អំពី​ទេវតា

សារវន្តកថា

ទេវតាគឺជាអ្វី ?

តាមច្បាប់ព្រះពុទ្ធសាសនា ទេវតាជាសត្វមានកាយទិព្វមួយក្រុម។ សត្វក្រុមនេះមានបីផ្នែក ៖

 ១ – ថ្នាក់នៃទេវតាដែលអាស្រ័យនៅក្នុងឋានកណ្ដាល

២ – ថ្នាក់នៃទេវតាដែលអាស្រ័យនៅក្នុងឋានសួគ៌ ៦ ជាន់ មានឋានចាតុម្មហារាជិកាជាដើម។

៣- ថ្នាក់នៃទេវតាដែលអាស្រ័យនៅក្នុងឋានព្រហ្ម ១៦ ជាន់ មានព្រហ្មបរិសជាដើម។

បណ្ដាទេវតាទាំងបីភូមិនេះ ក្នុងភូមិទី១ ទេវតាថ្នាក់នេះមានផលបុណ្យនិងអានុភាពខ្សត់ខ្សោយជាងគេបង្អស់ ចួនកាលខ្សោយជាងមនុស្សឬសត្វដទៃទៀតផង។

សួរថា ៖ ទេវតាទាំងបីភូមិ កាលពីជាតិមុន គឺជាអ្វី ?

ឆ្លើយថា ៖ តាមលទ្ធិព្រះពុទ្ធសាសនា ហើយជាការណ៍ពិតប្រាកដមែនផង ពួកទេវតា​ពីជាតិមុន គឺជាមនុស្សដែលបានកសាងអំពើកុសលផ្សេងៗ តាមសទ្ធាធ្ងន់ស្រាល តាមធនធានច្រើនតិច តាមទឹកចិត្តយល់ច្បាស់ឬព្រាលៗ តាមវិចារណញ្ញាណជ្រៅរាក់។ ឯផលបុណ្យ អានុភាពនិងថ្នាក់ខ្ពស់ទាប សម្រេចទៅតាមស្ថានការណ៍ខាងលើនេះ។

សួរថា ៖ បណ្ដាមនុស្សទាំងឡាយ ពិសេសគឺជនជាតិខ្មែរ តើមានឈ្មោះណា ទោះជាមានបណ្ដាសក្តិខ្ពង់ខ្ពស់ក្ដី ទោះជាអ្នកថយថោកក្ដី ទោះជាអ្នកសុចរិតក្ដី ទោះជាអ្នកទុច្ចរិតក្ដី ដែលបានចួប ឬដែលបានឃើញទេវតាម្ដងឬទេ ? (កុំយកក្នុងរឿង ឬក្នុងគម្ពីរមកនិយាយ )។

ឆ្លើយថា ៖ ក្នុងឋានៈខ្ញុំដែលមានវ័យប៉ុណ្ណឹងហើយ ខ្ញុំដូចជាមិនដែលបានឮថាមានឈ្មោះណា បានចួបឬបានយល់ទេវតាម្ដងសោះ។

សួរថា ៖ បើដូច្នេះ ដែលពោលថាមានទេវតានោះ ជាការណ៍ប្រាកដឬយ៉ាងណា ?

ឆ្លើយថា ៖ តាមយោបល់ខ្ញុំ ទេវតាពិតជាមានយ៉ាងជាក់ច្បាស់ តែមិនដឹងជាដោយហេតុអ្វីបានជាទេវតាអស់នោះ មិនព្រមបញ្ចេញអាត្មាឱ្យមនុស្សបានឃើញនឹងភ្នែកម្ដង ?

តាមក្នុងគម្ពីរពុទ្ធសាសនាថា ឋានកណ្ដាលនេះ (ឋានមនុស្ស ) មានសភាពឆ្អេះឆ្អាប ធុំក្លិនមិនសូវស្រួល បានជាទេវតាមិនព្រមចុះមក ធៀបឧបមាដូចយើងចូលក្នុងបង្គន់ដូច្នោះ។ ការពោលយ៉ាងនេះទុកថាជាត្រូវចុះ តែឯចំណែកទេវតាដែលអាស្រ័យនៅក្បែរមនុស្សសព្វថ្ងៃ ដែលច្រមុះខ្លួនវាស៊ាំដូចច្រមុះមនុស្សដែរទៅហើយ ដូម្ដេចក៏មិនដែលឃើញបង្ហាញអាត្មាឱ្យគេយល់ដល់ម្ដងផង ?

តាមយោបល់របស់ខ្ញុំ ទេវតាគឺពិតជាសត្វមួយក្រុមដែលគ្មានគិតអ្វីទាល់តែសោះក្រៅពីខ្លួនឯង។ ដូច្នេះបានជា ទោះបីមនុស្សសុចរិត ត្រូវគេរំលោភឈ្លានពាន ក៏ទេវតាមិនរវល់អើពើ ថាទេវតានៅឯសួគ៌នាយចុះគឺនៅឆ្ងាយផង ហើយរវល់តែសប្បាយរីករាយនឹងកញ្ញាទេពអប្សរ នឹងកំលោះទេ បុត្រសម្ផស្សទិព្វ រវល់តែសប្បាយនឹងប្រាសាទពេជ្រ ប្រាសាទមាស ប្រាសាទប្រាក់ រវល់តែសប្បាយនឹងការកម្សាន្តក្នុងសួនទិព្វ ប្រកបដោយបុប្ផាមានក្លិនពិដោរឈ្ងុយឈ្ងប់ រវល់តែសប្បាយឆ្ងាញ់នឹងអាហារទិព្វដែលមានឱជារសយ៉ាងឈ្ងុយផង បានជាភ្លេចមិនបានចុះមកជួយមនុស្សម្ដងម្កាល ចុះទេវតាឋានកណ្ដាលដែលអាស្រ័យនៅនឹងខ្លោងទ្វារផ្ទះមនុស្ស អាស្រ័យនៅលើកំពូលព្រះចេតិយ អាស្រ័យនៅតែដោយវត្តអារាម។ល។ តើងប់នឹងអ្វីដែរ ក៏មិនជួយ មិនប្រាប់ហេតុការណ៍ឱ្យមនុស្សបានដឹងមុន ឬក៏ជួយប្រាប់មធ្យោបាយ ដើម្បីការពារឱ្យរួចពីក្ដីអន្តរាយផង។

ដូច្នេះ ឃើញថាអានុភាពជួយសង្រ្គោះរបស់ទេវតា មិនមានទាល់តែសោះ បើយ៉ាងនេះគួរគប្បីឱ្យមនុស្សយកជាទីពឹងបានទេឬ ? សូមអ្នកប្រកបដោយសុភនិច្ឆ័យ ជួយពិចារណាមើល ?

តួយ៉ាងដូចព្រះឥន្ទដែលមាននាមថា « ទេវានមិន្ទោ » ប្រែថាជាស្ដេចនៃទេវតាទាំងឡាយ ហើយមាននាមច្រើនដទៃទៀត មានជាអាទិគឺ « សហស្សន័យន៍ » ដែលប្រែតាមសព្ទត្រង់ថា « មានព្រះនេត្រមួយពាន់ » បើប្រែយកន័យដ៏ទូលាយថា « អាចដឹងហេតុសព្វគ្រប់ ទោះនៅជិតក្ដី នៅឆ្ងាយក្ដី មើលឃើញក្ដី កំបាំងក្ដី ដូចជាមនុស្សមានភ្នែកមួយពាន់ »។ តាមគម្ពីរព្រះពុទ្ធសាសនា ព្រះឥន្រ្ទនេះជាពុទ្ធមាមកជនមួយរូបដ៏មុតមាំណាស់។

 សួរថា ៖ បើយ៉ាងដូច្នេះ ហេតុដូចម្ដេចក៏ព្រះឥន្ទមិនដែលឃើញហោះចុះមកបង្ហាញកាយ ឬបញ្ចេញវាចាប្រាប់ហេតុអាក្រក់ល្អ ដែលបម្រុងនឹងកើតមានដល់សប្បុរសពុទ្ធសាសនិកម្ដងណាសោះ ព្រោះលោកជាអ្នកមានឫទ្ធិ មានអំណាចខ្លាំងពូកែគ្រប់សព្វ ឬមួយព្រះឥន្ទខ្លាចគ្រាប់បែកបរមាណូ ដូចនាងទេពធីតា ជាអតីតព្រះមាតានៃព្រះបាទធនញ្ជ័យកោរព្យរាជខ្លាចបុណ្ណកយក្ស (រឿងពិធុរបណ្ឌិត ) ?

ឆ្លើយថា ៖ ចំពោះសំណួរនេះ ឃើញថាមិនងាយនឹងដោះស្រាយឱ្យបានត្រឹមត្រូវឡើយ តែបើតាមការជញ្ជឹងត្រិះរិះ ឃើញថាព្រះឥន្រ្ទក៏មិនខុសគ្នាពីទេវតាសាមញ្ញាទេ ហើយនាមគគោករបស់ព្រះឥន្ទ មានសហស្សន័យជាដើម ក៏ជាការឥតប្រយោជន៍ ព្រោះព្រះឥន្រ្ទមិនបានគោរពសោះ គួរគប្បីតែឈប់យកនាមទាំងនេះ មកនិយាយតទៅទៀត ដើម្បីកុំឱ្យវាទើសទែង។

ចំណែកសម្ដេចសហជីវិនវិញ គឺមានសភាពផ្ទុយពីព្រះឥន្ទស្រឡះ។ ព្រះអង្គទ្រង់បានទទួលព្រះបរមនាមយ៉ាងច្រើនដូចព្រះឥន្ទដែរ ពីសម្នាក់ប្រជាពលរដ្ឋជាកូនចៅនៃព្រះអង្គ តែព្រះអង្គទ្រង់គោរពឥតល្អៀង។ ឯព្រះបរមនាមថ្មីទាំងនោះគឺ ១- ព្រះបិតាឯករាជ្យជាតិ ២- ព្រះបិតាសាមគ្គីជាតិ ៣- ព្រះបិតាសិក្សាធិការជាតិ ៤- ព្រះបិតាសុខាភិបាល ៥- ព្រះបិតាការហត្ថកម្ម ៦- ព្រះបិតាកំម្លាំងជាតិ  ៧- ព្រះបិតាសេដ្ឋកិច្ចជាតិ ៨ – ព្រះបិតាឧស្សាហកម្ម ៩- ព្រះបិតាសិល្បជាតិ ១០ – សម្ដេចឪ ចំពោះព្រះបរមនាមទាំងនេះ មិនមានព្រះបរមនាមណាមួយ ដែលសម្ដេចជាអម្ចាស់ទ្រង់មិនគោរពនោះឡើយ ដែលប្រជាពលរដ្ឋថ្វាយព្រះបរមនាមថា « ព្រះបិតាឯករាជ្យជាតិ » ព្រោះព្រះអង្គទ្រង់ខំស្វែងដោយឥតគិតដល់ព្រះជន្មក្ស័យនូវឯករាជ្យដ៏ពិតប្រាកដ មកប្រទានដល់កូនចៅ និងមាតុភូមិរបស់ព្រះអង្គ ដែលគេថ្វាយព្រះបរមនាមថា « ព្រះបិតាសាមគ្គីជាតិ » ព្រោះសម្ដេចទ្រង់បានបង្កើតអង្គការ « សង្គមរាស្រ្តនិយម » ដើម្បីបង្រួបបង្រួមជាតិ ដែលមានការបែកបាក់គ្នា កាលពីក្នុងសម័យគណបក្ស ដែលគេថ្វាយ​ព្រះបរមនាមថា « ព្រះបិតាសិក្សាធិការជាតិ » ព្រោះមុនពេលសង្គមរាស្រ្តនិយម កិច្ចសិក្សានៃប្រជារាស្រ្តមានសភាពស្ដួចស្ដើង ហើយសម្ដេចទ្រង់ធ្វើឱ្យកិច្ចសិក្សានេះ មានវឌ្ឍនភាពជាអតិបរមា ដែលគេថ្វាយព្រះបរមនាមថា « ព្រះបិតាសុខាភិបាល » ព្រោះព្រះអង្គទ្រង់ធ្វើឱ្យមានមន្ទីរពេទ្យពាសពេញប្រទេស សម្រាប់ឱ្យប្រជារាស្រ្តមានមធ្យោបាយគ្រប់គ្រាន់ ដើម្បីថែរក្សារោគផ្សេងៗ ដែលគេថ្វាយព្រះបរមនាមថា « ព្រះបិតាការហត្ថកម្ម» ព្រោះសម្ដេចជាព្រះមហាក្សត្រខ្មែរតែមួយព្រះអង្គ ដែលទ្រង់ជាហត្ថករគំរូនៃកូនចៅព្រះអង្គ ក្នុងការបំពេញហត្ថកម្មផ្សេងៗក្នុងប្រទេស មានការកាប់គាស់ដី ដើម្បីស្ថាបនាវិស័យនានា មានថ្នល់រថភ្លើង និងទំនប់ទឹកជាដើម ដែលគេថ្វាយព្រះបរមនាមថា « ព្រះបិតាកីឡាជាតិ » ព្រោះសម្ដេចទ្រង់ជាកីឡាករមួយព្រះអង្គយ៉ាងឆើត គឺព្រះអង្គសម្ដេចនេះហើយដែលទ្រង់ជាមេដឹកនាំប្រជារាស្រ្ត ជាកូនចៅព្រះអង្គឱ្យយល់នូវតម្លៃកីឡា និងឱ្យពេញចិត្តក្នុងការលេងកីឡាផង ដែលគេថ្វាយព្រះបរមនាមថា « ព្រះបិតាសេដ្ឋកិច្ច » ព្រោះព្រះអង្គទ្រង់ធ្វើឱ្យសេចក្ដីជាតិមានឯករាជ្យ និងរីកចម្រើន ដោយទាត់ជំនួយមានចំណងនៃសហរដ្ឋអាមេរិកចោល ជាអំពើតែមួយក្នុងលោកដែលគ្មានរដ្ឋបុរសណាហ៊ានធ្វើ ដែលគេថ្វាយព្រះបរមនាមថា « ព្រះបិតាឧស្សាហកម្ម » ព្រោះសម្ដេចទ្រង់ដឹកនាំ និងពន្យល់ណែនាំផ្លូវដល់កូនចៅ ឱ្យយល់នូវតម្លៃនៃឧស្សាហកម្ម និងឱ្យបង្កើតនូវឧស្សាហកម្មយ៉ាងច្រើនក្នុងព្រះរាជាណាចក្រ ដែលគេថ្វាយព្រះបរមនាមថា « ព្រះបិតាសិល្បជាតិ » ព្រោះសម្ដេចជាសិល្បករមួយព្រះអង្គយ៉ាងឆើតជំនាញអស្ចារ្យ ទ្រង់និពន្ធបទភ្លេង ទំនុកចម្រៀងយ៉ាងពីរោះៗក្រៃលែង មិនតែប៉ុណ្ណោះទ្រង់ប៉ិនប្រសប់យ៉ាងចម្លែកក្នុងចម្រៀង និងក្នុងការសម្ដែងតួនៃរឿងល្ខោនថែមទៀតផង ដែលគេថ្វាយព្រះបរមនាមថា « សម្ដេចឪ » ព្រោះសម្ដេចទ្រង់ប្រកបដោយព្រហ្មវិហារធម៌ យ៉ាងមុតមាំជាងឪធម្មតា គឺថាទ្រង់មិនដែលបណ្ដែតបណ្ដោយឱ្យប្រជាពលរដ្ឋជាកូនចៅ ស្ថិតនៅកំព្រាអនាថា គ្មានទីពឹងចំពោះអំពើអយុត្តិធម៌ ឬចំពោះសេចក្ដីទុក្ខវេទនាផ្សេងៗដោយទ្រង់ព្រះបញ្ជា ឱ្យបង្កើតប្រជាសវនាការ និងបង្កើតក្រុមសង្គហជាតិ។

ដូច្នេះ ឃើញថា សម្ដេចព្រះនរោត្ដមសីហនុ ឧបយុវរាជ ព្រះប្រមុខរដ្ឋប្រទេសកម្ពុជា ព្រះអង្គទ្រង់ប្រសើរលើសព្រះឥន្ទឆ្ងាយណាស់។ បានជាហ៊ានពោលយ៉ាងនេះ ព្រោះព្រះឥន្ទមិនបានគោរពនាមដ៏ជាក់ច្បាស់ដូចព្រះអង្គឡើយ។ នាមខ្លះរបស់ព្រះឥន្រ្ទជានាមបោកបញ្ឆោត ជានាមឥតប្រយោជន៍ នាំឱ្យគេហៅ គេទន្ទេញនឿយតែមាត់ តែគ្មានលទ្ធផលអ្វី។

មានបញ្ហាមួយចោទប្រឆាំងឡើងថា ព្រះឥន្រ្ទាមានដែលមកបង្គាប់យើងឱ្យយកនាមលោកមកទន្ទេញ មកសូត្រឯណា ? នេះហាក់តែយើងភិតភ័យស្រវានោះមិនដល់ ស្រវានេះមិនដល់ ក៏នាំគ្នាអំពាវនាវទៅទេតើ !

ការចោទប្រឆាំងមកនេះ ហាក់ដូចជាសមពិតប្រាកដមែន ព្រោះនៅខាងលើ យើងបានពោលថាមិនដែលឃើញទេវតាណា សូម្បីព្រះឥន្ទក៏ដោយមកបង្ហាញកាយដល់មនុស្សម្ដងសោះ ក៏ប៉ុន្តែចំពោះរឿងព្រះឥន្រ្ទដែលថាមាននាមមួយហៅ « សហស្សន័យន៍ » បើពិចារណាត្រិះរិះទៅឃើញថា ពិតមែនតែព្រះឥន្រ្ទមិនចុះមកបង្គាប់ តែនាមនេះមានក្នុងគម្ពីរនៃពុទ្ធសាសនាដ៏ពិតប្រាកដ ដែលជាហេតុនាំឱ្យខ្មែរពុទ្ធសាសនិកត្រូវតែបួងសួងអំពាវនាវរកក្នុងពេលមានអាសន្ន។ ដូចសព្វថ្ងៃនេះ ពួកបរទេសទុយ៌សមានអាមេរិកាំងនិងយួនខាងត្បូងជាដើម កំពុងប្រព្រឹត្តរំលោភឈ្លានពានគំរាមកំហែង និងវាយប្រហារមកលើកម្ពុជាស្លូតត្រង់ ហេតុម្ដេចក៏ព្រះឥន្ទមិនចុះមកមើលការខុសត្រូវផង ? ពាក្យបុរាណពោលថា « តែមានផ្សែង តែងមានភ្លើង »។ នាមព្រះឥន្ទថា « សហស្សន័យន៍ » ពិតជាមានមែន តែមិនដឹងជាអ្នកណាឱ្យដោយភន្តច្រឡំ ឬឱ្យដោយអគតិ ពុំនោះសោតឱ្យលេងក៏មិនដឹង។

ដូច្នេះ គួរឱ្យមនុស្សមានសេចក្ដីសង្ឃឹមទៅលើទេវតាតទៅទៀត ឬយ៉ាងណា ? អម្បាលទេវតា ដែលគេចាត់ទុកថាជាសត្វមួយក្រុមមានបុណ្យ និងមានឫទ្ធានុភាពក្រៃលែង ហើយមិនអាចមកជួយសង្រ្គោះមនុស្សបាន តើគួរយើងសង្ឃឹមចំពោះការពឹងផ្អែកទៅលើវត្ថុដទៃក្នុងលោក មានអារក្ស អ្នកតា យាយទេពជាដើម បានឬទេ ? តើវត្ថុទាំងនេះអាចផ្ដល់ប្រសិទ្ធភាព តាមសំណូមពរ តាមការបន់ស្រន់នៃយើងបានឬទេ ?

មានអ្នកខ្លះទៅបន់ស្រន់ អ្នកតាកន្លែងនេះ អ្នកខ្លះទៅបន់ស្រន់យាយទេពកន្លែងនោះ អ្នកខ្លះទៀតទៅសំពះបន់ស្រន់ព្រាយទសបារមីកន្លែងដទៃទៀតដែលល្បីពូកែ សុំឱ្យជួយគាំពារខ្លួនក្នុងការរកទទួលទាន សុំឱ្យជួយខ្លួនក្នុងការព្យាបាលរោគកូនប្រពន្ធ ឪពុក ម្ដាយ សុំឱ្យជួយគាំពារខ្លួនក្នុងការប្រឡង សុំឱ្យជួយគាំពារខ្លួនក្នុងការលេងល្បែងស៊ីសង មានបៀ ធួរ កន្ទុយលេខជាដើម សុំឱ្យជួយគាំពារខ្លួនក្នុងការទិញឆ្នោត។ល។ ហើយតាំងសច្ចាថាបើបានសម្រេចដូចបំណង នឹងថ្វាយវត្តុនេះវត្ថុនោះជាអាទិ គឺស្លាធម៌បួន ប្រាក់ កោរសក់ អង្ស័ក។ល។

សួរថា ៖ អ្នកបន់ស្រន់ទាំងនេះ បានទទួលលទ្ធផលគ្រប់គ្នាដូចសេចក្ដីបន់ស្រន់ឬទេ ?

ឆ្លើយថាបើតាមដែលបានដឹង គឺមានបានខ្លះ តែភាគតិចណាស់ចំពោះតង្វាយដែលថានឹងត្រូវថ្វាយនោះ អ្នកបន់ស្រន់មិនដែលហ៊ានខានឡើយ ទោះជាបានក្ដី មិនបានក្ដី ព្រោះខ្លាចវត្ថុទាំងនោះធ្វើបាបដល់ខ្លួន។

ឥឡូវសូមយកបញ្ហាបាននឹងមិនបាននេះ មកពិចារណាដោះស្រាយ។ ដែលបាននោះ មកពីវត្ថុទាំងនេះផ្ដល់ឱ្យតាមសេចក្ដីបន់ស្រន់មែនឬយ៉ាងណា ? ដែលមិនបាននោះ មកពីវត្ថុនេះមិនព្រមផ្ដល់ឱ្យ ព្រោះមិនពេញចិត្ត ឬខឹងនឹងអ្នកបន់ស្រន់នោះឬយ៉ាងណា ?

ខ្ញុំយល់ថា ដែលបានក្ដី ដែលមិនបានក្ដី មិនមែនមកពីវត្ថុនេះឡើយ ព្រោះក្នុងពេលដែលគេបន់នោះ មិនដែលឃើញឬ មិនដែលឮវត្ថុសក្តិសិទ្ធពោលប្រាប់ថាអញជួយឯង ឬអញមិនជួយឯងនោះសោះឡើយ អើ ! ដែលឃើញតែមនុស្សដែលគេសន្មតថាជាតួរូបសម្រាប់ឱ្យវត្ថុសក្តិសិទ្ធ សណ្ឋិតចូលនោះពិតមែន។ រឿងនេះ បើតាមការពិសោធន៍មិនប្លែកគ្នាពីរឿងទេវតាឡើយ។ បើនិយាយយ៉ាងខ្លីថា វត្ថុអស់នេះមិនមានសមត្ថភាពអ្វីបន្តិចបន្តួចនឹងជួយមនុស្សឡើយ។ ដែលបានគឺបានដោយខ្លួនឯង ដែលមិនបានគឺមិនបានដោយខ្លួនឯង។

 យើងធ្លាប់ឃើញស្រាប់ តែកន្លែងណា តែតំបន់ណា តែប្រទេសណា មានអ្នកខ្លាំងពូកែ មានខ្លះមានឫទ្ធិអំណាច មានអ្នកមានបុណ្យដូចជាតួអង្គសម្ដេច នរោត្ដម សីហនុ ឧបយុវរាជ ព្រះប្រមុខរដ្ឋប្រទេសកម្ពុជា អ្នកនៅជិតខាងព្រះអង្គ ប្រជារាស្រ្តជាកូនចៅព្រះអង្គ រមែងតែបានទទួលសេចក្ដីសុខ សេចក្ដីចម្រើន ពីព្រះអង្គជាធម្មតា ប្រទេសជិតខាងកើតចម្បាំងកាប់សម្លាប់គ្នា ប្រទេសកម្ពុជាមានសន្តិសុខបរិបូណ៌ ទាល់តែមាននាមថា « កោះសន្តិភាព » (សង្គមរាស្រ្តនិយម )។ ប្រសិនបើវត្ថុសក្តិសិទ្ធនោះៗ ពិតជាមានសមត្ថភាព ពិតជាមានឫទ្ធិអំណាច អាចផ្ដល់អ្វីបានតាមសេចក្ដីបន់ស្រន់មែន ហេតុអ្វីអ្នក « ជើងព្រះ » អ្នកតំបន់ជាមួយក៏នៅតែរហេមរហាម។ ខ្ញុំបានសង្កេតឃើញជាក់នឹងភ្នែកនូវការរយីករយាកនូវការមិនសមរម្យនេះនៃអ្នកជើងព្រះ នៃអ្នកតំបន់របស់វត្ថុសក្តិសិទ្ធនោះៗ។ សព្វថ្ងៃ មិនត្រឹមតែគ្រហស្ថទេដែលប្រកាន់ជំនឿស្មោកគ្រោកនេះ សូម្បីព្រះសង្ឃខ្លះក៏នៅយល់ដោយឥតពិចារណាថាជាការណ៍សក្តិសិទ្ធដែរ ហើយព្រះសង្ឃនេះ ថែមទាំងតាំងខ្លួនជាជើងព្រះថែមទៀតផង។

គួរឱ្យអៀនខ្មាសពេក តែកាលណាបានឃើញភ្ញៀវចូលទៅក្នុងព្រះវិហារ ចូលទៅជិតរោង ឬតូបអ្នកតា អ្នកជើងព្រះ ភាគច្រើន គឺស្រ្តីស្លៀកពាក់មិនជាបើបី មានកាន់ជើងស្រាពក៍​ដាក់ខ្សែក ខ្សែចង្កេះ និងគាថាមួយៗម្នាក់ ស្ទុះមកធ្វើបដិសណ្ឋារកិច្ច ដូចអ្នកសុំទាន ដោយពោលអួតថាទុកឱ្យខ្ញុំជួយបន់ បើខ្ញុំបន់ហើយទៀងតែនឹងបានសម្រេចដូចសេចក្ដីប្រាថ្នា។ រួចបើភ្ញៀវយល់ព្រមថាត្រូវពឹងខ្លួនមែន អ្នកនេះស្រាប់តែអរកខិបកខុប កន្រ្តាក់យកជើងពានមកអុជធូបអុជទៀន សម្រឹងស្មិងសា្មធិ៍ធ្វើជាចូល ប្រើសំឡេងខ្មោចមួយរំពេច ភ្នែកក្រឡិបក្រឡាប់មូលដូចកាក់ញាក់ទទ្រើក ខ្លះស្ទុះឡើងទៅកៀកព្រះសូរងព្រះពុទ្ធរូបឥតខ្លាចបាប ដៃរាំរំពើន សម្លឹងចំមករកភ្ញៀវ ធ្វើទឹកមុខម្ដងក្រញូវ ម្ដងញញឹម មួយសន្ទុះក្រោយមក គេក៏ចេញ ឬចុះមកវិញ ហើយប្រាប់ថាព្រះអង្គព្រមជួយហើយ លោកយាយស្រឡាញ់លោកណាស់ លោកទៀងតែឡើងបុណ្យសក្តិទៀតជាប្រាកដ។ល។ ភ្ញៀវខ្លះជាអ្នកទ្រើស លុះបានឮពាក្យបញ្ជោរបោកបញ្ឆោតដូច្នោះ ក៏សប្បាយចិត្តពន់ពេក ហូតលុយពីហោប៉ៅហុចឱ្យទៅភ្លាម ដោយសង្ឃឹមថាទៀងតែនឹងបានសម្រេចដូចបំណង។

មិនតែប៉ុណ្ណោះ ពួកជើងព្រះទាំងនោះ ចួនកាលមានការអាក់អន់ចិត្តរវាងគ្នានឹងគ្នាផងក៏មាន ព្រោះតែរឿងដណ្ដើម « ម៉ូយ »។

គួរឱ្យអស់សំណើចណាស់ បើព្រះអង្គរបស់ខ្លួន បើយាយទេពឬអ្នកតារបស់ខ្លួនពូកែមែន ហេតុដូចម្ដេចក៏មិនបន់ស្រន់យកខ្លួនឯង ទុកមុនជាគំរូឱ្យហើយទៅ ក៏ឃើញតែនៅរហេមរហាម រយីករយាកដែលជាហេតុផ្ទុយនឹងការណ៍ពិតទៅវិញ ឬព្រះអង្គហ្នឹង យាយទេពហ្នឹង អ្នកតាហ្នឹងក៏ចិត្តអាក្រក់អ្វីម្ល៉េះ ចំពោះតែកូនចៅខ្លួន។

គេអាចឆ្លើយប្រឆាំងមកវិញថា ៖ ដែលព្រះអង្គ…… អាចជួយបាន ចំពោះតែអ្នកណាដែលមានវាសនាទេ ខ្លួនជាជើងព្រះក៏ដោយ បើគ្មានវាសនាព្រះអង្គ …… ជួយមិនបានទេ។ អ្នកណាមិនចង់មាន មិនចង់បាន មិនចង់ធ្វើធំ ?

ចម្លើយនេះឃើញថាត្រឹមត្រូវពិតប្រាកដមែន តែត្រូវតែទៅលើខុស។

សួរថា ៖ យ៉ាងដូចម្ដេច បានជាវាត្រូវទៅលើខុស ?

 ឆ្លើយថា ៖ ដែលថាត្រូវទៅលើខុសនោះ ព្រោះវាសនាមិនមែនផ្ដល់ដល់យើងដោយគ្មានធ្វើឡើយ ឬក៏ដោយសារតែការបន់ស្រន់នោះទេ។ អ្វីៗទាំងអស់ គឺសម្រេចទៅលើ « កម្ម » ទាំងស្រុង ដែលប្រែមកថា « ធ្វើ » គឺថាអ្វីៗទាំងអស់កើតមកតែពីធ្វើ បើគ្មាន « ធ្វើ » គឺគ្មាន « ផល »។ ហើយធ្វើនេះទៀត ត្រូវប្រព្រឹត្តដោយខ្លួនឯង ទើបបានសម្រេចផលយ៉ាងគាប់ប្រសើរបំផុត។

ព្រះពុទ្ធបរមគ្រូ ទ្រង់ត្រាស់សម្ដែងថា « អត្តា ហិ អត្តនោ នាថោ កោ ហិ នាថោ បរោ សិយា » ប្រែថា ខ្លួនត្រូវទីពឹងខ្លួន អ្នកដទៃណានឹងជាទីពឹងប្រសើរជាងខ្លួន។

អ្នកកវីជាតិបារាំងឈ្មោះ ឡាហ្វុងតែន ពោលថា « aide toi, le ciel t’aidera » ប្រែថា « ជួយខ្លួនឯង ទើបទេព្ដាជួយ បានន័យថាត្រូវខំប្រឹងធ្វើដោយខ្លួនឯងទៅ គង់នឹងបានសម្រេចជាប្រាកដ»។

សម្ដេចសហជីវិន ព្រះប្រមុខរដ្ឋកម្ពុជា ក្នុងវិធីកសាងប្រទេសជាតិទ្រង់មានព្រះបន្ទូលឱ្យដាក់ពាក្យស្លោកថា « កម្ពុជា ជួយខ្លួនដោយខ្លួនឯង »។

គឺថាត្រូវតែខ្មែរជួយខ្មែរ ទើបប្រទេសជាតិ នឹងបានដល់នូវវឌ្ឍនភាព ទោះបីមានជំនួយខ្លះពីបរទេសក៏ដោយ។

សព្វថ្ងៃប្រទេសទាំងអស់ក្នុងសកលោក ទោះបីខាងអឺរ៉ុបក្ដី ខាងអាស៊ីក្ដី តែងយល់ដូចគ្នាទាំងអស់ គឺថាផលកើតមកតែពី « ធ្វើ »។ ដូច្នេះហើយ ទើបប្រទេសចិនដែលកាលពីដើម ប្រជារាស្រ្តភាគច្រើនស៊ីតែបបរនោះ បានញ៉ាំងផលិតផលឱ្យកើតមានយ៉ាងបរិបូណ៌ ហើយប្រជារាស្រ្តទៀតក៏មានឋានៈជីវភាពខ្ពស់ជាងពីសម័យមុន។ ប្រទេសចិនប្រជាមានិតទុកផ្ទះអ្នកតា ទុកហុងស៊ុយជារឿងព្រេងអស់ទៅហើយ។

ពាក្យភាសិតដ៏ប្រសើរក្រៃលែងទាំងបីខាងលើ បញ្ជាក់ឱ្យឃើញថា គ្មានទេវតា អារក្ស អ្នកតា ព្រាយបិសាចណាអាចជួយមនុស្សបានឡើយ មានតែមនុស្សជួយមនុស្ស ទើបអាចរកផលប្រយោជន៍ចំពោះខ្លួនបាន។ អើ ! បើឱ្យមនុស្សជួយទេវតា អារក្ស អ្នកតា ដោយឧទ្ទិសផលកុសលដែលខ្លួនបានធ្វើទៅឱ្យនោះ ប្រហែលជាមានបានសម្រេចខ្លះទៅវិញ ព្រោះអមនុស្សទាំងនេះ គ្មានអ្វីយកមកធ្វើកុសលទេ ហើយកន្លែងធ្វើកុសលក៏គ្មានដែរ។

សម្រេចសេចក្ដីទៅ ៖ ការបន់ស្រន់ ការបួងសួង ការសំបូងសង្រូងនិងការឱ្យពរសព្ទសាធុការ គេធ្វើគ្រាន់តែជាការសម្ដែងសេចក្ដីគួរសម អនុលោមទៅតាមទំនៀមទម្លាប់ប្រពៃណីសម្រាប់ប្រទេសតែប៉ុណ្ណោះ។

តែបើជនណាយល់ថាអំពើទាំងនេះ អាចផ្ដល់ផលដល់អ្នកទទួលនឹងដល់អ្នកធ្វើមែន ជននោះឈ្មោះថាយល់ដោយភាន់ច្រឡំជាពិតប្រាកដ។

តាមការសង្កេត ភូមិណា តំបន់ណា ប្រទេសណា ដែលមានការចេះដឹងអន់ថយ ភូមិនោះ តំបន់នោះ ប្រទេសនោះ ច្រើននិយមការបន់ស្រន់ និងបួងសួងជាធម្មតា។

ជោគលាភ តែងចូលទៅរកបុរសសីហៈ  ដែលជាអ្នកមានព្យាយាមក្លៀវក្លា មានតែបុរសគម្រក់ទេ តែងពោលថា « ស្រេចតែព្រេងសំណាង » បុគ្គលចូរផ្ចាញ់វាសនា    ហើយធ្វើនូវព្យាយាមឱ្យពេញជាកូនប្រុស តាមកម្លាំងខ្លួនដែលអាចធ្វើបាន ថាបើព្យាយាមប្រឹងប្រែងធ្វើហើយ នៅតែមិនសម្រេចទៀត តើវានឹងកើតទោសអ្វី ?

ស្រីហិតោបទេស

ពាក្យឃាត់មិនឱ្យ     ធ្វើការអាក្រក់       ជាការលាមក          ឱ្យធ្វើល្អទៅ

ឱ្យដុសខាត់ចិត្ត       កុំឱ្យហ្មងសៅ       បីនេះលោកហៅ      ពុទ្ធសាសនា។

ច.ព

លោក ផេង ជ្រីវ រៀបរៀង

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៦៥

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments