រោគ​ចិត្ត

សារវន្តកថា

សភាពដែលធ្វើចិត្ត ឱ្យសៅហ្មង ឱ្យកករល្អក់ ឱ្យក្ដៅក្រហាយ ឱ្យអន្ទះអន្ទែងជាដើម ហៅថា រោគចិត្ត។

ពាក្យថា “រោគចិត្ត” នេះ គង់មានជនខ្លះស្លែងត្រចៀកពុំខាន ព្រោះមនុស្សភាគច្រើនតែងយល់ថា អ្នកដែលកើតរោគចិត្ត គឺមនុស្សមានសតិវិបល្លាសឬមនុស្សឆ្កួតដែលនៅក្នុងមន្ទីរពេទ្យព្យាបាលរោគចិត្តនោះតែបើពិចារណាតាមគោលនៃព្រះពុទ្ធសាសនា មនុស្សដែលមានរោគចិត្តពុំមែនសំដៅយកមនុស្សមានសតិវិបល្លាសនោះទេ គឺសំដៅយកបុថុជ្ជនអ្នកមានកិលេសអស់ហើយប៉ុណ្ណោះ។ ធម្មជាតិដ៏ពិតប្រាកដរបស់ដួងចិត្តនោះបរិសុទ្ធស្អាតណាស់ បើពុំមានរោគអ្វីមកបៀតបៀនទេ វត្ថុដែលធ្វើឱ្យដួងចិត្តក្លាយចាកសភាពដើមនោះ ខាងភាសាបាលីហៅថា “ឧបក្កិលេស” គ្រឿងសៅហ្មងចិត្តឬគ្រឿងធ្វើចិត្តឱ្យមានពណ៌ស្រអាប់ពុំមានពន្លឺ។

រោគចិត្ត មានលក្ខណៈប្រហែលគ្នានឹងរោគផ្លូវកាយ រាងកាយរបស់មនុស្ស បើចេះរក្សាតាមច្បាប់អនាម័យ ឧស្សាហ៍បញ្ចេញកម្លាំង ចេះបរិភោគអាហារដែលជាប្រយោជន៍ដល់រាងកាយ នឹងទទួលទានថ្នាំព្យាបាលរោគ អ្នកដែលចេះរក្សារាងកាយដូច្នេះ ការឈឺចាប់ពុំមានឱកាសនឹងចូលមកបៀតបៀនបាន ឯរោគចិត្តក៏មានលក្ខណៈដូចគ្នា បើចេះវិធីរក្សាចិត្តរបស់ខ្លួន ចិត្តក៏មិនអាចមានរោគទៅបាន តែការព្យាបាលរោគចិត្តលំបាកជាងការព្យាបាលរោគផ្លូវកាយ ព្រោះរោគផ្លូវកាយ ពេទ្យអាចដឹងពិនិត្យទៅឃើញសមុដ្ឋានរោគ ហើយព្យាបាលឱ្យសះជាបានដោយងាយឯរោគចិត្តជារោគ ដែលពេទ្យពិនិត្យទៅឃើញបានដោយកម្រណាស់ មនុស្សខ្លះសូម្បីកើតរោគចិត្ត ក៏មិនដឹងថាខ្លួនកើតមានរោគចិត្តផង។ រោគដែលនឹងចូលមកបៀតបៀនចិត្តមានច្រើនណាស់នឹងប្រមាណមិនបាន តែកាលបើរួបរួមពោលចំពោះតែរោគចិត្តប្រភេទធំៗ មាន ៣ យ៉ាងគឺ ៖

១- រោគស្រឡាញ់

២- រោគស្អប់

៣- រោគវង្វេង

រោគស្រឡាញ់ បានដល់រោគៈដែលលាយឡំដោយកិលេសតណ្ហា មានពិសក្ដៅក្រហាយណាស់ ព្រះសម្ពុទ្ធទ្រង់ត្រាស់ថាជាភ្លើងមួយយ៉ាង ដែលដុតកម្ដៅចិត្តឱ្យក្ដៅក្រហាយក្រវល់ក្រវាយជានិច្ច សេចក្ដីស្រឡាញ់ ទើបថាជារោគចិត្តមួយបែប។ បុគ្គលដែលមានរោគស្រឡាញ់ សង្កេតឃើញនូវអាការដែលសម្ដែងចេញមកផ្លូវកាយ ដូចស្រីក្រមុំហ៊ឺហាខ្ជះខ្ជាយទ្រព្យសម្បត្តិក្នុងការតែងខ្លួនប្រាណ មិនស្គាល់ប្រមាណខ្លួន ទោះបីខ្លួនមានឋានៈក្រខ្សត់ ក៏មិនបាននឹកដល់ដែរ សុំឱ្យតែបានតែងខ្លួនយ៉ាងហ៊ឺហាប៉ុណ្ណោះក៏ហើយគ្នា។ ប្រុសកំលោះសម្ដែងខ្លួនជាអ្នកចំណូលខាងស្រីកាលបើបានចួបប្រទះភេទនេះ ក៏ព្យាយាមសម្ដែងអាការ ឬនិយាយលួងលោម ជាអ្នកចំណូលហួសហេតុ។ ឪពុកម្ដាយដែលស្រឡាញ់កូនខ្លាំងពេកបើកអំណាចតាមចិត្តកូនគ្រប់យ៉ាង ធ្វើឱ្យកូនមាននិស្ស័យជាអ្នកទម្រើសជាអ្នកខ្ជះខ្ជាយហ៊ឺហា អាការទាំងនេះឯង ជាអាការរបស់រោគស្រឡាញ់ដែលសម្ដែងចេញមកឱ្យប្រាកដខាងក្រៅ។

រោគស្អប់ ជារោគចិត្តមួយបែប ដែលបង្កសេចក្ដីក្ដៅក្រហាយ មនុស្សដែលកើតរោគស្អប់ គេសង្កេតឃើញបានដល់មនុស្សដែលនឹងងាយ ចិត្តច្រើនមានមុខទ្រមឹងរាល់ពេលវេលា និយាយចរចាចេញទៅមិនពីរោះដល់ត្រចៀក។ មនុស្សខ្លះកើតរោគស្អប់ខ្លាំងឡើង បានទៅវាយកាប់សម្លាប់គ្នាក៏មាន។

រោគវង្វេង ជារោគចិត្តមួយបែបទៀត អាការរបស់មនុស្សដែលកើតរោគវង្វេង គឺការភ្លេចមុខ ភ្លេចក្រោយ ច្រើននិយាយផ្ដេសផ្ដាសគ្មានសារប្រយោជន៍ ទាំងនេះឯងជាអាការរបស់រោគវង្វេង។

រោគចិត្ត ៣ បែបគឺ រោគស្រឡាញ់ រោគស្អប់ និងរោគវង្វេងនេះ ព្រះសម្មាសម្ពុទ្ធទ្រង់ប្រទានឱសថ ៣ បែប ទុកសម្រាប់ព្យាបាលរោគចិត្តគឺ ប្រទានអសុភកម្មដ្ឋាន សម្រាប់ព្យាបាលរោគស្រឡាញ់ ប្រទានមេត្តាព្រហ្មវិហារ សម្រាប់ព្យាបាលរោគស្អប់ និងប្រទានអានាបាណស្សតិសម្រាប់ព្យាបាលរោគវង្វេង។

ដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រទានអសុភកម្មដ្ឋាន ទុកឱ្យរក្សារោគស្រឡាញ់នោះ ព្រោះទ្រង់យល់ឃើញថា រោគស្រឡាញ់ត្រូវព្យាបាលដោយឱសថដែលសត្រូវនឹងគ្នា។ អសុភកម្មដ្ឋានជាកម្មដ្ឋានមួយបទក្នុងកម្មដ្ឋាន ៤០ ប្រែថា “ការពិចារណាឃើញថាមិនស្អាតគួរខ្ពើមឆ្អើម”។ មនុស្សដែលកើតរោគស្រឡាញ់ គួរចម្រើនកម្មដ្ឋានបទថា មិនស្អាតនេះគឺកុំឱ្យសម្លឹងមើលទៅឃើញសុទ្ធតែល្អទាំងអស់ខ្លាំងពេក ដូចស្រីក្រមុំចូលទៅក្នុងរានផ្សារ កុំឱ្យសម្លឹងមើលរបស់ផ្សេងៗក្នុងរានផ្សារ សុទ្ធតែល្អទាំងអស់នោះ គួរនឹកថារបស់ទាំងនេះ “មិនល្អ មិនស្អាត” ខ្លះផងដើម្បីបន្ថយនូវសេចក្ដីស្រឡាញ់ និងសេចក្ដីប្រាថ្នាចង់បាន ឱ្យស្រាលស្ដើងតិចទៅ តែបើចេះតែនឹកថា អាវ-សំពត់នេះល្អ កំប្រោងនេះល្អ កាបូបនេះល្អ នឹងធ្វើឱ្យរោគស្រឡាញ់កម្រើកកាន់តែខ្លាំងឡើង ក្នុងទីបំផុតក៏ត្រូវចាយវាយប្រាក់កាស ទិញនូវរបស់ទាំងនោះយ៉ាងខ្ជះខ្ជាយ ហួសការចាំបាច់។ ក្មេងកំលោះដែលបានឃើញស្រីក្រមុំ ក៏កុំឱ្យសម្លឹងមើលដោយកំណត់ក្នុងចិត្តថា នាងនោះល្អស្អាតជ្រុលហួសពេក នឹងធ្វើឱ្យចិត្តកម្រើកស្រឡាញ់ នាំឱ្យរវាតចិត្តចំពោះការសិក្សារៀនសូត្រ អាចឱ្យប្រឡងធ្លាក់ក្នុងវេលាដំណាច់ឆ្នាំម្ដងៗពុំខាន។ ឧទាហរណ៍ដែលពោលមកខាងលើនេះ នាំឱ្យខ្ញុំយល់ឃើញថា អសុភកម្មដ្ឋានជាកម្មដ្ឋានដែលណែនាំសាធុជនគ្រប់ប្រភេទឱ្យមានសេចក្ដីព្យាយាម នឹក គិត និងពិចារណាមើលចំពោះវត្ថុផ្សេងៗថា មិនស្អាតមិនល្អ ដើម្បីជាគ្រឿងកែរោគស្រឡាញ់ដោយពិតប្រាកដ។ សូមសាធុជនគ្រប់ឋានៈ ដែលមានរោគស្រឡាញ់ ឋិតនៅក្នុងសន្ដាន គួរនាំគ្នាយកទៅពិសោធមើល។

រោគស្អប់ ព្រះអង្គទ្រង់ប្រទានព្រហ្មវិហារ គឺមេត្តា ករុណា មុទិតា ឧបេក្ខា ដើម្បីជាគ្រឿងកែរោគស្អប់ ព្រោះរោគស្អប់ជារោគដ៏ក្ដៅ។ ឯព្រហ្មវិហារជាធម៌ត្រជាក់ ល្មមនឹងរម្លត់រោគស្អប់បាន។ មនុស្សកើតរោគស្អប់ មានអាការក្រោធខឹងងាយ ចិត្តច្រើននោះបើបានមេត្តាធម៌ មកអប់រំបណ្ដុះបណ្ដាលនូវសេចក្ដីស្រឡាញ់ចំពោះអ្នកដទៃ បណ្ដុះករុណាធម៌ កាលឃើញអ្នកដទៃបានទទួលនូវសេចក្ដីទុក្ខ បណ្ដុះមុទិតាធម៌ មិនឥច្ឆា ឫស្យា សម្ដែងសេចក្ដីត្រេកអររីករាយ កាលឃើញអ្នកដទៃបានល្អ បានចម្រើន និងបណ្ដុះឧបេក្ខាធម៌ គឺដាក់ខ្លួនជាកណ្ដាលមិនលម្អៀងចូលទៅខាងណា។  ព្រហ្មវិហារទាំង ៤ យ៉ាងនេះមនុស្សដែលមានរោគស្អប់ឋិតនៅក្នុងសន្ដាន គួរនាំគ្នាយកទៅពិសោធមើល។

រោគវង្វេង ប្រះអង្គទ្រង់ប្រទាន អនាបាណស្សតិ ជាគ្រឿងកែរោគវង្វេង ព្រោះមនុស្សដែលកើតរោគវង្វេង ច្រើនមានចិត្តរាយមាយមិនស្ងប់រម្ងាប់ គួរតែអប់រំចិត្តឱ្យមានសមាធិជាធម៌សមគួរសម្រាប់កែរោគវង្វេងបាន ពុំមានអ្វីស្មើនឹងអនាបាណស្សតិ ការកំណត់ដង្ហើមចេញចូលនេះឡើយ។ កម្មដ្ឋាននេះ មនុស្សដែលកើតរោគវង្វេង អាចនឹងនាំយកទៅអប់រំចិត្តបានច្រើនពេលវេលា ដូចវេលាអាស្រ័យដំណេក មានចិត្តរាយមាយអណ្ដែតអណ្ដូងទៅក្នុងរឿងច្រើនយ៉ាង ក៏ចូរណែនាំចិត្តឱ្យមកកំណត់នូវអានាបាណស្សតិ គឺដង្ហើមចេញចូលនេះ ដូចកាលដង្ហើមចេញចូលខ្លី ក៏ឱ្យដឹងថា ដង្ហើមចេញចូលខ្លី ដង្ហើមចេញចូលវែង ក៏ឱ្យដឹងថា ដង្ហើមចេញចូលវែង។ ការកំណត់ដង្ហើមចេញចូលនឹងអាចធ្វើចិត្តឱ្យស្ងប់រម្ងាប់ដោយពិត អាចអាស្រ័យដំណេកលក់បានដោយស្រួលមិនចាំបាច់ទិញថ្នាំដេកលក់យកមកលេប នាំឱ្យអស់ប្រាក់កាសឡើយ។

ការព្យាបាលរោគចិត្ត គឺរោគស្រឡាញ់ រោគស្អប់ នឹងរោគវង្វេងដោយឱសថ ៣ មុននេះ គឺព្យាបាលរោគស្រឡាញ់ ដោយកម្មដ្ឋានឈ្មោះអសុភ ព្យាបាលរោគស្អប់ដោយកម្មដ្ឋានឈ្មោះព្រហ្មវិហារ នឹងព្យាបាលរោគវង្វេង ដោយកម្មដ្ឋានឈ្មោះអានាបាណស្សតិ ដូចពោលមកដោយសង្ខេបនេះ ជាវិធីមួយយ៉ាងដែលព្យាបាលរោគចិត្តល្អណាស់ ពុំសូវមានរបៀបច្រើនប៉ុន្មានឡើយ។ ឯការសំខាន់ឋិតនៅត្រង់ពុទ្ធមាមកជនដែលមានសេចក្ដីគោរពចំពោះព្រះពុទ្ធសាសនា ហើយនាំឱ្យវិធីនេះទៅប្រតិបត្តិតាមប៉ុណ្ណោះ។

លោក ស៊ិន-ហ៊ាន រៀបរៀង

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៥៩

 

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Oldest
Newest Most Voted
Inline Feedbacks
View all comments