គារវកថា

សារវន្តកថា

សូមថ្វាយបង្គំចំពោះព្រះរតនត្រ័យ មានព្រះពុទ្ធជាដើម ដោយទ្វារទាំង ៣ គឺ កាយទ្វារ ១ វចីទ្វារ ១ មនោទ្វារ ១។

សូមពណ៌នាអំពីគារវៈ ដែលមានមកក្នុងគម្ពីរអង្គុត្តរនិកាយ ដូចសេចក្ដីតទៅនេះ ៖

គារវៈនោះមាន ៦ យ៉ាង គឺ ៖

១- ពុទ្ធគារវតា  គោរពក្នុងព្រះពុទ្ធ

២- ធម្មាគារវតា គោរពក្នុងព្រះធម៌

៣- សង្ឃគារវតា គោរពក្នុងព្រះសង្ឃ

៤- សិក្ខាគារវតា គោរពក្នុងសិក្ខា គឺការសិក្សារៀនសូត្រ

៥- អប្បមាទគារវតា គោរពក្នុងសេចក្ដីមិនប្រមាទ

៦- បដិសណ្ឋារគារវតា គោរពក្នុងបដិសណ្ឋារៈ

សេចក្ដីអធិប្បាយ

ទី ១ – ពុទ្ធគារវតា សេចក្ដីគោរពចំពោះព្រះពុទ្ធនោះ គឺការញ៉ាំងសទ្ធាសេចក្ដីជឿ និងបសាទៈ សេចក្ដីជ្រះថ្លាឱ្យកើតឡើងក្នុងព្រះពុទ្ធយ៉ាងជាក់ច្បាស់ ហើយសម្ដែងខ្លួនជាពុទ្ធមាមកៈ ជាអ្នករាប់អាននូវព្រះពុទ្ធជាម្ចាស់ គឺទទួលយកព្រះពុទ្ធអង្គជាទីពឹងរបស់ខ្លួនដោយត្រៃទ្វារ គឺ កាយ វចា ចិត្ត ហើយប្រតិបត្តិតាមសាសនា ដែលជាពាក្យប្រៀនប្រដៅរបស់ព្រះអង្គ ដោយសេចក្ដីគោរព តាំងចិត្តខ្ជាប់ថា ៖ ព្រះពុទ្ធជាអគ្គបុគ្គលប្រសើរលើសលុបក្នុងត្រៃភពគឺ  កាមភព រូបភព អរូបភព ព្រះអង្គជាសាស្ដាចារ្យនៃពពួកមនុស្ស ទេវតា មារ ព្រហ្មទាំងអស់ មិនតែប៉ុណ្ណោះទេ សូម្បីទេវតានៅឆកាមាវចរសួគ៌និងទេវតា នៅនាព្រហ្មលោក ក៏តែងគោរពព្រះពុទ្ធទាំងអស់ដែរ។ ការគោរពយ៉ាងនេះ ចាត់ជាគោរពក្នុងព្រះពុទ្ធម្យ៉ាង មួយយ៉ាងទៀតការរឭកដល់គុណព្រះពុទ្ធអង្គមានបទថា អរហំជាដើម និងពុទ្ធចរិយាឱ្យឃើញច្បាស់ដោយបញ្ញារបស់ខ្លួនដើម្បីបម្រុងសទ្ធានិងសេចក្ដីជ្រះថ្លាឱ្យចម្រើនច្រើនឡើងដោយលំដាប់ ហើយកាន់យកជាបែបផែន ដើម្បីអនុវត្តតាម ដូច្នេះក៏ចាត់ជាគោរពក្នុងព្រះពុទ្ធ។ មួយទៀត ការមិនយកព្រះនាមព្រះពុទ្ធមកប្រារព្ធលេង ដោយវោហារត្លុកកំប្លែង ដើម្បីសើចលេងសប្បាយ ដូច្នេះក៏ចាត់ជាគោរពក្នុងព្រះពុទ្ធអង្គដែរ។

ម្យ៉ាងទៀត ការចូលទៅកាន់បូជនីយដ្ឋាន ដែលជាទីប្រតិស្ឋានបូជនីយវត្ថុផ្សេងៗ ដូចព្រះស្តូប ព្រះពុទ្ធបដិមា ព្រះចេតិយ ដែលតម្កល់ព្រះសារីរិកធាតុ ហើយសម្ដែងសេចក្ដីគោរពកោតក្រែង បើពាក់មួកគប្បីដោះចេញ បើបាំងឆត្រគប្បីដោះចេញ បើពាក់ស្បែកជើងគប្បីដោះចេញ ធ្វើសក្ការបូជាដោយផ្កាឈើ ទៀន ធូប ឬក្រាបសំពះថ្វាយបង្គំ ដូច្នេះក៏ចាត់ជាគោរពក្នុងព្រះពុទ្ធអង្គដែរ។ ម្យ៉ាងទៀត ដោយហេតុដែលព្រះបរមសាស្ដាចារ្យ កាលជិតនឹងបរិនិព្វានបានត្រាស់ថា ម្នាលអានន្ទ ! ធម៌វិន័យដែលតថាគតសម្ដែងទុកហើយ បានបញ្ញត្តទុកហើយ ដល់អ្នកទាំងឡាយ លុះតថាគតបរិនិព្វានទៅហើយ ធម៌វិន័យនោះនឹងជាសាស្ដាចារ្យនៃអ្នកទាំងឡាយ។ ព្រោះហេតុនេះ ទើបឃើញថា ការគោរពក្នុងព្រះពុទ្ធអង្គក៏ជាប់ទាក់ដល់ការគោរពក្នុងព្រះធម៌នោះឯង។

ទី ២ – ធម្មគារវតា គោរពក្នុងព្រះធម៌នោះ បានដល់ការសិក្សារៀនសូត្រប្រតិបត្តិចម្រើនភាវនា ដោយមិនមានសេចក្ដីប្រមាទប្រហែសធ្វេសក្នុងការសិក្សា ប្រតិបត្តិចម្រើនភាវនានោះ ឈ្មោះថាសិក្សាប្រតិបត្តិចម្រើនភាវនាដោយគោរព។

ឯពាក្យថា ធម៌នោះតាមន័យព្រះបរមត្ថសម្ដែងថាមាន ១០ ប្រការគឺ សោតាបត្តិមគ្គ ១ សោតាបត្តិផល ១។ល។ ព្រះនិព្វាន ១ ថែមព្រះបរិយត្តិ ១ ទៀតជាគម្រប់ ១០។

ចំណែកធម៌ ៩ ខាងដើមហៅថា លោកុត្តរធម៌ ឯលោកុត្តរធម៌នេះ យោគាវចរអាចនឹងឈោងចាប់ស្រវាយកដោយការសិក្សា ដោយគោរពមិនមែនប្រតិបត្តិស្ទើរៗ ចម្រើនភាវនាដោយស្ទើរៗនោះទេ លុះណាតែមានឧបនិស្ស័យចាស់ក្លា ថែមទៀតផង ទាំងចម្រើនភាវនាដោយគោរពក្រៃលែងណាស់ ទើបអាចឈោងចាប់ស្រវាយកនូវបណ្ដាមគ្គផលទាំងឡាយ មានសោតាបត្តិមគ្គជាដើម មានព្រះនិព្វានជាទីបំផុតបានដោយងាយ។ ឯព្រះបរិយត្តិធម៌ជាធម៌ដែលព្រះបរមសាស្ដាទ្រង់ត្រាស់សម្ដែងទុកមកដើម្បីប្រយោជន៍ដល់ពួកវេនេយ្យសត្វរៀន យកដោយគោរព គឺយកចិត្តទុកដាក់។ បរិយត្តិធម៌នេះ ចែកជាខន្ធមាន ៨៤ ០០០ ព្រះធម្មក្ខន្ធ បណ្ដាធម៌ទាំងនេះ បើបុគ្គលមិនបានសិក្សារៀនសូត្រដោយគោរពទេ ក៏មិនអាចនឹងយឹតយោងនូវបុគ្គលនោះ ឱ្យជាអ្នកចេះដឹងឬឱ្យរួចចាកទុក្ខបានដែរ។ លុះណាតែបុគ្គលខំព្យាយាមប្រឹងប្រែងសិក្សារៀនសូត្រដោយសេចក្ដីគោរពផង ទើបអាចយឹតយោងបុគ្គលនោះឱ្យរួចចាកទុក្ខទាំងពួងបាន។ ឯធម៌ទាំង១០យ៉ាងហៅថាពុទ្ធសាសនា ព្រោះសុទ្ធតែជាពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធ ឯសាសនានេះនឹងរុងរឿងថ្លៃថ្លាឡើង ក៏អាស្រ័យនូវបរិស័ទទាំង ៤ គឺ ភិក្ខុ សាមណេរ ឧបាសក ឧបាសិកា រៀនធម៌ដោយគោរព ទ្រទ្រង់ដោយគោរព ពិចារណានូវធម៌ដោយគោរព ថាបើមិនបានប្រតិបត្តិតាមធម៌ ៤ ស្ថាននោះដោយគោរពទេ សាសនាមិនរុងរឿងបានមានតែសាបសូន្យទៅវិញមិនខាន។ មួយទៀត កិរិយាស្ដាប់ធម៌ដោយគោរពនេះឯង រមែងជាឧបនិស្ស័យដល់មនុស្សទេវតា ជាទីបំផុតចុះមកដល់សត្វតិរច្ឆាន ក៏មានឧបនិស្ស័យដែរ (ដូចមាននិទានមេមាន់ ១ នៅក្នុងគម្ពីរមង្គលសូត្រឯណោះស្រាប់)។

ម្យ៉ាងទៀត ធម្មៈ សព្ទនេះ តាមន័យអដ្ឋកថា ព្រមទាំងដីកាលោកប្រែថា ទ្រទ្រង់ ថាស្ទួយឡើង។

អធិប្បាយថា ៖ សភាវៈណាធ្វើនូវសត្វទាំងឡាយ ដែលទ្រទ្រង់ខ្លួនទុក ហើយទ្រទ្រង់នូវសត្វទាំងឡាយនោះ មិនឱ្យលិចធ្លាក់ចុះក្នុងអបាយទាំងឡាយ៤ផង ក្នុងវដ្ដទុក្ខទាំងឡាយផង សភាវៈនោះបានឈ្មោះថា ធម្មៈពិត គឺបុគ្គលណាបានទ្រទ្រង់ធម៌ល្អ រក្សាធម៌ឱ្យល្អហើយ វិបាកធម៌ដែលល្អនោះឯងរមែងទ្រទ្រង់រក្សាបុគ្គលនោះឱ្យល្អវិញ មិនឱ្យធ្លាក់ចុះទៅក្នុងអបាយភូមិទាំង៤នោះឡើយ ម្យ៉ាងទៀត បុគ្គលណាបានទ្រទ្រង់នូវធម៌ដ៏ខ្ពង់ខ្ពស់វិសេសបំផុតក្នុងសន្ដានខ្លួនល្អហើយ ធម៌ដ៏ខ្ពង់ខ្ពស់នោះនឹងទ្រទ្រង់បុគ្គលនោះឱ្យស្ថិតនៅក្នុងឋានៈដ៏ខ្ពង់ខ្ពស់វិសេសបំផុត គឺព្រះនិព្វានជាសុខក្សេមក្សាន្ត ពុំបានឱ្យធ្លាក់ចុះទៅក្នុងវដ្ដទុក្ខទាំងឡាយនោះឡើយ។

ទី ៣ – សង្ឃគារវតា គោរពក្នុងព្រះសង្ឃ។ ព្រះសង្ឃនោះសំដៅយកពួកសាវក លោកបានធម៌វិសេសផ្សេងគ្នាដោយប្រភេទជាព្រះសោតាបន្ន ព្រះសកទាគាមី ព្រះអនាគាមី និងព្រះអរហន្ត ពោលដោយបរិយាយយ៉ាងទាប អនុលោមតាមន័យនេះ សូម្បីសម្មតិសង្ឃដែលលោកមានសីលបរិសុទ្ធ មានមារយាទស្ងប់ស្ងៀម មានឥន្រ្ទិយស្រគត់ស្រគំ មានគុណធម៌គួរគោរព ដែលមានសភាពបែបនេះក៏ឈ្មោះថាសង្ឃ។ ឯការគោរពក្នុងព្រះសង្ឃគឺការក្រាបសំពះ ការក្រោកទទួល ការធ្វើអញ្ជលិកម្ម ការធ្វើសាមីចិកម្ម រហូតដល់ការអើពើផ្សេងៗ ដូចជឿតាមពាក្យប្រៀនប្រដៅរបស់លោក ប្រតិបត្តិតាមឱវាទរបស់លោក មិនសម្ដែងអាការមើលងាយដូច្នេះជាដើម ចាត់ជាគោរពក្នុងព្រះសង្ឃ។

ទី ៤ – សិក្ខាគារវតា គោរពក្នុងសេចក្ដីសិក្សា។ ការតាំងចិត្តសូត្ររៀនទាំងពីរផ្លូវ គឺផ្លូវធម៌និងផ្លូវលោក មិនខ្ជិលច្រអូស ឧស្សាហ៍ស្ដាប់ច្រើន មើលច្រើន បើមិនចូលចិត្តសេចក្ដីរាក់ជ្រៅត្រង់ណា គប្បីសួរដណ្ដឹងលោកអ្នកប្រាជ្ញដែលចេះដឹងត្រង់ណោះ បើចូលចិត្តជាក់ច្បាស់ គួរកំណត់ទុកក្នុងចិត្ត ឬសរសេរកត់ទុក ក្រែងភ្លេចភ្លាំងមានច្បាប់ស្រាប់ ដូច្នេះចាត់ជាគោរពក្នុងការសិក្សា។ បើពោលដល់ប្រយោជន៍ការសិក្សាជារបស់សំខាន់បំផុតទាំងក្នុងគតិលោក ទាំងក្នុងគតិធម៌ ការសិក្សានេះជាគុណសម្បត្តិមួយ ដែលគេនិយមរាប់អានទូទៅទាំងស្រុក – ប្រទេស សូម្បីជាតិសាសន៍ណាក៏ដោយ គេតែងតែរាប់អានការសិក្សានេះដែរ ហើយខំសិក្សាសូត្ររៀនឱ្យបានចេះដឹងជ្រៅជ្រះឡើង ឱ្យបានជាអ្នកអង់អាចសីហនាទក្លាហាន ក្នុងទីប្រជុំជនធំៗ អាចនឹងជួយស្រោចស្រង់សង្រ្គោះដល់ប្រជាជាតិមាតុភូមិរបស់ខ្លួន ឱ្យបានរួចអំពីគ្រោះថ្នាក់យ៉ាងធ្ងន់ គឺសេចក្ដីល្ងង់ខ្លៅ ឱ្យឡើងកាន់ភាពជាអ្នកចេះដឹង ឱ្យជាអ្នកមានប្រាជ្ញាហៅហាន ចរចារកគ្នាគាំពារសេចក្ដីសាមគ្គីឱ្យល្អ អាចនឹងញ៉ាំងជាតិសាសនា ព្រះមហាក្សត្រិយ៍របស់ខ្លួន ឱ្យបានរុងរឿងថ្លៃថ្លាប្រសើរ ឈោងទៅរកអារ្យធម៌និងវឌ្ឍនធម៌ជាន់ខ្ពស់នឹងគេ ទៅតាមកាលសម័យថ្មីនេះឯង។ ការសិក្សាយ៉ាងនេះ ហៅថាសិក្សាដើម្បីប្រយោជន៍ដល់ប្រទេសជាតិចាត់ជាការគោរពដ៏ឧត្ដម ម្យ៉ាងទៀតបុគ្គលដែលខំសិក្សាដើម្បីភាវៈនៃខ្លួនថាពហុស្សូត ចេះចាំនូវពាក្យពេចន៍របស់ព្រះសម្ពុទ្ធជាម្ចាស់ បុគ្គលនោះ ទោះបីមិនបរិបូណ៌ដោយភោគសម្ប័ទ ក៏បានវោហារថាជាអ្នកមិនក្រលំបាកដោយការចិញ្ចឹមជីវិត មិនប្រាសចាកប្រយោជន៍ដ៏ល្អទេ ទោះនឹងចូលទៅសហគមន៍ណា រមែងជាទីរាប់អាននៃជនទាំងឡាយ ព្រោះមានសេចក្ដីឆ្លៀវឆ្លាតអង់អាចក្លាហានក្នុងការនិយាយស្ដី មានបញ្ញា ដឹងអត្ថ ដឹងធម៌ នាំខ្លួនឱ្យតាំងនៅក្នុងសម្មាបដិបត្តិជាសប្បុរស ហើយប្រកបក្នុងសារប្រយោជន៍។ ហេតុដូច្នេះ សម្ដេចព្រះបរមសាស្ដា ទ្រង់សរសើរគុណធម៌គឺ ពហុសច្ចនេះជាច្រើនប្រការ។ បុគ្គលជាពហុស្សូតមានធម៌បានស្ដាប់បានរៀនហើយដោយច្រើន ទ្រទ្រង់ធម៌ដែលបានស្ដាប់ បានរៀននោះ មានធម៌ដែលស្ដាប់ដែលរៀនហើយសន្សំទុក ធម៌ណាដែលពីរោះក្នុងខាងដើម ពីរោះក្នុងកណ្ដាល ពីរោះក្នុងទីបំផុត ប្រកាសព្រហ្មចរិយ ព្រមទាំងអត្ថទាំងព្យញ្ជនៈ បរិសុទ្ធបរិបូណ៌អស់ជើងធម៌ទាំងអម្បាលនោះ បុគ្គលបានស្ដាប់បានរៀនហើយដោយច្រើន បានសម្លឹងពិចារណា ហើយចិត្តក៏បានចាក់ធ្លុះចំពោះធម៌ ជាគុណប្រយោជន៍ធ្វើបុគ្គលនោះឱ្យជាទីពឹងអាស្រ័យនៃសព្រហ្មចារីទាំងឡាយ ការសិក្សាមានគុណានុភាពបែបនេះ ទើបលោកប្រដៅឱ្យគោរពក្នុងកិច្ចសិក្សា។

ទី ៥ – អប្បមាទគារវតា គោរពក្នុងសេចក្ដីមិនប្រមាទ។ សេចក្ដីមិនប្រមាទនេះ គឺធម៌ជាសត្រូវដល់សេចក្ដីប្រមាទ ដោយអត្ថថា បានដល់កិរិយាដែលមិននៅប្រាសចាកសតិ គឺកិរិយាដែលមិនវង្វេង ឈ្មោះថាសេចក្ដីមិនប្រមាទ គោរពក្នុងសេចក្ដីមិនប្រមាទនោះ គឺបំពេញសេចក្ដីមិនប្រមាទឱ្យបរិបូណ៌ក្នុងសន្ដាន ដោយអធិប្បាយថា មិនស្រវឹងក្នុងលាភ យស សរសើរ សុខ ក្នុងវ័យ ក្នុងសេចក្ដីមិនមានរោគ ក្នុងជីវិតដូច្នេះ ចាត់ជាគោរពក្នុងសេចក្ដីមិនប្រមាទ។

ម្យ៉ាងទៀត ធ្វើសេចក្ដីមិនប្រមាទក្នុងការលះសេចក្ដីអាក្រក់ មិនប្រមាទក្នុងការបំពេញសេចក្ដីល្អ ទាំងពីរនេះមានសេចក្ដីអធិប្បាយថា ការមិនប្រមាទក្នុងការលះនោះ សេចក្ដីថា អំពើណាៗប្រព្រឹត្តទៅដើម្បីខូចប្រយោជន៍ខ្លួននឹងអ្នកដទៃ អំពើនោះៗ ជាអំពើគួរលះ ទោះបីបន្តិចបន្តួចក៏មិនត្រូវប្រមាទឡើយ។

សមដូចសុភាសិតដែលព្រះមានព្រះភាគទ្រង់ត្រាស់សម្ដែងថា ៖

មាវមញ្ញេថ  ចាបស្ស  ន  មត្តំ  អាគមិស្សតិ
ឧទពិន្ទុនិចាតេន   ឧទកុម្ភោបិ បូរតិ
បូរតិ  ពាលោ    ចាបស្ស  ថោកំ  ថោកំបិ  អាចិនំ។

សេចក្ដីថា ៖ បុគ្គលមិនគួរមើលងាយបាបថា បាបមានប្រមាណតិចនឹងមិនឱ្យផលឡើយ សូម្បីក្អមទឹកដែលគេបើកមាត់ចំហទុកក្នុងទីវាល ក៏រមែងពេញដោយតំណក់ទឹកភ្លៀងដែលធ្លាក់ពីលើអាកាសចុះមកបន្តិចម្ដងៗពេញបាន យ៉ាងណាមិញ  មនុស្សពាលកាលបើសន្សំបាប សូម្បីបន្តិចម្ដងៗ ក៏ពេញដោយបាបបានយ៉ាងនោះដែរ។

ចំណែកខាងអ្នកមិនប្រមាទក្នុងការបំពេញសេចក្ដីល្អនោះ អធិប្បាយថា អំពើណាៗ ដែលប្រព្រឹត្តទៅដើម្បីប្រយោជន៍ខ្លួននឹងអ្នកដទៃ អំពើនោះៗ ជាអំពើគួរបំពេញគួរចម្រើន ទោះបីបន្តិចបន្តួចក៏មិនត្រូវប្រមាទឡើយ ដ្បិតមានសុភាសិតនៃព្រះមានព្រះភាគ ទ្រង់ប្រដៅថា ៖

មាវមញ្ញេថ  បុញ្ញស្ស  ន  មត្តំ  អាកមិស្សតិ
ឧទពិន្ទុនិបាតេន   ឧទកុម្ភោបិ  បូរតិ
បូរតិ  ធីរោ  បុញ្ញស្ស  ថោកំ  ថោកំបិ  អាចិនំ។

សេចក្ដីថា ៖ បុគ្គលមិនគួរមើលងាយបុណ្យថា បុណ្យមានប្រមាណតិចនឹងមិនឱ្យផលឡើយ ប្រៀបដូចក្អមទឹករមែងពេញបានដោយតំណក់ទឹកដែលធ្លាក់ចុះយ៉ាងណា, អ្នកមានប្រាជ្ញាកាលសន្សំនូវបុណ្យបន្តិចម្ដងៗ គង់ពេញបានដោយបុណ្យនោះដែរ។

ការប្រុងប្រយត្នគ្រប់យ៉ាងចាត់ជាសេចក្ដីគោរពក្នុងសេចក្ដីមិនប្រមាទម្យ៉ាង។

មួយវិញទៀត ព្រះសយម្ភូញាណជាម្ចាស់ទ្រង់ត្រាស់ឱ្យលះកាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត កុំឱ្យប្រមាទក្នុងការលះទុច្ចរិតទាំងនោះ ឱ្យធ្វើកាយសុចរិត វចីសុចរិត មនោសុចរិត ឱ្យកើតមានឡើង កុំឱ្យប្រមាទក្នុងការចម្រើនសុចរិតទាំងនោះ។ សេចក្ដីមិនប្រមាទនេះ បើពោលតាមសេចក្ដី ក៏គឺមានសតិបរិបូណ៌មិនប្រាសចាកសតិសម្បជញ្ញៈ សមដូចព្រះពុទ្ធដីកានៃព្រះមានព្រះភាគជាម្ចាស់ត្រាស់ថា ចតូសុ  កិក្ខវេ  ឋានេសុ  អត្ថរូបេន  អប្បមាទោ  សតិ  ចេតសោ  អារក្ខោ ករណីយោ ម្នាលភិក្ខុទាំងឡាយ ! សេចក្ដីមិនប្រមាទគឺសតិ ថាធម៌រក្សាទុកនូវចិត្តជាធម្មជាតិដែលអ្នកទាំងឡាយត្រូវធ្វើ ក្នុងទី ៤ ស្ថាន តាមសមគួរដល់ខ្លួន សេចក្ដីមិនប្រមាទដែលអ្នកទាំងឡាយត្រូវធ្វើក្នុងទី ៤ ស្ថាននោះ គឺ ១ – ចិត្តរបស់អាត្មាអញកុំត្រេកត្រអាលក្នុងធម៌ដែលជាហេតុឱ្យកើតសេចក្ដីត្រេកត្រអាល ២ – ចិត្តរបស់អាត្មាអញកុំប្រទូស្តក្នុងធម៌ដែលជាហេតុឱ្យកើតសេចក្ដីប្រទូស្ត ៣ – ចិត្តរបស់អាត្មាអញកុំវង្វេងក្នុងធម៌ដែលជាហេតុឱ្យកើតសេចក្ដីវង្វេង ៤ – ចិត្តរបស់អាត្មាអញកុំស្រវឹងក្នុងធម៌ដែលជាហេតុឱ្យកើតសេចក្ដីស្រវឹង។ កាលបើពោលដោយសេចក្ដីប្រតិបត្តិជាឧបការដល់សេចក្ដីមិនប្រមាទនោះ ក៏គឺមនសិការ (ធ្វើទុកក្នុងចិត្ត ) ដល់ខយវធម៌។ បុគ្គលនឹករំពឹងដល់សេចក្ដីសូន្យនៃសង្ខារ ដោយអំណាចចាស់ ឈឺ ស្លាប់ក្ដី នឹករំពឹងថា ឱ ! សេចក្ដីចាស់ ឈឺ ស្លាប់ ជាភ័យរុករានទន្រ្ទានចូលកាន់តែជិតៗមកហើយ ដូច្នេះក្ដី តអំពីនោះទៅ ទើបមិនប្រមាទ ខំខ្មីឃ្មាតបំពេញកុសលឱ្យកើតឡើងក្នុងសន្ដាន។ ព្រោះហេតុនោះ បានជាព្រះបរមសាស្ដាជាម្ចាស់  កាលនឹងត្រាស់ដាស់តឿនពុទ្ធបរិស័ទមិនឱ្យប្រមាទក្នុងកាលដែលព្រះអង្គទៀបបរិនិព្វានថា ហន្ទទានិ  ភិក្ខវេ  អាមន្តយាមិ  វោ ម្នាលភិក្ខុទាំងឡាយ ! តថាគតដាស់តឿនអ្នកទាំងអស់គ្នា វយធម្មា សង្ខារា  សង្ខារទាំងឡាយមានសេចក្ដីសូន្យជាធម្មតា អប្បមាទេន  សម្បាទេថ អ្នកទាំងឡាយចូរញ៉ាំងប្រយោជន៍ឱ្យសម្រេចដោយសេចក្ដីមិនប្រមាទចុះ។ មួយវិញទៀត ពោលដោយអត្ថ កាលនឹងប្រកបកិច្ចការណាមួយទាំងផ្លូវលោក ទាំងផ្លូវធម៌  មិនប្រាសចាកសតិស្មារតីនៅសព្វកាលវេលា នេះចាត់ជាគោរពក្នុងសេចក្ដីមិនប្រមាទ។

ទី ៦ – បដិសណ្ឋារគារវតា  គោរពក្នុងបដិសណ្ឋារៈ។  បដិសណ្ឋារៈនោះបានដល់ការទទួលដោយមេត្រី ចែកចេញជាពីរប្រការ គឺ  អាមិសប្បដិសណ្ឋារៈ ១ ធម្មប្បដិសណ្ឋារៈ ១។ ការទទួលភ្ញៀវដោយទ្រព្យ របស់ជាការសមគួរដល់ភ្ញៀវ ដែលមកដល់លំនៅខ្លួនដូចឱ្យភោជនាហារ ទីសម្នាក់អាស្រ័យជាដើម ហៅថាអាមិសប្បដិសណ្ឋារៈ។ ការដែលធ្វើអាមិសប្បដិសណ្ឋារៈនោះ គួរតែឱ្យប្រព្រឹត្តទៅដោយធម៌ ដូចសម្ដែងខ្លួនតាមគួរសម យ៉ាងដូច្នេះហើយ លើកមុខមាត់ភ្ញៀវដែលមកនោះ ដោយសេចក្ដីអើពើដល់ភ្ញៀវក្ដី ការទូន្មានណែនាំទៅក្នុងផ្លូវល្អក្ដី ហៅថាធម្មប្បដិសណ្ឋារៈ។ ការគោរពអើពើក្នុងបដិសណ្ឋារៈដល់ភ្ញៀវដែលមកទីកន្លែងរបស់ខ្លួន ដោយអាមិសឬដោយធម៌ដូចពោលមកហើយនោះ ឬគ្រាន់តែប្រាស្រ័យដោយវាចាដែលហៅថា សម្មោទនា គឺនិយាយប្រាស្រ័យឱ្យកើតសេចក្ដីត្រេកអរមានសួរដល់សុខ – ទុក្ខ ជាដើមនេះ ចាត់ជាគោរពក្នុងបដិសណ្ឋារៈ។ កាលបើពោលដោយអាការដែលប្រព្រឹត្តទៅហើយ ការធ្វើបដិសណ្ឋារៈនេះជាប្រពៃណីនិយម តមករបស់បុរាណបណ្ឌិត សូម្បីក្រៅពុទ្ធសម័យ ទោះបីភ្ញៀវនោះមកល្អក៏ដោយ អាក្រក់ក៏ដោយ ក៏ឱ្យសម្គាល់ឃើញថា ជាកិច្ចដែលត្រូវធ្វើតាមនាទី សេចក្ដីនេះគប្បីឃើញក្នុងរឿងព្រះវេស្សន្ដរ ទ្រង់ធ្វើបដិសណ្ឋារៈ ដល់ជូជកព្រាហ្មណ៍ដែលមកទូលសុំព្រះរាជកុមារទាំងពីរនិងសម្ដេចសហស្សនេត្រ ដែលកាឡាភេទជាព្រាហ្មណ៍មកទូលសុំនាងមទ្រី ព្រះអង្គក៏ត្រាស់ប្រាស្រ័យឱ្យកើតសេចក្ដីត្រេកអរ ហើយអញ្ជើញឱ្យលាងជើងឱ្យចូលទៅក្នុងអាស្រមបទ ឱ្យរើសផលានុផល មធុរសជារបស់ព្រៃបរិភោគ ឱ្យផឹកវារីថ្លាត្រជាក់ដែលដងមកអំពីជ្រោះភ្នំតាមសេចក្ដីគាប់ចិត្ត។ លុះដល់មកពុទ្ធុប្បាទសម័យ សម្ដេចព្រះសម្មាសម្ពុទ្ធជាម្ចាស់ត្រាស់ប្រដៅឱ្យគោរពក្នុងបដិសណ្ឋារៈដូចគ្នា សូម្បីបព្វជិតក៏ត្រូវធ្វើដែរ ដូចយ៉ាងអាគន្តុកៈមកដល់ទីសម្នាក់ជានាទីនៃចៅអាវាស នឹងគួរទទួលដោយកិច្ចវត្ត។

បើពោលដោយទូទៅ សេចក្ដីគោរពនេះ ជាគុណធម៌មួយដ៏ល្អ ព្រះសម្មាសម្ពុទ្ធជាម្ចាស់ បានត្រាស់ទុកថាជាធម៌ជាគ្រឿងទ្រទ្រង់សាសនា ឱ្យរុងរឿងអស់កាលជាអង្វែងទៅបាន គឺថាព្រះពុទ្ធសាសនានឹងទន់ទាបឬចម្រើនរុងរឿងឡើង ក៏ព្រោះសេចក្ដីគោរព និងសេចក្ដីមិនគោរពនេះឯងជាហេតុ សេចក្ដីនេះគប្បីដឹងដោយទេសនាន័យ ដែលព្រះអង្គត្រាស់ដល់ មហាកស្សបៈ ប្រារព្ធសេចក្ដីអន្តរធាននៃព្រះសទ្ធម្ម ដែលនឹងមានឡើងក៏ព្រោះភិក្ខុ ភិក្ខុនី  ឧបាសក ឧបាសិកា មិនមានសេចក្ដីគោរពកោតក្រែង ក្នុងព្រះសាស្ដា  ក្នុងព្រះសង្ឃ ក្នុងការសិក្សា មិនមានអ្វីដទៃដែលអាចលុបលាងព្រះសទ្ធមឱ្យសាបសូន្យទៅបាន ក្រៅអំពីហេតុ គឺសេចក្ដីគោរពនិងសេចក្ដីមិនគោរពកោតក្រែងនោះឡើយ ព្រោះហេតុដូច្នេះ សាធុជនអ្នកប្រាថ្នាសេចក្ដីចម្រើនដល់ជាតិ សាសនា ព្រះមហាក្សត្រ ប្រាថ្នាសេចក្ដីចម្រើនដល់ខ្លួន គប្បីធ្វើសេចក្ដីគោរព ៦ ប្រការនេះចុះ។

ការពណ៌នាអំពីគារវៈ ចប់ដោយសេចក្ដីសង្ខេបតែប៉ុណ្ណេះ។

របស់ព្រះមហា  ចក់ សុវឌ្ឍន៍  វត្តមហាមន្រ្តី

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៥៩

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments