អានណ្យសូត្រ – សុខរបស់គ្រហស្ត ៤ យ៉ាង

នានា​សូត្រ

គ្រានោះ​ឯង​ ​អនាថបិណ្ឌិក​គហបតី​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​អនាថបិណ្ឌិក​គហបតី​ ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​គហបតី​ ​គិហិ​សុខ​ ​(​សុខ​របស់​គ្រហស្ថ​)​ ​នេះ​ ​មាន​ ​៤​ ​យ៉ាង​ ​ដែល​គ្រហស្ថ​ ​អ្នក​បរិភោគ​កាម​ ​អាស្រ័យ​នូវ​កាល​តាមកាល​ ​នូវ​សម័យ​តាមសម័យ​ ​គប្បី​បានសម្រេច​។​ ​សេចក្តី​សុខ​ ​៤​ ​ប្រការ​ ​ដូចម្តេច​ខ្លះ​។​ ​គឺ​ អ​ត្ថិ​សុខ​ ​(​សុខ​ព្រោះ​ចេះតែ​មាន​)​ ​១​ ​ភោគ​សុខ​ ​(​សុខ​ព្រោះ​ចេះ​ប្រើប្រាស់​)​ ​១​ ​អន​ណ​សុខ​ ​(​សុខ​ព្រោះ​មិន​ជំពាក់បំណុល​គេ​)​ ​១​ ​អនវជ្ជ​សុខ​ ​(​សុខ​ព្រោះ​មិន​មានទោស​)​ ​១​។​ ​ម្នាល​គហបតី​ ​ចុះ​អ​ត្ថិ​សុខ​ ​តើ​ដូចម្តេច​។​ ​ម្នាល​គហបតី​ ​កុលបុត្រ​ក្នុង​លោក​នេះ​ ​មាន​ភោគៈ​ ​ដែល​បាន​មក​ ​ដោយ​ព្យាយាម​ ​ពោល​គឺ​ ​សេចក្តី​ខ្នះខ្នែង​ ​ដែល​សន្សំ​បាន​មក​ ​ដោយ​កម្លាំង​ដៃ​ ​មាន​ញើស​ហូរចេញ​ ​ជា​ភោគៈ​ប្រកបដោយ​ធម៌​ ​បាន​មក​ដោយ​ធម៌​ ​កុលបុត្រ​នោះ​ ​រមែង​បាន​សុខ​ ​រមែង​បាន​សោមនស្ស​ថា​ ​ភោគៈ​ទាំងឡាយ​ ​ដែល​បាន​មក​ដោយ​ព្យាយាម​ ​ពោល​គឺ​ ​សេចក្តី​ខ្នះខ្នែង​ ​ដែល​សន្សំ​បាន​មក​ ​ដោយ​កម្លាំង​ដៃ​ ​មាន​ញើស​ហូរចេញ​ ​ជា​ភោគៈ​ប្រកបដោយ​ធម៌​ ​បាន​មក​ដោយ​ធម៌​ ​របស់​អាត្មាអញ​ ​មាន​។​ ​ម្នាល​គហបតី​ ​នេះ​ហៅថា​ ​អ​ត្ថិ​សុខ​។​ ​ម្នាល​គហបតី​ ​ចុះ​ភោគ​សុខ​ ​តើ​ដូចម្តេច​។​ ​ម្នាល​គហបតី​ ​កុលបុត្រ​ក្នុង​លោក​នេះ​ ​ប្រើប្រាស់​ ​នូវ​ភោគៈ​ទាំងឡាយ​ផង​ ​ធ្វើបុណ្យ​ទាំងឡាយ​ផង​ ​ដោយ​ភោគៈ​ទាំងឡាយ​ ​ដែល​បាន​មក​ដោយ​ព្យាយាម​ ​ពោល​គឺ​ ​សេចក្តី​ខ្នះខ្នែង​ ​ដែល​សន្សំ​បាន​មក​ដោយ​កម្លាំង​ដៃ​ ​មាន​ញើស​ហូរចេញ​ ​ជា​ភោគៈ​ ​ប្រកបដោយ​ធម៌​ ​បាន​មក​ដោយ​ធម៌​ ​កុលបុត្រ​នោះ​ ​រមែង​បាន​សុខ​ ​បាន​សោមនស្ស​ដូច្នេះ​ថា​ ​អាត្មាអញ​ប្រើប្រាស់​ភោគៈ​ទាំងឡាយ​ផង​ ​ធ្វើបុណ្យ​ទាំងឡាយ​ផង​ ​ដោយ​ភោគៈ​ទាំងឡាយ​ ​ដែល​បាន​មក​ដោយ​ព្យាយាម​ ​ពោល​គឺ​ ​សេចក្តី​ខ្នះខ្នែង​ ​ដែល​សន្សំ​បាន​មក​ ​ដោយ​កម្លាំង​ដៃ​ ​មាន​ញើស​ហូរចេញ​ ​ប្រកបដោយ​ធម៌​ ​បាន​មក​ដោយ​ធម៌​។​ ​ម្នាល​គហបតី​ ​នេះ​ហៅថា​ ​ភោគ​សុខ​។​ ​ម្នាល​គហបតី​ ​ចុះ​អន​ណ​សុខ​ ​តើ​ដូចម្តេច​។​ ​ម្នាល​គហបតី​ ​កុលបុត្រ​ក្នុង​លោក​នេះ​ ​មិន​ជំពាក់បំណុល​អ្វីមួយ​ ​តិច​ក្តី​ ​ច្រើន​ក្តី​ ​របស់​បុគ្គល​ណាមួយ​ ​កុលបុត្រ​នោះ​ ​រមែង​បាន​សេចក្តី​សុខ​ ​បាន​សោមនស្ស​ ​ដូច្នេះ​ថា​ ​អាត្មាអញ​ ​មិន​ជំពាក់បំណុល​អ្វីមួយ​ ​តិច​ក្តី​ ​ច្រើន​ក្តី​ ​របស់​បុគ្គល​ណាមួយ​ទេ​។​ ​ម្នាល​គហបតី​ ​នេះ​ហៅថា​ ​អន​ណ​សុខ​។​ ​ម្នាល​គហបតី​ ​ចុះ​អនវជ្ជ​សុខ​ ​តើ​ដូចម្តេច​។​ ​ម្នាល​គហបតី​ ​អរិយ​សាវក​ ​ក្នុង​សាសនា​នេះ​ ​អ្នក​ប្រកបដោយ​កាយ​កម្ម​ ​ឥតមាន​ទោស​ ​ប្រកបដោយ​វចីកម្ម​ ​ឥតមាន​ទោស​ ​ប្រកបដោយ​មនោ​កម្ម​ ​ឥតមាន​ទោស​ ​អរិយ​សាវក​នោះ​ ​រមែង​បាន​ ​សុខ​ ​បាន​សោមនស្ស​ ​ដូច្នេះ​ថា​ ​អាត្មាអញ​ ​ប្រកបដោយ​កាយ​កម្ម​ ​ឥតមាន​ទោស​ទេ​ ​ប្រកបដោយ​វចីកម្ម​ ​ឥតមាន​ទោស​ទេ​ ​ប្រកបដោយ​មនោ​កម្ម​ ​ឥតមាន​ទោស​ទេ​។​ ​ម្នាល​គហបតី​ ​នេះ​ហៅថា​ ​អនវជ្ជ​សុខ​។​ ​ម្នាល​គហបតី​ ​សេចក្តី​សុខ​ ​៤​ ​យ៉ាងនេះ​ឯង​ ​ដែល​គ្រហស្ថ​អ្នក​បរិភោគ​កាម​ ​អាស្រ័យ​នូវ​កាល​តាមកាល​ ​នូវ​សម័យ​តាមសម័យ​ ​ហើយ​គប្បី​បានសម្រេច​ ​ដោយ​ប្រការ​ដូច្នេះ​។​

​បុគ្គល​ដឹង​នូវ​សុខ​ ​ដែល​មិន​មាន​បំណុល​ក្តី​ ​រលឹក​ឃើញ​ ​នូវ​សុខ​ ​ដែល​មាន​ភោគៈ​ក្តី​ ​ពិចារណា​ឃើញ​នូវ​សុខ​ ​ដែល​កំពុង​ប្រើប្រាស់​នូវ​ភោគៈ​ ​ដោយ​ប្រាជ្ញា​ក្តី​ ​កាល​ពិចារណា​ឃើញច្បាស់​ ​រមែង​ដឹង​នូវ​ចំណែក​ទាំងពីរ​ ​ដោយ​ប្រាជ្ញា​ដ៏​ប្រពៃ​ថា​ ​សុខ​ ​(​ទាំង​ ​៣​)​ ​នុ៎ះ​ ​មិនដល់​នូវ​ចំណែក​មួយ​ ​ក្នុង​ចំណែក​ទី​ ​១៦​ ​របស់​អនវជ្ជ​សុខ​ឡើយ​។​

ប្រភព ៖ សុត្តន្តបិដក លេខ៤២ ទំព័រ១៧០

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Oldest
Newest Most Voted
Inline Feedbacks
View all comments