រឿងអ្នកប្រាជ្ញជួយទុក្ខគេបាន អ្នកប្រាជ្ញទៅជួយមនុស្សខ្លៅវានឹងត្រឡប់មកត្រូវអាត្មាវិញ។
មានសត្វខ្លាមួយវាដាច់សង្វែង ដើររកចាប់សត្វអ្វីមិនបានសោះខំដើរស្វែងណាស់ទៅៗ ប្រទះនឹងសត្វអក ១ វាទំលើដើមព្រឹក្សាមួយនៅមាត់ត្រពាំងកំពង់តែយំឮសូរអក ៗ អូ ខ្លាក្រឡេកមើលទៅឃើញ គិតក្នុងចិត្តថា ធ្វើម្ដេចនឹងចាប់អានេះបានអ្ ហ៎ះធ្វើម៉េចវានៅខ្ពស់ម៉្លេះ បើអញឡើងទៅមុខជាឃើញហើយហើរទៅនឹងចាប់វាបានពីកាលណា ខ្លាក៏អង្គុយចាំមើលកិច្ចកលសត្វអកនោះ ឯសត្វអកនោះកាលណាទំហើយភ្នែកវាតែងរំពៃមើលទៅបង្ហែបត្រី ក្រែងមានត្រីរំលៀកខ្លួនឡើងនឹងចាប់ យូរបន្តិចមានត្រី ១ ផុសឡើងពីក្នុងទឹក អកស្ទុះទៅចាប់បានត្រីនោះយកមកជាចំណីវាទៅ។
ឯសត្វខ្លាឃើញអកធ្វើដូចនោះក៏គិតក្នុងចិត្តខ្លួនថា យើអាដែងអកនេះវាអង្គុយតែស្ងៀមសោះ ស្រាប់តែមានត្រីហែលឯក្នុងត្រពាំងនោះ វាស្ទុះទៅចាប់បានមួយរំពេច យកមកក្រហេះមិនមាននឿយហត់ប៉ុន្មានសោះ មិនព្រួយដូចជាខ្លួនអញខំដើរស្វែងរកស្ទើនឹងស្លាប់មិនបាន អានេះអង្គុយធ្វើច្រងុកៗ ចាប់បានមួយរំពេចៗ ហើយមិនលំបាកនឹងលបឱនក្រាបនោះ ទៀតផង។
បើដូចនេះអញគិតធ្វើដូចសត្វអកនេះវិញវាស្រួល ខ្លាគិតដូចនោះហើយ ក៏ដើរទៅទៀតដើម្បីស្វែងរកបឹងឬត្រពាំងជាទីស្ងាត់ហើយដែលមានត្រីច្រើននោះដើរទៅដល់បឹងមួយ ជាទីស្ងាត់មានដើមឈើធំច្រូងច្រាងនៅមាត់បឹងត្រឈឹងត្រឈៃល្មមពឹងពួនខ្លួនបាន ឯទីត្រង់នេះមានបុរសម្នាក់ទៅចងសន្ទូចក្នុងបឹងនោះកាលមុនខ្លាទៅដល់ បុរសនោះចងសន្ទូចរាយហើយនៅៗដីមិនស្រួល ប្រាថ្នាប៉ងចង់មើលទៅឱ្យឃើញសន្ទូចខ្លួនឯនាយឱ្យឆ្ងាយ ក៏ឡើងលើដើមព្រឹក្សាមួយធំខ្ពស់នៅសម្ងំតែម្នាក់ឯងមិនមានមាត់កទេ ឯខ្លានោះកាលណាទៅដល់ហើយ ដើរប្លូចចុះប្លូចឡើងរកមើលដើមឈើនិងឡើងធ្វើដូចសត្វអក បុរសឮសូរមើលទៅឃើញសត្វខ្លាមួយធំកំពុងតែដើររួចឡើងទៅលើចុងឈើអង្គុយស្រមាម ៗ ហើយធ្វើសំឡេងតម្រាប់សត្វអកថា អកៗ អូ បុរសនោះមិនមានមាត់ថាអ្វីទេ ចាំតែមើលហើយគិតថាខ្លានេះវាឡើងទៅលើចុងឈើនៅក្នុងបឹងដូចនេះតើវាគិតធ្វើអីចេះ យូរបន្តិចមានត្រីមួយងើបឡើង ស្រាប់តែខ្លានោះស្ទុះលោតទៅប្រូងរួចផុះឡើងវិញឈ្លក់ទឹកឮតែខក់ៗ បុរសនោះឃើញហើយសើចស្រែកថាស្លាប់ទៅអាខ្មោចធ្វើអីចុះ ខ្លាឮមើលទៅឃើញបុរសម្នាក់នៅលើចុងឈើ ខ្លាក៏មានសេចក្ដីខ្មាសអៀនខ្លាំងណាស់ស្ទើតែនឹងស្លាប់ខ្លួន មិនដែលបង់គំនិតដល់ទីនេះ រួចខ្លានឹកថាឥឡូវនេះឃើញអញតែម្នាក់ឯង បើគាត់ទៅដល់ផ្ទះសូម្បីនឹងនិយាយប្រាប់គេថែមទៀតគេនឹងកាន់តែដឹងច្រើនឡើងកើតមានកេរ្តិ៍ឈ្មោះអាក្រក់ណាស់ បើចុះអញសូកគាត់កុំឱ្យនិយាយប្រាប់នរណាតទៅទៀតឡើយ ខ្លាបាននិយាយអង្វរនឹងបុរសនោះជាពាក្យឱនលំទោនថា ឱអ្នកអើយអ្នក ខ្ញុំបានជាចាប់ត្រីធ្វើដូចជាសត្វអកវាមិនបានៗ ឯលង់ទឹកស្ទើនឹងស្លាប់ ខ្ញុំមានសេចក្ដីខ្មាសអៀនច្រើនណាស់ បើដូចនោះសុំអ្នកអាណិតខ្ញុំកុំនិយាយទៅណាមកណាតទៅទៀត ខ្ញុំនឹងឃើញគុណស្រ័យអ្នក បុរសតបវិញខ្លាឯងឱ្យអីអញ ខ្លាថាខ្ញុំសន្យារកសត្វជូនអ្នកមួយព្រឹកសត្វមួយមកជូនអ្នកនៅទីនេះរាល់តែថ្ងៃ បុរសនោះក៏ព្រមព្រៀងទទួលពាក្យខ្លាសព្វគ្រប់ហើយ រួចវិលទៅផ្ទះអាត្មាវិញ លុះព្រឹកឡើងមកទទួលយកសត្វអំពីខ្លានៅកន្លែងសន្យា ខ្លាក៏ខាំសត្វយកមកឱ្យបុរសនោះជាប្រក្រតីមិនហ៊ានខានឡើយ បុរសនោះកាលបានសត្វនាំទៅផ្ទះអាត្មាច្រើនថ្ងៃពេកណាស់ នាងភរិយានោះឆ្ងល់ លុះវេលាយប់ក៏សួរប្ដីដោយស្ងាត់ថា អ្នកៗឯងធ្វើម៉េចក៏បានសត្វរាល់ថ្ងៃម៉្លេះ ម្ដងសត្វនេះម្ដងសត្វនោះ ជ្រូកក៏មាន ក្ដាន់ក៏មាន ឈ្លូសក៏មាន ប្ដីប្រាប់ថាអញដាក់អន្ទាក់ ប្រពន្ធតបថាអន្ទាក់អីក៏បានមិនដែលខានដូច្នេះ អ្នកអើយអ្នកប្រាប់ប្អូនឱ្យត្រង់ទៅមើល បុរសនោះក៏ភ្លេចពាក្យសន្យា ហើយស្មានថាខ្លាកាលណាវានឹងមកក៏ប្រាប់ប្រពន្ធតាមរឿងហេតុពីដើមដល់ចុង ប្រពន្ធនោះក៏ជឿ លុះព្រឹកឡើងបុរសទៅយកសត្វអំពីខ្លាដូចសព្វមួយដង លុះទៅដល់ស្រាប់តែឃើញខ្លានៅអង្គុយជ្រហើមៗ ចាំនៅកន្លែងនោះ លុះបុរសដើរទៅដល់ខ្លាប្រាប់ថាអើបុរសឯងមកហើយអញតែចាំអីតើអញនឹងស៊ីឯង ដ្បិតកាលនិយាយគ្នាមុននោះ ហាមថាកុំឱ្យនិយាយប្រាប់គេតទៅទៀត គ្នាសូកឱ្យសត្វមួយថ្ងៃមួយ រាល់តែថ្ងៃ ឥឡូវម៉េចក៏និយាយប្រាប់គេ។
បុរសនោះក៏ភ័យភ្នែកស្លោ ឥតប្រកែកថាអីទេ គ្រាន់តែអង្វរទៅខ្លាវិញថា បងខ្លាឯងស៊ីក៏ស៊ីចុះខ្ញុំមិនប្រកែកទេ បានជានិយាយទៅហើយ តែបើម្ង៉ៃនឹងស្លាប់រស់ ខ្ញុំសុំទៅប្រាប់ប្រពន្ធកូនខ្ញុំសិន នឹងបានប្រាប់ឱ្យគេដឹងផង ខ្លាក៏ព្រមថាអើទៅក៏ទៅចុះតែឱ្យឆាប់ត្រឡប់មកវិញអញស្ដោះទឹកមាត់ចាំ តែស្ងួតទឹកមាត់អញតាមទៅស៊ីទាំងប្ដីប្រពន្ធមិនទុកទេ ទុកធ្វើអីមនុស្សមិនទៀងត្រង់ បុរសនោះក៏ទៅទាំងសេចក្ដីសោកសៅក្នុងចិត្តព្រោះតែមាត់មិនជិតបានជាខ្លាវាស៊ី ដល់ទៅប្រពន្ធក៏ប្រាប់តាមរឿងហេតុនោះហើយ ថាឥឡូវនៅមិនបានទេដ្បិតខ្លាវាចាំតែយូរវានឹងស៊ីទាំងអស់គ្នាហើយ ប្រពន្ធក៏យំសោកស្រណោះទៅវិញទៅមកស្ដាយគំនិត ប្ដីក៏លាភរិយាចាកចេញពីគ្រឹហាដើរមកតាមផ្លូវយំបណ្ដើរផង ដល់ពាក់កណ្ដាលផ្លូវប្រទះនឹងទន្សាយ ៗ សួរថាបុរសឯងដើរទៅណា ហើយយំផងដូច្នេះ មានទោសទុក្ខដូចម្ដេច បុរសនោះក៏ថ្លែងហេតុឱ្យទន្សាយស្ដាប់សព្វគ្រប់ប្រការតាមហេតុនោះ ទន្សាយក៏ឆ្លើយតបទៅវិញថា ឱបើដូច្នេះទៅភ័យអី បុរសឯងទៅរកតែចេកមួយស្និតមក ទៅខ្លាចអីអាខ្លាកំព្រើលនោះ បុរសនោះក៏ត្រេកអរម្នីម្នារត់ទៅរកបានចេកមួយស្និត ហើយជូនទៅលោកសុភាទន្សាយថាខ្ញុំសុំជូនលោក សុំឱ្យតែលោកសុភាជួយឱ្យរួចរស់ជីវិតខ្ញុំផងចុះ តែខ្លាវាតាមមកស៊ីខ្ញុំហើយ សុភាថា អើអ្នកឯងទៅនៅជាមួយនឹងយើងចាំមើលខ្លានោះឱ្យជាក់ រួចសុភាទន្សាយរកដំបូកមួយយ៉ាងធំខ្ពស់ ឡើងទៅអង្គុយលើដំបូកនោះដើម្បីបានមើលទៅឆ្ងាយ។
ឯខ្លាកាលណាចាំបុរសនោះយូរពេកណាស់ ក៏តាមមកប្រាថ្នានឹងខាំស៊ីទាំងពីរនាក់ ព្រោះខុសសន្យាពីរលើកហើយ ក៏ដើរម្នាក់ឯងតាមផ្លូវរលះរលាំងមក ដល់ទៀបដំបូកបុរសនោះឃើញក៏ប្ដឹងសុភាថា លោកនឹងហើយលោក សុភាទន្សាយប្រាប់ថាកុំឱ្យមាត់ ចាំវាមកជិតសិន ខ្លាដើរមកកាន់តែជិតសុភាទន្សាយពមចេកមួយក្នុងមាត់ហើយស្រែកគ្រហែមឡើងថាអរអែម ស៊ីខ្លា ៥ មិនទាន់ស្កាំផ្ទៃ ស៊ីត្រប់ប៉ុនកូនដៃខារមាត់ស្ទើបែក អែម ៗ អី… ខ្លាឮសំឡេងធំហើយក្រអួនថាស៊ីខ្លា ៥ មិនឆ្អែតផង ក៏ថយក្រោយក្រោក សុភាទន្សាយគ្រហែមថែមម្ដងទៀតយ៉ាងផ្ទួនៗ ខ្លាស្ទុះរត់ឡើងលែងទាំងមើលក្រោយ ខ្លារត់ឆ្ងាយទៅប្រទះសត្វស្វាមួយនៅលើចុងឈើ ឃើញខ្លារត់ស្រែកសួរថាបងខ្លារត់អី ខ្លាឮឈប់ឆ្លើយតបទៅវិញថា ទេវីអើយអាណាក៏វាធំអីម៉្លេះស៊ីខ្លាដល់ទៅ ៥ មិនទាន់ឆ្អែតបានជាអញភ័យរត់មកក្រែងវាស៊ី ស្វាសួរថាបងឯងឃើញឬ ខ្លាថាទេឮតែមាត់ ស្វាសួរថាឮមាត់នៅត្រង់ណា ខ្លាតបថានៅបៀតដំបូកដើមពង្រនោះណា ស្វាថាក្រែងបងសុភាទេដឹង ចំណាំតែឃើញនៅត្រង់ហ្នឹង ខ្លាតបថាមិនមែនទេ សម្ដីសុភាណាក៏ដូច្នោះ ស្វាថាទេប្រាកដជាបងសុភាហើយ បើចុះទៅម្ដងទៀតមើលខ្ញុំជូនទៅ ខ្លាមិនព្រមទៅថាក្រែងបងស្វាឯងរត់ចោលអញឯងតែភ័យរត់ឡើងចុងឈើទៅ នៅតែអញម្នាក់ឯងអញស្លាប់ហើយ ស្វានិយាយម្ដងទៀតថាបើបងឯងខ្លាចខ្ញុំរត់ចោលខ្ញុំចងកន្ទុយភ្ជាប់គ្នា ខ្ញុំឡើងទៅចុងឈើឯណារួចបងឯងជាប់នឹងខ្ញុំហើយ ខ្លាថាបើចុះព្រមទៅក៏ទៅតែកុំរត់ចោលវី នោះខ្លានិងស្វាចងកន្ទុយជាប់គ្នាហើយដើរទៅ ដល់ទៅលើដំបូកនោះបុរសឃើញប្ដឹងសុភាទៀត ថាលោកអើយមកទៀតហើយម្ដងនេះមានស្វាមកផងខ្ញុំខ្លាចណាស់លោកសុភាថាកុំថប់បារម្ភអី នៅមាត់ឱ្យស្ងៀម ចាំវាមកឱ្យជិតបន្តិចនឹងមើលវា សុភាក៏ប្រុងបកចេកមួយនឹងពមឱ្យយ៉ាងមាំ ដល់មកជិតស្វាសួរថាត្រង់ណាបងខ្លា ៗ ថានែត្រង់ហ្នឹងនែ ឮតែមាត់ស្រែកពីត្រែងណោះ ទទួលនឹងសុភាទន្សាយពមចេកនៅក្នុងមាត់ក៏ស្រែកថា យើអាស្វាប្រញាម ជំពាក់បំណុលអញ ៤-៥ ឆ្នាំ ដឹកខ្លាសម្គមមកឱ្យទេអ្ហ៎ះ អែម… មើលមារយាទអាស្វា ខ្លាឮដូចនោះហើយក៏ស្ទុះរត់ភឹងទៅ ស្វាឃាត់ក៏ពុំស្ដាប់ ហើយគិតក្នុងចិត្តថាយើអាស្វានេះវានាំអញមកផាត់ឱ្យជាបំណុលគេតើ ស្វាស្រែកថាបងខ្លាឈប់សិនៗ ខ្លាក៏មិនព្រមចូលចិត្តច្បាស់ថាស្វាយកខ្លួនមកផាត់ឱ្យគេហើយ រត់ឆ្ងាយទៅលុះទាល់តែស្វានោះរណ្ដំនឹងឈើ ដីស្លាប់ខ្លួនអសារឥតការទៅហោង។
រឿងនេះអ្នកមានប្រាជ្ញាគួរពិចារណាមើលទៅ នឹងឃើញច្រើនតទៅទៀត ដូចជាសត្វខ្លាឆោតអីឆោតម៉្លេះ មនុស្សនៅមុខហើយមិនស៊ីបើកឱ្យគេទៅផ្ទះទៅ ដោយមានអ្នកប្រាជ្ញមកផ្ចាញ់ផ្ចាលឯងវិញ ឯបុរសនោះក៏មិនទៀងដែរ គ្នាសូកឱ្យសត្វមួយព្រឹកមួយហើយ ហេតុអីក៏ទៅប្រាប់ប្រពន្ធខ្លួន គ្រាន់តែប្រាប់កុហកឯទៀតក៏បាន ប្រាប់គេលុះតែគេខឹងគេ ៗ នឹងស៊ីភ័យយកចេកទៅសូកសុភាឱ្យខាតឯចេកមួយស្និតនោះទៅទៀត ឯស្វានោះក៏ដែរឯងមានឫទ្ធីយ៉ាងណាជាជាងខ្លា ក៏ហ៊ានងងើលដូចពកថ្ងាសជូនអាខ្លាកម្លៅនោះទៅធ្វើអី លុះទាល់តែស្លាប់ខ្លួន។
(ពាក្យឃ្លោងថាជាកាព្យ)
ស្វាអើយស្វាឪ មុខមាត់កំប្លូវ អួតឯងជូនខ្លា សត្វខ្លៅឥតគិត គំនិតសាវ៉ា ឱ្យបង់អាត្មា ព្រោះការជួយខ្លៅ ។
ឱ្យលោកអ្នកផង គួរកុំត្រាប់ត្រង គំនិតស្វាឪ កុំជួយមនុស្សពាល រោលរាលឆោតឆៅ គប់ហើយអសៅ អសោចកេរ្តិ៍ឈ្មោះ ។
បើលោកមិនជឿ មានរឿងជំនឿ ចំណានពីរោះ នៅក្នុងគម្ពីរ ហៅសារសង្រ្គោះ ជួយខ្លៅច្រើនខុស ត្រឡប់លើប្រាណ ។
អ្នកប្រាជ្ញលោកថា មនុស្សឥតប្រាជ្ញា កុំធ្វើសន្ដាន សន្ដោសឥតគុណ ដូចសត្វតិច្ឆាន ថ្ងៃក្រោយនឹងមាន ទោសទុក្ខដល់ខ្លួន ។
(ចប់តម្រាគប់នឹងខ្លៅ)
ព្រះមេត្រីតេជោ (សុគទោ) ក្រមការដើមខ្សែលេខ ២
ជាអ្នករៀបរៀង
ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៣៤