អក្សរ​សាស្ត្រ​ខ្មែរ​ក្រោយ​សម័យ​អង្គរ

អក្សរ​សាស្ត្រ​និង​ភាសា​ខ្មែរ

ក្រោយពីសម័យអង្គររុងរឿង ខាងសិល្បៈល្បីល្បាញក្នុងសាកលលោក ប្រទេសខ្មែរយើងបានចួបប្រទះនឹងសង្គ្រាមជាញឹកញាប់ ដោយមានចម្បាំងរាំងជល់នឹងប្រទេសជិតខាងផង ច្បាំងដណ្ដើមរាជ្យគ្នាក្នុងស្រុកផង។ ក្នុងរយៈកើតសង្គ្រាមដូច្នេះ ប្រជាពលរដ្ឋយើងត្រូវតែគេចវេះ រត់ទ័ព រត់សឹក ឬត្រូវកេណ្ឌធ្វើជាទាហាន។

ខាងសិល្បៈដែលធ្លាប់ល្បីល្បាញមក ក៏ពុំឃើញមានសកម្មភាពអ្វីឱ្យធំដុំឡើយ។ បុរាណវត្ថុធំៗនៅសម័យអង្គរបានរលុបរលាយបាត់បង់ទៅវិញនិងបានកប់ចោលនៅក្នុងព្រៃជាចំណីរុក្ខជាតិ ហើយពុំសូវមាននរណានឹកឃើញផងសោះ។ ខាងសាសនា ប្រជាពលរដ្ឋខ្មែរយើងនៅប្រកាន់ជឿព្រះពុទ្ធសាសនាយ៉ាងមុតមាំ។

ចំណែកខាងអក្សរសាស្ត្រវិញ កវីជំនាញៗក្នុងសម័យលង្វែកនិងឧត្ដុង្គ ច្រើនតែដកស្រង់រឿងពីគម្ពីរពុទ្ធសាសនាមានរឿងទសជាតក៍ដែលនិទានពីកំណើតព្រះពុទ្ធ១០ជាតិ កាលនៅជាព្រះពោធិសត្វជាដើម ក្រៅពីនេះ កវីជំនាញជាតិយើង បានខិតខំតុបតែងឡើងនូវសាស្ត្រាល្បែងនិងសាស្ត្រាច្បាប់ទាំងឡាយជាច្រើនរឿងច្រើនច្បាប់ មានច្បាប់ក្រមកេរ្តិ៍កាល កូនចៅ ត្រីនេតិជាដើម និងរឿងព្រេងដែលនិយាយតៗគ្នាមក មានរឿងអាឡេវ អាខ្វាក់អាខ្វិន សុភាទន្សាយ ធនញ្ជ័យបណ្ឌិតជាដើម។ តែរឿងទាំងអស់នោះ ពុំឃើញមានដាក់ឈ្មោះកវីនិពន្ធនិងកាលបរិច្ឆេទនៃការសរសេររៀបរៀងនៅក្នុងពេលណាផងឡើយ។

ចំពោះព្រឹត្តិការណ៍នៃនាមកវីនិពន្ធ កាលបរិច្ឆេទ រជ្ជកាល និងប្រភពអក្សសាស្ត្រ​នៅលើសាស្ត្រាច្បាប់ សាស្ត្រាល្បែង និងរឿងព្រេងទាំងអស់នោះ ដោយពុំមានគោលឋានៈជាក់លាក់ដូច្នេះ យើងជាអ្នកស្រាវជ្រាវអក្សរសាស្ត្រមួយរូប សូមផ្ញើនូវគំនិតការស្រាវជ្រាវអក្សរសាស្ត្រទាំងអស់នោះ ចំពោះអស់លោកអ្នកសាស្ត្រទាំងឡាយ សុំឱ្យចួបស្រាវជ្រាវរកឫសគល់អក្សរសាស្ត្រនោះ ឱ្យមានគោលឋានៈជាក់លាក់ឡើង ជូនជនរួមជាតិយើង ដើម្បីនឹងលម្អឬសម្រស់នៃសាស្ត្រាច្បាប់រឿងទាំងអស់នោះ ឱ្យមានលក្ខណៈគ្រប់គ្រាន់ ទៅជាមត៌កអក្សរសាស្ត្រ សម្រាប់សិក្សាកូនខ្មែរក្នុងព្រះរាជាណាចក្រទូទៅ។

មុននឹងពិនិត្យមើលអក្សរសាស្ត្រខ្មែរយើងសម័យនោះ ដែលមានអត្ថរសដូចម្ដេច យើងសូមធ្វើអត្ថាធិប្បាយអំពីរបៀបការសិក្សានៅសម័យនោះបន្តិច ដូចតទៅនេះ ៖

ក- នៅសម័យនោះរបៀបការសិក្សា កូនខ្មែរយើងភេទប្រុសអាយុ ៩ ឬ ១០ ឆ្នាំបានចូលទៅនៅវត្ត នៅបម្រើលោកគ្រូ ដាំទឹក ដងទឹក ពុះអុស តាមលោកគ្រូទៅសូត្រមន្ត ទៅឆាន់ ទៅទេសនា។ ការរៀនសូត្រពុំសូវមានពេលម៉ោងហ្មត់ចត់ទេ ក្មេងនៅជាមួយលោកគ្រូទាំងអស់នោះ ក្មេងណាដែលយកចិត្តទុកដាក់ជាងគេ ក៏ឆាប់បានចេះមើលដាច់ ចេះសរសេរទៅបានខ្លះ។ គេសង្កេតឃើញក្មេងដែលចេះរឿងចាំមាត់ហូរហែ តែមើលអក្សរឬសរសេរផងមិនកើតក៏មាន។

ដល់អាយុ ១៥-១៦ ឆ្នាំ ក្មេងនោះក៏បានប្រែភេទចូលទៅបួសជាសាមណេរ បាន ៥-៦ ឆ្នាំបានបួសជាភិក្ខុភាព ឬមួយក៏សឹកមករៀបចំផ្ទះសម្បែងប្រពន្ធកូនវិញ។ បណ្ឌិតទាំងនោះ មានខ្លះមកប្រកបការធ្វើស្រែ ខ្លះទៀតក៏បានទៅផ្គាប់ផ្គុនបុណ្យសក្ដិ បានធ្វើស្មៀនស្មើមន្ត្រីជាច្រើន អ្នកដែលសង្វាតរៀនសូត្រក៏បានចេះដឹងជ្រៅជ្រះដែរ ដោយខ្លះបានទៅរៀននៅប្រទេសថៃ។

ខ- គ្រូអាចារ្យនៅសម័យនោះ វត្តលោកសង្ឃជាសាលារៀនដោយលោកសង្ឃធ្វើជាគ្រូបង្រៀន។ លោកសង្ឃជាអ្នកចេះដឹងជាងគេក្នុងតំបន់ស្រែចម្ការ លោកច្រើនទេសនាផ្សាយព្រះពុទ្ធសាសនាពីរឿងធម៌អាថ៌ ដែលសម្ដែងពីឋានសួគ៌និព្វានឱ្យពុទ្ធបរិស័ទជឿកម្មផលពីបុព្វេ។ ក្រៅពីនេះ លោកបានផ្សាយបង្រៀនជាដំបូងនូវសាស្ត្រាច្បាប់ក្រមកេរ្តិ៍កាល ពាក្យចាស់ សាស្ត្រាល្បែង ហង្សយន្ត សង្ខសិល្បជ័យ មរណមាតា ជិនវង្ស លក្សិណវង្សជាដើម។

គ- កម្មវិធីសិក្សាកូនខ្មែរនៅសម័យនោះ ច្រើនចួបប្រទះស្ទើរតែគ្រប់គ្នា នូវការរៀនសូត្រវិជ្ជាផ្សេងៗ ដូចតទៅនេះ ៖

១- រៀនមន្តអាគមអូមអាមស្នេហ៍និងរបៀបផ្សេងៗ ដូចរៀនធ្វើគ្រូហ្មផ្លុំពិសពស់ ពិសខ្ទួយ ពិសត្រីអណ្ដែងជាដើម ដែលជាការពុំសមហេតុសមផល ចំពោះយើងក្នុងសម័យនេះ។

២- រៀនធ្វើហោរទាយកាត់សប្តិ៍ ជាហេតុឱ្យមានពាក្យខ្មែរបុរាណឆ្លើយប្រាប់ថា “ភូតនៅហោរ ចោរនៅជាង”។

៣- រៀននព្វន្តស្ដួចស្ដើងណាស់ មានចំនួនតិចដែលបានរៀនក្បាច់ចិន ហើយច្រើនទន្ទេញមេលេខជាភាសាចិនផង។ គេរៀនតែលេខបូកគុណសងចែកព្រួលៗ ជាការចប់ ចំណោទពុំសូវឮរៀនផងឡើយ។

៤- ខាងអក្សរសាស្ត្រវិញ គេរៀនច្បាប់ក្រម កេរ្តិ៍កាល កូនចៅ ច្បាប់ប្រុស ច្បាប់ស្រី សាស្ត្រាល្បែង ល្បើកជុច ហង្សយន្ត សង្ខសិល្បជ័យ គម្ពីរទេសន៍ អភិធម្មប្រាំបួនបរិច្ឆេទ អភិធម្មប្រាំពីរគម្ពីរ មហាជាតក៍ មហោសថជាតក៍ជាដើម។ គេរៀនមើលដាច់ ដើរនិយាយប្រាប់គ្នាបានជាការចប់ គេពុំសូវរៀនពិចារណាលើច្បាប់ទាំងអស់នោះ ឱ្យយល់ឃើញច្បាស់លាស់នូវហេតុនិងផលឡើយ។

ការសិក្សាអក្សរសាស្ត្រខ្មែរសម័យលង្វែកនិងឧត្ដុង មានរបៀបដូចបានពណ៌នាមកខាងលើនេះ តែបើពិចារណាយកអត្ថរសនូវប្រភេទនៃអក្សរសាស្ត្រទាំងអស់នោះទៅឃើញថា កវីបណ្ឌិតបុរាណជាតិយើងជំនាន់នោះ បានខិតខំរកទ្រឹស្ដីនិពន្ធឡើង ដើម្បីបំពេសតិអារម្មណ៍និងកែអផ្សុកនៃប្រជាពលរដ្ឋទូទៅ ឬដើម្បីធ្វើជាគតិដល់អ្នកមានជីវភាពរស់នៅក្នុងចំណោមណាមួយ និងដើម្បីធ្វើគោលច្បាប់ដំបូន្មានខាងសីលធម៌និងវិជ្ជាជីវៈ សម្រាប់ទាញសតិសម្បញ្ញៈនៃបណ្ដាជនឱ្យភ្ញាក់រឭកគិតទុកដាក់ខ្លួនទៅតាមគោលនៃសម្មាទិដ្ឋិ។ អក្សរសាស្ត្រទាំងនេះក៏មានមហិទ្ធិឫទ្ធិខ្លាំងណាស់ ចូលផ្សព្វផ្សាយជ្រួតជ្រាបពាសពេញលើផ្ទៃប្រទេសសូម្បីតែសាមញ្ញជននៅទីកៀនកោះចុងកាត់មាត់ញក ក៏បានទទួលរសជាតិអក្សរសាស្ត្រនេះដែរ។

ហេតុនេះ បានព្រះរាជរដ្ឋាភិបាលខ្មែរ ដោយចង់ឱ្យប្រទេសខ្មែរអាចរក្សាទុកបាននូវកេរ​មត៌ក ព្រមទាំងចង់ឱ្យពង្រីកប្រយោជន៍សំខាន់ៗដែលកើតឡើងពីអក្សរសាស្ត្របុរាណនិងទំនើប បានបង្កើតឱ្យមានពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត (សាលាបាលីជាន់ខ្ពស់) និងក្រុមពុទ្ធសាសនបណ្ឌិត្យឡើង វិជ្ជាឋានទាំងពីរនេះមាននាទីបង្ហាត់បង្រៀននិងដឹកនាំបណ្ដាជនជាតិខ្មែរទាំងគ្រហស្ថទាំងបព្វជិតឱ្យដើរទៅកាន់អារ្យធម៌ដ៏ប្រសើរផ្នែកខាងសាសនានិងអក្សរសាស្ត្របានចម្រើនឡើងតាមលំដាប់ ឱ្យយើងបានឃើញលទ្ធផលជាក់ស្ដែងដូចសព្វថ្ងៃនេះ។

នៅក្រុមពុទ្ធសាសនបណ្ឌិត្យ មិនមែនត្រឹមតែមាននាទីផ្សាយព្រះពុទ្ធសាសនាដោយការរៀបរៀងតែងនិងរៀបចំបោះពុម្ពផ្សាយនូវសៀវភៅផ្លូវលោកផ្លូវធម៌ផ្សេងៗច្រើនមុខប៉ុណ្ណោះទេ ថែមទាំងបានបង្កើតឱ្យមានបណ្ណាល័យមួយរក្សាទុកនូវមត៌កអក្សរសាស្ត្រ គឺគម្ពីរដីកាសាស្ត្រា ក្រាំង សៀវភៅក្បួនខ្នាត តម្រាប់តម្រាផ្សេងៗ របស់បុរាណនិងទំនើបជាច្រើន។ ឯក្បួនច្បាប់អក្សរសាស្ត្រទាំងអស់ ដែលបានមកតម្កល់ទុកក្នុងបណ្ណាល័យនេះ គឺបានមកដោយសារសទ្ធារបស់ពួកពុទ្ធបរិស័ទខ្លះ បានមកដោយក្រុមពុទ្ធសាសនបណ្ឌិត្យចាត់ភ្នាក់ងារឱ្យទៅកត់ត្រាស្រាវជ្រាវប្រមែប្រមូលរកអំពីវត្តអារាម ភូមិ-ស្រុកតូចធំ និគមជនបទនានាក្នុងព្រះរាជាណាចក្រទាំងមូលខ្លះ។ ដូច្នេះយើងយល់ឃើញថាបណ្ណាល័យនៃពុទ្ធសាសនបណ្ឌិត្យ ជាឃ្លាំងមួយសម្បូរបំផុតនូវឯកសារមត៌កអក្សរសាស្ត្រខ្មែរបុរាណ សម័យលង្វែកនិងឧត្ដុង្គ និងរក្សាទុកនូវសៀវភៅក្បួនខ្នាតអក្សរសាស្ត្រទំនើបជាភាសាបរទេសនិងភាសាខ្មែរជាច្រើន។

សព្វថ្ងៃបណ្ណាល័យនៃពុទ្ធសាសនបណ្ឌិត្យ ដែលបរិបូណ៌ដោយឯកសារអក្សរសាស្ត្រច្រើនយ៉ាងដូច្នោះ បានក្លាយទៅជាបណ្ណាល័យប្រភពអក្សរសាស្ត្រ ជាឃ្លាំងវិជ្ជាជាវិជ្ជាឋាន សម្រាប់ជាប្រភពរដ្ឋនិងកវីនិពន្ធទាំងផ្នែកគ្រហស្ថទាំងផ្នែកបព្វជិត តែងចេញចូលសិក្សា សាកសួរពិគ្រោះរិះរកក្បួនច្បាប់ក្នុងមន្ទីរនេះជាហូរហែរាល់ថ្ងៃធ្វើការ។

ជាទីអវសាន យើងបានអធិប្បាយវែកញែកអំពីរបៀបការសិក្សាកិច្ចការជាស្នាដៃអ្នកជំនាន់មុន និងពណ៌នាអំពីមត៌កអក្សរសាស្ត្រកវីជំនាញជំនាន់នោះ ដែលមានឯកសារតម្កល់ទុកនៅក្នុងបណ្ណាល័យនៃពុទ្ធសាសនបណ្ឌិត្យ ជូនជនរួមជាតិស្ដាប់អម្បាញ់មិញនេះ ដោយមានបំណងចង់ណែនាំអ្នកមានគំនិតទាំងឡាយ ឱ្យចូលចិត្តស្រឡាញ់អក្សរសាស្ត្រជាតិ ដែលជាកេរដំណែលបុព្វបុរសរបស់យើង ព្រមទាំងចង់ឱ្យដឹងនូវដំណើរអក្សរសាស្ត្រពីដើមមកទុកជាគោលសម្រាប់កសាងអក្សរសាស្ត្រថ្មីឱ្យបានចម្រើន ហើយឱ្យមានការប្លែកៗផង នាំឱ្យយើងចេះប្រើការរិះគន់ដើម្បីប្រយោជន៍ដល់ខ្លួនយើង គឺជៀសវាងការភ្លាត់ភ្លាំង ហើយកត់សម្គាល់នូវសេចក្ដីល្អត្រូវទុកជាឧទាហរណ៍បទរៀនតទៅអនាគត។

លោក ស៊ិន-ហ៊ាន រៀបរៀង

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៥៩

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments