ល្បិច​ចៅក្រម

សារវន្តកថា

ល្បិចចៅក្រម   ជាល្បិចរបស់ចៅក្រមអ្នកជំនុំជម្រះក្តី។ ក្នុងសតវត្សទី ២៣ នៃពុទ្ធសករាជ ត្រូវគ្នានឹងសតវត្សទី ១៧ នៃគ្រិស្ត សករាជ ព្រះបាទសម្ដេចព្រះជ័យចេស្ដាព្រះមហាក្សត្រិយ៍នៃប្រទេសកម្ពុជា ទ្រង់មានព្រះរាជបញ្ជាឱ្យពួកបណ្ឌិតរៀបចំរបៀបជាល្បិចនៃចៅក្រម អ្នកជំនុំជម្រះក្ដី ឱ្យបានទៀងទាត់តាមសុចរិតយុត្តិធម៌ ឱ្យងាយពិនិត្យ ពិភាក្សារកការណ៍ពិត ដោយល្បិច ៤ យ៉ាង ដែលហៅជាពាក្យ បាលីសន្មត ថាមន្ទលេន, សេនបទ, មណ្ឌុកដ, សីហលោ 

ល្បិចចៅក្រមទាំងបួនយ៉ាងនេះ មានសេចក្ដីអធិប្បាយថា ៖

១- មន្ទលេន (មន់-ទៈលេន) ន. (បា. ស. មន្ទ “ទន់, ទន់ភ្លន់, ស្រទន់; សន្សឹមៗ; តិច” + លេន “សន្ទុះ, ល្បឿន; ការស្ទាបស្ទង់”) ល្បិចឈ្មោះ មន្ទលេន នេះមានអត្ថន័យថា ចៅក្រមត្រូវពិចារណានូវអធិករណ៍ គឺរឿងក្តី តាមពាក្យចោទនិងឆ្លើយ ដែល ស្ទាបស្ទង់ឃើញថា មុនបង្អស់មិនគួរកញ្ឆក់កញ្ឆែងទេ ក៏ប្រើល្បិចសុភាព ទន់ភ្លន់សន្សឹមៗ ប្រៀបប្រដូចនឹងទឹកដែលហូររិញៗមិនហូរគំហុកខ្លាំង ហូរធ្លាក់ចុះទៅក្នុងស្រះឬត្រពាំង ដក់បានជាទឹកពេញទីនោះគួរដល់ ការប្រើប្រាស់បានដូច្នោះឯង; បើចៅក្រមប្រើល្បិចនេះទៅឃើញការណ៍ពិត សព្វគ្រប់ហើយ ក៏សម្រេចសេចក្ដីឱ្យអធិករណ៍នោះចប់ស្រេចដោយប្រពៃបាន ត្រឹមប៉ុណ្ណោះទៅ។

២- សេនបទ (សេន៉ៈបត់ ឬ សែន៉ៈបត់) ន. (បា. សេន “សត្វខ្លែង” + បទ “ដំណើរ; ផ្លូវ, គន្លង; ហេតុ; ឧបាយ; …”; សំ. ឝ្យេន + បទ) ល្បិចឈ្មោះ សេនបទ នេះមានអត្ថន័យថា ចៅក្រមត្រូវពិនិត្យពិចារណានូវរឿងក្តីតាម ពាក្យចោទនិងចម្លើយ ដោយប្រើល្បិចស្ទាបស្ទង់មើល យកតម្រាប់សត្វខ្លែង ដែលវាឆាបអ្វីៗមានកូនមាន់ជាដើមជាចំណីរបស់វា, ធម្មតាសត្វខ្លែង មុននឹងឆាបកូនមាន់ជាដើម វាត្រូវហើររេរាៗកេលកុងស្ទង់មើលសិន បើ លុះតែឃើញមានទំនងឱកាសល្មមឆាបឆក់បានទើបវាសម្លបស្លាបឆាបចុះហើយ វាហើរប៉េវឡើងទៅ; បើចៅក្រមយល់ឃើញថា ត្រូវប្រើល្បិចរិះរេបែបសត្វ ខ្លែង ហើយគ្រញិចសម្រេចសេចក្ដីឱ្យអធិករណ៍ បានចប់ដោយសុចរិតយុត្តិធម៌ ហើយ ក៏ទុកជាស្រេចត្រឹមប៉ុណ្ណោះទៅ។

៣- មណ្ឌុកដ (ម័ន-ឌុកត់ ឬ មន់–) ន. (បា. មណ្ឌុក ឬ មណ្ឌូក “កង្កែប” + កត > កដ “ដែលធ្វើ គឺការលោត”) ល្បិច ឈ្មោះ មណ្ឌុកដ នេះមានអត្ថន័យថា ចៅក្រមត្រូវពិនិត្យពិចារណានូវអធិករណ៍ តាមពាក្យចោទនិងចម្លើយ ដែលលៃស្ទង់មើលឃើញថា រឿងនេះត្រូវប្រតិបត្តិ តាមតម្រាប់កង្កែបលោត, ធម្មតាកង្កែប វាមិនលោតឥតឈប់បង្អង់សោះទេ, វា តែងតែលោតផ្លោតៗ ហើយឈប់បង្អង់ម្តងៗបន្តិចៗហើយទើបវាលោតផ្លោតៗត ៗទៅទៀត, ចៅក្រមក៏ត្រូវធ្វើយ៉ាងនោះដែរ គឺត្រូវស្ទាបស្ទង់មើល កុំ ប្រញាប់ប្រញាល់រួសរាន់ពេក, បើអធិករណ៍ហុចដំណើរឱ្យមក ឃើញថាគួរ វិនិច្ឆ័យបានហើយសឹមសម្រេចសេចក្ដីឱ្យរឿងនោះចប់ស្រេច ដោយសុចរិត យុត្តិធម៌ត្រឹមប៉ុណ្ណោះទៅ។

៤- សីហលោ (សីហៈលោ) ន. (បា. សីហ “សត្វសីហៈ” + លោ < លា “កាត់, កាត់ផ្តាច់; កាន់, កាន់យក” ជា បា. ស. ថា សីហលោ) ល្បិចឈ្មោះ សីហលោ នេះមានអត្ថន័យថា កាលបើចៅក្រមពិនិត្យពិចារណាឃើញរឿងនោះមាន ព័ស្តុតាងច្បាស់ក្រឡែត មិនគួរឱ្យសង្ស័យទេ ប៉ុន្តែបុគ្គលអ្នកជាប់ចោទ អង់អាចរបឹងរបាញក្អេងក្អាងហួសហេតុពេក មិនព្រមទទួលសារភាពតាមការណ៍ពិត សោះ, ចៅក្រមត្រូវប្រើអាការគំរាមសម្លុតតាមមាត្រាច្បាប់ ឱ្យបុគ្គលនោះ ស្លុតគាំងកឿងក្រទាំងហើយឆ្លើយឱ្យការណ៍តាមពិតត្រង់ ដោយចៅក្រមយក តម្រាប់តាមសីហៈ ដែលវាបន្លឺសីហនាទ ស្រែកសន្ធាប់ម្រឹគហើយវាខាំ សម្លាប់យកជាចំណីវាដូច្នោះដែរ, ហើយចៅក្រមវិនិច្ឆ័យសម្រេចសេចក្ដី ដោយ សុចរិតយុត្តិធម៌ ឱ្យចប់ស្រេចត្រឹមប៉ុណ្ណោះទៅ។

(ល្បិចចៅក្រម ទាំង ៤ យ៉ាងនេះ ហៅថា ល្បិចព្រះជ័យចេស្តា ឬ ច្បាប់ព្រះជ័យចេស្តា; កាលពីដើម យើងពុំបានឃើញច្បាប់ដើម ក៏ចេះតែអានខុសខ្លះ, លុះយើងស្រាវជ្រាវឃើញ សាស្រ្តាស្លឹករឹតចាស់ខ្មៅជាច្បាប់ដើមទើបយើងស្រង់យកមកចុះក្នុង វចនានុក្រមខ្មែរនេះ ដោយត្រឹមត្រូវហើយ)។

(កាព្យសម្រាប់ឱ្យងាយចាំ ល្បិចចៅក្រម) : មន្ទលេន-សេនបទ ទាំងមណ្ឌុកដ និងសីហលោ ទាំងបួននេះជា រាជោវាទោ នៃក្សត្រិយ៍សេដ្ឋោ ព្រះ ជ័យចេស្ដា។ មហាក្សត្រិយ៍ខ្មែរយើង ស្ដេចមានឫទ្ធិ៍ថ្កើង ទ្រង់បាន ប្រាប្ដា-ភិសេកហើយស្រេច ស្តេចទ្រង់បញ្ជា ឱ្យប្រាជ្ញព្រឹទ្ធា តែងល្បិច ចៅក្រម។ ជាពាក្យបាលី សន្មតសេចក្ដី ដោយការផ្សែផ្សំ ក្រឹត្យទុកជា ច្បាប់ សម្រាប់ចៅក្រម កាត់ក្តីឱ្យសម នឹងយុត្តិធម៌។ (មិនមែនសម្រាប់តែ ចៅក្រមគ្រហស្ថទេ ទោះទាំងចៅក្រមបព្វជិត ក៏គួរប្រើល្បិចចៅក្រមទាំង ៤ យ៉ាងនេះបានដែរ)។

ដកស្រង់ចេញពី វចនានុក្រមខ្មែរ

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments