តេសកុណជាតក ចត្តាឡីសនិបាត
បុរសជាអ្នកមានអធ្យាស្រ័យធំក្នុងលោកមានកម្លាំង ៥ ប្រការគឺ កម្លាំងដើមដៃ ១ កម្លាំងទ្រព្យ ១ កម្លាំងអាមាត្យ ១ កម្លាំងជាតិ ១ កម្លាំង បញ្ញា ១។
អធិប្បាយថា
ទី ១ – កម្លាំងដើមដៃ បានដល់កម្លាំងកាយ ៗ នោះបើទុកជាធាត់ធំខ្លាំងយ៉ាងណាក៏ដោយ ក៏ចាត់ជាកម្លាំងជាន់ទាប ព្រោះហេតុអ្វី? ព្រោះថាបណ្ដាសត្វលើផែនដី ដំរីជាសត្វមានខ្លួនធាត់ធំសម្បើមនិងមានកម្លាំងខ្លាំងជាងសត្វទាំងអស់ ប៉ុន្តែដំរីបែរជាស្លាប់ដោយកម្លាំងសត្វចាបតូចមួយទៅវិញ ដ្បិតចាបមានប្រាជ្ញាឈ្លាសវៃប៉ិនប្រសប់ចេះឧបាយកលអាចធ្វើឱ្យដំរីស្លាប់បានដោយងាយ។
ទី ២ – កម្លាំងទ្រព្យ បានដល់គ្រឿងប្រដាប់សម្រាប់ប្រើប្រាស់មានប្រាក់មាសជាដើម និងអាហារភោជនមានបាយទឹកជាដើម ទ្រព្យសម្បត្តិនេះចាត់ជាកម្លាំងវិសេសជាងកម្លាំងកាយ ព្រោះថាទ្រព្យសម្បត្តិទាំងឡាយអាចដើម្បីទំនុកបម្រុងចិញ្ចឹមរូបកាយឱ្យសុខសប្បាយនិងឱ្យមានជីវិតរស់នៅបានឬមួយនឹងចំណាយទ្រព្យជួលមនុស្សធ្វើការងារធ្ងន់ស្រាលជួសខ្លួនក៏បាន។
ទី ៣ – កម្លាំងអាមាត្យ បានដល់ពួកអ្នកធ្វើរាជការគ្រប់ក្រសួងមានលោកសេនាបតីជាប្រធាន អស់លោកមន្រ្តីទាំងនោះសុទ្ធតែជាអ្នកទទួលភារៈចាត់ការត្រួតត្រាស្រុកទេសឱ្យបានសុខសាន្តត្រាណរៀបរយល្អ និងរក្សាការពារសត្រូវខាងក្រៅមិនឱ្យរំលោភមកលើខែត្រដែនបាន ប្រសិនបើមានសឹកសង្រ្គាមកើតឡើងក្នុងស្រុក ក្រុមសេនាយោធាមាត្យទាំងនោះហើយជាកម្លាំងក្នុងការច្បាំងកម្ចាត់សឹកសត្រូវ ហេតុនេះកម្លាំងអាមាត្យជារបស់វិសេសធំជាងកម្លាំងកាយនិងកម្លាំងទ្រព្យ។
ទី ៤ – កម្លាំងជាតិ បានដល់ត្រកូលក្សត្រជាត្រកូលថ្លៃថ្លាខ្ពង់ខ្ពស់ជាងត្រកូលទាំង ៣ គឺត្រកូលព្រហ្មណ៍ ត្រកូលវេស្សៈ និងត្រកូលសូទ្រៈ ដ្បិតត្រកូលក្សត្រជាអ្នកគ្រប់គ្រងនគរ ជាទង់ជ័យរបស់ស្រុក ជាប្រមុខនៃប្រជាជនក្នុងប្រទេសជាតិ ហេតុនេះ ត្រកូលក្សត្រជាកម្លាំងជាតិដ៏ខ្ពង់ខ្ពស់ ជាធំវិសេសជាងកម្លាំងកាយ ទ្រព្យ និងអាមាត្យ។
ទី ៥ – កម្លាំងបញ្ញា បានដល់មនុស្សអ្នកមានប្រាជ្ញា ចេះវិជ្ជាការ សិល្បសាស្រ្តនានាក្នុងលោក កម្លាំងបញ្ញានោះជាធំជាកំពូលលើកម្លាំងទាំង ៤ ខាងដើម ដ្បិតថាអ្នកមានប្រាជ្ញាឈ្លាសវៃអាចនឹងធ្វើឧបាយកលផ្ចាលផ្ចាញ់អ្នកល្ងង់ខ្លៅបានងាយ អាចនឹងស្វែងរកទ្រព្យសម្បត្តិចិញ្ចឹមជីវិតបានងាយ ឬនឹងប្រឡងចូលក្នុងក្រសួងរាជការតាំងខ្លួនជាមន្រ្តីបានងាយ។
រួមកម្លាំងទាំង ៥ យ៉ាងនេះ ឃើញថាកម្លាំងកាយជារបស់ជាន់ទាបបំផុត កម្លាំងបញ្ញាជារបស់ជាន់ខ្ពស់បំផុត មានរឿងរ៉ាវជាគ្រឿងពន្យល់ឱ្យឃើញកម្លាំងកាយនិងកម្លាំងបញ្ញាដូចបានពណ៌នាតទៅនេះ ៖
រឿងសត្វចាបសម្លាប់ដំរីស្ដរ (១)
មានដំរីស្ដរ ១ ដើររកស៊ីក្នុងព្រៃដាច់ចេញពីហ្វូងតែម្នាក់ឯង ថ្ងៃ ១ បានដើរទៅជួបប្រទះនឹងមេចាប កំពុងតែក្រាបក្រុងកូននៅកណ្ដាលផ្លូវដែលខ្លួនដើរ មេចាបនិយាយអង្វរដំរីថា « សូមលោកអាណិតមេត្តាកុំដើរជាន់កូនខ្ញុំ » ដំរីមិនព្រមទទួលយកពាក្យអង្វរក៏ឆ្លើយតទៅវិញថា អញមិនដឹងមិនស្គាល់អាណាទេអញចេះតែដើរជាន់ ស្លាប់អាណាក៏ដោយ ចាបឯងខ្លួនតូចប៉ុណ្ណេះនឹងធ្វើអ្វីអញបាន បើទុកជាចាបឯងមានចំនួនច្រើនដល់ទៅ ១ ម៉ឺន ក៏អញជាន់ឈ្លីនឹងជើងឆ្វេងអញតែម្ខាងឱ្យស្លាប់ល្អិតល្អោចអស់ឥតសល់មួយដែរ ដំរីថាតែប៉ុណ្ណេះហើយក៏ដើរជាន់កូនចាបខ្ទេចខ្ទីស្លាប់អស់ទៅ មេចាបឃើញកូនស្លាប់ដូច្នោះហើយ ក៏កើតទុក្ខក្ដៅក្រហាយសោកស្ដាយកូនណាស់ ទើបហើរទៅទំលើមែកឈើហើយនិយាយប្រាប់ដំរីថា « ដំរីឯងហ៊ានមើលងាយអញ ដ្បិតតែឃើញអញខ្លួនតូច កម្លាំងតិច ប៉ុន្តែឯងមិនទាន់ដឹងកម្លាំងបញ្ញាអញទេ ចាំមើលអញនឹងធ្វើសងសឹកដល់ឯងវិញ » មេចាបនិយាយរួចហើយក៏ហើរទៅរកពឹងសត្វក្អែកឱ្យទៅចឹកចោះភ្នែកដំរីឱ្យបែកជាដំបៅទាំងសងខាង ក្អែកក៏ទទួលយកអាសាទើបមេចាបទៅពឹងសត្វរុយទៀត ឱ្យរុយពងដាក់ភ្នែកដំរី ឱ្យកើតជាដង្កូវចុះក្នុងភ្នែកទាល់តែខ្វាក់ទាំងពីរ កាលដំរីនោះឈឺភ្នែកបែកខ្វាក់ទាំងពីរងងឹតមើលផ្លូវមិនឃើញហើយ ក៏កើតទុក្ខវេទនា លំបាកនឹងរកស្មៅស៊ី នឹងរកផឹកទឹកក៏ពុំបាន មេចាបឃើញដំរីខ្វាក់ភ្នែកដូច្នោះហើយក៏ទៅពឹងសត្វកង្កែប ឱ្យឡើងទៅយំលើកំពូលភ្នំ ដំរីឮកង្កែបយំ មានចិត្តត្រេកអរដោយសម្គាល់ថាមានត្រពាំងទឹក ទើបដើរឡើងទៅលើកំពូលភ្នំ កាលដំរីទៅដល់កំពូលភ្នំហើយ កង្កែបលោតចុះទៅយំក្នុងជ្រោះវិញ ដំរីដើរតាមសំឡេងកង្កែបទៅទៀត លុះដល់មាត់ជ្រោះក៏រអិលជើងរមៀលធ្លាក់ទៅក្នុងជ្រោះស្លាប់ទៅ ឯមេចាបបានដឹងថាដំរីស្លាប់ហើយ ក៏មានចិត្តត្រេកអរណាស់។
១ លឌុកិកជាតក បញ្ចកនិបាត មណិកុណ្ឌលវគ្គទី ១។
១៥ – ១១ – ៤៤
ឃុន បណ្ណានុរក្ស ប៊ូ – ប៉ូ
រៀបរៀង
ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៤៥