ភណ្ឌុតិណ្ឌុក​ជាតក

នានា​ជាតក
តឹសតិនិបាត សត្តមភាគ
ព្រះ​បាឡាត់​ពោធិរាម យូរ – ប៉ុណ្ណ ក្រុម​ជំនុំ​ប្រែ​ព្រះ​ត្រៃ​បិដក
 ប្រែ​រៀប​រៀង

កាល​ព្រះ​សាស្ដា​គង់​នៅ​ក្នុង​វត្ត​ជេត​ពន ទ្រង់​ប្រារព្ធ​នូវ​រាជោវាទ​ហើយ​ត្រាស់​សម្ដែង​ធម៌​ទេសនា​ថា អប្បមាទោ អមតំ បទំ ដូច្នេះ​ជា​ដើម។

មាន​សេចក្ដី​ដំណាល​ថា ថ្ងៃមួយ ព្រះ​រាជា​កោស​ល​ទ្រង់​បាន​វិនិច្ឆ័យ​នូវ​ហេតុ​ដែល​កើត​ឡើង​ក្នុង​ដែន​របស់​ព្រះ​អង្គ ដែល​គេ​វិនិច្ឆ័យ​មិន​ត្រូវ​តាម​ច្បាប់ ប្រកប​ដោយ​អគតិ ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​ធម៌ រួច​ហើយ​ព្រះ​អង្គ​ទ្រង់​ព្រះ​តម្រិះ​ចង់​ទៅ​ក្រាប​បង្គំ​ទូល​ដំណើរ​នោះ ចំពោះ​ព្រះ​មាន​ព្រះ​ភាគ លុះ​ដល់​ពេល​សោយ​ព្រះ​ក្រយា​ស្ងោយ​រួច ស្ដេច​ឡើង​គង់​លើ​ព្រះ​ទីន័ង​រាជ​រថ​ទាំង​ថ្ងៃ​ត្រង់ ទៅ​គាល់​ព្រះ​មាន​ព្រះ​ភាគ ក្រាប​ថ្វាយ​បង្គំ​ទៀប​ព្រះ​បាទា​ហើយ​គង់​ក្នុង​ទី​ដ៏​សមគួរ។

គ្រា​នោះ ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​សួរ​ថា បពិត្រ​មហា​រាជ ស្ដេច​យាង​មក​ទាំង​ថ្ងៃ​ត្រង់ តើ​មាន​ការ​ដូច​ម្ដេច ? ព្រះ​រាជា​កោសល​ក្រាប​បង្គំ​ទូល​ថា សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស ថ្ងៃ​នេះ​ខ្ញុំ​ព្រះ​អង្គ​បាន​វិនិច្ឆ័យ​នូវ​ហេតុ​ដែល​កើត​ឡើង​ក្នុង​ដែន ដែល​គេ​វិនិច្ឆ័យ​មិន​ត្រឹម​ត្រូវ​តាម​ច្បាប់ ប្រកប​ដោយ​អគតិ ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​ធម៌ ខ្ញុំ​ព្រះ​អង្គ​មិន​មាន​ពេល​ឯ​ណា​ក្រៅ​ពី​ពេល​នេះ មក​ទូល​សួរ​រឿង​នោះ​ចំពោះ​ព្រះ​អង្គ​ឡើយ ព្រោះ​ខ្ញុំ​ព្រះ​អង្គ​មាន​កិច្ចការ​ច្រើន បាន​ជា​មក​ទាំង​ថ្ងៃ​ត្រង់ សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស​អត់​ទោស​ឱ្យ​ទាន។

ព្រះ​សាស្ដា​ទ្រង់​ត្រាស់​ថា បពិត្រ​មហា​រាជ ឯ​ការ​វិនិច្ឆ័យ​ដែល​មហា​រាជ​កាត់​សេចក្ដី​ប្រកប​ដោយ​ធម៌​នេះ​ក៏​ជា​កុសល​ជា​ដំណើរ​ទៅ​កាន់​សុខ​គតិ​ប្រាកដ តែ​ឯ​ការ​វិនិច្ឆ័យ​នេះ មហា​រាជ​បាន​មក​ទទួល​យក​ឱវាទ​អំពី​សម្នាក់​តថា​គត​ដែល​បាន​ត្រាស់​ដឹង​ហើយ​យក​ទៅ​វិនិច្ឆ័យ​ដោយ​ធម៌​នោះ​មិន​មែន​ជា​ការ​អស្ចារ្យ​ទេ កាល​ពី​ព្រេង​នាយ​មាន​មហា​ក្សត្រ​ដែល​បាន​ទ្រង់​ព្រះ​សណ្ដាប់​នូវ​ឱវាទ​នៃ​អ្នក​ប្រាជ្ញ​ទាំង​ឡាយ ដែល​មិន​ទាន់​បាន​ត្រាស់​ដឹង​ដូច​ជា​តថាគត​នៅ​ឡើយ ហើយ​យក​ទៅ​វិនិច្ឆ័យ​នូវ​ហេតុ​ដែល​កើត​ឡើង​ក្នុង​ដែន​ឱ្យ​ប្រកប​ដោយ​ធម៌ លះ​បង់​នូវ​អគតិ ៤ យ៉ាង មិន​ញាប់​ញ័រ​ក្នុង​ទស​ពិធរាជ​ធម៌ គ្រប់​គ្រង​រាជ្យប្រកប​ដោយ​ធម៌ បំពេញ​ផ្លូវ​សុគតិ​បាន​គ្រប់​គ្រាន់ នេះ​ទើប​ពេញ​ជា​អស្ចារ្យ។ ព្រះ​រាជា​កោសល​បាន​អារាធនា​ឱ្យ​ព្រះ​អង្គ​សម្ដែង ព្រះ​សាស្ដាក៏​ទ្រង់​នាំ​អតីត​និទាន​ថា អតីតេ។ ល។ អហមេវាតិ។

អតីតេ ក្នុង​កាល​ដែល​កន្លង​ទៅ​ហើយ មាន​ក្សត្រ​មួយ​ព្រះ​អង្គ​ទ្រង់​ព្រះ​នាម​ព្រះ​បាទ​បញ្ចាល សោយ​រាជ្យ​ក្នុង​ឧត្តរ​បញ្ចាល​នគរ ក្នុង​ដែន​កបិលៈ ជា​ស្ដេច​ប្រកប​ដោយ​អគតិ មាន​សេចក្ដី​ប្រមាទ​ក្នុង​អកុសល​ធម៌។ ទាំង​ពួក​រាជ​អាមាត្រ ក៏​សុទ្ធ​តែ​ប្រកប​ដោយ​អកុសល​ធម៌​ទាំង​អស់។ មហា​ក្សត្រ​នោះ ចាត់​ចែង​ការ​រាជ​ការ​មិន​ត្រូវ​តាម​ច្បាប់​បវេណី​ក្សត្រ​ពី​ដើម បណ្ដោយ​ឱ្យ​ពួក​អ្នក​រាជការ​មន្រ្តី​តូច – ធំ បៀត​បៀន​រឹប​ជាន់​រាស្រ្ត​ប្រជា​ដោយ​សួយ​សារ​អាករ យក​ពន្ធដារ​ឥត​មាន​ច្បាប់​ទម្លាប់​ពួក​រាស្រ្ត​ប្រជា​ដែល​នៅ​ក្នុង​ដែន​ទាំង​ប៉ុន្មាន​ក៏​កើត​សេចក្ដី​ក្ដៅ​ក្រហាយ​រក​ស៊ី​ធ្វើ​ការ​មិន​បាន​សេចក្ដី​សុខ – ចម្រើន ដល់​ពេល​ថ្ងៃ​រះ​ឡើង យក​បន្លា​និង​មែក​ឈើ​មក​ស្រាស់​មាត់​ទ្វារ​ផ្ទះ ហើយ​នាំ​ប្រពន្ធ​កូន​ទៅ​នៅ​ក្នុង​ព្រៃ ដូច​ជា​ពួក​ម្រឹគ ដោយ​ខ្លាច​រាជ​បុរស​រឹប​ជាន់ ពេល​ល្ងាច​ទើប​បាន​នាំ​កូន​ប្រពន្ធ​វិល​មក​ផ្ទះ​វិញ ដល់​ពេល​យប់​ត្រូវ​ពួក​ចោរ​ចូល​មក​លួច​ប្លន់​យក​ទ្រព្យ​សម្បត្តិ​ទៀត ឥត​មាន​បាន​សុខ​ពេល​ណា​សោះ ពេល​ថ្ងៃ​ត្រូវ​ពួក​រាជ​បុរស​រឹប​ជាន់ ពេល​យប់​ត្រូវ​ពួក​ចោរ​ប្លន់​ដណ្ដើម​យក​ទ្រព្យ។

គ្រា​នោះ ព្រះ​ពោធិ​សត្វ​កើត​ជា​រុក្ខ​ទេវតា​ឈ្មោះ​ភណ្ឌុតិណ្ឌុកៈ អាស្រ័យ​នៅ​ខាង​ក្រៅ​នគរ ព្រះ​មហាក្សត្រ​តែង​យក​គ្រឿង​សក្ការៈ​ដ៏​ឧត្ដម​ទៅ​បូជា​រាល់ៗឆ្នាំ ពោធិសត្វ​ដឹង​ហេតុ​ដែល​កើត​មាន​នៅ​ក្នុង​នគរ​ហើយ​ក៏​មាន​សេចក្ដី​ត្រិះ​រិះ​ថា ស្ដេច​នេះ ចាប់​តាំង​ពី​បាន​សោយ​រាជ្យ​មក មាន​សេចក្ដី​ប្រមាទ មិន​ប្រព្រឹត្ត​តាម​ច្បាប់​បវេណី មិន​កាន់​ទស​ពិជ​រាជ​ធម៌​សោះ រមែង​ញាំង​ជន​ឱ្យ​វិនាស​សាប​សូន្យ​ទៅ បើ​អាត្មា​អញ​មិន​ទៅ​ជួយ​ស្រោច​ស្រង់​ញ៉ាំង​ស្ដេច​នេះ​ឱ្យ​ឋិត​នៅ​ក្នុង​ធម៌​ទេ មុខ​ជា​មាន​សេចក្ដី​អន្តរាយ​ណា​មួយ​ដោយ​ពិត ព្រោះ​ស្ដេច​នេះ មាន​ឧបការ​ដល់​អញ​ច្រើន​ណាស់​គួរ​អញ​ទៅ​ទូន្មាន​ឱ្យ​ឋិត​នៅ​ក្នុង​ទស​ពិជ​រាជ​ធម៌ លុះ​ពោធិសត្វ​គិត​ដូច្នេះ​ហើយ​ក៏​ហោះ​ចូល​ទៅ​កាន់​ទី​សេយ្យាសន៍​នៃ​ស្ដេច​ហើយ​បញ្ចេញ​នូវ​ពន្លឺ​រស្មី​ភ្លឺ​ពាស​ពេញ​ទាំង​ប្រាសាទ​។ ស្ដេច​បញ្ចាល​បាន​ទត​ឃើញ​នូវ​ពន្លឺ​រស្មី​នោះ​ហើយ​ក៏​ត្រាស់​សួរ​ថា​នរណា​នេះ ? អ្នក​ឯង​ជា​អ្វី ? មក​ក្នុង​ទី​នេះ​ដោយ​ហេតុ​ដូច​ម្ដេច ? ពោធិសត្វ​តប​ថា បពិត្រ​មហា​រាជ ខ្ញុំ​ព្រះ​អង្គ​ជា​ទេវតា​ឈ្មោះ​ភណ្ឌុតិណ្ឌុកៈ មក​ដើម្បី​ថ្វាយ​ឱវាទ​ដល់​ព្រះ​អង្គ។ ស្ដេច​ត្រាស់​សួរ​ថា​អ្នក​ឯង​ឱ្យ​ឱវាទ​ដល់​ខ្ញុំ​ដូច​ម្ដេច។ ពោធិ​សត្វ​តប​ថា បពិត្រ​មហា​រាជ ព្រះ​អង្គ​គ្រប់​គ្រង​រាជ្យ​ក្នុង​នគរ​នេះ​មិន​ប្រកប​ដោយ​ធម៌​ទេ មាន​សេចក្ដី​ប្រមាទ​ណាស់ ដែន​របស់​ព្រះ​អង្គ​នេះ​មុខ​ជា​នឹង​វិនាស​សាប​សូន្យ​ទៅ​ពុំ​ខាន ធម្មតា​ស្ដេច​សោយ​រាជ្យ​ក្នុង​នគរ​មួយៗ តែ​មាន​សេចក្ដី​ប្រមាទ​ហើយ​នឹង​ធ្វើ​ជា​ម្ចាស់​ដែន​ពុំ​បាន​ទេ នឹង​មាន​សេចក្ដី​វិនាស​ក្នុង​បច្ចុប្បន្ន​នេះ លុះ​ដល់​បរលោក​នាយ​ក៏​ទៅ​កើត​ក្នុង​មហា​នរក​ទៀត មួយ​យ៉ាង​ទៀត បើ​មហា​រាជ​ប្រមាទ​ហើយ​ពួក​ជន​ខាង​ក្នុង គឺ​ពួក​អ្នក​រាជការ​ធំ – តូច ដែល​ធ្វើ​ការ​ថ្វាយ​ព្រះ​អង្គ​ក្ដី ពួក​ជន​ខាង​ក្រៅ គឺ​ពួក​រាស្រ្ត​ប្រជា​ដែល​ជា​អ្នក​ធ្វើ​កិច្ចការ​រក​ស៊ី​ចិញ្ចឹម​ជីវិត ជា​អ្នក​រក​សួយសារ​អាករ​ថ្វាយ​ព្រះ​អង្គ​ក្ដី ក៏​សុទ្ធ​តែ​មាន​បមាទ​ធម៌​ទាំង​អស់។ ព្រោះ​ហេតុ​នោះ សូម​ព្រះ​អង្គ​តាំង​ព្រះ​ទ័យ​ឱ្យ​ល្អ​កុំ​មាន​សេចក្ដី​ប្រមាទ​ឡើយ។ពោធិ​សត្វ​ទូន្មាន​យ៉ាង​នេះ​ហើយ ទើប​សម្ដែង​ធម៌​ទេស​នា​ត​ទៅ​ទៀត​ថា ៖

អប្បមាទោ អមតំ បទំ   បមាទោ មច្ចុនោ បទំ

អប្បមត្តាំ ន មីយន្តិយេ បមត្តា យថា មតា។

មទា បមាទោ ជាយេថ  បមាទា ជាយតេ ខយោ

ខយា ច ទោសា ជាយន្តិ មា មទោ ភរតូសភ។

ពហូ ហិ ខត្តិយា ជិណ្ណាអត្ថំ រដ្ឋំ បមាទិនោ

អថោបិ តាមិនោ កាមាអនាគារា អគារិនោ។

ខត្តិយស្ស បមត្តស្ស      រដ្ឋស្មឹ រដ្ឋវឌ្ឍន

សព្វេ ភោគា វិនស្សន្តិ    រញ្ញោ តំ វុច្ចតេ អឃំ។

នេស ធម្មោ មហា​រាជ   អតិ​វេលំ បមជ្ជសិ

ឥទ្ធំ ដីតំ ជនបទំចោរា វិទ្ធំ​សយន្តិ នំ។

ន តេ បុត្តា ភវិស្សន្តិ       នហិរញ្ញំ ន ធានិយំ

រដ្ឋេ វិលុម្បមានម្ហិសព្វភោគេហិ ជិយ្យសិ។

សព្វភោគបរិ​ជិណ្ណំរាជានំ វាបិ ខត្តិយំ

ញាតិមិត្តា សុហជ្ជា ច   ន តំ មញ្ញន្តិ មន្តិយំ។

ហត្ថារោហា អនីកដ្ឋា   រថិកា បត្តិការកា

តមេវមុប​ជីវន្តា  ន តំ មញ្ញន្តិ មន្តិយំ។

អសំវិហិតកម្មន្តំ ពាលំ ទុម្មន្តិ មន្តិនំ

សិរី ជហតិ ទុម្មេធំ         ជិណ្ណំវ ឧរគោ តចំ។

សុសំវិហិតកម្មន្តំ         កាលុដ្ឋាយឹ អតន្ទិតំ

សព្វេ ភោគាភិវឌ្ឍន្តិ      គាវោ ស ឱសភាមិវ។

ឧបស្សុតឹ មហា​រាជ       រដ្ឋេ ជនបទេ ចរ

តត្ថ ទិស្វា ច សត្វា ច    តតោ តំ បដិបជ្ជសីតិ។

សេចក្ដី​មិន​ប្រមាទ​ជា​ផ្លូវ​នៃ​សេចក្ដី​មិន​ស្លាប់ សេចក្ដី​ប្រមាទ ជា​ផ្លូវ​នៃ​សេចក្ដី​ស្លាប់ ពួក​ជន​អ្នក​មិន​ប្រមាទ ឈ្មោះ​ថា​មិន​ស្លាប់ ពួក​ជន​ឯ​ណា ជា​អ្នក​ប្រមាទ ពួក​ជន​នោះ ដូច​ជា​ស្លាប់​ហើយ។ សេចក្ដី​ប្រមាទ​កើត​ឡើង ព្រោះ​សេចក្ដី​ស្រវឹង ការ​អស់​ទៅ ( នៃ​ពួក​ញាតិ​ជា​ដើម ) ក៏​រមែង​កើត​ឡើង ព្រោះ​សេចក្ដី​ប្រមាទ សេចក្ដី​ថ្នាំង​ថ្នាក់​ក្នុង​ចិត្ត រមែង​កើត​ឡើង ព្រោះ​ការ​អស់​ទៅ ( នៃ​ទ្រព្យ​និង​យស ព្រោះ​ហេតុ​នោះ ) បពិត្រ​ស្ដេច​ជា​ចម្បង​ក្នុង​ដែន ព្រះ​អង្គ​កុំ​ប្រមាទ​ឡើយ។ ពួក​ក្សត្រ​ជា​ច្រើន​អង្គ បើ​មាន​សេចក្ដី​ប្រមាទ​ហើយ រមែង​សាប​សូន្យ​ចាក​ប្រយោជន៍​និង​ដែន ចំណែក​ខាង​ពួក​មេ​ស្រុក ក៏​រមែង​សាប​សូន្យ​ចាក​ស្រុក ពួក​អ្នក​បួស​ក៏​សាប​សូន្យ ​     ( ចាក​កិច្ចការ​របស់​អ្នក​បួស ) ពួក​គ្រហស្ថ​ក៏​សាប​សូន្យ ( ចាក​កិច្ចការ​របស់​គ្រហស្ថ )។ បពិត្រ​ស្ដេច​ជា​អ្នក​ញ៉ាំង​ដែន​ឱ្យ​ចម្រើន ភោគ​សម្ប័ទ​ទាំង​អស់​របស់​ក្សត្រ​ជា​អ្នក​ប្រមាទ រមែង​វិនាស​ទៅ​ដោយ​ពិត សេចក្ដី​វិនាស​នោះ គេ​ហៅ​ថា​ជា​ទុក្ខ​របស់​ស្ដេច។ បពិត្រ​មហា​រាជ សេចក្ដី​ប្រមាទ​នេះ មិន​មែន​ជា​ធម៌ ( របស់​ពួក​ស្ដេច​ទេ ) ព្រះ​អង្គ​ប្រមាទ​ហួស​ពេក​ណាស់ ពួក​ចោរ​នឹង​កម្ចាត់​បង់​នូវ​ជន​បទ​ដែល​សម្បូណ៌​ថ្កុំថ្កើង ( ដោយ​បាយ​ទឹក​មាស​ប្រាក់ ) នោះ​បាន។ បុត្រ​របស់​ព្រះ​អង្គ​មិន​មាន​ទេ ទាំង​ប្រាក់​ក៏​មិន​មាន ទាំង​ធានី​ក៏​មិន​មាន​ដែរ កាល​បើ​ចោរ​ប្លន់​រាស្រ្ត ( យ៉ាង​នេះ ) ព្រះ​អង្គ​នឹង​សាប​សូន្យ​ចាក​ភោគ​សម្ប័ទ​គ្រប់​យ៉ាង។ ពួក​ញាតិ មិត្ត សម្លាញ់ ក៏​មិន​សម្គាល់​នូវ​ស្ដេច​ឬ​ក្សត្រ​ដែល​សាប​សូន្យ​ចាក​ភោគ​សម្ប័ទ​ទាំង​ពួង ដែល​គួរ​សម្គាល់ ( ថា​ជា​ស្ដេច ) បាន​ទេ។ ពួក​ពល​ដំរី ពួក​សេនា ពល​រថ ពល​ថ្មើរ​ជើង និង​ពួក​កម្មករ ដែល​អាស្រ័យ​ចិញ្ចឹម​ជីវិត​នឹង​ស្ដេច​នោះ​ឯង ក៏​មិន​សម្គាល់​នូវ​ស្ដេច​ដែល​គួរ​សម្គាល់​បាន។ សិរី​គឺ​យស​សម្បត្តិ រមែង​លះ​បង់​បុគ្គល ពាល​អ្នក​មិន​ចេះ​ចាត់​ចែង​ការងារ មាន​គំនិត​អាក្រក់​អាប់​ឥត​ប្រាជ្ញា ដូច​ជា​ពស់​លះ​បង់​នូវ​សំណក​ចាស់។ ភោគ​សម្ប័ទ​ទាំង​អស់​រមែង​ចម្រើន​ដល់​បុគ្គល​អ្នក​ចេះ​ចាត់​ចែង​ការងារ​ដោយ​ល្អ ក្រោក​ឡើង​ទាន់​កាល​សម័យ ជា​អ្នក​មិន​ខ្ជិល​ច្រអូស ដូច​ជា​ហ្វូង​គោ​ព្រម​ទាំង​គោ​ឧសក។ បពិត្រ​មហា​រាជ សូម​ព្រះ​អង្គ​យាង​ទៅ​កាន់​ស្រុក​ក្រៅ​ចាំ​ស្ដាប់ ( ពាក្យ​រាស្រ្ត ) ក្នុង​ដែន និង​ជន​បទ​របស់​ព្រះ​អង្គ លុះ​បាន​ឃើញ​ឬ​បាន​ឮ​ក្នុង​ដែន​នឹង​ជន​បទ​នោះ​ហើយ ត​ទៅ​សូម​ព្រះ​អង្គ​ធ្វើ​តាម​ដំណើរ​នោះ​ចុះ។

ពោធិសត្វ​ថ្វាយ​ឱវាទ​ដល់​ស្ដេច​ដោយ​គាថា ១១ នេះ​ហើយ ក៏​ទូល​ថែម​ទៀត​ថា សូម​ឱ្យ​ព្រះ​អង្គ​យាង​ទៅ​ឱ្យ​ឆាប់ៗទៅ ​កុំ​បង្អង់​ឡើយ។ ទេវតា​ថា​ហើយ​ក៏​ត្រឡប់​ទៅ​កាន់​ទី​លំនៅ​របស់​ខ្លួន​វិញ។

ស្ដេច​បាន​ទ្រង់​ព្រះ​សណ្ដាប់​ពាក្យ​ទេវតា​ពោល​ប្រដៅ​យ៉ាង​នេះ ហើយ​ក៏​មាន​សេចក្ដី​តក់​ស្លុត លុះ​ព្រឹក​ឡើង​ក៏​ប្រគល់​រាជ​សម្បត្តិ​ឱ្យ​អាមាត្យ​ហើយ​ក្លែង​ភេទ​ធ្វើ​ដូច​ជា​មនុស្ស​ធម្មតា ចេញ​ចាក​ព្រះ​រាជ​វាំង​ទៅ​តាម​ទ្វារ​ខាង​លិច​ជាមួយ​នឹង​បុរោហិត​ម្នាក់ សំដៅ​ទៅ​កាន់​ស្រុក​មួយ​ចម្ងាយ​ផ្លូវ ១ យោជន៍។ ស្រុក​នោះ​មាន​បុរស​ចាស់​ម្នាក់ កំពុង​ទាញ​បន្លា​យក​មក​ស្រាស់​ទ្វារ​របង​ផ្ទះ ហើយ​ក៏​នាំ​ប្រពន្ធ​កូន​ចូល​ទៅ​ក្នុង​ព្រៃ លុះ​ពេល​ល្ងាច​ពួក​រាជ​បុរស​ចៀស​ចេញ​អស់​ទៅ ទើប​នាំ​ប្រពន្ធ​កូន​មក​វិញ ដើរ​មក​ដល់​មាត់​ទ្វារ​របង​បន្លា​ក៏​មុត​ជើង​គាត់ៗ អង្គុយ​ជោះ​បន្លា​បណ្ដើរ​ជេរ​ស្ដេច​បណ្ដើរ​ដោយ​ពាក្យ​ថា ៖

ឯវំ វេទេតុ បញ្ចាលោ     សង្គាមេ សរមប្បិតោ

យថាហមជ្ជ វេទេមិ       កណ្ដកេន សមប្បិតោ។

ខ្លួន​អញ​ដែល​ត្រូវ​បន្លា​មុត ហើយ​ដឹង​ច្បាស់​ក្នុង​ថ្ងៃ​នេះ យ៉ាង​ណា​សូម​ឱ្យ​ស្ដេច​បញ្ចាល ​  ( ក្នុង​នគរ​នេះ ) ត្រូវ​សរ​មុត​ក្នុង​សង្រ្គាម ហើយ​ដឹង​ច្បាស់​យ៉ាង​នេះ​ដែរ។

ចួន​ជា​ពេល​នោះ ស្ដេច​នឹង​បុរោហិត​ក៏​នៅ​ជិត​បុរស​ចាស់​នោះ​ដែរ បុរោហិត​ឮ​ពាក្យ​បុរស​ជេរ​ស្ដេច​ដូច្នោះ​ហើយ ក៏​សួរ​ថា ៖

ជិណ្ណោ ទុព្វល​ចក្ខូសិ  ន រូបំ សាធុ បស្សសិ

កឹ តត្ថ ព្រហ្ម​ទត្តស្ស     យំ តំ មគ្គេយ្យ កណ្ដកោ។

អ្នក​ជា​មនុស្ស​ចាស់​មាន​ភ្នែក​ទុព្វល មើល​រូប​មិន​ឃើញ​បាន​ដោយ​ស្រួល​ទេ បន្លា​មុត​ជើង​អ្នក​ឯង ដោយ​ហេតុ​ឯ​ណា ទោស​របស់​ស្ដេច ព្រហ្ម​ទត្ត​ចំពោះ​ហេតុ​នោះ​តើ ដូច​ម្ដេច ( ទើប​អ្នក​ឯង​ជេរ​ស្ដេច​វិញ )។

បុរស​ចាស់​ឆ្លើយ​ថា ៖

ពហ្វេត្ថ ព្រហ្ម​ទត្តស្ស     សោហំ មគ្គស្មិ ព្រហ្មណ

អរក្ខិតា ជានបទា អធម្ម​ពលិនា ហតា។

រត្តិញ្ច ចោរា ខាទន្តិទិវា ខាទន្តិ តុណ្ឌិយា

រដ្ឋស្មឹ កូដ រាជស្សពហុ អធម្មិកោ ជនោ។

ឯតា​ទិសេ ភយេ តាត      ភយដ្ដា តាវ មានវា

និល្លេនកានិ កុព្វន្តិ      វនេ អាហត្វា កណ្ដក់។

ម្នាល​ព្រាហ្មណ៍ ទោស​របស់​ស្ដេច​ព្រហ្មទត្ត​មាន​ច្រើន​ណាស់​ក្នុង​ហេតុ​នេះ​គឺ​ខ្ញុំ​ដែល​ដើរ​ក្នុង​ផ្លូវ ( មាន​បន្លា​ក៏​ត្រូវ​បន្លា​មុត ) ទាំង​ពួក​អ្នក​ជន​បទ ក៏​ស្ដេច​មិន​រក្សា ចេះ​តែ​ឱ្យ​បៀត​បៀន​ដោយ​ពលិកម្ម ( សួយសារ​អាករ ) មិន​ប្រកប​ដោយ​ធម៌។ ពិត​ណាស់​ក្នុង​វេលា​យប់ ពួក​ចោរ​ដើរ​ប្លន់ ( អ្នក​ស្រុក ) វេលា​ថ្ងៃ ពួក​អ្នក​ចាក់​រុក​គឺ​ពួក​អ្នក​រាជការ​ក៏​ប្លន់ ( រាស្រ្ត​ថែម​ទៀត ព្រោះ​តែ ) ស្ដេច​ខូច​កាច​សោយ​រាជ្យ​ក្នុង​ដែន ទើប​មាន​ជន​មិន​ប្រកប​ដោយ​ធម៌​ច្រើន​ណាស់។

ម្នាលព្រហ្មណ៍ កាលបើភ័យយ៉ាងនេះកើតឡើងហើយ មនុស្សទាំងឡាយដែលលំបាកដោយភ័យ ( យ៉ាងនេះ ) ទើបបានជានាំគ្នាយកបន្លាក្នុងព្រៃមកធ្វើជាទីសម្រាប់ពឹងពួន។

ព្រះបាទព្រហ្មទត្តបានទ្រង់ព្រះសណ្ដាប់ពាក្យបុរសចាស់នោះហើយ ក៏ហៅបុរោហិតមកប្រាប់ថា បុរសចាស់នេះនិយាយត្រូវណាស់ មកយើងនឹងត្រឡប់ទៅសោយរាជ្យឱ្យប្រកបដោយធម៌វិញ។

ទើបទេវតាគឺពោធិសត្វបញ្ចូលចិត្តបុរោហិតឱ្យទូលស្ដេចថា សូមឱ្យព្រះអង្គយាងទៅឈ្លបស្រុកឯទៀតៗមើលសិន ស្ដាប់ការស្ដាប់ដំណឹងឱ្យបានដឹងហេតុសព្វគ្រប់ ហើយសឹមយាងទៅសោយរាជ្យប្រព្រឹត្តទសពិជរាជធម៌ឱ្យគ្រប់គ្រាន់ៗ ស្ដេចក៏យាងចេញអំពីស្រុកនេះទៅកាន់ស្រុក ១ ទៀត បានទ្រង់ព្រះសណ្ដាប់សំឡេងស្ត្រី​ចាស់ម្នាក់កំពុងតែជេរស្ដេច។

ឯស្រ្ដីចាស់នោះ ជាអ្នកក្រីក្រលំបាក មានកូនស្រីពីរនាក់មិនទាន់មានប្ដីនៅឡើយ ម្ដាយរក្សាមិនឱ្យដើរទៅណាមកណាទេ ដើរទៅរកស៊ីធ្វើការដោយខ្លួនឯង ចិញ្ចឹមកូនស្រី ថ្ងៃនោះស្រីចាស់កំពុងឡើងដើមឈើបេះអន្លក់ ក៏ស្រាប់ធ្លាក់ពីដើមឈើ ហើយជេរស្ដេចថា ៖

កទាស្សុ នាម យំ រាជា        ព្រហ្មទត្តោ មរិស្សតិ

យស្ស រដ្ឋម្ហិ ជីយន្តិ   អប្បតិកា កុមារិកា។

ពួកកុមារីជាស្រីគ្មានប្ដី រមែងចាស់ទៅក្នុងដែននៃស្ដេចព្រហ្មទត្តឯណា ព្រះបាទព្រហ្មទត្តនោះ នឹងស្លាប់ទៅក្នុងកាលណាអេះ។

បុរោហិតបានឮហើយឃាត់ថា ៖

ទុព្ភាសិតញ្ហិ តេ ជម្មិ អនត្ថបទកោវិទេ

កុហឹ រាជា កុមារីនំ ភត្តារំ បរំយេសតិ។

នែនាងលាមក ជាស្រីមិនឈ្លាសក្នុងហេតុនិងផល ពាក្យនាងឯង ជាពាក្យអាក្រក់ អម្បាលយ៉ាងស្ដេច មកស្វែងរកប្ដីឱ្យពួកនាងកុមារីដូចម្ដេចកើត។

ស្រីចាស់នោះឆ្លើយតបថា ៖

ន មេ ទុព្ភាសិតំ ព្រហ្មេ        កោវិទត្ថបទា អហំ

អរក្ខិតា ជានបទា   អធម្មពលិនា ហតា។

រត្តឹ ច ចោរា ខាទន្តិ ទិវា ខាទន្តិ តុណ្ឌិយា

រដ្ឋស្មឹ កូដរាជស្ស   ពហុ អធម្មិកោ ជនោ។

ទុជ្ជីវេ ទុព្ភរេ ទារេ   កុតោ ភត្តា កុមារិយា។

នែព្រាហ្មណ៍ ពាក្យនាងខ្ញុំមិនអាក្រក់ទេ នាងខ្ញុំជាស្រីឆ្លៀសឆ្លាស ក្នុងហេតុនិងផលដែរ ពួកអ្នកជនបទ ក៏ស្ដេចមិនរក្សាចេះតែបៀតបៀនដោយសួយសារអាករ មិនប្រកបដោយធម៌ ទេ។ ពិតណាស់ក្នុងវេលាយប់ ពួកចោរដើរប្លន់អ្នកស្រុក វេលាថ្ងៃ ពួកអ្នករាជការប្លន់រាស្រ្តព្រោះតែស្ដេចខូចកាចសោយរាជ្យក្នុងដែន បានជាជនច្រើនតែមិនប្រកបដោយធម៌ កាលបើរាស្រ្តរស់នៅដោយលំបាក ទាំងប្រពន្ធដែលគេចិញ្ចឹមក៏បានដោយលំបាក ( យ៉ាងនេះ ) តើពួកនាងកុមារីបានប្ដីពីណាកើត។

ស្ដេចនិងបុរោហិតបានស្ដាប់ហើយគិតថា ស្រីនេះនិយាយត្រូវណាស់ ហើយក៏យាងហួសទៅទៀត បានឮសំឡេងអ្នកស្រែម្នាក់ផាលមុតជើងគោ ក៏ស្រែកជេរស្ដេចថា ៖

ឯវំ សយតុ បញ្ចលោ សង្គាមេ សត្តិយា ហតោ

យថាយំ កបណោ សេតិ ហតោ ផាលេន សាលិយោ។

គោឈ្មោះសាលិយៈនេះ ជាសត្វកំព្រាត្រូវផាលមុតជើងដេកស្រតឹកយ៉ាងណា សូមឱ្យស្ដេចបញ្ចាលត្រូវគេសម្លាប់ដោយលំពែងក្នុងសង្រ្គាមដេកស្ដូកយ៉ាងនោះចុះ។

បុរោហិតឃាត់អ្នកស្រែនោះថា ៖

អធម្មេន តុវំ ជម្ម       ព្រហ្មទត្តស្ស កុជ្ឈសិ

យោ ត្វំ សបសិ        វាជានំ អបរជ្ឈិត្វាន អត្តនោ។

នែបុរសលាមក អ្នកឯងដែលប្រទូស្ដខឹងនឹងស្ដេចរបស់ខ្លួន អ្នកឯងឈ្មោះថាខឹងទៅរកស្ដេចព្រហ្មទត្ត ដោយហេតុមិនត្រូវតាមធម៌ទេ។

អ្នកភ្ជួរស្ដាប់នូវពាក្យនោះហើយ ពោលតបថា ៖

ធម្មេន ព្រហ្មទត្តស្ស អហំ កុជ្ឈាមិ ព្រាហ្មណ

អរក្ខិតា ជានបទាអធម្មពលិនា ហតា។

រត្តិញ្ច ចោរា ខាទន្តិ ទិវា ខាទន្តិ តុណ្ឌិយា

រដ្ឋស្មឹ កូដរាជស្ស ពហុ អធម្មិកោ ជនោ។

សានូន បុន រេ បក្កាវិកាលេ ភត្តមាហរិ

ភត្តហារឹ អវេក្ខន្តោ  ហតោ ផាលេន សាលិយោ។

ម្នាលព្រាហ្មណ៍ ខ្ញុំខឹងចំពោះស្ដេចព្រហ្មទត្ត ដោយហេតុត្រូវតាមធម៌ ( ព្រោះថា ) ពួកអ្នកជនបទ ស្ដេចមិនដែលរក្សាទេ ចេះតែបៀតបៀនដោយសួយសារអាករ មិនប្រកបដោយធម៌។ ពិតណាស់ ក្នុងវេលាយប់ ពួកចោរប្លន់ ( អ្នកស្រុក ) វេលាថ្ងៃ ពួកអ្នករាជការប្លន់ ( រាស្រ្ត ព្រោះ​តែ ) ស្ដេចខូចកាចសោយរាជ្យក្នុងដែន បានជាជនច្រើនតែមិនប្រកបដោយធម៌។ ស្រីជាដាំបាយក្នុងវេលាព្រឹក ( នាំយកមកឱ្យខ្ញុំ ក៏ត្រូវខ្ញុំកំដររបស់ស្ដេចព្រហ្មទត្តរឹបជាន់យកបាយអស់ ) លុះវេលាថ្ងៃរសៀលទើបនាំយកបាយមក ( ឱ្យខ្ញុំ ) ខ្ញុំក៏ទន្ទឹងចាំមើល នូវស្រ្តីអ្នកយកបាយមកឱ្យ ទាំងគោឈ្មោះសាលិយៈ ក៏ត្រូវផាលមុតជើងទៀត។

ស្ដេចនិងបុរោហិតឮហើយក៏ទៅស្រុក ១ ទៀត។ បុរសអ្នករឹតទឹកដោះមេគោ ក៏ត្រូវមេគោធាក់ធ្លាក់ភាជន៍ទឹកដោះពីដៃហើយក៏ជេរស្ដេចថា ៖

ឯវំ ហញ្ញតុ បញ្ចលោ សង្គាមេ អសិនា ហតោ

យថាហមជ្ជ បហតោខីរញ្ច មេ បវត្តិតំ។

ក្នុងថ្ងៃនេះ ខ្លួនអញត្រូវមេគោធាក់ ទាំងទឹកដោះក៏ធ្លាក់ពីដៃរបស់អញយ៉ាងណា សូមឱ្យស្ដេចបញ្ចាលត្រូវគេសម្លាប់ដោយដាវក្នុងសង្រ្គាមលំបាកយ៉ាងនោះចុះ។

បុរោហិតឮហើយ សួរថា ៖

អយំ បសុ ខីរំ ឆឌ្ឌេសិ បសុ ផាលញ្ច ហឹសតិ

កឹ តត្ថ ព្រហ្មទត្តស្សយំ នោ គរហតេ ភវំ។

សត្វចិញ្ចឹមនេះរមែងចោលនូវទឹកដោះ សត្វចិញ្ចឹមរមែងបៀតបៀននូវផាល ដោយហេតុឯណា អ្នកមិនគួរតិះដៀលនូវស្ដេចដ៏ចម្រើនដោយហេតុឯណា កំហុសរបស់ស្ដេចព្រហ្មទត្ត ចំពោះហេតុនោះ ៗ តើដូចម្ដេច ?

បុរសអ្នករឹតទឹកដោះឆ្លើយតបវិញថា ៖

ការយ្ហោ ព្រហ្មេ បញ្ចលោ    ព្រហ្មទត្តស្ស រាជិនោ

អរក្ខិតា ជានបទា   អធម្មមពលិនា ហតា។

រត្តឹ ច ចោរា ខាទន្តិ ទិវា ខាទន្តិ តុណ្ឌិយា

រដ្ឋស្មឹ កូដរាជស្ស   ពហុ អធម្មិកោ ជនោ។

ចណ្ឌា អកត្ថនា កវី យំ បុរេ ន ទុហាមសេ

តំទានិ អជ្ជ ទោហាម ខីរកាមេហុបទ្ទុតា។

ម្នាលព្រហ្មណ៍ ស្ដេចបញ្ចាលរបស់រាជត្រកូលព្រហ្មទត្ត គួរអ្នកផងគេតិះដៀលហើយ      ( ព្រោះថា ) ពួកអ្នកជនបទ ស្ដេចមិនដែលជួយរក្សាការពារទេ ចេះតែបៀតបៀនដោយសួយសារអាករ មិនប្រកបដោយធម៌។ ពិតណាស់ តែក្នុងវេលាយប់ ពួកចោរដើរប្លន់ ( យកទ្រព្យសម្បត្តិអ្នកស្រុក ) វេលាថ្ងៃ ពួកអ្នករាជការរឹបជាន់ប្លន់ ( រាស្រ្ត ) ( ព្រោះតែ ) ស្ដេចខូចកាចសោយរាជ្យក្នុងដែន បានជាជនច្រើនតែមិនប្រកបដោយធម៌។ មេគោកាចផ្លាង ក្នុងកាលពីមុនយើងមិនបានរឹតទឹកដោះឯណា ក្នុងថ្ងៃនេះ ឥឡូវនេះ ពួកយើងក៏ត្រូវពួករាជបុរសអ្នកប្រាថ្នានូវទឹកដោះមករឹបជាន់ ទើបរឹតទឹកដោះនោះ ( បើស្ដេចសោយរាជ្យប្រកបដោយធម៌ ភ័យមិនមានដល់យើងទេ )។

ស្ដេចនិងបុរោហិតនិយាយថា បុរសនេះថាត្រូវណាស់ ហើយក៏ចៀសចេញទៅកាន់ស្រុកមួយទៀត។ សម័យមួយ ពួកអ្នករាជការសម្លាប់កូនគោយកស្បែកធ្វើស្រោមដាវ មេគោក៏រត់ឆ្លេឆ្លាដោយសេចក្ដីសោកស្ដាយកូនរបស់វា។ ពួកក្មេងអ្នកស្រុកជាអ្នកឃ្វាលគោ ក៏ស្រែកជេរស្ដេចថា ៖

ឯវំ កន្ទតុ បញ្ចលោវិមុត្តោ បរិធាវតុ

យថាយំ កបណា កវីវិមុត្តា បរិធាវតិ។

មេគោនេះ ជា​សត្វ​កំព្រា ជាសត្វព្រាត់ប្រាស និរាស រីងស្ងួត កន្ទក់កន្ទេញ សូម​ឱ្យ​ស្ដេច​បញ្ចាល​ក៏​យ៉ាងនោះចុះ។

បុរោហិតសួរថា ៖

យំ បសុ បសុចាលស្ស      បព្ភមេយ្យ រវេយ្យ វា

កោនីធ អបរាធត្ថិព្រហ្មទត្តស្សរាជិនោ។

កាលដែលបុរសអ្នករក្សានូវសត្វចិញ្ចឹម ចំណែកខាងសត្វចិញ្ចឹមក៏ស្ទុះឆ្លេឆ្លាឬស្រែកដោយហេតុឯណា កំហុសរបស់ស្ដេចព្រហ្មទត្តរមែងមានក្នុងហេតុនេះ តើដូចម្ដេច។

ពួកក្មេង ៗ អ្នកស្រុកឆ្លើយតបថា ៖

អបរាធោ មហាព្រហ្មេ       ព្រហ្មទត្តស្ស រាជិនោ

អរក្ខិតា ជានបទាអធម្មពលិនា ហតា។

រត្តឹ ច ចោរា ខាទន្តិ ទិវា ខាទន្តិ តុណ្ឌិយា

រដ្ឋស្មឹ កូដរាជស្ស   ពហុ អធម្មិកោ ជនោ។

កថំ នោ អសិកោសត្ថា      ខីរបា ហញ្ញតេ បជា។

បពិត្រមហាព្រាហ្មណ៍ កំហុសរមែងមានដល់ស្ដេចព្រហ្មទត្តដោយពិត ព្រោះថា ពួកអ្នកជនបទ ស្ដេចមិនដែលរក្សាដល់ម្ដងទេ ចេះតែបៀតបៀនដោយសួយសារអាករ មិនប្រកបដោយធម៌។ តែក្នុងវេលាយប់ ពួកចោរដើរប្លន់ (អ្នកស្រុក ) វេលាថ្ងៃ ពួកអ្នករាជការរឹបជាន់ប្លន់ ( រាស្រ្ត ) តាមអំណាច ព្រោះតែស្ដេចខូចកាចសោយរាជ្យក្នុងដែន ( មិនប្រកបដោយ   ធម៌ ) បានជាជនច្រើនតែមិនប្រកបដោយធម៌ដែរ កូននោះកំពុងតែបៅដោះ មានប្រយោជន៍ដល់ស្រោមដាវ រមែងលំបាកយ៉ាងណាទៅ។

ស្ដេចនិងបុរោហិតនិយាយថា ពួកក្មេងៗអ្នកស្រុកនេះចេះនិយាយត្រូវណាស់ហ្ន៎ ! ហើយក៏ចៀសចេញទៅ។ គ្រានោះ ពួកក្អែកកំពុងតែចាប់ចឹកកង្កែបស៊ីជាអាហារ ក្នុងស្រះបោក្ខរណី ១ រីងទឹកអស់ ក្នុងរវាងពាក់កណ្ដាលផ្លូវ ព្រះពោធិសត្វក៏បណ្ដាលឱ្យកង្កែបជេរស្ដេចថា ៖

ឯវំ ខជ្ជតុ បញ្ចលោហតោ យុទ្ធេ សបុត្តកោ

យថាហមជ្ជ ខជ្ជាមិគាមិកេហិ អរញ្ញជោ។

អាត្មាអញកើតក្នុងព្រៃ ត្រូវពួកក្អែកក្នុងស្រុកចឹកស៊ីក្នុងថ្ងៃនេះយ៉ាងណា សូមឱ្យស្ដេចបញ្ចាលព្រមទាំងបុត្រត្រូវគេកាប់ក្នុងចម្បាំងដាច់ខ្ទេចខ្ទីយ៉ាងនោះចុះ។

បុរោហិតស្ដាប់ហើយ និយាយនឹងកង្កែបថា ៖

ន សព្វភូតេសុ វិធេន្តិ រក្ខំ

រាជានោ មណ្ឌូក មនុស្សលោកេ

នេត្តាវតា រាជា អធម្មចារី

យំ តាទិសំ ជីវមទេយ្យុ ធង្កា។

នែកង្កែប ព្រះរាជាទាំងឡាយ ក្នុងមនុស្សលោក ( នេះ ) មិនចាត់ចែងនូវការរក្សាចំពោះពួកសត្វទាំងឡាយទេ ពួកក្អែកស៊ីនូវសត្វរស់ប្រាកដដូច្នោះ ដោយហេតុឯណា ព្រះរាជាមិនមែនប្រព្រឹត្តមិនប្រកបដោយធម៌ ដោយហេតុប៉ុណ្ណោះទេ។

កង្កែបស្ដាប់ហើយនិយាយតបវិញថា ៖

អធម្មរូបោ វត ព្រហ្មចារី

អនុប្បិយំ ភាសសិ ខត្តិយស្ស

វិលុម្បមានាយ បុថុប្បជាយ

បូជេ សិ រាជំ បរមប្បវាទឹ។

សចេ ឥទំ ព្រហ្មេ សុរជ្ជកំ សិយា

ដីតំ រដ្ឋំ មុទិតំ វិប្បសន្នំ

ភុត្វា ពលឹ អគ្គបិណ្ឌញ្ច កាកា

ន មាទិសំ ជីវមទេយ្យុ ធង្កា។

អ្នកដូចជាព្រហ្មចារីបុគ្គល តែមានសភាពមិនមែនជាអ្នកធម៌សោះ ពោលនូវពាក្យគួរដល់សេចក្ដីស្រឡាញ់ចំពោះក្សត្រ កាលបើប្រជាជនជាច្រើនដែលស្ដេចរឹបជាន់ អ្នកបូជា         ( សរសើរ ) ចំពោះស្ដេចថាជាអ្នកមិនពោលពាក្យដ៏ប្រសើរ។ នែព្រាហ្មណ៍ ប្រសិនបើដែននេះមានរាជការល្អ ជាដែនស្ដុកស្ដម្ភ មានរាស្រ្តរីករាយជ្រះថ្លា ទាំងពួកក្អែក ក៏បានស៊ីនូវដុំបាយដ៏ប្រសើរ ជាគ្រឿងបូជា ( របស់មនុស្ស ) ពួកក្អែកនឹងលែងស៊ីសត្វរស់ប្រាកដដូចជាខ្ញុំមិនខាន។

ហេតុដែលជេរបន្ទោសដល់ស្ដេចទាំង ៦ កន្លែងនេះ គឺដោយអំណាចពោធិសត្វមកបញ្ចូលចិត្ត ឱ្យអ្នកទាំងអស់គ្នាគិតឃើញយ៉ាងនេះ ដើម្បីរំឭកស្ដេចបញ្ចាលឱ្យលោកបានប្រព្រឹត្តត្រឹមត្រូវតាមទសពិធរាជធម៌ ឱ្យពួកជនដែលអាស្រ័យនៅក្នុងដែនបានសេចក្ដីសុខក្សេមក្សាន ដោយសារគុណបុណ្យបារមីរបស់ស្ដេចតទៅ។

ឯព្រះបាទបញ្ចាលនិងបុរោហិត លុះបានឮនូវហេតុនោះហើយក៏វិលត្រឡប់ទៅនគរគ្រប់គ្រងរាជ្យដូចដើមវិញ ទទួលយកនូវឱវាទនៃពោធិសត្វមកតម្កល់ទុកក្នុងព្រះទ័យ ហើយចាត់ចែងរៀបចំការរាជការ ក្នុងព្រះនគរឱ្យបានរៀបរយតាមបវេណី ប្រព្រឹត្តនូវទសពិធរាជធម៌ដោយគ្រប់គ្រាន់ ពួករាស្រ្តប្រជាក៏បានសេចក្ដីសុខ – ចម្រើន ទាំងភោគសម្ប័ទក៏សម្បូណ៍សប្បាយចាយវាយឥតខ្វះខាតឡើយ។

ព្រះមានព្រះភាគទ្រង់នាំអតីតនិទានមកពន្យល់ដល់ព្រះរាជាកោសល ដូចបានអធិប្បាយមកនេះ ហើយទ្រង់រំឭកដាស់តឿនថា បពិត្រមហារាជ សូមឱ្យមហារាជលះបង់នូវអគតិចេញ ហើយគ្រប់គ្រងរាជ្យ​ប្រកបដោយធម៌ចុះ។

ចប់ភណ្ឌុតិណ្ឌុកជាតកតែប៉ុណ្ណេះ។

ប្រភព ៖ ទស្សនាវដ្ដី​កម្ពុជសុរិយា អត្ថបទក្បាលទី ២ ឆ្នាំទី ១៧ ខ្សែទី ៨ គ.ស. ១៩៤៥ ព.ស. ២៤៨៥ និង​អត្ថបទក្បាលទី ២ ឆ្នាំទី ១៧ ខ្សែទី ៩ គ.ស. ១៩៤៥ ព.ស. ២៤៨៥

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments