគ្នាជ្រែកចូលទៅតាមសាច់ស្បែក នេះមានទំនងដូចជាសឹកសត្រូវដែលលើកទ័ពចូលមកតាមផ្លូវគោក។
កាលដែលកងទ័ពបាក់តេរីលើកចូលទៅក្នុងរាងកាយរបស់យើងបានដោយផ្លូវណានីមួយហើយ វាតែងតែប្រុងខ្លួននឹងត្រៀមវិធីការពារខ្លួនរបស់វាដូច្នេះ ៖
១- វាចាប់ផ្ដើមបង្កើតពួកវាឡើងយ៉ាងរហ័សរួសរាន់ ដូចពោលមកហើយខាងដើមនេះ គឺថាវាបន្ថែមកម្លាំងវាឱ្យមានចំនួនច្រើនកើនឡើងសម្រាប់ប្រុងខ្លួនតទល់នឹងយើង មានទំនងដូចជាសឹកសត្រូវកេណ្ឌពលប្រជុំទាហានចូលប្រចាំការតាមមុខក្រសួងខ្លួនរៀងខ្លួន។
២- វាធ្វើថ្នាំពិសផ្សាយចេញជុំវិញខ្លួនវា មានទំនងដូចសឹកសត្រូវតាំងបន្ទាយជីកស្នាមភ្លោះ ហើយនាំកាំភ្លើងទៅតាំងទុកក្នុងទីផ្សារផ្សេងៗដោយជុំវិញ បើសឹកសត្រូវលុកចូលទៅក្នុងបរិវេណនោះ តោងតែត្រូវកម្ទេចដោយកាំភ្លើងធំមិនខាន។
៣- វាព្រួសថ្នាំពិសឬបណ្ដែតខ្លួនវាឱ្យអណ្ដែតចូលទៅក្នុងលោហិត ហើយផ្សាយចេញទៅសព្វសព៌ាង្គកាយរបស់យើង ដើម្បីធ្វើឱ្យអវយវៈនោះៗធ្វើការមិនបានស្រួលតាមមុខក្រសួងរបស់ខ្លួន ទាំងកម្លាំងតស៊ូទប់ទល់ក៏ទន់ខ្សោយទៅ មានទំនងដូចជាសឹកសត្រូវបាញ់ចម្រុះមកត្រូវស្រុកយើងដោយកាំភ្លើងធំ ឬដូចជាយន្តហោះរបស់សត្រូវហោះមកទម្លាក់គ្រាប់បែកធ្វើឱ្យទាហានភិតភ័យភ្ញាក់អើល ហើយពួករាស្ត្រក៏ជ្រួលច្រាល់។
៤- វានាំគ្នាចោមស៊ីស្បៀងអាហាររបស់យើង ដែលសម្រាប់ជប់លៀងរាងកាយឬដណ្ដើមយកស្បៀងអាហាររបស់យើងទៅ ធ្វើឱ្យយើងទន់ខ្សោយកម្លាំងមិនអាចតទល់បានយូរតទៅមុខទៀត នេះមានទំនងដូចជាសឹកសត្រូវវាយកាត់ដណ្ដើមស្បៀងអាហាររបស់យើងទៅ។
អំពីយុទ្ធវិធីរបស់រាងកាយ
កាលបើមានមេរោគចូលមកកាន់រាងកាយយើង ៗ បានចាត់តស៊ូទប់ទល់ដោយវិធីដូច្នេះ ៖
១- ធ្វើកម្ដៅឱ្យកើតឡើងក្នុងរាងកាយ ដែលហៅថា គ្រុន មានអាការធ្ងន់-ស្រាល ស្រេចតែមេរោគនោះសាហាវឬមិនសាហាវ។ កម្ដៅនេះមានប្រយោជន៍សម្រាប់សម្លាប់មេរោគ ឬធ្វើឱ្យខ្សោយថយកម្លាំងចុះទៅ ព្រោះមេរោគផ្សេងៗដែលចូលមកប្រទូសរ៉ាយក្នុងរាងកាយយើងរមែងមានអំណាចច្រើនក្នុងវេលាដែលរាងកាយយើងមានកម្ដៅឧណ្ហៗ តាមធម្មតាប្រសិនបើកម្ដៅនេះក្ដៅហួសកម្រិតនេះហើយមេរោគនោះក៏ទ្រាំកម្ដៅមិនបាន រមែងដល់នូវសេចក្ដីវិនាសទៅ មានទំនងដូចជាយើងតាំងកាំភ្លើងសម្រាប់បាញ់យន្តហោះដែលហោះមកទម្លាក់គ្រាប់បែកតាមផ្លូវអាកាស ហើយបង្កប់គ្រាប់បែក (មីន) ក្នុងទឹក ដើម្បីបង្ការកប៉ាល់ចម្បាំងរបស់សត្រូវជញ្ជូនទាហានឡើងគោកបាន បិទផ្លូវទ័ពរបស់សត្រូវគ្រប់ច្រក ហើយតាំងកាំភ្លើងធំប្រចាំប៉មសំខាន់ៗជាដើម នេះជាការប្រុងត្រៀមខ្លួនរាងកាយយើងក្នុងថ្នាក់ដំបូង ហេតុនេះបានជារោគដោយច្រើន មានអាការក្ដៅជាដំបូង ហើយអាការឯទៀតៗកើតឡើងជាលំដាប់ បើកម្ដៅនេះមិនហួសពីកម្រិត ៤០ ឬមានកម្ដៅល្មមខ្លួនយើងទ្រាំទ្របាន យើងក៏មិនបាច់ប្រើថ្នាំអ្វីនីមួយទេ ទុកឱ្យកម្ដៅនោះថយចុះមកឯងតាមធម្មតា វៀរលែងតែពិនិត្យទៅឃើញថាខានប្រើថ្នាំពុំបាន ដូចជាជំងឺដេកមិនលក់ ទៅជាមមើមមាយខុសប្រក្រតី។ល។ កម្ដៅមានប្រយោជន៍ច្រើនដល់រាងកាយក្នុងការតស៊ូនឹងមេរោគឬមេជំងឺ។
២- កេណ្ឌទាហានឱ្យចូលប្រចាំក្រុមកងសម្រាប់ធ្វើការតទល់នឹងពួកសត្រូវ គឺតួលោហិតស ក្នុងលោហិតស ១ តំណក់ មានតួលោហិតក្រហមប្រមាណ៤លានតួ ឯតួលោហិតសនេះមានប្រមាណ ៨ ពាន់តួ មានច្រើនយ៉ាងច្រើនពួក មានមុខក្រសួងផ្សេងៗគ្នា មានទាហានថ្មើរជើងប្រមាណ ៧០% ក្រៅពីនេះជាទាហានកាំភ្លើងធំ ទាហានសេះ ទាហានជាងជាដើម។ ឯពួកលោហិតក្រហមនោះ មានមុខក្រសួងជញ្ជូនស្បៀងអាហារជាកម្លាំងក្នុងចម្បាំង កាលបើកើតសឹកសង្គ្រាមដល់ខ្លួនយើងឡើងហើយ តួលោហិតសក៏កើតឡើងច្រើនណាស់ដែរ ក្នុងលោហិតមួយតំណក់ អាចមានតួលោហិតទាំងហ្មឺនទាំងសែន គឺថារាងកាយយើងកេណ្ឌទាហានបន្ថែម ពួកដែលបម្រុងទុកទាំងប៉ុន្មានក៏ហៅប្រជុំឱ្យចូលមកប្រចាំការទាំងអស់។
ក្នុងរាងកាយមនុស្សធំហើយដែលមានទម្ងន់ដល់ទៅ ៦០ គីឡូក្រាម មានតួលោហិតប្រមាណ ៣ លានតំណក់ ក្នុងមួយតំណក់មានពលចម្បាំងប្រមាណ ៨ ពាន់ ពលជួយច្បាំងមានប្រមាណ ៤ លាន សូមឱ្យគិតលេខមើលចុះ បើលោហិត ៣ លានដំណក់ តើមានទាហានជាចំនួនប៉ុន្មានទៅ ? ឯបាក់តេរីនោះក៏មានចំនួនច្រើនលើសលន់គណនាណាស់ដែរ បើដូច្នោះតើគួរយើងហៅថា មហាយុទ្ធសង្គ្រាមបានឬទេ ?។
ឯមហាយុទ្ធសង្គ្រាមលោកក្នុងគ្រាដែលកន្លងមកហើយនោះ មានពលចម្បាំងទាំងសងខាងយ៉ាងច្រើនត្រឹម ១០ លាននាក់ប៉ុណ្ណោះ ទើបឃើញថា មហាសង្គ្រាមក្នុងរាងកាយយើងធំជាងឆ្ងាយណាស់។
៣- កាលបើបានប្រុងត្រៀមកម្លាំងព្រមមូលគ្នាហើយ រាងកាយបញ្ជូនតួលោហិតសមកពទ្ធឡោមមេរោគដោយជុំវិញ នេះដូចជាការបញ្ជូនទាហានទៅតទល់នឹងពួកខ្មាំងសត្រូវ តួលោហិតចំពួកខ្លះស្ទុះទៅខាំស៊ីមេរោគអស់នោះទាល់តែស្លាប់អស់ទៅក៏មាន។ បើបែរជាតស៊ូនឹងមេរោគពុំបានឬត្រូវថ្នាំបំពុលស្លាប់ ក៏ក្លាយទៅជាខ្ទុះឡើង ខ្ទុះពណ៌សនោះគឺតួលោហិតសនឹងសាច់ស្បែកដែលខូចខាតខ្ទេចខ្ទីអស់ទៅហ្នឹងឯង។ តាមធម្មតាតួលោហិតស ១ អាចតស៊ូនឹងមេរោគបាន ១០តួ។
ឯខួរក្នុងឆ្អឹងខ្នងជាចៅនាទីបង្កើតតួលោហិតក្រហមនិងសឱ្យមានចំនួនច្រើនល្មមគ្រប់គ្រាន់នឹងប្រើការជានិច្ច តែមានចួនកាលធ្វើបញ្ជូនមិនទាន់ឬមួយយឺតយូរពេកទៅ គ្រូពេទ្យតោងប្រើវិធីបញ្ឆោត គឺចាក់បញ្ចូលមេរោគស្លាប់ៗឱ្យចូលទៅក្នុងរាងកាយ ដើម្បីបញ្ឆោតរាងកាយឱ្យមានសេចក្ដីភិតភ័យភ្ញាក់ផ្អើលឡើង ឱ្យខំប្រឹងធ្វើតួលោហិតសឱ្យមានចំនួនគ្រប់គ្រាន់ឡើង នេះមានទំនងដូចជាយើងកេណ្ឌហៅទាហានក្រៅមកប្រចាំការឱ្យមកជួយច្បាំងថែមទៀត ដើម្បីបន្ថែមកម្លាំងកងទ័ពឱ្យមានកម្លាំងខ្លាំងពូកែឡើង តែតួលោហិតមិនបានទៅតយុទ្ធនឹងមេរោគស្លាប់ៗនោះទេ នាំគ្នាទៅតយុទ្ធតែនឹងមេរោគរស់ៗដោយរួសរាន់ ទើបមានជ័យជម្នះដោយងាយ។ ឯពួកតួលោហិតក្រហមមាននាទីជាអ្នកជញ្ជូនស្បៀងអាហារនិងគ្រឿងអាវុធហើយធ្វើនាទីជាអ្នកជួយច្បាំងផង។
៤- រាងកាយយើងធ្វើទឹកម្យ៉ាងឱ្យមានឡើង សម្រាប់ជួយជាកម្លាំងឱ្យតួលោហិតសធ្វើការកម្ចាត់មេរោគបានដោយងាយ បើមិនមានទឹកបែបនេះទេតួលោហិតសក៏ធ្វើការមិនបានស្រួល ទឹកបែបនេះ ប្រៀបដូចជាទាហានកាំភ្លើងធំដែលតាំងចាំបាញ់ពួកសឹកសត្រូវឱ្យភ័យស្លន់ ទើបពួកទាហានលើកទ័ពលុកចូលទៅរកពួកខ្មាំងសត្រូវបានស្រួលមិនសូវលំបាក។
តួយ៉ាងដែលមើលឃើញដោយភ្នែកទទេ
តួយ៉ាងរោគដែលយើងល្មមមើលឃើញដោយភ្នែកទទេបាននោះ គឺជំងឺបូសផ្សេងៗបូសកើតឡើងដោយមានបាក់តេរីម្យ៉ាងមានរូបរាងជាចុចៗ ហើយរួមគ្នាជាពួកៗមានទំនងដូចចង្កោមផ្លែទំពាំងបាយជូរ លើកគ្នាចូលមកប្រទូសរ៉ាយរាងកាយយើង ហើយយើងមើលឃើញបូសនោះមានអាការប្រែប្រួលដូច្នេះ
១- មានកម្ដៅកើតឡើង ព្រោះចៅភ្នាក់ងារក្នុងរាងកាយយើងបន្ថែមឱ្យមានច្រើនឡើង ដើម្បីសម្លាប់មេរោគឬបន្ថយកម្លាំងមេរោគឱ្យទន់ខ្សោយចុះទៅ។
២- ឡើងសម្បុរក្រហម ព្រោះមានឈាមមករួមប្រជុំគ្នានៅទីនោះជាចំនួនច្រើន ដើម្បីនាំតួលោហិតសមកតយុទ្ធនឹងមេរោគអស់នោះ ហើយនាំស្បៀងអាហារមកជូនផង។
៣- មានអាការហើមឡើងព្រោះមានទឹករងៃច្រើនជាងធម្មតាសព្វដង ដើម្បីជាប្រយោជន៍ដូចប្រការទី២នោះដែរ នឹងមានប្រយោជន៍ដើម្បីឱ្យទឹករងៃជម្រះលាងដេញកម្ចាត់មេរោគឱ្យអស់ទៅ។
៤- មានអាការឈឺ ព្រោះមានសរសៃប្រសាទត្រូវក្បៀសដោយទឹកលោហិតនិងរងៃមកខាំងដក់នៅត្រង់កន្លែងនោះ ទាំងសរសៃប្រសាទក៏កាន់តែមានអាការដឹងខ្លួនច្រើនឡើងដើម្បីឱ្យរាងកាយឆាប់ដឹងខ្លួន មិនបាច់ឱ្យមានការប៉ះពាល់ត្រង់កន្លែងដែលឈឺនោះ។
៥- មានពិការ នៅត្រង់កន្លែងដែលឈឺនោះរមែងពិរាពិការប្រើការមិនបានស្រួលឬមិនបានឡើយ គឺថាបើឈឺត្រង់ដៃនឹងប្រើដៃធ្វើអ្វីក៏មិនស្រួលចេះតែទាស់ទំនងទាំងអស់ នេះធម្មតាតែងបង្គាប់ឱ្យធ្វើដូច្នេះ ប្រយោជន៍នឹងបង្ការរាងកាយត្រង់កន្លែងដែលឈឺនោះ មិនឱ្យកម្រើកមិនឱ្យរញ្ជួយនិងបង្ការមិនឱ្យមេរោគឬមេជំងឺស្ទុះចូលទៅកាន់ទីដទៃទៀតបានផង។
ហេតុដដែលឬឈឺចាប់កាន់តែខ្លាំងឡើងរមែងមានមកតាមទំនងនេះទាំងអស់ កាលបើយើងដឹងដើមហេតុដូចបានពោលមកហើយនេះ យើងត្រូវតែអនុលោមជាជំនួយជួយរាងកាយយើងក្នុងពេលដែលមានគ្រោះថ្នាក់។ ជំងឺបូសដែលមានខ្ទុះកើតឡើងច្រើននោះ គឺតួលោហិតសទៅធ្វើការតយុទ្ធនឹងមេរោគនោះបរាជ័យចាញ់ស្លាប់អស់ជាចំនួនច្រើន ហេតុនេះយើងត្រូវតែរកគ្រូពេទ្យឱ្យវះបារយកខ្ទុះនិងឈាមកំណាចនោះចេញ ហើយត្រូវប្រយត្នបង្ការកុំឱ្យមេរោគចុះទៅជ្រៀតជ្រែកត្រង់កន្លែងនោះបានទៀត ដោយវិធីចងរុំត្រង់កន្លែងនោះ និងទំនុកបម្រុងរាងកាយឱ្យមានកម្លាំងច្រើនឡើង ដើម្បីឱ្យរាងកាយធ្វើការតទល់នឹងមេរោគតាមទំនើងខ្លួនឯងវិញប្រសើរជាង។ ការធ្វើឱ្យកើតវរវឹកមិនត្រូវទំនងអាចឱ្យទោសបាននៅវេលាក្រោយមិនខាន។
ខ. ស.
ខេមរង្សី
អ្នកប្រែនឹងរៀបរៀង