មាតា​បិតុគុណ​កថា

សារវន្តកថា

នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស

អាត្មាភាពសូមចម្រើនពរ ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ចំពោះពុទ្ធបរិស័ទទាំងឡាយ ក្រែងអាត្មាភាពសម្ដែងទៅហើយមានភ្លាំងភ្លាត់ ឬឆ្គាំឆ្គងពាក្យពេចន៍ក្នុងពេលសម្ដែងសូមខន្តីអភ័យទោស អាត្មាភាពសូមស្រង់យកពាក្យប្រកាសរបស់លោក ចាប – ពិន អម្បាញ់មិញត្រង់ដែលថា មតកភត្តទាន និងជីវិកភត្តទាននោះ មកសម្ដែងជាធម៌ទេសនាតទៅ ដើម្បីឱ្យសមរម្យដល់ពិធីបុណ្យ ដែលលោកទានិស្សរាធិបតីព្រមទាំងក្រុមញាតិកំពុងចាត់ចែងនេះ ដ្បិតបុណ្យបែបនេះ លុះតែសប្បុរសអ្នកមានសទ្ធាជ្រះថ្លាមោះមុត ចំពោះគុណលោកអ្នកមានគុណទើបអាចបរិច្ចាគធនធានធ្វើទៅកើត បើមានសន្ដានចិត្តស្ទាក់ស្ទើរមិនជឿស៊ប់ទេ ក៏មិនអាចនឹងបរិច្ចាគបានឡើយ។

ពាក្យថា « មតកភត្តទាន » គឺធ្វើទានឧទ្ទិសផលជូនចំពោះបុព្វការីជនដែលចែកស្ថានទៅកាន់បរលោកនាយ ពាក្យថា « ជីវិកភត្តទាន » គឺធ្វើទានឧទ្ទិសផលជូនចំពោះបុព្វការីជន ដែលកំពុងមានជីវភាពរស់នៅសព្វថ្ងៃ។

បណ្ដាបុណ្យទាំងពីរប្រការនេះ មតកភត្តទាន ធ្លាប់ឃើញគេធ្វើរឿយៗចំពោះវេលាដែលមានញាតិទទួលមរណៈថ្មីៗឬយូរហើយ ឯជីវិកភត្តទាន យូរៗទើបមានម្ដង ព្រោះអ្នកដែលមានជីវិតរស់នៅគេពុំសូវនឹកនាដល់ ទោះបីមាននឹកដល់ខ្លះហើយធ្វើ ក៏ច្រើនគេហៅថាធ្វើបុណ្យឆាក ឬបុណ្យវេរបច្ច័យ៤ ទៅវិញ គេមិនហៅថាបុណ្យជីវិកភត្តទានទេព្រោះពាក្យនេះគេមិនធ្លាប់ហៅ តែតាមការពិត បុណ្យឆាកឬបុណ្យវេរបច្ច័យ៤ ក៏គឺបុណ្យជីវិកភត្តទាននោះឯង។

វេលានេះ អាត្មាភាពសូមសម្ដែងអំពីបុគ្គលរកក្រក្នុងលោកជាមុនសិន រួចហើយសឹមត្រឡប់មកសម្ដែងបញ្ចប់ពាក្យថាជីវិកភត្តទាននេះ ជាខាងក្រោយ។

ព្រះពុទ្ធដីកាក្នុងព្រះសុត្តន្តបិដក អង្គុត្តរនិកាយទុកនិបាតថា ទ្វេមេភិក្ខវេ បុគ្គលា សន្ដោ សំវិជ្ជមានា ទុល្លភា លោកស្មឹ ប៉ុណ្ណេះជាដើម ប្រែថា « ម្នាលភិក្ខុទាំងឡាយ ! បុគ្គលពីរចំពូកនេះ រកបានដោយក្រក្នុងលោក »។ កតមេ ទ្វេ « បុគ្គលពីរចំពូក តើអ្វីខ្លះ ? បុគ្គលពីរចំពូកនោះគឺ បុព្វការីបុគ្គល ( បុគ្គលអ្នកធ្វើឧបការមុន ) ១ កតញ្ញូកតវេទីបុគ្គល ( បុគ្គលអ្នកដឹងឧបការគុណដែលធ្វើចំពោះខ្លួនហើយធ្វើតបគុណវិញ ) ១ ទាំងពីរចំពូកនេះ រមែងរកបានដោយក្រក្នុងលោក »។

ហេតុម្ដេចបានជាបុគ្គលពីរពួកនេះ គេរកបានដោយក្រក្នុងលោក »។ បានជាគេរកបានដោយក្រក្នុងលោក ព្រោះបុព្វការីបុគ្គល ដូចមាតាបិតាកម្រនឹងមានព្រហ្មវិហារធម៌ទាំង៤ និងសង្គហធម៌ទាំង៥ ពេញលេញទៅលើបុត្តធីតា ច្រើនតែបាននេះខ្វះនោះ។ ចំណែកកតញ្ញូកតវេទីបុគ្គលដូចបុត្តធីតា ក៏កម្រនឹងធ្វើកិច្ចតបគុណលោកវិញ ឱ្យបានពេញបរិបូណ៌តាមស្ថាន៥យ៉ាង។

មួយទៀត បុព្វការីបុគ្គលនិងកតញ្ញូកតវេទីបុគ្គល ជាអ្នកប្រតិបត្តិការតាមធម៌ស្មើគ្នាទៅវិញទៅមកនោះ កម្រនឹងមាន ច្រើនតែបានម្ខាងខ្វះម្ខាង គឺបើមាតាបិតាមានព្រហ្មវិហារធម៌និងសង្គហធម៌ទៅលើបុត្តធីតា ៗ បែរជាមិនមានធ្វើកិច្ចតបគុណលោក ឬមាតាបិតាមិនមានធម៌គ្រប់គ្រាន់ទៅលើបុត្តធីតា ៗ ត្រឡប់ជាមានធម៌គ្រប់គ្រាន់ទៅរកមាតាបិតា អាស្រ័យហេតុនេះ បុព្វការីបុគ្គល និងកតញ្ញូកតវេទីបុគ្គល ទើបចាត់ជាបុគ្គលរកក្រក្នុងលោក។ សូមសាធុសប្បុរសទាំងឡាយ ចាំស្ដាប់អាត្មាភាពនឹងអធិប្បាយតទៅនេះ។

ធម្មតា បុព្វការីបុគ្គល តួយ៉ាងមាតាបិតាលោករមែងធន់ទ្រាំអត់សម្រេកគម្លាន អត់ទ្រាំការក្ដៅត្រជាក់ អត់ទ្រាំការឆ្គាំឆ្គងរបស់បុត្តធីតាពុំប្រកាន់ទោស ថែមទាំងពុំធុញទ្រាន់ក្នុងការព្យាបាលបុត្តធីតាឡើយ ហើយក្រាលព្រហ្មវិហារធម៌ទៅលើបុត្តធីតាសព្វទិវារាត្រី តាំងពីពេលដែលបានជ្រាបថាទារកមកចាប់ផ្ទៃដរាបដល់កើតឡើង នេះហើយជាឧបការគុណយ៉ាងធ្ងន់ខ្ពង់ខ្ពស់ឥតគូនឹងប្រៀបផ្ទឹមបាន មានតែកម្រាស់ប្រឹថពីជម្រៅមហាសមុទ្ទ កម្ពស់ភ្នំព្រះសុមេរុ ជាគ្រឿងឧបមានុបមេយ្យប៉ុណ្ណោះ។ ចំពោះសង្គហធម៌វិញ មាតាបិតាតែងបំពេញធម៌ ៥ ប្រការគឺ​ ៖

១ – ហាមប្រាមបុត្តធីតា មិនឱ្យប្រព្រឹត្តអំពើអាក្រក់សព្វយ៉ាងមានហាមមិនឱ្យធ្វើវេរា ៥ ជាដើម។

២ – ដឹកនាំពន្យល់បុត្តធីតាឱ្យជ្រះថ្លា ឱ្យតាំងនៅក្នុងគុណដ៏ល្អគ្រប់ចំពូក ដូចការស្វែងរកប្រយោជន៍បច្ចុប្បន្ននិងប្រយោជន៍បរលោកដោយខានពុំបាន មានបំពេញកុសលជាដើម។

៣ – ដឹកនាំពន្យល់បុត្តធីតាឱ្យសិក្សាវិទ្យាសាស្រ្តទាំងផ្លូវលោក ផ្លូវធម៌ ឧបត្ថម្ភប្រដាប់សម្រាប់រៀន សម្លៀកបំពាក់ និងអាហារូបករណ៍តាមឋានៈរបស់ខ្លួន។

៤ – លុះបុត្តធីតាចម្រើនវ័យវឌ្ឍនាហើយ ក៏ចែកសវិញ្ញាណកទ្រព្យខ្លះ អវិញ្ញាណកទ្រព្យខ្លះ តាមមានតាមបាន ដើម្បីទុកជាកិត្តិយសជាទីរឭក។

៥ – រៀបចំអាវាហវិវាហមង្គលឱ្យបុត្តធីតាមានគ្រួសារ តាមត្រកូលដែលសមគួរ។

សង្គហធម៌ទាំង ៥ ប្រការនេះសុទ្ធតែជាឧបការគុណដ៏ជ្រាលជ្រៅទូលំទូលាយផុតវិស័យនៃជនដទៃនឹងអាចធ្វើត្រាប់បាន។

មិនត្រឹមតែប៉ុណ្ណោះ ទោះទាំងដំបូន្មានដ៏ជ្រាលជ្រៅគម្ពីរភាពនិងអាថ៌កំបាំងទាំងប៉ុន្មាន ដែលជាប់ទាក់ទងដោយផ្លូវចម្រើន ក្នុងឥធលោកបរលោក សឹងនាំយកមកលាតត្រដាងចង្អុលប្រាប់បុត្តធីតា ដូចពាក្យថា កូនអើយ ! ការចាយវាយទ្រព្យខ្ជះខ្ជាយពុំសមហេតុផល យូរៗទៅក៏គង់នឹងវិនាសហិនហោចពុំខាន ដូចថ្នាំសម្រាប់បន្តក់ភ្នែក ទឹកព្រែកត្រូវនាច ដុំសាច់ក្នុងអំបែងក្ដៅ អំបិលត្រូវទឹកជាដើម ហេតុនោះ កូនកុំប្រមាទឱ្យសោះ ឯការសន្សំទ្រព្យត្រូវទំនងសមតាមហេតុផលវិញ        តែងបានលូតលាស់ចម្រុងចម្រើនពូនឡើងរៀងរាល់ថ្ងៃ ដូចមេឃ្មុំ មេកន្លង់ពាំកេសរផ្កាមកធ្វើសម្បុកធ្វើទឹកផ្អែម ចាប់ធ្វើសម្បុក កណ្ដៀរពូនត្រោក ទឹកត្នោតក្នុងបំពង់ ទឹកព្រែកជន់ជោរដូច្នោះដែរ ហេតុនោះ កូនត្រូវសំចៃទ្រព្យ។

ដំបូន្មានដ៏ថ្លៃថ្នូរ ព្រោះប្រាថ្នាប្រយោជន៍ចំពោះបុត្តធីតានេះ សឹងជារស្មីនៃព្រហ្មវិហារធម៌របស់បុព្វការីបុគ្គល ផ្សាយទៅលើបុត្តធីតាទាំងឡាយ។ តែមានជនជាមាតាបិតាខ្លះ កាលទារកមកចាប់ផ្ទៃ បែរជារកថ្នាំមកផឹករម្លូតចោលចេញ ខ្លះដល់ទារកប្រសូតមក យកទៅកប់ចោលទាំងរស់ ខ្លះគ្រាន់តែចិញ្ចឹមឱ្យរស់ គ្មានទំនុកបម្រុងតាមសង្គហធម៌ទាំង ៥ ម្ល៉ោះហើយបុត្តធីតានោះទៅជាល្ងីល្ងើ ស្មើគ្នានឹងសត្វ ជាមនុស្សខ្សត់វិជ្ជា ខ្សត់ទ្រព្យសម្បត្តិ ខ្សត់ធម៌ក្នុងខ្លួន។ ហេតុនោះ បុព្វការីបុគ្គលទើបលោកចាត់ថា ជាបុគ្គលរកបានដោយក្រក្នុងលោក។

ឯកតញ្ញូកតវេទីបុគ្គលវិញ តួយ៉ាងដូចបុត្តធីតាត្រូវជាអ្នកទទួលស្គាល់ទម្ងន់ឧបការនឹងអាក់ខានមិនខាន ហើយស៊ូទ្រាំធ្វើការតបស្នងពេញកម្លាំង មិនបណ្ដែតបណ្ដោយឱ្យចិត្តលង់ទៅក្នុងអំណាចអវិជ្ជា គឺការមិនដឹងគុណនោះឡើយ ត្រូវតែប្រតិបត្តិតបឧបការធម៌របស់លោក ឱ្យពេញលេញវិញដោយស្ថាន៥យ៉ាង ដូច្នេះ ៖

១ – អាត្មាត្រូវតែចិញ្ចឹមលោកវិញ

២ – អាត្មាត្រូវតែធ្វើកិច្ចជំនួសលោកវិញ

៣ – អាត្មាត្រូវតែរក្សាវង្សត្រកូលលោកឱ្យល្អ

៤ – អាត្មាត្រូវតាំងខ្លួនទុកក្នុងគុណធម៌ សមគួរជាអ្នកទទួលទ្រព្យមត៌កបាន

៥ – អាត្មាត្រូវតែធ្វើទក្ខិណាទានជូនចំពោះលោកទាំងកំពុងមានជីវភាពនិងមរណភាពទៅហើយ។

បុត្តធីតា មិនត្រឹមតែត្រូវធ្វើតបដោយបច្ចុប្បន្នធម៌ទាំង៥ប្រការប៉ុណ្ណេះឡើយ ត្រូវធ្វើតបដោយឧបការធម៌ជាន់ខ្ពស់ ៤ យ៉ាងដទៃទៀត គឺត្រូវញ៉ាំងមាតាបិតាឱ្យមានសទ្ធា ឱ្យមានសីល ឱ្យមានចាគៈ ឱ្យមានបញ្ញាឱ្យសមដល់ទម្ងន់ព្រហ្មវិហារធម៌របស់បុព្វការីជនទាំងនោះ។

មានបុត្តធីតាខ្លះ ក្នុងលោកប្រកបដោយអវិជ្ជា ជាអ្នកវង្វេងមិនដឹងគុណ មិនធ្វើតបគុណ គឺធ្វើសន្ដានព្រងើយៗ មិននឹកនា មិនគោរពគុណលោក បែរជាប្រវត្តិចិត្តទៅទីដទៃៗ មិនសមដល់តម្លៃទឹកចិត្តរបស់លោកដែលអន្ទោលទៅរកបុត្តធីតា សមដូចបុរាណភាសិតថា « ម្ដាយរឭកកូនដូចចង្វាប្រដេញ កូនរឭកម្ដាយវិញដូចព្រះប្រែក្រោយ » ប៉ុណ្ណេះជាដើម។ ព្រោះហេតុនោះ ទើបកតញ្ញូកតវេទីបុគ្គល គេរកបានដោយក្រក្នុងលោក។

មួយទៀត កតញ្ញូកតវេទិតាធម៌មិនមែនជាធម៌ដទៃទេ ពិតជាធម៌របស់អ្នកប្រាជ្ញ ដ្បិតអ្នកប្រាជ្ញត្រូវមានអង្គធម៌៤យ៉ាង ជាគ្រឿងទ្រទ្រង់សម្រាប់ចង្អុលបង្ហាញឱ្យឃើញជាក់ស្ដែងក្នុងទីប្រជុំជន មិនចាំបាច់តែបុគ្គលអ្នកចេះដឹងសព្វវិទ្យា ជាលោកិយនិងលោកុត្តរ ទើបហៅថាអ្នកប្រាជ្ញទេ សូម្បីបុត្តធីតា ដែលមានអង្គធម៌ដូចខាងលើនេះ លោកក៏ហៅថាអ្នកប្រាជ្ញបានដោយពិត។ ឯអង្គអ្នកប្រាជ្ញ៤យ៉ាងនោះគឺ កតញ្ញូកតវេទិតា ១ អត្តសុទ្ធិ ១ បរិសុទ្ធិ ១ សង្គហៈ ១  រួមជា ៤ យ៉ាង។

ត្រង់ កតញ្ញូកតវេទិតា ជាអង្គទី ១ បានដល់ភាពនៃបុត្តធីតាជាអ្នកដឹងឧបការគុណលោក ហើយធ្វើការដឹងនោះឱ្យជាក់ស្ដែងតបស្នងឧបការគុណវិញ ដូចអស់លោកជាទានិស្សរាធិបតីកំពុងចាត់ចែងធ្វើនេះឯង។

ត្រង់ អត្តសុទ្ធិ ជាអង្គទី ២ បានដល់ការធ្វើខ្លួនឱ្យបរិសុទ្ធគឺតាំងខ្លួនទុកក្នុងគុណធម៌ថ្លៃថ្នូរ មានមិនសម្លាប់សត្វលួចទ្រព្យគេជាដើមដែលជាអំពើថោកទាបដោយផ្ទាល់ខ្លួន ដូចអស់លោកអ្នកធ្លាប់ភប់ប្រសប់កាន់កាប់មកហើយ។

ត្រង់ បរិសុទ្ធិ ជាអង្គទី ៣ បានដល់ការធ្វើឱ្យបុគ្គលដទៃបរិសុទ្ធគឺមិនគ្រាន់តែតាំងខ្លួនទុកក្នុងគុណធម៌ថ្លៃថ្នូរផ្ទាល់ខ្លួនប៉ុណ្ណោះទេ ត្រូវដឹកនាំពន្យល់អ្នកដទៃឱ្យតាំងនៅក្នុងគុណធម៌ដូចខ្លួនផងដែរ។

ត្រង់ សង្គហៈ ជាអង្គទី ៤ បានដល់ការសង្រ្គោះជួយយឹតយោងសណ្ដោងឱ្យរួចចាកគ្រោះថ្នាក់ ដោយសង្គហធម៌ ៤ យ៉ាង គឺការបរិច្ចាគទាន ១ និយាយពាក្យពីរោះ ១ ធ្វើការងារជាប្រយោជន៍ជាតិមាតុភូមិទុកជាស្នាដៃ ១ មិនប្រកាន់ឫកពាឆ្មើងឆ្មៃ ១។ ឯសង្គហធម៌សម្រាប់គ្រួសារដែលជាប់ទាក់ទងមកក្នុងសិង្គាលោវាទសូត្រនោះ ក៏សឹងសង្រ្គោះចូលក្នុងអង្គទី ៤ នេះដែរ។

អង្គអ្នកប្រាជ្ញទាំង ៤ យ៉ាង ដូចរៀបរាប់មកដោយត្រួសៗនេះ សុទ្ធតែជាអំពើអ្នកប្រាជ្ញ។ ព្រះភគវន្តមុនីសម្មាសម្ពុទ្ធទ្រង់សរសើរអំពើអ្នកប្រាជ្ញនេះណាស់ ទ្រង់សម្ដែងបន្ទាបអំពើពាល ត្មះតិះដៀលជនពាលហើយទ្រង់លើកតម្កើងអំពើបណ្ឌិត ដូចមាននៅក្នុងមង្គលសូត្រថា « ការមិនគប់រកបុគ្គលពាល គប់រកតែបណ្ឌិតជាមង្គល » ដូច្នេះជាដើម។

សប្បុរសទាំងឡាយ ! អាត្មាភាពសម្ដែងអំពីបុគ្គលរកបានដោយក្រពីរចំពូកដោយសេចក្ដីបំប្រួញនេះ ដើម្បីជាផ្លូវគំនិតនៃសាធុសប្បុរស។ បន្ទាប់ពីនេះ នឹងសូមសម្ដែងសាថយក្រោយវិញ ដើម្បីសម្ដែងបញ្ជាក់ត្រង់ពាក្យ « ជីវិកភត្តទាន » តទៅទៀត។ ជីវិកភត្តទាន គឺធ្វើទានឧទ្ទិសផលជូនបុព្វការីជន គឺមាតាបិតាដែលមានជន្មាយុរស់នៅនាបច្ចុប្បន្ននេះផង ទាំងជូនស្បៀងអាហារ គ្រឿងសម្លៀកបំពាក់ ទីដេក ទីនៅសមគួរតាមឋានៈរបស់លោក ល្មមញ៉ាំងអត្តភាពឱ្យប្រព្រឹត្តទៅបានក្នុងកាលសព្វថ្ងៃនេះផង ក៏រាប់ចូលក្នុងជីវិកភត្តទានដែរ។ សេចក្ដីនេះសឹងមានរឿងគោឃាតកបុត្តក្នុងគម្ពីរធម្មបទជាគោលអាង ៖

សេចក្ដីថា មានបុរសម្នាក់នៅជិតក្រុងសាវត្ថីធ្វើរបរចិញ្ចឹមជីវិតខ្លួននិងគ្រួសារ ដោយការពិឃាដ​ ដើម្បីលក់សាច់តែមួយមុខប៉ុណ្ណោះ តាំងពីក្មេងដរាបដល់អាយុ ៥៥ ឆ្នាំ ម្ល៉ោះហើយការទទួលទានសាច់គោរវាងប៉ុណ្ណោះឆ្នាំនោះ ធ្លាក់ទៅជាសម្ផស្សញ៉ាមជាប់ចិត្តនៃគោឃាតកបុរសនោះ។ ថ្ងៃមួយក្នុងកាលជាខាងក្រោយ គោឃាតកបុរសត្រឡប់មកពីលក់សាច់វិញ បានប្រគល់សាច់១ដុំឱ្យភរិយាធ្វើម្ហូបទទួលទាន ហើយក៏ដើរទៅកាន់កំពង់ទឹក លុះងូតទឹករួចវិលមក ភរិយាលើកស្ពកបាយមកជូនពិសា  ស្រាប់តែពុំឃើញសាច់ គោឃាតកបុរសក៏សួរទៅភរិយា ៗ ជម្រាបថា « ជនជាសម្លាញ់របស់អ្នកឯង គេថាមានភ្ញៀវទើបនឹងមកដល់ថ្មីគេរកម្ហូបទទួលភ្ញៀវនោះពុំបាន គេមកសួររកសាច់ ខ្ញុំប្រាប់គេថាសាច់ក្រៅពីនេះទៀតពុំមានទេ សូម្បីខ្ញុំឃាត់ហាម គេក៏ពុំស្ដាប់ សម្លាញ់អ្នកឯងនោះ នៅចចេសតែកាន់យកសាច់នោះទៅ »។ គោឃាតកបុរសនិយាយថា « ឯងលើកស្ពកយកទៅវិញចុះ យើងមិនអាចនឹងបរិភោគបាយដោយឥតមានសាច់គោបានទេ » លុះថាហើយក៏កាន់កាំបិតដើរតម្រង់ទៅកាន់ក្រោលគោខាងក្រោយផ្ទះ ចាប់យកគោមួយមកហើយលូកដៃទៅក្នុងមាត់គោកាត់យកអណ្ដាតគោត្រឹមគល់មកឱ្យភរិយាចម្អិន។ លុះភរិយាចម្អិនឆ្អិនស្រេចលើកមកជូនជាថ្មី គាត់ក៏បរិភោគបាយមួយម៉ាត់អណ្ដាតគោមួយម៉ាត់ វេលានោះ គាត់ទំពាសាច់គោក៏ខាំអណ្ដាតរបស់ខ្លួនដាច់ធ្លាក់ចុះមកក្នុងចានបាយមួយរំពេច ដោយអំណាចកម្មនៃកម្មជាមហស្ចារ្យនោះ មានឈាមស្រក់ហូរសស្រាក់ប្រឡាក់សំពត់អាវ។ គោឃាតកបុរសស្រែករោទ៍វារដោយជង្គង់ ៤ ដូចគោ មិនយូរថ្ងៃក៏ធ្វើកាលកិរិយាទៅរងទុក្ខក្នុងអវិចីនរក។ ចំណែកគោ ក្រោយពីគោឃាតកបុរសនោះកាត់អណ្ដាតយកទៅ ក៏រងទុក្ខវេទនាមានឈាមហូររហាមស្រែករោទ៍ទាំងយប់ទាំងថ្ងៃ មិនយូរប៉ុន្មានក៏ក្ស័យជីវិតទៅដែរ។

កាលគោឃាតកបុរសជិតនឹងស្លាប់នោះ នាងព្រាហ្មណីជាភរិយានិយាយនិងបុត្រប្រុសរបស់ខ្លួនម្នាក់ថា « នែកូន ! មើលចុះបិតារបស់អ្នកវារដោយជង្គង់ ៤ ដូចគោ ស្រែករោទ៍ទាំងយប់ទាំងថ្ងៃ សេចក្ដីទុក្ខនេះក្រែងឆ្លងមកដល់អ្នកផងដឹង ? ដូច្នេះអ្នកកុំគិតម្ដាយឡើយ ត្រូវអ្នករត់ទៅរកទីណាដែលមានសួស្ដីហើយនៅជាសុខចុះ ។ ឯបុត្តហេតុតែខ្លាចសេចក្ដីមរណៈ ក៏សំពះលាមាតារត់ទៅកាន់ដែនតក្កសិលា បានចូលទៅរៀនធ្វើការក្នុងផ្ទះនាយជាងមាសម្នាក់ នាយជាងក៏ស្រឡាញ់រាប់អានទុកចិត្តស្មោះអស់ពីដួងហឫទ័យ ដរាបដល់លើកធីតារបស់ខ្លួនដែលមានវ័យគ្រប់ការ ឱ្យជាភរិយារបស់គោឃាតកបុត្តនោះ។

ឮតពីនោះមក ជាងមាសដែលជាបុត្តរបស់គោឃាតកក៏បានលូតលាស់ចម្រុងចម្រើនដោយភោគទ្រព្យនិងបុត្តធីតា។ លុះគាត់ចាស់ជរា ពួកបុត្តធីតានៃជាងមាសនេះ បានរៀនចំណេះវិជ្ជាសិល្បសាស្រ្តរបរជាងមាសស្ទាត់ជំនាញ ហើយក៏ត្រឡប់មកកាន់ក្រុងសាវត្ថីដែលជាមាតុប្រទេសរបស់ជីតាវិញ តាំងគេហដ្ឋាននៅក្រុងសាវត្ថីនោះ។ អាស្រ័យការសេពគប់នឹងសប្បុរស កូនជាងមាសក៏កើតសទ្ធាជ្រះថ្លាមុតមាំក្នុងសន្ដានទើបប្រឹក្សាគ្នាថា « បិតារបស់យើង កាលនៅឯដែនតក្កសិលា លោកមិនដែលបានធ្វើការកុសលអ្វីមួយដែលជាអំពើគាប់ប្រសើរសោះ ឥឡូវលោកមានវ័យចាស់ជរាហើយ » ទើបបុត្តធីតាទាំងនោះជម្រាបបិតាថា « បពិត្របិតា ! ពួកយើងខ្ញុំជាកូននឹងថ្វាយទានដល់ព្រះសង្ឃមានព្រះពុទ្ធជាប្រធាន ដើម្បីឧទ្ទិសផលជូនដល់បិតា ក្នុងថ្ងៃស្អែកនេះ »។ លុះព្រឹកឡើង បុត្តធីតាទាំងនោះក៏បានអង្គាសចង្ហាន់ថ្វាយព្រះសម្ពុទ្ធព្រមទាំងព្រះសង្ឃ កាលបើស្រេចភត្តកិច្ចហើយ ទើបក្រាបបង្គំទូលព្រះមានព្រះភាគថា « បពិត្រព្រះសុគត ! ខ្ញុំព្រះអង្គទាំងឡាយថ្វាយជីវិកភត្តនេះដល់ព្រះអង្គ ដើម្បីសម្រេចផលដល់បិតា សូមព្រះអង្គធ្វើអនុមោទនាចំពោះបិតារបស់ខ្ញុំព្រះអង្គឱ្យទាន »។

ព្រះសម្ពុទ្ធក៏ទ្រង់ដាស់តឿនគោឃាតកបុត្ត ( ជាងមាស ) ដោយព្រះពុទ្ធដីកាថា « នែឧបាសក ! រូបអ្នកចាស់ហើយ មានសរីរៈទុំជោរហើយ ប្រហែលដូចស្លឹកឈើទុំ ចំណែកកុសលជាស្បៀងក្នុងដំណើរតាមផ្លូវទៅកាន់បរលោករបស់អ្នក ៗ ពុំទាន់មានសោះ ដូច្នេះអ្នកត្រូវប្រញាប់ធ្វើនូវកុសលជាទីពឹងរបស់ខ្លួន អ្នកត្រូវតាំងខ្លួនជាបណ្ឌិតកុំតាំងខ្លួនជាជនពាលឡើយ » ព្រះអង្គទេសនាទំនងនេះអស់វារៈពីរថ្ងៃ។ លុះចប់ទេសនា ក្នុងថ្ងៃជាគម្រប់ពីរ គោឃាតកបុត្តនោះក៏បានតាំងនៅក្នុងអនាគាមិផល។

បពិត្រសប្បុរសទាំងឡាយ ! រឿងគោឃាតកបុត្តដែលអាត្មាភាពបាននាំមកដោយសេចក្ដីសង្ខេបនេះ ជាគោលសម្រាប់កាត់បង់នូវការងឿងឆ្ងល់ក្នុងជីវិកភត្តទានផង ហើយជាលំអានដ៏ថ្លៃថ្នូរសម្រាប់ពុទ្ធបរិស័ទផង។

ធម្មតាបុគ្គលក្នុងលោក រមែងបានភប់ប្រសប់ទទួលតំណែងទាំងពីរគឺ តំណែងបុព្វការីបុគ្គលនិងកតញ្ញូកតវេទីបុគ្គលរាល់រូបឥតចៀសវាងបានឡើយ។ បុព្វការីបុគ្គលជាអ្នកធ្វើឧបការមុន។ ឯកតញ្ញូកតវេទីបុគ្គលត្រូវជាអ្នកធ្វើតបស្នងវិញ។ តែការណ៍នេះ មិនមែនចេះតែបានសម្រេចលទ្ធផលតាមសមប្រកបទេ ព្រោះថាលុះតែបុគ្គលទាំងពីរក្រុមនេះ មានបញ្ញាការឈ្វេងយល់ស្របគ្នា ឬមានបុណ្យភព្វស្មើគ្នា ទើបសម្រេចលទ្ធផលទាំងសងខាងទៅបាន បើមិនស្របគ្នាហើយ ក៏មិនអាចនឹងសម្រេចផលទៅបានទេ សមដូចសុភាសិតរបស់ដីកាចារ្យថា កុបុត្តា អបុញ្ញកា ជនា ជនអ្នកឥតបុណ្យ តែងបានបុត្តធីតាមិនល្អ កុទាសា អបុញ្ញកា ជនា ជនអ្នកឥតបុណ្យ តែងបានខ្ញុំប្រុសស្រីមិនល្អប៉ុណ្ណេះជាដើម ជាន័យសម្រាប់វិនិច្ឆ័យក្នុងរឿងនេះ។

ក្នុងសម័យនេះ អស់លោកអ្នកជាបុត្រធីតានៃឧបាសិកានាម ប្រធុម សង្រ្គោះចូលក្នុងបុត្តធីតាល្អគួរជាទីសរសើរ ព្រោះមានកតញ្ញូកតវេទិតាធម៌ចំពោះមាតា ត្រូវតាមគន្លងអ្នកប្រាជ្ញឥតមានឃ្លៀងឃ្លាត គួរតែមានសេចក្ដីរីករាយជាភិយ្យោភាព ចំពោះការបរិច្ចាគទេយ្យវត្ថុតបស្នងដ៏ថ្លៃថ្លាក្នុងបច្ចុប្បន្ននេះថា អាត្មាមានលាភបានបុណ្យចំលើអង្គអរហន្តគឺមាតាដែលកំពុងមានជន្មាយុរស់នៅ។ ទាំងឧបាសិកានាម ប្រធុម ជាមាតាសោត ក៏សង្រ្គោះចូលក្នុងពួកជនអ្នកមានបុណ្យមានជោគវាសនាមួយដែរ ព្រោះបានទទួលបដិការ ការតបស្នងដ៏ខ្ពង់ខ្ពស់អំពីបុត្តធីតាទាំងនេះឃើញទាន់ភ្នែក ហើយគួរតែអង្អែលផ្ទៃពោះអញ ពេញជាមានភព្វណាស់ ព្រោះបានកូនមកសុទ្ធតែប្រកបដោយធម៌ ដូចកាលព្រះសិរីមហាមាយាពុទ្ធមាតា ដែលបានស្ដាប់ពាក្យសរសើរពុទ្ធគុណនិងពាក្យអញ្ជើញព្រះនាងមកស្ដាប់ព្រះអភិធម្ម ឯស្ថានតាវត្តិង្សអំពីសម្នាក់សក្កទេវរាជហើយ នាងក៏ស្ងើចស្ញប់ស្ញែងនឹកសរសើរផ្ទៃព្រះនាងថា « ឱហ្ន៎ ! ផ្ទៃរបស់អាត្មាហៅពេញជាមានលាភមានសំណាងបំផុត បានពព្រះពុទ្ធមួយព្រះអង្គជាអ្នកប្រាជ្ញឆ្នើមក្នុងលោក »។ ព្រះនាងក៏ត្រេកអរឥតឧបមា ហើយគមនាការមកកាន់ស្ថានតាវត្តិង្សជាមួយនឹងព្រះឥន្រ្ទាធិរាជ នាគ្រានោះឯង។ មួយទៀត ពុទ្ធាទិបណ្ឌិតតែងសរសើរអ្នកដឹងគុណហើយធ្វើតបគុណនេះជាអនេកបរិយាយ ព្រោះការនេះជាប្រធាននៃកុសលទាំងពួង ដោយមានបទបាលីថា កតញ្ញុតា ធម្មមូលា សេចក្ដីដឹងគុណ ធ្វើតបគុណ ជាឫសគល់នៃធម៌ទាំងឡាយ កតញ្ញុតា បធានតា លោកេ សេចក្ដីដឹងគុណ ធ្វើតបគុណជាអំពើច្បងក្នុងលោក។ បុរាណបណ្ឌិតទាំងឡាយលោកតែងបំពេញធម៌នេះរៀងរាល់រូប ព្រោះជាបវេណីធម៌សម្រាប់កាលទាំងពួង ទោះក្នុងពុទ្ធកាលក្ដី ក្រៅពុទ្ធកាលក្ដី ធម៌នេះគង់នៅថ្មីស្រស់បំព្រងឥតមានចាស់ស្វិតស្រពោនសាបសូន្យទៅទេ។ ជនដែលបានបំពេញធម៌នេះនឹងត្រូវទទួលលទ្ធផលគឺមានអាយុវែង រមែងជាអ្នកគេចផុតអំពីឧបសគ្គតូចធំផ្សេងៗបាន ទាំងបច្ចុប្បន្ននិងបរលោក ខាងនាយបំផុតនឹងបានសម្រេចពុទ្ធញ្ញាណ បច្ចេកពោធិញាណ សាវកពោធិញាណ ចូលកាន់សីវស្ថានគឺព្រះនិព្វាន សមគួរតាមវាសនាបារមីរៀងខ្លួនពុំសោះសូន្យឡើយ។

អាត្មាភាពពណ៌នាមកក្នុងមតកភត្តទាន និងជីវិកភត្តទាន សូមបញ្ចប់ដោយសង្ខេបតែប៉ុណ្ណេះ។ តែមុននឹងបញ្ចប់នេះ អាត្មាភាពសូមឱ្យតេជានុភាពបុណ្យនៃជីវិកភត្តទាននេះ ជួយឧបត្ថម្ភគាំពារឧបាសិកា ប្រធុម ឱ្យបានជាសះស្បើយចាករោគាពាធ ឱ្យមានកម្លាំងមាំមួនចាប់តាំងពីថ្ងៃនេះរៀងទៅ !

ចំណែកអស់លោកអ្នកជាបុត្តធីតាមានលោកឧកញ៉ា យឺន – ចឺម ជាដើម ដែលជាអ្នកមានកតញ្ញូបានធ្វើកុសលនេះជូនមាតា សូមឱ្យកុសលនេះជួយឱ្យបានសម្រេចឥដ្ឋមនុញ្ញផលតាមក្ដីប្រាថ្នាកុំបីឃ្លៀងឃ្លាត !

– ឯវំ –

សេចក្ដីនេះ គួរនឹងចាប់ថ្នាក់ថា បិតាកំពុងវេទនាជិតនឹងស្លាប់បែរជារត់ចោល ប៉ុន្តែត្រង់នេះប្រហែលព្រះគន្ថរចនាចារ្យលោកស្រូតរូតទៅសម្ដែងខាងមុខ ត្រង់ជីវិកភត្តទាន ឱ្យជាសេចក្ដីពិស្ដារវិញ។

ព្រះញាណកោសល ញាណ ឈឺន
ទេសនាក្នុងពិធីបុណ្យ ជីវិកភត្តទាន របស់លោកឧកញ៉ានាយកមន្រ្ដី យឺន – ចឹម
អ្នកគ្រប់គ្រងពុទ្ធសាសនបណ្ឌិត្យ ដែលធ្វើជូនមាតាបិតាក្នុងគេហដ្ឋាន កាលពីថ្ងៃសៅរ៍ ៧ រោច
ខែចេត្រ ឆ្នាំមមី ឆស័ក ព. ស. ២៤៩៧ ( ២៤ – ៤ – ៥៤ )

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៥៤

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Oldest
Newest Most Voted
Inline Feedbacks
View all comments