បណ្ឌិត ម៉ឺន មៃ
បទព្រហ្មគីតិ
(១) នេះបទព្រហ្មគីតិ ពីព្រេងព្រឹទ្ធទុកទូន្មាន ចែងចងជានិទាន ទុកគ្រាន់មើលជាច្បាប់ថ្មី ។ ឱ្យអស់កូនចៅក្រោយ ស្ដាប់កុំឱ្យភ្លេចស្មារតី ប្រដៅទាំងប្រុសស្រី យកទុកខ្លួនគ្រប់អាត្មា ។ ធម្មតាកើតជាមនុស្ស ទោះស្រីប្រុសក្រណាស់ណា ក្រគិតក្នុងចិន្ដា ឱ្យបានដឹងសមនិងគួរ ។ នឹងអស់ញាតិសន្ដាន សោះគេមានពាក្យថាជួ កុំឆ្មើងកុំតែងតួ ធ្វើកំប៉ោងកុំពាក្យធំ ។
(៥) នឹងដើរដូចភុជង្គ ឱ្យឱនអង្គអាចបារម្ភ ឱ្យត្រូវនឹងច្បាប់ក្រម គួរប្រតិបត្តិកុំឱ្យឆ្គង ។ រៀនបទរៀនបាទចាស៎ កុំច្រឡាសលើរៀមច្បង ស្រដីនឹងអ្នកផង ពាក្យឱ្យគួរកុំឯងវ៉ី ។ អឺអើអញដាច់សាច់ ឆ្គងពាក្យពេចន៍គេស្រដី ដើមដៀលឱ្យអប្រិយ ស្រដីថាកូនអត់ពូជ ។ ចាស់ទុំមិនប្រដៅ ជេរកូនចៅទើបវាខូច គេថាកូនអត់ពូជ មិនដឹងច្បាប់នឹងចាស់ទុំ ។ គេដៀលដល់ម៉ែឪ កេរ្តិ៍អាស្រូវស្អុយរហ៊ុម គេស្ដីដើមជៀវជុំ ដំណៀលនោះដល់មកចាស់ ។
(១០) កុំកាចកុំស្លូតពេក កុំចំអៀករៀនរហ័ស កុំខ្លាចកុំហ៊ានណាស់ ឱ្យរំពឹងរំពៃគ្រប់ ។ ទោះដេកឱ្យរហ័ស ភ្ញាក់មុនចាស់ដោះឡើងលុប មុខមាត់មើលឱ្យគ្រប់ ទ្រព្យរបស់សឹមដេកវិញ ។ ស្លាម្លូស៊ីឱ្យច្រៀក កុំបីបៀកទាំងមូលមិញ តូចធំឱ្យច្រៀកចេញ តាមពាក្យចាស់ថាអភព្វ ។ ដេកយប់កុំដេកយូរ ហើយទទូរដូចគេងាប់ សំពត់ស្លៀកឱ្យខ្ជាប់ កុំឱ្យអាក្រាតក្រៅខ្លួន ។ នឹងដេកកុំទ្រមក់ ឱ្យលង់លក់ក្រៅពីក្បួន បើភ្ញាក់ឱ្យដឹងខ្លួន ឡើងអង្គុយកុំមាត់ខ្លាំង ។
(១៥) ប្រែប្រាណប្រុងវិញ្ញាណ ខ្លាចក្រែងមានចោរចិត្តខ្មាំង ប្រួញប្រាណប្របជញ្ជាំង ជញ្ជូនទ្រព្យលួចយកចេញ ។ បើឥតមោះមន្ទិល កុំឱ្យខ្ជិលដេកទៅវិញ ភ្ញាក់ហើយឱ្យក្រោកចេញ រកជក់ថ្នាំស៊ីម្លូស្លា ។ ទោះពេលពន់ព្រលប់ គន់ឱ្យគ្រប់ទ្រព្យនានា កាំបិតខាងអាត្មា ឱ្យសិតទឹកដាក់ចុងជើង ។ ប្រអប់ដាក់ទឹមស្មា ថ្វាយទេព្ពារក្សាយើង ហើយឱ្យបំពក់ភ្លើង នៅក្រានក្រៅកុំឱ្យដាច់ ។ កុំឱ្យអស់រលីង រលត់ធេងហើយថាភ្លេច សព្វថ្ងៃមើលកុំដាច់ កុំដើរយកពីផ្ទះគេ ។
(២០) ថែទាំមើលជើងក្រាន ឱ្យអុសមានកុំទំនេរ បង្កាត់បង្កើតកេរ្តិ៍ កុំប្រហែសឱ្យសូន្យសុង ។ ប្រយត្នក្រែងក្រងាយ ពុំសប្បាយឈឺពោះពុង បង្កាត់កម្ដៅអង្គ អុជបំភ្លឺមើលនេះនោះ ។ មានកាលយប់ងងឹត ភ្លេចមិនគិតចួនកូនជុះ គ្មានភ្លើងអុជចន្លុះ ក្រានរលុះរលត់ធេង ។ រត់រកភ្លើងសស្រាក់ ព្រួយលំបាកតែខ្លួនឯង ហេតុខ្ជិលពុំគិតក្រែង ក្រយប់ថ្ងៃព្រួយដើរឆ្ងាយ ។ ហើយឱ្យថែទាំទឹក ទោះយប់ព្រឹកកុំគិតងាយ ដងដាក់ក្អមរាត់រាយ សព្វពួចពាងអាងអុងធំ ។
(២៥) កុំឱ្យស្ងួតក្អមធេង អស់រលីងពីពាងធំ គ្មានសោះនោះមិនសម ចួនក្រែងក្រងាយយប់ថ្ងៃ ។ ទោះដើរទៅឆ្ងាយជិត កាន់កាំបិតកំដរដៃ ក្រែងមានមែកឈើព្រៃ កាប់កាន់មកធ្វើជាអុស ។ ចួនកាលក្រែងបន្លា មុតអាត្មាគ្រាន់ចាក់ជួស ជាគ្រឿងគ្រប់មិនខុស ការសត្រូវទោះឆ្មាឆ្កែ ។ ដើរព្រៃឱ្យមើលលើ ឃើញស្លឹកឈើជាបន្លែ កាប់កាន់កុំដៃទេ អង្គុយគន់មើលឆ្វេងស្ដាំ ។ ក្រែងមានឈើព្រៃងាប់ គួរកាច់កាប់យកជាថ្នាំ ផ្ញើក្រានគ្រាន់ដណ្ដាំ បាយបានឆ្អិនឆាប់ដូចចិត្ត ។
(៣០) សោះស្រីស្រដីបាន បើអុសមានមិនព្រួយគិត សព្វថ្ងៃប្រុងគំនិត ថែទាំទើបគង់របស់ ។ មាសប្រាក់ស្រូវអង្ករ ទុកឱ្យល្អកុំសប្បុរស សំចៃកុំឱ្យអស់ មើលថែថួនខ្លួនឯងណា ។ សូវស្ដួចកុំឱ្យដាច់ បើវាតិចឱ្យឧស្សាហ៍ រិះរកផ្សំទៀតណា ឱ្យបានច្រើនក្រវើនទុក ។ នឹងចាយឱ្យគិតក្រោយ ទោះនឹងឱ្យមើលមុខៗ កុំឱ្យស៊ុកគ្រលុក ទោះនឹងទុកឱ្យចំណាំ ។ រដូវធ្វើចម្ការ ឱ្យឧស្សាហ៍គ្រឿងគ្រាប់ដាំ ស្លឹកគ្រៃខ្ញីត្រប់ត្រុំ ត្រាវត្រសក់សព្វបន្លែ ។ ៣៥- កុំខ្ជិលកុំច្រអូស ទៅងងូសរត់សុំគេ គេមិនឱ្យឯងទេ តែគឺមោះព្រោះខ្ជិលដាំ ។ ទោះធ្វើស្រែចម្ការ ឱ្យឧស្សាហ៍មើលថែទាំ កុំខ្ជិលកុំប្រចាំ ចបចូកជីកស្មៅវល្លិផង ។ កុំឱ្យបង់កម្លាំង ទោះខែប្រាំងប្រើឱ្យដង ទឹកទៅស្រោចស្រង់ផង ឱ្យលូតលាស់មានផ្កាផ្លែ ។ ធ្វើការកុំគិតព្រួយ ខ្លួនឯងមួយកុំត្អូញត្អែរ ខ្លាំងខ្សោយកុំឱ្យល្ហែ ខ្លាចតែនឿយហើយមិនធ្វើ ។ ជាងយប់បិតឫស្សី ត្បាញជាលល្អីតៅកញ្ជើ កុំឱ្យស្រីស្ដីលើ ឥតអំពើធ្វើលេងទៅ ។
(៤០) កុំទុកដៃទទេ ជាងទំនេរបោចស្មៅព្រៅ ខាងផ្ទះខាងលំនៅ ឱ្យវាលកាលកើតសុខា ។ ឱ្យមានក្ដីបារម្ភ ធ្វើស្រែកុំចោលចម្ការ ដឹងដែកកាំបិតព្រា ទុកឱ្យជាកុំឱ្យបាត់ ។ ដេកយប់ឱ្យរាំងទ្វារ ទ្រព្យជាៗប្រុងប្រយត្ន ត្រចៀកចាំកុំភ្លាត់ កុំភ្លេចចោលមិនដឹងខ្លួន ។ ប្រយត្នប្រយោជន៍យូរ ទោះលក់ដូរមើលថែថួន ទោះទ្រព្យរបស់ខ្លួន ឱ្យសួរកូនសួរប្រពន្ធ ។ កុំអាងឯងជាប្រុស ចាយរបស់មិនគិតគន់ មិនដឹងដល់ប្រពន្ធ ព្រមព្រៀងគ្នាឥតបើថា ។
(៤៥) ទោះបីបើបងប្អូន ពឹងរកខ្លួនទៅណាៗ ទោះទៅលេងឥតការ ឥតគេរកដើរឆ្ងាយជិត ។ ឱ្យប្រាប់អ្នកនៅផ្ទះ កុំរលះឥតគំនិត គេភ័យព្រួយចិត្តគិត ព្រោះមិនដឹងជាទៅណា ។ បើទៅជាមានភព្វ ប្រសើរគាប់នោះឥតថា ប្រសិនពានពស់ខ្លា ខ្យល់ចាប់ចុកឥតគេសម ។ ទោះដើរមានដំណឹង ឱ្យរំពឹងគិតបារម្ភ នឹងដើរៗឱ្យសម យប់ព្រលប់ឱ្យមាត់ក ។ កុំស្ងៀមកុំស្ងាត់ពួន លបលាក់ខ្លួនខ្លាចមិនល្អ ឱ្យមើលឱ្យមាត់ក ដើរឱ្យស្មោះសោះគេថា ។
(៥០) ទោះខ្លួនជាប៉ុន្មាន ពាក្យសន្ដានរែងមុសា គេម៉ៃមកអាត្មា តាមដំណឹងដំណើរខុស ។ កូនអើយបាកុំធ្លោយ កុំធ្លាយឱ្យអាប់កេរ្តិ៍យស ធម្មតាកើតជាប្រុស ឱ្យរករៀនច្បាប់មាត្រា ។ លោកថាហៅឆ្កួតបី មួយឆ្កួតស្រីមួយឆ្កួតស្រា មួយឆ្កួតល្បែងពាលា លេងបៀប៉ោថួកំតាត់ ។ ទាក់មាន់ទាក់ទទា ជល់ភ្នាល់គ្នាបរបាញ់សត្វ អន្ទាក់ដាក់បង្កាត់ ល្បែងអស់នោះមិនកំណើត ។ ធម្មតាប៉ោនិងបៀ មិនដែលខ្មែរណានឹងកើត មិនឮមានកំណើត មានតែលិចលង់ខ្លួនទេ ។
(៥៥) ចួនកាលគេចាញ់ឯង រៀងរាល់ល្បែងតែងនឹងរេ មានកាលឯងចាញ់គេ កុំទុកចិត្តថាឯងប៉ិន ។ ពីព្រឹកស្លៀកហូលជរ ល្ងាចស្លៀកសខ្វះចងក្បិន ពីព្រឹកត្បកក្បាលចិន ល្ងាចមិនទាន់ចិនដាក់ខ្នោះ ។ ចួនកាលវាចងជើង ព្យួរខ្ពស់ឡើងដាំក្បាលចុះ ភ្នែកស្លឹងតឹងក្រញុះ វាទារប្រាក់ឱ្យបានឆាប់ ។ មើលមុខល្អមិនតិចអី មិនខ្មាសស្រីផ្សារឈរស្ដាប់ មុខមិញដូចគេស្លាប់ មាត់ស្ញេញស្ញាញពេបកូនក្មេង ។ ស្រែកថ្ងូរអេះអូយអឺយ អាចិកអើយអាណិតលែង អញរកប្រាក់ឱ្យឯង ឱ្យអាចិកស្អែកនេះបាន ។
(៦០) ចិនឮព្រមស្រាយមក បណ្ដើររកប្រាក់សន្ដាន តឹងទារទាល់តែបាន ទ្រព្យឱ្យទៅទើបវាលែង ។ អ្នកអាយអ្នកអើយកុំ គួរបារម្ភរាល់តែល្បែង កុំលកុំលូកលេង គួរឱ្យវាងឱ្យវៀរសោះ ។ កុំឈរកុំឈប់ជិត ក្រែងមិនឥតបង់កេរ្តិ៍កោះ កុំល្បងល្បែងនោះសោះ គួរឱ្យដោះឱ្យដើរចេញ ។ ច្បាប់នេះចាំរាល់ខ្លួន ទោះបងប្អូនមិត្តសម្លាញ់ ពឹងខ្លួនឯងឱ្យចេញ ធានាទ្រព្យគេយកទៅ ។ ឯទ្រព្យបានទៅវា ឯងធានាស្រាប់តែនៅ វាបានទ្រព្យយកទៅ ខ្លួនឯងនៅធានាស្រាប់ ។
(៦៥) ដល់គេមកតឹងទារ អ្នកធានាក៏បានឆាប់ មិនបានគេប្រចាប់ ទៅជាខ្ញុំព្រោះធានា ។ ទោះបងប្អូនធុរៈ ក្រជំពាក់គេតឹងទារ បើមានទ្រព្យជួយជា កុំធានាណា៎អ្នកអាយ ។ កូនអើយចូរបាចាំ ឪពុកផ្ដាំកុំបីណាយ ប្រយត្នរាល់រូបកាយ កុំឱ្យភ្លេចពាក្យនេះណា ។ មួយទៀតហៅឆ្កួតស្រី គួរកុំបីសេពកាមា វាតែងទាញអាត្មា នាំវង្វេងភ្លេចបាបបុណ្យ ។ ភ្លេចទានសីលសូន្យសោះ ភ្លេចឃ្នាងខ្នោះដល់ជីពជន្ម ភ្លេចទោសភ្លេចទាំងគុណ ភ្លេចទាំងការកាន់រសាយ ។
(៧០) បង្កើតតែទុក្ខទោស បើបានសុខសឹងប្រែក្លាយ បង្កើតក្ដៅក្រហាយ ឱ្យទាស់ទែងខឹងនឹងគ្នា ។ ចងទោសគុំគង្គួន មិនគិតខ្លួនខ្លាចមរណា មានកាលក្មួយនិងមា គុំធ្វើគ្នាឱ្យសោះសូន្យ ។ បង្កើតតែចិត្តធំ ចៅគំនុំនឹងជីដូន ឯបងខឹងនឹងប្អូន ម្ដាយនិងកូនគុំធ្វើគ្នា ។ រីក្មេងគុំកាប់ចាស់ ឱ្យក្ដៅណាស់ក្នុងអង្គា កើតទោសខឹងនឹងគ្នា ជាគំនុំពុំត្រាស្បើយ ។ មានកាលគេដាក់ឃ្នាង វាមិនរាងចាលចិត្តឡើយ លក់ព្នៃខ្ញុំគេហើយ មិនខ្លាចស្លាប់ដល់អាត្មា ។
(៧៥) គេកាប់ដោតទាំងក្បាល មិនចេះចាលចិត្តឡើយណា ភ្លេចខ្លួនសូន្យសោះសា នឹកតែត្រង់សេពសប្បាយ ។ រីឯកាមកិលេស កុំប្រហែសគួរឱ្យណាយ ល្អិតណាស់ណាអ្នកអាយ អ្នកអើយកុំគិតសង្ស័យ ។ នេះឯងហៅឆ្កួតស្រី គួរកុំបីឱ្យអាល័យ ចូរចងចាំសព្វថ្ងៃ ទុកទូន្មានអង្គអាត្មា ។ អ្នកប្រាជ្ញលោកនិទាន ទុកទូន្មានរាល់រូបា មួយហៅឆ្កួតសុរា នោះកុំផឹកវាស្រវឹង ។ វានាំភ្លេចវិញ្ញាណ ភ្លេចសីលទានសោះសូន្យឈឹង ផឹកហើយមិនដែលនឹង នាំចិត្តនោះឱ្យធំក្រៃ ។
(៨០) ឯខ្លួនឯងតូចទេ មើលទៅគេប៉ុនមេដៃ កម្លាំងឯងស្មើចៃ មិនកោតគេតិចឡើយណា ។ ក្អេងក្អាងពាក្យកក្អែ អួតពូកែបទបានស្រា មិនមានខ្លាចនរណា ស្រដីកោងរកកលឈ្លោះ ។ បញ្ជោរបញ្ចៀសផ្ដាស ជេរវាងវាសមិនចំឈ្មោះ នាំហេតុតែខាងឈ្លោះ ឆ្លើយឆ្លងពាក្យឱ្យបានទាក់ ។ ប្រពន្ធឃើញឃាត់ទៅ ប្ដីមិនត្រូវថាកុំអ្នក ឯងខឹងលោវាធាក់ ដោយចិត្តធំបទបានស្រា ។ មានកាលចួនស្រវឹង ពុំមានដឹងខ្លួនឡើយណា ដើរដួលដេកផ្កាប់ផ្ងារ ស្រាតសំពត់អស់ពុំដឹង ។
(៨៥) គេឃើញអស់ខ្មាសខ្ញុំ ក្មេងជៀវជុំសើចទ្រហឹង ដេកដូចគេស្លាប់ឈឹង ក្អែក្អួតពាសពេញទាំងខ្លួន ។ កំណើតអ្នកផឹកស្រា កុំអួតថាឯងនឹងនួន ដឹងហើយស្រវឹងមួន ខ្លួនខ្សត់ទេអួតថាមាន ។ អ្នកស្លូតទៅជាកាច ឯងអ្នកខ្លាចទៅជាហ៊ាន ខុសត្រូវទៅបំពាន បំពុលខ្លួនឱ្យបានបាប ។ នេះឯងហៅឆ្កួតស្រា ក្នុងធម៌ថាពៀរដរាប អ្នកណាផឹកហើយបាប បង់កិត្តិយសពុំសួស្ដី ។ គួរកុំសេពសុរា នាំអាត្មាឱ្យអប្រិយ នឹងធ្លាក់ទៅអវចី នរករងទុក្ខវេទនា ។
(៩០) ហៃអស់ជនទាំងឡាយ កុំរាយមាយក្នុងអង្គា ចូរស្ដាប់ច្បាប់នេះណា ទុកទូន្មានខ្លួនសព្វថ្ងៃ ។ នេះឯងហៅឆ្កួតបី លោកស្រដីក្នុងធម៌ថ្លៃ បើអ្នកណាមួយនៃ នឹងប្រាថ្នាដោយចំណង់ ។ លោកចងជាឧបមា ឱ្យអ្នកណាមួយផ្ចិតផ្ចង់ យកដែកដុលបោះបង់ ក្នុងភ្លើងប្រាណឆេះច្រាលឆ្អៅ ។ បើកាន់ដែកដែលដុត` នោះមិនមុតមិនមានក្ដៅ កាន់បាននោះទើបហៅ ចិត្តមុតមែនពិតគិតប្រាណ ។ នោះទើបលោកឱ្យធ្វើ នូវអំពើទាំងបីបាន ដោយធម៌បូរាណ លោកឧបមាដូចនេះណា ។
(៩៥) ចាត់ចែងតែងជាបទ ព្រហ្មប្រាកដកាលបិតា ប្រដៅខ្ញុំនេះណា សព្វសេចក្ដីដូចនេះនៃ ។ កិច្ចកាព្យរាយរៀបរោះ ខ្ញុំនាមឈ្មោះបណ្ឌិតមៃ គិតចងជាសេចក្ដី ប្រដៅជនចប់ម្ល៉េះហោង ៕៚