តឹសតិនិបាត សត្តមភាគ
ព្រះបាឡាត់ពោធិរាម យូរ – ប៉ុណ្ណ
ក្រុមជំនុំព្រះត្រៃបិដក ប្រែ រៀបរៀង
ព្រះសាស្ដាគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្វនូវនាងមល្លិកាទេវី ហើយសម្ដែងធម្មទេសនាថា កា វេធមានា ដូច្នេះជាដើម។
រឿងនេះមានសេចក្ដីពិស្ដារក្នុងកុម្មាសបិណ្ឌិកជាតកឯណោះ។
មានសេចក្ដីដំណាលថា នាងមល្លិកាទេវីបានដល់នូវភាពជាអគ្គមហេសីនៃព្រះរាជាកោសលក្នុងថ្ងៃនោះ គឺបានដោយអានុភាពនៃនាងថ្វាយនូវនំកុម្មាស៣ដុំ ចំពោះព្រះតថាគត ហើយជាស្រីប្រកបដោយកល្យាណធម៌ច្រើនយ៉ាង ធ្លាប់បានទំនុកបម្រុងព្រះពុទ្ធពីបុព្វជាតិមក ជាពុទ្ធឧបដ្ឋាយិកាក្នុងបច្ចុប្បន្ននេះ ទើបបានឈ្មោះថាជាបតិទេវតា។ ឯអានុភាពនៃនាងដែលបានឈ្មោះថាជាបតិទេវតានោះ ក៏ល្បីឮសុសសាយប្រាកដទៅក្នុងដែនទាំងមូល។
ថ្ងៃមួយភិក្ខុទាំងឡាយប្រជុំគ្នាក្នុងរោងធម្មសភា ពោលសរសើរគុណនាងមល្លិកាទេវីថា ម្នាលភិក្ខុទាំងឡាយ នាងមល្លិកាទេវីនេះ ជាស្រីបរិបូណ៍ដោយវត្ត ប្រកបដោយកល្យាណធម៌ច្រើនយ៉ាង ឆ្លៀវឈ្លាស មានប្រាជ្ញាច្រើន ប៉ិនប្រសប់ខាងការធ្វើកិច្ចទាំងពួង មានធ្វើកុសលជាដើម ជាពុទ្ធឧបដ្ឋាយិកា បានឈ្មោះថាបតិទេវតា ឮច្បាស់ប្រាកដទៅក្នុងដែនទាំងមូល យើងទាំងឡាយអត់ទ្រាំនឹងសរសើរមិនបាន។ ចួនជាពេលនោះ ព្រះដ៏មានព្រះភាគ ស្ដេចយាងមកដល់ ទើបទ្រង់ត្រាស់សួរថា ម្នាលភក្ខុទាំងឡាយ អ្នកប្រជុំគ្នានិយាយពីការអ្វី។ ភិក្ខុទាំងឡាយក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះករុណាទាំងឡាយប្រជុំគ្នានិយាយសរសើរគុណនាងមល្លិកាទេវី។ ព្រះដ៏មានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ នាងមល្លិកាទេវីនេះ មានគុណមិនតែឥឡូវនេះទេ កាលពីព្រេងនាយមក ក៏ជាស្រីបរិបូណ៍ដោយវត្តប្រកបដោយកល្យាណធម៌ច្រើនយ៉ាង ឆ្លៀវឈ្លាស មានប្រាជ្ញាជាពុទ្ធឧបដ្ឋាយិកា ទើបបានឈ្មោះថាជាបតិទេវតាដែរ។ ទើបព្រះអង្គទ្រង់នាំរឿងអតីតជាតិមកថា អតីតេ។ ល។
ម្នាលភិក្ខុទាំងឡាយ ក្នុងកាលដែលកន្លងទៅហើយមានក្សត្រមួយអង្គទ្រង់ព្រះនាមថាសោត្ថិសេន ជាបុត្រព្រះបាទព្រហ្មទត្ត ក្នុងនគរពារាណសី លុះបានព្រះជន្មាយុចម្រើនឡើងហើយ ព្រះវរបិតាឱ្យឡើងកាន់ជាទីឧបរាជលើកនាងសម្ពុលា ជាស្រីមានរូបល្អ មានពណ៌ ដូចជាអណ្ដាតប្រទីប ឱ្យធ្វើជាអគ្គមហេសី។ លុះកន្លងយូរបន្តិចទៅសោត្ថិសេនឧបរាជ ក៏កើតរោគឃ្លង់ពេញទាំងសរីរៈ ពួកពេទ្យខំព្យាបាលនោះណាស់តែមិនអាចនឹងកម្ចាត់បង់រោគនោះបានឡើយ។ ចេះតែរាលដាលច្រើនឡើង។ សោត្ថិសេនឧបរាជ ក៏មានសេចក្ដីខ្មាសអៀនដល់ពួកញាតិមិត្ត ក៏គិតថា អញប្រយោជន៍អ្វីនឹងនៅក្នុងទីនេះ សូម្បីពួកមន្រ្តីតូចធំនិងក្សត្រធ្លាប់លេងជាមួយគ្នា ក៏គេធ្វើតោះតើយមិនសូវរាប់រកដូចពីដើមរៀងមក ទាំងទីកន្លែងដែលធ្លាប់លេងសប្បាយក៏ខានបានសប្បាយ ចាប់តាំងពីថ្ងៃនេះតទៅ ខ្លួនអញអស់មានកិច្ចការឯណាមួយដែលនាំឱ្យកើតសេចក្ដីរីករាយដល់ចិត្តនោះឡើយ ណ្ហើយចុះអាត្មាអញមិនត្រូវការនឹងរាជសម្បត្តិ ស៊ូលះកាត់ដើរចេញពីទីនេះ ទៅនៅក្នុងព្រៃជាកន្លែងឥតទីពឹង ផ្ញើរូបផ្ញើឆ្អឹងនឹងសត្វតិរច្ឆានវិញប្រសើរជាង លុះគិតហើយ ទើបហៅនាងសម្ពុលាមកប្រាប់ថា ម្នាលនាងសម្ពុលាចូរនាងនៅរក្សាខ្លួនឱ្យបានសេចក្ដីសុខ – ចម្រើន ទាំងរក្សានូវព្រះវរមាតាបិតា និងពួកខត្តិយត្រកូលជាញាតិមិត្តរបស់បងនិងប្អូនឱ្យបានសេចក្ដីសុខ – ចម្រើនផងចុះ ដើម្បីនឹងឱ្យស្រឡាញ់រាប់រកដូចពីដើមរៀងមក បងនឹងសូមលាប្អូនទៅនៅក្នុងព្រៃ ទោះស្លាប់ទោះរស់ផ្សងតាមយថាកម្ម សព្វថ្ងៃនេះ ខ្លួនបងមិនទាន់ស្លាប់ទេ តែហាក់ដូចជាស្លាប់ទៅហើយ នែប្អូន បងសូមលាហើយ ចូរប្អូននៅឱ្យសុខចុះ។ នាងសម្ពុលាលុះឮពាក្យស្វាមីមានព្រះបន្ទូលយ៉ាងនេះហើយ ហាក់ដូចជាគេយកដាវ លំពែងមកចាក់កណ្ដាលដើមទ្រូងឈឺផ្សាចុកសៀតណែនគាំងស្ទើរតែនឹងនិយាយមិនរួច ទើបទូលតបវិញថា បពិត្រព្រះស្វាមី ព្រះអង្គមានព្រះបន្ទូលដូចម្ដេចយ៉ាងនេះ សូមព្រះអង្គកុំទៅណាឡើយ ខ្ញុំម្ចាស់នឹងធានាបីបាច់ថែរក្សាព្យាបាល ដរាបដល់រម្ងាប់រោគនោះបាន ស៊ូស្លាប់រស់ជាមួយនឹងព្រះអង្គ បើព្រះអង្គយាងទៅហើយ ខ្ញុំម្ចាស់ឥតទីពឹងពាក់អាស្រ័យទេ។ សោត្ថិសេនតបវិញថា បងមិននៅទេ បើទុកជាយ៉ាងណាក៏ទៅដែរ សូមប្អូននៅឱ្យសុខចុះ នាងឃាត់យ៉ាងណាក៏មិនព្រម ទើបទូលថា បើព្រះស្វាមីមិនព្រមនៅទេ ខ្ញុំម្ចាស់នឹងតាមព្រះអង្គទៅ ស៊ូស្លាប់រស់ជាមួយគ្នា។ សោត្ថិសេនឧបរាជ ក៏ចូលទៅក្រាបបង្គំទូលព្រះវរមាតាបិតាថា ខ្ញុំព្រះអង្គ សូមក្រាបបង្គំលាទៅនៅក្នុងព្រៃដែលជាកន្លែងឥតទីពឹងឯណោះវិញប្រសើរជាង ទោះបីស្លាប់រស់តាមយថាកម្មរបស់ខ្ញុំព្រះអង្គចុះ។ ព្រះវរបិតាឃាត់ថា ម្នាលកូនសម្លាញ់ កូនកុំទៅឡើយ ថ្វីបើកើតរោគប៉ុណ្ណឹង សឹមបិតារកពេទ្យឱ្យព្យាបាលដរាបដល់រម្ងាប់រោគនោះបាន ឬមួយបើរោគនោះមិនបានរម្ងាប់ទេ ទោះស្លាប់រស់ ក៏បិតាមិនលះបង់កូនឡើយ ស៊ូស្លាប់រស់ជាមួយនឹងកូន បើចេញពីស្រុកទៅនៅព្រៃទីហោរឋាន ឥតមានមនុស្សម្នាខ្ញុំកំដរ មានតែពួកម្រឹគបក្សីបក្សា តើនឹងបានអ្នកឯណាជាទីពឹង នែកូនកុំទៅ អាណិតតែមាតាបិតាចុះ។ ឧបរាជទូលថាសូមឱ្យព្រះបិតាអាណិតកូនវិញ បើទុកជានៅក្នុងទីនេះក៏ស្លាប់ ចេញទៅក៏ស្លាប់ សព្វថ្ងៃនេះទុកដូចជាស្លាប់ទៅហើយ កុំឱ្យព្រះបិតាមាតាព្រួយព្រះទ័យចំពោះកូនឡើយ ទូលសព្វគ្រប់ហើយ ក៏ក្រាបទៀបបាទាព្រះបិតាមាតា ទឹកនេត្រហូរសស្រាក់ ក្រោកដើរចេញពីព្រះបរមរាជវាំងទៅទាំងខ្សឹកខ្សួល។ ឯនាងសម្ពុលាជាមហេសី ក៏សោយសោកដើរទៅជាមួយនឹងស្វាមី។ ឯព្រះវរមាតាបិតាមានសេចក្ដីសោកស្រណោះអាឡោះអាល័យកូនពន់ពេកណាស់ ក៏ស្រែកផ្ដាំថាបើកូនបានជារោគពេលណា សូមឱ្យកូនត្រឡប់មកនគរវិញកុំខាន។ គ្រានោះ ក្សត្រទាំងពីរអង្គចេញពីនគរសំដៅទៅកាន់ព្រៃធំមួយ ជាព្រៃឆ្ងាយពីស្រុកទេស ជាទីស្ងប់ស្ងាត់មានតែពួកម្រឹគបក្សីបក្សា មិនមានមនុស្សម្នាណានឹងដើរទៅមកបាន។ លុះបានទៅដល់ទី១ ជាទីមានឈើធំៗ សម្បូណ៌ទៅដោយផ្លែផ្កានិងមើម សុទ្ធតែជាឈើផ្លែមានរសឆ្ងាញ់ និងជ្រោះមានទឹកថ្លាល្អគួរជាទីរីករាយដល់ចិត្ត ទើបចាត់ចែងធ្វើអាស្រមនៅក្នុងទីនោះ មិនមានព្រួយបារម្ភឡើយ។ ចាប់តាំងពីថ្ងៃដែលទៅនៅក្នុងព្រៃពេលណា នាងសម្ពុលាយកចិត្តទុកដាក់បម្រើស្វាមីមិនឱ្យអាក់ខានដល់ទៅអាក់អន់ព្រះទ័យឡើយ។ ឯកិច្ចវត្តដែលនាងបម្រើនោះគឺពេលព្រឹកឡើង នាងបោសសម្អាតទីកន្លែងសព្វអន្លើ បម្រើទឹកក្ដៅទឹកត្រជាក់ ពេលស្រង់ទឹកនាងដុសលាងញើសក្អែលដោយដៃខ្លួនឯង ហើយយកថ្នាំមកលាបស្រឡាបរោគទៀត ពេលសោយ នាងរើសយកផ្លែឈើមានរសឆ្ងាញ់មកថ្វាយ សោយ ហើយនាងយកទឹកខ្ពុរព្រះឱស្ឋនិងឈើស្ទន់មកថ្វាយ រួចទើបនាងសោយជាខាងក្រោយ រួចរៀបចំទុកដាក់មានរបៀបរៀបរយល្អ។ លុះពេលនាងនឹងចេញទៅព្រៃ ក៏ចូលទៅថ្វាយបង្គំទូលថាសូមព្រះអង្គកុំធ្វេសប្រហែសយាងទៅណាមកណាឡើយ ខ្ញុំម្ចាស់នឹងទៅស្វែងរកផ្លែឈើមើមឈើបម្រុងដល់ពេលព្រឹក លុះត្រឡប់មកវិញកាន់ក្អមយកទៅដងទឹកមកដាក់បំពេញពាងតូចធំសម្រាប់ប្រើប្រាស់។ ពេលចូលផ្ទំនាងទៅចាប់គក់ច្របាច់។ ឯកិច្ចដែលនាងគោរពចំពោះស្វាមីយ៉ាងនេះ រាល់ថ្ងៃឥតធុញទ្រាន់ដល់ចិត្តឡើយ។
មានកាលថ្ងៃមួយ នាងចូលទៅក្នុងព្រៃបេះផ្លែឈើជិតជ្រោះភ្នំមួយ ឯជ្រោះនោះមានទឹកថ្លាត្រជាក់ល្អ នាងក៏ចុះទៅងូតដើម្បីនឹងជម្រះញើសក្អែល រួចហើយនាងក៏ស្លៀកពាក់រៀបចំខ្លួនប្រាណផាត់ម្សៅមានមុខស្រស់បោះល្អដូចស្រីក្នុងក្រុង មានពន្លឺរស្មីផ្សាយចេញពីសរីរៈឆ្លុះទៅក្នុងព្រៃគួរឱ្យមានចិត្តរីករាយចំពោះរូបនាងនោះណាស់។
ពេលនោះ ចួនជាមានទានវយក្ស[១] មួយ ដើរស្វែងរកអាហារក្នុងច្រកភ្នំនោះដែរ ក៏បានចួបប្រទះនឹងនាងសម្ពុលាមានរូបល្អដូចទេវតា មានចិត្តស្រឡាញ់នាងនោះណាស់ អត់ទ្រាំមិនបានក៏សួរថា ៖
កា វេធមានា កិរិកន្ទរាយ
ឯកា តុវំ តិដ្ឋសិ សញ្ញតូរុ
បុដ្ឋាសិ មេ បាណិបមេយ្យមជ្ឈេ
អក្ខាសិ មេ នាមញ្ច ពន្ធវេ ចៈ។
ឱកាសយំ វនំ រម្មំ សីហព្យក្ឃនិសេវិតំ
កា វា តូមសិ កល្យាណី កត្វា ត្វំ សុមជ្ឈិមេ
អភិវាទេមិ តំ កទ្ទេ ទានវាហំ នមត្ថុ តេ។
ម្នាលនាងមានភ្លៅមូល នាងឯងឈ្មោះអ្វីមកឈរម្នាក់ឯង លើជ្រោះភ្នំញាប់ញ័រ ( យ៉ាងនេះ ) នាងឯងកាលបើយើងសួរកណ្ដាលព្រៃដែរគួរកំណត់ដោយដៃ [២] នាងចូរប្រាប់នូវឈ្មោះនឹងផៅពង្សដល់យើង។ ម្នាលនាងកល្យាណីជាស្រីមានខ្លួនពាក់កណ្ដាលល្អ នាងជាស្រីល្អ តើឈ្មោះអ្វី នាងជាធីតារបស់អ្នកណា ទើបញ៉ាំងព្រៃជាទីរីករាយ ដែលពួកសត្វសីហនិងខ្លាធំអាស្រ័យនៅឱ្យភ្លឺរុងរឿង ម្នាលនាងដ៏ចម្រើន យើងជាអសុរ សូមសំពះនាង សូមគោរពចំពោះនាង។ នាងសម្ពុរលាបានស្ដាប់ពាក្យទានវយក្សហើយក៏ឆ្លើយវិញថា ៖
យោ បុត្តោ កាសិករាជស្ស សោត្ថិសេនាតិ នំ វិទូ
តស្សាហំ សន្ពុលា ភរិយា ឯវំ ជានាហិ ទានវ
អភិវាទេមិ ភទ្ទន្តេសម្ពុលាហំ នមត្ថិ តេ។
វេទេហបុត្តោ ភទ្ទន្តេ វនេ វសតិ អាតុរោ
តមហំ រោគសម្មត្តំឯកា ឯកំ ឧបដ្ឋហឹ។
អហញ្ច វនមុញ្ឆាយ មធុមំសំ មិកាវិលំ
យទាហរាមិ តំ ភក្ខោ តស្ស នូនជ្ជ នាធតិ។
អ្នកណាជាបុត្ររបស់ស្ដេចក្នុងដែនកាសី អ្នកផងតែងស្គាល់អ្នកនោះថា ជាស្ដេចឈ្មោះសោត្ថិសេន ខ្លួនខ្ញុំឈ្មោះនាងសម្ពុលា ជាភរិយារបស់ស្ដេចឈ្មោះសោត្ថិសេននោះ បពិត្រទានវៈ អ្នកចូរដឹងយ៉ាងនេះចុះ បពិត្រអ្នកដ៏ចម្រើន ខ្ញុំឈ្មោះនាងសម្ពុលា សូមសំពះ សូមគោរព ចំពោះអ្នក បពិត្រអ្នកដ៏ចម្រើន ព្រះរាជបុត្រឯណា ជាបុត្ររបស់ស្ដេចក្នុងដែនវិទេហៈ មានសេចក្ដីក្ដៅក្រហាយក្នុងចិត្ត ទើបមកនៅក្នុងព្រៃ ខ្ញុំជាស្រីម្នាក់ឯងបម្រើព្រះរាជមួយអង្គនោះ ដែលមានរោគបៀតបៀន។ មិនតែប៉ុណ្ណោះ ខ្ញុំ ( ត្រាច់ទៅ ) ដើម្បីស្វែងរកផ្លែឈើក្នុងព្រៃនាំមកនិងទឹកឃ្មុំនិងសាច់ដែលសល់អំពីម្រឹគឯណា ( ស្វាមីរបស់ខ្ញុំ ) មានទឹកឃ្មុំនិងសាច់នោះជាអាហារ ( កាលបើមិនមានអាហារ ) សរីរៈរបស់ស្វាមីនោះ រមែងញាប់ញ័រក្នុងថ្ងៃនេះដោយពិត។
ទានវយក្សនិយាយលួងលោមថា ៖
កឹ វនេ រាជបុត្តេន អាតុវេន ករិស្សសិ
សម្ពុលេ បរិចិណ្ណេន អហំ កត្តា ភវាមិ តេ។
ម្នាលនាងសម្ពុលា នាងធ្វើ ( នូវការមូលមិត្តជាមួយ ) នឹងព្រះរាជបុត្រជាបុគ្គលក្ដៅក្រហាយដែលមានរោគមកប៉ះពាល់នៅក្នុងព្រៃធ្វើអ្វី បងនឹងធ្វើជាភស្ដានៃនាង ( ក្នុងថ្ងៃនេះ )។
នាងសម្ពុលាតបថា ៖
សោកដ្តាយ ទុរត្តាយ កឹ រូបំ វិជ្ជេតេ មម
អញ្ញំ បរិយេស ភទ្ទន្តេ អភិរូបតរំ មយា។
បពិត្រអ្នកដ៏ចម្រើន ខ្ញុំនឹងមានរូបល្អដូចម្ដេច ព្រោះខ្ញុំជាស្រីមានសេចក្ដីសោកគ្របសង្កត់ មានខ្លួនលំបាក ( នឿយហត់ខ្លាំងណាស់ មិនសមបើអ្នកមកស្និទ្ធស្នាលទេ ) អ្នកចូរទៅស្វែងរកស្រីឯទៀតដែលមានរូបល្អជាងខ្ញុំ ( មកធ្វើជាភរិយាចុះ )។
ទានវយក្សនិយាយថា ៖
ឯហិមំ កិរិមារុយ្ហភរិយា មយ្ហំ ចតុសតា
តាសំ ត្វំ បវារា ហោហ សព្វកាមសមិទ្ធិនី។
ន្វិន តារកវណ្ណភេយំ កិញ្ចិ បន លច្ឆសិ
សព្វន្តំ បចុរំ មយ្ហំរមស្សជ្ជ មហា សហ។
នោ ចេ តុវំ មហេសេយ្យំ សម្ពុលេ ការយិស្សសិ
អលំ ត្វំ បាតរាសាយមញ្ញេ ភក្ខា ភវិស្សសិ។
តញ្ច សត្តជជោ លុទ្ទោ កទ្បារោ បរិសាទកោ
វនេ នាថំ អបស្សន្តឹសម្ពុលំ អគ្គហី កុជេ។
ម្នាលប្អូនស្រី ចូរនាងមកចុះ ចូរនាងឡើងទៅលើភ្នំនេះ ប្រពន្ធរបស់បងមានចំនួន ៤០០ នាក់ បណ្ដាប្រពន្ធទាំងនោះ នាងឯងជាស្រីប្រសើរជាទីសម្រេចតាមសេចក្ដីប្រាថ្នាគ្រប់យ៉ាង។ ម្នាលប្អូនស្រីដ៏មានពន្លឺដូចផ្កាយ នាងប្រាថ្នាក្នុងចិត្តចំពោះវត្ថុឯណាមួយ វត្ថុទាំងអស់នោះរបស់បងមានគរគោក ចូរប្អូនត្រេកអរនៅជាមួយនឹងបងក្នុងថ្ងៃនេះចុះ។ ម្នាលនាងសម្ពុលា បើនាងមិនព្រមធ្វើនូវភាពជាមហេសីបងទេ នាងឯងគួរនឹងបានជាអាហារក្នុងវេលាភោជនក្នុងពេលព្រឹកនេះមិនខាន។ ឯទានវយក្សដែលមានភ្នួងសក់ ៧ ជាន់ ជាជាតិអាក្រក់មានចង្កូមលៀនចេញមកក្រៅ ជាអ្នកក្លៀវក្លាថាតែប៉ុណ្ណោះ ក៏ស្ទុះទៅចាប់នាងសម្ពុលាទាំងអំណាចដែលមិនឃើញមានអ្នកណាមួយជាទីពឹងនៅក្នុងព្រៃ មកដាក់លើភ្លៅ។
អធិបន្នា បិសាចេនលុទ្ទេនាមិសចក្ខុនា
សា ច សត្តុវសម្បត្តាបតិមេវានុសោចតិ។
ន មេ ឥទំ តថា ទុក្ខំយំ មំ ខាទេយ្យ រក្ខសោ
យញ្ច មេ អយ្យបុត្តស្ស មនោ ហេស្សតិ អញ្ញថា។
ន សន្តិ ទេវា បវសន្តិ នូន
ន ហិ នូន សន្តិ ឥធ លោកបាលា
សហសា ករោន្តានំ អសញ្ញតានំ
ន ហិ នូន សន្តិ បដិសេធិតារោ។
នាងសម្ពុលា ដែលយក្សជាបិសាចជាជាតិអាក្រក់មានភ្នែកសម្លឹងនូវអាមិសគ្របសង្កត់ ជាស្រីលុះក្នុងអំណាចនៃសត្រូវហើយ ក៏សោយសោកទៅរកស្វាមីថា យក្សស៊ីនូវខ្ញុំដោយហេតុឯណា ហេតុនោះមិនមែនជាទុក្ខដល់ខ្ញុំដូច្នោះទេ លុះតែចិត្តរបស់អយ្យបុត្ររបស់ខ្ញុំកើតមានដោយអាការៈដទៃដោយហេតុឯណា ហេតុនោះទើបបានជាទុក្ខដល់ខ្ញុំ។ នាងយំទួញរៀបរាប់នឹករកដល់ពួកទេវតាថា ទេវតាទាំងឡាយនៅក្នុងទីនេះប្រហែលជាមិនមានទេដឹង ទេវតាទាំងឡាយជាលោកបាលអ្នករក្សាលោកនៅក្នុងទីនេះប្រហែលជាមិនមានទេដឹង ទេវតាទាំងឡាយហាមឃាត់នូវពួកជនជាអ្នកមិនសង្រួម ជាអ្នកធ្វើដោយការកំហែង មិនមានទេឬ ( បានជានៅស្ងៀមឈឹងយ៉ាងនេះ )។
គ្រានោះ ក៏ក្ដៅរំជួលដល់ព្រះឥន្រ្ទាធិរាជ ដោយតេជៈសីលនៃនាងសម្ពុលា អត់ទ្រាំនៅមិនបានទើបស្ដេចពិចារណានូវហេតុនោះ ក៏បានដឹងប្រាកដ ក៏កាន់យកនូវវជិរាវុធហោះចុះមកដោយប្រញាប់ប្រញាល់ ឋិតនៅលើអាកាស ត្រង់ពីលើក្បាលទានវយក្ស ហើយគំរាមថា ៖
នែយក្ស ! ស្រីនេះជាស្រីមានយស ជាស្រីប្រសើរជាងស្រីទាំងឡាយ ជាស្រីមានសណ្ដាប់ធ្នាប់ មានកិរិយាមារយាទស្មោះស្មើល្អ មានតេជះរុងរឿងដូចអណ្ដាតភ្លើង ( មិនមែនជាស្រីផ្ដេសផ្ដាសទេ ) បើឯងស៊ីនាងកញ្ញានេះ ក្បាលអ្នកឯងនឹងបែកចេញជា ៧ ភាគមិនខាន អ្នកឯងកុំកម្ដៅ ( នូវនាងកញ្ញានេះ ) អ្នកឯងចូរលែងទៅ ព្រោះស្រីនេះជាស្រីមានប្ដីទេតើ។
ទានវយក្សបានស្ដាប់នូវពាក្យនោះហើយ ក៏ភិតភ័យតក់ស្លុតញាប់ញ័រអស់ទាំងខ្លួន ទើបលែងនាងនោះប្រញាប់។ ព្រះឥន្រ្ទាធិរាជក៏ចាប់យក្សនោះចងដោយច្រវាក់ ហើយលែងទៅក្នុងចន្លោះភ្នំទី ៣ ដោយគិតថា កុំឱ្យវាមកបៀតបៀនដល់នាងនេះទៀតឡើយ។ ទើបឱ្យឱវាទដល់នាងសម្ពុលាថា នាងកុំមានសេចក្ដីភិតភ័យឡើយ ចូរនាងត្រឡប់ទៅបម្រើស្វាមីវិញចុះ។ សក្កទេវរាជលុះបានឱ្យឱវាទដល់នាងរួចហើយ ក៏ត្រឡប់ទៅកាន់លំនៅវិញ។ វេលានោះព្រះអាទិត្យក៏អស្ដង្គតទៅហើយ នាងដើរទៅដោយពន្លឺព្រះចន្រ្ទ មានសេចក្ដីទុក្ខសោកក្រៀមក្រំនឹកដល់ស្វាមីដែលនៅក្នុងអាស្រមម្នាក់ឯង ប្រហែលជាគង់ចាំមើលដំណើរមកនៃអញទេដឹង។ ចំណែកឯសោត្ថិសេនលុះដល់ពេលរសៀលល្ងាចហើយមិនឃើញនាងត្រឡប់មកអាស្រម ក៏ចុះទៅចាំនៅមាត់ទ្វារក្រៅចាំមើលផ្លូវនាង។
ព្រះបរមលោកនាថ ទ្រង់ប្រកាសសេចក្ដីនេះថា ៖
សា ច អស្សមមាគញ្ឆិបមុត្តា បុរីសាទកា
និឌ្ឌំ ផលីនសកុណីវគតសិង្គំវ អាលយំ។
សា តត្ថ បរិទេវេសិ រាជបុត្តី យសស្សិន៍
សម្ពុលា ឧតុមត្តក្ខាវនេ នាថំ អបស្សន្តី។
សមណេ ព្រហ្មណេ វន្ទេសម្បន្នចរណេ ឥសេ
រាជបុត្តំ អបស្សន្តី តុម្ហម្ហិ សរណំ គតា។
វន្ទេ សីហេ ច ព្យគ្ឃេ ចយេ ច អញ្ញេ វនេ មិគា
រាជបុត្តំ អបស្សន្តី តុម្ហម្ហិ សរណំ គតា។
តិណាលតានិ ឧសធ្យោបព្វតានិ វនានិ ច
រាជបុត្តំ អបស្សន្តី តុម្ហម្ហិ សរណំ គតា។
វន្ទេ ឥន្ទិវវីសាមំ រត្តីនក្ខត្តមាលិនី
រាជបុត្តំ អប ស្សន្តី តុម្ហម្ហិ សរណំ គតា។
វន្ទេ ភគិរសឹ គង្គំ វសន្តីនំ បដិគ្គហំ
រាជបុត្តំ អបស្សន្តី តុម្ហម្ហិ សរណំ គតា។
វន្ទេ អហំ បព្វតរាជសេដ្ឋំ ហិមវន្តំ សិលុច្ចយំ
រាជបុត្តំ អបស្សន្តី តុម្ហម្ហិ សរណំ គតា។
លុះនាងសម្ពុលារួចពីកណ្ដាប់ដៃយក្សប្រុសកំណាចហើយក៏ត្រឡប់មកកាន់អាស្រមវិញ ដូចជាមេបក្សីបាក់បែកទ្រនំ ហើរមកកាន់ទ្រនំដើមវិញ ពុំនោះដូចមេគោបាក់ស្នែងមកកាន់កន្លែងវិញ នាងនោះជារាជបុត្រី ជាស្រីមានយស មានភ្នែកទន់ដោយរដូវ មកដល់អាស្រមរកមើលស្វាមីមិនឃើញ ក៏ទ្រង់ព្រះកន្សែងក្នុងអាស្រមនោះដោយពាក្យថា ខ្ញុំម្ចាស់សូមថ្វាយបង្គំចំពោះសមណព្រហ្មណ៍និងឥសីទាំងឡាយ ដែលមានការប្រព្រឹត្តល្អបរិបូណ៌ ខ្ញុំម្ចាស់កាលបើមិនបានឃើញព្រះរាជបុត្រជាស្វាមីទេ សូមដល់នូវលោកជាទីពឹង។ ខ្ញុំម្ចាស់សូមថ្វាយបង្គំចំពោះពួកសីហៈ ខ្លាធំ និងពួកម្រឹគ ដែលអាស្រ័យនៅក្នុងព្រៃ ខ្ញុំម្ចាស់កាលបើមិនបានឃើញនូវព្រះរាជបុត្រទេ សូមដល់នូវលោកជាទីពឹង។ ខ្ញុំម្ចាស់សូមថ្វាយបង្គំនូវស្មៅវល្លិ ថ្នាំឱសថភ្នំ និងព្រៃទាំងឡាយ ខ្ញុំម្ចាស់កាលបើមិនឃើញនូវព្រះរាជបុត្រទេ សូមដល់នូវលោកជាទីពឹង។ ខ្ញុំម្ចាស់សូមថ្វាយបង្គំនូវរបៀបផ្កាយក្នុងរាត្រី ដែលមានពណ៌ដូចជាផ្កាយរាជព្រឹក ខ្ញុំម្ចាស់កាលបើមិនបានឃើញនូវព្រះរាជបុត្រទេ សូមដល់នូវលោកជាទីពឹង។ ខ្ញុំម្ចាស់សូមថ្វាយបង្គំនូវស្ទឹងឈ្មោះភគិរសីជាទីទទួលរបស់ស្ទឹងទាំងឡាយដែរហូរមក ខ្ញុំម្ចាស់កាលបើមិនឃើញនូវព្រះរាជបុត្រទេ សូមដល់នូវលោកជាទីពឹង។ ខ្ញុំម្ចាស់សូមថ្វាយបង្គំនូវភ្នំហិមពាន្ត ជាស្ដេចភ្នំដ៏ប្រសើរ ដែលមានថ្មខ្ពស់ត្រដួចឡើង ខ្ញុំម្ចាស់កាលបើមិនបានឃើញនូវព្រះរាជបុត្រទេ សូមដល់នូវលោកជាទីពឹង។
គ្រានោះ សោត្ថិសេន ឃើញនាងយំសោកខ្សឹកខ្សួលខ្លាំងយ៉ាងនេះទ្រង់ព្រះតម្រិះថា នាងនេះយំសោកអ្វីខ្លាំងម្ល៉េះ អញមិនបានដឹងហេតុនេះសោះ បើសិនជានាងធ្វើនូវអំពើបែបនេះ ដោយសេចក្ដីស្រឡាញ់ចំពោះអញមែន ហឫទ័យរបស់នាងមុខជានឹងបែកធ្លាយមិនខាន បើដូច្នោះគួរអញនឹងទៅសាកសួរឱ្យដឹងហេតុនោះ។ ទើបស្ដេចយាងទៅគង់នៅទៀបមាត់ទ្វារអាស្រម។ នាងចេះតែយំសោកដើរទៅមក លុះឃើញស្វាមីហើយក្រាបថ្វាយបង្គំទៀបបាទាទូលសួរថា ចុះព្រះស្វាមីយាងទៅឯណាបាត់ ខ្ញុំម្ចាស់ដើររកមិនឃើញ។ ស្វាមីស្ដីបន្ទោសថា ៖
អតិសាយំ វតាគញ្ឆិរាជបុត្តី យសស្សិនី
កេន នុជ្ជ សមាគញ្ឆិកោ តេ បិយតរោ មយា។
យើងនាងរាជបុត្រី ជាស្រីមានយស មកក្នុងវេលាយប់ម្ល៉េះហ្ន៎ ! នាងមកជាមួយនឹងអ្នកណាក្នុងថ្ងៃនេះ អ្នកណាជាទីស្រឡាញ់របស់នាងជាងអញទៅទៀត ( ថ្ងៃនេះម្ដេចក៏មិនដូចថ្ងៃមុន )។
នាងក្រាបបង្គំទូលតាមដំណើរនោះថា បពិត្រព្រះអយ្យបុត្រ ខ្ញុំម្ចាស់សូមទោស តាមតែព្រះអង្គមេត្តាប្រោសចុះ កាលដែលខ្ញុំម្ចាស់ចេញទៅព្រៃបេះផ្លែឈើ ហើយត្រឡប់មកវិញ មានអសុរមួយចិត្តអាក្រក់និយាយល្បួងលួងខ្ញុំម្ចាស់ដោយសេចក្ដីស្នេហាខ្ញុំម្ចាស់មិនព្រមដោយពាក្យល្បួងនោះ ក៏ស្ទុះមកចាប់គំរាមថា បើនាងឯងមិនព្រមតាមអញទេ អញនឹងស៊ីនាងឯងជាអាហារមិនខាន។ ខ្ញុំម្ចាស់មានសេចក្ដីសោយសោកចំពោះហេតុនោះ
ឥទំ ខោហំ តទវោចំគហិតា តេន សត្តុនា
ន មេ ឥទំ តថា ទុក្ខំយំ មំ ខាទេយ្យ រក្ខសោ
យញ្ច មេ អយ្យបុត្តស្ស មនោ ហេស្សតិអញថា។
ខ្ញុំម្ចាស់ដែលសត្រូវនោះចាប់បាន ក៏ពោលពាក្យនេះនឹងយក្សថា យក្សស៊ីខ្ញុំដោយហេតុឯណា ហេតុនោះមិនមែនជាទុក្ខដល់ខ្ញុំទេ លុះតែចិត្តអយ្យបុត្ររបស់ខ្ញុំកើតមានដោយអាការដទៃ ដោយហេតុឯណា ហេតុនោះ ទើបជាទុក្ខដល់ខ្ញុំ។ ពេលនោះ មានស្ដេចនៃទេវតាមកស្រែកគំរាមយក្សៗ ក៏លែងខ្ញុំម្ចាស់ ទើបខ្ញុំម្ចាស់បានរួចមកដល់ពេលថ្មើរនេះ។
ស្វាមីតប-ម្នាលនាងដ៏ចម្រើន ពាក្យនេះលើកទុកសិនចុះ ធម្មតាពាក្យសច្ចៈរបស់មាតុគ្រាម គេជឿបានដោយក្រណាស់ ព្រោះថាពួកជនអ្នកដើររកស៊ីធ្វើការក្នុងព្រៃហិមពាន្តនោះមានច្រើនណាស់ អ្នកណាគេនឹងជឿនាងឯងបាន។
ពាក្យសច្ចៈរបស់ពួកស្រីចោរ មានមាយាច្រើន គេរកបានដោយក្រណាស់ ភាពគឺឫកមារយាទរបស់ស្រីទាំងឡាយ ក៏គេដឹងបានដោយក្រដូចជាដំណើរត្រីដែលនៅក្នុងទឹក ( មិនអាចកំណត់បានទេ )។
នាងទូលតប- បពិត្រព្រះអយ្យបុត្រ បើព្រះអង្គមិនជឿចិត្តខ្ញុំម្ចាស់ទេ ខ្ញុំម្ចាស់សូមបួងសួងដោយកម្លាំងសច្ចៈធម៌របស់ខ្ញុំម្ចាស់ ចំពោះរោគព្រះអង្គក្នុងពេលឥឡូវនេះ បើខ្ញុំម្ចាស់មានចិត្តត្រង់នឹងព្រះអង្គពិតមែន សូមឱ្យរោគនេះរម្ងាប់ទៅភ្លាម ហើយនាងកាន់យកទឹកមកស្រោចពីលើព្រះសិរស្វាមីដោយពាក្យសច្ចៈថា ៖
តថា មំ សច្ចំ បាលេតុបាលយិស្សតិចេមម
យថាហំ នាភិជានាមិអញ្ញំ បិយតរំ តយា
ឯតេន សច្ចវជ្ជេន ព្យាធិ តេ វូប សម្មតុ។
ខ្ញុំម្ចាស់មិនស្គាល់នូវបុគ្គលដទៃ ជាទីស្រឡាញ់ជាងព្រះអង្គយ៉ាងណា សូមពាក្យសច្ចៈរក្សានូវខ្ញុំម្ចាស់យ៉ាងនោះ បើពាក្យសច្ចៈនឹងរក្សានូវខ្ញុំម្ចាស់ ដោយពាក្យសច្ចៈនេះ សូមឱ្យព្យាធិរបស់ព្រះអង្គស្ងប់រម្ងាប់ទៅដោយរួសរាន់។
លុះនាងពោលពាក្យសច្ចៈរួចហើយ រោគឃ្លង់ក៏ស្ងប់រម្ងាប់ទៅជាមួយរំពេច ដូចជាគេយកថ្នាំទិព្យមកស្រោចលាងជ្រះអស់មន្ទិល ទៅជាមានពណ៌សម្បុរល្អដូចមាស។
សោត្ថិសេនឱបរាជ ដឹងថារោគនោះរម្ងាប់ទៅដោយសច្ចធម៌របស់នាងក៏មានសេចក្ដីរីករាយជឿជាក់ក្នុងព្រះទ័យថា នាងនេះមានចិត្តស្មោះត្រង់ចំពោះព្រះអង្គមែន។
ក្សត្រទាំងពីរអង្គលុះនៅក្នុងព្រៃនោះបានពីរបីថ្ងៃ ក៏ត្រឡប់ទៅនៅក្នុងនគរវិញ ចូលទៅអាស្រ័យនៅក្នុងឧទ្យានរបស់ព្រះបិតា។ ព្រះវរបិតាបានជ្រាបថាកូនទាំងពីរត្រឡប់មកវិញហើយ ក៏ចាត់ចែងរៀបចំពិធីអភិសេកបុត្រឱ្យសោយរាជ្យស្នងព្រះអង្គ លើកនាងសម្ពុលាជាអគ្គមហេសីធំ។ ព្រះវរបិតាក៏ចេញបួសជាតាបសឥសីអាស្រ័យនៅក្នុងឧទ្យាននោះ។
ព្រះបាទសោត្ថិសេន តាំងតែពីបានសោយរាជ្យគ្រាន់តែតាំងនាងសម្ពុលាឱ្យធ្វើជាអគ្គមហេសី តែមិនដែលនឹកនាឱ្យប្រយោជន៍ណាមួយដល់នាងឡើយ ទាំងសុខទុក្ខយ៉ាងណា ក៏ព្រះអង្គមិនជ្រាប មានព្រះទ័យត្រេកត្រអាលតែនឹងពួកស្រីជាបរិវារ នាងមានសេចក្ដីព្រួយព្រះទ័យខ្លាំងណាស់ សោយក្រយាស្ងោយមិនបាន ទៅជាស្គាំងស្គមរីងរៃស្លេកស្លាំងព្រះភក្រ្ត មិនមានសេចក្ដីសុខពេលណាមួយឡើយ នាងនឹកដល់ហេតុខាងដើមថា ស្ដេចនេះដែលបានសោយរាជ្យថ្កុំថ្កើងប៉ុណ្ណេះនេះ ក៏ព្រោះតែអញ កាលដែលកើតរោគពេញទាំងព្រះកាយ ហើយចេញពីនគរទៅនៅក្នុងព្រៃតែពីរនាក់ ខ្លួនអញឥតនឹកដល់ការនឿយហត់ខំប្រឹងថែរក្សាព្យាបាលរោគដរាបដល់រម្ងាប់ទៅបាន ឥឡូវដល់បានសេចក្ដីសុខហើយ ឥតមាននឹកនាដល់សេចក្ដីទុក្ខលំបាកខាងដើម ឱខ្លួនអញជាស្រីកើតមកអភព្វណាស់ហ្ន៎ ! ស្លាប់ទៅវិញប្រសើរជាង រស់នៅឥតអំពើ។ ទើបនាងចូលទៅក្រាបថ្វាយបង្គំព្រះតាបសជាបិតាឱ្យលោកជួយស្រាយនូវសេចក្ដីទុក្ខព្រួយ ក្នុងពេលដែលលោកនិមន្តមកធ្វើភត្តក្នុងប្រាសាទ។
ព្រះតាបសបានឃើញនាងមានសរីរៈស្គាំងស្គមស្លេកស្លាំង ក៏សួរថា ៖
យេ កុញ្ជរា សត្តសតា ឧឡារា
រក្ខន្តិ រត្តិន្ទិវំ ឧយ្យុតាវុធា
ធនុគ្គហានញ្ច សតានិ សោឡស
កថំវិធេ បស្សសិ កទ្ទេ សត្តវោ។
ម្នាលនាងដ៏ចម្រើន ដំរីទាំង ៧០០ ជាសត្វមានកម្លាំងដ៏លើសលប់មានអាវុធរៀបចំចាំរក្សាអស់វេលាយប់និងថ្ងៃ ពួកខ្មាន់ធ្នូ ១ ពាន់ ៦ រយនាក់ ( ក៏នៅចាំរក្សាអស់កាលជានិច្ច ) ចុះនាងឃើញនូវសត្រូវដូចម្ដេចបាន ( ឬមួយនាងមានហេតុដូចម្ដេចបានជាស្គាំងស្គមម៉្លេះ )។
ទើបនាងទូលព្រះវរបិតាថា ៖
អលង្កតាយោ បទុមុត្តរត្តធា
វិរាគិតា បស្សតិ ហំសគគ្គរា
តាសំ សុណិត្វា មិតគីតវាទិតំ
នទានិ មេ តាត តថា យថា បុរេ។
សុវណ្ណសង្កច្ចធរា សុវិគ្គហា
អលង្កតា មានុសិយច្ឆរូបមា
សេនាបិយា តាត អនិន្ទិតង្គយោ
ខត្តិយកញ្ញា បដិលោកយន្តិ នំ។
សចេ អហំ តាត តថា យថា បុរេ
បតិ តំ ឧញ្ឆយ បុនា វនេ ភ រ
សម្មានយេ មំ ន ច មំ វិនាយនេ
ឥតោបិ មេ តាត តតោ វរំ សិយា។
យមន្នបានេ វិបុលស្មិ ឱហិតេ
នារី វិមដ្ឋាភរណ អលង្កតា
សព្វង្គុបេតា បតិនោ ចអប្បិយា
អវជ្ឈ តស្សា មរណំ តតោ វរំ។
អបិ ចេ ទលិទ្ទា កបណា អនាឡិយា
កដាទុតិយា បតិនោ ច សា បិយា
សព្វង្គុបេតាយបិ អប្បិយាយ
អយមេវ សេយ្យា កបណាបិ យា បិយា។
បពិត្រព្រះបិតា ព្រះស្វាមីឃើញនូវស្រីដែលតាក់តែងកាយ មានសម្បុរស្បែកដូចជាស្រទាប់ផ្កាឈូក មានសរីរៈលាបស្រឡាបនូវគ្រឿងក្រអូបដ៏វិសេស មានសំឡេងដូចជាសំឡេងសត្វហង្ស ស្ដាប់នូវចម្រៀងនិងប្រគំដែលគេគួររាប់រករបស់ពួកស្រីទាំងនោះ ឥឡូវនេះព្រះស្វាមីរបស់ខ្ញុំម្ចាស់មិនប្រព្រឹត្តដូចក្នុងកាលមុនទេ។ បពិត្រព្រះវរបិតា ពួកស្រីមានរូបល្អទ្រទ្រង់នូវសង្វារមាស តាក់តែងខ្លួនដូចស្រីអប្សរក្នុងមនុស្សលោក ជាទីស្រឡាញ់នៃស្ដេចសោត្ថិសេន ជាស្រីមានរាងកាយដែលអ្នកផងតិះដៀលមិនបាន ជាខត្តិយកញ្ញារមែងប្រលោមព្រះស្វាមីនោះឱ្យជាប់ព្រះទ័យបាន។ បពិត្រព្រះបិតា ប្រសិនបើខ្ញុំម្ចាស់ចិញ្ចឹមនូវព្រះស្វាមីក្នុងព្រៃទៀត ដោយការស្វែងរកនូវផ្លែឈើដូចក្នុងកាលមុនដូច្នេះ ព្រះស្វាមីរាប់អានខ្ញុំម្ចាស់ក្ដី មិនរាប់អានខ្ញុំម្ចាស់ក្ដី បពិត្រព្រះបិតា ព្រោះហេតុនោះ ព្រៃនោះឯង ប្រសើរជាងរាជសម្បត្តិក្នុងក្រុងពារាណសីនេះទៅទៀត។ នាងនារីឯណា កើតក្នុងត្រកូលមានបាយនិងទឹកបរិបូណ៌ ដែលគេចាត់ចែងហើយជាអ្នកមានគ្រឿងមានប្រដាប់ដ៏ស្អាតវិសេស តាក់តែងខ្លួនប្រកបដោយអង្គគ្រប់យ៉ាង តែមិនជាទីស្រឡាញ់របស់ប្ដី ឬជាស្រីឥតកូន សេចក្ដីស្លាប់របស់នារីនោះ ប្រសើជាងការនៅជាឃរាវាសនោះទៅទៀត។ បើស្រីឯណាទាល់ក្រកំព្រាល្ងង់ខ្លៅ មានតែកន្ទេលជាគម្រប់ពីរនឹងខ្លួន តែស្រីនោះជាទីស្រឡាញ់របស់ប្ដីទៅទៀត។
នាងសម្ពុលាបានទទួលហេតុបន្តុះបង្អាប់ខ្លួនឯង ចំពោះព្រះវរបិតា រួចសព្វគ្រប់ហើយ ទើបតាបសជាបិតាឱ្យទៅអញ្ជើញស្ដេចមកនឹងឱ្យដំបូន្មានតាមគន្លងធម៌។ ម្នាលបុត្រ កាលដែលបុត្រមានរោគចេញពីទីនេះទៅអាស្រ័យនៅក្នុងព្រៃ នាងនេះតាមទៅបម្រើ ធ្វើរោគឱ្យរម្ងាប់បាន លុះត្រឡប់មកគ្រប់គ្រងរាជសម្បត្តិវិញ ម្ដេចហើយក៏ភ្លេចហេតុដើម ទាំងភ្លេចសេចក្ដីទុក្ខរបស់នាងនេះទៅវិញ នែសោត្ថិសេនបុត្រ ឯការទ្រុស្តមិត្តយ៉ាងនេះមិនល្អទេ បាបធ្ងន់ណាស់។ ព្រះតាបសជាបិតាបន្ទោសយ៉ាងនេះហើយ ទើបឱវាទតទៅទៀត ៖
សុទុល្លកិត្ថី បុរិសស្ស យា ហិតា
កត្តិត្ថិយា ទុល្លភោ យោ ហិតោ ច
ហិតា ច តេ សីលវតី ច ភរិយា
ជនិន្ទ ធម្មំ ចរេ សម្ពុលាយ។
ម្នាលបាជាធំក្នុងដែន ស្រីឯណាជាគុណដល់បុរស ស្រីនោះគេរកបានដោយក្រក្រៃលែង បុរសឯណាជាគុណដល់ស្រី បុរសនោះក៏គេរកបានដោយក្រដែរ ភរិយារបស់បាជាគុណដល់បាផង មានសីលផង បាចូរប្រព្រឹត្តធម៌ ( ដោយការរួបរួមជាមួយគ្នា ) នឹងសម្ពុលាចុះ។
ព្រះតាបសឱ្យឱវាទហើយ ក៏និមន្តទៅកាន់អាស្រមក្នុងឧទ្យាននោះវិញ។
ព្រះបាទសោត្ថិសេនរាជ ទ្រង់ត្រាស់ហៅនាងសម្ពុលាមកខមាទោសថា ម្នាលនាងដ៏ចម្រើន សេចក្ដីកំហុសដែលយើងធ្វើហើយអស់កាលយូរ សូមនាងអត់ទោសដល់យើងដោយសេចក្ដីសង្រ្គោះ។ ទើបព្រះអង្គពោលពាក្យប្ដេជ្ញាចំពោះនាងថា ៖
សចេ តុវំ វិបុលេ លទ្ធភោតេ
ឥស្សាវតិណ្ណា មរណំ ឧបេសិ
អហញ្វ តេ ភទ្ទេ ឥមា រាជកញ្ញា
សព្វេវ តេ វចនករា ភវាម។
ម្នាលនាងមានភោគច្រើន បើនាងមិនលុះក្នុងអំណាចនៃសេចក្ដីច្រណែនដរាបដល់មរណៈទេយើងនិងពួករាជកញ្ញាទាំងអស់របស់នាងនេះ នឹងធ្វើតាមពាក្យរបស់នាងដរាបទៅ។
ចាប់តាំងពីថ្ងៃនេះទៅ ព្រះរាជាសោត្ថិសេនបានធ្វើការរួបរួមមូលមិត្ត សេចក្ដីសុខទុក្ខជាមួយនឹងអគ្គមហេសី ទាំងប្រគល់កិច្ចការនាទីមុខក្រសួងរបស់នាងឱ្យធ្វើតាមត្រូវការ នឹងចាត់ចែងធ្វើបុណ្យទានតាមបវេណីរបស់មហាក្សត្រ ជាផ្លូវជាដំណើរទៅកាន់សុគតិភពតាមយថាកម្ម។ ឯព្រះតាបសជាបិតាក៏បានសម្រេចឈានសមាបត្តិ ជាផ្លូវជាដំណើរទៅកាន់ព្រហ្មលោក។
ព្រះបរមសាស្ដា ទ្រង់សម្ដែងអតីតជាតិនៃនាងមល្លិកាទេវីនេះឱ្យឃើញប្រាកដ។ ម្នាលភិក្ខុទាំងឡាយ នាងមល្លិកាទេវីនេះ ជាស្រីឆ្លៀវឈ្លាសប្រកបដោយកល្យាណធម៌ច្រើនយ៉ាង ប៉ិនប្រសប់ខាងកិច្ចការគ្រប់យ៉ាង មានធ្វើកុសលជាដើម បានឈ្មោះថាជាបតិទេវតា មិនតែឥឡូវនេះទេ កាលពីព្រេងនាយកើតជានាងសម្ពុលានោះក៏ដូច្នោះដែរ។
ព្រះអង្គទ្រង់ប្រជុំជាតកអំពីអតីតជាតិនិងក្នុងបច្ចុប្បន្ននេះ ឯនាងសម្ពុលាទេវី បានមកជានាងមល្លិកាទេវី ស្ដេចសោត្ថិសេន បានមកជាព្រះរាជាកោសល តាបសជាបិតា ក៏គឺអង្គតថាគតហ្នឹងឯង។
ចប់ សម្ពុលាជាតក
តឹសតិនិបាត សត្តមភាគ។
[១] អសុរអាស្រ័យនៅលើកំពូលភ្នំនោះ។
[២] ប្រហែលជាអសុរ នឹងនាងសម្ពុលា និយាយស្ដាប់គ្នាមិនបាន គឺសញ្ញាដោយដៃ។
ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា អត្ថបទក្បាលទី១ ឆ្នាំទី១៧ ខ្សែទី៦ គ.ស.១៩៤៥ ព.ស.២៤៨៥ និងអត្ថបទក្បាលទី២ ឆ្នាំទី១៧ ខ្សែទី៧ គ.ស.១៩៤៥ ព.ស.២៤៨៥