ថី ឆ-គឹមហាក់
ជាអ្នកត្រួតត្រារាជការខ្សែលួស នៅស្រុកមោងឬស្សី រៀបរៀង
បទកាកគតិ
៙ សុវិជ្ជានេះ ខ្ញុំទើបនឹងរិះ គិតជាបឋម តែងជាពាក្យបួន ចួនពុំឧត្ដម អ្នកប្រាជ្ញចាស់ទុំ កុំបីនិន្ទា ។ ខ្ញុំសូមរាប់រៀប តែងតាមរបៀប ពីសុវិជ្ជា គឺវិជ្ជាល្អ ក្រៃក្រមហិមា ឈ្នះអស់មារា តិះរកច្រើនក្រៃ ។ នរូឯណា ស្អប់ខ្ពើមទុក្ខា កើតក្នុងភពត្រៃ ចង់ធ្វើឱ្យប្រាស និរាសចង្រៃ ត្រូវគិតកែខៃ រៀនសិល្បសាស្រ្ត ។ រៀនសុវិជ្ជា ឫទ្ធីសំការ ភ្លឺផ្លេកស្អាងស្អាត ជនត្រូវប្រាថ្នា មិនត្រូវប្រមាទ ត្រូវឆ្លៀតសង្វាត ស្វែងយកឱ្យបាន ។
(៥) បើមិនខំរក ទុកនឹងចូលមក ជ្រៀតជ្រកក្នុងប្រាណ ញាប់ញ័ររន្ធត់ ស្លុតចិត្តឥតក្សាន្ត ដាច់ក្ដីរាប់អាន សន្ដានមើលងាយ ។ នាទីប្រជុំ បណ្ឌិតតូចធំ ខ្លៅពុំពណ្ណរាយ ដូចជាសត្វក្អែក ខ្លៅហួសនិយាយ កណ្ដាលហ្វូងនាយ បក្សាហង្សសត្វ ។ រីព្រះសុរិយា រស្មីជ្រះថ្លា អាកាសឆ្វៀលឆ្វាត់ ពុំស្មើវិជ្ជា ភ្លឺគ្មានចេះបាត់ ពុំចេះរសាត់ អាប់ឱនទៅណា ។ អស់ទ្រព្យសម្បត្តិ ចួនកាលប្រែខ្ចាត់ វិនាសអសារ វិជ្ជានេះឯង តែងជាប់កាយា ចោរនឹងប្រាថ្នា លួចលាក់ពុំបាន ។ អាវុធនានា សឹងចាញ់ឫទ្ធា វិជ្ជាកល្យាណ មុតលើសព្រះខ័ន ពេជ្រនិលសូរ្យកាន្ត សស្រ្តាប៉ុន្មាន ពុំស្មើឡើយនៃ ។
(១០) វិជ្ជាឱ្យមាន សម្បត្តិធនធាន មាសប្រាក់ទីទៃ ទាសីទាសា សួនច្បារប្រពៃ ឱ្យមានជោគជ័យ ល្បីសព្វទិសា ។ វិជ្ជាឱ្យមិត្ត ឱ្យញាតិរឹងរឹត ស្រឡាញ់ស្នេហា ឱ្យយសថ្កុំថ្កើង រុងរឿងសក្ដា វិជ្ជាក្លៀវក្លា ការពារអកុសល ។ វិជ្ជាឱ្យសុខ គ្មានព្រួយវិតក្ក ទុក្ខពុំហ៊ានពាល់ ធ្វើឱ្យចិន្ដា ជ្រះថ្លាពេកសល់ វិជ្ជាតម្កល់ ក្ដីសុខក្នុងកាយ ។ បូរីឯណា មានពួកបណ្ដា រាស្រ្តច្រើនប្រាជ្ញប្រាយ បូរីនោះឯង រែងល្បីសព្វសាយ នគរទាំងឡាយ ខ្លបខ្លាចតេជដៃ ។ បិតាមាតា បើបានបុត្រា ឆ្លាតវិជ្ជាក្រៃ លោកសឹងសរសើរ ដំណើរបុត្រថ្លៃ ដោយបុណ្យនិស្ស័យ ទ័យាក្សេមក្សាន្ត ។
(១៥) វិជ្ជាជាគុណ ឱ្យអស់មហាជន គន់គិតគ្រប់ប្រាណ សម្គាល់ត្រូវខុស ទាបខ្ពស់ប៉ុន្មាន ឱ្យយល់សណ្ឋាន សន្ដានពាលខ្លៅ ។ ឱ្យស្គាល់តូចធំ ស្គាល់ក្មេងចាស់ទុំ ដឹងត្រជាក់ក្ដៅ ឱ្យស្គាល់ធ្ងន់ស្រាល ដុតអាលឆ្អិនឆ្អៅ ស្គាល់ទីក្នុងក្រៅ ស្គាល់ហៅក្រាស់ស្ដើង ។ បានបុណ្យកាលណា ឱ្យដឹងខ្លួនថា មិនត្រូវដំឡើង ត្រូវតែបន្ទាប សូភាពទើបថ្កើង មិនត្រូវឱ្យឆ្មើង យើងគេនិន្ទា ។ ឱ្យចេះរក្សា ឱ្យចេះខាំងខា ឱ្យប្រឹងការពារ កេរ្តិ៍អាពុកម្ដាយ សាយសព្វនានា ឱ្យបាននាមា ក្រអូបលុបផ្កា ។ ឱ្យចេះតបស្នង មិនឱ្យកន្លង គុណគ្រូអាចារ្យ ឱ្យចេះអភិវាទ មាតាបិតា ស្រឡាញ់ស្នេហា រក្សារួមរក្ស ។
(២០) បើចង់ធ្វើឈ្មួញ តុបតែងជំនួញ លក់ដូរបណ្ដាក់ វិជ្ជាឱ្យស្គាល់ យល់ការជ្រៅរាក់ ឋានពពួកអ្នក ពាណិជរាល់គ្នា ។ វិជ្ជាចង្អុល ប្រឹងខំពន្យល់ បង្ហាញមាគ៌ា ដឹកនាំទំនិញ ចេញចូលនាវា ឱ្យកើតលាភា អនេកឱភាស ។ ពាណិជមួយៗ ឱ្យចេះមានព្រួយ រិះរកប្រាក់មាស កុំឆកុំឆក់ កុហកអស់រាស្រ្ត សូវឱ្យវិនាស ជាជាងលួចគេ ។ ឱ្យចេះសម្ដី កាន់ជនប្រុសស្រី វៃវេះរិះរេ ឱ្យជនផងស្ងួន ដូចកូននិងមេ នោះឯងទើបគេ ជួយទិញជួយដូរ ។ ធ្វើចិត្តឱ្យត្រង់ រស់ធម៌កុំបង់ កុំកំណាញ់ស្មូ ជនជាតិអបលក្ខណ៍ ចិត្តស្មគ្រអសូរ ករុណាឱ្យផូរ ផង់រាល់វេលា ។
(២៥) វិជ្ជាឱ្យស្គាល់ ឱ្យកោតខ្លាចដល់ អង្គព្រះពុទ្ធា បរមសាស្ដា ទេវតាយក្សមារ ឱ្យខំបូជា វន្ទាសព្វថ្ងៃ ។ ឱ្យស្គាល់មេត្តា ឧត្ដមសាក្យា មុនីចរណៃ លុបលើសសត្វផង កន្លងភពត្រៃ ជនមាននិស្ស័យ ក្រេបរសពុំខាន ។ ឱ្យស្គាល់ព្រះធម៌ ប្រកបដោយពណ៌ ភ្លឺជាងសុរិធាន មរណៈជរា ព្យាធិប៉ុន្មាន និរាសទៅបាន អមតៈបូរី ។ ឱ្យស្គាល់ព្រះសង្ឃ ផុតដាច់ចំណង់ ត្រេកកាមលោកិយ តណ្ហាស្ងប់ស្ងាត់ បង់បាត់រស្មី គួរជនប្រុសស្រី អើពើធ្វើទាន ។ ព្រះសង្ឃដូចស្រែ ជាប់ជីឥតល្ហែ លូតលាស់ធនធាន ឱ្យផលឧត្ដម ស្ដុកស្ដម្ភក្រមាន ចេះញ៉ាំងឱ្យទាន ឱ្យរីករាយដាស ។
(៣០) វិជ្ជាឱ្យដឹង ឱ្យជនប្រុងប្រឹង ធ្វើតាមពុទ្ធសាសន៍ វចនៈប្រសើរ ជាតិប្រហើរណាស់ ឱ្យអស់ក្មេងចាស់ សង្វាតសិក្សា ។ ឱ្យខំធ្វើបុណ្យ មិនឱ្យទុជ៌ន កំណាញ់ឫស្យា កុសលតូចធំ តោងខំប្រវា យកមកប្រើការ បណ្ដេញលោភោ ។ វិជ្ជាជួយឆ្លុះ ឱ្យដឹងថាខុស ទោសនោះជ្រងោ តែកើតឡើងហើយ អ្នកកើយសន្ធោ ដូចភ្លើងនៅរោ- រពនរកណា ។ ឱ្យចេះពិតពិល ឱ្យខំរមិល សម្គាល់តណ្ហា តែងបង្វឹកចិត្ត ឱ្យស្និទ្ធប្រាថ្នា នាំកើតសោកា ឱរាផ្សាក្ដៅ ។ លោភៈវាយដំ ឈឺឆួលអួលក្រំ ដំណំហ្មងសៅ ញាំញីដួងចិត្ត ប្រព្រឹត្តការខ្លៅ លោភៈប្រដៅ ឱ្យចង់តែបាន ។
(៣៥) បានហើយចង់ទៀត ឱរាចង្អៀត ស្ទើរប្រេះពីប្រាណ ហឫទ័យកង្វល់ សល់សែនរំខាន ក្នុងខន្ធសន្ដាន ពីព្រោះប្រាថ្នា ។ វិជ្ជាពន្យល់ ឱ្យចេះតទល់ សម្លាប់តណ្ហា ឱ្យបរិចាគទាន ជាគ្រឿងសស្ដ្រា មកផ្ចាញ់ចេស្ដា តណ្ហាអប្រិយ ។ វិជ្ជាពញ្ញាក់ ធ្វើឱ្យសត្វភ្ញាក់ រាល់រូបប្រុសស្រី ដឹងគិតទៅថា លោកាទាំងបី ទោសៈអប្រិយ ដុះមីរត្រៀបត្រា ។ គួរឱ្យប្រយត្ន គួរខំកម្ចាត់ បំបាត់ទោសា នាំកាយឱ្យព្រួយ រលួយចិន្ដា ខុសនឹងរាជការ ខាតទ្រព្យសម្បត្តិ ។ វិជ្ជាឱ្យដឹង បើចង់បាត់ខឹង ឱ្យកាន់សីលថ្វាត់ សីលប្រាំប្រាំបី ប្រយោជន៍ច្រើនក្ដាត់ សីលអាចនាំសត្វ កាត់រកនិព្វាន ។
(៤០) សីលជាឱសថ ពូកែចំហុត រកអ្វីស្មើគ្មាន វិជ្ជាញ៉ាំងជន ឱ្យធន់សូត្ររៀន សីលជាប្រធាន នាំក្ដីសុខា ។ វិជ្ជាបង្អើល ឱ្យជនផ្អូកផ្អើល បារម្ភចិន្ដា ថាបានមួយមាំ សម្បើមណាស់ណា គឺគួរមោហា វង្វេងងងឹត ។ ឃើញតូចថាធំ ឃើញរាយថាដុំ ឃើញឆ្ងាយថាជិត គុណថាជាទោស សត្រូវថាមិត្ត ជនអើយគួរគិត អាសូរអាត្មា ។ មើលមានវិជ្ជា ឱ្យយកភាវនា ពិឃាដមោហា ចោរកាចពន្លិច តែងដិតរូបា កាន់ទុក្ខសោកា មហាច្រើនសល់ ។ ភាវនាជាថ្នាំ សម្រាប់ដុសត្រាំ មើលឧបាយកល វង្វេងកើតហើយ អ្នកអើយកុំឆ្ងល់ យកភាវនាផ្ដល់ ផ្ដាច់តួមោហា ។
(៤៥) ហៃសប្បុរស ចូលចេះលោតផ្លោះ ឱ្យចាកចេញណា ពីមេបាបបី ស្ដេចចោរក្លៀវក្លា ទើបឃើញអមតា និព្វានពណ្ណរាយ ។ ចូលខំប្រព្រឹត្ត ចិញ្ចឹមជីវិត ឱ្យល្អព្រោងព្រាយ តាមធម៌សុចរិត កុំឱ្យបាបលាយ នាំឱ្យរាយមាយ អាប់ឱនសិរី ។ ឱ្យត្រាប់ពុតឃ្មុំ គំនិតរម្យទម លើសលើបក្សី ព្រឹកឡើងកាលណា ចូលកាន់រក្ខី ក្រេបរសពិសី បុប្ផាទាំងឡាយ ។ ដូចជាបណ្ឌិត ប្រកបគំនិត យល់ការវែងឆ្ងាយ ចេះប្រឹងស្វែងរក វត្ថុឆើតឆាយ ពុំដែលមានណាយ រសាយទ័យា ។ កុំត្រាប់ពុតរុយ មារយាទទុយមុយ អាក្រក់មហិមា ព្រឹកព្រាងស្វាងថ្វាត់ ត្រាច់កាត់ម្នីម្នា រករោមអស់លា- មកស្អុយជាប់ដាស ។
(៥០) សត្វរុយប្រៀបដូច បុគ្គលពាលខូច ប្រាថ្នាកាមក្រាស់ មិនស្គាល់រសពិត ភាសិតពុទ្ធសាសន៍ នាំខ្លួនឱ្យប្រាស និរាសក្ដីសុខ ។ សប្បុរសគប្បី ស្គាល់ជាតិលោកិយ ច្រើនកាមវិតក្ក កិលេសអប់រំ នាំកាយអផ្សុក ពុំបានស្រណុក ក្នុងលោកនេះណា ។ គួរខំវេះវាង បញ្ញាឱ្យឃ្វាង ចេះធ្វើរូបា កុំឱ្យដេកត្រាំ ក្នុងកាមតណ្ហា ឱ្យខំសិក្សា អដ្ឋង្គិកមគ្គ ។ រីផ្កាបទុម ពីដោរភីរម្យ បរិបូណ៌នរលក្ខណ៍ កើតពីភក់ បឹងត្លុកជ្រៅរាក់ តែពុំចេះស្មគ្រ នឹងសង្ខារខ្លួន ។ ប្រឹងដុះលូតលាស់ រសាយចេញអស់ ល្បាតធំធួន ផុតទឹកកាលណា បុប្ផាក្លាយខ្លួន ក្លិននោះគួរស្លួន ដល់ជននានា ។
(៥៥) នេះដូចសប្បុរស ចង់តែរដោះ ពីកិលេសមារ ប្រឹងខំធ្វើទាន មានសីលភាវនា តាមផ្លូវពុទ្ធា- នុញ្ញាតវិសេស ។ កុំធ្វើតាមជ្រូក យកភក់ធ្វើពូក ដេកធ្វើក្រអែស បានបាយភោក្ដា ថាខ្លួនវិសេស ចេះតែប្រហែស មិនគិតតទៅ ។ រូបជាប់ក្នុងទ្រុង របងចង្រ្គុង ធំៗសន្ធៅ ពុំដែលចង់ចេញ ចាកទីលំនៅ ភក់ច្រើនយ៉ាងជ្រៅ នៅស៊ូតែត្រាំ ។ មិងដឹងខ្លួនថា បន្តិចទៀតណា ខ្លួននិងសោយកម្ម គេនឹងសម្លាប់ សាច់សាប់ចិញ្រ្ចាំ យកមកស្ងោរដាំ ប្រឡាក់ញាំឆា ។ ជ្រូកដូចពាលខ្លៅ ចិត្តអាក្រក់ខ្មៅ អាប់ឥតប្រាជ្ញា ហឫទ័យប្រតិពទ្ធ នឹងវដ្ដសង្សារ ថាគ្មានឋានណា ប្រសើរជាងបាន ។
(៦០) ជនអើយសូមគិត សូមជួយពិនិត្យ ពាក្យអម្បាលម៉ាន ដែលខ្ញុំបានពោល ចំពោះសន្ដាន បើល្មមរាប់អាន ចូរសិក្សាហោង ៕៚