ធម្មិកោវាទ

នានាកាព្យ
ព្រះអាចារ្យ ឯក- ញឹម ធម្មិស្សរោ
ចៅអធិការវត្តធម្មិស្សរារាម ស្រុកសូទ្រនិគម ខេត្តសៀមរាប
រៀបរៀង

ច្បាប់ធម៌ក្នុងសៀវភៅនេះ យើងខ្ញុំ ធម្មិស្សរោ (ឯក- ញឹម) ចៅអធិការនៃវត្តធម្មិស្សរារាមរៀបរៀងឡើងជាពាក្យឃ្លោង សម្រាប់រោងរៀននៃវត្តធម្មិស្សរារាម នៅថ្ងៃពុធ ៩ រោច ខែស្រាពណ៍ ឆ្នាំមមែ បញ្ចស័ក ព.ស. ២៤៨៦។

ច្បាប់ធម៌ទាំងអស់ដែលយើងខ្ញុំដកស្រង់មករៀបរៀងនេះ នៅមានសេចក្ដីពិស្ដារក្នុងសិង្គាលោវាទសូត្រ។

ឯរបៀបធម៌ក្នុងសូត្រនោះ មិនមែនបែបនេះទេ ប៉ុន្តែយើងខ្ញុំអ្នកតែងយល់ថាគួររៀបចំឡើងជារបៀបថ្មី ដើម្បីតម្រូវតាមទំនងបុព្វការីនិងកតញ្ញូកតវេទីបុគ្គល ដែលជាបុគ្គលរកបានដោយកម្រ ២ យ៉ាងក្នុងលោក។

លុះយើងខ្ញុំរៀបចំរួចហើយបានយកច្បាប់នេះបង្រៀនដល់ពួកកុលបុត្រអ្នកបួសថ្មីៗ ក្នុងទីវត្តរបស់យើងខ្ញុំ ប៉ុន្តែកាលបង្រៀននោះ យើងខ្ញុំបានយកបាលីមកតាំងទុកជាគោល ចងជាពួកជាកងឡើងតាមស្ថានហើយឱ្យមានព្រមទាំងសេចក្ដីប្រែនិងពាក្យឃ្លោងនេះផង។

តមកមានពុទ្ធបរិសទ្យជាច្រើនគ្នាជ្រះថ្លាចង់បានធម៌នេះ ទើបនាំគ្នាចាត់ការបោះពុម្ពផ្សាយចែកជាធម្មទានក្នុងឱកាសបុណ្យបញ្ចុះសីមាវត្តនោះ នៅថ្ងៃអាទិត្យ ១កើត ខែមិគសិរ ឆ្នាំវក ឆស័ក ព.ស. ២៤៨៧ ប៉ុន្តែដោយហេតុក្រដាសរកបានដោយកម្រណាស់ ក្នុងសម័យសព្វថ្ងៃនេះ ទើបយើងខ្ញុំយកមកជូនពុទ្ធសាសនបណ្ឌិត្យ ដើម្បីចាត់ចែងបោះពុម្ពផ្សាយក្នុងទស្សនាវដ្ដីកម្ពុជសុរិយានេះ។

យើងខ្ញុំសូមសេចក្ដីសុខចម្រើន ចូរមានដល់ព្រះពុទ្ធសាសនានិងលោកអ្នកសិក្សាទាំងឡាយផង ដល់នគរក្រុងកម្ពុជា និងមហានគរបារាំងសែស ដែលបានជួយឧបត្ថម្ភដល់ពុទ្ធសាសនា និងប្រទេសជាតិផង តទៅអស់កាលជាអង្វែង។

ទិសានមស្ការ​ធម៌ ៦ យ៉ាង

បទ​ពាក្យ​ប្រាំពីរ

ទី១- ខាង​កើត​ទិស​បូព៌ា ទុក​ជា​មាតាបិតា  ដែល​បង្កើត​បុត្រ​ក្នុង​លោកា គួរ​កូន​ស្នេហា​អស់​ពី​ចិត្ត។  ត្រូវ​ប្រតិបត្តិ​លោក​ដោយ​ធម៌​ប្រាំ ដែល​អ្នក​ប្រាជ្ញ​ផ្ដាំ​មាន​កម្រិត  កម្រៃ​ថ្លៃ​គុណ​លោក​អាណិត ដោយ​មេត្តា​ចិត្ត​ជួយ​កូន​ថ្លៃ។ ទី២- ខាង​ត្បូង​ទិស​ទក្ខិណា ទុក​ជា​អាចារ្យ​យើង​សព្វ​ថ្ងៃ  ដែល​បង្រៀន​ធម៌​ល្អ​ថ្លាថ្លៃ ឱ្យ​​បាន​និស្ស័យ​ទៅ​និព្វាន។  ត្រូវ​ប្រតិបត្តិ​លោក​ដោយ​ធម៌​ប្រាំ ដែល​អ្នក​ប្រាជ្ញ​ផ្ដាំ​ទុក​ទូន្មាន  គឺ​ពាក្យ​ជា​ច្បាប់​ឱវាទ ទាំង​នោះ​ត្រូវ​មាន​ចិត្ត​ជ្រះ​ថ្លា។ ទី៣- ខាង​លិច​ទិស​បច្ឆិមា នោះ​លោក​ទុក​ជា​បុត្ត​ភរិយា  ដែល​នៅ​ក្រោយ​ខ្នង​រាល់​គ្នា នោះ​គឺ​ជា​ក្រោម​បង្គាប់​ខ្លួន។  ត្រូវ​ធ្វើ​សង្គ្រោះ​ដោយ​ធម៌​ប្រាំ ដែល​អ្នក​ប្រាជ្ញ​ផ្ដាំ​ផ្ដាច់​មាំមួន  ថា​ត្រូវ​មាន​ចិត្ត​អាណិត​ស្ងួន កុំ​មាន​គុំកួន​ឬ​គ្នាន់ក្នាញ់។ ទី៤- ខាង​ជើង​ទិស​ឧត្តរា លោក​ទុក​ថា​ជា​មិត្រ​សម្លាញ់  ដែល​មាន​ចិត្ត​ស្មើ​ឥត​ផ្ចាល​ផ្ចាញ់ រាប់​អាន​ស្រឡាញ់​ឥត​អាក់​ឡើយ។  ត្រូវ​ប្រតិបត្តិ​គ្នា​ដោយ​ធម៌​ប្រាំ ដែល​អ្នក​ប្រាជ្ញ​ផ្ដាំ​ផ្ដាច់​មក​ហើយ  បើ​មិត្រ​មាន​ទុក្ខ​ជួយ​ឱ្យ​​ស្បើយ កុំ​ខាន​សោះ​ឡើយ​ទើប​ត្រូវ​ធម៌។ ទី៥- ខាង​ក្រោម​ទិសហេដ្ឋា លោក​ទុក​ជា​ទាសកម្មករ  ដែល​ជួយ​ធ្វើការ​អាក្រក់​ល្អ ដោយ​ចិត្ត​ស្មោះសរ​នឹង​ចៅហ្វាយ។  ត្រូវ​នាយ​សង្គ្រោះ​ដោយ​ធម៌​ប្រាំ ដែល​អ្នក​ប្រាជ្ញ​ផ្ដាំ​ឱ្យ​​ខ្វល់ខ្វាយ  បើ​មាន​ឈឺចាប់​មិន​សប្បាយ ត្រូវ​ឱ្យ​​ចៅហ្វាយ​ថែរក្សា។ ទី៦- ខាង​លើ​ទិស​ឧទ្ធៈ ទុក​ជា​សមណៈ​និង​ព្រាហ្មណា  ដែល​យើង​ទាយក​ទាយិកា មាន​ចិត្ត​ជ្រះថ្លា​ហើយ​ធ្វើ​ទាន។  ត្រូវ​ប្រតិបត្តិ​លោក​ដោយ​ធម៌​ប្រាំ ដែល​អ្នក​ប្រាជ្ញ​ផ្ដាំ​ទុក​ទូន្មាន  លោក​អ្នក​ប្រាប់​ផ្លូវ​សួគ៌​និព្វាន ថា​ទៅ​ដោយ​យាន​គឺ​សីល​អើយ។

ច្បាប់​មាតាបិតា​សង្គ្រោះ​កូន ៥ យ៉ាង

បទ​ពាក្យ​ប្រាំពីរ

ទី១- ត្រូវ​ឃាត់​កូន​ទាំងឡាយ កុំ​ឱ្យ​​ខ្វល់ខ្វាយ​ក្នុង​ការ​បាប  សម្លាប់​លួច​ប្លន់​នាំ​ដុនដាប អំពើ​ជា​បាប​ឃាត់​ឱ្យ​​បាន។ ទី២- ត្រូវ​នាំ​កូន​ធ្វើ​បុណ្យ អំពើ​ជា​គុណ​គាប់​កល្យាណ  ទាន​សីល​ជាដើម​ដែល​នាំ​ប្រាណ បាន​សុខ​ក្សេមក្សាន្ត​ឥត​ទុក្ខ​ភ័យ។ ទី៣- នាំ​កូន​រៀន​សិល្បសាស្ត្រ ឱ្យ​​ចេះ​ដឹង​ច្បាស់​ទាំង​ប្រុស​ទាំង​ស្រី  រៀន​ទាំង​ផ្លូវ​ធម៌​ផ្លូវ​លោកិយ កុំ​ឱ្យ​​សល់​អ្វី​សព្វ​វិជ្ជា។ ទី៤- ត្រូវ​រៀប​កូន​ប្រុស​ស្រី ឱ្យ​​មាន​ស្វាមី​ឬ​ភរិយា  សម​គួរ​ដល់​ជាតិ​ធនវ័យវា កុំ​ឱ្យ​​ខុស​គ្នា​នាំ​អភព្វ។ ទី៥- ត្រូវ​បែងចែក​ធនធាន តាម​ដោយ​ខ្លួន​មាន​ឱ្យ​​គួរ​គាប់  ឱ្យ​​កូន​បាន​ធ្វើ​ជា​ដើម​ទ្រព្យ ជា​កេរ្តិ៍​គួរ​គាប់​បំផុត​អើយ។

ច្បាប់​សិស្ស​ប្រតិបត្តិ​គ្រូ​អាចារ្យ ៥ យ៉ាង

១- ទទួល​ដំណើរ ឬ​ជូន​ដើរ​ត្រឡប់​ទៅ  ទីឋាន​ដែល​លោក​នៅ នេះ​ជា​ផ្លូវ​ត្រូវ​គួរសម។ ២- ចូល​ទៅ​បម្រើតាម​កាល​ធ្វើ​ឱ្យ​​ឱ្យ​​ឧត្ដម  ហៅ​ថា​បម្រើ​ធំ លោក​និយម​យក​ពេល​បី។ ៣- ជឿ​ស្ដាប់​ពាក្យ​គ្រូ កុំ​មូទូ​កើត​អប្រិយ  ឱវាទ​ជា​សម្ដី ត្រូវ​គប្បី​កាន់​ហ្មត់ចត់។ ៤- បម្រើ​ប្រក្រតី ធ្វើ​ការ​អ្វី​ឥត​កំណត់  ពេលណា​មិន​ប្រាកដ នេះ​ជា​បទ​បម្រើ​តូច។ ៥- លោក​ប្រាប់​សិល្បសាស្ត្រ ស្ដាប់​ឱ្យ​​ច្បាស់​ធ្វើ​ឱ្យ​​ដូច  រក្សា​កុំ​ឱ្យ​​ខូច ទាំង​ធំ​តូច​ត្រូវ​គោរព។

ច្បាប់​ស្វាមី​សង្គ្រោះ​ភរិយា ៥ យ៉ាង

១- រាប់អាន​ភរិយា ដោយ​វាចា​ដ៏​ទន់ភ្លន់  បើ​ពោល​ទៅ​ប្រពន្ធ ពាក្យ​នោះ​ទន់​គួរ​ជាប់​ចិត្ត។ ២- មិន​មាន​មើលងាយ មិន​ជេរ​វាយ​ដោយ​អាណិត  ចេះ​ថ្នម​រក្សា​ចិត្ត ដោយ​អាណិត​នាង​ភរិយា។ ៣- មិន​បាន​ក្បត់​ចិត្ត ទៅ​ប្រព្រឹត្ត​ស្រី​នានា  តាម​ដោយ​ល្បែង​ពាលា ឱ្យ​​ភរិយា​ក្ដៅ​ក្រហាយ។ ៤- បាន​ប្រគល់​យស យ៉ាង​ខ្ពង់ខ្ពស់​ឱ្យ​​សប្បាយ  យស​ស្រី​ផង​ទាំងឡាយ គឺ​ខ្វល់ខ្វាយ​ជើង​ក្រាន​ឆ្នាំង។ ៥- ផ្គត់ផ្គង់​ប្រដាប់ មាន​សម្រាប់​យ៉ាង​សម្រាំង  គ្រឿង​អប់​គ្រឿង​តែងតាំង តាម​កម្លាំង​ធន​ខ្លួន​អើយ។

ច្បាប់​ភរិយា​ប្រតិបត្តិ​ស្វាមី ៥យ៉ាង

១- ចាត់​ចែង​ការងារ ឥត​រួញរា​ដោយ​ផ្ចិត​ផ្ចង់  បាយ​ព្រឹក​បាយ​ថ្ងៃ​ត្រង់ មិន​បង្អង់​ខុស​វេលា។ ២- ពួក​ញាតិ​ស្វាមី ទាំង​ប្រុស​ស្រី​ក្មេង​វុឌ្ឍា  សង្គ្រោះ​ស្មើ​មុខ​គ្នា ដូច​ញាតិកា​ខ្លួន​ស្មោះ​ស្មើ។ ៣- ចេះ​ថែទាំ​ទុក ទ្រព្យ​ដោយ​មុខ​តាម​ដំណើរ  ទ្រព្យ​អន់​ទ្រព្យ​ប្រសើរ ប្រសិន​បើ​ស្វាមី​ឱ្យ​។ ៤- មិន​បាន​ប្រព្រឹត្ត កន្លង​ចិត្ត​ស្វាមី​ឡើយ  ដោយ​ប្រុស​ដទៃ​ហើយ ដែល​នាំ​ឱ្យ​​កើត​អន់​អាក់។ ៥- ឈ្លាស​ព្រម​ក្នុង​ការ ហើយ​ឧស្សាហ៍​ធ្វើ​ឥត​ស្រាក  ជា​ស្រី​វៃ​គ្រប់​ថ្នាក់ មិន​មាន​ទាក់​ទើស​ទាល់​ឡើយ។

ច្បាប់​កុលបុត្រ​សង្គ្រោះ​មិត្រ ៥ យ៉ាង

១- ឱ្យ​​ទ្រព្យ​គួរ​ឱ្យ​ មិត្រ​ញយ​ៗដោយ​ចិត្ត​ជា  ឥត​មាន​គិត​រួញរា ស្រឡាញ់​គ្នា​ដោយ​ចិត្ត​ស្មោះ។ ២- បើ​ពោល​វាចា ពោល​ពាក្យ​ណា​ដែល​ពីរោះ  រាប់​រក​គ្នា​ឥត​ឈ្លោះ ហើយ​សង្គ្រោះ​រក្សា​ចិត្ត ៣- បាន​ធ្វើ​ប្រយោជន៍ តិច​យ៉ាង​ហោច​ឱ្យ​​ដល់​មិត្រ  បើ​មាន​ការ​ជួយ​គិត ឱ្យ​​តែ​មិត្រ​បាន​ប្រសើរ។ ៤- បាន​ធ្វើ​ខ្លួន​ប្រាណ ជា​អ្នក​មាន​ចិត្ត​ស្មោះស្មើ  មិន​មាន​ចិត្ត​សើវ៉ើ តាម​ដំណើរ​មិត្រ​កល្យាណ។ ៥- មិន​ក្លែង​កុហក ពាក្យ​អាក្រក់​កាច​សាមាន្យ  ឱ្យ​​មិត្រ​កើត​រំខាន នោះ​មិន​បាន​ពោល​សោះ​ឡើយ។

ច្បាប់​មិត្រ​ប្រតិបត្តិ​កុលបុត្រ ៥ យ៉ាង

១- កុលបុត្រ​ប្រមាទ មិន​សម្អាត​អង្គ​អាត្មា  ភ្លាត់​កាយ​ភ្លាត់​វាចា ជួយ​រក្សា​ក្ដី​វិបត្តិ។ ២- បាន​ជួយ​ការពារ ជួយ​រក្សា​ជួយ​ប្រយត្ន  បើ​ធ្វេស​ក្នុង​សម្បត្តិ ជួយ​ប្រយត្ន​យ៉ាង​មុះមុត។ ៣- បាន​ធ្វើ​ទីពឹង ជា​ពំនឹង​ដល់​កុលបុត្រ  គ្រា​មាន​ភ័យ​តក់ស្លុត មិន​រន្ធត់​រត់​ចោល​គ្នា។ ៤- មិន​បាន​លះបង់ យក​តែ​អង្គ​ឯក​អាត្មា  វិបត្តិ​ជួយ​រក្សា ក្នុង​គ្រា​ណា​ដែល​តក់ស្លុត។ ៥- រាប់អាន​កូន​ចៅ នូវ​អស់​ផៅពង្ស​កុលបុត្រ  ដោយ​ចិត្ត​ស្នេហា​ផុត ត្រកូល​បុត្រ​ឥត​សល់​ឡើយ។

ច្បាប់​ចៅហ្វាយនាយ​សង្គ្រោះ​ទាសកម្មករ ៥ យ៉ាង

១- ដាក់​មុខ​ការ​ឱ្យ​​ធ្វើ តាម​អំពើ​និង​កម្លាំង  លៃលក​តាម​ខ្សោយ​ខ្លាំង ហើយ​សឹម​តាំង​ឱ្យ​​ទទួល។ ២- ឱ្យ​​បាយ​អាហារ និង​ថ្លៃ​ការ​ដល់​ពួក​ឈ្នួល  មិន​បាន​កែ​កាច់​មួល ឱ្យ​​តាម​ជួល​ប្ដេជ្ញា​គ្នា។ ៣- បើ​មាន​ឈឺចាប់ ស្ទុះ​ប្រញាប់​ទៅ​ម្នីម្នា  ជួយ​មើល​ថែ​រោគា រក្សា​គ្នា​មិន​លះបង់។ ៤- បាន​ចែក​អាហារ ឆ្ងាញ់​ពិសា​ល្អ​ផ្ចិតផ្ចង់  បំពេញ​តាម​ចំណង់ គ្រប់​រូប​អង្គ​ឥត​រួញរា។ ៥- ឱ្យ​​ឱកាស​ឈប់ សម្រាក​គ្រប់​កាល​វេលា  គួរ​តាម​សម័យ​វា ដែល​មាន​ការ​ត្រូវ​ឈប់​អើយ។

ច្បាប់​ទាសកម្មករ​ប្រតិបត្តិ​ចៅហ្វាយនាយ ៥ យ៉ាង

១- ក្រោក​ឡើង​ខំ​ធ្វើ ការ​អំពើ​ផង​នានា  មិន​បាច់​ចាំ​តឿន​ថា ទៅ​ធ្វើការ​ក៏​មុន​នាយ។ ២- ពេល​ឈប់​ធ្វើការ រាល់​វេលា​ក្រោយ​ចៅហ្វាយ  របស់​ផង​ទាំងឡាយ ចេះ​ខ្វល់ខ្វាយ​យក​ទុក​ដាក់។ ៣- យក​តែ​ទ្រព្យ​ណា នាយ​អាត្មា​ឱ្យ​​ស្មោះស្មគ្រ  មិន​បាន​យក​លួចលាក់ នាំ​ឱ្យ​​ទាក់​កើត​ទោស​ទុក្ខ។ ៤- បើ​ធ្វើការ​ណា ចិត្ត​ឧស្សាហ៍​ចង់​បាន​សុខ  ផ្ចិតផ្ចង់​ប្រឹង​ពេញ​មុខ យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ។ ៥- បាន​នាំ​គុណ​នាយ ទៅ​ទី​ឆ្ងាយ​ពោល​វាចា  សរសើរ​នាយ​អាត្មា ប្រាប់​គេ​ថា​ល្អ​ណាស់​អើយ។

ច្បាប់​សមណព្រាហ្មណ៍​សង្គ្រោះ​គ្រហស្ថ ៦ យ៉ាង

១- កាល​ណា​ជា​បាប ត្រូវ​ប្រាម​ប្រាប់​ហាម​គ្រប់​មុខ  ព្រោះ​ជា​កម្ម​នាំ​ទុក្ខ តទៅ​មុខ​មាន​វេរា។ ២- ការ​ជា​កុសល ជួយ​នាំ​ផ្ដល់​ផ្ដើម​សទ្ធា  សាង​ទាន​សីល​ភាវនា ដើម្បី​ជា​ទីពឹង​ប្រាណ។ ៣- បាន​ជួយ​សង្គ្រោះ ចិត្ត​ចំពោះ​ធម៌​កល្យាណ  មិន​ធ្វើ​ឱ្យ​​រំខាន ជួយ​ប្រោស​ប្រាណ​ដោយ​ស្មោះសរ។ ៤- បើ​មិន​ដែល​ស្ដាប់ នូវ​សូរសព្ទ​ធម៌​បវរ  ដឹកនាំ​ឱ្យ​​ស្ដាប់​ធម៌ ណា​ដែល​ល្អ​ប្រសើរ​គាប់។ ៥- ជួយ​ប្រាប់​ពន្យល់ ធម៌​ដែល​ឆ្ងល់​ឱ្យ​​យល់​ឆាប់  ធម៌​ណា​ដែល​ធ្លាប់​ស្គាល់ ក៏​ជួយ​ប្រាប់​ឱ្យ​​យល់​ឆ្ងាយ។ ៦- ជួយ​ប្រាប់​ផ្លូវ​ធម៌ ណា​ដែល​ល្អ​កើត​សប្បាយ  ឱ្យ​​បាន​ជន​ទាំងឡាយ ស្ដាប់​បរិយាយ​នៃ​ខ្លួន​អើយ។

ច្បាប់​គ្រហស្ថ​ប្រតិបត្តិ​សមណព្រាហ្មណ៍ ៥ យ៉ាង

១- មាន​កាយ​កម្ម ប្រកប​ព្រម​ដោយ​មេត្តា  បាន​យក​កាយ​អាត្មា ជួយ​ធ្វើការ​ជា​ប្រក្រតី។ ២- មាន​វចីកម្ម ប្រកប​ព្រម​ដោយ​មេត្រី  បើ​ពោល​ពាក្យ​សម្ដី គួរ​គប្បី​កើត​ស្នេហា។ ៣- មាន​មនោ​កម្ម ប្រកប​ព្រម​ដោយ​មេត្តា  តាំង​នៅ​ក្នុង​ចិន្ដា តែង​ជ្រះថ្លា​ក្រាប​សំពះ។ ៤- មាន​ចិត្ត​សទ្ធា មិន​បិទ​ទ្វារ​បង្អួច​ផ្ទះ  ធនធាន​មាន​ហើយ​លះ ដោយ​ចិត្ត​ជ្រះថ្លា​ធ្វើ​ទាន។ ៥- ឧបត្ថម្ភ​ទុក គ្រឿង​គ្រប់​មុខ​ការ​ស្រេកឃ្លាន  អាមិស​ដែល​ខ្លួន​មាន លះ​ធ្វើ​ទាន​ឥត​អាក់​ឡើយ។

មិត្តា​មិត្ត​កថា

សម្ដែង​អំពី​បាប​មិត្រ គឺ​មិត្រ​អាក្រក់ និង​កល្យាណ​មិត្រ គឺ​មិត្រ​ល្អ ឯ​បាប​មិត្រ មិត្រ​អាក្រក់​នោះ គោល​ដើម​មាន ៤ ពួក​ដូច្នេះ

បទ​ពាក្យ​ប្រាំពីរ

១- មិត្រ​គិត​តែ​ពី​ចង់​បាន របស់​ធនធាន​អំពី​មិត្រ  ប្រយោជន៍​ខ្លួន​ឯង​ចេះ​តែ​គិត ប្រយោជន៍​ខាង​មិត្រ​ឱ្យ​​ខាត​បង់។ ២- មិត្រ​ល្អ​ត្រឹម​តែ​វាចា បើ​ពោល​ពាក្យ​ណា​ឥត​ពិត​ត្រង់  មាត់​ឱ្យ​​ទ្រព្យ​ចិត្ត​ឥត​ចង់ គេច​កែ​អែអង់​ឥត​បាន​ឱ្យ​។ ៣- មិត្រ​បាន​ខាង​តែ​អែបអប ប៉ុន​និយាយ​ប្រប​បណ្ដោយ  ប្រចុប​ឱ្យ​​មិត្ត​មាន​ថ្លោះធ្លោយ ធ្លាក់​យស​សក្ដិ​ដោយ​សម្ដី​ខ្លួន។ ៤- មិត្រ​នាំ​ឱ្យ​​កើត​អន្តរាយ ទ្រព្យធន​ទាំងឡាយ​បង់​ផ្ទួន  វិនាស​ត្រឹម​ទ្រព្យ​ឬ​ដល់​ខ្លួន ដោយ​ក្ដី​ចួបចួន​គប់​មិត្រ​បាប។  មិត្រ ៤ ពួក​នេះ​មិន​មែន​មិត្រ ត្រូវ​កុំ​នៅ​ជិត​ជា​ដរាប  តែ​ចូល​ទៅ​ជិត​នឹង​ជាប់​បាប ខ្លួន​នឹង​ដុនដាប​អន្តរធាន។

បាប​មិត្រ ៤ ពួក​នេះ ក្នុង​មិត្រ​មួយ​ៗ ចែក​ជា​បួន ៗ តទៅទៀត

ក- មិត្រ​គិត​តែ​ពី​ចង់​បាន​មាន ៤ ពួក​គឺ

១- មិត្រ​គិត​តែ​ពី​ចង់​បាន ប្រយោជន៍​ផ្ទាល់​ប្រាណ​គេ​ឥត​គិត ២- ឱ្យ​​តិច​យក​ច្រើន​អំពី​មិត្រ ដោយ​មាន​គំនិត​គិត​រុកកួន។ ៣- បើ​មាន​ភ័យ​ទើប​ចេញ​មុខ ជួយ​ការ​មិត្រ​ទុក​ឱ្យ​​ជួយ​ខ្លួន ៤- មក​ជា​មិត្រ​គិត​រុកកួន រក​ប្រយោជន៍​ខ្លួន​ឱ្យ​​បាន​ច្រើន។  មិត្រ ៤ ពួក​នេះ​មិត្រ​ចង់​បាន រក​ប្រយោជន៍​ផ្ទាល់​ប្រាណ​ឥត​ចម្រើន​  ចូរ​ចាំ​ភាសិត​ច្រើន​ក្រវើន រំឭក​ដាស់តឿន​កុំ​ភ្លេច​ឡើយ។

ខ- មិត្រ​ល្អ​ត្រឹម​តែ​វាចា​មាន ៤ ពួក គឺ

១- ចួប​មុខ​មិត្រ​ពោល​វាចា ថា​ខ្លួន​ប្រាថ្នា​ឱ្យ​​របស់ ២- ពោល​តែ​មាត់​ឥត​សប្បុរស ថា​ឆ្នាំ​នេះ​អស់​ចាំ​ឆ្នាំ​ក្រោយ។ ៣- បើ​មិត្រ​ធ្វើ​ធ្វើ​អំពី​ណា ក៏​ពោល​វាចា​ចាក់​បណ្ដោយ ៤- ល្អ​នូវ​មុខ​អាក្រក់​ក្រោយ មិត្រ​នេះ​នាំ​ធ្លោយថ្លោះ​អស់​ខ្លួន។  មិត្រ​ទាំង ៤ នេះ​ល្អ​តែ​មាត់ ចិត្ត​ឥត​ទៀងទាត់​អត់​ក្ដី​ស្ងួន  កុំ​ទៅ​សេពគប់​នៅ​ចួបចួន នាំ​ឱ្យ​​ថ្លោះ​ខ្លួន​ខូច​អសារ។

គ- មិត្រ​បាន​ខាង​ឯ​អែបអប​មាន ៤ ពួក​គឺ

១- បើ​មិត្រ​ធ្វើ​អំពើ​បាប ក៏​ព្រម​ហើយ​ប្រាប់​ថា​ត្រូវ​ហើយ ២- បើ​ធ្វើ​បុណ្យ​ជា​តោះតើយ ក៏​ថា​ល្អ​ហើយ​ហើយ​ត្រូវ​ធ្វើ​ទៅ។ ៣- សរសើរ​គុណ​មិត្រ​ទៅ​មុខ ធ្វើ​ហាក់​រួម​ទុក្ខ​សុខ​ពេក​កូវ ៤- និយាយ​ដើម​កេរ្តិ៍​អាស្រូវ ក្នុង​ពេល​មិត្រ​ទៅ​បាត់​ពី​មុខ។  មិត្រ​ទាំង ៤ នេះ មិន​មែន​មិត្រ កុំ​ឈម​ឈរ​ជិត​នាំ​មាន​ទុក្ខ  មាន​ទោស​ដល់​ខ្លួន​ឥត​បាន​សុខ ប្រៀប​ដូច​ជា​ជ្រាំ​ផុក​ត្រូវ​វៀរ​ចេញ។

កល្យាណ​មិត្រ មិត្រ​ល្អ​គោល​ដើម​មាន ៤ ពួក

បទ​ពាក្យ​ប្រាំពីរ

១- មិត្រ​មាន​ឧបការៈ គឺ​មិត្រ​ជា​អ្នក​ជួយ​ឧបត្ថម្ភ  បើ​ខ្លួន​ភ្លាត់ភ្លាំង​ក្នុង​បាប​កម្ម រំឭក​ឱ្យ​​ចាំ​ដាក់​ឡើង​បាន។ ២- មិត្រ​រួបរួម​ក្ដី​សុខ​ទុក្ខ គឺ​មិត្រ​ចេញ​មុខ​មក​ផ្ទាល់​ប្រាណ  ជួយ​រក្សា​ខ្លួន​សព្វ​ភូមិឋាន ហៅ​មិត្រ​កល្យាណ​រក​បាន​ក្រ។ ៣- មិត្រ​ណែនាំ​ប្រាប់​ប្រយោជន៍ ច្រើន​តិច​ដោយ​ហោច​ឱ្យ​​តែ​ល្អ  ប្រយោជន៍​ផ្លូវ​លោក​ឬ​ផ្លូវ​ធម៌ មិត្រ​នេះ​រក​ក្រ​កំដរ​ខ្លួន។ ៤- មិត្រ​មាន​ក្ដី​អនុគ្រោះ ចិត្ត​ស្មោះ​ចំពោះ​ពេញ​ចំនួន  បាន​ជួយ​ស្រោច​ស្រង់​សង្គ្រោះ​ខ្លួន មិត្រ​មាន​ក្ដី​ស្ងួន​យ៉ាង​ចំណាប់។  មិត្រ ៤ ពួក​នេះ​ចំណាន​ល្អ ត្រឹម​ត្រូវ​តាម​ធម៌​មិត្រ​ពេញ​ច្បាប់  បើ​មាន​ទីណា​គួរ​ប្រញាប់ យក​ជា​មិត្រ​ឆាប់​កុំ​ខាន​ឡើយ។

កល្យាណ​មិត្រ ៤ ពួក

ក- ក្នុង​មិត្រ​មួយ ៗ ចែក​ជា​បួន​ៗ ត​ទៅ​ទៀត

១- បើ​ឃើញ​មិត្រ​ភ្លាត់ភ្លាំង​កាយ ចូល​មក​ខ្វល់ខ្វាយ​ថែរក្សា ២- បើ​មិត្រ​ធ្វេស​ក្នុង​ទ្រព្យ​ណា នោះ​ជួយ​រក្សា​ទ្រព្យ​មិត្រ​ឱ្យ​។ ៣- បើ​មិត្រ​មាន​ភ័យ​តក់ស្លុត ក៏​មិន​បាន​រត់​ចោល​គ្នា​ឡើយ ៤- មិត្រ​ត្រូវ​ការ​រក​ទ្រព្យ​ហើយ គ្មាន​គេច​កែ​ឡើយ​យក​ឱ្យ​​មិត្រ។  មិត្រ​ទាំង ៤ នេះ មិត្រ​ប្រសើរ មាន​ហើយ​គួរ​ដើរ​ចូល​ទៅ​ជិត  រាប់អាន​ស្រឡាញ់​គ្នា​យ៉ាង​ស្និទ្ធ យក​ធ្វើ​ជា​មិត្រ​កុំ​ខាន​ឡើយ។

ខ- មិត្រ​រួបរួម​ក្ដី​សុខ​ទុក្ខ​មាន ៤ ពួក​គឺ

១- ប្រាប់​ការ​ណា​កំបាំង​ជិត ដល់​ជន​ជា​មិត្រ​ឱ្យ​​ដឹង​ដាន ២- បិទ​ការ​ណា​ដែល​មិត្រ​បាន ប្រាប់​ដល់​ខ្លួន​ប្រាណ​ប្រុង​ការពារ។ ៣- បើ​ការ​ក្រ​មាន​ដល់​មិត្រ មិន​មាន​គំនិត​លះបង់​គ្នា ៤- បាន​ចេញ​មុខ​ជួយ​ការពារ ប្ដូរ​សាច់​ឈាម​គ្នា​ប្រយោជន៍​មិត្រ។  មិត្រ​ទាំង ៤ នេះ​មិត្រ​មាំមួន គួរ​នឹង​ប្ដូរ​ខ្លួន​ប្ដូរ​ជីវិត  យក​ធ្វើ​ជា​មិត្រ​យ៉ាង​ជិតស្និទ្ធ ថែរក្សា​ចិត្ត​គ្នា​ទៅ​ហោង។

គ- មិត្រ​ណែនាំ​ប្រាប់​ប្រយោជន៍​មាន ៤ ពួក​គឺ

១- ហាម​មិត្រ​ខ្លួន​មិន​ឱ្យ​​ធ្វើ នូវ​កម្ម​អំពើ​ជា​វេរា ២- នាំ​ឱ្យ​​ធ្វើ​បុណ្យ​នានា ដែល​ជា​អំពើ​បុណ្យ​កុសល។ ៣- បាន​នាំ​ស្ដាប់​ធម៌​ទេសនា ដែល​មិត្ត​អាត្មា​មិន​ដែល​ស្គាល់ ៤- ប្រាប់​ផ្លូវ​សួគ៌​ផ្លូវ​មគ្គផល ឱ្យ​​បាន​ដឹង​ដល់​ពួក​មិត្រ​នោះ។  មិត្រ​ទាំង ៤ នេះ មិត្រ​ថ្លាថ្លៃ មិត្រ​ប្រសើរ​ក្រៃ​ជួយ​សង្រ្គោះ  ណែនាំ​ប្រយោជន៍​យ៉ាង​ខ្ពង់​ខ្ពស់ គួរ​សេពគប់​មិត្រ​នោះ​កុំ​ខាន​ឡើយ។

ឃ- មិត្រ​មាន​សេចក្ដី​អនុគ្រោះ​មាន ៤ ពួក​គឺ

១- ឮ​ថា​មិត្រ​ចង់​របស់ ចិត្ត​គ្មាន​សោមនស្ស​ត្រេកអរ​ឡើយ ២- ឮ​ថា​មិត្រ​ចម្រើន​​ហើយ ចិត្ត​គ្មាន​កន្តើយ​ជួយ​ត្រេកអរ។ ៣- បាន​ហាម​មនុស្ស​ថ្លែង​ទោស​មិត្រ មិន​ឱ្យ​​ប្រព្រឹត្ត​និយាយ​ត ៤- សរសើរ​គេ​ថា​ចិត្ត​ល្អ ដែល​ឮ​គេ​សរសើរ​គុណ​មិត្រ។  មិត្រ​ទាំង ៤ នេះ​មាន​សង្គ្រោះ គួរ​ស្មោះ​ចំពោះ​អស់​ពី​ចិត្ត  ត្រូវ​ចង​ស្នេហា​ឱ្យ​​បាន​ស្និទ្ធ យក​ធ្វើ​ជា​មិត្រ​តទៅ​ហោង។

អបាយមុខ ធម៌​ជា​ប្រធាន​នៃ​សេចក្ដី​វិនាស ៦ យ៉ាង

បទ​ពាក្យ​ប្រាំពីរ

១- ផឹក​សុរា​ឬ​មេរ័យ រឿយ​ៗសព្វ​ថ្ងៃ​ដែល​ជា​បាទ  ជា​ហេតុ​ទីតាំង​ក្ដី​ប្រមាទ នាំ​ឱ្យ​​មិន​ស្អាត​កើត​​ឧប​ទ្រព។ ២- ដើរ​លេង​យប់​គ្រប់​កន្លែង ស្វះស្វែង​ខ្នះខ្នែង​ដើរ​ឥត​ឈប់  តាម​ដោយ​ច្រកល្ហក​វេលា​យប់ នាំ​ខ្លួន​ឧប​ទ្រព្យ​កើត​សៅហ្មង។ ៣- ដើរ​មើល​ល្បែង​មហោស្រព នាំ​ឱ្យ​​ខាត​ទ្រព្យ​ខូច​ចិត្ត​ផង  ចូរ​មើល​ល្បែង​តែង​សៅហ្មង កើត​ទោស​ទុក្ខ​ផង​ដល់​អាត្មា។ ៤- បាន​លេង​ល្បែង​ភ្នាល់​ស៊ីសង នាំ​ចិត្ត​មួហ្មង​កើត​វេរា  ដោយ​ទោស​ព្រោះ​លេង​ល្បែង​នានាជា​ហេតុ​ពាធា​គ្នា​ទៅ​មុខ។ ៥- សេពគប់​តែ​នឹង​មិត្រ​បាប ដែល​នាំ​ដុនដាប​អង្គ​ឱ្យ​​ទុក្ខ  ឱ្យ​​ទោស​ច្រើន​ក្រៃ​ត​ទៅ​មុខ ពុំ​ដែល​បាន​សុខ​ខ្លួន​សោះ​ឡើយ។ ៦- ប្រកប​ខ្លួន​ក្នុង​ក្ដី​ខ្ជិល ជា​ហេតុ​រេចរឹល​គ្រប់​មុខ​ហើយ  បាន​ទុក្ខ​រោលរាល​ឥត​មាន​ស្បើយ មិន​គួរ​ត្រេក​ឡើយ​ផ្លូវ​អបាយ។

អបាយ​មុខ គោល​ដើម ៦ នេះ

ក្នុង​អបាយ​មុខ​មួយ ៗ ចែក​ជា​ប្រាំមួយ ៗ ត​ទៅ​ទៀត

ក- ផឹក​សុរា​ឬ​មេរ័យ​មាន​ទោស ៦ យ៉ាង

១- វិនាស​អស់​ទ្រព្យ​ធនធាន អ្នក​ផឹក​ស្រា​បាន​ឃើញ​ភ្នែក​ឯង ២- កើត​ប្រកែក​ឈ្លោះ​ទាស់​ទែង ចម្រើន​​ច្រើន​ស្ដែង​ជា​អនេក។ ៣- បណ្ដាល​ជា​រោគ​នានា មាន​កើត​ឡើង​ជា​ងងឹត​ភ្នែក ៤- កើត​និន្ទា​ជា​អនេក គេ​ត្មះ​តាម​ភ្នែក​គេ​ឃើញ​នោះ។ ៥- កេរ្តិ៍​ខ្មាស​ដែល​ខ្លួន​ធ្លាប់​លាក់ ក៏​បង្ហាញ​ជាក់​ភ្នែក​គេ​ស្មោះ ៦- កម្លាំង​ប្រាជ្ញា​ថមថយ​អស់ នេះ​ទោស​របស់​អ្នក​ផឹក​ស្រា។

ខ- ដើរ​លេង​យប់​គ្រប់​កន្លែង មាន​ទោស ៦ យ៉ាង

១- អ្នក​ដែល​ដើរ​លេង​ខុស​កាល មិន​បាន​អភិបាល​ខ្លួន​អាត្មា ២- អ្នក​ដើរ​លេង​ខុស​វេលា បុត្ត​ភរិយា​ខាន​គ្រប់គ្រង។ ៣- មិន​បាន​ថែរក្សា​ទ្រព្យ នាំ​ឱ្យ​​អភព្វ​កើត​សៅហ្មង ៤- គេ​រង្កៀស​នឹង​ខ្លួន​ផង នាំ​មាន​សៅហ្មង​ច្រើន​ប្រការ។ ៥- ពោល​ពាក្យ​ក្លែង​បង្កាច់​ខ្លួន ប្រកាន់​តាម​ចួន​មាន​ហេតុ​ណា ៦- មាន​ទោស​ច្រើន​ប្រការ ព្រោះ​តែ​អាត្មា​ដើរ​លេង​យប់។

គ- ដើរ​មើល​ល្បែង​មហោស្រព មាន​ទោស ៦ យ៉ាង

១- មាន​លេង​ល្បែង​រាំ​ទីណា ខំ​ត្រាច់​យាត្រា​ទៅ​ទីនោះ ២- នឹង​ស្វះស្វែង​ដើរ​ចំពោះ ទៅ​ទីណា​នោះ​មាន​ចម្រៀង។ ៣- មាន​ប្រគំ​កូត​ទីណា ត្រាច់​ចរ​យាត្រា​ទៅ​ទីនោះ ៤- មាន​រឿង​ព្រេង​ស្វែង​ចំពោះ ទៅ​ទីណា​នោះ​ស្ដាប់​រឿង​ព្រេង។ ៥- ចម្រៀង​ទះ​ដៃ​ទីណា នោះ​ត្រាច់​យាត្រា​ទៅ​មើល​លេង ៦- បើ​ឮ​សូរសព្ទ​ភ្លេង គេ​លេង​ទីណា​ទៅ​ទីនោះ។

ឃ- លេង​ល្បែង​ភ្នាល់​ស៊ី​សង មាន​ទោស ៦ ប្រការ

១- អ្នក​ឈ្នះ​ល្បែង​តែង​អូស​យក ទ្រព្យធន​គេ​មក​ឥត​កោត​ក្រែង ២- អ្នក​លេង​ចាញ់​លង់​ក្នុង​ល្បែង នោះ​នឹង​ស្វះស្វែង​ចង​ពៀរ​ទុក។ ៣- វិនាស​អស់​ទ្រព្យធន អ្នក​លេង​គង់​គន់​ឃើញ​មុខ ៤- ពាក្យ​អ្នក​លេង​គេ​មិន​ទុក ចិត្ត​យក​ជា​មុខ​ស្មរ​បន្ទាល់។ ៥- មិត្រ​ដែល​គេ​មិន​លេង​ល្បែង គេ​លះ​បង់​ឯង​លែង​ធ្វើ​ស្គាល់ ៦- ពួក​អ្នក​លេង​ល្បែង​ភ្នាល់ លុះ​ដល់​ខ្លួន​ទាល់​ហ៊ាន​លួច​លាក់។

ង- សេពគប់​តែ​នឹង​មិត្រ​បាប មាន​ទោស ៦ យ៉ាង

១- អ្នក​លេង​ល្បែង​ស៊ី​សង ចូល​ចិត្ត​តែ​ចង​មិត្រ​ពួក​ល្បែង ២- អ្នក​ល្បែង​ស្រី​រក​គ្នា​ឯង ជា​អ្នក​លេង​ល្បែង​ស្រី​ដូច​គ្នា។ ៣- ពួក​អ្នក​លេង​ល្បែង​ស៊ី​ផឹក គប់​រក​ប្រមឹក​ស្រា​ពាលា ៤- ពួក​ឆបោក​ជន​នានា គប់​រាប់​រក​គ្នា​អ្នក​បោក​ក្លែង។ ៥- អ្នក​ក្លែង​បោក​ចំពោះ​មុខ យក​ចិត្ត​ទុក​ដាក់​នឹង​គ្នា​ឯង ៦- អ្នក​ឆក់​យក​ទ្រព្យ​ស្ដែង ខិត​ខំ​ស្នះស្នែង​គប់​រក​គ្នា។

ច- ប្រកប​ខ្លួន​ក្នុង​ក្ដី​ខ្ជិល មាន​ទោស ៦ យ៉ាង

១- មិន​ធ្វើការ​ដោយ​អាង​ថា ពេល​នេះ​រងា​ខ្លាំង​ពេក​ណាស់ ២- បើ​ថ្ងៃ​ក្ដៅ​មេឃ​ស្រឡះ ក៏​ថា​ក្ដី​ណាស់​ត្រូវ​តែ​ឈប់។ ៣- ថា​ពេល​នេះ​ល្ងាច​ពេក​ហើយ កុំ​អាល​ធ្វើ​ឡើយ​ក្រែង​លោ​យប់ ៤- ថា​ព្រឹក​ពេក​បង្អង់​ឈប់ ចាំ​ល្ងាច​ព្រលប់​សឹម​បង្ហើយ។ ៥- ថា​ឃ្លាន​ពេក​ត្រូវ​ស៊ី​សិន ឥឡូវ​បាយ​ឆ្អិន​កុំ​រាន់​ឡើយ ៦- ស្រេក​ពេក​ចាំ​ផឹក​ហើយ កុំ​ប្រញាប់​ឡើយ​ធ្វើការ​នេះ។

ចប់​អបាយមុខ ៦ ប្រការ​ប៉ុណ្ណោះ។

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៤៤

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments