នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស
សូមនមស្ការចំពោះព្រះភគវន្តមុនី អរហំសម្មាសម្ពុទ្ធព្រះអង្គនោះ (ព្រមទាំងព្រះធម៌ព្រះអរិយសង្ឃ)។
ក្នុងឱកាសនេះ អាត្មាភាពសូមសម្ដែងអំពី “វិវាទូបសមកថា” ពណ៌នាអំពីដំណើរនៃការឈ្លោះវិវាទ និងធម៌ជាបដិទានៃការកម្ចាត់បង់នូវសេចក្ដីឈ្លោះវិវាទនោះ ដើម្បីគោលបដិបត្តិហាត់ពត់កាយ-វាចាចិត្តរបស់សាធុជនពុទ្ធបរិស័ទទាំងឡាយ អ្នកត្រូវការនឹងចេញចាកទុក្ខហើយនឹងដើរទៅកាន់ផ្លូវនៃវឌ្ឍនធម៌និងសន្តិវរសុខ ដូចព្រះពុទ្ធភាសិតដែលមានក្នុងបទគថាយ៉ាងនេះថា ៖
សកញ្ហិ ធម្មំ បរិបុណ្ណមាហុ
អញ្ញស្ស ធម្មំ បន ហីនមាហុ
ឯវម្បិ វិគ្គយ្ហ វិវាទយន្តិ
សកំ សកំ សម្មតិមាហុ សច្ចន្តិ
ប្រែថា “សមណព្រាហ្មណ៍ពួកខ្លះ ពោលសរសើរធម៌របស់ខ្លួនថា ពេញបរិបូណ៌ ពោលបង្អាប់ធម៌របស់ជនដទៃថាទាបថោក ពោលសន្មតិលទ្ធិរបស់ខ្លួន ៗ ថាជាគុណជាតិពិតប្រាកដ សមណព្រាហ្មណ៍ពួកនោះរមែងឈ្លោះប្រកែកគ្នាដោយហេតុយ៉ាងនេះឯង”។
អធិប្បាយថា ប្រជុំជនដែលរួមគ្នានៅក្នុងផ្ទៃលោកនេះ ទោះគ្រហស្ថក្ដី បព្វជិតក្ដី នឹងនៅជាសុខព្រមព្រៀងគ្នាបាន មិនទាស់ទែងឈ្លោះវិវាទ បែកសាមគ្គីគ្នា ក៏ដោយសារមានគុណធម៌អាស្រ័យប្រចាំនៅជាប់ក្នុងសន្ដាន គឺអ្នកធំតាំងនៅក្នុងសេចក្ដីអាណិតមេត្តាប្រណីអបអរសាទររីករាយក្នុងចំណែកដែលអ្នកតូចគួរទទួលបាន មិនសម្ដែងអាការខ្ពស់ទាប មិនលម្អៀង ព្រោះឆន្ទាគតិជាដើម ដល់គ្រាដែលអ្នកតូចធ្វើខុស ក៏ពិចារណារកទោសហើយផ្គូផ្គងអប់រំឱ្យរឹងប៉ឹងនឹករកសេចក្ដីខុស ដល់គ្រាអ្នកតូចធ្វើត្រូវក៏បណ្ដុះសេចក្ដីទុកចិត្តល្មមឱ្យកើតឆន្ទៈ តែកុំឱ្យមានអតិមានះក្នុងករណីនោះ។ ចំណែកអ្នកតូចត្រូវតាំងនៅក្នុងជេដ្ឋាបចាយនធម៌បដិបត្តិកោតក្រែង ឱនលំទោនចំពោះលោកអ្នកធំ ជាប្រមុខរបស់ត្រកូល ប្រមុខរបស់គណៈ ប្រមុខរបស់ប្រជារាស្ត្រ-ប្រទេសជាតិដោយជឿស្ដាប់ ពាក្យឱវាទ ដាស់តឿនក្រើនរំឭកក្នុងវិធីបដិបត្តិល្អ មិនលើកខ្លួនវាយឫកស្មើនឹងលោក មិនរឹងត្អឹងចចេសទាស់ បង្កបង្កើតអធិករណ៍ផ្សេងៗ បដិបត្តិអនុវត្តតាមចំណែកនៃករណីយកិច្ចដែលមិនមានទោស ព្យាយាមធ្វើខ្លួនឱ្យជាមនុស្សគួរគេអាណិត ជាមនុស្សចេះធ្វើខ្លួនឱ្យគេស្រឡាញ់។ បើមនុស្សដែលនៅរួមពួក គណៈ បែរត្រឡប់ជាមានទិដ្ឋិយល់ឃ្វាងគ្នាទាស់លើសប្រមាណ គឺអ្នកមិនមានការទុកចិត្តក្នុងក្រុមអ្នកតូចៗ ក៏មិនគោរពជឿស្ដាប់អ្នកធំ កាលបើយ៉ាងនេះ គណៈក្រុមសង្គមនោះៗ ក៏នឹងទៅកាន់ហាយនធម៌ សេចក្ដីសាបសូន្យយ៉ាងឆាប់ ព្រោះមានការយល់ឃ្វាងគ្នាក្នុងករណីសព្វយ៉ាង ដោយអំណាចការប្រាកាន់ខ្លួនថាមានជាតិ ត្រកូល យសសក្ដិ បរិវារ ភោគសម្ប័ទ សិល្បវិជ្ជាខ្ពង់ខ្ពស់ជាងគ្នា ព្រមទាំងការគិត ការយល់ឃើញក៏មិនមូលមិត្តរៀបរយជាមួយគ្នា ហេតុប៉ុណ្ណេះជាដើម ជាគោលជាទីតាំងនៃសេចក្ដីឈ្លោះវិវាទទាស់ទែង ជាជម្លោះឱ្យមានការបែកសាមគ្គីធម៌ ហូរចូលមកជាលំដាប់ សមដូចពុទ្ធភាសិតដែលលើកមកទុកជានិក្ខេបបទក្នុងខាងដើមថា “សកញ្ហិ ធម្មំ បរិបុណ្ណមាហុ សមណៈព្រាហ្មណ៍ពួកខ្លះពោលសរសើរគុណធម៌របស់ខ្លួនថាជាគុណជាបរិបូណ៌”។ ពាក្យថា “សមណព្រាហ្មណ៍” នោះត្រង់សមណមតិផ្លូវព្រះពុទ្ធសាសនពោលសំដៅ លោកអ្នកស្ងប់រម្ងាប់កាយ វាចា ចិត្ត ចាកអកុសលធម៌ដោយប្រព្រឹត្តតាមធម៌វិន័យចរិយាបដិបត្តិចាត់ទុកជាពុទ្ធប្បញ្ញត្តិ ពុទ្ធានុញ្ញាតដែលជាច្បាប់ប៉ែកខាងផ្លូវព្រះពុទ្ធសានា ឈ្មោះថា សមណៈ។ ត្រង់ “ព្រាហ្មណ៍” នោះកាលបើពោលដោយបរិយាយ បានដល់បុគ្គលមួយពួកដែលមានបដិបទាមានការចេះដឹង ការយល់ និងការសិក្សាសិល្បវិជ្ជាទំនាស់គ្នានឹងផ្លូវព្រះពុទ្ធសាសនា ដោយការរាប់អាន បូជាព្រះឥសូរជាដើម សេចក្ដីបដិបត្តិរបស់គេដែលប្រព្រឹត្តទៅដើម្បីអង្វរព្រះឥសូរដោយការយល់ឃើញថាសុខសម្បត្តិ សុវត្ថិភាព ដែលមនុស្សត្រូវបានត្រូវសោយ សុទ្ធតែព្រះឥសូរលោកឱ្យកើតឱ្យមានទាំងអស់ កាលបើពួកព្រាហ្មណ៍មានការយល់ថា ព្រះឥសូរជាម្ចាស់ប្រោសប្រាណប្រគល់សុខសម្បត្តិដល់ខ្លួន ដោយយញ្ញវិធីបែបណា ពួកគេក៏រៀបចំយញ្ញវិធីបែបនោះ ការធ្វើវិធីតែប៉ុណ្ណេះ ក៏សុទ្ធតែប្រាថ្នាយកសេចក្ដីសុខ ចម្រើនទាំងអស់។ មួយទៀត តាមន័យខ្លះ លោកកំណត់យកបុគ្គលមានប្រភេទតែមួយបែប គឺសំដៅយកអ្នកប្រព្រឹត្តចរិយាវត្តតែមួយដូចគ្នា ជាអ្នកមានវត្តប្បដិបត្តិ ប្រព្រឹត្តទៅដើម្បីសេចក្ដីស្ងប់ស្ងាត់ មិនបៀតបៀនសត្វឱ្យបានទទួលសេចក្ដីក្ដៅក្រហាយ ហៅថា សមណព្រាហ្មណ៍ទាំងអស់។ ឯសមណព្រាហ្មណ៍ពួកនេះ ប្រសិនបើមានការសិក្សាសិល្បវិជ្ជា អក្សរសាស្ត្រ សាសនសាស្ត្រ បវត្តិសាស្ត្រ តក្កសាស្ត្រ ធម្មសាស្ត្រជាមួយគ្នា តែមានការយល់ឃើញឃ្វាងអំពីគ្នា គង់ក្លាយទៅជាស្រមោលជាប់តាមខ្លួន បើប្រព្រឹត្តទៅដោយសេចក្ដីក្លាហាន មិនមានបញ្ញាជាគ្រឿងលុបលាងចោលទេ មុខជានឹងបណ្ដាលឱ្យមានបែកសាមគ្គីធម៌កើតមានដល់គ្រួសារ ពួក គណៈបាន កាលបើយ៉ាងនេះ អនត្ថកម្ម (អំពើមិនចម្រើន) អាចលូតលាស់ឡើងយ៉ាងធំ។
តាមគតិលោក ដូចក្នុងគ្រួសារ ៗ បើកើតវិវាទទាស់ទែងគ្នាដោយការយល់ឃើញខុសគ្នា ប្រកាន់ថា ខ្លួនមានអំណាចច្រើនជាង មានសេចក្ដីចេះដឹង អង់អាច ក្លាហានជាង ស្វាមីប្រកាន់ថា ល្អជាងភរិយា ៗ មិនព្រមទទួលគោរពដល់ស្វាមី ដោយការប្រកាន់ថា ខ្លួនមានត្រកូលខ្ពស់ជាង មានភោគសម្ប័ទច្រើនជាង មានគុណសម្បត្តិសមត្ថភាពពូកែជាងស្វាមីយ៉ាងនេះ ភរិយាយ៉ាងនោះ សេចក្ដីសុខសូម្បីត្រឹមតែថ្ងៃមួយក៏ពិបាកនឹងមាន មានតែការប្រទាំងប្រទើសគ្នាជាប់ជានិច្ច ទីបំផុតទាល់តែបែកចាកភាពជាស្វាមីភរិយាទៅក៏មាន ព្រោះតែមានទិដ្ឋិមានះប្រកាន់ខុសគ្នាមិនមានត្រាប្រណីអត់ឱនរកគ្នា នេះជាផ្លូវវិនាសចំពោះគ្រួសារដែលជាចំណែកយ៉ាងតូចទាប។ បើសំដៅយកប្រជុំជនដែលជាចំណែកធំ បានដល់ប្រទេសជាតិ ហាយនធម៌ក៏រឹងរឹតតែលូតលាស់ឡើងដោយចំណែកយ៉ាងធំ។ បុគ្គលមានមានះប្រកាន់ខ្លួន សូម្បីតែញាតិរបស់ខ្លួនក៏គង់ប្រមាថមើលងាយដែរ បុគ្គលបែបនេះឈ្មោះថាដុតបំផ្លាញកម្លាំងរបស់ជាតិត្រកូលនិងខ្លួនឯង បើកចន្លោះឱ្យសេចក្ដីវិនាសហូរចូលបាន សមដោយពុទ្ធភាសិតដែលមានក្នុងបរាភវសូត្រថា៖
ជាតិត្ថទ្ធោ ធនត្ថទ្ធោ គោតត្ថទ្ធោ ច យោ នរោ
សញ្ញាតិមតិមញ្ញេតិ តំ បរាភវតោ មុខំ
ប្រែថា “នរជនដែលរឹងរូសព្រោះជាតិ រឹងរូសព្រោះទ្រព្យ រឹងរូសព្រោះគោត្រ តែងមើលងាយញាតិរបស់ខ្លួន នេះជាប្រធាននៃសេចក្ដីវិនាស”។
តាមគតិធម៌ សមណព្រាហ្មណ៍ដែលមានការរស់នៅជាប់ដោយជនដទៃ ចេញចាកគេហដ្ឋាន ប្រព្រឹត្តអនាគារវិន័យ និងជាទីគោរពរាប់អានជ្រះថ្លារបស់ប្រជាជន ព្រោះមានសវរៈក្នុងធម៌បរិបូណ៌ត្រឹមត្រូវ មានបដិបទាដើរទៅរកសន្តិសុខ មិនបានទម្លាយសាមគ្គីធម៌របស់ពួកគណៈ សមាទានមាំក្នុងសីលាចារវត្ត ជាបដិបទារបស់សមណៈដែលរួមចូលក្នុងគុណសម្បត្តិ២ប្រការគឺ ទិដ្ឋិសាមញ្ញតា ភាពជាអ្នកស្មើគ្នាដោយការយល់ឃើញ ១ សីលសាមញ្ញតា ភាពជាអ្នកស្មើគ្នាដោយសីល ១។ គុណសម្បត្តិ២ប្រការនេះ ជាហេតុចងផ្សារភ្ជាប់នឹងសេចក្ដីស្និទ្ធស្នាលមិត្តមូល ក្រៀកភ្ជាប់នឹងអធ្យាស្រ័យរបស់ពួកគណៈទុកបាន មិនបានឈ្លោះវិវាទ។ រីឯសេចក្ដីឈ្លោះវិវាទគ្នា សូម្បីត្រឹមតែបន្តិចបន្តួច ក៏រមែងមិនជាទីសរសើរនៃវិសេសជនទាំងឡាយមានព្រះពុទ្ធជាដើមឡើយ តួយ៉ាងដូចកិច្ចអ្នកនៅក្នុងក្រុងកោសម្ពីជំនាន់ពុទ្ធកាលព្រះវិនយធររង្កៀសនឹងព្រះធម្មកថិក ដោយហេតុត្រឹមតែសល់ទឹកជម្រះអាចម៍ទុកក្នុងវច្ចកុដិ ហើយតិះដៀលថា ទុកណាជាត្រូវអាបត្តិហើយនៅតែមិនស្គាល់អាបត្តិ ហើយបានប្រាប់សេចក្ដីធ្វេសប្រហែសរបស់ធម្មកថិក ដល់ពួកនិស្សិតរបស់ខ្លួន។ ចំណែកខាងពួកនិស្សិតរបស់ព្រះធម្មកថិកដឹងច្បាស់រឿងនោះក៏តូចចិត្ត ភិក្ខុទាំងពីររូបសុទ្ធតែមានសិស្សគណៈច្រើន ទើបសម្ដែងសេចក្ដីតូចចិត្តដល់គ្នានឹងគ្នា សេចក្ដីឈ្លោះវិវាទនោះ បានរាលដាលផ្ទះចេញទៅដល់ពួកទាយក ទាយិកា ទេវតា មារ ព្រហ្ម បែកគ្នាទៅជាពីរចំណែក សូម្បីសម្ដេចព្រះទសពលញាណក៏ទ្រង់រំលាងព្រះទ័យ ទើបស្ដេចចេញទៅព្រៃរក្ខិតវ័ន ដើម្បីស្វែងរកសន្តិវរសុខ រឿងនេះល្មមជាផ្លូវសន្និដ្ឋានថា អ្នកមានមានះទិដ្ឋិប្រកាន់ខ្លួនថា មានការចេះដឹងអង់អាចប្រសើរជាងបុគ្គលដទៃ ទាល់តែហួសប្រមាណ រមែងកសេចក្ដីក្ដៅក្រហាយឱ្យចម្រើនឡើងដល់ពួកគណៈ ដោយប្រការយ៉ាងនេះ ព្រោះហេតុនោះ សម្ដេចព្រះមហាមុនីទ្រង់ប្រកាសសន្តិវរបទអមតធម៌ ទើបបានត្រាស់ប្រដៅពួកពុទ្ធបរិស័ទ ទាំងគ្រហស្ថទាំងបព្វជិតឱ្យមានការគិតឃើញត្រូវគ្នា ដោយគន្លងធម៌ជាគោលនៃការបដិបត្តិដើម្បីកម្ចាត់មានះទិដ្ឋិចាកសន្ដាន ព្រោះថាសេចក្ដីស្ងប់នេះ ចាត់ទុកជាគុណសម្បត្តិដ៏សំខាន់ក្នុងគតិលោកគតិធម៌ អាចឡើងទៅកាន់ភាពនៃវឌ្ឍនធម៌បាន។
សេចក្ដីស្ងប់នឹងកើតមានដល់ពួកគណៈ ក៏ត្រូវអាស្រ័យបុគ្គលមានការហាត់ពត់កាយ វាចា ចិត្ត ក្នុងខន្តីគុណ មិនជាមនុស្សឆេវឆាវឆាប់ក្រោធខឹងមិនញាប់ញ័រចំពោះភយន្តរាយ ទុកដាក់ខ្លួនជាកណ្ដាលឱ្យសមដល់ឋានៈ មានសតិមិនលើកតម្កើងខ្លួន មិនប្រកាន់វត្ថុណាមួយក្នុងលោកនេះថាជារបស់ខ្លួន បើទុកជាព្រាត់ប្រាសចាកវត្ថុនោះ ក៏មិនសូវមានសេចក្ដីសោកស្ដាយប៉ុន្មាន ព្រោះសព្វសង្ខារតែងតែសូន្យទៅនឹងមិនធ្លាក់ទៅក្នុងអគតិធម៌ទាំងឡាយដូច្នេះ ទើបតាំងនៅក្នុងសន្តិភាពមិនវិវាទទាស់ទែងគ្នាបាន ព្រោះមានបដិបទាដើរទៅកាន់ធម្មប្បដិបត្តិ។
ចំណែកខាងបុគ្គលអ្នកធ្លាក់ចុះនៅក្នុងអំណាចទិដ្ឋិមានះ កាលបើមានវិជ្ជាការចេះដឹង ក៏ច្រើនមានសេចក្ដីយល់ឃើញថា ខ្លួនមានគុណសម្បត្តិ សមត្ថភាពជាងបុគ្គលដទៃ លើកតម្កើងតែខ្លួនឯង មើលងាយគេ បុគ្គលបែបនេះឈ្មោះថាផ្សាំបណ្ដុះពូជនៃការមិនគាប់ចិត្តបុគ្គលឯទៀត បើទុកជាដំណើរខុស ដែលជនដទៃស្ដីប្រដៅស្រវារាវរកការត្រូវ ក៏គង់ប្រឹងជជែកតស៊ូយកជ័យជម្នះនិងការពារខ្លួន ព្រោះហេតុនោះ ការឃើញខុសជាហេតុឱ្យជជែកតវ៉ាគ្នា ទើបចាត់ជាមូលហេតុនៃវិវាទ។ មួយវិញទៀត បុគ្គលអ្នកឃើញវិបរិតមានចិត្តប្រកួតប្រកាន់ដោយមានះ រមែងសម្គាល់វត្ថុមិនមែនជាសារៈថាមានសារៈ សូម្បីវត្ថុត្រឹមតែកើតឡើងដោយសន្មតិ ក៏គង់ថាវត្ថុពិតប្រាកដទៀងទាត់ ទាំងច្រើនសម្ដែងលទ្ធិនោះ ឱ្យបុគ្គលដទៃជឿស្ដាប់បដិបត្តិតាមដូចប្រដៅថាលោកនេះ ជារបស់ទៀងជាដើម ដោយប្រាសចាកហេតុផលជាគ្រឿងអាង ព្រោះតាមការដែលពិត ពាក្យថាលោក ៗ នេះ ដោយសន្មតិកំណត់យកបញ្ចក្ខន្ធ ដែលធ្លាក់ចុះលុះក្នុងអំណាចជរា ព្យាធិ មរណៈ មានការកើតជាដើមចម មានការផ្លាស់ប្ដូរប្រែប្រួលទៅជាកណ្ដាល មានការបែកធ្លាយប្រេះឆាទៅជាទីបំផុត ដែលលោកហៅថាសត្វឬបុគ្គល ក៏ព្រោះសន្មតិតាមលោកវោហារយ៉ាងនេះឯង បើហៅដោយខ្លីថាបញ្ចក្ខន្ធគឺធាតុ ៤ ដី ទឹក ភ្លើង ខ្យល់ ផ្សំផ្គុំចូលគ្នាជារូបវេទនា សញ្ញា សង្ខារ វិញ្ញាណ អាស្រ័យនឹងគ្នា កាលបើបច្ច័យគឺធាតុ ៤ អស់កម្លាំងផ្គុំផ្ដុំគ្នាហើយ លោកគឺបញ្ចក្ខន្ធក៏នឹងតាំងនៅមិនបាន ត្រូវបែកធ្លាយទៅតាមបច្ច័យនោះដែរ សមតាមនិពន្ធពុទ្ធភាសិតថា យថា បច្ចយំ បវត្តន្តិ “របស់សព្វយ៉ាងដែលបច្ច័យប្រជុំឡើង រមែងប្រព្រឹត្តទៅតាមបច្ច័យ”។ ដូច្នេះ អ្នកដែលថាបញ្ចក្ខន្ធជារបស់ទៀងទាត់ ឈ្មោះថាខារខាំងរារាំងការឃើញត្រូវរបស់ជនដទៃ ដោយប្រាសចាកហេតុផល ព្រោះអំណាចទិដ្ឋិមានះ ចូលលុកលុយគ្របសង្កត់សន្ដានដោយរឹងប៉ឹងមិនព្រមរកហេតុផលក្នុងការយល់ឃើញរបស់អ្នកដទៃ ប្រកាន់មាំ ឈ្លក់ស៊ប់ក្នុងការយល់ឃើញរបស់ខ្លួន លើកតម្កើងធម៌ គឺការចេះដឹងរបស់ខ្លួនថាជារបស់ពិតឯការយល់ឃើញរបស់បុគ្គលដទៃមិនពិត ដោយមិនមានអាងហេតុផលព្រោះហេតុនោះឯង ការយល់ឃើញរបស់បុគ្គលបែបនេះ ទើបមិនប្រព្រឹត្តទៅដើម្បីសន្តិភាព សមសុខ ទាំងមិនអាចធ្វើខ្លួននិងបុគ្គលដទៃឱ្យដើរទៅកាន់ភូមិនៃវឌ្ឍនធម៌ និងអារ្យធម៌បានទេ មានតែប្រព្រឹត្តដើម្បីបំផ្លាញសាមគ្គីធម៌ ឱ្យបែកបាក់ឃ្លាតឃ្លាចាកគ្នា ទៅជាច្រើនពួកក្រុម និងជាហេតុនៃសេចក្ដីឈ្លោះវិវាទ ទាស់ទែងគ្នាឱ្យចម្រើនឡើងជាលំដាប់ ជាហេតុច្រានខ្លួនឯងនិងបុគ្គលដទៃទាំងពួកគណៈឱ្យធ្លាក់ទៅកាន់សេចក្ដីទុក្ខក្ដៅក្រហាយជានិរន្តរ៍ដោយពិត សមដូចពុទ្ធភាសិតដែលបានលើកទុកជានិក្ខេបទក្នុងខាងដើមថា ៖
សកញ្ហិ ធម្មំ បរិបុណ្ណមាហុ
អញ្ញស្ស ធម្មំ បន ហីនមាហុ
ឯវម្បិ វិគ្គយ្ហ វិវាទយន្តិ
សកំ សកំ សម្មតិមាហុ សច្ចន្តិ។
សម្មណព្រាហ្មណ៍ពួកខ្លះ ពោលសរសើរធម៌របស់ខ្លួនថា ពេញបរិបូណ៌ ពោលបង្គាប់ធម៌របស់ជនដទៃថាទាបថោក ពោលសន្មតិលទ្ធិរបស់ខ្លួន ថាជាគុណជាតិពិតប្រាកដ សមណព្រាហ្មណ៍ពួកនោះរមែងឈ្លោះប្រកែកគ្នាដោយហេតុយ៉ាងនេះឯង។
កាលបើពួកពុទ្ធសាសនិកបរិស័ទ បានជ្រាបអត្ថនៃភាសិតនេះហើយ សមគួរនឹងបដិបត្តិឱ្យសមដល់ឋានៈ និងជាទីគោរពសក្ការរាប់អានរបស់ប្រជុំជន នឹងបានទទួលសេចក្ដីសុខចម្រើន ទៅតាមផ្លូវវឌ្ឍនធម៌និងអារ្យធម៌ សមគួរដល់ការបដិបត្តិ សមសេចក្ដីប្រាថ្នាក្នុងវត្ថុដែលមិនលើសវិស័យសព្វយ៉ាង ដូចបានពណ៌នាមកក្នុងវិវាទូបសមកថាតាមពុទ្ធបរិហារ ល្មមសមគួរដោយប្រការយ៉ាងនេះ ។
ឯវំ សមគួរតាមកាលវេលាត្រឹមប៉ុណ្ណេះឯង។
ព្រះភិក្ខុ ហេន-ធឿង វត្តមហាមន្ត្រី
រៀបរៀង
ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៦៣