ព្រះរាជោវាទ

សារវន្តកថា

ក្នុងអតីតកាលដ៏អង្វែងឆ្នាំទៅហើយ មានព្រះមហាក្សត្រ១ព្រះអង្គទ្រង់ព្រះនាម ព្រះបាទព្រហ្មទត្ត សោយរាជ្យនៅនគរពារាណសី ជាស្ដេចមហាអំណាចក្នុងលោក។ ព្រះបរបមពោធិសត្វទេវបុត្រយាងចាកសតុសិតសួគ៌ចូលមកចាប់បដិសន្ធិ ក្នុងផ្ទៃនៃអគ្គជាយានៃព្រះបាទព្រហ្មទត្ត។ លុះព្រះទសមាស ព្រះពោធិសត្វប្រសូតចាកឧទរព្រះមាតាដោយសួស្ដី។ ក្នុងថ្ងៃទី ៣ អំពីថ្ងៃប្រសូតនោះ ព្រះមាតាបិតានិងព្រះញាតិវង្សបានធ្វើនាមគ្គហណមង្គលថ្វាយព្រះនាមព្រះពោធិសត្វថា ព្រហ្មទត្តកុមារ។ ព្រះពោធិសត្វលុះចម្រើនវ័យវឌ្ឍនាការបានព្រះជន្ម ១៦ វស្សា ទ្រង់យាងទៅរៀនសិល្បៈនិងវិទ្យាសាស្ត្រគ្រប់យ៉ាងឯនគរតក្កសិលា។

កាលព្រះពោធិសត្វរៀនចប់គ្រប់សិល្បសាស្ត្រហើយ ក៏ស្ដេចយាងត្រឡប់មកកាន់ប្រទេសជាមាតុភូមិវិញ។ លុះព្រះរាជបិតាព្រះអង្គទ្រង់ទីវង្គតទៅ ព្រះពោធិសត្វទ្រង់គង់លើស្វេតច្ឆត្រ សោយរាជ្យសម្បត្តិជាតំណអំពីព្រះរាជបិតា គេថ្វាយព្រះនាមថាព្រះបាទព្រហ្មទត្ត។ ចាប់តាំងអំពីព្រះអង្គសោយរាជ្យមក ទ្រង់ប្រព្រឹត្តទសពិធរាជធម៌ ទ្រង់មានតេជានុភាពច្រើន ទ្រង់ចាត់ចែងតុលាការ ឆ្ងាយចាកអគតិទាំងពួង។ ដោយសារតែព្រះបរមពោធិសត្វគ្រប់គ្រងផែនដីដោយសីលធម៌ នាម៉ឺនមុខមន្ត្រីទាំងឡាយក៏តាំងនៅក្នុងសុចរិតយុត្តិធម៌ ក្នុងការវិនិច្ឆ័យនៃកិច្ចការទាំងពួង។

សេចក្ដីវិវាទ រាជអាមាត្យទាំងឡាយវិនិច្ឆ័យតាមលំអាននៃសុចរិតគួរវិវាទដែលប្រព្រឹត្តអំពើល្មើស ក៏វិនាសសាបសូន្យ លែងមានក្នុងព្រះនគរ។ ការជ្រួលច្របល់អំពីក្ដីក្ដាំក៏ស្ងាត់សូន្យឈឹង។ រាល់ថ្ងៃនាម៉ឺនមុខមន្ត្រីទាំងអស់មកប្រជុំនៅក្រសួងតុលាការ តែឥស្សរជនទាំងនោះ ឥតបានឃើញគូរក្ដីដល់ម្នាក់មកប្ដឹងផ្ដល់ទៀតទេ ហេតុនេះ សាលាក្រសួងតុលាការក៏គេបិទទ្វារអស់។

ខណៈនោះ ព្រះបរមពោធិសត្វទ្រង់ព្រះតម្រិះថា “អាត្មាអញសោយរជ្យ ប្រកបដោយទសពិធរាជធម៌ហើយ បានជាគ្មាននរណាម្នាក់មកប្ដឹងឱ្យជំនុំជម្រះសោះ ជម្លោះផ្សេងៗក៏រលាយបាត់បង់អស់ ក្រសួងតុលាការក៏បិទទ្វារសាលា ដោយគ្មានការធ្វើ សព្វថ្ងៃនេះ នៅសល់តែការវិនិច្ឆ័យខ្លួនអាត្មាអញប៉ុណ្ណោះទេ បើអាត្មាអញនៅប្រព្រឹត្តទាស់ខុសត្រង់បទណា នោះត្រូវតែអញវិនិច្ឆ័យត្រង់បទនោះឱ្យជ្រះស្រឡះចេញហើយប្រកបជីវភាពឱ្យសមទៅតាមគុណធម៌។

ព្រះបរមពោធិសត្វលុះទ្រង់ព្រះរាជតម្រិះដូច្នោះហើយ ទើបទ្រង់ត្រាស់សួរទៅរដ្ឋមន្ត្រីទាំងអស់ថា “អស់លោកទាំងឡាយ លោកណាបានឃើញកំហុសខ្ញុំដែរ” ?។ រដ្ឋមន្ត្រីទាំងឡាយបានក្រាបទូលតាមការណ៍ពិតរៀងខ្លួន តែសេចក្ដីក្រាបទូលទាំងនោះ សុទ្ធតែសេចក្ដីសរសើរព្រះអង្គតែម្យ៉ាង។ ព្រះមហាក្សត្រិយ៍ទ្រង់ព្រះតម្រិះទៀតថា “ភយាគតិធ្វើឱ្យឥស្សរជនទាំងនេះ មិនហ៊ានពោលពីកំហុសអញទេដឹងទើបនាំគ្នាសរសើរអញទៅវិញ”។ ព្រះរាជាទ្រង់សន្និដ្ឋានថា “ព្រះរាជបុច្ឆានេះ ទុកជាមិនបានលទ្ធផលឡើយ” ទើបទ្រង់សួរទៅបណ្ដារាស្ត្រតទៅទៀត។ ចាប់តាំអពីជនានុជនដែលនៅក្នុងព្រះបរមរាជវាំង នៅទីក្រុង រហូតដល់និគមជនបទ ក៏ឆ្លើយតបព្រះរាជសំណួរតាមដោយន័យដដែល។ សូម្បីតែជនដែលនៅជិតទ្វារក្រុងទាំង ៤ ក៏គ្មាននរណាម្នាក់ពោលអំពីចរិយាមិនប្រពៃរបស់ព្រះអង្គដែរ  “ព្រះរាជាទ្រង់ព្រះសណ្ដាប់ឮច្បាស់តែអំនួតចំពោះព្រះរាជចរិយាដែលប្រាសចាកនូវដំណៀលផ្សេងៗ ទើបទ្រង់ព្រះតម្រិះថា បើដូច្នោះ គួរតែអញចេញទៅសួរបណ្ដាជនក្នុងស្រុកស្រែទៀត ”។

ព្រះបាទព្រហ្មទត្តទ្រង់ប្រគល់ការផែនដីទៅព្រះរាជរដ្ឋាភិបាល រួចស្ដេចយាងគង់លើព្រះទីនាំងរាជរថជាមួយនឹងនាយសារថីម្នាក់។ ព្រះរាជាក្លែងភេទព្រះអង្គជាជនធម្មតា ទ្រង់យាងចេញពីទៅក្រុងទៅសួរអ្នកនៅក្រៅទីក្រុង រហូតដល់ប្រទេសជិតខាង តែគ្មានឮពាក្យអ្នកណាថាព្រះអង្គមានកំហុសសោះ។ ព្រះបាទព្រហ្មទត្ត លុះឮតែពាក្យសរសើរព្រះអង្គដូច្នោះ ក៏យាងត្រឡប់ចូលព្រះនគរវិញ ទ្រង់ស្ដេចមកតាមមាគ៌ាដ៏ធំមួយ។

ក្នុងសម័យនោះ ព្រះមហាក្សត្រិយ៍ប្រទេសកោសលព្រះនាមព្រះបាទមល្លិកៈ (Mallika) សោយរាជ្យដោយសុចរិតយុត្តិធម៌។ ព្រះរាជាអង្គនោះ ក៏ទ្រង់សព្វព្រះរាជហឫទ័យចង់ជ្រាបនូវកំហុសព្រះអង្គដែរ។ ព្រះបាទមល្លិកៈទ្រង់ត្រាស់សួរបណ្ដាជននៅក្នុងព្រះបរមរាជវាំងរហូតដល់ស្រុកស្រែចម្ការ តែពាក្យក្រាបទូលនៃជនទាំងនោះគ្មានសម្រេចតាមព្រះរាជបំណងឡើយ ទើបទ្រង់យាងដោយរាជរថមកដល់ផ្លូវដែលព្រះបាទព្រហ្មទត្ត ទ្រង់ស្ដេចយាងត្រឡប់មកនោះ។ ព្រះមហាក្សត្រទាំងពីរព្រះអង្គចួបគ្នាត្រង់ផ្លូវចង្អៀតមួយ នាំឱ្យរាជរថទាំងពីរចៀសគ្នាមិនរួច។

ខណៈនោះ នាយសារថីខាងព្រះបាទមល្លិកៈ និយាយទៅរកនាយសារថីខាងព្រះពោធិសត្វថា “អ្នកចូរបររទេះអ្នក ថយចេញពីផ្លូវនេះទៅ”។ នាយសារថីនៃព្រះពោធិសត្វតបវិញថា ខ្ញុំមិនថយទេព្រោះព្រះចៅផែនដីក្រុងពារាណសីព្រះនាមព្រហ្មទត្ត ប្រថាប់ក្នុងរទេះនេះត្រូវអ្នកឯងថយរទេះទៅវិញ”។ សារថីព្រះបាទមល្លិកៈពោលតបវិញថា “ខ្ញុំក៏មិនត្រូវថយរទេះខ្ញុំដែរ ព្រោះព្រះមហាក្សត្រសោយរាជ្យនៅនគរកោសល ព្រះនាមព្រះបាទមល្លិកៈ ទ្រង់គង់ក្នុងរថនេះ ដូច្នេះចូរអ្នកថយរទេះអ្នកចេញទៅ ទុកផ្លូវថ្វាយព្រះករុណាជាអម្ចាស់របស់ខ្ញុំវិញ។

នាយសារថីនៃព្រះបាទព្រហ្មទត្តគិតថា ក្នុងរទេះខាងណោះពិតជាមានព្រះមហាក្សត្រប្រថាប់មែន ចុះអញត្រូវគិតធ្វើដូចម្ដេច”។ លំដាប់តមក នាយសារថីនោះគិតឃើញថា “មានតែឧបាយមួយទេ គឺអញត្រូវសួរពីព្រះជន្មវស្សានៃស្ដេចនោះ បើព្រះរាជាអង្គណា មានព្រះជន្មតិចជាងនោះត្រូវឱ្យព្រះរាជរថនៃព្រះរាជាអង្គនោះថយចេញ ទុកផ្លូវព្រះរាជរថនៃព្រះរាជាដែលមានព្រះជន្មច្រើនបរទៅ” ។ នាយសារថីនៃព្រះពោធិសត្វ កាលប្ដេជ្ញាដូច្នោះហើយ ក៏សួរព្រះជន្មាយុនៃព្រះបាទមល្លិកៈ ប៉ុន្តែព្រះរាជាទាំងពីរព្រះអង្គមានព្រះជន្មដំណាលគ្នា។ នាយសារថីនៃពោធិសត្វ យល់ឫទ្ធានុភាព ព្រះរាជសម្បត្តិ ព្រះកិត្តិនាម និងវង្សត្រកូលនៃព្រះរាជាទាំងពីរព្រះអង្គមកធៀបគ្នាទៀត ក៏ឃើញស្មើគ្នា យកទំហំផែនដីក្នុងព្រះរាជអាណាចក្រនៃស្ដេចទាំងពីរព្រះអង្គ មកប្រមាណមើលទៀត ក៏ឃើញមានទំហំ ៣០០ យោជន៍ដូចគ្នា។

នាយសារថីនៃព្រះបាទព្រហ្មទត្តប្ដេជ្ញាទៀតថា ចូរយើងទុកផ្លូវថ្វាយព្រះរាជាអង្គណាដែលមានគុណធម៌ក្នុងព្រះអង្គ ហេតុនេះអ្នកចូរប្រាប់ខ្ញុំមក តើព្រះរាជារបស់អ្នកឯង មានគុណធម៌យ៉ាងណាខ្លះ” ?។

នាយសារថីព្រះបាទមល្លិកៈ ក៏សូត្រពាក្យកាព្យថ្លែងនូវកំហុសដែលស្មានថាជាគុណធម៌របស់ព្រះរាជានៃខ្លួន ដូច្នេះថា៖

          អ្នកក្រោធខ្លាំង         ស្ដេចតតាំង   ដោយក្រោធត

          អ្នកឥតធម៌    ចិត្តមិនល្អ     ទ្រង់មិនល្អតប

          អ្នកកំណាញ់ ស្ដេចផ្ចាលផ្ចាញ់      ដោយកំណាញ់ស្រប

          ទ្រង់ប្រកប    ពាក្យមិនពិត ផ្ចាញ់មុសា។

ខណៈនោះ នាយសារថីពោធិសត្វក៏ស្រែកយ៉ាងខ្លាំងៗថា នែអ្នក ! អម្បាញ់មិញនេះ អ្នកពោលអំពីគុណធម៌របស់ព្រះរាជានៃអ្នកឬ ?”។

“បាទ”។ បើចរិយាបែបនេះ ហៅថា គុណធម៌ ចុះកំហុសស្ដេចរបស់អ្នកឯងយ៉ាងណាទៅវិញ?”។ សារថីព្រះបាទមល្លិកៈពោលតបថា “បើចរិយានេះ ទុកជាខុស ចុះក្នុងរឿងនេះ តើព្រះរាជានៃអ្នកប្រព្រឹត្ត “ចរិយានេះ ទុកជាខុស ចុះក្នុងរឿងនេះ តើព្រះរាជានៃអ្នកប្រព្រឹត្តចរិយាបែបណា ដែលចាត់ថាជាគុណធម៌?”។

នាយសារថីនៃព្រះបាទព្រហ្មទត្តឆ្លើយតបថា “ចូរអ្នកចាំស្ដាប់ចុះខ្ញុំនឹងថ្លែងអំពីគុណធម៌របស់ស្ដេចខ្ញុំឥឡូវនេះ” រួចហើយក៏សូត្រនូវពាក្យកាព្យថា៖

 អ្នកក្រោធខ្លាំង ស្ដេចតតាំង ដោយមិនក្រោធត

អ្នកឥតធម៌ ចិត្តមិនល្អ ទ្រង់ល្អតប

អ្នកកំណាញ់ ស្ដេចផ្ចាលផ្ចាញ់ ដោយមិនកំណាញ់ស្រប

ទ្រង់ប្រកប ពាក្យដ៏ពិត ផ្ចាញ់មុសា។

ព្រះបាទមល្លិកៈ នឹងនាយសារថីរបស់ព្រះអង្គ លុះបានស្ដាប់នូវកាព្យជាសុភាសិតនេះហើយ ក៏ចុះពីរទេះ ដោះសេះចេញ ហើយអូសរទេះថយ ទុកផ្លូវថ្វាយព្រះបាទព្រហ្មទត្តឱ្យស្ដេចយាងទៅ។

ចប់

អ្នកស្រី ឆាំ-ឆុំ នៅពុទ្ធសាសនបណ្ឌិត្យ
ប្រែពីទស្សនាវដ្ដី “ហ្វ្រង់-អាស៊ី” ខែឧសភា ឆ្នាំ ១៩៥៣

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៥៤

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments