អភយទានពិសេស
នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស។
សូមនមស្ការចំពោះព្រះអរហន្តសម្មាសម្ពុទ្ធអង្គនោះ ( ព្រមទាំងព្រះធម៌និងព្រះសង្ឃ ដោយសេចក្ដីគោរព )។
លំដាប់នេះ សូមសម្ដែងអំពី អភយទានពិសេស ដូចដំណើរសេចក្ដីដែលនឹងអធិប្បាយ បរិយាយតាមហេតុផល ទុកជាសណ្ដាប់នៃពុទ្ធបរិស័ទតទៅ។
ពាក្យថា អភយទាន នេះ បានសេក្ដីថា ការឱ្យឱកាសដល់មនុស្សសត្វ មិនឱ្យមានភ័យ គឺថាទុកដាក់ខ្លួនយើងមិនឱ្យជាសត្រូវដល់មនុស្សនឹងតិរច្ឆាន ដោយការធ្វើខ្លួនយើងមិនឱ្យមនុស្សនឹងពួកសត្វមានសេចក្ដីភិតភ័យព្រោះហេតុតែយើង។
ពាក្យថា ពិសេស បានសេចក្ដីថា ដោយឡែក គុណដែលគួរសរសើរ ដែលប្លែកលើសលន់។ រួមសេចក្ដី ៖ ពាក្យដែលហៅថា ”អភយទានពិសេស” នេះ សំដៅយកការឱ្យភ័យចំពោះសត្វ ៣ ប្រភេទ ដែលជាបសុសត្វមានឧបការច្រើនមានគោជាដើម ដូចសេចក្ដីពណ៌នាតទៅនេះ ៖
បសុសត្វ (សត្វចិញ្ចឹម ) មានច្រើនប្រភេទគឺ គោ ក្របី សេះ ជាដើម។ គោ ក្របី សេះ ជាពាហនៈរបស់មនុស្សគ្រប់ប្រទេស។ មនុស្សទាំងអស់ សុទ្ធតែបានអាហារអំពីកម្លាំងគោ ក្របី ដែលជាសត្វបម្រើអ្នកធ្វើស្រែចម្ការ។ កម្លាំងរបស់គោ ក្របី បណ្ដាលឱ្យកើតបាន ស្រូវអង្ករ ល្ង សណ្ដែក ពោតជាដើម សម្រាប់ចិញ្ចឹមមនុស្សក្នុងលោក។ ផលិតផលដែលកើតអំពីធរណីទាំងប៉ុន្មាន ក៏សុទ្ធតែកើតមកអំពីកម្លាំងគោ ក្របី។ អ្នកធ្វើស្រែកចម្ការត្រូវមានគោ ក្របីនេះឯងជាដើមទ្រព្យ គោក្របីនេះជាដើមសេដ្ឋកិច្ចរបស់មនុស្សគ្រប់ប្រទេស ជាបសុសត្វមានឧបការគុណយ៉ាងធំលើសមនុស្ស គួរណាស់តែបសុសត្វពួកនេះបានទទួលយកអភយទានអំពីមនុស្ស។
គោ ក្របីជាសត្វបម្រើ ក្នុងការទឹមរទេះបរដឹកនាំអីវ៉ាន់គ្រប់មុខ ក្នុងការភ្ជួររាស់ដីស្រែចម្ការ ក្នុងការជិះចម្លងកាត់ទឹកភក់ ដែលយើងមិនអាចដើរដោយជើងបាន។ គោ ក្របីជាសត្វមានប្រយោជន៍ធំបំផុត ដែលអាចជួយជីវិតមនុស្សយើងឱ្យរស់នៅសព្វថ្ងៃនេះ គួរតែគោ ក្របីបានទទួលយកអភយទានអំពីមនុស្សដោយពិត។ ប៉ុន្តែបណ្ដាមនុស្សទាំងអស់មិនសូវដែលឮអ្នកណាមួយនិយាយសរសើរថា ” គោ ក្របីនេះមានឧបការគុណសោះ។ ជនជាតិខ្មែរអ្នកមានធម៌សប្បុរសនៅខេត្តក្រៅ ក្នុងកាលពីដើមមិនសូវមានអ្នកចេះបរិភោគគោ ក្របីទេ អ្នកខ្លះដែលមាន គោ ក្របីស្លាប់ និមន្តព្រះសង្ឃបង្សុកូល ឧទ្ទិសកុសលបញ្ជូនទៅឱ្យគោក្របីដែលស្លាប់នោះ រួចហើយក៏យកទៅកប់។ អ្នកខ្លះដល់ថ្ងៃភ្ជុំបិណ្ឌ ឈប់ភ្ជួររាស់អស់ ២ថ្ងៃក៏មាន ៣ថ្ងៃក៏មាន គេលាងទឹកគោក្របីឱ្យជ្រះស្អាតល្អ ហើយយកប្រេងម្សៅលាបក្បាលនឹងស្នែង រួចខមាលទោសចំពោះមុខគោ ក្របីនោះ ដោយពាក្យដ៏ទន់ភ្លន់ថា ” យើងបានយកឯងមកជាពាហនៈទឹមប្រើ ភ្ជួររាស់ដឹកនាំ ឥឡូវនេះដល់ថ្ងៃខែបុណ្យភ្ជុំបិណ្ឌ យើងលាងទឹកលាបប្រេងម្សៅឱ្យឯងរាល់គ្នា ដែលយើងបានប្រើប្រាស់ជេរស្ដីវាយប្រដៅបន្តិចបន្តួច សុំឯងរាល់គ្នា កុំចងកម្មពៀរនឹងយើង ទាំងយើងក៏សុំកុំមានកម្មពៀរនឹងឯងរាល់គ្នាហ្ន៎ា ! “។
មនុស្សជាន់ពីដើម បើតាមសង្កេតទៅឃើញថា មានឧត្ដមគតិបរិសុទ្ធណាស់ មិនសូវមានអ្នកពិឃាដគោក្របីទេ ទាំងអ្នកដែលចេះបរិភោគសាច់គោក្របីក្នុងឃុំនីមួយៗ ក៏មិនសូវមានឡើយ។ មនុស្សជាន់មុន ប្រើគោក្របីប្រកបដោយចិត្តមេត្តាករុណា ដោយបានឃើញគេបំប៉នស្មៅនិងទឹកឱ្យឆ្អែតស្កប់ស្កល់ល្អណាស់។ អ្នកខ្លះច្រូតស្រូវសម្ទូងដែលល្អឱ្យគោក្របីបរិភោគឱ្យបានឆ្ងាញ់ម្ដងមួយកាល។
សេះជាពាហនៈសម្រាប់បម្រើមនុស្សដែលត្រូវការជិះក៏បាន ទឹមរទេះក៏បាន។ សេះជាសត្វមានកម្លាំងអត់ធ្មត់មានល្បឿនលឿនជាងសត្វទាំងអស់ មិនឆាប់ហត់នឿយសណ្ដាបញើសដូចគោក្របីទេ សេះរាប់ថាជាសត្វមានប្រយោជន៍ក្នុងការជិះដោយមានការប្រញាប់។ សង្រ្គាមជើងគោកតាំងពីសម័យព្រេងនាយរហូតដល់បច្ចុប្បន្ននេះ គេតែប្រើសេះជាពាហនៈក្នុងសង្រ្គាម បាលីហៅថា ” អស្សានីក ” ប្រែថា ” កងទ័ពសេះ ” ឬថា ” ពួកទាហានសេះ ” សេះក៏រាប់ថាជាបសុសត្វមានឧបការៈដល់មនុស្សបន្ទាប់បន្សំនឹងគោក្របីដែរ។ អ្នកប្រើសេះក៏គួរតែថ្នាក់ថ្នមដោយមេត្តាករុណា ហើយគួរតែឱ្យអភ័យដល់ជីវិតបសុសត្វនេះកុំខាន។
ប្រជាជនឥណ្ឌាមិនបរិភោគសាច់គោក្របី
ប្រជាជនភាគច្រើននៅប្រទេសឥណ្ឌាដែលកាន់សាសនាព្រាហ្មណ៍និងសាសនាព្រះពុទ្ធ វៀរលែងតែពួកអ្នកកាន់សាសនាឥស្លាម មិនបរិភោគសាច់គោក្របីទេគេទុកជាសត្វមានឧបការគុណជាទីបំផុត សូម្បីកាលនៅក្រោមអំណាចរដ្ឋាភិបាលអង់គ្លេស អ្នកដែលធ្វើការរាជការជាមួយនឹងអង់គ្លេស ទោះបីអង់គ្លេសនិយាយដឹកនាំយ៉ាងណា ក៏មិនព្រមបរិភោគសាច់គោដោយដាច់ខាត។ ឥឡូវនេះ រដ្ឋាភិបាលបណ្ឌិតនេហ្រុប្រទេសឥណ្ឌា បានបញ្ញត្តទួទៅក្នុងអាណាចក្រទាំងមូល តាមផ្លូវការហាមផ្ដាច់មិនឱ្យពិឃាដគោក្របី។ បើអ្នកណាពិឃាដនឹងត្រូវទោសជាទម្ងន់ ប្រហែលគ្នានឹងទោសពិឃាដមនុស្សដែរ។ អ្នកប្រទេសឥណ្ឌាភាគច្រើនមិនបរិភោគសាច់សត្វ សូម្បីសាច់មាន់ទាជ្រូកក៏គេមិនបរិភោគ ដើម្បីរក្សារាងកាយឱ្យប្រកបដោយអនាម័យ ឱ្យរាងកាយមានសុខភាពល្អដោយកេយល់ឃើញថា សាច់ជាហេតុនាំឱ្យកើតរោគច្រើនយ៉ាង មានលោហិតរោគជាដើម។ លោហិតរោគ ( រោគឈាមលើស ) ដែលនាំឱ្យខ្លួនយើងមានរោគដាច់សរសៃ ក៏ព្រោះទោសល្មោភបរិភោគសាច់បណ្ដាលហេតុឱ្យមនុស្សមានស្លាប់ជាច្រើន។ គេតមសាច់គោក្របីតឹងរឹងបំផុតដូចពួកចាមជ្វាតមសាច់ជ្រូកដែរ។ មួយទៀត ជនជាតិឥណ្ឌាដែលកាន់សាសនាព្រាហ្មណ៍ឬកាន់សាសនាព្រះពុទ្ធ ឬកាន់សាសនាព្រះពុទ្ធសព្វថ្ងៃនេះដែលតមសាច់ត្រី កាន់តែច្រើនណាស់ហើយ ដោយគេយល់ឃើញហេតុ៥ យ៉ាងគឺ ៖
១- ការមិនបរិភោគសាច់ត្រីនេះ ឈ្មោះថាជាជីវិតទានដល់ពួកសត្វតិរច្ឆានគ្រប់ប្រភេទ។
២- អហឹសាលទ្ធិ ( លទ្ធិមិនបៀតបៀនមនុស្សសត្វ ) ជាលទ្ធិរបស់រដ្ឋបុរសមួយរូបឈ្មោះ មហត្មគន្ធី ដែលជាលទ្ធិល្អគួរគោរព គួរជឿ។
៣- សាសនាព្រាហ្មណ៍ មានបវត្តិការណ៍តាំងអំពីព្រេងនាយយូរលង់ណាស់មកហើយថា បើអ្នកណាបរិភោគសាច់គោក្របី គេកាត់កាល់លែងរាប់អានអ្នកនោះថា ជាអារ្យមនុស្សហើយ គេទុកដាក់អ្នកបរិភោគសាច់គោក្របីថាជា អនារ្យមនុស្ស បានដល់មនុស្សចណ្ឌាល ឬមនុស្សមិលក្ខជាតិ គឺជាតិមនុស្សថោកទាប មនុស្សមានជាតិអាក្រក់ មនុស្សព្រៃផ្សៃ។
៤- គោក្របីជាសត្វមានឧបការគុណដល់មនុស្សដែលអាចជួយជីវិតមនុស្សដោយកម្លាំងកាយច្រើនណាស់ ទាំងជាសត្វស្លូតបូត។
៥- គោជាបសុសត្វដែលមនុស្សគួរដឹងគុណបំណាច់ ព្រោះថាក្នុងសាសនាព្រាហ្មណ៍មានដំណាលរឿងថា ” គោជាឈ្មោះទេវបុត្រមួយអង្គ ជាពាហនៈ គឺជាយានជំនិះរបស់ព្រះសិវៈ (ព្រះឥសូរ ) ដែលឋិតនៅក្នុងឋានសួគ៌ទេវលោក ”។ គោទេវបុត្រនេះឈ្មោះ នន្ទិ ដែលគេហៅថា ” គោនន្ទិទេវបុត្រ ”។ ទេវបុត្រនោះតែងដំណែងខ្លួនធ្វើជាគោ ដើម្បីជាយានជំនិះថ្វាយព្រះសិវៈ ដែលត្រូវការជិះទៅកាន់ទីណាមួយ។ គោនន្ទិទេវបុត្រនេះ ជាអ្នកបម្រើយ៉ាងសំណព្វរបស់ព្រះសិវៈដែលឥណ្ឌាឱ្យនាមថា ” គោឧសភរាជ ” គឺស្ដេចគោឈ្មោល។ ខ្មែរយើងធ្លាប់កាន់សាសនាព្រាហ្មណ៍ដែរ បានជាមានពាក្យថា ” ព្រះគោ ” ដោយការជាប់ចិត្តគោរពនោះទេដឹង ? មានទាំងពាក្យហៅថា ” ព្រះគោ ព្រះកែវ ”។ ពាក្យថា ” ព្រះគោ ព្រះកែវ ” នេះ ប្រហែលជារូបគោ ដែលគេកសាងទុកជាតំណាងនៃគោនន្ទិទេវបុត្រ, ទាំងរូបគោនោះគេធ្វើអំពីកែវ ឬក៏សំដៅព្រះពុទ្ធរូបកែវមរកតទេដឹង ?
អាស្រ័យហេតុ ៥ យ៉ាងនេះហើយ បានជាពួកអ្នកកាន់សាសនាព្រាហ្មណ៍ប្រទេសឥណ្ឌាគោរពគោ មិនបរិភោគសាច់គោដរាបមក។
ហេតុ ៥ យ៉ាងដូចពោលមកខាងលើនេះ អាចបញ្ញត្តរារាំងជនជាតិអ្នកកាន់សាសនាព្រាហ្មណ៍មិនបរិភោគត្រីសាច់។ ប្រជាជាតិខ្មែរយើងក៏គួរពិចារណាតាមហេតុ ៥ យ៉ាងនេះដែរ ប៉ុន្តែត្រង់ហេតុទី ៥ នោះ មានគម្ពីរជាតកក្នុងពុទ្ធសាសនារបស់យើងថា ” ព្រះសម្មាសម្ពុទ្ធកាលនៅជាពោធិសត្វ ដែលកំពុងត្រាច់រង្គាត់ក្នុងភពវដ្ដសង្សារនៅឡើយ ព្រះអង្គក៏ធ្លាប់យកជាតិជាគោដែរ ”។
គម្ពីរជាតកក្នុងពុទ្ធសាសនា មានអតីតនិទានដំណាលថា កាលព្រះសម្មាសម្ពុទ្ធបរមគ្រូរបស់យើង កំពុងអន្ទោលយោនកំណើតនៅក្នុងឋានៈជាព្រះពោធិសត្វ ដែលនៅត្រាច់រង្គាត់ក្នុងវាលវដ្ដសង្សារនៅឡើយព្រះអង្គធ្លាប់ចាប់ជាតិកំណើតជាគោ ដែលមាននៅក្នុងជាតកហៅថា ” កណ្ហឧសភជាតក ” និង ” នន្ទិវិសាលជាតក ”។ ជាតកនៃព្រះពោធិសត្វដែលធ្លាប់ចាប់ជាតិជាគោពីរជាតិនេះ សឹងមានប្រាកដនៅក្នុងគម្ពីរជាតកឯណោះស្រាប់ហើយ។ យើងអ្នកកាន់ព្រះពុទ្ធសាសនា កាលបើពិចារណាដល់រឿងជាតករបស់ព្រះពោធិសត្វ ដែលទ្រង់ធ្លាប់យកជាតិជាគោនេះ យើងគួរមានចិត្តមេត្តាករុណាដល់គោ មិនគួរនឹងហ៊ានពិឃាដគោ ឬបរិភោគសាច់គោសោះឡើយ។ កាលព្រះអង្គបានត្រាស់ដឹងគង់ក្រោមម្លប់ពោធិព្រឹក្ស យើងជាពុទ្ធបរិស័ទ តែងមានសេចក្ដីគោរពចំពោះពោធិព្រឹក្ស មិនហ៊ានកាប់ដើមពោធិព្រឹក្សទេ សូម្បីពាក់មួក ឬបាំងឆត្រដើរក្រោមដើមពោធិព្រឹក្ស ក៏យើងមិនហ៊ាន។ ចំណែកខាងពោធិព្រឹក្សដែលយើងគោរពយ៉ាងណា គោក៏យើងគួរគោរពយ៉ាងនេះដែរ។ ករណីនេះកាលបើយើងពិចារណាដោយហ្មត់ចត់ មិនគួរហ៊ានបរិភោគសាច់គោឡើយ។
ពួកតិរច្ឆានក្រៅពីគោ ដូចយ៉ាងដំរី ត្រីរ៉ស់ ចាបជាដើមក៏មានជាតកដែលនិយាយអំពីព្រះសម្មាសម្ពុទ្ធធ្លាប់ចាប់ជាតិដែរ ប៉ុន្តែជារឿងជាតកកន្លងទៅជាយូរអង្វែងណាស់ហើយ មួយទៀតដូចយ៉ាងដំរី ជាសត្វចតុប្បាទមានខ្លួនធំណាស់ ប៉ុន្តែជាសត្វមិនសូវមានប្រយោជន៍ច្រើនដូចគោក្របីទេ ចំណែកខាងត្រីរ៉ស់និងចាបជាដើម ជាតិតិរច្ឆានតូចតាចមិនរាប់ថាជាបសុសត្វ ( សត្វចិញ្ចឹម ) ទេ តែបើពុទ្ធបរិស័ទមានសេចក្ដីគោរពដោយការមិនបៀតបៀន មិនបរិភោគសត្វទាំងនេះបាន ក៏រឹតតែប្រសើរណាស់ទៅទៀត។
គោព្រះរាជទ្រព្យក្នុងពិធីច្រត់ព្រះនង្គ័ល
នៅក្នុងប្រទេសកម្ពុជាយើងមានទំនៀមព្រះរាជពិធីច្រត់ព្រះនង្គ័ល។ ពិធីនេះជារបស់ព្រះមហាក្សត្រ ដែលតែងធ្វើរៀងរាល់ឆ្នាំមិនដែលដាច់ ព្រះរាជពិធីនេះយកគោមកទឹមនង្គ័លរួចថ្វាយព្រះមហាក្សត្រដើម្បីច្រត់ភ្ជួរជាកិច្ចមង្គលនាំមុខបណ្ដារាស្ត្រ ដើម្បីពិសោធសម្បូងសង្រូងឱ្យប្រជាជនធ្វើស្រែក្នុងឆ្នាំនេះបានផលបរិបូណ៌ បានសុខសប្បាយក្នុងការធ្វើស្រែ។ គោមួយនឹមដែលយកមកទឹមក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លនោះ ជាគោព្រះរាជទ្រព្យហៅថា គោឧសភរាជ ដែលចិញ្ចឹមទុកជាទីប្រោសប្រាណដោយមេត្តាករុណាដ៏ល្អបំផុត។ គោមួយនឹមរបស់ព្រះរាជទ្រព្យនោះ ជាសត្វមានភព្វសំណាងល្អណាស់ ដែលរួចខ្លួនអំពីការពិឃាដ ដោយការទទួលអភយទានអំពីព្រះមហាក្សត្រិយ៍ ឯគោក្រៅពីនេះមិនទាន់ដែលបានទទួលអភយទានសោះ។
ប្រទេសភូមាបញ្ញត្តមិនឱ្យពិឃាដគោក្របី
ប្រទេសភូមាដែលទើបរួចពីអាណានិគមអង់គ្លេសថ្មីៗ បានទទួលឯករាជ្យបរិបូណ៌ ឥឡូវនេះឮថារដ្ឋាភិបាលភូមា បានបញ្ញត្តដាច់ខាតមិនឱ្យពិឃាដគោក្របីដូចប្រទេសឥណ្ឌាដែរ លុបបំបាត់មិនឱ្យមានសមាគម ( កុងស៊ី ) ពិឃាដគោក្របីឡើយ ទុកឱ្យនៅមានតែសមាគមពិឃាដជ្រូក ពពែមាន់ទា ប៉ុណ្ណោះ ដោយគេយល់ឃើញថា គោក្របីនេះជាសត្វមានគុណូបការ ជាប្រយោជន៍ជួយបំពេញករណីយកិច្ចរបស់មនុស្សយ៉ាងធំណាស់ ត្រូវតែឱ្យអភ័យដល់សត្វពួកនេះ មិនត្រូវពិឃាដឡើយ គោក្របីនេះ យើងត្រូវចិញ្ចឹមគ្រាន់តែទុកទឹមប្រើ ឬរូតយកទឹកដោះប៉ុណ្ណោះ មិនត្រូវពិឃាដយកសាច់មកធ្វើជាអាហារឡើយ គេបានទាំងបង្កើតសមាគម សម្រាប់ទទួលយកគោក្របីចាស់ៗ ចិញ្ចឹមទុកឱ្យទាល់តែស្រុតថែមទៀត ព្រោះហេតុនោះត្រូវតែយើងមានមេត្តាករុណាទំនុកបម្រុងតាមសមគួរដល់សត្វដែលមានឧបការដូចយ៉ាងគោក្របីសេះ។
ប្រទេសកម្ពុជាយើង ជាប្រទេសកាន់ព្រះពុទ្ធសាសនាដូចប្រទេសឥណ្ឌា ភូមាដែរ ទាំងឯករាជ្យក៏មានកេតនភណ្ឌកាន់តែភ្លឺថ្លាបរិបូណ៌ហើយ គួរតែចែកសិទ្ធិឯករាជ្យដល់គោក្របីឱ្យគ្នារួចអំពីការពិឃាដផង។ យើងអ្នកកាន់ព្រះពុទ្ធសាសនា ស្គាល់សិក្ខាបទទី១ របស់និច្ចសីល ជាពុទ្ធប្បញ្ញត្តិដែលព្រះអង្គហាមមិនឱ្យសម្លាប់សត្វនោះស្រាប់ហើយ សូម្បីសត្វល្អិតៗ មានសង្កើចចៃជាដើមក៏ត្រូវហាមទាំងអស់។ ចំណែកខាងសត្វមាន់ទាជ្រូកជាបសុសត្វដែរ ប៉ុន្តែគេមិនរាប់ថាជាពាហនៈទេ ឯគោក្របី ជាសត្វបម្រើមានឧបការជួយកម្លាំងមនុស្សបានធំទូលាយណាស់ គួរតែយើងអ្នកកាន់ព្រះពុទ្ធសាសនាឱ្យអភ័យទោស ឱ្យសិទ្ធិដល់គោក្របីឱ្យគ្នារួចខ្លួនស្រឡះអំពីការពិឃាដ ទើបឈ្មោះថាយើងអ្នកមានមនុស្សធម៌ ឬយុត្តិធម៌ដ៏ប្រសើរ របស់មនុស្សអ្នកមានធម៌វិន័យក្នុងព្រះពុទ្ធសាសនាដោយពិតផង ឈ្មោះថាយើងបានរក្សាវិរតិសីលពិសេសផង។
គោក្របីជាសត្វមានកម្លាំងឱ្យប្រើប្រាស់ ជាប្រយោជន៍ដល់មនុស្ស គួរយើងជាមនុស្សប្រើប្រាស់ដោយសេចក្ដីករុណាអាណិតអាសូរ យើងជាមនុស្សត្រឡាំងមិនសមបើធ្វើចិត្តទុច្ចរិតអាក្រក់ឥតមេត្តាករុណា ឥតនឹកឃើញឧបការរបស់គោក្របី ដែលយកគ្នាមកប្រើជួយកម្លាំងដើម្បីបានប្រយោជន៍ បានសុខមកខ្លួនជាច្រើនណាស់ បើតាមសង្កេតដោយយុត្តិធម៌ដ៏បរិសុទ្ធ ឃើញថាមិនគួរហ៊ានប្រមាថពាធជន្ម ហ៊ានពិឃាដ ហ៊ានបរិភោគសាច់គោក្របីសោះឡើយ។ ការពិឃាដគោក្របីនេះជាអកតញ្ញុតា ជាអំពើបាប ឬជាអំពើអយុត្តិធម៌មួយដែលគួរឱ្យស្ញប់ស្ញែងយ៉ាងធំក្រៃលែងរបស់មនុស្សអ្នកកាន់ធម៌ ក្នុងពុទ្ធសាសនា។ សូម្បីក្នុងគម្ពីរក៏មានសម្ដែងថា សម្លាប់សត្វមានគុណធំ មានទោសធំដែរ។
យើងអ្នកកាន់ព្រះពុទ្ធសាសនានៅប្រទេសកម្ពុជា កាលបើឮដំណឹងថា ប្រទេសឥណ្ឌានិងប្រទេសភូមាឱ្យអភ័យទោសដល់គោក្របី ដោយការវៀរស្រឡះអំពី ការពិឃាដគោក្របីដូច្នោះហើយ ប្រហែលជាលោកអ្នកសប្បុរសខ្លះ ដែលធ្លាប់មានព្រហ្មវិហារធម៌នឹកក្នុងចិត្តដោយសោមនស្សត្រេកអរអនុមោទនាចំពោះប្រទេសនោះពុំខាន ព្រោះគោលបំណងរបស់យើងអ្នកកាន់ព្រះពុទ្ធសាសនា ដែលយើងធ្លាប់វៀរចាកបាណាតិបាតមកក៏មានស្រាប់ហើយ។ ត្រីសាច់ទាំងអស់គេធ្លាប់រាបអានថាជាអាហារក៏ពិតមែនហើយ ប៉ុន្តែយើងអ្នកកាន់ព្រះពុទ្ធសាសនា គួរពិចារណាអាហារផង ដូចយ៉ាងសាច់គោក្របី មិនគួរយកមកធ្វើជាអាហារសម្រាប់មនុស្សអ្នកមានសីលធម៌សោះ អ្នកល្មោភស៊ីសាច់ ច្រើនតែស្រូតទៅរកសុរាមកផឹកក្លែមថែមទៀតក៏មាន នាំបណ្ដាលឱ្យស្រវឹងខូចប្រាជ្ញាស្មារតីនាំបង្កជម្លោះទាស់ទែងវាយកាប់គ្នាក៏មាន។
គោក្របីដែលយើងពុំគួរសម្លាប់នោះដោយហេតុ ៦ យ៉ាង ៖
១- ព្រោះហេតុថា បសុសត្វមានឧបការគុណច្រើនដល់មនុស្ស
២- ព្រោះហេតុថា អ្នកសម្លាប់សត្វដែលមានរាងកាយធំ ត្រូវមានទោស ជាមហាសាវជ្ជៈ ( ទោសច្រើន )
៣- ព្រោះហេតុថា គោជាតិរច្ឆានដែលព្រះបរមពោធិសត្វធ្លាប់ចាប់ចាតិដែរ
៤- ព្រោះហេតុថា សាច់គោក្របីកាលបើអ្នកល្មោភបរិភោគសាច់បណ្ដាលឱ្យកើតរោគច្រើនយ៉ាងមានលោហិតរោគ ( រោគឈាមលើស ) ជាដើម ដែលជាហេតុនាំឱ្យដាច់សរសៃស្លាប់ដោយងាយ
៥- ព្រោះហេតុថា យើងជាមនុស្សត្រឡាំងពុំគួរទុកដាក់ខ្លួនជាមនុស្សអកតញ្ញូចំពោះគោក្របីសោះ
៦- ព្រោះហេតុថា ប្រទេសឥណ្ឌា ភូមា ដែលជាពុទ្ធសានិកដូចយើងដែរ គេតមដាច់ខាតក្នុងការពិឃាដគោក្របី។
គោក្របីនេះ ជាសត្វជួយស្រោចស្រង់ជីវិតមនុស្ស ឱ្យរស់នៅឱ្យប្រយោជន៍ធំណាស់។ យើងជាមនុស្សនៅក្នុងសង្គមមនុស្ស ទាំងគោក្របីដែលជាបសុសត្វ ក៏យើងយកមកប្រើប្រាស់ជួយជាកម្លាំង នៅក្នុងសង្គមជាមួយនឹងយើងជាមនុស្សដែរ។ យើងគួរចិញ្ចឹមទុកដើម្បីគ្រាន់តែប្រើប្រាស់ដោយការទឹមដឹកនាំ ទឹមនង្គ័លភ្ជួររាស់ដោយចិត្តក៏ត្រជាក់ប្រកបដោយមេត្តាករុណាប៉ុណ្ណោះបានហើយ មិនគួរយើងសម្លាប់ជីវិតយកសាច់បរិភោគ ឬលក់ទៅឱ្យឈ្មួញដែលទិញយកទៅឱ្យសមាគមពិឃាដសោះឡើយ គួរឱ្យអាណិតអាណោចខ្លោចផ្សាចំពោះគោក្របីពន់ពេកណាស់។ បើយើងមិនបានធ្វើកិច្ចតបគុណណាមួយដល់គោក្របីក៏ហើយទៅចុះ យើងកុំតែពិឃាដ ឬកុំលក់ទៅឱ្យអ្នកពិឃាដក៏ឈ្មោះថា យើងមានសប្បុរសធម៌ក្នុងសន្ដាន សមគួរដល់មនុស្សធម៌ណាស់ហើយ។
ប្រជាជនប្រទេសឥណ្ឌា ទាំងអ្នកកាន់សាសនាព្រះពុទ្ធ ទាំងអ្នកកាន់សាសនាព្រាហ្មណ៍ តែងពោលពាក្យរិះគន់ពេបជ្រាយចំពោះអ្នកដែលបរិភោគសាច់គោក្របី ថាជាមិលក្ខជាតិ គឺជាតិនៃមនុស្សអាក្រក់ថោកទាបជាទីបំផុត។ មួយទៀត ជនដែលគេហៅថា មិលក្ខជាតិនោះ ដោយគេសម្គាល់មនុស្ស ៣ ពួក ៖
១- គោមំសភក្ខកោ ជនអ្នកស៊ីសាច់គោ
២- លោកវាក្យញ្ច ភាសតេ អ្នកនិយាយពាក្យ តែខាងផ្លូវលោក
៣- សព្វាចារវិហីនោ ជាអ្នកប្រាសចាកមាយាទគ្រប់យ៉ាង។
ប្រជាជនឥណ្ឌាយល់ថា គោទុកជាម្ដាយរបស់មនុស្ស ព្រោះថាទារក ទារិកា ដែលកើតអំពីម្ដាយ ចួនកាលម្ដាយមានជំងឺតម្កាត់ណាមួយមិនមានទឹកដោះបំបៅកូនក៏មាន ម្ដាយស្លាប់ចោលកូនទៅក៏មាន។ ទារក ទារិកា ទាំងនោះ ក៏ត្រូវគេចិញ្ចឹមឱ្យរស់នៅបាន ដោយទឹកដោះគោ ព្រោះហេតុនោះ កាលបើអ្នកណាមួយហ៊ានពិឃាដគោ ឬស៊ីសាច់គោ អ្នកនោះទុកដូចជាអ្នកពិឃាដម្ដាយ ឬស៊ីសាច់ម្ដាយរបស់ខ្លួន។
ពាក្យឬរឿងរ៉ាវដែលត្រូវនិយាយ មានច្រើនយ៉ាងពិតមែន ប៉ុន្តែបើបំព្រួញដោយខ្លីមានតែ ២ យ៉ាងគឺ លោកវាក្យៈ ពាក្យដែលនិយាយក្នុងរឿងផ្លូវលោក ១ ធម្មវាក្យៈ ពាក្យដែលនិយាយក្នុងរឿងផ្លូវធម៌ឬប្រកបដោយធម៌ ១។ ពួកជនណាច្រើនចូលចិត្តនិយាយតែផ្លូវលោកម្យ៉ាង មិននិយាយផ្លូវធម៌ផង ពួកជននោះគេតែងរិះគន់ថាជាមនុស្សថោកទាប។
ពាក្យថា ” ប្រាសចាកមាយាទគ្រប់យ៉ាង ” បានដល់បុគ្គលអ្នកប្រព្រឹត្តក្នុងផ្លូវអបាយមុខ មានការលេងល្បែងស៊ីសង និងការផឹកសុរាជាដើម។ ពួកជនណា ជាអ្នកប្រកបដោយមាយាទថោកទាប មានការប្រព្រឹត្តក្នុងផ្លូវអបាយមុខជាដើម ពួកជននោះគេតែងហៅថា អនារ្យមនុស្ស គឺមនុស្សពុំប្រសើរឡើយ។ សមដូចបាលីលោកនីតិរបស់ប្រទេសឥណ្ឌាថា ៖
គោមំសភក្ខមោ យោ តុ លោកវាក្យញ្ច ភាសតេ
សព្វាចារវិហីនោយំ មិលក្ខជាតិ វុច្ចតេ។
យេ ច ខាទន្តិ គោមំសំ មាតុមំសំវ ខាទយេ
មតេសុ តេសុ គិជ្ឈានំ ទទេ សោតេ ច វាហយេ។
ប្រែថា ” ជនណាជាអ្នកស៊ីសាច់គោ ១ និយាយតែរឿងផ្លូវលោក ១ ជាអ្នកប្រាសចាកមាយាទគ្រប់យ៉ាង ១ ជននោះគេតែងហៅថា មិលក្ខជាតិ។
ពួកជនណាស៊ីសាច់គោ ពួកជននោះ ទុកដូចជាស៊ីសាច់ម្ដាយរបស់ខ្លួន កាលបើគោក្របីស្លាប់ យើងគួរឱ្យទានដល់ត្មាតទាំងឡាយ ឬយកទៅបន្សាត់ចោលក្នុងខ្សែទឹក ”។
សេចក្ដីនេះ ជាបវេណីធម៌របស់ប្រជាជនឥណ្ឌាដែលជាអ្នកកាន់សាសនាដ៏ឧក្រិដ្ឋ។
ដំណើរសេចក្ដីអធិប្បាយអត្ថបទ អំពីការឱ្យអភ័យដល់គោក្របី ដូចហេតុផលដែលអាងមកនេះ ដើម្បីឱ្យពុទ្ធបរិស័ទក្នុងប្រទេសកម្ពុជាយើងពិចារណាទៅ។ បទបញ្ញត្តិអំពីការពិឃាដគោក្របីនេះ ជាភារៈនៅលើយើងទាំងឡាយជាអ្នកកាន់ព្រះពុទ្ធសាសនា បើយើងពិចារណាឃើញជាក់ច្បាស់ហើយ ព្រមព្រៀងគ្នាមិនបរិភោគសាច់គោក្របី អ្នកសម្លាប់គោក្របីក៏មិនសូវមាន យើងទាំងឡាយក៏ឈ្មោះថា ឱ្យអភ័យដល់ជីវិតគោក្របី។ បើទុកជានៅមានអ្នកសម្លាប់ក៏មានចំនួនតិចដែរ ប៉ុន្តែដំណើរការពិឃាដគោក្របីនេះ បើជារាជរដ្ឋាភិបាល ពិចារណាឃើញថា ការបិទសមាគមពិឃាដគោក្របីមិនខាតផលសេដ្ឋកិច្ចប៉ុន្មានទេ អាចចេញច្បាប់បញ្ញត្តជាផ្លូវការទួទៅ ក្នុងព្រះរាជាណាចក្រទាំងមូលហាមផ្ដាច់មិនឱ្យពិឃាដគោក្របី ដូចប្រទេសឥណ្ឌា ភូមាបាននោះជាការប្រសើរណាស់។ ឯសមាគម ( កុងស៊ី ) ពិឃាដគោដែលធ្លាប់មានពីមុនមក ក៏ត្រូវបំបាត់ចោលឱ្យអស់កុំឱ្យពិឃាដជាដាច់ខាត។ បើរាជរដ្ឋាភិបាលអាចបញ្ញត្តដូច្នេះបាន ប្រហែលជាប្រជាជនអ្នកកាន់ពុទ្ធសាសនា ដោយភាគច្រើន មានសេចក្ដីត្រេកអរសាទរជាអនេកបរិយាយ។ ឯការបញ្ញត្តដ៏ប្លែកក្នុងការឱ្យអភ័យដល់ជីវិតគោ ក្របីនេះ ឈ្មោះថាជាឧត្ដមគតិដ៏ខ្ពស់បំផុត របស់រាជរដ្ឋាភិបាល ដែលគួរអ្នកប្រវត្តិសាស្ត្រចារឹកកត់ត្រាទុក ក្នុងប្រវត្តិនៃប្រទេសកម្ពុជាតទៅ។
ពណ៌នាអំពីអភយទានពិសេស សូមសន្មតថាចប់តែប៉ុណ្ណេះ។
ទុក្ខរបស់អ្នកក្រីក្រ
«មុនបង្អស់ ការកើតមកជាទុក្ខក្រៃលែងទៅហើយ តពីកើតមកមានតែទុក្ខកើតពីក្រីក្រ ទុគ៌តគ្រប់កាលទាំងពួង តមកប្រព្រឹត្តធម៌ចិញ្ចឹមជីវិតដោយការធ្វើជាខ្ញុំបម្រើគេ ក៏ទុក្ខទៀត ឱហ្ន៎ជីវិតនេះ មានតែទុក្ខត្រួតលើទុក្ខតៗ គ្នាយ៉ាងនេះទេតើ !»
បញ្ចតន្រ្តៈ
ឧបាលិវង្ស សូរ ហាយ វត្តឧណ្ណាលោម
ក្រុមជំនុំព្រះត្រៃបិដក
រៀបរៀង
ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៥៥