លោក​ធម្មត្ថ​ចរិយា បញ្ហា​បុរាណ ១១ខ ពាក្យ​កាព្យ

នានាកាព្យ

គ្រូ​បង្រៀន បាន-តេង

ហេតុ​ដែល​បណ្ដាល​ចិត្ត ឱ្យ​គិត​ផ្ដើម​កើត​ជា​រឿង​នេះ​ដោយ​ឱកាស​ចន្លោះ​មួយ ដែល​ខ្ញុំ​បាទ​បាន​ឈប់​សម្រាក ១ ខែ តាម​កំណត់​រាជការ​អនុញ្ញាត ខ្ញុំ​បាទ​បាន​ប្រមូល​ក្បួន​ខ្នាត​ផ្សេងៗ មក​ត្រិះ​រិះ​រក​សេចក្ដី​ដ៏​ជា​សារៈ​ប្រយោជន៍​ដល់​ខ​បដិបត្តិ ទើប​ចារឹក​រឿង​នេះ​ឡើង ដើម្បី​ជា​វិធី​មួយ​ជួយ​គាំពា​មនោនុកូល​នៃ​អត្តភាព និង​សាសនិក​ជន​ខេមរ​ជាតិ ជា​ទី​គោរព​របស់​ខ្ញុំ​បាទ​ផង ខ្ញុំ​បាទ​បាន​បំពេញ​វិរិយៈ អស់​ចំនួន​ថ្ងៃ​ជា​ច្រើន ទើប​ហើយ​ស្រេច សន្មត​នាម​ថា “លោក​ធម្មត្ថ​ចរិយា” មាន​បញ្ហា ១១ខ ជា​ពាក្យ​កាព្យ​យ៉ាង​ពិស្ដារ កែ​ពី​សេចក្ដី​លោក​និង​ធម៌ ឱ្យ​ធួន​ល្មម​តាម​សម័យ​និយម​ហើយ​ជា​ខ​បដិបត្តិ​អាច​ឈាន​ទៅ​កាន់​សេចក្ដី​ចម្រើន។

ចាប់​ដើម​គឺ​បញ្ហា ខ១ រហូត​ដល់ ខ១១ គង់​មាន​សេចក្ដី​ល្មម​ចិត្ត​ខ្លះ មិន​ល្មម​ចិត្ត​ខ្លះ សម្រាប់​លោក​អ្នក​មើល​ឬ​ស្ដាប់ តែ​ទោះ​ជា​យ៉ាង​ណា​ក្ដី ខ្ញុំ​បាទ​មាន​សង្ឃឹម​ក្នុង​ចិត្ត​ជា​ប្រាកដ​ថា អាច​បាន​ទទួល​សេចក្ដី​អភ័យ​អំពី​ជន​រួម​ជាតិ ជា​ទី​គោរព​ស្មើ​ជីវិត​របស់​ខ្ញុំបាទ​យ៉ាង​ខ្ពស់។

សាហត្ថិក​នាម

បាន-តេង

លោក​ធម្មត្ថ​ចរិយា

បញ្ហា​បុរាណ ១១ខ ពាក្យ​កាព្យ

៙ វន្ទៈ​បណត​ឧត្ត​មាង្គ បង្អោន​អង្គ​ព្រម​ប្រិស្ដាង្គ បញ្ចង្គ​ប្រតិស្ឋ​ដោមគោរព។ ដល់​ព្រះ​ធម្ម​សាមិស្សារា បរម​សាស្ដា​លើ​ត្រៃ​ភព ស្ដេច​ឆ្លង​សង្សារ​មហណ្ណព ចាក​លោក​ពិភព​ភៀស​ភ័យ​ផុត។

៙ បង្គំ​ព្រះ​ធម៌​បរមត្ថ អត្ថ​ពុទ្ធ​ឱវាទ​ស្អាត​បរិសុទ្ធិ៍ សព្វ​សត្វ​សេព​រស​ព្រះ​សុគត រម្លត់​បាបៈអវិជ្ជា។

៙ បង្គំ​អគ្គ​ឯក​អរិយ​សង្ឃ គឺ​អង្គ​សាវក​ព្រះ​ភគវា ឥន្ទ្រិយ​ស្រគត់​ផុត​ពាលា សព្វ​សត្វ​សុទ្ធា​ជា​ពំនាក់។

៙ បង្គំ​ព្រះ​បរម​រាជា ព្រះ​ទ័យ​សាធារណ៍​ប្រត្យក្ស គ្រង​កម្ពុជ​រដ្ឋ​រាជ​រម្យ​រក្ខ ឯក​អគ្គ​សក្ដានុភាព​ផុត។ ព្រះ​មនោរម្យ​ព្រហ្ម​វិហារ ព្រះ​រាជ​សម្ភារ​វិសេស​សុទ្ធិ៍ ត្រជាក់​ហាក់​នព​មហា​សមុទ្ទ ព្រះ​ចម​មកុដ​ប្រជាជាតិ។ ទ្រង់​ព្រះ​បរិហារ​បណ្ដា​រាស្ត្រ ទាសៈ​កម្មករ​លោក​ធាតុ ដោយ​ព្រះ​បារមី​បរម​នាថ កម្ពុជ​ជាតិ​ឃ្លាត​ទុក្ខា។

៙ នៅ​គុណ​រាជការ​មហា​រដ្ឋ ហត្ថបទ​តម្កល់​ដល់​កេសា ព្រះ​គុណ​លោក​ប្រូតិកតូរ៉ាត៍ អាណា​ព្យាបាល​ស្រាល​កលិយុគ។

៙ នៅ​គុណ​មេធា​ជា​អាចារ្យ នមស្ការ​តម្កល់​ទុក ដោយ​មនោ​រស​ចំពោះ​មុខ នៅ​គុណ​ជនក​ជននី។ ដ៏​មាន​គុណានុភាព​គ្រប់ គឺ​លោក​ជា​បុព្វការី ជា​ដែន​កំណើត​កើត​ឥន្ទ្រិយ ជួយ​ជប់​ជីវី​ជិវិត​ខ្ញុំ។

៙ ឯ​អភិធ័យ្យ​នៃ​ខ្ញុំ​បាទ ដែល​បាន​សង្វាត​តែង​និគម តួ ត ស្រះ អេ តាម​និយម ង ទំ​ពី​មុខ​មាន​ឡាក់ឋាន។

៙ ពាវី​សតិ​កាឡបក្ខ កុរ​សប្ដស័ក​នឹក​កម្សាន្ត សាវណ​ចន្ទៈ​វស្សា​បាន តែង​បែប​បុរាណ​សុភាសិត។ រៀបរៀង​ផ្ទៀង​ផ្ទាត់​បទ​ពណ៌នា ចាត់​ជា​ឃ្លា​វគ្គ​ដ៏​វិចិត្រ  វាចា​ណា​កូវ​ពុំ​សូវ​ស្និទ្ធ ក្នុង​សារ​សុភាសិត​សូម​អភ័យ។

៙ បញ្ហា​បុរាណ​មាន​ដប់​មួយ សូម​នាំ​ដំរួយ​ផ្ដើម​ជា​ន័យ ទាំង​ហេតុ​ទាំង​ផល​សមុទ័យ កែ​លៃ​លោក​ធម៌​ឱ្យ​ភ្លឺ​ជាក់។

១- ថា​ស៊ី​ប៉ុន្មាន​មិន​បាត់​ចង់

២- ដេក​ច្រើន​ភ្លើន​អង្គ​មិន​ចេះ​ភ្ញាក់

៣- ឱប​រឹត​កូន​ខ្ចី​ឥត​បី​ដាក់

៤- ស្រឡាញ់​អ្នក​ដទៃ​ជាង​អាត្មា។

៥- ជាប់​ជ្រួល​ច្រវាក់​ភក្ដ្រ​ស្រស់​ស្រាយ

៦- គួរ​ខ្លាច​ខ្លួន​ក្លាយ​ជា​ក្លៀវក្លា

៧- វង្វេង​ផ្លូវ​មិន​សួរ​នរណា

៨- ត​នឹង​បច្ចា​ឥត​អាវុធ។

៩- ការ​ខ្លី​សញ្ញា​ថា​ការ​វែង

១០- ខំ​យក​ធ្មេញ​ឯង​បក​ដូង​ហុត

១១- រត់​ពី​ក្រពើ​ចុះ​សមុទ្ទ

បញ្ហា​នេះ​ពុទ្ធ​ភាសិត។

១- ឯ​ស៊ី​ប៉ុន្មាន​មិន​បាត់​ចង់ ចង់​មិន​បាត់​នោះ​គួរ​ចូល​ចិត្ត ចង់​ឃើញ​រូប​ល្អ​សម្បុរ​ល្អិត ជា​ទី​គាប់​ចិត្ត​ឥត​ចេះ​ទ្រាន់។ ចង់​ស្ដាប់​សំឡេង​ដែល​ពីរោះ ចំពោះ​ជា​ចង់​គ្មាន​ស្រាក​ស្រន់ ចង់​ស្រូប​រស​ក្លិន​មិន​ឆ្ងែតឆ្អន់ ព័ន្ធ​ផោដ្ឋព្វា​ធម្មារម្មណ៍។ បាន​ហើយ​មិន​ល្មម​ចង់​ល្មោភ​ទៀត មិន​ឆ្លៀត​ដោះ​កាយ​ឆ្ងាយ​ពី​ក្រំ ចិត្ត​ផ្ដេក​ត្រេក​ផ្ដិត​ផ្ដួល​បង្ខំ ទៅ​ចំ​តួ​កាម​តាម​និស្ស័យ។

ដូចជា​ពានរ​ដែល​ជាប់​តើ រើ​សើ​មិន​រួច​ស្ដួច​ជើង​ដៃ ជាប់​ត្រឹង​ស្លឹង​ភ្នែក​ស្រែក​រាល់​ថ្ងៃ ដូច​ចិត្ត​ចង្រៃ​ជាប់​ប្រកាន់។ ភ្នែក​ឃើញ​រូប​ល្អ​ស្រឡាញ់​ស្អិត កួច​ចិត្ត​គិត​ជាប់​រូប​ក្ខន្ធ ស្រោត្រស្ដាប់​សំឡេង​សំលៀង​ឆន្ទ កំណាត់​ចិត្ត​ជាប់​ជា​បច្ច័យ។ ឃានៈ​នត្ថុ​ថើប​ក្រអូប ខំ​ស្រូប​ខំ​ស្រង់​ទាំង​យប់​ថ្ងៃ ជីវ្ហា​ភ្លក្ស​​រស​ប្លប់​ជាប់​ដៃ ជ្រាប​សព្វ​សរសៃ​សោយ​អារម្មណ៍។ ទង្គិច​កាយ​លើ​គ្រឿង​ទង្គុក ចិត្ត​លោត​ក្រឡក​ក្រឡាច់​ផ្សំ ជាប់​ឱ​ឃ​សោក​ក្ដៅ​សៅអារម្មណ៍ ទាំង​ក្រំ​ទាំង​អរ​ច្របល់​គ្នា។ ចង់​នេះ​ជា​ហេតុ​ឱ្យ​កើត​ទុក្ខ ចង់​នេះ​គ្មាន​សុខ​មួយ​វេលា តែ​ចង់​ទុក្ខ​ជួយ​ឱ្យ​វេទនា ចង់​រា​ទុក្ខ​រត់​ផុត​ប្រកាន់។

៙ ​មនុស្ស​នៅ​ក្រោម​មេឃ​ត្រេក​តែ​ទុក្ខ ព្រោះ​ជឿ​ថា​សុខ​ក្នុង​រូប​ក្ខន្ធ ខន្ធ​នេះ​អគ្គី​កុំ​ចង់​កាន់ ស្គាល់​ខន្ធ​ឱ្យ​មាំ​ខំ​គិត​ដោះ។ មើល​ចុះ​មមាច​មិន​ខ្លាច​ភ្លើង ទំនើង​ចិត្ត​ខ្មៅ​សំដៅ​ផ្លោះ ទាំង​ហ្វូង​ព្រោង​ព្រាត​ឃ្មាត​ហើរ​ហោះ ចោម​ចោះ​អគ្គី​ជីវិត​ងាប់។ តណ្ហា​ទាសោ​ពុទ្ធោ​ថា សត្វ​ជា​ទាសា​ចង់​នេះ​ជាប់ ចង់​ខ្លាំង​ផុង​ខ្លួន​ផ្ទួន​ទុក្ខ​ផ្ទាប់ តែ​ធ្លោយ​ឱ្យ​ធ្លាប់ទុក្ខ​ជាប់​​ង៉ឹក។ ម្ល៉ោះ​ហើយ​បម្រើ​ចង់​តត្រុន ស្វែង​រក​ទ្រព្យ​ធន​ដើរ​តត្រឹក មិន​ស្កប់​ចិត្ត​ចង់ៗវា​ដឹក ប្រញឹក​ប្រើ​ការ​អចិន្ត្រៃយ៍។

៙ កុំ​នឹក​ថា​រួច​ធ្វើ​អ្នក​ជា ក្រែង​តែ​មេធា​ទើប​រា​ដៃ លោក​ស្គាល់​អារម្មណ៍​មួយ​មាំ​ក្រៃ និស្ស័យ​ផុត​ខ្វល់​កល​លោកិយ។

៙ បញ្ហា​នេះ​ពិត​បើ​គិត​ទៅ គង់​នៅ​មិន​ទាន់​អស់​សេចក្ដី នេះ​បើ​ជន​ណា​លះ​លោកិយ គប្បី​ប្រព្រឹត្ត​ពិត​ជា​ត្រូវ។ ដ្បិត​ចង់​នេះ​ចូល​មក​ជំទាស់ ចិត្ត​សប្បុរស​ឱ្យ​ខុស​ផ្លូវ ភ្លាត់​ចាក​ធម្មា​ជា​អាស្រូវ ពុំ​សូវ​សុខ​កាយ​ឆ្ងាយ​កង្វល់។ ព្រោះ​ភូមិ​លោកុត្តរ​ធម៌ វៀរ​ចាក​​ញាប់​ញ័រ​ច្រឡំ​បល់ ទើប​គួរ​ប្រព្រឹត្ត​គិត​ឱ្យ​ដល់ កុំ​ពាល់​​គួរ​ចង់​ចូល​វិចារណ៍។ តាំង​ចិត្ត​គិត​កាត់​បដិសេធ ជា​សមុច្ឆេទ​ប្បហារ ទើប​ផុត​ចាក​សោក​ឱ​ឃ​សង្សារ ជា​ការ​អាកូល​ក្នុង​លោកិយ។ បើ​ចិត្ត​ឥត​ចោល​លោភ​ចាក​អង្គ គួរ​ជួយ​ផ្គង់​ចង់​ឱ្យ​គប្បី  ចង់​នេះ​ជា​គុណ​កើត​សិរី ប្រុស​ស្រី​ស្រេក​ឃ្លាន​មាន​ត្រឹម​ចង់។

៙ ចង់​ធ្វើ​ការងារ​ជា​ប្រយោជន៍ ចង់​ហិន​ចង់​ហោច​តាម​ចំណង់ ចង់​បាន​សក្ដិ​យស​ខ្ពង់ខ្ពស់​អង្គ ឬ​ចង់​លួច​ប្លន់​សម្រន់​ចិត្ត។ ប៉ុន្តែ​ត្រូវ​ជ្រើស​រើស​ចង់​ល្អ ក្នុង​ចង់​ពីរ​ខ​នេះ​ឱ្យ​ល្អិត ចង់​ណា​នាំ​រក​ទុច្ចរិត កុំ​ផ្ដេក​កុំ​ផ្ដិត​លោក​ផ្ដាំ​ផ្ដាច់។ ចង់​ណា​ជា​គុណ​ដល់​រូប​កាយ គួរ​ជួយ​ខ្វល់​ខ្វាយ​ឱ្យ​សម្រេច តាម​លោក​និយម​កុំ​ចោល​ដាច់ ជា​គុណ​បំណាច់​សព្វ​សេចក្ដី។

– ដេក​ច្រើន​ភ្លើន​អង្គ​មិន​ចង់​ភ្ញាក់ គឺ​អ្នក​វង្វេង​វល់​ស្មារតី វល់​សេព​រូប​នាម​ទន្ទ្រាម​បី ទុក្ខ​ទោស​ទណ្ឌ​ក្ដី​ឥត​ខ្ចី​ដឹង។ ជាតិ​ចាស់​ឈឺ​ក្ស័យ​ជា​ត្រៃលក្ខណ៍ ឥត​ភ្ញាក់​វិញ្ញាណ​គ្មាន​សម្លឹង ផ្លូវ​ស្អប់​ស្រឡាញ់​ទើប​អញ​ដឹង ខំ​ប្រឹងប៉ប្រុក​ក្នុង​ភ្នក់​ភ្លើង។

កាប់​សត្វ​លួច​ទ្រព្យ​ជាប់​កាមេ ធ្វើ​តែ​បាប​កម្ម​តាម​ទំនើង អាភៀន​កញ្ឆា​ស្រា​ជ្រែង​ជើង បំពើង​ក​ច្រក​អក​រលាក់។ មុនី​ភាសិត​ឥត​ចេះ​ឮ នេះ​គឺ​ដេក​ធ្មក់​ដាស់​មិន​ភ្ញាក់ មមើ​ពើ​ពោល​ពាក្យ​មិន​ជាក់ ចំ​ជា​គោ​ខ្វាក់​ទ្រមាក់​ឆ្កួត។

៙ ឆ​គ្នា​ស៊ី​ផ្អែម​ផ្អែក​ចំខែង សម្ដែង​សម្ដី​ស្ដី​អំនួត ដេក​លក់​ម្លឹងៗប្រឹង​ប្រកួត ប្រកែក​ស្រែក​អួត​ឱ្យ​គេ​ស្ដាប់។ ល្មម​ភ្ញាក់​ខ្លួន​ហើយ​កុំ​ល្មោភ​ដេក ទ្រមក់​ខ្លាំង​ពេក​ភ្នែក​ចុះ​អព្ទ សិស្ស​ពុទ្ធ​ចេះ​ពិត​ជឿ​ពុទ្ធ​ប្រាប់ សម្លាប់​លោភ​ក្រោធ​លះ​ឆោត​ខ្លៅ។

បើ​លក់​ក៏​លក់​មាន​រឭក កុំ​ធ្មឹក​កុំ​ធ្មេច​ភ្លេច​ក្នុង​ក្រៅ តែ​លក់​ក្នុង​សោក​ក្រោក​ឡើង​សៅ អ្នក​ប្រាជ្ញ​អាច​ហៅ​ថីនមិទ្ធ។ ធម្មជាតិ​បង្កើត​មក​ជា​មនុស្ស ទាំង​ស្រី​ទាំង​ប្រុស​ប្រើ​ជីវិត ក្រ​ដឹង​គុណ​ទោស​ខុស​ត្រូវ​ពិត ងងឹត​ជិត​ភ្នែក​ហែក​មិន​បើក។

លាភ​ណាស់​លោក​ណា​បាន​កើត​មក កុំ​ជ្រក​ក្នុង​ស្នូក​ដូច​អណ្ដើក តែ​ភ្លើង​ព្រៃ​រោល​រត់​កកើក របើក​ស្រកា​ផ្ងារ​​ចង្គ្រាង។ បើ​ផ្លូវ​អាក្រក់​ដំអក់​ចុះ ចំពោះ​ផ្លូវ​ល្អ​គួរ​កុំ​វាង មើល​ក្រោយ​មើល​មុខ​សុខ​ជា​ជាង ដុស​លាង​ចិត្ត​ថ្លើម​ឱ្យ​បាន​ថ្លា។ ទើប​សម​តាម​វាទ​ជាតិ​បណ្ឌិត ប្រាជ្ញ​តែង​ប្រព្រឹត្ត​ប្រើ​អត្តា ទើប​ពិត​ជា​ភ្ញាក់​បើក​នេត្រា ត្រូវ​តាម​បញ្ហា​ប្រារព្ធ​មក។

ប៉ុន្តែ​មន្ទិល​បន្តិច​ទៀត ក្រែង​ចិត្ត​ចង្អៀត​នៅ​សៀត​ស៊ក សាញ​សុល​ត្បុល​លោភ​ដរាប​មក រេ​រក​រូប​នាម​នៅ​មិន​ដាច់។ បើ​ឃើញ​ថា​នៅ​ត្រូវ​កុំ​លះ ជម្រះ​ឱ្យ​អស់​ចិត្ត​ក្រមាច់ យើង​លះ​តែ​មាត់​មិន​ទាន់​ស្រេច ព្រោះ​ចិត្ត​ក្រឡាច់​ក្រឡក​ណាស់។ ឯ​រូប​និង​នាម​ទាម​រក​សុខ ប៉ប៉ុក​ក្នុង​លោក​ងោក​ឥត​ខ្មាស កើត​ស្អប់​ស្រឡាញ់​ក៏​រហ័ស ព្រាត់​ប្រាស​ព្រួយ​ទុក្ខ​សុខ​ចួប​ជុំ។ សុខ​មួយ​ខ្លួន​មាន​យស​សក្ដា សុខ​ពី​អត្តា​គ្មាន​រោគ​រុំ សុខ​បី​សម្បត្តិ​ឥត​ចោរ​គុំ សុខ​បួន​ចួប​ជុំ​បិយមិត្ត។ សុខ​ប្រាំ​ចង់​ប្រាស​ចាក​ក្ដី​ព្រួយ ឯ​សុខ​ប្រាំមួយ​ឱ្យ​ជីវិត យឺន​យូរ​តទៅ​តាម​គំនិត ពិនិត្យ​មើល​ចុះ​គ្មាន​ខុស​គ្នា។ បើ​បដិសេធ​រូប​នាម​ចោល គួរ​ចូល​ទៅ​នៅ​ព្រៃ​អធ្វា ទើប​ផុត​ទុក្ខ​សុខ​វេទនា តែ​នៅ​រួម​គ្នា​រា​ធ្វើ​អ្វី។ កិច្ច​ដែល​ត្រូវ​ការ​បរិហារ​កាយ ឱ្យ​សុខ​សប្បាយ​ទាំង​ប្រុស​ស្រី  កាល​ណា​នឹង​ផុត​ពី​លោកិយ កុំ​ស្ដី​តែ​មាត់​អត់​អំពើ។ ត្រូវ​ស្ដាប់​វិធី​ទាំង​ពីរ​នេះ ត្រិះរិះ​ឱ្យ​ឆ្អិន​សិន​សឹម​ធ្វើ គួរ​ស្គាល់​អាការ​ចិត្ត​រុះ​រើ ទៅ​លើ​ទៅ​ក្រោម​សុំ​ឈម​រក។

៣- ឱប​រឹត​កូន​ខ្ចី​ឥត​បី​ដាក់ គឺ​អ្នក​ចំពាក់​ចិត្ត​ជ្រុល​ជ្រក ត្រេកអរ​នឹង​ខន្ធ​ប្រកាន់​យក ខន្ធ​មក​ថា​ជា​របស់​ខ្លួន។ ចិត្ត​ឧបាទាន​គ្មាន​ស្គាល់​ទុក្ខ ភ្លេច​មុខ​ភ្លេច​ក្រោយ​ឱ្យ​តែ​ចួន ខំ​ឱប​បាច់​ឆ្អឹង​មិន​ដឹង​ខ្លួន ចំនួន​រាប់​រយ​កំណាត់​ប្លាយ។

ឯ​សោមេ​អត្តា​ឃើញ​ថា​ខ្លួន ប្រកាន់​ចិត្ត​មាំមួន​ពុំ​រសាយ ថ្នាក់​ថ្នម​បម្រើ​រូប​រាង​កាយ ព្រោះ​ស្ដាយ​បាច់​ឆ្អឹង​ប្រឹង​ឱប​បី។ ធម្មតា​ទារក​រំអុក​ម៉ែ យំ​ង៉ែ​ម្ដាយ​ងើប​ប្រញាប់​ខ្មី  ឃ្លាន​ថ័នខីរោ​អក​ចំណី ម្ដាយ​បី​បំបៅ​ទ្រាំ​លំបាក។

ជាតិ​ម្ដាយ​នឿយ​ម្ដេច​មិន​អ៊ឹះ​ម្ដង ត្រកង​ឱប​រឹត​ឥត​ចេះ​ស្រាក ខ្លាច​កូន​វិបត្តិ​ស៊ូ​លំបាក ស៊ូ​គ្រាក​​ស៊ូ​គ្រាំ​ធ្វើ​កម្ម​កាយ។ នេះ​ប្រៀប​ដូច​ចិត្ត​ឧបាទាន នឹង​ខន្ធ​ឥត​មាន​ចេះ​រសាយ ពិនិត្យ​គិត​ចុះ​មិន​ខុស​ឆ្ងាយ ដូច​ម្ដាយ​ឱប​បុត្រ​បំផុត​ចិត្ត។

ប៉ុន្តែ​វិធី​នេះ​ត្រូវ​អ្នក- ណា​ដែល​ឃើញ​ជាក់​លោកិយ​ល្អិត ស្វែង​រក​លោកុត្តរៈ​ស្និទ្ធ តាំង​ចិត្ត​ប្រិត​តាម​មិន​ទាស់​ទេ។ បើ​ចិត្ត​កំពុង​លង់​ក្នុង​លោក ខ្នង​កើល​លើ​គោក​កុំ​អាល​គ្នេរ ត្រូវ​ថ្នម​ខន្ធ​សិន​មិន​ទាស់​ទេ ខំ​ធ្វើ​ហួស​គេ​ក្រែង​មិន​កើត។

នៅ​នា​លោក​នេះ​មាន​វិធី ថែ​ទាំ​ឥន្ទ្រិយ​ឱ្យ​ល្អ​ឆើត រាង​កាយ​នេះ​ហើយ​ឱ្យ​បង្កើត កំណើត​វិជ្ជា​គ្រប់​ប្រការ។ ប្រសិន​ជា​រូប​កាយ​វិកល ដាប​ដល់​ស្គម​ស្គាំង​ទាំង​សង្ខារ មិន​បាន​ព្យាបាល​បរិហារ វិជ្ជា​អស្ចារ្យ​ក៏​មិន​ចេះ។ រូប​នេះ​រស់​ដោយ​អាហារ​ពិត ថា​បើ​មិន​គិត​រក​ចំណេះ តែ​រោគ​រឹត​រុំ​ពុំ​របេះ មុខ​ជា​លិឍ​ផែះ​មិន​លែង​ឡើយ។

៤- ស្រឡាញ់​អ្នក​ដទៃ​ជាង​អាត្មា បាន​នឹង​ស្នេហា​កាយ​នេះ​ហើយ ស៊ី​សាច់​សត្វ​សព្វ​ពុំ​ស្កប់​ឡើយ ឥត​ស្បើយ​គ្មាន​ស្បិត​គិត​វេទនា។ ឆ​រាស្ត្រ​បាំង​ហ្លួង​លួច​ប្លន់​ទ្រព្យ ធ្វើ​ទ័ព​តាំង​តួ​ត​រាជា  ឱ្យ​រដ្ឋបាល​ផ្អើល​រាល់​គ្នា គឺ​អវិជ្ជា​វា​បាំង​បិទ។ បំប៉ន​តែ​បញ្ចក្ខន្ធៈ ធុរៈ​ឱប​រូប​អសុភ​ខ្វិត មិន​ឱ្យ​ខាត​ខ្វះ​កន្លះ​ចិត្ត អស់​ស្បិត​សីល​ទាន​គ្មាន​កសាង។

ឱប​ខ្មោច​ខ្លោច​ខ្មៅ​នៅ​គ្មាន​ខ្មាស ភ្លេច​សាសន៍​ភ្លេច​សែ​ប្រែ​គ្រប់​យ៉ាង វង្វេង​វល់​ចិត្ត​ឥត​ចេះ​ស្វាង កសាង​កម្ម​សព្វ​មិន​ស្កប់​ចង់។ ទាល់​តែ​អំពល់​រវល់​ចិត្ត ទោស​ទុក្ខ​ឧក្រិដ្ឋ​រឹត​រួត​អង្គ ហ្នឹង​ហើយ​ជា​ផល​ដែល​ខាត​បង់ តម្រង់​ទៅ​ជ្រក​រក​អបាយ។ តាម​ទោស​ខ្លួន​ខុស​ចុះ​នរក ពុំ​មាន​ចេះ​សុខ​ស្រណុក​កាយ ស្រាល​ទណ្ឌ​ស្រន់​ទុក្ខ​នរក​ក្លាយ ជា​អសុរ​កាយ​គ្មាន​ណាយ​កម្ម។ បើ​ថា​អាណិត​ខ្លួន​ខ្លាច​បាប គួរ​ក្រាប​សំពះ​គ្រប់​អង្គ​ប្រាំ ម្រាម​ដប់​ប្រណម្យ​បរិកម្ម គាថា​ណា​ចាំ​សមាធិ។ ដុស​ខាត់​ចិត្ត​ខូច​ឱ្យ​ដាច់​ខាត ឱ្យ​ស្អាត​កុំ​ឱ្យ​មាន​ទំនិ ចិត្ត​បដិឃៈ​អប្បេហិ សមាធិ​មាំ​ខំ​ភាវនា។

នេះ​ធម៌​ជឿ​ធម៌​ចាំ​ធម៌​ចប់ កុំ​ឡប់​យក​លោក​មក​លាយ​គ្នា ឯ​ធម៌​និង​លោក​នោះ​មេធា បែង​ជា​ពីរ​បែប​កុំ​បី​ឆ្ងល់។ បើ​ចិត្ត​ឥត​ចង់​ចោល​លោភ​បាន កុំ​ស្មាន​ថា​ខ្លួន​ចេះ​ធម៌​ដល់ ចំណែក​កុសល​អកុសល សម្គាល់​ចុះ​គឺ​ជា​លោកិយ។ ចិត្ត​មិន​រវល់​រក​​ត្រូវខុស រក​ទាប​រក​ខ្ពស់​រក​ចាស់​ថ្មី ប្រកាន់​គេ​យើង​រាស្ត្រ​​មន្ត្រី ហួង​ដី​ហួង​ទឹក​នឹក​ទុក្ខ​សុខ។

ប្រសិន​ជា​នៅ​តែ​ម្នាក់​ឯង ក៏​គ្មាន​ចំបែង​ចិត្ត​វិតក្ក  នោះ​នៅ​គ្នា​ច្រើន​មិន​អផ្សុក សម្បុក​សម្បត្តិ​ឥត​ចង់​បាន។ ទោះ​ក្រ​ទោះ​ខ្សត់​ទោះ​អត់​ឃ្លាន ឥត​មាន​ទោមនស្ស​ព្រួយ​រំខាន ជាប់​ក្ដី​សន្ដោស​ក្នុង​សន្ដាន ទើប​បាន​ហៅ​ពិត​ជា​ចិត្ត​ធម៌។

ផ្លូវ​លោក​នេះ​ហើយ​ជា​ដើម​ហេតុ កុំ​បដិសេធ​មិន​ត្រេកអរ ចល​សទ្ធា​វា​ញាប់​ញ័រ បំផ្លើស​ផ្លូវ​ធម៌​ច្រឡំ​បល់។ មើល​ចុះ​គ្រប់​ជាតិ​គ្រប់​ភាសា ដី​ដែន​ឋាន​ណា​ទាំង​សាកល ប្រើ​ផ្លូវ​លោកិយ​មាន​កង្វល់ តែ​ដល់​ផ្លូវ​ធម៌​ថយ​អំណាច។ មនុស្ស​យើង​ត្រូវ​ការ​ប្រើ​កម្លាំង បើ​រូប​ស្គម​ស្គាំង​កើត​រោគ​កាច ជា​មនុស្ស​ពិការ​មុខ​គួរ​ខ្លាច មិន​អាច​ធ្វើ​ការ​បរិហារ​កាយ។ សូម្បី​វិជ្ជា​សារពើ កាប់​ឈើ​រើ​ព្រៃ​ផង​ទាំងឡាយ គង់​តែ​ត្រូវ​ការ​កម្លាំង​កាយ ជីក​គាស់​ឈូស​ឆាយ​ឬ​ចូកចាំង។

បើ​មិន​ថ្នម​រូប​ឱ្យ​សប្បាយ កាល​ណា​រាង​កាយ​មាន​កម្លាំង អាង​តែ​លះ​នាម​រូបំ ឆ្នាំង​ឥត​អង្ករ​ច្រក​មួយ​គ្រាប់។

៥- ជាប់​ជ្រួល​ច្រវាក់​ភក្ដ្រ​ស្រស់​ស្រាយ សូម​អធិប្បាយ​ពាក្យ​បន្ទាប់ បាន​ដល់​ជន​ដែល​មិន​ចង់​ងាប់ ត្រឡប់​ស្ដាយ​សោក​ក្នុង​លោកា។ ត្រេកអរ​នឹង​កាយ​ដែល​កើត​ស្លាប់ តែ​មាន​ឈឺ​ចាប់​ឆាប់​រអា ក្ដី​ចាស់​នេះ​ចង​សង្ខារា ចិន្ដា​គ្មាន​ណាយ​កាយ​និយម។ និយម​យោង​យឹត​រឹត​តែ​ទុក្ខ ចង់​សុខ​រឹត​សោក​រោគ​ជួយ​ជ្រំ ទុក្ខ​ជ្រែង​ទោស​ក្រាន​ប្រាណ​រលំ រលើង​ទាំង​គុម្ព​កាយ​រលីង។

រជ្ជុ​ចំណង​ចង​សរី- រៈ​នោះ​មាន​បី​ដូច​ចាប់​ធ្លីង ក្រៀក​ដូច​ជ្រួល​ភ្លាត់​ដួល​ភីង កាយ​ជើង​ទន្លីង​ធ្លីង​គ្មាន​សល់។ ចំណង​មួយ​គឺ​កូន​ប្រុស​ស្រី បេតី​ពេញ​ទី​ពី​តូច​ដល់ ធំ​ឡើង​គង់​នៅ​តែ​ខ្វាយខ្វល់ រក​ផល​ប្រយោជន៍​ឱ្យ​គ្រប់​យ៉ាង។ ចំណង​ទី​ពីរ​រក​ភរិយា ពេញ​ជា​ស្នេហ៍​ស្និទ្ធ​ជិ​ត​ដិត​ខាង បណ្ដោយ​តាម​ចិត្ត​ចង់​ស្អិត​ស្អាង តុប​តែង​គ្រប់​យ៉ាង​សម្អាង​ប្រាណ។ ចំណង​ទី​បី​សម្បត្តិ​ទ្រព្យ គិត​ជាប់​ជានិច្ច​ភ្លេច​មិន​បាន​ សូម្បី​ជីវិត​ជិត​ចាក​ប្រាណ សន្ដាន​នៅ​ធ្ងន់​ហួង​ធនធាន។ ប្រសិន​ជា​មាន​ជើង​បំណុល ឥត​យោគ​ឥត​យល់​គ្នា​អត់​ឃ្លាន គិត​ដើម​គិត​ការ​កោង​បំពាន ចង់​មាន​ខ្លាំង​ពេក​ដេក​មិន​លក់។

ប្រមូល​បាន​ច្រើន​ជាង​ម៉ឺន​សែន មិន​ទាន់​ដល់​កេណ្ឌ​ចិត្ត​លាមក ពេល​​យប់​ងងុយ​អង្គុយ​ងក់ ពុំ​ហ៊ាន​ដេក​លក់​ខ្លាច​ចោរ​លួច។ ហ្នឹង​ហើយ​ហៅ​ជាប់​ជ្រួល​ច្រវាក់ អន្ទាក់​នេះ​ទាញ​ពិបាក​រួច វិតក្ក​រឹត​កាយ​រឹត​កែង​ស្ដួច ក្របួច​តែ​មាត់​ថា​អត់​ភ័យ។

វិធី​នេះ​ធម៌​កុំ​ច្រឡំ បើ​ចិត្ត​យើង​មាំ​ទើប​ប្រពៃ  ព្រះ​ពុទ្ធ​ត្រាស់​សមុទ័យ ត្រូវ​លៃ​គំនិត​គិត​មើល​ផង។ បើ​បាន​ជា​ចេះ​ឱ្យ​ដល់​ចេះ កុំ​កែស​ត្រឱន​ពួន​តែ​ខ្នង ប្រយោជន៍​ក្នុង​លោក​ឈ្ងោក​មើល​ផង ប្រឡង​ម្ដេច​បាន​នឹង​ព្រះ​ធម៌។ ក្រុង​កម្ពុជា​ធានី​ខ្មែរ គួរ​ដែរ​មិន​ដើរ​នៅ​មានះ លោក​មូល​ស្រួល​មិត្ត​មិន​គិត​ខ្លះ បណ្ដោយ​ឱ្យ​ខ្វះ​វា​ខ្មាស​ជាតិ។ ប្រតិកតូរ៉ាត៍​រាជការ​ធំ បន្ទំ​វិជ្ជា​ភ្លឺ​ព្រោងព្រាត ប្រដៅ​ឱ្យ​រៀន​មាន​មារយាទ អាណិត​ដល់​ជាតិ​ឱ្យ​ចេះ​ដឹង។ បើ​ចេះ​តែ​អាង​លះ​នៅ​ឡើយ មិន​រមិល​គុណ​ហើយ​បើ​ម្ល៉ឹងៗ ចំណង​ទាំង​បី​ស្ដី​ថា​តឹង សម្លឹង​មើល​ទៅ​នៅ​តែ​ទាស់។ នរណា​នឹង​ដឹង​ថា​ស្លាប់​ស្អែក ន្អាលនឹង​ប្រកែក​គិត​រលាស់ បើ​រូប​នាម​រស់​នៅ​ស្រស់ៗ គ្មាន​ទ្រព្យ​របស់​បាន​អ្វី​ស៊ី។

ត្រង់​ទ្រព្យ​ត្រង់​ធន​ប្រពន្ធ​កូន ជា​គ្រឿង​សណ្ដូន​ធ្ងន់​ឥន្ទ្រិយ ត្រង់​ពោះ​វា​ឃ្លាន​គ្មាន​អ្វី​ស៊ី ចរ​ច្រប់​សព្វ​ទី​សុំ​ទាន​គេ។ នេះ​ព្រោះ​តែ​ខ្សត់​អត់​ចំណេះ មិន​ចេះ​ផ្លូវ​លោក​មិន​កើត​ទេ ត្រូវ​តែ​ឱ្យ​ទាន់​សម័យ​គេ គិត​រេ​ទៅ​រក​ក្ដី​ចម្រើន។

៦- គួរ​ខ្លាច​ខ្លួន​ក្លាយ​ជា​ក្លៀវក្លា បញ្ហា​ថា​ចិត្ត​វង្វេង​ច្រើន រាប់អាន​វិនាស​ចៀស​ចម្រើន តន្ថើន​រក​ទោស​ទុក្ខា​រម្មណ៍។ ហ៊ាន​បាញ់​ចាក់​កាប់​ជាប់​ប្រមាទ ព្យាបាទ​មនុស្ស​សម​ឥត​ច្រឡំ ហ៊ាន​ដាល់​ហ៊ាន​តប់​ហ៊ាន​វាយ​ដំ សន្សំ​សាង​កម្ម​ពុំ​មេត្តា។ សត្វ​ស្រុក​សត្វ​ព្រៃ​រំពៃ​ចាប់ សម្លាប់​ស៊ី​លេង​តាម​ចេតនា នេះ​ហើយ​គួរ​ខ្លាច​ខ្លួន​ក្លៀវក្លា ប្រាថ្នា​ឥត​ស្កប់​ជាប់​ជានិច្ច។

ជីវិត​ផង​ខ្លួនៗខ្លាច​ស្លាប់ ត្រង់​សត្វ​សម្លាប់​មិន​ចេះ​គេច មិន​យល់​ទោស​ប្រាណ​បាន​ជា​លិច ទង្គិច​លើ​ទុក្ខ​មុខ​រីករាយ។ ទ្រព្យ​គេ​ត្រូវ​ការ​ដៃ​ខ្វារ​ឆក់ សម្លក់​ភ្នែក​តឹង​ស្លឹង​ពី​នាយ ឱកាស​ណា​ស្រួល​ទំនួល​ងាយ ទម្លាយ​សុខ​គេ​មិន​ឱ្យ​សល់។ ទោះ​បុត្រ​ភរិយា​លោក​អ្នក​ណា ស្រវាំង​នេត្រា​ស្រវា​ដល់ បញ្ឆោត​ភូត​ព្យូហ៍​ឧបាយ​កល ស្វែង​ផល​ប្រយោជន៍​ខ្មោច​លែង​ខ្មាស។ ប្រសិន​ជា​ចិត្ត​ឥត​ចេះ​ខឹង ច្រក​ទឹក​ស្រវឹង​តឹង​មុខ​ក្រាស់ បំពុល​រូប​កាយ​សប្បាយ​ណាស់ វិនាស​ប្រាក់​កាស​ក៏​មិន​ថា។ ប្រាជ្ញ​ប្រាប់​ថា​ផ្លូវ​នេះ​ត្រូវ​លះ ប្រែ​ជា​មានះ​ចិត្ត​ក្លៀវក្លា បើ​សប្បុរស​ចំពូក​ណា ជ្រះ​ថ្លា​ក្នុង​ធម៌​ប្រព្រឹត្ត​ត្រូវ។ ជន​ណា​ចិត្ត​លោភ​ល្មោភ​លោកិយ តែ​ស្ដី​បែប​នោះ​វា​ខុស​ផ្លូវ សម័យ​និយម​យើង​ឥឡូវ លោក​ត្រូវ​ការ​ប្រើ​វិទ្យាសាស្ត្រ។

ប្រសិន​ជា​មិន​ចង់​ចាំ​ចេះ ចំណេះ​វា​ខ្សត់​អត់​ខ្លាំង​ណាស់ តែ​ខំ​ប្រមាទ​ខាត​ប្រាក់​កាស វា​ខ្មាស​កូន​ក្មេង​លេង​កាលណា។ កុំ​អាល​អាង​លះ​ក្រែង​មិន​លុះ តែ​រឹល​ចំពុះ​តុះ​ប្រាជ្ញា ទាន់​មាន​កម្លាំង​តាំង​ចិន្ដា សិក្សា​រៀន​សូត្រ​សិល្បៈ។ របស់​គួរ​ខ្លាច​ក្នុង​លោកិយ គប្បី​ចៀស​វាង​ចិប៉ាថៈ[១] ឱ្យ​ពេញ​នៃ​ឥទ្ធិពលៈ នៅ​គ្រប់​ខណៈ​ចិត្ត​យើង​ផង។

គឺ​កុំ​ទាហាន​បំពាន​ច្បាប់ សណ្ដាប់​អ្នក​ស្រុក​កើត​សៅហ្មង រាជការ​មាន​គុណ​គួរ​តប​ស្នង ត្រូវ​សង​ដោយ​កតវេទី។

គួរ​ដឹង​ឱ្យ​ដល់​ថា​វិជ្ជា ដែល​ចេះ​រាល់​គ្នា​មាន​រក​ស៊ី មាន​សក្ដិ​មាន​យស​ខ្ពស់​ឥន្ទ្រិយ មក​ពី​រាជការ​លោក​អាណិត។ បើ​មាន​ចំណេះ​ចេះ​អស្ចារ្យ ប៉ុន្តែ​រាជការ​លោក​មិន​ស្បិត មុខ​ជា​ក្រពះ​ក្រៀម​ក្រប៉ិត ព្រោះ​ចិត្ត​ប្រមាទ​ខាត​ប្រយោជន៍។ ជីវិត​ដើរ​ជិត​តែ​ជុំ​លោក កុំ​ឆ្ងល់​គួរ​ឈ្ងោក​រក​បាមោជ្ជ ទោះ​ឆ្ងាយ​ទោះ​ជិត​គិត​ឱ្យ​ខ្លោច ប្រុង​យក​ប្រយោជន៍​ត្រូវ​ប្រយត្ន។ មួយ​ព្រះ​បរម​សម្ភារ ព្រះ​ទ័យ​សាធារណ៍​វិសេស​ក្ដាត់ ចម​ចក្រពត្រា​មហា​ក្សត្រ ឆ្នើម​កម្ពុជ​រដ្ឋ​រាជ​បុរី។ ព្រះ​អង្គ​ជា​ម្លប់​ស្រប់​ត្រជាក់ រាស្ត្រ​ផង​ពំនាក់​ជ្រក​កេសី  ក្សេម​ក្សាន្ត​ដោយ​បុណ្យ​ព្រះ​បារមី ផែនដី​សុខុម​ចម្រើន​ផល។ នេះ​គួរ​កុំ​ភ្លេច​​ធ្មេច​ភ្នែក​ជិត ត្រូវ​គិត​ព្រះ​គុណ​ជាប់​កមល ពេល​យប់​គោរព​រំឭក​ដល់ ព្រះ​គុណ​តម្កល់​លើ​កេសា​។ ឱ្យ​ពេញ​ជា​រាស្ត្រ​ដែល​ភក្ដី នឹង​ម្ចាស់​សិរសី​នៃ​អាត្មា យើង​ធ្លាប់​ជ្រក​បុណ្យ​ពី​ដូនតា ទាំង​ពូជ​ពង្សា​សាច់​សន្ដាន។ ប្រព្រឹត្ត​បែប​នេះ​ទើប​អ្នក​ប្រាជ្ញ ហៅ​ថា​ចេះ​ខ្លាច​មិន​ក្លាហាន ទៅ​អនាគត​គង់​តែ​បាន សម្បត្តិ​សុខសាន្ត​សម្រាន្ត​ចិត្ត។

៧- វង្វេង​ផ្លូវ​មិន​សួរ​អ្នក​ណា បាន​ដល់​បណ្ដា​ពាល​ទុច្ចរិត វិជ្ជា​ចំណេះ​ចេះ​មិន​ស្និទ្ធ ប្រុង​គិត​ប្រកួត​អួត​នឹង​ប្រាជ្ញ។ មិន​ប៉ង​ត្រងត្រាប់​ស្ដាប់​ឱវាទ អាង​ឆ្លាត​អួត​ឈ្លោះ​ទ្រគោះ​កាច មោហ៍មុឡ្ហ​ជ្រុល​ចិត្ត​ឥត​ចេះ​ខ្លាច ប្រើ​ប្រាជ្ញ​ព្រៃ​ស្មោះ​មិន​អស់​ព្រើល។ ពុទ្ធា​ធិប្បាយ​បី​កញ្ជើ ត្រង់​ធ្វើ​ត្រូវ​ពិត​គ្មាន​គិត​មើល ពោល​ធម៌​ពារ​លោក​ងោក​ងងើល ហៅ​ព្រើល​ហួស​ប្រាជ្ញ​ប្រាស​ចាក​ផ្លូវ។ មនុស្ស​ដើរ​វង្វេង​មិន​លេង​ទេ មិន​សួរ​នាំ​គេ​ណា​នឹង​ត្រូវ គង់​ឃ្លាត​បំណង​ខ្លួន​ឥឡូវ រក​ផ្លូវ​មួយ​ជាតិ​មិន​ចេះ​ចំ។ សូម្បី​លោកិយ​ដី​ដែន​ខ្មែរ យើង​ដែល​យាង​ដើរ​កុំ​ច្រឡំ តែ​ភ្លាត់​ល្បត់​ផ្លូវ​មិន​សូវ​សម លែង​ចំ​មួយ​ជាតិ​ឃ្លាត​វិជ្ចា។

លោក​ថា​ប្រមាទ​វា​បាត់​បុណ្យ ចិត្ត​ជួស្មូរ​ជន​គ្មាន​សទ្ធា មានះ​បាត់​មិត្រ​ឥត​គ្នីគ្នា វិជ្ជា​នឹង​ចេះ​មក​ពី​ចិត្ត។ បើ​មិន​រៀន​សូត្រ​ឬ​សិក្សា ប្រាជ្ញា​ក៏​អាប់​ចាប់​មិន​ស្អិត ធ្វើ​ខ្លួន​មិន​ខ្លាច​ខ្លៅ​មិន​ស្បិត ហៅ​មិន​អាណិត​អាសូរ​កាយ។ លោក​ថា​នៅ​ស្រុក​ស្រាស់​​បន្លា អារ​សាច់​ជូន​ខ្លា​កុំ​ខ្លាច​ស្ដាយ វិជ្ជា​នឹង​កើត​មក​ពី​កាយ កុំ​ណាយ​ខ្លាច​នឿយ​គិត​ឱ្យ​យល់។

៨- ត​នឹង​បច្ចា​ឥត​អាវុធ ឱវាទ​នេះ​ពុទ្ធ​មង្គល សូម​ពណ៌នា​ពាក្យ​ពន្យល់ ថា​គឺ​បុគ្គល​មាន​តណ្ហា។ ចចេស​មិន​ចង់​ត្រង់​ឈឺ​ចាប់ មិន​ចង់​ចាស់​ស្លាប់​ចាក​ធម្មតា ប៉ុន្តែ​មិន​រក​គ្រឿង​សស្ត្រា ត​នឹង​បច្ចា​មច្ចុរាជ។ រវល់​វង្វេង​នឹង​រូប​នាម ទន្ទ្រាម​ត្រេក​នឹក​ទាំង​ព្រឹក​ល្ងាច បញ្ជោរ​ចិត្ត​ឯង​លែង​ឱ្យ​នាច មិន​រាច​រុះ​រើ​រោច​ភ្លើង​រាគ។ អសុភ​សម្មតិ​បដិកូល ចំណូល​ចូល​ចិត្ត​ស្និទ្ធ​មិន​ងាក ត្រង់​ព្រះ​ត្រៃលក្ខណ៍​ទាំង​បី​ភាគ ជា​ពាក្យ​ត្រូវ​ពិត​ឥត​គិត​សោះ។

ធ្វើ​ម្ដេច​នឹង​រើ​រួច​ចាក​ឱឃ សង្សារៈ​សោក​កុំ​ស្រណោះ បើ​ចេះ​វិជ្ជា​ទើប​ជួយ​ដោះ ខ្លួន​ផ្លោះ​ចាក​ភ្លើង​ទាំង​បី​បាន។ វិជ្ជា​ដែល​គួរ​ឱ្យ​សិក្សា គឺ​ត្រៃ​សិក្ខា​បង្ការ​ប្រាណ ប្រាម​កាយ​វាចា​និង​សន្ដាន ឱ្យ​បាន​រៀបរយ​មិន​រាយមាយ។ ទើប​នឹង​ផុត​ភ័យ​ទុគ្គតិ សមាធិ​សោត​មិន​ធ្លុះ​ធ្លាយ បើ​ចិត្ត​គិត​មាំ​មិន​មាក់ងាយ ទើប​ពាយនី​វរណៈ​ប្រាំ។ តែ​ចិត្ត​ឥត​ចោល​បច្ចុប្បន្ន មិន​ទាន់​ស្គាល់​ធម៌​ទេ​គួរ​ចាំ គង់​វិល​វល់​កាយ​ឱ្យ​រង​កម្ម ព្រោះ​ចិត្ត​នៅ​ត្រាំ​មិន​ត្រាប់​ធម៌។ ជន​ណា​ចិត្ត​ណាយ​កាយ​វិមុត្តិ គួរ​មាន​អាវុធ​សម្រាប់​ក័រ ទុក​គ្រាន់​បង្ក្រាប​ក្រែង​អ​ធម៌ ញាំ​ញី​ញាប់​ញ័រ​ក្នុង​វិញ្ញាណ។

ប៉ុន្តែ​បើ​យើង​ជើង​ជាប់​ដី ដើរ​លើ​លោកិយ​គួរ​រិះ​ធ្យាន រាវ​រក​វិទ្យា​បង្ការ​ឃ្លាន ទរ​មាន​សន្ដាន​ឱ្យ​បាន​សុខ។ ប្រសិន​មិន​សូវ​ប្រសប់​ផង មិន​អាច​នឹង​ឆ្លង​ផុត​វិតក្ក យស​សក្ដិ​ប្រាក់​កាស​ជា​សម្បុក សម្បត្តិ​អ្នក​ស្រុក​គេ​រាប់អាន។ ធម្មជាតិ​ជំហាន​ដែល​ឈាន​ដើរ ដំណើរ​ទៅ​កាន់​គ្រប់​ទី​ឋាន តែង​យោល​ទៅ​មុខ​តាម​លំអាន ទើប​ជ្រែង​ជួយ​ច្រាន​ប្រាណ​ជ្រុល​ទៅ។ តែ​ខំ​គ្រវាស​គ្រវាត់​កោយ គ្រវែង​ថយ​ក្រោយ​ឱ្យ​អង់​នៅ កាល​ណា​នឹង​ច្រាន​ប្រាណ​ជ្រុល​ទៅ ដល់​ទី​លំនៅ​ដូច​ប្រាថ្នា។ ហេតុ​ហ្នឹង​គួរ​ដឹង​ដល់​លោកិយ បុរី​បរម​សុខា ចំពោះ​តែ​អ្នក​ចំពូក​ណា ប្រាជ្ញា​ថ្លា​ស្អាត​សង្វាត​គិត។ វិជ្ជា​អាជីព​ការ​ជួយ​ប្រែ កើត​ផល​មក​តែ​ពី​គំនិត ថា​បើ​ដង្ខៅ​ខ្លៅ​ឥត​គិត នោះ​ពិត​ជា​ពោះ​រស់​ពី​បាយ។

៩- ការ​ខ្លី​សញ្ញា​ថា​ការ​វែង សម្ដែង​បំពេញ​ពាក្យ​បរិយាយ ក្រមុំ​កំលោះ​​ផង​ទាំងឡាយ គិត​ថា​រូប​កាយ​ឆ្ងាយ​កាលៈ។ ស្រវឹង​តឹង​មុខ​ភ្លេច​ទុក្ខំ ផ្លូវ​អនិច្ចំ​មិន​ធូរៈ  ភ្លេច​អនត្តា​ចិប៉ាថៈ ភ្លេច​គ្រប់​ខណៈ​ចិត្ត​ឆន្ទា។ ត្រង់​រូប​ត្រង់​រស​សំឡេង​ក្លិន អាចិណ្ណ​ចិត្ត​គិត​រូប​រាល់​គ្នា តែ​ពាល់​ទៅ​ប៉ះ​ផោដ្ឋព្វា រងា​ខែ​ប្រាំង​ភក្ដ្រ​ស្លាំង​ស្លែត។ ប្រឹង​កាយ​ប្រកាច់​សាច់​កន្ត្រាក់ សរសៃ​ទាញ​ញាក់​ទធាក់​ភ្លែត នេះ​ហើយ​តណ្ហា​មួយ​រយ​ប៉ែត អណ្ដែត​អណ្ដូង​ធេង​ធោង​ធំ។ ប្រកៀក​ប្រកាន់​កើត​ឆន្ទៈ រយៈ​រយាល​រឹត​និយម ត្រូវ​ពុប​ប្រទាល​កម្រើក​គុម្ព វង្វេង​ទ្រនំ​ព្រហ្ម​លិខិត។

សេចក្ដី​នេះ​អ្នក​ជ្រាប​ជាក់​ពុទ្ធ សាសនៈ​មុត្តិ​ពិរុទ្ធ​ចិត្ត គួរ​ត្រង​គួរ​ត្រាប់​ស្ដាប់​ឱ្យ​ល្អិត តាំង​ចិត្ត​ប្រិត​ចាំ​កម្មដ្ឋាន។ បើ​អត្ត​ភាព​មិន​ផុត​លោក ជោគ​មិន​អំណោយ​ឱ្យ​ដល់​ប្រាណ ត្រូវ​រៀន​ត្រូវ​រក​លោក​ឱ្យ​បាន សន្ដាន​ឱ្យ​មាំ​កុំ​ទោមនស្ស។ ត្រូវ​មើល​កាលៈ​ទេសៈ​ផង មើល​មុខ​មើល​ខ្នង​កុំ​ឱ្យ​ទាស់ ការ​មាន​ហេតុ​ផល​គួរ​សោមនស្ស បើ​សប្បុរស​ឱ្យ​មើល​មុខ។ ចិត្ត​លោក​ជោក​លាភ​ស្ទាប​អង្អែល មិន​ដែល​មាន​ដេក​ត្រេក​ដល់​ទុក្ខ ទោះ​មាន​ទ្រព្យ​ធន​ធ្ងន់​ជង្រុក ទឹក​មុខ​មិន​ទាន់​ទ្រាន់​នឹង​ទ្រព្យ។ តែ​ខ្សោយ​វិជ្ជា​វា​ខ្សត់​ធន តែ​បុណ្យ​សក្ដិ​គ្មាន​ខ្មាស​អៀន​ជាប់ អាស្រ័យ​ក្នុង​លោក​ក៏​មិន​អាប់ ព្រោះ​មិន​ប្រសប់​ផ្លូវ​សេព​គប់។ អង្គុយ​អង្កៀម​តែ​ខ្លី​វែង ខ្លួន​ឯង​អត់​ឃ្លាន​គ្មាន​ពេល​ឈប់ ទម្រាំ​ព្រះ​ឥន្ទ្រ​ចុះ​មក​ជប់ ចំពប់​ជើង​ប៉ាំង​ពុរពង​ប្រាណ។

១០- ខំ​យក​ធ្មេញ​ឯង​បក​ដូង​ហុត ភាសិត​នេះ​សុទ្ធ​តែ​ចំណាន គឺ​ជា​អត្ត​កិលម​ឋាន ធ្វើ​ប្រាណ​ឱ្យ​ព្រួយ​លំបាក​ព្រម។ ចិត្ត​ជាប់​កាមា​រូបារម្មណ៍ សម្ងំ​ក្នុង​លោក​មិន​ចេះ​ល្មម ឥត​ឱត្តប្បៈ​អត្តៈ​ទ្រម ជំហម​លោកិយ​ចំណី​ទុក្ខ។ លើក​យក​តួ​យ៉ាង​មក​អាង​ថា ដូច​ជន​ជាតិ​ណា​ចង់​បាន​សុខ តែ​កាប់​សត្វ​ព្រៃ​ឬ​សត្វ​ស្រុក ដាក់​តុ​បន្ត​ប្រគេន​សង្ឃ។ សម្លាប់​ចិញ្ចឹម​កូន​ប្រពន្ធ លក់​យក​ទ្រព្យ​ធន​គ្មាន​លះ​បង់ យក​សុខ​តែ​ឯង​ឱ្យ​តែ​ចង់ ឯ​ត្រង់​បាប​កម្ម​ពុំ​គិត​ឡើយ។ បក​ដូង​គេ​ប្រើ​កាំបិត​កាប់ ស្រកី​គាស់​កាប់​រួច​សក​សើយ ទាញ​ពី​លលាដ៏​វា​មក​ហើយ គេ​ផ្លើយ​ផ្លែ​ផ្ងារ​ហត្ថា​ផ្គង។ ល​នឹង​កាំបិត​លៃ​បែង​ព្រម ពាក់​កណ្ដាល​ល្មម​ទើប​សំពង នេះ​ហៅ​ថា​ស្គាល់​យល់​ទំនង មិន​ឆ្គង​មិន​ទាស់​ស៊ី​ទាន់​ចិត្ត។ តែ​យក​ធ្មេញ​បក​លោក​ពោល​ថា ដូច​ស្វា​បាន​ដូង​បី​ដើរ​ហិត ពីព្រោះ​សម្បក​ដូង​វា​ស្វិត សូម្បី​នឹង​ចិត្ត​​ក៏​មិន​ស្ទាត់។ ផ្លូវ​ល្អ​គគោក​ឈ្ងោក​ឱ្យ​ឆ្ងាយ កុំ​ព្រួយ​ប្រើ​កាយ​ថ្វី​ឱ្យ​ហត់ ប្រាជ្ញ​ប្រាម​ប្រុង​ប្រាណ​ឱ្យ​បាន​បទ កំណត់​ឱ្យ​ជាក់​ទុក​ដាក់​ចិត្ត។ តាម​ប្រាជ្ញ​អាច​ឃ្លាត​ជាតិ​ទុក្ខ ឯ​សុខ​អាមិស​កុំ​ផ្ដេក​ផ្ដិត ផ្លូវ​ព្រះ​និព្វាន​គ្មាន​វិបរិត តែ​ស្និទ​អាមិស​អាមាសយ៍​ភ័យ។ សត្វ​កើត​សត្វ​ងាប់​ជាប់​កិលេស ប្រហែស​សុខ​ហួស​ជ្រួស​សីលម័យ យក​ទុក្ខ​ធ្វើ​សុខ​ពុំ​ប្រពៃ ត្រា​ដល់​ក្សិន​ក្ស័យ​ក្ដី​សុខ​គ្មាន។

បើ​បដិបត្តិ​ចង់​បាន​សុខ ដើម្បី​ផុត​ទុក្ខ​កុំ​បំពាន ឱ្យ​ស្គាល់​ខុស​ត្រូវ​ផ្លូវ​រិះ​ធ្យាន ទរ​មាន​តឿន​កាយ​វាចា​ចិត្ត។ ឱ្យ​ត្រឹម​ឱ្យ​ត្រូវ​តាម​ផ្លូវ​រិះ យ៉ាង​នេះ​ផុត​ទុក្ខ​ទោស​ឧក្រិដ្ឋ ពុទ្ធ​បរិស័ទ​សាច់​ធម៌​ល្អិត ជ្រាប​ជាក់​ភ្ញាក់​ចិត្ត​ប្រិត​ទៅ​ចុះ។ បើ​ជន​ណា​ចិត្ត​ឥត​វិវេក អាល័យ​លោភ​ពេក​កំពុង​តុះ គំនិត​មិន​ហួស​ចុង​ច្រមុះ ទុក​ធម៌​សិន​ចុះ​កុំ​អាល​ចង់។ មើល​អាយ​មើល​នាយ​មើល​កៀន​កោះ កុំ​ឱ្យ​ចន្លោះ​ប្រយោជន៍​បង់ ឈាន​ជើង​ក្នុង​លោក​ធៀប​មើល​អង្គ កុំ​ចង់​បង់បោយ​ឱ្យ​ហួស​ខ្លួន។ ត្រង់​ការ​អាជីព​កុំ​ប្រមាទ សង្វាត​ត្រង​ត្រាប់​ស្ដាប់​ច្បាប់​ក្បួន ទើប​កាយ​ឆ្ងាយ​អកុសល​កួន មិន​ស្ទួន​មិន​ស្ទើរ​ប្រើ​ជីវិត។ លោភ​នេះ​សម្បូណ៌​ណាស់​ឧបាយ កិច្ចកល​ឡែប​ខាយ​ខាន​មិន​ពិត ខ្លួន​ឥត​មារយាទ​ឃ្លាត​គំនិត ខ្លៅ​មួយ​ជីវិត​គិត​មិន​លេច។ អាក្រក់​ឬ​ល្អ​ឬ​ស​ខ្មៅ វិធី​ក្នុង​ក្រៅ​ប្រដៅ​ខ្ទេច បើ​ផ្លូវ​អាក្រក់​គួរ​យើង​គេច កុំ​ភ្លេច​ផ្លូវ​ល្អ​ត​ឱ្យ​ជាប់។ បើ​ប្រាជ្ញ​កុំ​ប្រាជ្ញ​ឱ្យ​ដល់​ព្រើល បើ​មើល​កុំ​មើល​ឱ្យ​ដល់​ងាប់ បើ​ធ្លោយ​កុំ​ធ្លោយ​ឱ្យ​ដល់​ធ្លាប់ បើ​ជាប់​កុំ​ជាប់​ឥត​គេ​ចង។ បើ​ហ៊ាន​កុំ​ហ៊ាន​ឱ្យ​ដល់​ហួស បើ​ជ្រួស​កុំ​ជ្រុល​ដល់​ជ្រែង​ខ្នង បើ​ស៊ី​កុំ​សាញ​ឱ្យ​គេ​សង បើ​ត្រេក​កុំ​ត្រង​ឱ្យ​ចិត្ត​ត្រាំ។ បើ​ខូច​កុំ​ខើច​ឱ្យ​ដល់​ខាត បើ​ឆ្លាត​កុំ​ឆ្លាស​ហួស​ចំណាំ បើ​កាច​កុំ​កោង​បង្ក​កម្ម បើ​ខាំ​កុំ​ខាំ​តាម​ចិត្ត​ខឹង។ បើ​ខ្លៅ​កុំ​ខ្លៅ​ឱ្យ​ដល់​ខ្លាក់ បើ​ស្លាក់​កុំ​ស្លាក់​ដល់​ភ្នែក​ស្លឹង បើ​ស្រេក​កុំ​ស្រេក​ដល់​ស្រវឹង បើ​ប្រឹង​កុំ​ប្រឹង​ឱ្យ​ដល់​ព្រួយ។ បើ​ស្ទាត់​កុំ​ស្ទាត់​ឱ្យ​ស្ទើរ​ស្ទាក់ បើ​លាក់​កុំ​លួង​ឱ្យ​រលួយ បើ​ចេះ​កុំ​ចាំ​បាច់​គេ​ជួយ បើ​ស្ទួយ​កុំ​ស្ទង់​ឱ្យ​ផុង​ស្ងួន។

១១- រត់​ពី​ក្រពើ​ចុះ​សមុទ្ទ គឺ​ចិត្ត​ចង់​ផុត​មច្ចុកួន ជាតិ​ចាស់​ឈឺ​ស្លាប់​ស្លន់​ស្លុត​ខ្លួន មក​​ផ្ទួន​ផ្ទុក​ត្រង់​ចង់​កើត​ទៀត។ ថា​បើ​មាន​កើត​គង់​មាន​ស្លាប់ ជរា​ឈឺ​ចាប់​ចុក​ស៊ក​សៀត ចៀស​ទុក្ខ​ចួប​ទុក្ខៗចូល​ទៀត ចង្អៀត​ចង្អល់​ទាល់​តែ​ក្ស័យ។ ច្រើន​ណាស់​អ្នក​សាង​ខាង​ការ​បុណ្យ កាន់​សីល​សូត្រ​មន្ត​ទាំង​យប់​ថ្ងៃ ចិត្ត​ស៊ុន​ចង់​សុខ​ជា​បច្ច័យ និស្ស័យ​មិន​សម​សាង​មួយ​ជាតិ។ កើត​នេះ​គ្មាន​សុខ​គឺ​ទុក្ខ​សុទ្ធ ត្រា​តែ​បំផុត​រលត់​ធាតុ ទុក្ខ​ជាប់​រូប​នាម​ទាម​តោង​ជាតិ ពុំ​ឃ្លាត​ពី​ខ្លួន​ពួន​ឃ្លាំ​ផ្ចាល។

អ្នក​បួស​ចង់​បាន​ឋាន​វិមោក្ខ ពេល​លោក​ជឿ​ធម៌​ដ៏​ត្រកាល មិន​ប្រុង​ប្រព្រឹត្ត​ចិត្ត​នៅ​ស្រាល សឹក​ទៅ​ត្រូវ​កាល​ទាស​តណ្ហា។ ជា​នុយ​ចំណី​ត្រី​កុម្ភីល៍ វា​ស៊ី​សប្បាយ​តាម​ចិន្ដា ហៅ​ដើរ​ខុស​សុខ​រង​ទុក្ខា ប្រាថ្នា​ផ្លូវ​តាម​ឆន្ទៈ។ កាម​ព័ន្ធ​ពទ្ធ​កាយ​វាចា​ចិត្ត ងងឹត​មុខ​ជ្រប់​គ្រប់​ខណៈ បើ​ជន​ដឹង​ដល់​យល់​រយៈ ត្រូវ​ស្គាល់​ធុរៈ​មច្ចុរាជ។ បើ​បព្វជិត​គិត​រិះ​ធ្យាន គង់​មាន​សតិ​ទប់​ព្រឹក​ល្ងាច តែ​សឹក​នឹង​ចុះ​ពោះ​នឹង​ទាច ស្ដេច​មច្ចុរាជ​រួត​រឹត​កាយ។ ឯ​អ្នក​ប្រដៅ​ដូច​ស្មូន​ឆ្នាំង ដៃ​តាំង​ប្របាច់​ដី​បែក​ខ្ចាយ ដី​ល្អ​ធ្វើ​បាន​មិន​នឿយ​កាយ ដាំ​បាយ​អាស្រ័យ​រាល់​វេលា។ វល្លិ​បណ្ដូល​ពេជ្រ​ល្វីង​ក្ដាត់ ស្ករ​ឆ្មាត់​បាត់​បាន​រស​ឱ​ជា ឯ​ជន​ជាតិ​បាបចិត្ត​ពាលា បើ​សេព​មេធា​ចិត្ត​ជា​ភ្លាម។ ហ្វឹក​ហាត់​អត្តា​វាចា​ចិត្ត ឱ្យ​សុចរិត​ឥតទាក់ទាម បាប​បាត់​បុណ្យ​បាន​ដោយ​ព្យាយាម អាច​សម្មតិ​នាម​ហៅ​មេធី។

ពាល​ឃ្លាត​ជាតិ​ក្លាយ​ជា​បណ្ឌិត បីដូច​វិចិត្រ​ដោយ​កែវ​មណី លាភ​យស​សរសើរ​សុខ​ពេញ​ទី វិធី​នេះ​ធម៌​ត្រជាក់​ប្រាណ។ សូម​សាធុជន​បន្ទន់​ចិត្ត ស្ដាប់​ពាក្យ​ភាសិត​ហើយ​គិត​អាន បើ​ល្មម​ជា​ខ្លួន​យើង​ធ្វើ​បាន ប្រុង​ប្រាណ​ប្រិត​តាម​ស្នាម​ប្រាជ្ញ​ទៅ។

បើ​លោភ​ព័ន្ធ​ពទ្ធ​ល្មាត់​មិន​លេច មិន​ល្មម​នឹង​គេច​គួរ​អង់​នៅ បើ​មុខ​ជា​មុជ​មិន​បាន​ជ្រៅ កុំ​គិត​ឱ្យ​ព្រៅ​វា​ព្រួយ​ចិត្ត។ លោកិយ​គគោក​ខាង​មុខ​ការ វិចារណ៍​មិន​ចំ​មិន​ចេះ​ល្អិត ធ្វេស​មិន​ប្រមូល​ខាន​ចូល​ចិត្ត ខុស​ក្រឹត្យ​ក្រម​ច្បាប់​អាប់​រាសី។ ចិត្ត​មនុស្ស​នេះ​រិះ​រក​តែ​ខ្ពស់ ចង់​មាន​សក្ដិ​យស​ធ្វើ​មន្ត្រី ចង់​មាន​ជំទាវ​ចំទួយ​ប្ដី ចង់​មាន​បុត្រី​បុត្រា​ទ្រព្យ។ បើ​មាន​ផ្ទះ​ឈើ​នៅ​ស្ទើរ​ចិត្ត ទោះ​ជា​ផ្ទះ​ឥដ្ឋ​ចិត្ត​មិន​គាប់ បេតុង​អារម៉េ​ស៊ីម៉ងត៍​ផ្ទាប់ នៅ​តែ​មិន​ស្កប់​មិន​ស្កល់​ស្កាំ។

ចុះ​បើ​ចិត្ត​យើង​កន្ទ្រើង​ម្ល៉េះ ហើយ​គ្មាន​ចំណេះ​ជួយ​ឧបត្ថម្ភ កាល​ណា​នឹង​កាយ​ឆ្ងាយ​ពី​កម្ម ចាំ​ផល​អតីត​រឹត​តែ​ថប់។ ឯ​វ័យ​ទាំង​បី​គ្រប់​ស្រី​ប្រុស តែ​លៃ​ខ្លួន​ខុស​មិន​ចេះ​ចប់ វិជ្ជា​អាជីព​ចេះ​ឱ្យ​សព្វ នោះ​ក្រែង​នឹង​ស្កប់​ស្កាំ​ចិត្ត​ខ្លះ។

ឋានៈ​បុគ្គល​ដែល​មាន​ទ្រព្យ លោកិយ​គេ​រាប់​មុខ​មិន​ខ្វះ សិរី​ប្រសិទ្ធិ៍ឥត​កន្លះ ពាក្យ​ត្មះ​តិះ​ដៀល​មិន​ដិត​ដល់។ កុំ​កាត់​ប្រឡោះ​ចុះ​តែ​ខ្លួន កុំ​ពួន​ប្រឡូក​រក​កិច្ច​កល កុំ​គិត​រង្កៀស​គេ​ដោយ​ឆ្ងល់ ចង់​ឆ្ងាញ់​ត្រូវ​ស្គាល់​រស​ជាតិ​ល្អ។ អាស្រ័យ​ក្នុង​លោក​កុំ​លាក់​មុខ ទង្គុក​នឹង​លោក​ត្រូវ​អើត​ក  បើ​ខ្លួន​ល្ងង់​ខ្លៅ​ត្រូវ​ខ្លាច​ក្រ ត្រដរ​ឱ្យ​ដល់​ពលៈ​កាយ។

បើ​កើត​មិន​កើត​ក៏​អស់​ចិត្ត អាណិត​តែ​នឹក​កុំ​ឱ្យ​ណាយ លោក​នឹង​ចម្រើន​បាន​សប្បាយ ព្រោះ​ជន​ទាំងឡាយ​ប្រាជ្ញា​ឆ្លាត។ សូម​គិត​ឱ្យ​ចប់​សព្វ​វាទី សូម​សាមគ្គី​កុំ​ឱ្យ​ខាត សូម​ចិត្ត​ឱ្យ​ចាំ​កុំ​ប្រមាទ សូម​ឱ​ហាត​ប្រឹង​ស្វាធ្យាយ។

សូម​ឱ្យ​ចម្រុង​ចម្រើន​សុខ សូម​ឱ្យ​រួច​ចាក​ទុក្ខ​សម្ទាយ សូម​ទោស​កុំ​ថា​ខ្ញុំ​មើល​ងាយ និយាយ​សរុប​បញ្ចប់​ហោង។

[១] – អ្វី ៗ គ្រប់​យ៉ាង​គ្រប់​ចំពូក (ពាក្យ​ថៃ)។

ប្រភព ៖ ទស្សនាវដ្ដី​កម្ពុជសុរិយា ឆ្នាំ១៩៤៤

 

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments