ដើមឡើយ មានព្រះមហាក្សត្រសោយរាជសម្បត្តិនៅនគរ១ មានព្រះអគ្គមហេសីជាចមស្ត្រី មានមន្រ្តីចតុស្តម្ភបួន មានហោរា១ ជាតំណាងព្រះនេត្រទិព្វរបស់ព្រះអង្គ មានមន្រ្តីនិងស្រីស្នំជារណ្តាប់ ពេញកិត្តិយសជាម្ចាស់ផែនដី តាមលំអានរបស់ព្រះអង្គ ពីបុរាណរាជរៀងមក ប៉ុន្តែព្រះមហាក្សត្រនិងចតុស្តម្ភទាំងបួន ពុំបានរៀនមន្តត្រៃវេទ ខាងពីការជ័យសង្រ្គាមរាល់វេលាមុនៗ មកព្រះអង្គតែងព្រួយព្រះទ័យបារម្ភនឹងព្រះមហានគរជាអនេក ដោយអនុភាពរបស់ព្រះអង្គទន់ទាបចុះ រំពឹងថាបើប្រសិនណាជាមានសឹកសត្រូវចូលមកលុកលុយដណ្តើមមុខជាព្រះនគរនឹងបានទៅជាកណ្តាប់ដៃនៃបច្ចាមិត្រដោយងាយ។
មានថ្ងៃមួយ វេលាម៉ោង ៨ ព្រឹក ព្រះអង្គចេញចុងព្រះបរមរាជរោង ព្រមទាំងព្រះអង្គមហេសីគង់អែបជិតព្រះអង្គ មានហោរានិងចតុស្តម្ភទាំងបួននៅមន្រ្តីឯទៀតក្រាបបង្គំគាល់តាមធម្មតាពេលនោះទ្រង់ក៏ភ្នកព្រះទ័យនឹករឭកប៉ង់ទៅរៀនសិល្ប៍សាស្រ្ត ឯអាចារ្យទិសាបាមោក្ខឯនគរតក្កសិលាទ្រង់ក៏មានវាចាជំនុំព្រមនឹងព្រះអគ្គមហេសីហើយនិងហោរានៅចតុស្តម្ភទាំងបួន ព្រះអគ្គមហេសីក៏សុំទៅផង ឯហោរានិងចតុស្តម្ភទាំង៤ក៏សុំតាមហែព្រះអង្គទៅ ដើម្បីនឹងរៀនមន្តវិជ្ជាឱ្យចំណានក្នុងព្រះនគរ ទ្រង់ក៏អនុញ្ញាតព្រម ជំនុំស្រេចហើយមានថ្ងៃមួយ ព្រះអង្គនិងអគ្គមហេសីព្រមទាំងហោរាចតុស្តម្ភទាំងបួនចេញចាកពីព្រះនគរ គម្រប់៧ថ្ងៃ ដល់នគរតក្កសិលាបានចួបនឹងអាចារ្យទិសាបាមោក្ខថ្វាយខ្លួនជាសិស្សសុំរៀនសិល្បវេទ អាចារ្យទិសាបាមោក្ខក៏ទទួលភារៈបង្រៀនព្រះអង្គនិងព្រះអគ្គមហេសីព្រមទាំងហោរាចតុស្តម្ភបានរៀនចប់សព្វគ្រប់ ទោះបីនឹងក្លែងខ្លួនជាសត្វតិរច្ឆានឬជាយក្ខគន្ធព្វសុបណ្ណក៏សឹងបានដោយងាយ រៀនចេះចប់ស្រេចស្តេចក៏សុំលាអាចារ្យវិលត្រឡប់មកនគរវិញ អាចារ្យក៏អនុញ្ញាតព្រមព្រះអង្គនិងព្រះអគ្គមហេសីនិងហោរាចតុស្តម្ភទាំងបួនក៏ដើរចេញពីក្រុងតក្កសិលាមកបាន៣ថ្ងៃហេតុតែជាផលមកវង្វេងផ្លូវ យាងត្រាច់កាត់ព្រៃ អត់ស្បៀងអាហារនឹងត្រារាប់ពេលពុំអស់ សោយតែមើមឈើនិងផ្លែឈើជាអាហារ ព្រះអង្គក៏មានសង្វេគអនិច្ចាស្តាយជីវិតទ្រង់ក៏ជំនុំគិតនឹងហោរាចតុស្តម្ភទាំងបួន ព្រមទាំងព្រះអគ្គមហេសីថាឥឡូវ នេះយើងនឹងដល់នៅអាយុសង្ខារគ្រប់គ្នាព្រោះគ្មានអាហារនឹងចិញ្ចឹមជីវិត តើអស់លោកនឹងយល់ឃើញជាម្តេច ទើបហោរាទូលថា ទូលបង្គំជាខ្ញុំយល់ឃើញថា មន្តវិជ្ជាដែលបានរៀនមកសឹងចេះចប់សព្វគ្រប់ដូចគ្នា ហេតុនេះបើនឹងក្លែងខ្លួនជាសត្វខ្លាធំ ហើយនឹងចាប់សព្វដទៃឯទៀតធ្វើជាអាហារទម្រាំតែទៅដល់ព្រះមហានគរនឹងក្លែងខ្លួនជាមនុស្សវិញក៏សឹងបាន ព្រះអង្គនិងព្រះអគ្គមហេសីនិងចតុស្តម្ភក៏យល់ព្រមតាម ទ្រង់ក៏មានព្រះបន្ទូលសួរថាឥឡូវរូបខ្លាទាំងមូលនេះលោកណានឹងត្រូវការក្លែងខ្លួនធ្វើជាអ្វី ទើបចតុស្តម្ភសុំក្លែងធ្វើជាជើងខ្លាទាំង៤ ហោរាសុំក្លែងធ្វើជាកន្ទុយ សម្តេចអគ្គមហេសីសុំក្លែងធ្វើជាខ្លួនខ្លា រូបខ្លាទាំងមូលនេះឃើញនៅសល់តែក្បាលគឺតួអង្គព្រះមហាក្សត្រ គិតជំនុំរួចស្រេចក៏សូត្រមន្តវិជ្ជាក្លែងខ្លួនកើតជាព្យគ្ឃរាជបានដូចសេចក្តីប្រាថ្នា ស្ទុះបោលដេញចាប់សត្វប្រើសក្តាន់ជាអាហារ លុះអំឡុងទៅក៏កើតជាសេចក្តីសប្បាយភ្លេចរាជសម្បត្តិនិងព្រះមហានគរពុំមាននឹកស្តាយសោះ។
ហេតុនេះបានជាសត្វខ្លាមានកម្លាំងខ្លាំងជាងសត្វដទៃឯទៀត ហើយសត្វខ្លានេះនឹងចាប់សត្វជាអាហារ គឺដឹងពីកន្ទុយជាមុនព្រោះហោរា ដងខ្លួនដែលទន់ភ្លន់គឺសម្តេចអគ្គមហេសីជាស្ត្រី ឯក្បាលដែលមើលឃើញសម្បើមអស្ចារ្យ គឺតួអង្គព្រះមហាក្សត្រដែលមានមហិទ្ធិឫទ្ធិជាងអ្នកទាំងអស់ ជើងទាំងបួនដែលមានកម្លាំងខ្លាំង ហើយមានក្រចកមុះមុតគឺចតុស្តម្ភទាំងបួន។
នេះបានគតិដល់បុគ្គលដែលស្វែងរករៀនសិល្ប៍សាស្រ្តដ៏ពិសេសដើម្បីការពារខ្លួន ដល់បានសម្រេចដូចសេចក្តីប្រាថ្នាហើយ ត្រឡប់ជាធ្វេសប្រហែសលង់សតិងងឹតទៅដោយវត្ថុកាមផ្សេងៗ លះបង់ការប្រយោជន៍ប្រសើរចោល បានក្តីវេទនាដូចស្តេច អគ្គមហេសី ចតុស្តម្ភ និងហោរាដែលសម្ដែងខាងលើ លោកអ្នកដែលមានសតិបញ្ញាគប្បីពិចារណាចុះ ៕
ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៣៤