រឿង ​ឈ្មោះ​ម៉ៅ​ចូល​សាសន៍​ចាម​យក​ប្រពន្ធ

រឿង​ព្រេង​និទានខ្មែរ

មានម្នាក់ឈ្មោះម៉ៅ ទំលើនៅក្នុងខេត្តភ្នំពេញ នៅមាត់ទន្លេមេគង្គ ចៅម៉ៅនោះបានទៅឃើញកូនក្រមុំចាមល្អមានចិត្តស្រឡាញ់ចង់បានធ្វើជាភរិយាខ្លួន ចូលមកសុំដណ្តឹងពួកចាម​ ៗ មិនឱ្យថា ព្រោះខុសសាសន៍គ្នាបើព្រមចូលសាសន៍ជាមួយទើបឱ្យបាន ចៅម៉ៅហេតុតែស្រឡាញ់នាងនោះណាស់ក៏ព្រមទៅចូលសាសន៍ជ្វានឹងពួកចាមនោះ ចូលសាសន៍រួចហើយចាមនោះ ព្រមឱ្យបានរៀបការយកនាងនោះធ្វើជាប្រពន្ធ ឯចៅម៉ៅចូលសាសន៍នោះក៏មិនទាន់ចេះដឹងធម៌វិន័យរបស់សាសន៍ចាមជ្វានោះដូចម្តេចនៅឡើយទេ បានតែប្រពន្ធហើយក៏នាំទៅស្រុករបស់ខ្លួន លុះថ្ងៃក្រោយត្រូវការនឹងជូនប្រពន្ធមកសួរញាតិសន្តានឯស្រុកប្រពន្ធ មកដល់ពេលនោះជាថ្ងៃបុណ្យពួកចាមជ្វា គេត្រូវចូលទៅសូធ្យ​ធម៌នៅព្រះវិហារនោះខានមិនបាន គ្រូចៅម៉ៅនោះក៏ប្រាប់ទៅម៉ៅថា ឯងមកនេះត្រូវហើយ ព្រោះមានបុណ្យក្នុងពេលល្ងាចនេះគេត្រូវចូលទៅព្រះវិហារទាំងអស់គ្នា ម៉ៅឯងទៅចូលសូធ្យនឹងគេ ចៅម៉ៅតបទៅថា ខ្ញុំសុំមិនទៅទេ ព្រោះមិនទាន់ចេះចាំធម៌អ្វីសោះដឹងជាសូធ្យយ៉ាងដូចម្តេចខ្លះ គ្រូនោះប្រាប់ថា ទេធម៌ពេលនេះមិនមានធម៌សូធ្យខ្លាំងៗទេ សូធ្យតាមចិត្តរៀងខ្លួន ហើយសូធ្យតិចៗផង បើយើងមិនចេះគ្រាន់តែចូលទៅនឹងគេក៏បាន ឱ្យមើលតែមុខ ធ្វើតែតាមគេទៅក៏បានដែរ បើគេក្រាបៗនឹងគេ បើគេក្រោកៗនឹងគេ គេធ្វើអ្វីយើងធ្វើតែតាមទៅមិនពីបាកអីទេ ម៉ៅឯងចាំមើលតែអញធ្វើតម្រាប់តាមអញចុះ ចៅម៉ៅក៏ព្រមទៅ បានខ្ចីសារុងថ្មីរបស់គេមួយ​ស្លៀកហើយជួតក្បាលទ្រមើងៗ ហាក់ដូចជាសង្ឃរាជជ្វាធំដុំ។

ដល់ចូលទៅព្រះវិហារពួកចាមជ្វាទាំងនោះ គេធ្វើវត្តបដិបត្តិតាមទំនៀមគេ ចៅម៉ៅចាំមើលតែគ្រូរបស់ខ្លួន លុះពួកចាមជ្វាមកចួបជុំហើយ ពួកសង្ឃរាជធំៗ គេអង្គុយខាងមុខ ឯចៅម៉ៅនិងគ្រូនៅខាងក្រោយបន្តិច តែគ្រូនោះឱ្យចៅម៉ៅទៅអង្គុយពីខាងមុខខ្លួនវិញ ដើម្បីស្រណុកកេះប្រាប់ពីក្រោយ។

ឯរបៀបចាមជ្វាធ្វើវត្តនោះ មានឈរៗហើយអង្គុយៗរួចបន្តិចក្រាប ក្រាបរួចងើបឡើងអង្គុយទៅទៀតធ្វើដូចជាចំតិតក្តិតគ្រហីត ធ្វើទៅកាន់តែរហ័សញាប់ឡើង ចៅម៉ៅក៏ប្រឹងធ្វើតាមមិនឱ្យខ្វះទេ លុះដល់វេលាក្រាប ៗ ហើយក្រោកឡើងចំតិតម្តងទៀតនោះចៅម៉ៅគ្នាមិនធ្លាប់ស្លៀកសារុងចំតិតដូចនោះចេះតែចំតិតញឹកញាប់ណាស់ត្រូវនឹងសារុងនោះថ្មីវារឹងក្រញេងក្រញង់ម៉្លោះហើយវាលេចឯពងល្វាចេញមកក្រៅសារុងសម្តតៗ គ្រូនោះឃើញក៏លូកដៃទៅពាល់លេងឱ្យចៅម៉ៅដឹងដើម្បីឱ្យប្រយត្ន ចៅម៉ៅក៏គិតឃើញថា “ឱដល់ថ្នាក់ទ្រពងហើយ” ក៏លូកដៃទៅទ្រពងល្វាសង្ឃរាជជ្វាខាងមុខខ្លួននោះ ស្រាប់តែសង្ឃរាជនោះគេខឹងគេធាក់មួយ​ជើងទៅត្រូវឯក្បាលឈ្មោះម៉ៅយ៉ាងធ្ងន់។

ចៅម៉ៅគិតឃើញថា ឱអញមិនទាន់ធាក់អីតើ រួចក៏ធាក់ទៅក្បាលគ្រូឯងនោះបណ្តោយមួយ​ជើងទៅទៀតយ៉ាងខ្លាំងស្ទើរតែនឹងបាក់ក ចៅម៉ៅក៏មិនយល់ជាគេធាក់ដោយខឹងនោះទេ ឯគ្រូកាលឃើញចៅម៉ៅធ្វើដូចនោះ ក៏បាត់មាត់មិនហ៊ានស្តីថាអ្វីឡើយ។

មានម្នាក់ទៀតធ្វើជាមេស្រុក កាលស្រុកពីដើមមិនទាន់ ឱ្យហៅជាមេឃុំ មេស្រុកនេះធ្វើជាមេស្រុកឃុំគោករកា ខេត្តភ្នំពេញ មានការទៅព្រែកព្នៅទិញប្រដាប់គ្រឿងកឋិន ដល់ទិញប្រដាប់គ្រឿងសព្វគ្រប់ហើយនៅភ្លេចស្ករសមួយ​មុខទៀតមិនទាន់បានទិញ មេស្រុកនោះ ប្រាប់ចិនថាឱ្យថ្លឹងស្ករ១នាឡិថែមទៀត ចិនកូនឈ្នួលនោះក៏ទៅយកស្ករសនិងថ្លឹងឱ្យតែស្ករនោះវាដាក់ក្នុងខាប់គ្របនៅជិតខាប់ដែលវាដាក់អំបិលសនោះដែរ លុះចិនទៅបើកយកស្ករមកថ្លឹងឱ្យ មេស្រុកនោះតាមទៅមើលក្រែងវាថ្លឹងឱ្យមិនគ្រប់ភ្នែកជញ្ជីង លុះងើបមើលទៅឃើញអំបិលសនោះវាសល្អជាងស្ករសសាច់សហើយខៃល្អណាស់ មេស្រុកឃើញហើយប្រាប់ចិនថានឺអាចិកកុំថ្លឹងអានេះ អញយកអាខាងនេះវិញ ចិនមិនព្រមចេះតែចូកស្ករនោះថ្លឹង មេស្រុកប្រាប់ថែមទៀតថាកុំឱ្យយកអាហ្នឹង យកឯណេះវិញកាន់តែតឹងសំឡេងណាស់ ចិនតបវិញនិយាយជាពាក្យខ្មែរ តែចិននោះជាតិចិនឆៅទើបមកពីស្រុក និយាយខ្មែរមិនច្បាស់ ចិនប្រាប់ថា “អានីប៉េតើ” មេស្រុកស្មាននឹងគំនិតខ្លួនថា ចិនថាប៉េនេះប្រហែលអានេះល្អថ្លៃច្រើនហើយវាមិនលក់ឱ្យ ៗ អាថោកក៏ឆ្លើយតបទៅចិនវិញថា អើយប៉េហ្នឹងហើយ អានោះមិនមែនប៉េមិនយកទេ ចិននោះមិនព្រមក៏ប្រាប់ទៀត “អានីប៉េស៊ីបាយយ៉ាយកមិនម៉ាងទេ ” ពាក្យនេះជាពាក្យខ្មែរថាអំបិលស៊ីប្រៃយកមិនបានទេ” មេស្រុកនោះឆ្លើយថាអញយកប៉េស៊ីបាយហ្នឹងហើយថ្លឹងអានេះវិញចុះ អានោះមិនយកទេ ចិននោះប្រាប់ថា ឡាក់ឯងស៊ីមូកឡងមើតូ” មេស្រុកឮចិនប្រាប់ថាឱ្យស៊ីដូច្នោះក៏ត្រេកអរគិតថាស៊ីស្ករអានេះម្តងឱ្យសន្ធឹកកាស រួចទៅយកទឹកមកខ្ពុលមាត់សព្វគ្រប់ហើយ ក៏លូកដៃទៅចាប់សម្បកគ្រំនៅក្នុងនោះចូកយ៉ាងពេញរួចអកទៅក្នុងមាត់ កាលណាចូលហើយឯអំបិល១គ្រំនោះវាប្រៃក្រៃលែង ក៏ចិននោះក្រៃពេក ហើយចិននោះវាចង្អុលមុខថែមទៀតថា ឡាក់ឯងមិនឡឹង គេប៉ាប់ហើយថា ប៉េស៊ីប៉ាយៗមិនឡឹង” នេះមកតែអំពីសេចក្តីមិនជាក់ហើយប្រមាណនឹងចិត្តគំនិតខ្លួនបានជាខុសរហូត បើសិនជាបញ្ជាក់សួរសិនឱ្យដឹងច្បាស់កាលណានឹងទៅស៊ីអំបិលនោះមួយទៀតគេប្រាប់ហើយ ប៉ុន្តែស្តាប់មិនបានទៅប្រមាណខុសពីសម្ដីវិញ។

មានរឿងម្នាក់ទៀតឈ្មោះមិនប្រាកដនៅស្រុកចិន ពីរនាក់បងនឹងប្អូនថ្លៃនឹងគ្នា បងថ្លៃនោះជាអ្នកក្រ ប្អូនថ្លៃនោះគេអ្នកមានសម្បត្តិទ្រព្យ លុះថ្ងៃមួយ​ អាពុកក្មេកមានកិច្ចរវល់ត្រូវបា្រប់កូនចៅបងប្អូនទៅស៊ីផឹកនៅផ្ទះគេ ប្អូនថ្លៃនោះបានមកចួបនឹងបងថ្លៃបបួលទៅស៊ីឯផ្ទះអាពុកក្មេក បងនោះនិយាយប្រាប់គេតាមត្រង់ថាមិនហ៊ានទៅស៊ីទេ ព្រោះខ្លួនជាអ្នកក្រមិនធ្លាប់ទៅស៊ីម្ហូបចំណីល្អក្រែងមិនត្រូវបែបបទខ្មាសគេ ប្អូនថ្លៃនោះជាមនុស្សចិត្តសប្បុរសនឹងបងក៏ប្រាប់ទៅវិញថា មិនអីទេទៅពិសាចុះ បើមិនដឹងឱ្យមើលតែតាមខ្ញុំ ៗ ស៊ីអីស៊ីហ្នឹងទៅ មិនក្រអីប៉ុន្មានទេឱ្យទៅជាមួយនឹងខ្ញុំចុះ បងនោះក៏ព្រមទៅជាមួយ លុះទៅបរិភោគបាយនៅទីនោះ បបួលគ្នាស៊ីបាយតាមធម្មតាទៅ លុះដល់គេលើកសម្លខ្ចៅមក ប្អូនក៏យកចង្កឹះចាប់មួយ​មកពម រួចជញ្ជក់អស់ហើយខ្ជាក់សម្បកខ្ចៅនោះដាក់នឹងកន្សែង ហើយចោលសម្បកនោះទៅ។

ឯបងនោះមិនដឹងហើយមិនជាឃើញគេធ្វើដូច្នោះ ក៏ខំជញ្ជក់រួចខំទំពាឯសម្បកខ្ចៅនោះទាល់តែល្អិតក៏ខំលេបទៅ ប្អូនឃើញដូចនោះក៏លេងស៊ីខ្ចៅនោះ ទៅយកឯអំពៅដែលគេឡៅទុកនៅចាននោះមកស៊ី ៗ រួចគេយកកន្សែងខ្ជាក់ដាក់ហើយចោលទៅទៀត បងឃើញគេស៊ីអំពៅក៏ខំយកអំពៅនោះមក សុំនឹងគេទៀត ស៊ីអំពៅលុះតែល្អិតកាកលេបទៅទៀត ប្អូននោះលែងស៊ីអំពៅរាទៅស៊ីសម្លមីសួទៀត ទើបតែនឹងពមមកក្នុងមាត់នឹកឃើញបងស៊ីអំពៅទាំងកាកនោះហើយក៏អស់សំណើចទប់មិនឈ្នះក៏ចេញសំឡេងមកឮតែឃឹកៗដោយអំណាចខ្យល់ទប់ឃឹកនោះ មីសួវាស្ទុះដោយអំណាចខ្យល់នោះឡើងទៅចូលឯរន្ធច្រមុះទាំងពីរចេញឯមីសួនោះមកក្រៅ បងថ្លៃឃើញដូច្នោះហើយក៏ចោលចង្កឹះទៅក្នុងថាសថាទេលែងស៊ីហើយ ស៊ីឯទៀតទាំងអស់ធ្វើតាមបាន ខ្ចៅនិងអំពៅទាំងសម្បកទាំងកាកស៊ីបានទាំងអស់ ដល់ស៊ីមីសួឱ្យខ្ពស់នឹងច្រមុះយ៉ាងដូច្នេះធ្វើតាមមិនបានទេ ប្អូនឯងស៊ីតែឯងចុះ។ បងលែងស៊ីហើយ ស៊ីតទៅទៀតមិនកើតទេ។

 

(មានពាក្យឃ្លោងថា ដូចក្រោមនេះសរុបកាព្យទេ ១ )

ឱលោកអ្នកកាយការលោកិយ ជនជាតិប្រុសស្រីរាល់រូបា មិនរើសមិនរិះថាអ្នកណា បើមិនស្ទាត់ការកុំទុកចិត្ត។ តោងតែសាកសួរឱ្យច្បាស់សិន សង្កេតសង្កិនរកពាក្យពិត កុំអាលកុំអាងថាដឹងគិត នឹងធ្លោយគំនិតបង់អាសា។ នឹងខុសនឹងខូចដូចចៅម៉ៅ ម្នៅៗទៅធាក់គ្រូអាត្មា ព្រោះស្តាប់បង្គាប់មិនច្បាស់ការ អាចារ្យប្រាប់ថាឱ្យតាមគ្នា។ ដល់តាមទៅលើការច្រឡំ ប្រែជាមិនសមដូចចិន្តា មិនដឹងនឹងចោលឱ្យអ្នកណា ខុសឯអាត្មាឥតបើគិត។ បើមិនទាន់ចេះមិនជាន់ជាក់ គួរអ្នកគួរនឹងប្រឹងពិនិត្យ កុំពុះកុំពាទៅតាមចិត្ត ត្រូវគិតត្រូវគូឱ្យសព្វសិន។ តែខំច្រឡំឬជ្រលួស ច្រើនហួសច្រើនហាក់ដូចជាចិន ក្នាស្លាក់មីសួចេញត្រឡិន ថែមថាគ្នាប៉ិនខ្លុះច្រមុះ។ ម្លឹងៗទៅស្មានបានកាលណា ស្មានហ្នឹងខូវការទៅលើខុស មិនដែលអ្នកណាស៊ីហើយខ្លុះ ទៅក្នុងច្រមុះដូចនោះបាន។

ចប់រឿងស្មាននឹងចិត្ត

ប្រភព ៖ ទស្សនាវដ្ដី កម្ពុជសុរិយា ឆ្នាំ១៩៣៤

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments