រឿង​ ចាប​ពូក​ប្រឈ្លោះ​នឹង​ចាប​ក្បាល​ទំពែក

រឿង​ព្រេង​និទានខ្មែរ

អំពីចាបពូកនិងចាបក្បាលទំពែកតែងដើររកស៊ីដោយខ្លួនដោយពួកជារៀងរាល់ថ្ងៃ ឯចំណែកខាងចាបពូកមានមេបាប្រដៅថា បើរកស៊ីកុំឱ្យជជែកប្រឈ្លោះឮមាត់ជាគឹកកង ឱ្យបម្រុងប្រយត្នខ្លួន បើព្រានវាវាយលប់ត្រូវបបួលគ្នាខំហើរទូលលប់​ឱ្យរបើកដើម្បីនឹងឱ្យបានរួចជីវិត នោះពួកចាបពូកក៏តាមមេបាប្រដៅតែងដើររកទៅមិនសូវហ៊ានមាត់ឱ្យឮជាគឹកគង ចួនកាលបើមានព្រានវាយលប់ត្រូវក៏បបួលគ្នាខំហើរទូលលប់ព្រាន តែងនឹងរស់រួចជីវិតតែរៀងៗមក មានកាលមួយ​ ពួកចាបក្បាលទំពែកនិងពួកចាបពូកហើរចេញទៅរកស៊ី ចួបប្រទះហ្វូងគ្នានៅដើមត្រែងមួយ​គុម្ព ឯចាបក្បាលទំពែកទំនៅជាខាងក្រោម ឯពួកចាបពូកទំនៅពីខាងលើ ក៏បាក់មែកត្រែងពីលើមកត្រូវក្បាលចាបក្បាលទំពែកៗ និយាយប្រកាន់ទៅចាបពូកថា ហេតុអីក៏កាច់មែកត្រែងទម្លាក់មកឱ្យត្រូវក្បាលពួកចាបក្បាលទំពែកនោះ ពួកចាបពូកបានប្រាប់ទៅចាបក្បាលទំពែកវិញថា មិនបានកាច់មែកត្រែងឱ្យបាក់ត្រូវចាបក្បាលទំពែកឯងទេ គឺមែកត្រែងនេះវាបាក់ធ្លាក់មកទេ នោះពួកចាបក្បាលទំពែកជាពួកឥតកាន់ដំបូន្មាន ក៏មិនពិចារណាឱ្យឃើញខុសត្រូវក៏បបួលគ្នាបង្កហេតុ ទៅកើតជាឈ្លោះនឹងពួកចាបពូកឮមាត់ជាគឹកគងឡើង នោះពួកព្រានបានឮមាត់ចាបនៅទីគុម្ពត្រែងនោះច្រើនក៏យកលប់ទៅវាយត្រូវទាំងអស់គ្នា កាលចាបទាំងពីរពួកនេះដែលបានត្រូវលប់ហើយក៏នៅជាប់ប្រឈ្លោះគ្នា ចាបពូកពោលទៅរកចាបក្បាលទំពែកថា ឯងគ្រាន់បើហេតុដូចម្ដេចក៏មិនគិតរើបម្រះឱ្យរួចពីលប់ទៅ ឯចាបក្បាលទំពែកពោលមករកចាបពូកវិញថា បើពួកឯងគ្រាន់បើហេតុដូចម្ដេចក៏មិនបម្រះឱ្យរួចពីលប់នេះទៅ គឺមានពាក្យបញ្ជូនគ្នាទៅវិញទៅមក មិនគិតបម្រះឱ្យរួចជីវិត ស្រាប់តែព្រានក្រសោបឡើងចាប់បានចាបនេះទាំងអស់ ក៏ពិឃាដក្ស័យអស់ទៅ នេះហើយចាបពូកជាពួកចាបល្អ តែខកខ្លួនមករកស៊ីចួបចូលនឹងហ្វូងចាបក្បាលទំពែកជាពួកចាបប្រតិបត្តិអាក្រក់ក៏នាំឱ្យមានរឿងប្រឈ្លោះ លុះព្រានវាយលប់ត្រូវស្លាប់ទាំងអស់ជាមរណាហោង។

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៣៥

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments