ព្រះគ្រូសុវឌ្ឍញាណ សូរ-ហាយ ក្រុមជំនុំព្រះត្រៃបិដក
នៅពុទ្ធសាសនបណ្ឌិត្យ រៀបរៀង
នមត្ថុ រតនត្តយស្ស
សាធុ ខោ សិប្បកំ នាម អបិ យាទិសិកីទិសំ
បស្ស អជប្បហារេនលទ្ធា គាមា ចតុទ្ទិសា ។
អស់លោក-អ្នកសប្បុរសទាំងឡាយ ព្រះពុទ្ធសាសនារបស់យើង ជាសាសនាមានគោលចារឹកប្រាប់ហេតុផលច្បាស់លាស់ យើងជាពុទ្ធសាសន៍ក៏ធ្លាប់បានសិក្សារៀនសូត្រប្រតិបត្តិ ជឿកាន់មកជាយូរអង្វែងហើយ។
ព្រះសម្មាសម្ពុទ្ធ របស់យើង តាំងពីព្រះអង្គបានត្រាស់ដឹងឡើងក្នុងលោក ឥតមានកិច្ចការអ្វីក្រៅអំពីការសម្ដែងធម៌ពន្យល់ធម៌អាថ៌ដល់សត្វលោកឡើយ ព្រះអង្គដែលខំត្រាច់ស្វះស្វែងទៅកាន់ចារិកស្រុកតូចធំនិគមជនបទកំណត់រាជធានីផ្សេងៗ ដើម្បីប្រកាសសាសនធម៌បំភ្លឺអំពីប្រយោជន៍អាថ៌កំបាំងក្នុងបច្ចុប្បន្ននិងបរលោកតែម្យ៉ាង បើព្រះអង្គបានចួបប្រទះបុរសស្ត្រីណាមួយ ដែលមានសន្ដានចិត្តនៅល្ងង់ខ្លៅ មិនទាន់ចេះដឹង មិនទាន់យល់ប្រយោជន៍ ឬមិនទាន់មានវត្តចរិយាសណ្ដាប់ធ្លាប់ល្អក្នុងខ្លួនទេ ព្រះអង្គក៏ទ្រង់សម្ដែង ណែនាំបុរសស្ត្រីនោះឱ្យទាល់តែគេចេះដឹងយល់ប្រយោជន៍សេចក្ដីល្អគ្រប់យ៉ាង តាមសមគួរដល់ឧបនិស្ស័យវាសនារបស់គេក្នុងត្រកូលនោះៗ ព្រះអង្គមិនមែនទូន្មានប្រៀនប្រដៅសត្វលោក ឱ្យប្រតិបត្តិស្រូតរូតយកប្រយោជន៍ចំពោះតែបរលោកម្យ៉ាងនោះទេ។
តាមដំណឹងក្នុងគម្ពីររបស់ព្រះពុទ្ធសាសនា ដែលយើងធ្លាប់ដឹងឃើញមកជាច្រើនប្រាកដថា ព្រះអង្គតែងសម្ដែងដាស់តឿនមនុស្សបុថុជ្ជន ឱ្យខំប្រឹងប្រែងខ្មីឃ្មាតសង្វាតចំពោះកិច្ចការដែលខ្លួនត្រូវធ្វើ ឬវិជ្ជាណាមួយសម្រាប់លៃលករកប្រយោជន៍បច្ចុប្បន្ននិងបរលោកជារឿយៗណាស់ ដូចយ៉ាងសម្បទា ៤ ប្រការមានឧដ្ឋានសម្បទា ការគ្រប់គ្រាន់ដោយសេចក្ដីប្រឹងប្រែងជាដើម បើបុរសស្ត្រីក្នុងត្រកូលណាមួយដែលធ្លាប់បានចុះស្នាមក្នុងផ្លូវសិក្សា ចេះដឹងយល់ការខុសត្រូវស្គាល់ប្រយោជន៍សមគួរហើយ ព្រះអង្គក៏ទ្រង់សម្ដែងជួយបំភ្លឺឱ្យរឹងរឹតតែចេះដឹង ទ្រង់ចង្អុលបង្ហាញប្រយោជន៍ សរសើរអានិសង្សគុណសម្បត្តិនៃការចេះដឹងរបស់គេនោះបន្លែមឡើងទៀត ដើម្បីទុកជាតម្រាប់ដ៏ល្អដល់មនុស្សជាន់ក្រោយដែលនៅល្ងង់ខ្លៅ។ ដំណើរសេចក្ដីនេះសឹងមានប្រាកដក្នុងរឿងពុទ្ធចរិយាថា ព្រះពុទ្ធទាំងឡាយ ជាចក្ខុរបស់សត្វលោក ឬជាប្រទីបពន្លឺនៃលោក ព្រះអង្គក្រែងប្រាថ្នាសត្វលោកភ្លឺច្បាស់ដោយវិជ្ជាយល់ច្បាស់ដោយបញ្ញា។
សិល្បវិជ្ជា សម្រាប់លោកដែលប្រព្រឹត្តទៅដោយប្រពៃ មិនប្រព្រឹត្តទៅដើម្បីបៀតបៀនអ្នកដទៃ សុទ្ធតែជាវិជ្ជាគួររៀនឱ្យចេះដឹងទាំងអស់ ដូចយ៉ាងសិល្បវិជ្ជា សម្រាប់រកទ្រព្យចិញ្ចឹមជីវិតដោយល្អ ទាំងប៉ុន្មានដែលមានឡើងក្នុងលោកតាមកាលសម័យ។
កាលវេលានេះ ពួកមនុស្សអ្នកដឹងខ្លួនទាន់កាលសម័យ ស្គាល់ប្រយោជន៍ធំទូលាយ ក្នុងលោកដោយច្បាស់លាស់ គេតែងរាប់អាននិយមខាងការសិក្សាជាធំបំផុត គេខំប្រដៅដាស់តឿនទំនុកបម្រុងបុត្តធីតាបងប្អូនរបស់គេក្នុងផ្លូវសិក្សា ឱ្យចេះស្រឡាញ់កិច្ចសិក្សាក្នុងវិជ្ជាចំណេះណាមួយដែលគេនិយមក្នុងសម័យនេះ ប៉ុន្តែមានមនុស្សជាច្រើនពួកណាស់ដែលនៅល្ងង់ខ្លៅ ជាអ្នកមិនយល់ប្រយោជន៍នៃការសិក្សាតាមកាលសម័យដែលហៅថា មនុស្សជាអកាលញ្ញូ អ្នកមិនស្គាល់កាលសម័យ មនុស្សខ្លះចូលចិត្តថា ជីដូនជីតារបស់យើងពីដើមរៀនសូត្រឱ្យចេះដឹងតែព្រាលៗ បន្តិចបន្តួចក៏បានហើយ មិនចាំបាច់រៀនសូត្រអក្សរសាស្ត្រឬសិល្បវិជ្ជា បកប្រែបាលីសម្រាយអ្វីឱ្យយូរឆ្នាំដូចសម័យនេះទេ សេចក្ដីចូលចិត្តបែបនេះ ពេញហៅ ខុសធំវែងឆ្ងាយតទៅក្នុងអនាគត។
មាតាបិតា គ្រូអាចារ្យ ជាប្រធាននៃការសិក្សា ត្រូវឧស្សាហ៍រកឧបាយនិយាយពន្យល់បុត្តធីតា សិស្សគណ ឱ្យស្គាល់ប្រយោជន៍ទាន់កាលសម័យ មិនឱ្យធ្វេសប្រហែស មិនឱ្យខ្ជិលច្រអូស ឱ្យមានការខ្មីឃ្មាតចេះលៃលកប្រកបការងារត្រូវតាមកាលសម័យ ដែលហៅថា កាលញ្ញូ ប្រែថា “អ្នកស្គាល់កាលសម័យ” សមដូចពុទ្ធភាសិតថា “កាលានុរូបំវ ធុរំ និយុញ្ជេ បុគ្គលត្រូវប្រកបធុរៈឱ្យសមគួរដល់កាលសម័យកុំខាន” ភាសិតនេះបំភ្លឺសេចក្ដីឱ្យឃើញថាជាឱវាទដ៏ពិសេសល្មមជាមេគំនិតរបស់យើងបានដោយពិត។ ពាក្យថាធុរៈ នេះជាឈ្មោះរបស់កិច្ចការដែលត្រូវធ្វើទាំងអស់ គឺការងារឬមុខក្រសួងក្នុងតំណែងណាមួយ ទោះបីធំតូចធ្ងន់ស្រាលដែលគេត្រូវប្រកបចុះដៃចាប់ធ្វើហៅថាធុរៈទាំងអស់។ ការសិក្សារៀនសូត្រនេះ ចាត់ជាធុរៈមួយយ៉ាងធំហៅថាសិក្ខាធុរៈ ជាធុរៈសម្រាប់កុមារាកុមារីក្នុងលោកទូទៅ។ មាតាបិតាទុកជាគ្រូដើម ឬជាទម័ករបស់បុត្តធីតា មុនដំបូងបង្អស់ ព្រោះហេតុនោះមាតាបិតាទើបឈ្មោះថា ជាប្រធាន ឬជាមេគំនិតរបស់បុត្តធីតាទាំងឡាយ។
មាតាបិតា ដែលប្រាថ្នាសេចក្ដីចម្រើនដល់បុត្តធីតារបស់ខ្លួននោះ ត្រូវអភិបាលរក្សាកុមារាកុមារីដោយល្អដោយស្ថាន ៧ យ៉ាងគឺ ៖
ទី១- កាលកុមារាកុមារីមានអាយុរវាង ៣ ឬ ៤ ខួបប៉ុណ្ណោះជាក្មេងនៅទន់ខ្សោយកម្លាំងកាយកម្លាំងស្មារតីនៅឡើយ មាតាបិតា មិនត្រូវបន្លាចបំភ័យឬបញ្ឆោតកុមារាកុមារីឱ្យវាខ្លាចភិតភ័យចំពោះអ្វីៗផ្សេងៗនោះទេ ពីព្រោះខួរក្បាលនឹងព្រលឹងរបស់កូនក្មេងនៅរាវទន់ខ្សោយ ជាហេតុឱ្យក្រឡកខួរក្បាល លស់ព្រលឹងខាតប្រាជ្ញាស្មារតីរបស់កូនក្មេង។
ទី២- កាលកុមារាកុមារីមានវ័យនៅក្មេងរវាងអាយុ ៦ ឬ ៧ខួប ប៉ុណ្ណេះជាក្មេងមិនទាន់ពេញកម្លាំងនៅឡើយ មាតាបិតាមិនត្រូវប្រើវាឱ្យធ្វើការធ្ងន់ៗ មានរែកសែងជាដើមទេ។
ទី៣- មិនត្រូវដឹកនាំឬបណ្ដោយឱ្យកូនក្មេងចេះជេរប្រទេច ឬពោលពាក្យទ្រគោះបោះបោក។
ទី៤- ត្រូវថែរក្សាថ្នាក់ថ្នមកូនក្មេងដោយឧបាយដ៏ល្អ ត្រូវបង្រៀនឱ្យវាមានគំនិតស្មារតីរឹងប៉ឹងឱ្យមានឫកមារយាទសណ្ដាប់ធ្នាប់ថ្លៃថ្នូ ឱ្យមានពាក្យសម្ដីនិយាយចំពោះអ្នកផងទន់ភ្លន់ ផ្អែមល្ហែម ទាំងការបរិភោគអាហារចំណីក៏ត្រូវឱ្យមានកំណត់ពេលវេលា ត្រូវឧស្សាហ៍សម្អាតងូតលាងជម្រះខ្លួនប្រាណនិងគ្រឿងស្លៀកពាក់ទីកន្លែងដេកនៅដើម្បីបង្ការរោគ ត្រូវបំប៉នកូនក្មេងឱ្យមានសាច់ធំធាត់កុំឱ្យស្គាំងស្គម ត្រូវបង្ហាត់ឱ្យចេះស្ទាត់ក្នុងការគោរពកោតក្រែងចំពោះត្រកូល ឬអ្នកឯទៀតដែលគួរគោរព មិនត្រូវបណ្ដោយតាមអំពើចិត្តរបស់វាទេ។
ទី៥- ត្រូវបង្រៀនកូនក្មេងឱ្យចេះរាប់ចំនួនរបស់អ្វីផ្សេងៗ ឱ្យចេះគិតកាញ់គ្នេរតាំងពីរបស់ ៣ ឬ ៤ ឡើងទៅ ឱ្យចេះរាប់លេខរាយលេខបូកដោយមាត់ទទេ ឱ្យចេះថែរក្សាផ្ទះសម្បែងទ្រព្យសម្បត្តិដឹងបាត់គង់វិនាសចម្រើនខាតចំណេញបណ្ដោះអាសន្នបណ្ដើរតាំងពីក្មេង។
ទី៦- មាតាបិតាត្រូវតាំងខ្លួនឱ្យមានមារយាទសុចរិតឫកពារថ្លៃថ្លាល្អ ឱ្យសមសក្ដិជាមាតាបិតា គួរជាទីគោរពជាតម្រាប់ដ៏ល្អរបស់បុត្រធីតា ដើម្បីឱ្យបុត្រធីតា ចម្លងយកបែបបទចរិយាដ៏ល្អនោះតទៅ បុគ្គលជាមាតាបិតា ត្រូវចំណាំគំនិតនិស្ស័យរបស់កូនក្មេងឱ្យរឿយៗ ដើម្បីឱ្យស្គាល់ពុតត្បុតដំណើរលំនាំទើបងាយនឹងប្រដៅ ឬតម្រូវកិច្ចការធុរៈដល់វាក្នុងកាលដែលវាមានវ័យចម្រើនឡើង។
ទី៧- ត្រូវបង្ហាត់បុត្រធីតា ឱ្យមានកាយទន់ភ្លន់គឺឱ្យចេះគោរព សំពះជម្រាបសួរញាតិសន្ដាន ឬបុគ្គលចាស់ព្រឹទ្ធាចារ្យ ក្នុងកាលដែលខ្លួនចូលទៅរក ឬគេចូលមករកខ្លួន ឱ្យចេះស្ទាត់ក្នុងការធ្វើបដិសណ្ឋារៈតាមសមគួរដល់គុណសម្បត្តិរបស់ភ្ញៀវដែលចូលមករក ព្រោះថាបុត្រធីតា ក្នុងត្រកូលខ្លះ ស្រុកខ្លះមានអាការឆ្គងដៃជើងមិនចេះសម្ដែងសេចក្ដីគួរសមចំពោះអ្នកណាសោះ សូម្បីតែមាតាបិតារបស់ខ្លួន ក៏មិនដែលឃើញឱនលំទោនសោះ មនុស្សខ្លះឆ្គងកាយយ៉ាងនេះតាំងពីក្មេងរហូតទាល់តែខ្លួនចាស់ស្លាប់បាត់ទៅវិញ មិនដែលបានគោរពសំពះមាតាបិតា អស់មួយជីវិត មនុស្សបែបនេះក៏មានច្រើនណាស់ដែរ។ បុត្តធីតាឆ្គងកាយបែបនេះ នឹងឱ្យខុសទៅលើកូនក៏មិនបាន ព្រោះតែមាតាបិតាមានអាការខ្ជីខ្ជាឥតច្បាប់ទម្លាប់បានជាបុត្តធីតាក៏មានកិរិយាឆ្គងបែបនោះដែរ សមដូចបុរាណភាសិតថា “ដឹងឆ្គងព្រោះដង កូនឆ្គងព្រោះម្ដាយ ឬខូចពីម្ដាយ សាយដល់កូន”។ ដំណើរនេះច្រើនតែធ្លាក់ទោសទៅលើមាតា ព្រោះហេតុនេះ ស្ត្រីជាមាតារបស់បុត្តធីតា គួរប្រយត្នបង្ហាត់កូនឱ្យមានសណ្ដាប់ធ្នាប់ល្អ កុំឱ្យឆ្គងបែបនោះ គឺមុនដំបូងត្រូវមាតាបង្ហាត់កូនឱ្យចេះសំពះបិតា ទើបឯបិតាក៏ត្រូវបង្ហាត់កូនឱ្យសំពះមាតា ឧស្សាហ៍បង្ហាត់បណ្ដាក់គ្នាទៅវិញទៅមករឿយៗ យ៉ាងនេះទៅគង់នឹងបានបទបាត់ឆ្គងពុំខាន។ បើមាតាឬបិតា ពន្យល់កូនឱ្យសំពះខ្លួនឯងក៏ហាក់ដូចជាមិនត្រូវទំនង ។ មួយទៀតមាតាបិតាត្រូវឧស្សាហ៍និយាយរឿងអ្វីផ្សេងៗ ដែលខ្លួនចេះចាំឱ្យកូនចៅស្ដាប់ ដើម្បីឱ្យវាចេះពាក្យពេចន៍ហើយឱ្យវារៀននិយាយតាម ជាហេតុនឹងឱ្យកូនក្មេងចេះនិយាយពាក្យសម្ដីល្អ មនុស្សជាន់មុននេះបន្តិចស្ទើរតែគ្រប់ស្រុកច្រើនតែនាំកូនក្មេងឱ្យចេះសូត្រពាក្យថា “ចាក់ទឹកដូងមេឡូងមេឡា កន្ទុយត្រីប្រាទៅនាងអុក កន្ទុយត្រីភ្ទក់ទៅនាងកែវ អកកំបោរបញ្ចាំថង់ បំពង់ឫស្សីបញ្ចាំវែក ក្បាលទំពែកក្អែកជុំដាក់ប៉ក់” អ្នកខ្លះឱ្យសូត្រថា “ចាក់ទឹកដូងមេឡូងមេលៀច ចាន់ក្រពៀចពាក់អាវក្រពើ ទឹកនៅលើក្រពើនៅក្រោម” ប៉ុណ្ណេះជាដើម ខាងចុងដូចគ្នា មួយបែបទៀតថា ” វើកៗ ដង្កូវ ស្អីនៅផ្លូវ ក្ដាម ស្រមេមស្រមាម បង្កង[១] ដំពងត្រី រ៉ស់ ខាំពស់ ស្ការ ស៊ីបន្លា រមាស មានខ្មាស ពង្រូល” ប៉ុណ្ណេះជាដើម។
ការបង្រៀនកូនក្មេងឱ្យចេះចាំពាក្យទាំងនេះជាហេតុឱ្យកូនក្មេងចេះពាក្យសម្ដីច្រើនឡើង ក៏ជាការល្អម្យ៉ាងដែរហើយ តែមិនសូវមានប្រយោជន៍ផ្ទាល់ខ្លួន គួរបង្រៀនកូនក្មេងឱ្យចេះរាប់អក្សររាប់ថ្ងៃខែឆ្នាំគឺឱ្យរាប់តាំងពីនមោ … កខ … អាទិត្យចន្ទ … មិគសិរ បុស្ស … ជូតឆ្លូវ … ហែ ៗ ទៅ។ គឺត្រូវចោទសួរកូនក្មេងអំពីថ្ងៃខែឆ្នាំ ហើយនិយាយប្រាប់វាឱ្យស្គាល់ថ្ងៃតើមានប៉ុន្មាន ? ថ្ងៃណាជាដើម ? ក្នុងមួយឆ្នាំតើមានប៉ុន្មានខែ ? ខែណាជាដើម ? ឆ្នាំតើត្រូវរាប់យកឆ្នាំណាជាដើម ? ការបង្រៀនកូនក្មេងឱ្យចេះរាប់ឱ្យស្គាល់បែបនេះឯង ជាការមានប្រយោជន៍ច្រើនជាងពាក្យចាក់ទឹកដូងទៅទៀត។
ការបង្រៀនប្រដៅកូនក្មេងឱ្យមានសណ្ដាប់បែបបទបណ្ដើរ ជាការបណ្ដោះអាសន្នដូចសម្ដែងមកប៉ុណ្ណេះនេះ ជាការបណ្ដុះផ្សាំប្រាជ្ញាស្មារតី ឬអប់រំបន្ទុំនិស្ស័យរបស់កូនក្មេងឱ្យលូតលាស់ចម្រើនឡើងផង ដើម្បីឱ្យស្រួលដល់ការបង្រៀនរបស់គ្រូដែលជាភារៈខាងការបង្រៀនផង ដើម្បីឱ្យស្រួលដល់ការបង្រៀនរបស់គ្រូដែលជាភារៈខាងការបង្រៀនផង។ លុះកូនក្មេងមានអាយុ ៦ ឬ ៧ឆ្នាំ ហើយត្រូវនាំយកទៅទុកដាក់ក្នុងសម្នាក់គ្រូឱ្យរៀនសូត្រវិជ្ជាអក្សរ វិជ្ជាលេខនព្វន្តមិនត្រូវបណ្ដោយទុកឱ្យនៅទំនេរ កុំអាលទុកកូនគ្រាន់អាស្រ័យយកកម្លាំងប្រើប្រាស់ ព្រោះថា កូនក្មេងតំណូចប៉ុណ្ណេះ កាលបើប្រើវាញក់ញីឱ្យហត់នឿយខ្លាំងពេក ឬត្រូវខ្យល់កម្ដៅថ្ងៃខ្លាំងជាហេតុឱ្យបាក់កម្លាំងខូចខាតស្មារតីរបស់កូនក្មេង នឹងសិក្សាវិជ្ជាអ្វីក៏មិនសូវអង់អាចក្លៀវក្លា ព្រោះហេតុនោះ បុគ្គលជាមាតាបិតាដែលមានបុត្តប្រុសស្រីបម្រុងឱ្យទទួលភារៈការសិក្សា គួរថ្នមកម្លាំងកាយរកឧបាយបណ្ដុះប្រាជ្ញាស្មារតីរបស់កូន ហើយត្រូវសំចៃលៃទ្រព្យសម្បត្តិសម្រាប់ជួយបំពេញកិច្ចសិក្សាសិល្បសាស្ត្រដល់បុត្តធីតារបស់ខ្លួន។ ដើម្បីធ្វើដំណើរនៃការចេះដឹងឱ្យជឿនលឿនឡើងទៅតាមកាលសម័យ។
ពាក្យថា ” សាស្ត្រ” ប្រែថាគម្ពីរ ក្បួនច្បាប់ តម្រា ឬសៀវភៅ។ យកសិល្បៈមករួមបទជាមួយគ្នាហៅថា ” សិល្បសាស្ត្រ” គឺគម្ពីរដែលសម្ដែងអំពីសិល្បៈផ្សេងៗ មានច្រើនប្រភេទដូចសេចក្ដីដែលត្រូវសម្ដែងតទៅ។
សិល្បៈនេះបើនិយាយរួបរួមមាតិកាដោយសង្ខេបមាន ២ យ៉ាងគឺ ៖
ទី១ អនាគារិយ សិប្បៈ សិល្បៈរបស់បព្វជិត ដូចយ៉ាងព្រះអានន្ទត្ថេរមានប្រាជ្ញាស្មារតីឈ្វេងយល់ក្នុងការហែក កាត់ ដេរ គក់ ជ្រលក់ស្បង់ចីពរសង្ឃាដីឱ្យមានខណ្ឌមានមណ្ឌល មានខ្នាតបន្ទាត់ត្រូវតាមវិនយានុញ្ញាតរបស់ព្រះសម្មាសម្ពុទ្ធ។
ទី២ អគារិយ សិប្បៈ សិល្បៈរបស់គ្រហស្ថដែលគេចេះស្ទាត់វាងវៃក្នុងសិល្បផ្សេងៗ មានធុរៈសិប្បៈ ទារុសិប្បៈ ស្ទាត់វាងវៃក្នុងការបាញ់ធ្នូ ស្ទាត់ក្នុងការជាងឈើជាដើម។
ក្នុងទីនេះ នឹងសម្ដែងអំពីសិល្បៈរបស់គ្រហស្ថដូចមានសេចក្ដីតទៅ ៖
សិល្បៈ ដែលអ្នកស្រុកមជ្ឈិមប្រទេសក្នុងសម័យបុរាណតាំងពីមុនពុទ្ធកាលរហូតដល់មកក្នុងសម័យពុទ្ធកាល គេតែងនិយមរាប់អានសិក្សានោះមានច្រើនយ៉ាង តាមឧបាយប្រាជ្ញារបស់អ្នកប្រាជ្ញក្នុងជំនាន់នោះបំបែកសាខាវិជ្ជាទៅជាច្រើនចំណែកណាស់ តែដែលប្រាកដមកក្នុងគម្ពីរឧទាននន្ទវគ្គខុន្ទកនិកាយ រាប់គោលសិល្បៈធំៗ ហៅថា មហាសិល្បៈមាន ១២ យ៉ាងគឺ ៖
១- ហត្ថិសិប្បៈ សិល្បៈក្នុងវិធីបង្ហាត់ដំរី ត្រួតត្រាខាងពលដំរី។
២- អស្សសិប្បៈ សិល្បៈក្នុងវិធីទូន្មានសេះ ត្រួតត្រាខាងពលសេះ។
៣- រថសិប្បៈ សិល្បៈក្នុងការធ្វើរថ ត្រួតត្រាខាងពលរថ។
៤- ធនុសិប្បៈ សិល្បៈក្នុងការបាញ់ធ្នូ ប្រសប់ខាងកាន់ធ្នូ។
៥- ថរុសិប្បៈ សិល្បៈក្នុងការប្រើអាវុធ កសាងអាវុធ។
៦- មុទ្ធាសិប្បៈ សិល្បៈក្នុងការរាប់កាញ់គ្នេរដោយដៃទទេ។
៧- គណនាសិប្បៈ សិល្បៈក្នុងការកាន់បញ្ជីកត់ត្រារាប់ចំនួនមនុស្សនឹងវត្ថុផ្សេងៗ។
៨- សង្ខានសិប្បៈ សិល្បៈក្នុងការប្រើឧបាយប្រាជ្ញាក្នុងផ្លូវសាសនោបាយ។
៩- លេខាសិប្បៈ សិល្បៈក្នុងការសរសេរនិងវិធីប្រើអក្សរត្រូវតាមច្បាប់អក្សរសាស្ត្រ។
១០- កាវេយ្យសិប្បៈ សិល្បៈក្នុងការតែងពាក្យកាព្យឃ្លោងនិងប្រវត្តិសាស្ត្រផ្សេងៗ។
១១- លោកាយតនសិប្បៈ សិល្បៈក្នុងផ្លូវលោកមានវិជ្ជាពេទ្យ នឹងវិជ្ជាមើលលក្ខណៈផ្សេងៗ ជាដើមព្រមទាំងបរមត្ថវិជ្ជា នឹងវិធីផ្សំធាតុញែករកដើមកំណើតឱ្យឃើញប្រាកដ។
១២- ខត្តិវិជ្ជាសិប្បៈ សិល្បៈក្នុងក្រសួងរដ្ឋបាល-តុលាការ ច្បាប់ត្រួតត្រាប្រជារាស្ត្រ។
សិល្បៈ ទាំង១២ យ៉ាងនេះ គេលើកថាជាវិជ្ជាជាន់ខ្ពស់ក្នុងសាលាទិសាបាមោក្ខ សម្រាប់ប្រទេសជាតិរបស់គេ ព្រោះគេយល់ច្បាស់ថា ប្រទេសជាតិដែលបានចម្រើនរុងរឿងឡើង ក៏ព្រោះអាស្រ័យសិល្បៈទាំងនេះឯង មួយទៀតសិល្បៈនេះជាផ្លូវសម្រាប់រក្សាគ្រប់គ្រងប្រទេស ឬថាជាលម្អរបស់ប្រទេស។ សិល្បៈក្រៅពីនេះក៏នៅមានច្រើនបែបទៅទៀតណាស់ ប៉ុន្តែគេរាប់ថាជាសិល្បៈសាធារណៈ ខាងផ្លូវពាណិជ្ជកម្ម សម្រាប់របរចិញ្ចឹមជីវិតផ្ទាល់ខ្លួនម្នាក់ៗប៉ុណ្ណោះ។
សិល្បៈសាធារណៈមាន ៩ យ៉ាងគឺ ៖
១- ទារុសិប្បៈ សិល្បៈខាងគ្រឿងឈើ គឺការឈ្លាសវៃក្នុងការអារចាំងឈូសឆ្លាក់ក្រឡឹងខ្នាតបន្ទាត់ ធ្វើផ្ទះសម្បែង និងប្រដាប់តាក់តែងផ្ទះមានតុតាំងជាដើម។
២- ចិតកម្មសិប្បៈ សិល្បៈខាងការគូរគំនូរផ្សេងៗ មានគំនូររូបមនុស្សជាដើម។
៣- សុធាឥដ្ឋសិប្បៈ សិល្បៈខាងការជាងកំបោរដីឥដ្ឋគឺប្រសប់ក្នុងការរៀបចំផ្សំផ្គុំដោយគ្រឿងកំបោរដីឥដ្ឋថ្ម ធ្វើចានឆ្នាំងឬកសាងវាំងប្រាសាទចេតិយផ្ទះ ខាងឧល្លិត្តាវលិត្តកម្ម គឺការលាបបូកឱ្យជិតស្និទ្ធមានពណ៌ខាងក្នុងខាងក្រៅ ខាងរចនកម្ម គឺការឆ្លាក់ក្បាច់ក្បូរផ្សេងៗ។
៤- លោហធាតុសិប្បៈ សិល្បៈខាងការលោហធាតុ គឺប៉ិនប៉ៅក្នុងការលៃលកផ្សំធាតុដែក ស្ពាន់ លង្ហិន សំណ ប្រាក់ មាស អាចយកលោហធាតុទាំងនោះមកដុត ស្ល រម្លាយ ដំ ផែ សិទ្ធ សូន ក្រឡឹង រុះរើរៀបចំផ្សំផ្គុំផ្លាស់ប្តូរគ្រឿងយន្ត ឬធ្វើបរិក្ខារសម្រាប់ប្រើប្រាស់ដោយលោហធាតុ។
៥- វត្ថសិប្បៈ សិល្បៈខាងការត្បាញសំពត់ស្លៀកពាក់រំលេចពណ៌ច្រើនបែបគឺស្ទាត់វាងវៃក្នុងតន្តវាយកម្ម ការត្បាញរវៃអំបោះសូត្រ គេទនកម្ម ការហែក កាត់ សិព្វនកម្ម ការដេរប៉ាក់ រជនកម្ម ការជ្រលក់ឱ្យមានពណ៌គ្រប់យ៉ាងតាមប្រាថ្នា។
៦- ថម្មសិប្បៈ សិល្បៈខាងការធ្វើស្បែក គឺវិធីសម្លាប់ស្បែកឱ្យមានសាច់ទន់ស្អាតល្អធ្វើបរិក្ខារសម្រាប់ប្រើប្រាស់ដោយស្បែកសត្វផ្សេងៗ។
៧- នហាបិតសិប្បៈ សិល្បៈខាងការកាត់សក់ លាបសក់ តាក់តែងសក់ឱ្យល្អតាមសម័យ។
៨- មណិការសិប្បៈ សិល្បៈខាងវិធីធ្វើត្បូងគឺចេះប្រសប់ខាងការឆ្នៃត្បូង- ពេជ្រ ស្លកែវផ្សេងៗ មានកែវមណីជាដើម។
៩- កិលញ្ជសិប្បៈ សិល្បៈខាងរបៀបតម្បាញកន្ទេល ផែង ឬល្អីចង្អេរជាដើម។
សិល្បៈទាំងអស់ដូចសម្ដែងមកនេះ ហាក់ដូចជារំកាច់រំកោចរប៉ិចរប៉ី ប៉ុន្តែមិនដូច្នោះទេ គឺជាវិជ្ជាសម្រាប់ដៃរបស់គ្រហស្ថ បម្រុងដល់ការចិញ្ចឹមជីវិតឬថាជាលម្អរបស់ត្រកូល សិល្បវិជ្ជាទាំងនេះ បើជនជាគ្រហស្ថ ឥតគំនិតមិនបានគិតសិក្សាឬជាមនុស្សខ្ជិលច្រអូសក៏មិនងាយនឹងបានចេះដឹងក្នុងសិល្បៈណាមួយឡើយ។ បុគ្គលជាគ្រហស្ថប្រុសស្រី ដែលមានចិត្តប៉ុនប៉ងក្នុងការស្វែងរកទ្រព្យ ឬបុរសដែលមានចិត្តចំពាក់ក្រាបក្រាញនៅក្នុងឃរាវាសសម្បត្តិ ក៏ត្រូវតែស្វះស្វែងរករៀនសិល្បវិជ្ជាណាមួយឱ្យបានចេះដឹងស្ទាត់ប្រាកដក្នុងខ្លួន ដើម្បីជាស្នាដៃ ជាអលង្ការជាលម្អរបស់បុរសស្រីក្នុងត្រកូលនីមួយៗ ព្រោះថាបុរសស្ត្រីដែលមានរូបឆោមស្រស់បស់ល្អយ៉ាងណាក៏ដោយ តែបើគ្មានវិជ្ជាក្នុងខ្លួនហើយនឹងរាប់ថាល្អពុំបានឡើយ ប្រៀបដូចជាមនុស្សកំបុតដៃជើងឬដូចជាមនុស្សគ ឬក៏ដូចជាមនុស្សអាក្រាតកាយទទេ។ សិល្បៈនេះទុកជាធុរៈមួយសម្រាប់ត្រកូលគ្រហស្ថត្រូវទទួល ឯបុរសស្ត្រីដែលគ្រាន់តែល្អរូបប៉ុណ្ណោះ តែមិនមានសិល្បវិជ្ជាផងទេ ក៏គង់មិនល្អខ្ពង់ខ្ពស់ដល់ត្រកូលបាន សមដូចគាថាសុភាសិតថា ៖
រូបយោព្វនសម្បន្នោ វិសាលកុលសម្ភវោ
វិជ្ជាហីនោ ន សោភេតិ និត្តទ្ធា ឥវ កឹសុកា។
សេចក្ដីថា “បុគ្គលកើតក្នុងត្រកូលខ្ពង់ខ្ពស់ បរិបូណ៌ដោយរូបនិងវ័យនៅក្មេងក៏ដោយ តែបើសាបសូន្យចាកវិជ្ជាហើយ មិនឈ្មោះថាល្អទេ ដូចជាផ្កាចារ (គ្រាន់តែមានពណ៌ក្រហមច្រាល) តែឥតក្លិនក្រអូប”។
មួយទៀត សិល្បៈនេះទុកដូចជាទ្រព្យធនដើមទុនដែលចាយវាយមិនចេះអស់ ភ្លើងក៏មិនឆេះ ទឹកក៏មិនលិច ទាំងចោរក៏លួចប្លន់យកមិនបាន សមដូចគាថាសុភាសិតលោកនីតិថា
សិប្បសមំ ធនំ នត្ថំ សិប្បំ ចោរា ន តណ្ហរេ
ឥធលោកេ សុខំ មត្តំ បរលោកេ សុខាវហំ។
សេចក្ដីថា “ទ្រព្យស្មើដោយសិល្បៈមិនមានទេ ចោរទាំងឡាយក៏លួចយកសិល្បៈមិនបាន សិល្បៈជាមិត្រសម្លាញ់នាំមកនូវសុខក្នុងលោកនេះផង នាំមកនូវសុខក្នុងបរលោកផង”។
ក្នុងគម្ពីរមង្គលត្ថទីបនី មានរឿងដំណាលថា បីឋសិប្ប (បុរសខ្វិន) ម្នាក់ ចេះស្ទាត់ប្រាកដក្នុងសាឡិតសិប្បៈ គឺវិជ្ជាផ្ទាត់ក្រួស អាចផ្ទាត់ដុំក្រួសត្រូវស្លឹកឈើឱ្យមានរូបដូចជាសត្វអ្វីៗ បានទាំងអស់ បុរសខ្វិននោះមានឈ្មោះឮល្បីខ្ចរខ្ចាយ ដោយគ្រាន់តែចេះសិល្បៈផ្ទាត់ប៉ុណ្ណោះ ដំណាលថា ស្ដេចក្នុងនគរនោះ មានបុរោហិតម្នាក់ ជាអ្នកមាត់រឹងនិយាយច្រើនមិនសូវចេះឈប់ លុះស្ដេចបានជ្រាបហើយក៏ចាត់រាជបុរសឱ្យទៅនាំយកបុរសខ្វិននោះមកដើម្បីឱ្យផ្ទាត់អាចម៍ពពែ ដាក់មាត់បុរោហិត ដែលមានសម្ដីរឹងនោះធ្វើឱ្យរាងចាល លុះរាជបុរសនាំមកដល់ហើយ ស្ដេចក៏ឱ្យលាក់បំពួនបុរសខ្វិននោះក្នុងកន្លែងជិតស្ដេច រួចឱ្យហៅបុរោហិតមក ហើយនាំឱ្យនិយាយ លុះបុរោហិតហាមាត់និយាយឡើង បុរសខ្វិនក៏បានឱកាសផ្ទាត់អាចម៍ពពែចូលចំមាត់ប្លក់ៗ រាល់ម៉ាត់ដែលបុរោហិតហានិយាយ ផ្ទាត់ឱ្យចូលដល់រហូតដល់ពោះ ទាល់តែពេញពោះច្រាលឡើងមកដល់ដើមកនិយាយលែងកើត ស្ដេចទ្រង់មានព្រះអំណររួចទ្រង់ប្រទានរង្វាន់ជាច្រើន ព្រមទាំងស្រុកសួយ ៤ ស្រុកថែមទៀត បុរសខ្វិននោះក៏បានឡើងជាអ្នកមានស្ដុកស្ដម្ភគ្រាន់បើមួយរំពេច ដោយវិជ្ជាសិល្បៈផ្ទាត់ក្រួសនោះឯង។
គ្រានោះ មហាមាត្យជាបណ្ឌិតរបស់ស្ដេច បានសម្ដែងសរសើរអានិសង្សរបស់សិល្បៈចំពោះព្រះភក្រ្តស្ដេច ក្នុងវេលាដែលចូលគាល់នោះ ដោយគថាសុផសិតថា
សាធុ ខោ សិប្បកំនាម អបិ យាទិសិកីទិសំ
បស្ស អជប្បហារេន សទ្ធា កាមា ចតុទិ្ទសា។
សេចក្ដីថា “ឱ្យតែឈ្មោះថាសិល្បៈ មើលទៅហាក់ដូចជាផ្ដេសផ្ដាសសោះ តែទៅជាបានការសម្រេចប្រយោជន៍យ៉ាងសន្ធឹក សូមព្រះអង្គពិចារណាមើលចុះ បុរសខ្វិនបានស្រុកសួយ ៤ ទិសក៏ព្រោះតែសិល្បៈផ្ទាត់អាចម៍ពពែ (នោះឯង)។
សិល្បៈទាំងអស់ដូចបានពោលមកនេះ ចាត់ជាមង្គលមួយជាហេតុនាំមកនូវសេចក្ដីសុខ ចម្រើនរុងរឿងចំពោះស្រុកទេសត្រកូលរបស់ខ្លួនក្នុងលោកនេះជាប្រាកដ។ បុរសស្ត្រីអ្នកមានគំនិតថ្លៃថ្នូរយល់ត្រូវមានព្យាយាមខ្ជាប់ខ្ជួន ស្គាល់ប្រយោជន៍ដ៏ធំទូលាយបានសិក្សាចំពោះសិល្បៈណាមួយឱ្យចេះដឹងស្ទាត់ រមែងបានទទួលផលប្រយោជន៍គឺ លាភ យស សរសើរ សុខ ក្នុងបច្ចុប្បន្នទាន់ភ្នែកដោយជាក់ស្ដែង ដូចយ៉ាងលោកអ្នកទាំងឡាយ ដែលបានឋានន្តរសក្ដិយសជាមន្ត្រីធំតូច ក្នុងតំណែងណាៗក៏ដោយ ក៏សុទ្ធតែបានមកដោយសារសិល្បៈទាំងអស់ ខុសគ្នាតែត្រង់ការចេះដឹង គឺអ្នកខ្លះចេះដឹងច្រើន ខ្លះចេះដឹងតិច អ្នកខ្លះចេះសិល្បៈនេះ អ្នកខ្លះចេះសិល្បៈនោះប៉ុណ្ណោះ ពិតណាស់បុគ្គលអ្នកកាន់ការក្នុងតំណែងនាទីជាមន្ត្រីមួយៗ ត្រូវជាអ្នកចេះដឹងយល់ការរាក់ជ្រៅខុសត្រូវឱ្យវែងឆ្ងាយជាងគេអ្នកតូចៗ ទើបបានសេចក្ដីចម្រើនទូទៅដល់ប្រទេសជាតិរបស់ខ្លួន ទាំងប្រជាជនក៏គោរពកោតខ្លាចលាន់មាត់សរសើរថាជាមន្ត្រីខ្ពង់ខ្ពស់ចេះដឹងយល់ប្រយោជន៍ល្អមែន មិនមែនជាអ្នកល្ងង់ខ្លៅយល់ឃ្វាងអំពីសេចក្ដីចម្រើននោះទេ។
ក្នុងសម័យពុទ្ធកាល អ្នកស្រុកមជ្ឈិមប្រទេស ទោះក្សត្រក្ដី ព្រាហ្មណ៍ក្ដី សេដ្ឋីក្ដី មន្ត្រីក្ដី រាស្ត្រអ្នកមានទ្រព្យក្ដី ច្រើនតែបញ្ជូនកូនចៅឱ្យទៅរៀនសិល្បៈឯនគរតក្កសិលា ព្រោះនគរនោះមានសាលាទិសាបាមោក្ខធំៗ ជាច្រើនសម្បូណ៌ដោយអ្នកប្រាជ្ញចេះដឹងវិជ្ជាគ្រប់យ៉ាង។ កូនក្សត្រ ព្រាហ្មណ៍ សេដ្ឋី មន្ត្រី នIងកូនរាស្ត្រ ដែលបានទៅរៀនចេះដឹងសម្រេចវិជ្ជាណាមួយហើយ លុះត្រឡប់មកស្រុកវិញទើបបានទទួលឋានន្តរងារសក្ដិធំៗ ជាមន្ត្រីកាន់ការផែនដី ខ្លះបានជាស្ដេច ខ្លះបានជាសេនាបតី ខ្លះបានជាមហាមាត្ររាជបណ្ឌិត។ មន្ត្រីទាំងនោះក្នុងគម្ពីរបាលីច្រើនតែឃើញថា “ឧត្តហិតសិប្បា” ប្រែថា “អ្នកមានសិល្បៈរៀនស្រេចហើយ” ដូច្នោះ។ អ្នកដែលបានចុះស្នាមក្នុងផ្លូវសិក្សាសិល្បវិជ្ជា ចេះស្ទាត់ប្រាកដណាស់ ទើបគួរនឹងឱ្យឋានន្តរជាមន្ត្រីធំៗបាន ព្រោះថា មន្ត្រីទាំងនោះជាអ្នកកាន់ចង្កូតផែនដី បើកកាត់ដម្រង់ទៅរកសេចក្ដីចម្រើន។
ក្នុងគម្ពីរធម្មបទត្រង់រឿងវិឌូឌភៈ មានរឿងថា “ព្រះរាជកុមារ ៣ អង្គគឺមួយអង្គព្រះនាមបសេនទិ ជាបុត្ររបស់ស្ដេចមហាកោសល ក្រុងសាវត្ថី មួយអង្គព្រះនាមមហាលិ ជាបុត្ររបស់ស្ដេចលិច្ឆវី ក្រុងវេសាលី មួយអង្គទៀតព្រះនាមពន្ធុល ជាបុត្ររបស់ស្ដេចមល្លៈ ក្រុងកុសិនារា”។
ព្រះរាជកុមារទាំង ៣ អង្គនេះបានទៅរៀនសិល្បៈក្នុងសាលាទិសាបាមោក្ខ ក្រុងតក្កសិលា បានចួបគ្នាសាកសួររកត្រកូលនាមទៅវិញទៅមក ស្គាល់គ្នាជាក់លាក់ហើយក៏រាប់អានស្រឡាញ់ធ្វើជាមិត្តមេត្រីនឹងគ្នា លុះនៅរៀនសូត្រក្នុងទីនោះបានចេះដឹងសិល្បវិទ្យាចប់ស្រេចហើយ ក៏នាំគ្នាលាគ្រូអាចារ្យត្រឡប់មកនគររបស់ខ្លួនវិញ បណ្ដារាជកុមារទាំងនោះ ដែលត្រឡប់មកនគររបស់ខ្លួនវិញ បណ្ដារាជកុមារទាំងនោះ ដែលត្រឡប់មកដល់នគររៀងៗ ខ្លួនហើយ បសេនទិកុមារ ក៏បានសម្ដែងឫទ្ធិសិល្បៈថ្វាយសម្ដេចព្រះវរបិតា ល្បងមើល ព្រះវរបិតាទ្រង់ពេញព្រះរាជហឫទ័យក្នុងសិល្បវិទ្យារបស់រាជកុមារ ដោយទ្រង់យល់ច្បាស់ថា “បុត្ររបស់អញនេះចេះដឹងប្រសើរមែន ក៏លើករាជកុមារអភិសេកឱ្យសោយរាជ្យ”។ មហាលិកុមារក៏សម្ដែងសិល្បៈចំពោះពួកក្សត្រលិច្ឆវីដោយសេចក្ដីប្រឹងប្រែងខ្លាំងពេកក៏បែកភ្នែកទាំងពីរ។ មហាលិកុមារទោះបែកព្រះនេត្រនោះហើយ ក៏គង់ក្សត្រលិច្ឆវីលើកឱ្យធ្វើជាអាចារ្យបង្រៀនពួកលិច្ឆវីកុមារតទៅ។ ចំណែកខាងពន្ធុលកុមារ ដែលពួកមល្លក្សត្រយកឫស្សី ៦០ដើម ហើយយកដែកបុកធ្វើស្នូលក្នុងឫស្សីទាំង ៦០ដើម មិនឱ្យពន្ធុលកុមារដឹងថា ឫស្សីមានស្នូលដែក ហើយក៏ចាប់ដាវលោតឡើងកម្ពស់ ៨០ហត្ថ រួចកាប់បាច់ឫស្សី ៦០ដើម នោះឱ្យដាច់ព្រមគ្នាតែចម្លែកត្រង់ដែលឮសំឡេងស្នូលដែកក្រឹះៗ ដឹងថាឫស្សីទាំងនោះមានស្នូលដែក ក៏នឹកតូចចិត្តយំហើយគ្រវែងដាវចោលពោលថា “ពួកញាតិទាំងនេះគ្មានអ្នកណាស្រឡាញ់អញប្រាប់ហេតុនេះដល់អញផងសោះ ” លំដាប់នោះ ពន្ធុលកុមារចំពោះព្រះវរមាតាបិតាថា “ខ្ញុំនឹងសម្លាប់ពួកមល្លក្សត្រទាំងអស់នេះហើយនឹងសោយរាជ្យ” តែព្រះវរមាតាបិតាឃាត់ខ្លាំងពេកក៏អាក់ខានទៅ។ ពន្ធុលកុមារគិតឃើញថាអញនឹងទៅរកសម្លាញ់ឯក្រុងសាវត្ថី លុះទៅដល់ហើយព្រះបាទបសេនទិ ក៏ទទួលត្រេកអរសាទរយ៉ាងមហិមារដោយគិតថា “សម្លាញ់របស់អញជាអ្នកប្រាជ្ញ ឥឡូវនេះមកដល់ហើយ”។ ព្រះបាទបសេនទិ ក៏តាំងពន្ធុលកុមារ ក្នុងតំណែងទីជាសេនាបតីតទៅ។
រឿងរាជកុមារទាំង ៣ អង្គដែលបាននាំមកដោយសង្ខេបប៉ុណ្ណោះ ដើម្បីឱ្យឃើញថាមនុស្សសម័យនោះ ស្រឡាញ់ពេញចិត្តនឹងអ្នកប្រាជ្ញដែលចេះសិល្បវិជ្ជា ជ្រើសរើសលើកតម្កើងឱ្យធ្វើជាមន្ត្រីក្នុងតំណែងណាមួយដោយស្មោះស្មគ្រ មន្ត្រីនោះគេហៅថា “មន្ត្រីសមសក្ដិ” ព្រោះប្រកបដោយលក្ខណៈនៃការចេះដឹង ធ្វើការប្រកបដោយព្រហ្មវិហារធម៌ឱ្យចម្រើនប្រយោជន៍សម្លាញ់ដល់ប្រជារាស្ត្រទាំងអស់។
ព្រះសម្មាសម្ពុទ្ធរបស់យើងទាំងឡាយ កាលព្រះអង្គនៅជាព្រះពោធិសត្វមិនទាន់បានត្រាស់នៅឡើយ ព្រះអង្គមានព្រះនាមខ្ចរខ្ចាយល្បីល្បាញថា ជាអ្នកចេះដឹងពូកែក្នុងសិល្បវិជ្ជា គ្រប់យ៉ាងស្ទើរតែរាល់ជាតិដែលព្រះអង្គកើត ដូចមាននិទានមកក្នុងគម្ពីរបាលី- អដ្ឋកថា ឬជាតកជាច្រើនរឿងណាស់។
សិល្បៈទាំងឡាយដែលកើតមានឡើងដោយអំណាចបុព្វបុរសអ្នកឈ្លាសវៃឆ្លៀតសិក្សារៀនសូត្រនាំតៗ មកនោះមានច្រើនយ៉ាង គឺសិល្បៈខ្លះជាចំណែកជាន់ខ្ពស់ សិល្បៈខ្លះជាចំណែកជាន់ទាបសម្រាប់រាស្ត្រប្រជាទូទៅ សិល្បៈដែលពោលមកខាងលើមកនោះមិនបានអស់សព្វគ្រប់ទេ ដូចយ៉ាងសិល្បៈថ្មីៗ ដែលកើតមានឡើងតាមជំនាន់កាលសម័យ ក៏នៅមានច្រើនបែបទៀតណាស់។ បុគ្គលជាគ្រហស្ថគួរពិនិត្យជ្រើសរើសមើលសិល្បៈណា ដែលត្រូវរៀនទៅហើយនាំឱ្យកើតប្រយោជន៍ ត្រូវសិក្សាចំពោះសិល្បៈនោះចុះ។ ដូចយ៉ាងការរកទទួលទានខាងរបរស្រែ ចម្ការ លក់ដូរ របស់គ្រហស្ថដែលថ្នឹកស្ទាត់ប៉ិនប្រសប់ក្នុងការនោះៗ ក៏ហៅថា សិល្បៈ ដែរ។ ការងារខាងស្រែចម្ការ ហៅថាកសិកម្មសិប្បៈ គឺសិល្បៈក្នុងក្នុងការភ្ជួររាស់ សាបព្រោះ ដកស្ទូង ការងារខាងជួញប្រែលក់ដូរហៅថា វណិជ្ជសិប្បៈ។ សិល្បៈទាំងអស់មិនចំពោះសិល្បៈណាឡើយ សុទ្ធតែនាំឱ្យបានទ្រព្យសម្បត្តិ តែបើមនុស្សខ្ជិលច្រអូស មិនមានព្យាយាមខ្ជាប់ខ្ជួន មិនមានឧបាយប្រាជ្ញាអមជាមួយផងទេ ក៏បានប្រយោជន៍តិច លុះតែមានព្យាយាមមានឧបាយយល់ត្រូវល្អ ទើបបានផលប្រយោជន៍ច្រើន។ អ្នកដែលគ្មានដីស្រែ ចម្ការ ច្រើនតែចេះស្ទាត់ខាងវណិជ្ជសិល្បៈគឺរបរខាងការលក់ដូរ សិល្បៈនេះគេរាប់ថាជាធំបំផុត ឆាប់បានទ្រព្យសម្បត្តិឡើងទៅជាអ្នកមានទ្រព្យទៅជាសេដ្ឋី ជាងសិល្បៈឯទៀតៗ។
គន្លងឬផ្លូវនៃវណិជ្ជសិល្បៈនេះជាផ្លូវធំវែងឆ្ងាយ មិនឆាប់ទ័លផ្លូវដូចកសិកម្មសិល្បៈទេ ព្រោះការលក់ដូរនេះ មិនមានកំណត់រដូវ មិនមានកំណត់ទីកន្លែងមួយៗនោះឡើយ។
ផ្លូវរបស់វណិជ្ជសិល្បៈការជួញប្រែនេះមាន ៤ យ៉ាង ៖
១- ឃរវណិជ្ជា ការលក់ដូរទំនិញផ្សេងៗ ដែលទុកដាក់នៅក្នុងផ្ទះក្នុងផ្សារ។
២- នាវាវណិជ្ជា ការលក់ដូរទំនិញផ្សេងៗ ដែលនៅក្នុងនាវាគឺទូកឬកប៉ាល់។
៣- សកជវិណជ្ជា ការលក់ដូរទំនិញផ្សេងៗ នៅក្នុងរទេះ ឬដឹកនាំដោយរទេះទៅលក់ដូរ។
៤- ជង្សវណិជ្ជា ការលក់ដូរទំនិញផ្សេងៗ ក្នុងអម្រែក ឬសម្ពាយដែលទៅដោយកម្លាំងស្មង។
ពួកជនអ្នកប្រាថ្នាទ្រព្យសម្បត្តិឱ្យឆាប់ចម្រើន ដើម្បីឱ្យបានចួបប្រទះនឹងភោគសុខឬហៅថាលាភសុខ ក្នុងលោកនេះគួរប្រើកម្លាំងព្យាយាមនិងការត្រិះរិះក្នុងសិល្បៈណាមួយឱ្យរឿយៗ។ គុណជាតិដែលមនុស្សបុថុជ្ជនតែងប្រាថ្នានោះមាន ៤ យ៉ាងគឺ លាភោ បានទ្រព្យឬវត្ថុណាមួយជាទីពេញចិត្ត ១ យសោ រុងរឿងដោយបរិវារ ១ បសំសា អ្នកផងសរសើរ ១ សុខំ សប្បាយកាយ-ចិត្ត ១។ គុណជាតិទាំង ៤ នេះចាត់ទុកជាឥដ្ឋារម្មណ៍ គឺជាទីប្រាថ្នាជាទីត្រេកអររបស់បុថុជ្ជនទាំងអស់។ បុគ្គលអ្នកប្រាថ្នាចំពោះឥដ្ឋារម្មណ៍នេះ បើគ្រាន់តែប្រាថ្នាចង់បាន តែបើខ្វះវីរិយៈ សេចក្ដីព្យាយាមមាំមួនជាកម្លាំងជួយផង ក៏មិនងាយនឹងបានសម្រេចដូចប្រាថ្នាឡើយ ដូចអ្នកចង់បានប្រេងដូង ឬអ្នកចង់ឆ្លងទន្លេទៅត្រើយម្ខាង បើមិនមានព្យាយាមពុះបំបែកដូងទុំឆ្កៀលយកសាច់ហើយចម្រាញ់ទេ តើដូងទុំនឹងចេញប្រេងមកឱ្យដែរឬ ? បើមិនមានព្យាយាមឈានជើងដើរចុះទៅពីមាត់ច្រាំងទៅរកទូកឬកប៉ាល់ទេ តើទូកកប៉ាល់មកចូលយកមនុស្សនៅលើមាត់ច្រាំងបានដែរឬ ? ដូងទុំក៏មិនអាចចេញប្រងមកឱ្យបាន ទូកឬកប៉ាល់ក៏ទទួលមនុស្សនៅលើមាត់ច្រាំងមិនកើត សេចក្ដីនេះយ៉ាងណាមិញ មនុស្សអ្នកចង់បានឥដ្ឋារម្មណ៍ តែបើខ្វះវីរិយៈនិងបញ្ញា ក៏មិនងាយនឹងបានចួបប្រទះយ៉ាងនោះដែរ។
មនុស្សក្នុងត្រកូលនីមួយៗ ក្នុងផ្ទះមួយៗ ដែលមានបងប្អូនកូនចៅច្រើន តែមានដីស្រែចម្ការតិច ធ្វើមិនបានផលបរិបូណ៌ មិនគ្រប់គ្រាន់ដល់ការចាយវាយគ្នាច្រើន គួរតែរំលែកបំបែកគ្នាចេញខ្លះ ដើម្បីនឹងចែកមុខគ្នា សិក្សារៀនសូត្រវិជ្ជាសិល្បៈផ្សេងៗ ឬគួរចែកមុខរបរទទួលទានដោយសេចក្ដីព្យាយាមប្រឹងប្រែងដោយខ្លួនៗពីគ្នា គឺអ្នកខ្លះរកទទួលទានរបរនេះ អ្នកខ្លះរកទទួលទានរបរនោះ អ្នកស្វះស្វែងទៅស្រុកឆ្ងាយ អ្នកខ្លះនៅជិតៗ អ្នកខ្លះទៅខាងជើងគោក អ្នកទៅខាងជើងទឹក អ្នកខ្លះចេញទៅទិសឯណេះ អ្នកខ្លះចេញទៅទិសឯណោះ។
កាលសម័យរបស់ស្រុកទេសនីមួយៗ ក្នុងលោកឥឡូវនេះចង្អៀត មិនមែនធូរទូលាយដូចកាលសម័យពីដើមទេ ដូចជាយើងបានប្រទះមកហើយ បើកាលសម័យចេះតែវិលអណ្ដែតដើរលឿនចង្អៀតញឹកញាប់យ៉ាងនេះ យើងជាអ្នកកើតមកជ្រកកោនក្រោមម្លប់របស់កាលវេលា ត្រូវដើរ ឈរ អង្គុយ ដេក លើផែនដី យើងត្រូវតែប្រើកម្លាំងកាយចាយកម្លាំងនៃសេចក្ដីព្យាយាម សេចក្ដីត្រិះរិះគិតគ្នេរឱ្យទ្វេឡើងញឹកញាប់ជឿនលឿនតាមចង្វាក់នៃកាលសម័យរបស់ស្រុកទេស ទើបឈ្មោះថាជាអ្នកស្គាល់សេចក្ដីចម្រើនមែន។ កាលវេលាស្រុកទេសពីដើមហាក់ដូចជាដើរយឺតៗ រង្វើលៗ ព្រោះមនុស្សតិច បុព្វបុរសគឺជីដូនជីតាក្នុងកាលមុនរបស់យើងក៏ប្រកបការងារព្យាយាមយឺតៗ រង្វើលៗ ដូច្នោះដែរ រូបយើងឥឡូវនេះ នឹងខ្ចីយកកាលសម័យជាន់នោះមកប្រើជាគំរូដូច្នោះ ពុំសមតាមកាលវេលាឡើយ ប្រៀបដូចជាតូរ្យតន្ត្រីដែលពួកអ្នកលេងដេញដំផ្លុំកូត ឱ្យមានបទភ្លេងញឹកញាប់ ចំណែកខាងច្រៀងក៏ត្រូវតែច្រៀងរលាក់សំឡេងបទនោះឱ្យញឹកញាប់ តឹងធូរតាមចង្វាក់ភ្លេងដូច្នោះដែរ ទាំងអ្នករាំអ្នកឡក ក៏ត្រូវតែរាំត្រូវតែឡកឱ្យញាប់តាមភ្លេងនោះទៀតដែរ ទើបហៅថាអ្នកលេងមានបែបបទប្រាកដឈ្លាសវៃក្នុងការច្រៀងរាំ បើច្រៀងរាំ ឬឡកខុសពីចង្វាក់ភ្លេងឈ្មោះថាអ្នកលេងមិនប្រសប់ក្នុងការលេង។
កាលសម័យស្រុកទេសឥឡូវនេះចង្អៀតញឹកញាប់ យើងក៏ត្រូវប្រកបកិច្ចការឱ្យញឹកញាប់ លឿនរហ័សតាមរយៈចង្វាក់នៃកាលសម័យដូចអធិប្បាយមកនេះឯង។
ចប់បរិយាយសិប្បកថាតែប៉ុណ្ណោះ។
[១]ខ្លះថា ពុកស្រមាម បង្កង។
ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៩៤៤