សិរិវិបុលកិត្តិ​ជាតក

នានា​ជាតក
រឿង​បញ្ញាសជាតក
ព្រះ​ឧត្ដម​មុនី  អ៊ុម ស៊ូ អធិបតី​រង​ក្រុម​ជំនុំ ប្រែ​ព្រះ​បិដក
ប្រែ​ពី​បាលី ជា​ភាសា​ខ្មែរ

ឥមេសេនាគមិស្សន្តិ  ឥទំសត្ថាជេតវន

វិហរន្តមាតុបោសកំ ភិក្ខុអារព្ភកថេសិ

ប្រែ​ជា​សេចក្ដី​ថា ព្រះ​បរម​លោកុត្តមាចារ្យ កាល​ស្ដេច​គង់​នៅ​វត្ត​ជេតពន​ទ្រង់​ប្រារព្ធ​ចំពោះ​នឹង​ភិក្ខុ ១​អង្គ​ជា​អ្នក​ចិញ្ចឹម​នូវ​មាតា​ឱ្យ​ជា​ដើម​ហេតុ​ឡើង ទ្រង់​ត្រាស់​នូវ​សេចក្ដី​នេះ មាន​ពាក្យ​ថា ឥមេសេនាគមិស្សន្តិ  ដូច្នេះ​ជា​ដើម។

រឿង​នេះ​ប្រហែល​គ្នា​នឹង​សាមជាតក​ដែរ ដូច​មាន​សេចក្ដី​ដែល​នឹង​សម្ដែង​ត​ទៅ​នេះ។

សម្ដេច​ព្រះ​បរម​គ្រូ ព្រះ​អង្គ​ត្រាស់​សួរ​នូវ​ភិក្ខុ​ដែល​ចិញ្ចឹម​មាតា​នោះ​ថា នែ​ភិក្ខុ​តថាគត​បាន​ឮ​ថា អ្នក​ឯង​ចិញ្ចឹម​គ្រហស្ថ​ពិត​មែន​ឬ។

ភិក្ខុ​នោះ​ទូល​ថា បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ សេចក្ដី​នឹង​ពិត​ដូច​ព្រះ​អង្គ​ទ្រង់​ជ្រាប។ ព្រះ​ដ៏​មាន​បុណ្យ​ទ្រង់​សួរ​ទៀត​ថា ចុះ​គ្រហស្ថ​នោះ​ត្រូវ​ជា​ដូចម្ដេច​នឹង​អ្នក។ ភិក្ខុ​នោះ​ទូល​ថា ឯ​គ្រហស្ថ​នោះ​ត្រូវ​ជា​មាតា​របស់​ខ្ញុំ​ព្រះ​ករុណា សូម​ទ្រង់​ជ្រាប។

សម្ដេច​ព្រះ​បរម​សាស្ត្រាចារ្យ ទ្រង់​បាន​ព្រះ​សណ្ដាប់​ដូច្នោះ​ហើយ ទើប​ទ្រង់​ឱ្យ​សព្ទ​សាធុការ ៣​ដង​ថា​សាធុ​ត្រូវ​ហើយៗ រួច​ទ្រង់​ត្រាស់​សម្ដែង​ត​ទៅ​ទៀត​ថា អ្នក​ឯង​នេះ​បាន​តាំង​នៅ​ក្នុង​ផ្លូវ​ដែល​តថាគត​បាន​ដើរ​មក​ហើយ ឯ​កិរិយា​ដែល​បម្រើ​បិតា​មាតា​នេះ ក៏​ជា​វង្ស​នៃ​អ្នក​ប្រាជ្ញ​ទាំង​ឡាយ​អំពី​មុន​ៗ លោក​ក៏​តែង​លះ​បង់​នូវ​ជីវិត​របស់​ខ្លួន ដើម្បី​នឹង​ជា​ប្រយោជន៍​ដល់​មាតា​បិតា​របស់​លោក ទ្រង់​សម្ដែង​យ៉ាង​ហ្នឹង​ហើយ ក៏​បង្អង់​នៅ​ស្ងៀម​ក្នុង​ពេល​នោះ ដោយ​តុណ្ហីភាព។ ឯ​ភិក្ខុ​ទាំង​នោះ​ចង់​ដឹង​ហើយ​ក៏​ក្រាប​ទូល​សូម​អារាធនា សម្ដេច​ព្រះ​ភគវា​ក៏​ទ្រង់​នាំ​មក​នូវ​អតីត​និទាន​សម្ដែង​ឱ្យ​ភិក្ខុ​ទាំងឡាយ​ស្ដាប់​ត​ទៀត។

អតីតេ ចម្បកនគរេ យសកិត្តិរាជា នាម រជ្ជំការេសិ គ្រា​ដែល​កន្លង​ទៅ​ហើយ​នោះ​មាន​ព្រះ​មហា​ក្សត្រ ១​អង្គ​ទ្រង់​ព្រះ​នាម​ថា យសកិត្តិ ទ្រង់​បាន​សោយ​រាជ្យ​សម្បត្តិ​ក្នុង​ចម្បក​នគរ ព្រះ​អង្គ​មាន​ព្រះ​អគ្គមហេសី​ព្រះ​នាម​ថា សិរិរមតី​ទេវី​ជា​ធំ​ជាង​ស្រី​ស្នំ​ទាំង​ឡាយ ១៦.០០០​នាក់ ឯ​ព្រះ​បាទ​យសកិត្តិរាជ​នោះ​ទ្រង់​មិន​មាន​ព្រះ​រាជបុត្រនិង​ព្រះ​រាជធីតា​ឡើយ គ្រា​នោះ​អ្នក​នគរ​ទាំង​ឡាយ​ក៏​បាន​ដឹង​ច្បាស់​ថា ព្រះ​មហាក្សត្រ​មិន​មាន​ព្រះ​រាជ​ឱរស​និង​ធីតា​ដូច្នោះ​ហើយ ក៏​នាំ​ទៅ​ប្រជុំ​នៅ​ទី​មុខ​ព្រះ​លាន​ព្រះ​មហា​ក្សត្រ​ហើយ​ក៏​ក្រាប​បង្គំ​ទូល​ថា បពិត្រ​ព្រះ​សម្មតិ​ទេព រដ្ឋ​មណ្ឌល​ស្ថាន​របស់​ព្រះ​អង្គ​មុខ​ជា​នឹង​វិនាស​សាប​សូន្យ​ដោយ​ពិត​មិន​ខាន​ឡើយ។

ព្រះ​មហាក្សត្រ​ស្ដេច​ទ្រង់​សួរ​ទៅ​វិញ​ថា នែ​អ្នក​ទាំង​ឡាយ​រដ្ឋ​មណ្ឌល​របស់​យើង​នឹង​វិនាស​ទៅ​នោះ​ព្រោះ​ហេតុ​អ្វី។ អ្នក​នគរ​ទាំង​នោះ​ទូល​ថា បពិត្រ​សម្ដេច​មហា​រាជ ព្រះ​រាជ​បុត្រ​របស់​ព្រះ​អង្គ​ដែល​នឹង​រក្សា​វង្ស​ត្រកូល​ត​ទៅ​ទៀត​នោះ​មិន​មាន ស្រុក​នឹង​វិនាស​ទៅ​ដោយ​ហេតុ​នេះ​ឯង​ព្រះ​អង្គ​សូម​ទ្រង់​ជ្រាប។ ព្រះ​មហា​ក្សត្រ​បាន​ទ្រង់​ព្រះ​សណ្ដាប់​ហើយ ទើប​មាន​ព្រះ​រាជ​ឱង្ការ​ថា នែ​អ្នក​ទាំងឡាយ ចូរ​អ្នក​ទាំងឡាយ​កុំ​គិត​ព្រួយ​ឡើយ ចូរ​បបួល​គ្នា​ត្រឡប់​ទៅ​វិញ​ចុះ។

ឯ​ព្រះ​បាទ​យសកិត្តិរាជ ស្ដេច​បាន​ឱ្យ​មហា​ជន​ទាំង​នោះ​ត្រឡប់​ទៅ​វិញ​ហើយ​ទើប​ទ្រង់​មាន​ព្រះ​រាជ​ឱង្ការ​ទៅ​ពួក​ភរិយា​តូចៗ ទាំង ១៦.០០០ ថា ស្ត្រី​ទាំង​ឡាយ​ចូរ​អ្នក​ទាំងឡាយ​រាល់​គ្នា តាំង​ចិត្ត​ប្រាថ្នា​រក​កូន​ឱ្យ​បាន​គ្រប់ៗ គ្នា ក៏​ពួក​ព្រះ​ស្នំ​នារី​ទាំង​នោះ ក៏​តាំង​អំពាវ​នាវ​រំឭក​រក​ដល់​ទី​ដែល​ខ្លួន​ធ្លាប់​ពឹង​ពាក់​ពំនាក់​រាប់​អាន​មាន​ព្រះ​ចន្ទ​ជា​ដើម ហើយ​តម្កល់​ចិត្ត​ប្រាថ្នា​ចង់​បាន​កូន​តែ​រាល់ៗគ្នា តែ​ថា​នឹង​បាន​កូន​ទាំង​នោះ​ដល់​ស្ត្រី​ណា ១ មិន​មាន​ឡើយ ទើប​ព្រះ​បាទ​យសកិត្តិរាជ​ទ្រង់​បង្គាប់​ចំពោះ​ទៅ​ត្រង់​ព្រះ​រាជ​ទេវី​ថា នែ​ព្រះ​នាង​សិរិរមតី ចូល​នាង​តាំង​ចិត្ត​ឱ្យ​ស្រួល​ប្រាថ្នា​សូម​កូន​សូម្បី​តែ​មួយ​យក​ចុះ ព្រះ​រាជ​ទេវី​សិរិមតី​ក៏​ក្រាប​ទទួល​ព្រះ​រាជ​តម្រាស់​ថា បពិត្រ​ព្រះ​សម្មតិទេព​ព្រះ​រាជ​ស្វាមី​ម្ចាស់​ខ្ញុំ ព្រះ​រាជ​ឱង្ការ​នោះ​ល្អ​ពេក​ណាស់​ហើយ ខ្ញុំ​ម្ចាស់​នឹង​តម្រង់​ចិត្ត​ប្រាថ្នា​រក​កូន​មិន​ខាន​ឡើយ តាំង​ពី​នោះ​មក​ព្រះ​រាជ​ទេវី​នាង​ក៏​បាន​ទទួល​សមាទាន​ឧបោសថ​សីល តាំង​ចេតនា​ប្រាថ្នា​ចំពោះ​ទៅ​ត្រង់​កូន នាង​ក៏​ពិចារណា​មើល​នៅ​សីល​របស់​ខ្លួន​ហើយ​ទើប​ទ្រង់​ធ្វើ​នូវ​សច្ច​កិរិយា​ថា បើ​សីល​របស់​ខ្ញុំ​នេះ​មិន​ដែល​សៅហ្មង​ទេ ខ្ញុំ​សូម​ឱ្យ​បាន​កូន​ប្រុស​ដូច​សេចក្ដី​ប្រាថ្នា​នេះ​កុំ​ខាន​ឡើយ។

គ្រា​នោះ ពិភព​នៃ​ព្រះ​ឥន្ទ្រាធិរាជ​ក៏​តាំង​បណ្ដាល​កម្សួល​ចំហាយ​ក្ដៅ​ឱ្យ​ជា​ទី​អផ្សុក​ដល់​សក្កទេវរាជ ដោយ​តេជានុភាព​នៃ​សីលរបស់​ព្រះ​រាជ​ទេវី​នោះ​ឯង ទើប​សម្ដេច​ព្រះ​សហស្សន័យន៍​ទ្រង់​ពិចារណា ហើយ​ជ្រាប​នូវ​ហេតុ​នោះ​មួយ​រំពេច​ថា នាង​សិរិមតី​បាន​តាំង​សេចក្ដី​ប្រាថ្នា​ចង់​បាន​កូន អញ​ក៏​នឹង​ត្រូវ​ឱ្យ​នូវ​កូន​ដល់​នាង​នោះ​មិន​ខាន ទើប​ទ្រង់​ពិចារណា​រក​មើល​នូវ​កូន​ដែល​គួរ​នឹង​ឱ្យ​ដល់​នាង​សិរិមតី​នោះ ក៏​ស្ដេច​បាន​ឃើញ​ច្បាស់​នូវ​ព្រះ​បរម​ពោធិសត្វ ថា​នឹង​អស់​អាយុ​ត្រូវ​ការ​នឹង​ឡើង​ទៅ​កើត​ក្នុង​ជាន់​ខាង​លើ​ត​ទៅ​ទៀត ទើប​សម្ដេច​ព្រះ​សហស្សនេត្រ​ក៏​ស្ដេច​ទៅ​កាន់​សម្នាក់​ព្រះ​ពោធិសត្វ លុះ​ដល់​ហើយ​ក៏​ត្រាស់​ថា​នែ​អ្នក​បរិបូណ៌​ដោយ​សេចក្ដី​សុខ រក​ទុក្ខ​មិន​មាន ឥឡូវ​នេះ​គួរ​អ្នក​នឹង​ច្យុត​ទៅ​កើត​ក្នុង​មនុស្ស​លោក​នាយ​កុំ​ខាន។ ទើប​ព្រះ​ពោធិសត្វ​សួរ​មក​វិញ​ថា បពិត្រ​ព្រះ​សក្កទេវរាជ កាល​បើ​ខ្ញុំ​នឹង​ទៅ​កើត​ក្នុង​មនុស្ស​លោក​នាយ​នោះ តើ​នឹង​ត្រូវ​មាន​គុណ​ប្រយោជន៍​ដូច​ម្ដេច​ខ្លះ ?។ ព្រះ​ឥន្ទ្រាធិរាជ​ក៏​ប្រាប់​ទៅ​វិញ​ថា នែ​អ្នក​និរទុក្ខ កាល​បើ​អ្នក​បាន​ទៅ​កើត​ក្នុង​មនុស្ស​លោក​នោះ អ្នក​នឹង​បាន​បំពេញ​នូវ​បារមី​របស់​អ្នក​នោះ​ឱ្យ​បរិបូណ៌​ឡើង​ទៅ ហើយ​សេចក្ដី​ចម្រើន​នឹង​កើត​ឡើង​ដល់​មហាជន​ផង។ ព្រះ​ពោធិសត្វ​ទូល​ទៅ​ព្រះ​ឥន្ទ្រាធិរាជ​វិញ​ថា បើ​ដូច្នោះ​ខ្ញុំ​នឹង​អាច​ទទួល​និមន្ត​បាន​ដូច​ព្រះ​ហឫទ័យ​ប្រាថ្នា​មិន​ខាន​ទេ ចំណែក​ព្រះ​ពោធិសត្វ​នោះ​លុះ​បាន​ទទួល​ប្ដេជ្ញា​នឹង​ព្រះ​ឥន្ទ្រ​ហើយ ក៏​ធ្វើ​នូវ​ចុត្យាការ​កិច្ច​ចុះ​ចាក​ស្ថាន​ទេវ​លោក​មក​កាន់​យក​នូវ​បដិសន្ធិ​ក្នុង​ផ្ទៃ​នៃ​ព្រះ​សិរិមតី​ជា​អគ្គមហេសី​នៃ​ស្ដេច​នោះ។

គ្រា​នោះ​ព្រះ​រាជ​ទេវី​ទ្រង់​ផ្ទំ​លក់​ស្កល់​ក្នុង​រាត្រី ១ ក៏​ទ្រង់​ព្រះ​សុបិន​និមិត្ត​ថា មាន​តាបស ១​អង្គ​មក​អំពី​ភ្នំ​វិបុល​ដោយ​អាកាស​វិថី​កាន់​យក​កែវ​មណី​មាន​ពន្លឺ​រស្មី និង​បរិបូណ៌​ដោយ​លក្ខណៈ​ដ៏​ប្រពៃ​ពេក មក​តម្កល់​ទុក​លើ​ផ្ទៃ​ព្រះ​ហស្ត​នៃ​នាង ៗ ក៏​តើន​ឡើង​ចាក​ព្រះ​បន្ទំ​ក្នុង​ពេល​នោះ ទើប​ក្រាប​បង្គំ​ទូល​ព្រះ​រាជ​ស្វាមី​ឱ្យ​ទ្រង់​ជ្រាប លុះ​ស្ដេច​ជ្រាប​ហើយ ទើប​ទ្រង់​ត្រាស់​បង្គាប់​ឱ្យ​ហៅ​ពួក​ព្រាហ្មណ៍ ដែល​ជា​អ្នក​ទំនាយ​សុបិន​ថ្វាយ​ឱ្យ​ចូល​មក​គាល់ លុះ​ព្រាហ្មណ៍​ចូល​មក​ដល់​ហើយ ស្ដេច​ក៏​ក្រាប​បង្គំ​ទូល​ថ្វាយ​ព្យាករណ៍​ថា សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស​ព្រះ​ករុណា​ជា​ម្ចាស់​ជីវិត​លើ​ត្បូង សុបិន​នេះ​ល្អ​ពេក​ណាស់​ទំនាយ​ថា ព្រះ​រាជ​ទេវី​សិរិមតី​នោះ​នាង​នឹង​បាន​ព្រះ​រាជ​ឱរស​ប្រកប​បុញ្ញលក្ខណៈ ឯ​ព្រះ​រាជ​ទេវី​លុះ​ទ្រង់​ជ្រាប​ថា​នាង​មាន​គភ៌​ហើយ​វេលា​ណា ទើប​ទូល​ព្រះ​រាជ​ស្វាមី​ឱ្យ​ស្ដេច​ទ្រង់​ជា្រប​គ្រប់​ប្រការ ព្រះ​មហា​ក្សត្រ​ស្ដេច​ក៏​ប្រទាន​គព្ភបរិហារ គឺ​គ្រឿង​រក្សា​នូវ​គភ៌​ដល់​ព្រះ​រាជ​ទេវី​នោះ។

ក្នុង​គ្រា​នោះ​ព្រះ​មហា​ក្សត្រ ១​អង្គ​នៅ​ខាង​ក្រៅ​ដែន​នៃ​ព្រះ​បាទ​យសកិត្តិរាជ គឺ​ជា​ស្ដេច​ដទៃ ក៏​មាន​អាមាត្យ​របស់​មហា​ក្សត្រ​នោះ​យក​សេចក្ដី​ក្រាប​ទូល​ស្ដេច​នោះ​ថា បពិត្រ​ព្រះ​សម្មតិ​រាជ ដ្បិត​ព្រះ​បាទ​យសកិត្តិ​ជា​អ្នក​ទ្រទ្រង់​ធម៌ បើ​ប្រសិន​ណា​ព្រះ​ករុណា​ជា​ម្ចាស់​ជីវិត​ទ្រង់​នឹង​លើក​សេនា​ទាហាន​ទៅ​ដណ្ដើម​យក​ស្រុក​ចម្បក​នោះ​ផង​បាន​ដោយ​មិន​លំបាក​ឡើយ។ ព្រះ​មហា​ក្សត្រ​ស្ដេច​បាន​ទ្រង់​ព្រះ​សណ្ដាប់​ពាក្យ​អាមាត្យ​ទាំងឡាយ​ក្រាប​ទូល​ដូច្នោះ​ហើយ​ស្ដេច​ក៏​សួរ​ថា អើ​ការ​នេះ​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា អាមាត្យ​ទាំង​នោះ​ក្រាប​បង្គំ​ទូល​ថា បពិត​សម្ដេច​មហារាជ ឯ​ព្រះ​បាទ​យសកិតិ្តរាជ​នោះ​ស្ដេច​ទទួល​សមាទាន​សីល​ជាប់​ជានិច្ច​មិន​ដែល​ដាច់​ឡើយ ទោះ​បី​មាន​ហេតុ​អ្វី​ដល់​ជីវិត​ក្ដី​ទ្រង់​មិន​អាច​នឹង​ធ្វើ​ឱ្យ​កន្លង​សីល​នោះ​បាន​ឡើយ ហេតុ​នេះ​ហើយ​យើង​ទាំងឡាយ​នឹង​ដណ្ដើម​យក​នគរ​ចម្បក​នោះ​បាន​ដោយ​ងាយ ឧបមា​ដូច​សម្បក​ឃ្មុំ​ដែល​មេ​ហើរ​ចេញ​ចោល​មិន​បាន​នៅ​គ្រប់​គ្រង​នោះ​ឯង ក៏​ព្រះ​បាទ​ពាហិររាជ​ស្ដេច​យល់​ព្រម​តាម​សេចក្ដី​ដែល​អាមាត្យ​ក្រាប​ទូល ហើយ​ទ្រង់​លើក​ចតុរង្គ​សេនា​ទៅ​បោះ​ទ័ព​ក្នុង​ទី ១ ជិត​ទៀប​ក្រុង​ចម្បក​នោះ ហើយ​ស្ដេច​បង្គាប់​រាជ​ទូត​ឱ្យ​ចូល​ទៅ​ទូល​ព្រះ​បាទ​យសកិត្តិរាជ​ថា បើ​ព្រះ​មហា​រាជ​ស្ដេច​សព្វ​ព្រះ​ហឫទ័យ​ចង់​ច្បាំង​នឹង​យើង ក៏​ឱ្យ​រៀប​ព្រះ​អង្គ​ចេញ​ត​ដៃ​គ្នា​ខាង​ក្រៅ​ក្រុង​ឯ​ណោះ បើ​មិន​ហ៊ាន​ច្បាំង​នឹង​យើង​ទេ ចូរ​ប្រគល់​នូវ​ស្វេតច្ឆត្រ​ឱ្យ​មក​យើង​ដោយ​ឆាប់​រហ័ស។

គ្រា​នោះ​ពួក​អាមាត្យ​របស់​ស្ដេច​យសកិត្តិរាជ​ទាំង ១ ពាន់​នាក់​សុទ្ធ​តែ​ជា​អ្នក​ក្លៀវ​ក្លា​អង់​អាច​តែ​រាល់​គ្នា កាល​បើ​បាន​ឮ​ពាក្យ​រាជ​ទូត​ទូល​ដូច្នោះ​ហើយ ក៏​មាន​សេចក្ដី​ទោមនស្ស​ទាស់​ចិត្ត​តែ​រាល់​គ្នា កើត​សេចក្ដី​ក្រោធ​គ្រប​សង្កត់​យ៉ាង​ខ្លាំង ទើប​រៀប​ប្រុង​នូវ​គ្រឿង​អាវុធ​បម្រុង​នឹង​ច្បាំង​ត​ទល់​នឹង​ស្ដេច​នោះ​ជា​ស្រេច ហើយ​ចូល​ទៅ​គាល់​ព្រះ​បាទ​យសកិត្តិរាជ​ជា​ម្ចាស់​របស់​ខ្លួន ទើប​ក្រាប​បង្គំ​ទូល​ទទួល​យក​អាសា​ដោយ​គាថា​ជា​បថម​នេះ​ថា

ឥមេសេនាគមិស្សន្តិបរិច្ចាគំតយាកតំ

ជីវិតំនោជហិស្សាមិ ឥវត្ថាយរថេសភា

សេចក្ដី​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ប្រសើរ ពួក​សេនា​ទាហាន​ទាំងឡាយ​នេះ​ពេញ​ចិត្ត​នឹង​ចេញ​ទៅ​ត​យុទ្ធ​គ្នា​នឹង​សត្រូវ​នោះ​ដោយ​ពិត ដណ្ដើម​យក​រាជ​សម្បត្តិ​ដែល​ព្រះ​អង្គ​លះ​បង់​ហើយ ពួក​យើង​ទាំង​នេះ​សុខ​ចិត្ត​លះ​បង់​នូវ​ជីវិត​ឥត​មាន​និស្ស័យ ហើយ​មិន​អាច​នឹង​ឃ្លាត​ចោល​ព្រះ​អង្គ​ទេ សូម​ព្រះ​ករុណា​ស្ដេច​ទ្រង់​ជ្រាប។

ឯ​ព្រះ​បាទ​យសកិត្តិរាជ បាន​ទ្រង់​ព្រះ​សណ្ដាប់​​ពាក្យ​អាមាត្យ​ក្រាប​ទូល​ដូច្នោះ​ហើយ ទ្រង់​ក៏​ប្រទាន​នូវ​ឱវាទ​ដល់​រាជ​អាមាត្យ​ទាំង​នោះ ជា​គាថា​ដូច្នេះ​ថា

តុម្ហេសាមត្ថេសេនាយ មាយុជ្ឈិត្ថវិលោបនំ

សចេយុជ្ឈិតកាមត្ថ ទោមនស្សស្សេនកោធសា

អន្ធការេនកោបេន  អនេកទុក្ខរាសិយោ

ឧបជ្ជន្តិ ឥធលោកេ មាកោធេនជយេថវោ

សេចក្ដី​ថា បើ​អ្នក​ទាំងឡាយ​ចូល​ចិត្ត​ចង់​ច្បាំង​នឹង​គេ ចូរ​អ្នក​កុំ​ច្បាំង​ដោយ​កម្លាំង​សេនា​យោធា​ឡើយ គំនរ​សេចក្ដី​ទុក្ខ​នឹង​កើត​ឡើង​ក្នុង​លោក​នេះ​ដោយ​ច្រើន​មិន​ខាន​ឡើយ ព្រោះ​តែ​សេចក្ដី​តូច​ចិត្ត នឹង​សេចក្ដី​ក្រោធ នឹង​ខេរខឹង ដែល​ធ្វើ​ឱ្យ​ងងិត​អន្ធការ​នោះ​ឯង អ្នក​ទាំង​ឡាយ​កុំ​ចង់​ជ្នះ​គេ​ដោយ​សេចក្ដី​ក្រោធ​នោះ​ឡើយ ព្រះ​មហា​ក្សត្រ​ទ្រង់​ប្រោស​ប្រទាន​ឱវាទ​ដល់​ពួក​អាមាត្យ​នឹង​យោធា​បុរស​របស់​ព្រះ​អង្គ​ដូច្នោះ​ហើយ ទ្រង់​ក៏​ឱ្យ​ត្រឡប់​ទៅ​វិញ។

កាល​អាមាត្យ​និង​យោធា​បុរស​ត្រឡប់​ទៅ​ហើយ ព្រះ​មហា​ក្សត្រ​ក៏​ស្ដេច​ចូល ទៅ​កាន់​ទី​ស្ថាន​នៃ​ព្រះ​រាជ​ទេវី ទ្រង់​គង់​លើ​លើ​ទី​សិរីសយនា ហើយ​ទ្រង់​ព្រះ​រាជ​ទាន​នូវ​ដំបូន្មាន​ដល់​នាង​សិរិរមតី​ជា​ព្រះ​រាជ​ទេវី​ដោយ​ព្រះ​គាថា​នេះ​ថា

អាបុច្ឆាមិអហំភទ្ទេ  អរញ្ញេគន្តុំឥច្ឆាមិ

បព្វជិស្សាមិហំតត្ថ  មភទ្ទេចិន្តយិមមំ

កុច្ឆិមិ្ហវសត្តោបិ សម្មាបាលេហិតេគព្ភំ

ឥត្ថិបុរិសភាវំវា នជានាមិសិរិមតី

សេចក្ដី​ថា នែ​នាង​ដ៏​ចម្រើន​បង​សូម​លា​ប្អូន​ថ្ងៃ​នេះ​ហើយ បង​នឹង​ចេញ​ទៅ​បួស​ឯ​ព្រៃ​ព្រឹក្សា នែ​ព្រះ​នាង​ដ៏​ចម្រើន​ចូរ​ប្អូន​កុំ​គិត​ដល់​ឡើយ ម៉្យាង​ទៀត​សត្វ​ដែល​នៅ​ក្នុង​ផ្ទៃ​នាង ៗ ចូរ​ព្យាបាល​រក្សា​គភ៌​នោះ​ឱ្យ​ល្អ ឯ​បង​មិន​ទាន់​នឹង​ដឹង​នូវ​កូន​នោះ​ជា​ប្រុស​ឬ​ស្រី​ទេ​ណា​នាង​សិរិមតី។

គ្រា​នោះ​ព្រះ​រាជ​ទេវី​សិរិមតី បាន​ទ្រង់​ព្រះ​សណ្ដាប់​ព្រះ​រាជ​ឱង្ការ​ព្រះ​ស្វាមី​ដូច្នោះ​ហើយ មាន​ព្រះ​ហឫទ័យ​ឈឺ​ចាប់​ដូច​ជា​ត្រូវ​ដោយ​គ្រាប់​រន្ទះ​អសនិបាត នឹង​មុត​ជាប់​ដោយ​ព្រួញ ១​រយ ទើប​លើក​ព្រះហស្ត​ទាំង​ពីរ​គក់​ឱរា​ទ្រង់​ព្រះ​ពិលាប មិន​អាច​នឹង​ងើប​ព្រះ​ភក្ត្រ​ឡើង​ត្រង់​ទត​មើល​អង្គ​ព្រះ​រាជ​ស្វាមី​នោះ​បាន​ឡើយ ហើយ​ទ្រង់​មាន​ព្រះ​រាជ​សវនីយ៍​ពោល​នូវ​គាថា​នេះ​ថា

នេសធម្មោមហារាជ យំត្វំគច្ឆសិឯកកោ[១]

អហំបិតេនគច្ឆាមិអរញ្ញវាសមិច្ឆាមិ

វនំទេវតយិគតេ  កថំអហំបិជីវេយ្យំ

ចាកវាកវិរហិតាចាកវាកីវឈាយិស្សំ

តយិគតេអហំតយាសទ្ធឹគមិស្សាមិទេវ

យថានូនមាតង្គោបិកុញ្ជរោអរញ្ញោចរោ

វិសមគិរិរទុគ្គេសុ កេរណុកាបទាទំ

តំអនុគច្ឆន្តីធុវំឯវមាហំសាមិកេន

អរញ្ញេចរន្តេនបិ  អនុគច្ឆិស្សាមិសហ

យេនមគ្គេនគច្ឆត្វំតម្ហិមយ្ហមេវគតិ

តយិទុក្ខតេចកថំ សុខំវសេយ្យំនគរេ

តយិគតេអហំបច្ឆតោ អនុពន្ធិស្សាមិបតឹ

សេចក្ដី​ថា បពិត្រ​​សម្ដេច​ព្រះ​បរម​ក្សត្រ​ថ្លៃ​ប្រសើរ​ម្ចាស់​ខ្ញុំ​ទ្រង់​មាន​ព្រះ​រាជ​ឱង្ការ​ប្រកាស​សេចក្ដី​មក​យ៉ាង​ហ្នឹង មិន​ប្រកប​ដោយ​ធម៌​ទេ ព្រះ​អង្គ​ស្ដេច​ទៅ​ក្នុង​ព្រៃ​តែ ១ ព្រះ​អង្គ​ដោយ​អាការ​យ៉ាង​ណា ៗ ខ្ញុំ​ម្ចាស់​ក៏​នឹង​ទៅ​តាម​ព្រះ​អង្គ​ក្នុង​ព្រៃ​ដោយ​អាការ​យ៉ាង​នោះ ៗ បពិត្រ​ព្រះ​រាជ​ស្វាមី​ម្ចាស់​ថ្លៃ​ប្អូន​អើយ កាល​បើ​ព្រះ​អង្គ​ស្ដេច​ទៅ​កាន់​ព្រៃ​ហើយ ខ្ញុំ​ប្អូន​នឹង​រស់​នៅ​តែ​ម្នាក់​ម្ដេច​បាន នឹង​ស្គាំង​ស្គម​ថប់​ថយ​កម្លាំង​ដរាប​ដល់​ស្លាប់​មិន​ខាន​ឡើយ ឧបមា​ដូច​សត្វ​ចាក្រពាក​ញី ដែល​ព្រាត់​ព្រាក​ចាក​គូ​វា​ដូច្នោះ​ឯង កាល​បើ​ព្រះ​អង្គ​ស្ដេច​ព្រះ​រាជ​ដំណើរ​ទៅ​ដល់​ត្រឹម​ទី​ណា ខ្ញុំ​ប្អូន​ក៏​នឹង​ប្រឹង​ទៅ​ឱ្យ​ទាន់​ព្រះ​អង្គ​ត្រង់​ទី​នោះ​កុំ​ឱ្យ​បែក​ពី​ព្រះ​ករុណា។

បពិត្រ​ព្រះ​ភស្ដា​ព្រះ​ស្វាមី​ម្ចាស់​ប្អូន ធម្មតា​ដំរី​កុញ្ជរ​ជាតិ​មាតង្គ​ត្រកូល តែង​ស្វែង​ទៅ​តាម​ច្រក​ជ្រលង​ដង​ព្រៃ​ផ្សេងៗ ទោះ​បី​ទី​នោះ​មិន​រាប​ស្មើ​ជា​ទី​ទៅ​បាន​ដោយ​កម្រ​ក្ដី នាង​ករេណុកាដំរី​ញី​ ក៏​ប្រឹង​ប្រព្រឹត្ត​ទៅ​តាម​ស្នាម​ជើង​នៃ​ដំរី​កុញ្ជរ​ជាតិ​នោះ​បាន​យ៉ាង​ណា ខ្ញុំ​ម្ចាស់​ជា​បាទ​បរិច្ចារិកា​នឹង​ប្រព្រឹត្ត​ទៅ​តាម​ព្រះ​អង្គ​យ៉ាង​នោះ​ឯង ព្រះ​អង្គ​ស្ដេច​ទៅ​តាម​មាគ៌ា​ណា ខ្ញុំ​ម្ចាស់​ក៏​នឹង​ទៅ​តាម​មាគ៌ា​នោះ កាល​បើ​ព្រះ​អង្គ​មាន​គ្រោះ​ថ្នាក់​ដល់​នូវ​សេចក្ដី​ទុក្ខ​លំបាក​នៅ​ក្នុង​ព្រៃ ខ្លួន​ខ្ញុំ​ម្ចាស់​នឹង​នៅ​ក្នុង​ស្រុក​សោយ​សេចក្ដី​សុខ​ដូចម្ដេច​បាន បើ​ព្រះ​អង្គ​ព្រះ​រាជ​ដំណើរ​ទៅ​ក្នុង​ទី​ណា ខ្ញុំ​ប្អូន​ក៏​នឹង​ដិត​ជាប់​ដោយ​ព្រះ​អង្គ​ទៅ​តាម​ក្រោយ​ក្នុង​ទី​នោះ​ផង។

ព្រះ​បាទ​យសកិត្តិរាជ ស្ដេច​ទ្រង់​សណ្ដាប់​ព្រះ​សវនីយ៍ ព្រះ​រាជ​ទេវី​ទូល​អង្វរ​ប្រកប​ដោយ​កតញ្ញុតា​ធម៌​ដូច្នោះ​ហើយ ទើប​ទ្រង់​ត្រាស់​​ព្រះ​តម្រាស់​ថា បើ​ដូច្នោះ​ក៏​តាម​ព្រះ​អធ្យាស្រ័យ​នាង​ចុះ​ចង់​ទៅ​ក៏​ទៅ​បាន ឯ​ព្រះ​មហា​ក្សត្រ​និង​ព្រះ​រាជ​ទេពី ក៏​តាំង​ក្លែង​ភេទ​ឱ្យ​ប្លែក មិន​ឱ្យ​មនុស្ស​ឯ​ទៀត​ស្គាល់​បាន​ឡើយ ហើយ​ស្ដេច​នឹង​នាង​ក៏​ចេញ​ចាក​ចម្បក​នគរ​ទៅ ដរាប​ដល់​ដង​ព្រៃ​ភ្នំ​វិបុក​បត៌ក។ ក៏​ក្នុង​ប្រទេស​នោះ​មាន​បណ្ណសាលា​ដែល​តាបស​ឫសី​នៅ​មុន​ធ្វើ​ទុក​នៅ​ទី​នោះ ហើយ​លោក​ចេញ​ទៅ​ចោល ទើប​ព្រះ​អង្គ​បបួល​ព្រះ​រាជ​ទេវី​ចូល​ទៅ​អាស្រ័យ​នៅ​ក្នុង​បណ្ណសាលា​នោះ លុះ​ដល់​វេលា​ក្រោយ ទ្រង់​ក៏​តាំង​ចាត់​ចែង​ធ្វើ​សាលា​ធ្វើ​សាលា​ចាស់​ដែល​ទ្រុឌទ្រោម​នោះ​ឱ្យ​ស្រួល​បួល​ឡើង​វិញ ទើប​ព្រម​គ្នា​ទាំង​ស្វាមី​និង​ភរិយា ក៏​ទ្រង់​ព្រះ​ផ្នួស​ជា​តាបស​ឫសី ក្នុង​កាល​គ្រា​នោះ​ឯង។

ឯ​នាង​តបស្សិនី​សិរិមតី​នោះ នាង​ទូល​សូម​ព្រះ​រាជានុញ្ញាត​អំពី​ព្រះ​រាជ​ស្វាមី​ថា បពិត្រ​ព្រះ​សម្មតិ​ទេព​ពី​ថ្ងៃ​នេះ​ទៅ សូម​ព្រះ​អង្គ​គង់​នៅ​ចម្រើន​មេត្តា​ភាវនា​ចុះ ខ្ញុំ​ម្ចាស់​នឹង​ចេញ​ទៅ​ស្វែង​រក​មើម​ឈើ​និង​ផ្លែ​ឈើ​មក​ប្រតិបត្តិ​ថ្វាយ​ព្រះ​អង្គ​ដរាប​រៀង​ទៅ។

គ្រា​នោះ​ព្រះ​មហា​ក្សត្រ ស្ដេច​ក៏​ព្រម​អនុញ្ញាត​ឱ្យ​តាម​អធ្យាស្រ័យ​នៃ​នាង ហើយ​នាង​ក៏​ចាត់​ចែង​ធ្វើ​វត្ត​ប្រតិបត្តិ​តាម​សេចក្ដី​ដែល​សូម​ព្រះ​រាជានុញ្ញាត​គ្រប់​ប្រការ ព្រះ​រាជ​ឫសី​ស្ដេច​មាន​ព្រះ​ហឫទ័យ​សោមនស្ស​ជ្រះ​ថ្លា​ក្នុង​ទី​នោះ​ពេក​ណាស់​ហើយ​ទ្រង់​បន្លឺ​នូវ​ឧទាន​វាចា​ថា

សប្ជលំវតមេអជ្ជ អរញ្ញវាសំសមិជ្ឈតិ

រជ្ជំសកិញ្ចិនំហោតិ  តបហាយឥធាគតោ

ឆឌេត្វាហិមហារជ្ជំ  ចោរគេហំទុក្ខាវហំ

និរយំបិនគច្ឆាមិ  អាគតោហំតបោវនេ

សេចក្ដី​ថា ថ្ងៃ​នេះ​អាត្មា​អញ​ប្រទះ​បាន​ផ្លែ​ឈើ​បាន​យ៉ាង​ល្អ​ហើយ​ហ្ន កិរិយា​ដែល​អញ​មក​នៅ​ក្នុង​ព្រៃ​នេះ បាន​សម្រេច​ដូច​សេចក្ដី​ប្រាថ្នា ហើយ​អញ​បាន​លះ​រាជ​សម្បត្តិ​ដែល​ប្រកប​ដោយ​សេចក្ដី​កង្វល់​ធំ​ចោល​ចេញ​ហើយ បាន​មក​នៅ​ក្នុង​ទី​ណេះ កាល​អញ​រលាស់​ខ្លួន​ចេញ​ចាក​ចោល​រាជ​សម្បត្តិ​ធំ ដូច​ជា​ផ្ទះ​ជា​ទី​ជ្រក​កោន​របស់​ចោរ ជា​គ្រឿង​នាំ​មក​នូវ​សេចក្ដី​ទុក្ខ​គ្រប់​យ៉ាង ហើយ​មក​តាំង​ប្រព្រឹត្ត​នូវ​តប​ធម៌​ក្នុង​ព្រៃ​យ៉ាង​នេះ អាត្មា​អញ​មុខ​ជា​នឹង​ខាន​ទៅ​កាន់​ស្ថាន​នរក​នាយ​ហើយ។

គ្រា​នោះ ព្រះ​មហា​ក្សត្រ​ដែល​ជា​អ្នក​រឹប​ជាន់​យក​រាជ​សម្បត្តិ​លើក​ទ័ព​ចូល​មក​ក្រុង​ចម្បក​នគរ​នោះ លុះ​ដណ្ដើម​យក​រាជ​សម្បត្តិ​បាន​មក​តម្កល់​ទុក​ក្នុង​កណ្ដាប់​ដៃ​នៃ​ខ្លួន​ហើយ ទើប​ស្វែង​រក​ចាប់​ព្រះ​បាទ​យសកិត្តិរាជ​ជា​ម្ចាស់​ផែន​ដី​មុន ព្រោះ​បាន​ដឹង​ប្រាកដ​ថា ព្រះ​បាទ​យសកិត្តិរាជ ស្ដេច​រត់​ចេញ​ទៅ​ពួន​ព្រៃ ទើប​ស្ដេច​វិលុប​រាជ​នោះ តាំង​ចេញ​ព្រះ​រាជ​ប្រកាស​ថា អ្នក​ណាមួយ​អាច​នាំ​យក​ព្រះ​សីសៈ​ព្រះ​បាទ​យសកិត្តិ​បាន​មក​ឱ្យ​យើង ៗ នឹង​ប្រទាន​រង្វាន់​ឱ្យ​អ្នក​នោះ​១ ពាន់​កហាបណៈ ហើយ​នឹង​ឱ្យ​សក្ការៈ​យ៉ាង​ច្រើន​ទៀត សម័យ​នោះ​មាន​ព្រាន​ព្រៃ​ម្នាក់​បាន​ស្ដាប់​សេចក្ដី​ប្រកាស​នោះ ក៏​មាន​ចិត្ត​លោភ​ចង់​បាន​រង្វាន់​ហើយ​ក៏​ចេញ​ពី​ចម្បក​នគរ​ទៅ ដើម្បី​នឹង​ស្វែង​រក​ព្រះ​អង្គ​ព្រម​ទាំង​ម្រឹគ​ផង​ក្នុង​ព្រៃ លុះ​ដើរ​ទៅ​ខាង​នេះ​ខាង​នោះ ក៏​វង្វេង​ផ្លូវ​រក​ចេញ​ពី​ព្រៃ​មិន​រួច​ប្រមាណ ៧ ថ្ងៃ ព្រាន​នោះ​កើត​ក៏​កើត​ទោមនស្ស​តូច​ចិត្ត ភិត​ខ្លាច​សេចក្ដី​ស្លាប់​នោះ​ក្រៃ​ពេក​ណាស់ ដើរ​បណ្ដើរ​ស្រែក​ទួញ​យំ​បណ្ដើរ​ក្នុង​ព្រៃ​នោះ ហើយ​ក៏​បាន​ដល់​ទៅ​ទី​កន្លែង​ដែល​ព្រះ​រាជ​ឫសី​ស្ដេច​គង់​នៅ លុះ​បាន​ឃើញ​នូវ​ព្រះ​មហា​ក្សត្រ​នោះ ក៏​ស្គាល់​ជាក់​ឥត​មាន​សង្ស័យ​ឡើយ ក៏​ចូល​ទៅ​សុំ​នៅ​សម្នាក់​ក្នុង​ទី​នោះ​អស់​៧​ថ្ងៃ កាល​ដែល​នឹង​ត្រឡប់​មក​ស្រុក​វិញ ក៏​សូម​ទី​ពឹង​ព្រះ​អង្គ​ឱ្យ​ព្រះ​អង្គ​ស្ដេច​នាំ​ផ្លូវ​ចេញ​មក ព្រះ​បាទ​យសកិត្តិរាជ​ស្ដេច​ទទួល​ព្រះ​អង្គ​ជា​អ្នក​នាំ​ផ្លូវ​ព្រាន​នោះ​មក ក៏​នាំ​ព្រាន​ព្រៃ​នោះ​ទៅ​បង្ហាញ​ដើម​ផ្លូវ​ដែល​នឹង​ចេញ​ទៅ​ស្រុក​វិញ ហើយ​ព្រះ​អង្គ​បង្គាប់​ថា នែ​ព្រាន​អ្នក​ឯង​ចូល​ចាំ​ទំនង​ដង​ផ្លូវ​ដែល​ដើរ​ទៅ​នេះ​ចុះ។

ម្យ៉ាង​ទៀត​កាល​បើ​អ្នក​ឯង​ទៅ​ដល់​ស្រុក​ហើយ ចូរ​អ្នក​អាណិត​ខ្ញុំ​កុំ​ប្រាប់​គេ​ឱ្យ​អ្នក​ណា​មួយ​​ដឹង​ឡើយ ថា​ខ្លួន​ខ្ញុំ​ឯង​នៅៗទី​នេះ ឯ​នាយ​ព្រាន​នោះ​ក៏​បាន​ទទួល​ព្រះ​រាជ​ឱង្ការ​ថា សាធុៗ ដូច្នេះ​រួច​ហើយ ក៏​ថ្វាយ​បង្គំ​លា​ទៅ។

ឯ​ព្រាន​ព្រៃ​នោះ កាល​ដែល​ពោធិសត្វ​ទទួល​ឱ្យ​នៅ​អាស្រ័យ​អស់ ៧ថ្ងៃ ហើយ​ក៏​លា​ព្រះ​អង្គ​ត្រឡប់​ទៅ​ស្រុក​វិញ ដែល​នឹង​ត្រឡប់​ទៅ​ក៏​ទៅ​ដោយ​សិរីសួស្ដី ឥត​មាន​សេចក្ដី​រង្កៀស​អ្វី​សោះ ប្រៀប​ដូច​តំណក់​ទឹក​ដែល​ធ្លាក់​ចុះ​ទៅ​ក្នុង​ស្លឹក​ឈូក​ពុំ​មាន​មន្ទិល​នោះ​ឯង តែ​នាយ​ព្រាន​នោះ ជា​មនុស្ស​ទ្រុស្ត​មិត្ត​គំនិត​ប្រកប​ទៅ​ដោយ​សេចក្ដី​អកតញ្ញូ​និង​អកតវេទី​ច្រើន​ពេក​ណាស់ នឹក​ប្រុង​តែ​ធ្វើ​ឱ្យ​អន្តរាយ ព្រោះ​ហេតុ​នោះ​ហើយ​កាល​នាយ​ព្រាន​ដែល​នឹង​ដើរ​មក ក៏​ខំ​កំណត់​ផ្លូវ​នឹង​ដើម​ឈើ​និង​ភ្នំ​គ្រប់​កន្លែង​ទុក​ក្នុង​ចិត្ត ហើយ​ចូល​ទៅ​កាន់​ចម្បក​នគរ​ដោយ​លំដាប់ លុះ​បាន​ឮ​សេចក្ដី​ប្រកាស​ម្ដង​ទៀត​ដូច​ពី​មុន ក៏​សេចក្ដី​អកតញ្ញូ​នោះ​មក​ដាស់តឿន​ចិត្ត ទើប​ចូល​ទៅ​គាល់​ព្រះ​បាទ​វិលុបរាជ ក្រាប​បង្គំ​ទូល​ថា បពិត្រ​​សម្ដេច​មហា​រាជ ខ្ញុំ​អម្ចាស់​បាន​ដឹង​ច្បាស់​ពី​ទី​នៅ​អាស្រ័យ របស់​ព្រះ​បាទ​យសកិត្តិរាជ​នោះ​ហើយ​ព្រះ​ករុណា។ នែ​នាយ​ព្រាន ហេតុ​នេះ​ពិត​ដូច​ពាក្យ​អ្នក​ឯង​ថា​ឬ។ សូម​ទ្រង់​ព្រះ​មេត្តា ពិត​ដូច​សេចក្ដី​ដែល​ក្រាប​ទូល​នេះ។

ក៏​ព្រះ​បាទ​វិលុបរាជ ស្ដេច​ទ្រង់​ប្រទាន​ទ្រព្យ ១ ពាន់​កហបណៈ ឱ្យ​នាយ​ព្រាន​ជា​រង្វាន់ ឯ​មហា​ក្សត្រ​ព្រម​ទាំង​សេនា​យោធា ក៏​ឱ្យ​ព្រាន​ព្រៃ​នោះ​នាំ​ផ្លូវ​តម្រង់​ទៅ​ដរាប​ដល់​ទី​កន្លែង​ដែល​ព្រះ​បាទ​យសកិត្តិរាជ​ស្ដេច​គង់​នៅ។

គ្រា​នោះ សម្ដេច​ព្រះ​រាជ​ឫសី​ស្ដេច​បាន​ឮ​សូរ​សព្ទ​កោលាហល​ពី​កង​ទ័ព​នោះ ហើយ​ទ្រង់​ព្រះ​នេត្រ​មើល​ទៅ ក៏​ឃើញ​នូវ​ពួក​សេនា​យោធា​ជា​ច្រើន ទើប​ទ្រង់​ប្រាប់​ទៅ​នាង​សិរិមតី តបស្សិនី​ថា នែ​ព្រះ​នាង​ដ៏​ចម្រើន ប្រហែល​ជា​អធម្មិក​បុរស​នោះ​ឯង​ហើយ ដែល​ទៅ​ប្រាប់​ទី​កន្លែង​នៅ​របស់​យើង​ឱ្យ​គេ​ដឹង​រាល់​គ្នា នែ​ប្អូន​ស្រី​ថ្ងៃ​នេះ​បង​នឹង​ប្អូន​មុខ​ជា​នឹង​បែក​ព្រាត់​គ្នា​មិន​ខាន​ឡើយ ឯ​សត្វ​ដែល​អាស្រ័យ​ក្នុង​ផ្ទៃ​ព្រះ​ប្អូន​នោះ ចូរ​ប្អូន​រក្សា​ទុក​ឱ្យ​ល្អ​ចុះ កុំ​ធ្វេស​ប្រហែស​ឡើយ។

លំដាប់​នោះ​ព្រះ​រាជ​ទេវី​ទ្រង់​ទូល​តប​វិញ​ថា ព្រះ​អង្គ​ស្ដេច​នឹង​ទៅ​កាន់​ទី​ណា​ព្រះ​ករុណា? ស្ដេច​ក៏​ត្រាស់​ថា ឱ​ប្អូន​អើយ​ខ្លួន​បង​នេះ​មិន​ទៅ​កាន់​ទី​ណា​ទេ បង​នឹង​បង្ហាញ​ខ្លួន​ឱ្យ​សេនា​ទាហាន​គេ​ចាប់​តាម​ប្រាថ្នា​របស់​គេ​ចុះ ទ្រង់​ត្រាស់​ដូច្នោះ​ហើយ ទើប​ព្រះ​អង្គ​សម្ដែង​នូវ​គាថា​នេះ ថា

អាបុច្ឆាមិអហំភទ្ទេ  រញ្ញោសន្តិកំឧបាគមិ

បាលេហិគព្ភតំតេទេមិកម្ពលំមុទ្ធិកំ

សេចក្ដី​ថា នែ​ព្រះ​ប្អូន​ដ៏​ចម្រើន បង​នឹង​សូម​លា​ប្អូន​ទៅ​កាន់​សម្នាក់​មហា​ក្សត្រ​ជា​សត្រូវ​ដោយ​ពិត​ហើយ ចូរ​ស្រី​ពៅ​នាង​នៅ​ខាង​ក្រោយ ខំ​រក្សា​កូន​ដែល​នៅ​ក្នុង​ផ្ទៃ​នោះ ទុក​ឱ្យ​ល្អ​កុំ​ប្រមាទ​ឡើយ បង​នឹង​ឱ្យ​សំពត់​កម្ពល​និង​ព្រះ​ទម្រង់​ទាំង​ពីរ​នេះ​ដល់​ប្អូន ជា​គ្រឿង​រឭក​ត​ទៅ​ខាង​មុខ។

តំសុត្វា ព្រះ​នាង​សិរិមតី តបស្សិនី នាង​បាន​ទ្រង់​ព្រះ​សណ្ដាប់​ព្រះ​រាជ​ស្វាមី​​ដូច្នោះ​ហើយ នាង​មាន​ព្រះ​ហឫទ័យ​ហាក់​ដូច​ជា​នឹង​បែក​ធ្លាយ​ខ្ចាត់​ខ្ចាយ​ទៅ​ជា ៧ ចំណែក ទឹក​ព្រះ​នេត្រ​សោត​ក៏​ហូរ​ហៀរ​ស្រក់​ស្រោច​ហាក់​ដូច​ជា​គេ​ស្រប់​ព្រះ​ភក្រ្តា ហើយ​ទ្រង់​ព្រះ​ពិលាប​សោយ​សោកា ទ្រង់​លើក​ព្រះ​ហស្ត​ទាំង​ទ្វេហារ តម្កល់​លើ​ត្បូង​ហើយ​ទ្រង់​ប្រហារ​នៅ​ឧរប្រទេស នឹង​រំសាយ​នូវ​ផ្នួង​ព្រះ​កេសា ទើប​ទ្រង់​ត្រាស់​សវនីយ៍​ជា​គាថា​នេះ ថា

វន្ទាមិទេវតេបាទេ  កឹមំជហាមិឯកិកំ

សំសយោជីវិតំមយ្ហំ  ជហេស្សាមិព្រហាវនេ

អនុកម្បិតុមំទេវ អបរាធំកតំមយា

វន្ទាមិសិរសាបាទេ បច្ឆិមំវន្ទនំមម

សេចក្ដី​ថា បពិត្រ​ព្រះ​សម្មតិ​ទេវា ខ្ញុំ​ម្ចាស់​សូម​ក្រាប​ថ្វាយ​បង្គំ​ចំពោះ​ព្រះ​បាទ​ព្រះ​អង្គ ព្រះ​អង្គ​ម្ដេច​ឡើយ ក៏​មក​លះ​បង់​ចោល​ប្អូន​ឱ្យ​នៅ​តែ​ម្នាក់​ឯង​ទៀត​ហើយ​ព្រះ​ករុណា ខ្ញុំ​ម្ចាស់​នឹង​លះ​ជីវិត​ក្នុង​ព្រៃ​ធំ​នេះ​មិន​លែង​ឡើយ បពិត្រ​ព្រះ​រាជ​ស្វាមី​ម្ចាស់​ខ្ញុំ​អើយ ព្រះ​អង្គ​ធ្លាប់​ទ្រង់​ព្រះ​ករុណា អាណិត​មេត្តា​ខ្ញុំ​ម្ចាស់​មក​ច្រើន​គ្រា​ហើយ ម្យ៉ាង​ទៀត​ទោស​ឯ​ណា​ដែល​ខ្ញុំ​ម្ចាស់​ប្រព្រឹត្ត​កន្លង​ហើយ សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស​ប្រទាន​នូវ​ទោស​នោះ ដល់​ខ្ញុំ​ម្ចាស់​ក្នុង​ថ្ងៃ​នេះ ៗ ជា​ថ្ងៃ​បំផុត​ដែល​ខ្ញុំ​ម្ចាស់​នឹង​បាន​ថ្វាយ​បង្គំ​ព្រះ​បាទ​ដោយ​សីសៈ​របស់​ខ្ញុំ​ត្រឹម​ណេះ​ហើយ ព្រះ​រាជ​ទេវី​ទ្រង់​សូម​ព្រះ​រាជានុញ្ញាត​ទោស អំពី​ព្រះ​រាជ​ស្វាមី​រួច​ហើយ ព្រះ​នាង​ក៏​ជូន​ព្រះ​រាជ​ដំណើរ​ស្ដេច​ទៅ ហើយ​ព្រះ​នាង​ខំ​ប្រឹង​ទត​មើល​កិរិយា​យាង​យាស​របស់​ព្រះ​ស្វាមី ទត​ហើយ​នឹង​អាច​ទប់​ទល់​នូវ​ទឹក​ព្រះ​នេត្រ​មិន​បាន​ឡើយ ក៏​ហូរ​ហៀរ​រហាម​ដាម​ភក្រ្តា នាង​នឹង​ប្រឹង​ទៅ​ក៏​ពុំ​បាន ក៏​ត្រឡប់​វិល​វិញ។

ឯ​ព្រះ​បាទ​យសកិត្តិរាជ​ឫសី ទ្រង់​ទត​ព្រះ​នេត្រ​ទៅ​ឃើញ​ពួក​រាជ​សេនា​នោះ​ទ្រង់​ក៏​ឥត​មាន​ភ័យ​ខ្លាច​ដល់​តិច​ឡើយ ជា​អ្នក​អង់​អាច​ដូច​រាជសីហ៍ ប្រុង​ប្រៀប​ព្រះ​អង្គ​ចុះ​ចាក​ភ្នំ​តម្រង់​ចូល​ទៅ​ទទួល​ពួក​សេនា​ទាហាន​ជា​បច្ចា​មិត្ត។

គ្រា​នោះ ចំណែក​ខាង​បុរស​លាមក​ទ្រុស្ត​មិត្ត បាន​ឃើញ​ព្រះ​អង្គ​ច្បាស់​ហើយ ពោល​ប្រាប់​គេ​ឯង​ថា នោះ​ហ្ន​ព្រះ​បាទ​យសកិត្តិរាជ​ដើរ​មក​ហើយ ឯ​ពួក​អាមាត្យ​យោធា​ដែល​មាន​គ្រឿង​ប្រហារ​​សស្ត្រាវុធ​រៀប​ទុក​ស្រេច​ហើយ​នោះ ក៏​ស្ទុះ​ចូល​ទៅ​ចោម​ចាប់​ចំពោះ​អង្គ​ព្រះ​បាទ​យសកិត្តិរាជ បាន​ស្រេច​ហើយ ក៏​យោធា​ខ្លះ​ដែល​ជា​អ្នក​ចិត្ត​អាក្រក់ ស្ទុះ​ចូល​ទៅ​ចង​នូវ​ចំណង​នោះ​ឱ្យ​មាំ​រឹតរួត​ព្រះ​អង្គ​ជា​បុគ្គល​មិន​មាន​ទោស ពួក​ខ្លះ​ក៏​ប្រហារ​នូវ​ព្រះ​បិដ្ឋិ​ព្រះ​អង្គ​ដោយ​ដាវ​និង​ផ្គាក់​ប្រមាណ ១ ពាន់​គ្រា​វេទនា​ជា​ទី​បំផុត ឯ​ព្រះ​ឆវី​នោះ​ក៏​ដាច់​ដាច​រយះ​​ធ្លាក់​ចុះ​លើ​ផែន​ដី​ទៅ​ជា​ដុំ​ៗ ព្រះ​លោហិត​សោត​ក៏​ហូរ​ចេញ​តាម​ព្រះ​ស្រោតា​និង​ព្រះ​នាសិក​និង​ព្រះ​ឱស្ឋ​ព្រះ​មហា​ក្សត្រ គួរ​ឱ្យ​សំវេគនា​ពេក​ណាស់ ហើយ​ចង​ពន្ធ​ដោយ​ចំណង ៥ ប្រការ ទើប​នាំ​យក​ព្រះ​បរម​ក្សត្រា​ទៅ​ទុក​ក្នុង​រោង​សម្រាប់​ដាក់​ទោស គឺ​គុក ឯ​ស្រុក​ចម្បក​នគរ​ឯ​ណោះ​ឯង។

ឯ​ព្រះ​បាទ​យសកិត្តិ កាល​ពួក​បច្ចាមិត្ត​ចាប់​បាន​ហើយ ចំណែក​ព្រះនាង​សិរិមតី នាង​ទ្រង់​ព្រះ​គភ៌ លុះ​ដល់​បរិបូណ៌​គ្រប់​កំណត់​ហើយ ព្រះ​នាង​ក៏​ប្រសូត​ព្រះ​រាជ​ឱរស​មាន​ពណ៌​សម្បុរ​ល្អ​ដូច​មាស​ឆ្អិន ក្នុង​វេលា​កណ្ដាល​អធ្រាត្រ​យប់​នោះ​ឯង ព្រះ​រាជ​ទេវី​ទ្រង់​ទត​ព្រះ​នេត្រ​ឃើញ​ព្រះ​រូប​ព្រះ​រាជ​ឱរស​របស់​នាង​មាន​សិរីរវិលាស​ឱភាស​ប្រសើរ​ដូច្នោះ​ហើយ ទ្រង់​ក៏​ឱន​ព្រះ​អង្គ​ទៅ​ឱប​ព្រះ​ឱរស​មក​ផ្ទាប់​ផ្ទាល់​នឹង​ឱរា​ហើយ​ទ្រង់​ព្រះ​ពិលាប​សោយ​សោក​ថា នែ​កូន​កម្សត់​ម្ដាយ​ៗ​បាន​អ្នក​ជា​កូន​មាន​រូប​ឆោម​លោម​ពណ៌​ល្អ​យ៉ាង​នេះ​ហើយ តែ​បិតា​របស់​អ្នក​មិន​មាន​ឡើយ អ្នក​មក​ប្រសូត​ក្នុង​ព្រៃ​ធំ​នេះ នែ​កូន​ស្ងួន​សម្លាញ់​ម្ដាយ អ្នក​មិន​គួរ​ជា​មនុស្ស​មាន​បុណ្យ​តិច​សោះ​ឡើយ ចុះ​ហេតុ​អ្វី មាតា​បិតា នៅ​ក្នុង​ព្រះ​បរម​រាជវាំង​អំពី​មុន​ក៏​អ្នក​មិន​ប្រសូត​មក វេលា​នេះ​រាត្រី​ងងឹត​ឈឹង មាតា​ក៏​តែ​ម្នាក់​ឯង​មិន​ដឹង​បើ​នឹង​គិត​យ៉ាង​ណា​ទេ​មាស​ម្ដាយ បើ​កាល​ណា​នៅ​ព្រម​ជា​មួយ​ព្រះ​រាជវង្សានុវង្ស​ទៅ​រ៉ា ហើយ​បាន​អ្នក​មក​កើត​ ម្ល៉េះ​សម​នឹង​បាន​ទទួល​សេចក្ដី​សោមនស្ស អំពី​ញាតិ​របស់​អ្នក​រាប់​អាន​នោះ ដោយ​បរិបូណ៌​ណាស់ ឥឡូវ​វេលា​នេះ​បិតា​របស់​អ្នក​ក៏​មិន​មាន ដោយ​ហោច​ទៅ​សូម្បី​តែ​ព្រះ​អគ្គី​នឹង​អាំង​កម្ដៅ​ខ្លួន​ពុំ​មាន​ឡើយ ព្រះ​រាជ​ទេវី​រាប់​រៀប​ដូច្នេះ​ជា​ដើម​ហើយ​ក៏​អង្គុយ​ឱប​ព្រះ​រាជ​បុត្រ ដរាប​ដល់​ព្រះ​អាទិត្យ​រះ​ឡើង ទើប​នាង​ស្រង់​ជម្រះ​អង្គ​ព្រះ​បរម​ពោធិសត្វ​រួច​ហើយ ក៏​ដាក់​ឱ្យ​ផ្ទំ​លើ​ភ្លៅ​របស់​នាង។ កាល​ថ្ងៃ​ដែល​សន្មតិ​ថ្វាយ​ព្រះ​នាម​ព្រះ​រាជ​បុត្រ​នោះ នាង​យក​ព្រះ​នាម​មាតា នាម​បិតា និង​ឈ្មោះ​ភ្នំ​មក​ផ្សំ​បញ្ចូល​គ្នា ទើប​ថ្វាយ​ព្រះ​នាម​ឱរស​នោះ​ថា សិរិវិបុលកិត្តិ ដូច្នេះ។ ឯ​ព្រះ​បរម​ពោធិសត្វ កាល​បើ​ចម្រើន​ធំ​ឡើង​ដោយ​លំដាប់ ព្រះ​អង្គ​ក៏​ទ្រង់​ធ្វើ​តប​ឧបការ​គុណ​ដល់​ព្រះ​មាតា​ដោយ​កិច្ច​ដ៏​អស់​ពី​ព្រះ​ហឫទ័យ។ ព្រះ​រាជ​ទេវី​សិរិមតី នាង​ទ្រង់​យល់​ព្រះ​សុបិន​ដូច្នេះ​ថា

ព្រះ​អង្គ​នាង​បាន​ទ្រង់​ព្រះ​ក្រសាល​សប្បាយ​ជា​មួយ​នឹង​ព្រះ​បាទ​យសកិត្តិ​ជា​ព្រះ​ស្វាមី លុះ​នាង​តើន​ឡើង​ក៏​ដឹង​ព្រះ​អង្គ​ថា​ទ្រង់​យល់​សប្ដិ​ទេ ហើយ​ក៏​ក្រោក​ចាក​ទី​សយនាសនៈ ហើយ​គក់​នូវ​ព្រះ​ឱរា មាន​ព្រះ​សវនី​យ៍ត្រាស់​ថា ឱ​អញ​ប្រហែល​ជា​អំពី​ជាតិ​មុន​ខ្លួន​អញ​បាន​ធ្វើ​នូវ​អំពើ​កម្ម​អ្វី​ហើយ ទើប​អញ​បាន​មក​នៅ​រងទុក្ខ​វេទនា​កំព្រា​តែ​ម្នាក់​ឯង​ក្នុង​ព្រៃ​ធំ​នេះ ហើយ​ថែម​ទាំង​មក​យល់​សប្ដិ​​ថា​ចួប​ប្រទះ​នឹង​ព្រះ​រាជ​ស្វាមី​ទៀត លុះ​ក្រោក​ឡើង​ប្រវា​រក​ព្រះ​អង្គ​ត្រឡប់​ជា​មិន​ឃើញ​ដូច​សេចក្ដី​សប្ដិនោះ​ឡើយ ប្រែ​ទៅ​ជា​បាន​សេចក្ដី​ទុក្ខ​ទោមនស្ស​អាក់​អន់​ពន់​ប្រមាណ​ជាង​កាល​មុន​នោះ​ទៀត ឱ​អាត្មា​អញ​បើ​មិន​បាន​ឃើញ​ព្រះ​ភស្ដា​ព្រះ​ស្វាមី​ហើយ សេចក្ដី​សោក​និង​ទោមនស្ស​របស់​អញ ក៏​កាន់​តែ​ច្រើន​ឡើង​រាប់​មិន​បាន ព្រោះ​ទោស​សម្រាប់​សត្វ​ដែល​មាន​បុណ្យ​តិច​នោះ​ឯង ម៉្យាង​ទៀត​បើ​មិន​បាន​ចួប​នឹង​ព្រះ​ស្វាមី​ប្ដី​អញ​ហើយ​ក៏​មិន​គឺ​វេរា​អ្វី​ឡើយ ប្រហែល​បាប​កម្ម​ដែល​អញ​បាន​ធ្វើ​ហើយ​អំពី​ជាតិ​មុន មក​នាំ​បម្រាស​ឱ្យ​អញ​ព្រាត់​ប្រាស​ចាក​សម្លាញ់​នោះ​ឯង ឬ​ប្រហែល​ជា​អញ​បាន​បំបែក​អ្នក​ដទៃ​ឱ្យ​គេ​បែក​គ្នា​ដឹង​ហើយ បាន​ជា​វេរា​នោះ​មក​ធ្វើ​អញ​ឱ្យ​បែក​បាក់​ចាក​ប្ដី​ជា​ទី​ស្រឡាញ់ ដែល​ធ្លាប់​គង់​ធ្លាប់​ផ្ទំ​ជា​មួយ​ឱ្យ​ឃើញ​ជាក់​ច្បាស់ ដោយ​ប្រការ​ដូច្នេះ​នេះ។

តំសុត្វាមហាសត្តោ ព្រះ​បរម​ពោធិសត្វ​បាន​ស្ដាប់​ព្រះ​រាជ​សវនីយ៍​ព្រះ​វររាជ​មាតា​រាប់​រៀប​ពណ៌នា​ដូច្នោះ​ហើយ ទើប​ខិត​ចូល​ទៅ​ជិត​ព្រះ​មាតា​ហើយ​ក្រាប​ថ្វាយ​បង្គំ​សួរ​ថា ព្រះ​មាតា​ស្ដេច​ទ្រង់​សោកា​ព្រោះ​ហេតុ​អ្វី​ព្រះ​មេ។ ព្រះ​រាជ​ទេវី​ប្រាប់​ទៅ​ពោធិសត្វ​វិញ​ថា ឱ​កូន​សម្លាញ់​ម្ដាយ​អើយ បិតា​របស់​អ្នក​ជា​ស្ដេច​សោយ​រាជ្យ​ជា​ម្ចាស់​ផែន​ដី ទ្រង់​ព្រះ​នាម​ថា​ព្រះ​បាទ​យសកិត្តិរាជ គ្រង​រាជ​សម្បត្តិ​ក្នុង​ក្រុង​ចម្បក​នគរ ហើយ​មាន​ស្ដេច​កាច​អាក្រក់​មក​អំពី​ដែន​ដទៃ​មក​ដណ្ដើម​យក​ស្រុក​ចម្បក​នោះ​បាន​ទៅ ព្រះ​រាជ​បិតា​និង​មាតា​ក៏​បបួល​គ្នា​មក​បួស​នៅ​ក្នុង​ទី​នេះ លុះ​ដល់​ក្រោយ​មក​ពួក​អាមាត្យ​រាជ​សេនា​របស់​វិលុបរាជ​នោះ លើក​គ្នា​តាម​ចាប់​យក​ព្រះ​វររាជ​បិតា​របស់​អ្នក​ទៅ​ទៀត ឥឡូវ​នេះ​មាតា​មិន​ដែល​បាន​ឮ​ដំណឹង​ថា បិតា​របស់​អ្នក​មាន​ជីវិត​រស់​នៅ​ឡើយ ឬ​ស្ដេច​អស់​ព្រះ​ជន្ម​ទៅ​ហើយ​យ៉ាង​ណា តែ​ក្នុង​វេលា​យប់​មិញ​នេះ មាតា​យល់​សប្ដ​​ឃើញ​ព្រះ​បិតា​របស់​អ្នក​រស់​នៅ​ឡើយ​ហើយ​បាន​មក​ចួប​នឹង​មាតា ព្រោះ​ហេតុ​ហ្នឹង​បាន​ជា​មាតា​យំ​សោក​រក​បិតា​អ្នក​ដូច្នេះ​ឯង។

ព្រះ​បរម​ពោធិសត្វ បាន​ស្ដាប់​រឿង​រ៉ាវ​ដែល​ព្រះ​មាតា​រាប់​រៀប​ឱ្យ​ស្ដាប់​ដូច្នោះ​ហើយ ទើប​ទ្រង់​សច្ចា​អធិស្ឋាន​ថា បើ​អាត្មា​អញ​ជា​មនុស្ស​មាន​ជីវិត​រស់​នៅ​ទេ ក៏​សូម​បិតា​របស់​អញ​កុំ​វិនាស​បាត់​បង់​ឡើយ ហើយ​ទ្រង់​គិត​ថា​ចុះ​អញ​ធ្វើ​ដូម្ដេច​នឹង​បាន​ដឹង​ហេតុ​នេះ​អេះ បើ​អាត្មា​អញ​ចេះ​តែ​នៅ​ក្នុង​ព្រៃ​នេះ អញ​ជា​មនុស្ស​អកតញ្ញូ​ហើយ ធ្វើ​ម្ដេច​ឡើយ​នឹង​បាន​ដឹង​ដំណឹង​បិតា​នោះ​ឱ្យ​ជាក់​ច្បាស់ ព្រះ​ពោធិសត្វ​មាន​ព្រះ​ហឫទ័យ​ប្រាថ្នា​នឹង​ទៅ​ដោះ​បិតា ឱ្យ​រួច​ចាក​ទុក្ខ ហើយ​ក៏​ចូល​ទៅ​ក្រាប​ថ្វាយ​បង្គំ​លា​ព្រះ​មាតា​នឹង​ចេញ​ទៅ​ស្វែង​រក​ព្រះ​បិតា ទ្រង់​ពោល​ជា​បទ​គាថា​នេះ​ថា

អាបុច្ឆាមិអហំអម្មបិតរំបរិយេសិស្សំ

មយិបិធរមានេច បិតាមមនវិនស្សតិ

បពិត្រ​ព្រះ​មាតា​ម្ចាស់​ខ្ញុំ ៗ កូន​សូម​លា​អ្នក​ទៅ​រក​ព្រះ​បិតា កាល​បើ​ខ្ញុំ​មាន​ជីវិត​រស់​នៅ បិតា​របស់​ខ្ញុំ ក៏​គង់​ជា​រស់​នៅ​ប្រាកដ។

ឯ​នាង​សិរិមតី​ព្រះ​វររាជ​មាតា​បាន​ឮ​កូន​លា​ដូច្នោះ​ហើយ ក៏​នាង​ទ្រង់​ឃាត់​ហើយ​ពណ៌នា​រាប់​រៀប​ប្រាប់​កូន​ថា នែ​កូន​ស្ងួន​មាស​ម្ដាយ ​វេលា​នេះ​កូន​កុំ​ពេញ​ចិត្ត​នឹង​ចេញ​ទៅ​ឡើយ ព្រោះ​មាតា​នៅ​តែ​ម្នាក់​ឯង​ក្នុង​ព្រៃ​រក​ទី​ពឹង​មិន​មាន​ទេ​ណា​មាស​ថ្លៃ តែ​អ្នក​ចេញ​ទៅ​ហើយ​មាតា​មិន​អាច​នឹង​ឃាត់​នូវ​សេចក្ដី​វិយោគ​នោះ​បាន​ឡើយ កាល​គ្រា​មុន​មាតា​ប្រាស​ចាក​បិតា​របស់​អ្នក ឥឡូវ​នេះ​កូន​កែវ​នឹង​បែក​ចាក​មាតា​ទៀត​ហើយ បើ​យ៉ាង​នេះ​ជីវិត​មាតា​នឹង​រលត់​បាត់​ទៅ​ឥឡូវ​នេះ​មិន​ខាន​ទេ មាតា​មុខ​ជា​នឹង​មិន​បាន​ឃើញ​ព្រះ​ភក្ត្រ​ព្រះ​បិតា​អ្នក​ទៀត​ហើយ កូន​អើយ​ចូរ​អ្នក​នៅក្នុង​ទី​នេះ​គ្រាន់​បាន​ជា​គ្នា​នឹង​មាតា​ចុះ ចូរ​ពៅ​កុំ​ចេញ​ទៅ​ចោល​មាតា​ឡើយ មាតា​នឹង​សោយ​ទុក្ខ​វេទនា​គ្រាំ​គ្រា​ក្នុង​ចិត្ត​ដូច​មេ​សត្វ​ចាក្រពាក​ដែល​ប្រាស​ចាក​កូន​ដូច្នោះ​ឯង។

ព្រះ​បរម​ពោធិសត្វ​ព្រះ​អង្គ​ទ្រង់​ខំ​អង្វរ​លួង​លោម​ព្រះ​មាតា​ទៅ​វិញ​ថា អ្នក​​ម្ដាយ ឯ​កិរិយា​ដែល​ខ្ញុំ​ប្រាស​ចាក​បិតា​ហើយ​រស់​នៅ​នេះ​តើ​នឹង​មាន​ប្រយោជន៍​អ្វី​ប៉ុន្មាន​អ្នក​មេ គួរ​តែ​ដឹង​ដំណឹង​អំពី​ព្រះ​បិតា​ទើប​ប្រសើរ។ ឯ​នាង​សិរិមតី​ជា​មាតា​នាង​ជ្រាប​ថា មិន​អាច​នឹង​ឃាត់​កូន​បាន​ដូច្នោះ​ហើយ ទើប​ទ្រង់​ប្រទាន​សំពត់​កម្ពល​និង​ចិញ្ចៀន​ព្រះ​ទម្រង់​ដាំ​ពេជ្រ​ឱ្យ​ព្រះ​ពោធិសត្វៗ ព្រះ​អង្គ​ក៏​ទទួល​យក​របស់​ទាំង​ពីរ​យ៉ាង ហើយ​ទើប​ក្រាប​បង្គំ​លា​ព្រះ​វរមាតា​ចេញ​ចាក​ព្រៃ​ហេមពាន្ត ទ្រង់​ព្រះ​រាជ​ដំណើរ​ទៅ​ដោយ​លំដាប់ លុះ​បាន​ទៅ​ដល់​ប្រទេស​ជិត​ស្រុក​ចម្បក​នគរ​នោះ ទើប​ព្រះ​អង្គ​ឆៀង​ចូល​ទៅ​អាស្រ័យ​នៅ​ក្នុង​បណ្ណសាលា​ទៀប​ទ្វារ​ព្រះ​នគរ​នោះ។

ក៏​ក្នុង​វេលា​យប់​នោះ មហា​ក្សត្រ​វិលុបរាជ​ដែល​ជា​អ្នក​ប្លន់​យក​ចម្បក​នគរ ស្ដេច​ផ្ទំ​លើ​ទី​សិរិសេយ្យាសនៈ ហើយ​ទ្រង់​គិត​ថា​រាជ​សម្បត្តិ​នេះ ជា​របស់​អ្នក​ណា​ហ្ន ឱ​រាជ​សម្បត្តិ​នេះ​គឺ​ជា​របស់​ស្ដេច​យសកិត្តិរាជ​របស់​គេ បើ​ជា​ស្ដេច​នេះ​ដោះ​ខ្លួន​រួច​ចេញ​ទៅ​សេព​គប់​នឹង​ស្ដេច​ដទៃ​ហើយ សម​នឹង​លើក​គ្នា​មក​ដណ្ដើម​យក​ស្រុក​នេះ​ទៅ​វិញ​មិន​ខាន​ឡើយ បើ​ដូច្នោះ​ចាំ​ព្រឹក​ឡើង​អញ​នឹង​សម្លាប់ព្រះ​បាទ​យសកិត្តិរាជ​នោះ​ឱ្យ​ហើយ​ចុះ​កុំ​ទុក​ឡើយ លុះ​ភ្លឺ​ឡើង​ហើយ​ទើប​ស្ដេច​ឱ្យ​ហៅ​ពួក​ចោរ​ឃាតក៍​ឱ្យ​ចូល​មក​គាល់ ដល់​ហើយ​ស្ដេច​បង្គាប់​ថា នែ​អ្នក​រាល់​គ្នា​ចូរ​ទៅ​នាំ​យក​ស្ដេច​យសកិត្តិរាជ​ចេញ​ពី​គុក​មក​ហើយ​ចូល​វាយ១​ពាន់​រំពាត់​ឱ្យ​ខ្វាត់​ខ្វែង​ជា​ក្រឡា​ឈើ​ត្រង់​ហើយ​ចូរ​កាត់​សីសៈ​ឱ្យ​ដាច់​ក្នុង​ទី​នោះ ឯ​ពួក​ចោរ​ឃាតក៍​ក៏​ឱន​កាយ​ថ្វាយ​គំនាប់​ហើយ ទើប​បបួល​គ្នា​មក​ចាត់​ការ​តាម​មុខ​ងារ​របស់​ខ្លួន ៗ។

តទាមហាបុរិសោ គ្រា​នោះ​ព្រះ​បរម​សត្វ​អ្នក​រៀប​ខ្លួន​ជា​តាបស ហើយ​ធ្វើ​នូវ​សរីរកិច្ច​ស្រេច​ហើយ ក៏​ត្រាច់​​ទៅ​រក​ភោជនាហារ​ប្រាថ្នា​នឹង​ទៅ​តាម​រក​ព្រះ​វររាជ​បិតា​របស់​ព្រះ​អង្គ ទើប​ស្ដេច​ត្រង់​ចំពោះ​ទៅ​នគរ ទើប​ប្រទះ​ឃើញ​ព្រះ​បិតា​ត្រូវ​ទោស​ជា​ទម្ងន់ ក៏​បែរ​ក្សឹប​សួរ​ពួក​មហា​ជន​ដែល​គេ​នៅ​ក្បែរ​នោះ​ថា នែ​អ្នកៗ ទោស​នោះ​ជា​អ្វី ឯ​មហា​ជន​គេ​ប្រាប់​មក​ថា នែ​តាបស​អ្នក​ទោស​នេះ​ឯង កាល​ដើម​ឡើយ​ជា​ស្ដេច​សោយ​រាជ​សម្បត្តិ​ក្នុង​នគរ​នេះ ឥឡូវ​នេះ​មក​សេចក្ដី​វិបត្តិ​ដូច្នេះ​ហើយ​អ្នក។

ព្រះ​មហា​បុរស​រតន៍ ស្ដេច​បាន​ស្ដាប់​ពាក្យ​ពួក​មហា​ជន​ប្រាប់​ដូច្នោះ​ហើយ ក៏​ស្លុត​ព្រះ​ហឫទ័យ ដោយ​ដឹង​ប្រាកដ​ថា​ជា​ព្រះ​បិតា​ហើយ ក៏​មហា​បុរស​នោះ​ស្ដេច​ទ្រង់​នូវ​កម្លាំង​នោះ​ស្មើ​គ្នា​នឹង​ដំរី​សារ ៧ តែ​ទ្រង់​ព្រះ​ចិន្តនាការ​ថា បើ​អញ​នឹង​ចូរ​ទៅ​ដណ្ដើម​យក​រាជ​សម្បត្តិ​ព្រម​ទាំង​ស្ដេច​នេះ ក៏​អាច​នឹង​ធ្វើ​បាន​ដោយមួយ​​រំពេច តែ​ថា​សីល​របស់​អញ​នឹង​វិបត្តិ​ទៅ​មិន​ខាន​ឡើយ អញ​មិន​គួរ​នឹង​ឱ្យ​កន្លង​សីល​ព្រោះ​តែ​ជីវិត​នេះ​ឯង បើ​អញ​ធ្វើ​សីល​ឱ្យ​ដាច់​ហើយ​ក៏​មិន​អាច​នឹង​ដល់​នូវ​ព្រះ​សព្វញ្ញុតញ្ញាណ​ដែល​អញ​ប្រាថ្នា​មក​យូរ​ហើយ ទ្រង់​រំពឹង​ដូច្នេះ​ហើយ​ក៏​មាន​ព្រះ​ហឫទ័យ​ហាក់​ដូច​ជា​នឹង​ធ្លាយ​ខ្ចាត់​ខ្ចាយ​ដោយ​ព្រួញ​គឺ​សេចក្ដី​សោក ទ្រង់​ក៏​ទ្រម​ទ្រេត​ដួល​ទៅ​លើ​ផែន​ដី លុះ​មាន​ព្រះ​ស្មារតី​ឡើង​វិញ​ទ្រង់​ចាប់​យក​ព្រះ​ខ័ន​មាស ពោល​គឺ​ព្រះ​បញ្ញា​បារមី​មក​ប្រហារ​កាត់​នូវ​សេចក្ដី​សោក​ចោល​ចេញ ហើយ​ក៏​ស្ដេច​ចូល​ទៅ​ជិត​ថ្វាយ​បង្គំ​ព្រះ​វរ​រាជ​បិតា។

ខណៈ​នោះ​ពួក​មហា​ជន​និយាយ​គ្នា​ថា ចុះ​លោក​តាបស​នោះ​ធ្វើ​អ្វី​ជា​មួយ​នឹង​មហា​ក្សត្រ នឹង​ថា​ជា​រាជ​បុត្រ​របស់​ស្ដេច​នោះ​មិន​មែន​ទេ ព្រះ​ស្ដេច​នេះ​ព្រះ​អង្គ​មិន​មាន​ព្រះ​រាជ​បុត្រ​នឹង​ព្រះ​រាជ​ធីតា​ឡើយ។

វេលា​នោះ​មហា​បុរស​រតន៍ កាល​នឹង​សម្ដែង​សេចក្ដី​ឱ្យ​ច្បាស់​ថា​ព្រះ​អង្គ​ជា​ព្រះ​រាជ​បុត្រ​របស់​ព្រះ​បាទ​យសកិត្តិរាជ នោះ​ទ្រង់​សម្ដែង​នូវ​គាថា​នេះ​ថា

អហំទេវបវេទេមិ អាគតោហំតវត្រជោ

ឥទំវជីរមុទ្ធិកំ បស្សថតវកម្ពលំ

អាគតោឆទ្ទយិស្សាមិ  អត្តំតវជីវិតហេតុ

សេចក្ដី​ថា បពិត្រ​ព្រះ​សម្មតិទេព ខ្ញុំ​ល្អងធូលីព្រះបាទ​សូម​ក្រាប​ទូល​សេចក្ដី​ថា ខ្លួន​ខ្ញុំ​ព្រះ​ករុណា​វិសេស​នេះ ជា​ឱរស​របស់​ព្រះ​អង្គ​តាម​ព្រះ​អង្គ​មក​ដល់​ហើយ សូម​ព្រះ​ករុណា​ស្ដេច​ទ្រង់​ទត នេះ​ជា​ព្រះ​ទម្រង់​ពេជ្រ នេះ​សំពត់​កម្ពល ជា​របស់​ព្រះ​ករុណា​ពិត សូម​ព្រះ​ករុណា​ស្ដេច​ទត​មើល​ចុះ​ព្រះ​អង្គ ខ្ញុំ​ល្អង​ធូលី​ព្រះ​បាទ​មក​នេះ​ដើម្បី​នឹង​លះ​បង់​រាង​កាយ​ថ្វាយ​សេចក្ដី​ស្លាប់​ជំនួស​អង្គ​ព្រះ​ករុណា​ជា​ព្រះ​បិតា​ដោយ​ពិត។

ឯ​អង្គ​ព្រះ​បាទ​យសកិត្តិរាជ​ស្ដេច​បាន​ទ្រង់​ព្រះ​សណ្ដាប់​ហើយ​ទ្រង់​មិន​ចាំ​មិន​បាន នឹក​ពុំ​ឃើញ ទើប​ទ្រង់​សួរ​បញ្ជាក់​សេចក្ដី​ឱ្យ​ច្បាស់​ជា​បទ​គាថា​នេះ​ថា

តាតាហំអបុត្តកោច អរញ្ញោវាសមេកកោ

កុតោនុត្វំអាគតោសិកុតោភវេយ្យអត្រជោ

សេចក្ដី​ថា នែ​បា​ខ្លួន​ខ្ញុំ​ឯង​កាល​ដែល​នៅ​ក្នុង​ព្រៃ​នោះ​ជា​មនុស្ស​ម្នាក់​ឯង​ឥត​មាន​កូន​ប្រុស​ណាមួយ​​ឡើយ ចុះ​អ្នក​មក​ពី​ទី​ណា​មក ៗ ថា​ខ្លួន​ជា​ឱរស​របស់​ខ្ញុំ​ដូចម្ដេច​បាន។

ព្រះ​មហា​បុរស កាល​នឹង​ទូល​ព្រះ​បិតា​នោះ​ព្រះ​អង្គ​ពោល​នូវ​គាថា​នេះ ថា

សចេអទ្ធហេវាចំ  អាគតោម្ហិតវត្រជោ

ឥទំវជិរមុទ្ធិកំ បស្សថតវកម្ពលំ

សេចក្ដី​ថា ខ្ញុំ​ល្អង​ធូលី​ព្រះ​បាទ​ដែល​មក​នេះ គឺ​ជា​ឱរស​របស់​ព្រះ​អង្គ​ដោយ​ពិត បើ​ទ្រង់​ព្រះ​ករុណា​ទ្រង់​មិន​ជឿ​ទេ សូម​ស្ដេច​ទត​នូវ​ព្រះ​ទម្រង់​ពេជ្រ​និង​សំពត់​កម្ពល​របស់​ព្រះ​អង្គ​នេះ​ចុះ​ព្រះ​ករុណា។

ព្រះ​ចៅ​យសកិត្តិរាជ ព្រះ​អង្គ​ទ្រង់​ភ្នក​នឹក​ឃើញ ហើយ​ក៏​ទ្រង់​ជ្រាប​ច្បាស់​ថា ជា​ព្រះ​រាជ​ឱរស​របស់​ព្រះ​អង្គ​ឥត​មាន​សង្ស័យ​ឡើយ ហើយ​ហាម​ឃាត់​ព្រះ​រាជ​បុត្រ​ថា កុំ​ឱ្យ​បា​ប្ដូរ​ខ្លួន​នឹង​បិតា​ឡើយ​ដោយ​បទ​គាថា​នេះ ថា

ជិណ្ណោហមស្មិអពលោជីវិតំកឹបយោជនំ

ត្វញ្ចវយោវុឌ្ឍិសម្បន្នោ  ជីវិតំមាជហិស្សសិ

សេចក្ដី​ថា ឱ​កូន​អើយ​បិតា​នេះ​ចាស់​ជរា​ហើយ​ឥត​មាន​កម្លាំង​ពលំ​អ្វី​ទេ ទុក​ជា​មាន​ជីវិត​រស់​នៅ​ក៏​មិន​សូវ​មាន​ប្រយោជន៍​ប៉ុន្មាន​ដែរ ឱ​កូន​ពៅ​មាស​អាពុក​អ្នក​នៅ​បរិបូណ៌​ដោយ​វ័យ​និង​សេចក្ដី​ចម្រើន​ច្រើន​ណាស់ ចូរ​អ្នក​កុំ​លះ​បង់​នូវ​ជីវិត​ចោល​ឡើយ ត្រូវ​អ្នក​ជឿ​ពាក្យ​បិតា​ចុះ​ណា​មាស​អាពុក។

ព្រះ​បរម​ពោធិសត្វ​បាន​ទទួល​ព្រះ​សណ្ដាប់​ព្រះ​វររាជ​បិតា​ដូច្នោះ​ហើយ ព្រះ​អង្គ​ក៏​អង្វរ​ឃាត់​ព្រះ​ឱង្ការ​ព្រះ​បិតា​ទៅ​វិញ​ថា នេសធម្មោមហារាជ បពិត​ព្រះ​បរម​មហា​ក្សត្រ​ដ៏​ប្រសើរ កាល​បើ​ខ្ញុំ​ល្អង​ធូលី​ព្រះ​បាទ​មាន​ជីវិត​រស់​នោះ ហើយ​បណ្ដោយ​ឱ្យ​ព្រះ​បិតា​អស់​ជន្មាយុ​ទៅ សេចក្ដី​នោះ​ឯង​នឹង​រក​សម​គួរ​ដោយ​គន្លង​ធម៌​នោះ​គ្មាន​សោះ​ឡើយ​ព្រះ​ករុណា​ម្ចាស់​ខ្ញុំ សូម​ឱ្យ​ព្រះ​អង្គ​ទទួល​រក្សា​ព្រះ​ជន្មជីព​គង់​នៅ​ជា​សុខ​សម្រាន្ត​ចុះ។

លំដាប់នោះ​ព្រះ​វររាជ​បិតា ទ្រង់​ត្រាស់​តប​ទៅ​វិញ​ថា នែ​ថ្លៃ​ឆ្នើម​ព្រះ​បិតា ចូរ​កូន​កំព្រា​កុំ​លះ​បង់​ចោល​ព្រះ​មាតា​ទុក​ឱ្យ​នៅ​តែ​ម្នាក់​កណ្ដែង​ក្នុង​ព្រៃ​ឡើយ ចូរ​ពៅ​ត្រឡប់​ទៅ​រក្សា​ព្រះ​មាតា​ទើប​ល្អ​ជាង ការ​នេះ​ចូរ​កូន​ធ្វើ​តាម​ពាក្យ​បិតា​ចុះ​មិន​ខុស​ទេ​ណា​ថ្លៃ​បិតា​អើយ។

ព្រះ​បរម​ពោធិសត្វ​ទូល​តប​ទៅ​វិញ​ថា បពិត​ព្រះ​បរម​ក្សត្រា​ធិរាជ​ដ៏​ប្រសើរ សេចក្ដី​ទុក្ខ​របស់​ព្រះ​បិតា​ក្នុង​ជាន់​នេះ​ធ្ងន់​​ពន់​ប្រមាណ​សល់​ខ្នាត ឯ​សេចក្ដី​ទុក្ខ​របស់​ព្រះ​មាតា​ឬ​ប្អូន​ស្រី​និង​ទុក្ខ​របស់​ខ្ញុំ​ល្អង​ធូលី​ព្រះ​បាទ ក៏​មិន​ប៉ុន​នឹង​ទុក្ខ​ព្រះ​អង្គ​ដែល​ខ្ញុំ​អម្ចាស់​បាន​មក​ឃើញ​នេះ​ឡើយ ព្រះ​ជន្មជីព​របស់​ព្រះ​អង្គ​នឹង​រលត់​បង់​ឥឡូវ​នេះ​ពិត​ហើយ ព្រះ​ករុណា ៗ ជា​ម្ចាស់​ខ្ញុំ កាល​បើ​ខ្ញុំ​មាន​ជីវិត​រស់​នៅ​នេះ តើ​នឹង​មាន​ប្រយោជន៍​អ្វី​ប៉ុន្មាន ហេតុ​នេះ​ខ្ញុំ​ព្រះ​បាទ​សូម​ថ្វាយ​ជីវិត​ជំនួស​ព្រះ​អង្គ​ក្នុង​កាល​ឥឡូវ​នេះ ដើម្បី​ឱ្យ​ព្រះ​ករុណា​ស្ដេច​ទ្រង់​ចម្រើន​ព្រះ​ជន្មាយុ​រស់​នៅ​ត​ទៅ ទើប​ខ្លួន​ខ្ញុំ​ជា​អម្ចាស់​នឹង​បាន​ថា​ជា​អ្នក​មាន​កុសល​កតញ្ញូ ទេវតា​ទាំង​ឡាយ​សោត​ក៏​តែង​សរសើរ​អ្នក​ដែល​មាន​ធម៌​កតញ្ញូ​ដោយ​ច្រើន ឯ​អ្នក​ដែល​មាន​ធម៌​កតញ្ញូ​នោះ​លុះ​រំលាង​ខន្ធ​ទៅ​វេលា​ណា​ហើយ ក៏​តែង​បាន​ទៅ​រីក​រាយ​សប្បាយ​ក្នុង​ស្ថាន​សួគ៌​ទេវលោក​មិន​ដែល​ខាន​ឡើយ​ព្រះ​បិតា​ខ្ញុំ ឯ​ព្រះ​បាទ​យសកិត្តិរាជ ព្រះ​អង្គ​មិន​អាច​នឹង​ហាម​ឃាត់​ព្រះ​រាជ​បុត្រ​បាន​ឡើយ ព្រះ​អង្គ​ក៏​ទ្រង់​ព្រះ​កន្សែង​សោក​ដោយ​អនេកប្បការ​ក្នុង​គ្រា​នោះ។

ចំណែក​ព្រះ​ពោធិសត្វ​ក៏​រៀប​ព្រះ​អង្គ​នឹង​ចូល​ទៅ​គាល់​ព្រះ​បាទ​វិលុបរាជ​នោះ ព្រះ​អង្គ​មាន​ប្រាថ្នា​នឹង​យក​ជីវិត​ខ្លួន​ជំនួស​ដោះ​ជីវិត​ព្រះ​បិតា ទើប​ក្រាប​ទូល​ស្ដេច​នោះ​ថា បពិត្រ​ព្រះ​សម្មតិ​ទេព ខ្ញុំ​ល្អ​ធូលី​ព្រះ​បាទ​សូម​យក​ជីវិត​របស់​ខ្លួន​ដូរ​ព្រះ​ជន្មជីព​របស់​ព្រះ​វររាជ​បិតា សូម​ព្រះ​ករុណា​ទ្រង់​ព្រះ​មេត្តា​ប្រោស​លោះ​ដូរ​ឱ្យ​ទាន​តាម​សេចក្ដី​សូម។

ឯ​ព្រះ​បាទ​វិលុបរាជ​ស្ដេច​បាន​ទ្រង់​ព្រះ​សណ្ដាប់​ដូច្នោះ​ហើយ ទើប​ទ្រង់​មាន​ព្រះ​រាជ​ឱង្ការ​ត្រាស់​ថា អើ​បើ​ចៅ​ឯង​នឹង​លះ​បង់​ជីវិត​ខ្លួន​ជំនួស​អាពុក​ដូច្នោះ​យើង​ក៏​ព្រម​ឱ្យ ចូរ​អ្នក​ឯង​ទៅ​ប្រាប់​ពួក​ចោរ​ឃាតក៍ទាំង​នោះ​ឱ្យ​ដោះ​បិតា​អ្នក​​លែង​ចុះ ឯ​ព្រះ​មហា​បុរស​ក៏​មាន​ព្រះ​ហឫទ័យ​ត្រេក​អរ​ហើយ​ក៏​ទទួល​ព្រះ​រាជ​ឱង្ការ​ថា​សាធុ​មហា​រាជ ព្រះ​អង្គ​ទ្រង់​មេត្តា​ដូច្នោះ​នោះ​អរ​ពេក​ណាស់ ហើយ​ត្រឡប់​មក​កាន់​សម្នាក់​ព្រះ​បិតា ទើប​ពោល​ព្រះ​គាថា​ប្រកាស​ទេវតា​ទាំង​ឡាយ​ថា

សុណន្តុ​ភាន្តោវចនំ ទេវសំឃាសមាគតា

ជជ្ជាមិជីវិតំមយ្ហំ  បិតរំមេបមោចាមិ

សីសំចក្ខុហទយញ្ច ជីវ្ហាមំសញ្ចលោហិតតំ

ទទាមិនវិកម្បាមិ ពោធិយាយេវការណា

សេចក្ដី​ថា បពិត​ទេព្ដា​ទាំង​ឡាយ​ដ៏​ចម្រើន ខ្ញុំ​សូម​អញ្ជើញ​ពពួក​ទេវតា​ជា​ម្ចាស់ មក​ព្រម​គ្នា​ក្នុង​ទី​នេះ​នឹង​បាន​ស្ដាប់​នូវ​ពាក្យ​របស់​ខ្ញុំ ព្រោះ​វេលា​នេះ​ខ្ញុំ​នឹង​លះ​បង់​នូវ​ជីវិត​របស់​ខ្ញុំ​ថ្វាយ​ព្រះ​បិតា ដើម្បី​នឹង​ឱ្យ​រួច​ជីវិត​បិតា​ខ្ញុំ​ចាក​សេចក្ដី​មរណៈ​ក្នុង​ជាន់​នេះ ប្រសិន​បើ​អ្នក​ណា​ត្រូវ​ការ​ព្រះ​សីសៈ ឬ​ចក្ខុ​​ហឫទយ​វត្ថុ ឬ​ជីវ្ហា​និង​មំសលោហិត ខ្ញុំ​ក៏​កាត់​និង​វះ​ពន្លះ​ចេញ​នូវ​អាការៈ​ទាំង​នោះ ជូន​ដោយ​សេចក្ដី​មិន​រុញរា ព្រោះ​ហេតុ​តែ​នឹង​ឱ្យ​បាន​ជា​បច្ច័យ​នៃ​ព្រះ​ពោធិញាណ ព្រះ​ពោធិសត្វ​ទ្រង់​ប្រកាស​ដល់​ទេវតា​យ៉ាង​នេះ​ហើយ ទើប​ទ្រង់​ឱ្យ​ដោះ​ព្រះ​បិតា​ចេញ​ចាក​ចំណង​តាម​ព្រះ​រាជ​ឱង្ការ​បង្គាប់​មក ឯ​នាយ​ពេជ្ឈឃាដក៏​ទទួល​ធ្វើ​តាម​ព្រះ​រាជ​អាជ្ញា​នោះ​រួច​ហើយ ទើប​បែរ​ទៅ​ចាប់​ព្រះ​ពោធិសត្វ​ចង​ចំណង ៥​ប្រការ ហើយ​នាំ​ទៅ​កាន់​ទី​ធ្វើ​គត់​ក្នុង​ព្រៃ​ស្មសាន ឯ​ដាវ​ដែល​ពេជ្ឈឃាដ​បម្រុង​នឹង​កាត់​ព្រះ​សិរសា​ព្រះ​ពោធិសត្វ​នោះ ក៏​ប្រែ​ទៅ​ជា​ច្រែស​ចាប់​របែះ​មុខ​បាក់​ខ្ទេច​ខ្ទី​អស់​ទៅ ក៏​ពួក​ពេជ្ឈឃាដ​ទាំង​នោះ​ទៅ​ជា​វង្វេង​ស្មារតី​រាល់​គ្នា ហើយ​យក​សេចក្ដី​នោះ​ក្រាប​បង្គំ​ទូល​ដល់​ព្រះ​បាទ​វិលុបរាជ ៗ បាន​ទ្រង់​ព្រះ​សណ្ដាប់​ហើយ​ក៏​កើត​ទោមនស្ស​យ៉ាង​ខ្លាំង ប្រៀប​ដូច​ជា​អាសិរពិស​ដែល​បុគ្គល​វាយ​ត្រូវ​ចុង​កន្ទុយ​ដោយ​ដំបង​នោះ​ឯង ហើយ​ទើប​ទ្រង់​ត្រាស់​បង្គាប់​ថា អើ​បើ​ដូច្នោះ​ចូរ​ឯង​រាល់​គ្នា​លែង​នូវ​ដំរី​ឱ្យ​វា​ព្រេច​ជាន់​ញាំ​ញី​ឱ្យ​ខ្ទេច​ខ្ទី​ជា​ធូលី​កុំ​ខាន ឯ​ពួក​ពេជ្ឈឃាដ​ក៏​បបួល​គ្នា​ទៅ​ធ្វើ​តាម​ព្រះ​រាជ​អាជ្ញា ឯ​ដំរី​នោះ​ក៏​ផ្អើល​រលោ​រលាំ​ភ័យ​ខ្លាច ហើយ​ស្រែក​នូវ​សម្រែក​កោញ្ចនាទ​យ៉ាង​ខ្លាំង​ហើយ​រត់​ចេញ​ទៅ ដោយ​អានុភាព​នៃ​ព្រះ​ពោធិសត្វ ឯ​កូដរាជ​នោះ​ស្ដេច​ទត​ឃើញ​ហេតុ​ដូច្នោះ​ហើយ ទើប​ទ្រង់​បង្គាប់​ថា នែ​ពួក​យើង​ទាំង​ឡាយ បើ​យ៉ាង​នឹង​ចូរ​អ្នក​រាល់​គ្នា​ចាប់​ចង​ឱ្យ​មាំ​ហើយ​យក​ទៅ​ទម្លាក់​ក្នុង​គុក​រងើក​ភ្លើង ពួក​ពេជ្ឈឃាដ​ទាំង​នោះ​ក៏​ធ្វើ​តាម​បង្គាប់ ខណៈ​គួរ​ជា​ទី​អស្ចារ្យ​ពេក​ណាស់ មាន​ផ្កាឈូក​មាស ១​ធំ​ប្រមាណ​ប៉ុន​កង់​រទេះ​ទម្លាយ​នូវ​ផែនដី ហើយ​ផុស​ផុត​ចេញ​ពី​គំនរ​រងើក​ភ្លើង​នោះ​មក​ទ្រ​ព្រះ​បរម​ពោធិសត្វ មិន​ឱ្យ​មាន​វិបត្តិ​អ្វី​មក​បៀតបៀន​ព្រះ​អង្គ​បាន ព្រះ​មហា​សត្វ​ក៏​មាន​ពណ៌​សម្បុរ​ល្អ​ផូរ​ផង់​ដូច​ទេវតា​ដែល​ស្ថិត​នៅ​ក្នុង​កណ្ដាល​កម្ពល​សិលាសនៈ​នោះ​ឯង។

ឯ​មហា​ក្សត្រ​កូដរាជ​ជ្រាប​ហើយ​ក៏​កើត​សេចក្ដី​ក្រោធ​ឡើង​គ្រប​សង្កត់​យ៉ាង​ខ្លាំង ទើប​បង្គាប់​ថា នែ​អ្នក​ទាំងឡាយ ចូល​ចាប់​វា​នោះ​ឱ្យ​មាំ​ហើយ​បោះ​ទៅ​ក្នុង​ជ្រោះ ដែល​ជា​ទី​សម្រាប់​ទម្លាក់​ចុះ​នូវ​ចោរ ពួក​ពេជ្ឈឃាដ​ក៏​ធ្វើ​តាម​បង្គាប់។ គ្រា​នោះ​ស្ដេច​នាគ​ឡើង​ពី​ពិភព​នាគ យក​ផ្កា​ឈូក​មាស​ប្រមាណ​ប៉ុន​កង់​រាជ​រថ​មក​ទទួល​ព្រះ​ពោធិសត្វ យក​ទៅ​ទុក​ឯ​ស្ថាន​នាគ​ពិភព​ឯ​នោះ​ទៅ។ គ្រា​នោះ​ផែន​ដី​ធំ​ក៏​ធ្ងន់​ណាស់ នឹង​អាច​ទុប​ទុក​ពុំ​បាន​ក៏​បើក​ញែក​ឱ្យ​ជា​ចន្លោះ​ដល់​ស្ដេច​កូដរាជ​នោះ ៗ ក៏​ធ្លាក់​ធ្លុះ​ផែន​ដី​រហូត​ទៅ​កើត​ក្នុង​មហា​នរក​នាយ ក្នុង​ពេល​ស្មើ​នឹង​សេចក្ដី​ក្រោធ​ដែល​កើត​ឡើង​ប្រទុស្ត​ព្រះ​ពោធិសត្វ​ដែល​ជា​អ្នក​ឥត​ទោស​នោះ​ឯង។

លំដាប់​នោះ​នាគ​រាជ​ព្រម​ទាំង​នាគ​បរិវារ នឹង​មាន​មហន្ត​សក្ការៈ​គ្រប់​គ្នា នាំ​ហែ​ព្រះ​ពោធិសត្វ​ឡើង​មក​ពី​ពិភព​នាគ ហើយ​ធ្វើ​រាជាភិសេក​ព្រះ​មហា​ក្សត្រ ឱ្យ​សោយ​រាជ​សម្បត្តិ​ក្នុង​ចម្បក​នគរ​ស្រេច​ហើយ​នាគ​ទាំង​នោះ ក៏​ត្រឡប់​ទៅ​ស្ថាន​របស់​ខ្លួន​វិញ។

កាល​ព្រះ​មហា​សត្វ បាន​ទទួល​គ្រង​រាជ​សម្បត្តិ​ស្រេច​ហើយ ទើប​ទ្រង់​ប្រឹក្សា​ព្រម​នឹង​ព្រះ​បិតា ក៏​លើក​យោធា​សេនា​និករ​ចេញ​ទៅ​ទទួល​ព្រះ​មាតា ដែល​នៅ​ក្នុង​បណ្ណសាលា​ឯ​ព្រៃ​ហិមពាន្ត​ឯ​នោះ​។ គ្រា​នោះ​ព្រះ​វររាជ​មាតា​ទ្រង់​សោយ​ទុក្ខ​ទោមនស្ស​ធំ ព្រោះ​ព្រាត់​ប្រាស​ចាក​ព្រះ​រាជ​ស្វាមី​ព្រម​ទាំង​ព្រះ​បិយរាជ​ឱរស​របស់​ព្រះ​នាង​ផង ទ្រង់​ក៏​ចេះ​តែ​ញាប់ញ័រ​រន្ធត់​ស្លាំង​ស្លុត​ក្នុង​ព្រះ​ហឫទ័យ ស្គាំង​ស្គម​ថមថយ​ព្រះ​កាយ​ពល​ដរាប​ដល់​អស់​ព្រះ​ជន្មជីព​នៅ​ក្នុង​បណ្ណសាលា​ក្នុង​ព្រៃ​នោះ។

ព្រះ​ពោធិសត្វ​ស្ដេច​ទ្រង់​ព្រះ​រាជ​ដំណើរ​ចូរ​ទៅ​ដល់​ខាង​មុខ​បណ្ណសាលា​ហើយ ទ្រង់​ព្រះ​នេត្រ​រក​មើល​ព្រះ​មាតា​ក៏​បាត់​ស្ងាត់​ជ្រងំ​ពុំ​ឃើញ​ឡើយ ទ្រង់​ក៏​មាន​ព្រះ​ហឫទ័យ​ញ័រ​ចំប្រប់​នឹក​ថប់​ក្នុង​ព្រះ​ចិន្ដា​ដល់​ព្រះ​មាតា ហើយ​ទ្រង់​បញ្ចេញ​ព្រះ​វាចា​ថា ឱ​បណ្ណសាលា​នេះ​អើយ​ហេតុ​អ្វី​ក៏​ស្ងាត់​ឈឹង​ជ្រងំ​ដូច្នេះ​អេះ ព្រះ​អង្គ​ក៏​រួស​រាន់​ចូរ​ទៅ​ក្នុង​បណ្ណសាលា ទ្រង់​ក៏​ទត​ព្រះ​នេត្រ​ទៅ​ភ្លាម​ក៏​ឃើញ​សព​ព្រះ​មាតា​នាង​ទទួល​ទិព្វជង្គត់​រលត់​ខន្ធ ផ្ទំ​នៅ​អនាថា ព្រះ​ករុណា​ស្ដេច​ក៏​ទ្រង់​ខ្សឹកខ្សួល​អួល​ចុក​ព្រះ​ឱរា​ខ្លោច​ផ្សា​ផ្សាយផ្សព្វ​ចំប្រប់​នៅ ហើយ​ខំ​ប្រឹង​ពោល​ចំពោះ​ទៅ​នឹង​ព្រះ​មាតា​ថា ឱ​ព្រះ​មាតា​អ្នក​អស់​ព្រះ​ជន្មជីព​ហើយ ទើប​ទ្រង់​ព្រះ​កន្សែង​សោយ​សោក​ទៀត​ថា បពិត្រ​​ព្រះ​មាតា​កម្សត់​របស់​កូន ម្ដេច​ឡើយ​ទ្រង់​ផ្ទំ​នៅ​ស្ងៀម​យូរ​ដល់​ម្ល៉េះ សូម​អញ្ជើញ​ព្រះ​មេ​ស្ដេច​តើន​ឡើង កូន​សម្លាញ់​ដែល​កើត​ពី​ទ្រូង​របស់​អ្នក​មក​ដល់​ហើយ។ គ្រា​នោះ​ ព្រះ​បាទ​យសកិត្តិរាជ និង​សេវកា​មហាមាត្រ​ទាំងឡាយ បាន​ឮ​សំឡេង​ព្រះ​មហា​ក្សត្រ​ទ្រង់​ព្រះ​កន្សែង​ដូច្នោះ​ហើយ ក៏​ដឹង​ប្រាកដ​ថា​សម្ដេច​ព្រះ​វររាជ​ជននី​ទ្រង់​សោយ​ព្រះ​វិលាល័យ​ក្ស័យ​ព្រះ​ជន្មាយុ​ហើយ ក៏​នឹង​អាច​អត់​ធន់​នូវ​សេចក្ដី​សោក​ពុំ​បាន​ក៏​ទ្រង់​ព្រះ​កន្សែង និង​យំ​សោក​តែ​រាល់​គ្នា។

ព្រះ​បរម​ពោធិសត្វ​ព្រះ​អង្គ​ខំ​ប្រឹង​សម្រាក​សេចក្ដី​វិយោគ​យោបំ​នោះ​ធូរ​បន្តិច​ហើយ ទើប​ទ្រង់​បង្គាប់​ទៅ​ភ្នាក់ងារ​ខ្ញុំ​រាជការ​ទាំង​នោះ​ឱ្យ​លើក​សព​ព្រះ​មាតា​ដាក់​ចុះ​ក្នុង​មឈូស​មាស ហើយ​ទើប​អញ្ជើញ​សព​ឡើង​តម្កល់​លើ​វមាស​រួច​ស្រេច ក៏​ហែ​ត្រឡប់​មក​កាន់​ព្រះ​នគរ ទើប​ទ្រង់​នឹក​រឭក​ថា​រាជ​សម្បត្តិ​នេះ​មក​អាស្រ័យ​នូវ​អញ ក៏​ព្រោះ​តែ​អាត្មា​អញ​មាន​កាយ​វាចា​ចិត្ត​រស់​នៅ​ជា​ប្រធាន ក៏​កាយ​សង្ខារ​នេះ​ទៀត​រក​ខ្លឹមសារ​មិន​មាន មានតែ​សេចក្ដី​វិនាស​សាប​សូន្យ​ទៅ​ខាង​មុខ ព្រះ​ហេតុ​នេះ​គួរ​អាត្មា​អញ​នឹង​បរិច្ចាគ​ជីវិត​ខ្លួន​ដុត​សង​គុណ​ព្រះ​មាតា​ឱ្យ​ហើយ​ទើប​សម គ្រាន់​បាន​ជា​មូល​ហេតុ​នឹង​បាន​សម្រេច​ព្រះ​សព្វញ្ញុតញ្ញាណ​ក្នុង​កាល​ខាង​មុខ លុះ​ទ្រង់​ព្រះ​តម្រិះ​យ៉ាង​នេះ​ហើយ ទើប​ចូល​ទៅ​គាល់​ព្រះ​វររាជ​បិតា ហើយ​ពោល​ជា​ព្រះ​គាថា​នេះ​ថា

អាបុច្ឆាមិអហំទេវមាតុយាហិតការណា

មញ្ជុសេមរណត្ថាយ ចិត្តគព្ភន្តរេសយឹ

សេចក្ដី​ថា បពិត្រ​​សម្ដេច​ព្រះ​សម្មតិ​ទេព ខ្ញុំ​ល្អង​ធូលី​ព្រះ​បាទ​សូម​ក្រាប​បង្គំ​លា​ព្រះ​វរបិតា ទៅ​ដេក​នៅ​ក្នុង​ចន្លោះ​ចិត្តករ​ប្រាថ្នា​នឹង​ឱ្យ​ស្លាប់​ខាង​ក្រោម​មឈូស​មាស​ដែល​តម្កល់​សព​ព្រះ​មាតា ដើម្បី​ជា​បដិការ​គុណ​សម្ដេច​ព្រះ​ជននី។

ទើប​ព្រះ​បាទ​យសកិត្តិរាជ​ជា​ព្រះ​បិតា​ទ្រង់​ត្រាស់​ឃាត់​ថា នែ​កូន​កម្សត់​របស់​បិតា​អ្នក​កុំ​ចូល​ចិត្ត​ស្លាប់​ទៅ​តាម​ព្រះ​មាតា ព្រោះ​អ្នក​នៅ​ក្មេង​នៅ​ឡើយ​ទេ​កូន ឯ​ព្រះ​បរម​ពោធិសត្វ ទោះ​បី​ព្រះ​បិតា​អង្វរ​ឃាត់​យ៉ាង​ណាៗក្ដី ក៏​មិន​អាច​នឹង​ទទួល​ព្រះ​រាជ​ឱង្ការ​នោះ​ឡើយ ព្រោះ​កម្លាំង​សេចក្ដី​កតញ្ញូ​មក​ដាស់​តឿន​ព្រះ​ហឫទ័យ​ញឹក​ញយ​ពេក​ណាស់​ទប់​ពុំ​បាន ទើប​ថ្វាយ​បង្គំ​លា​ព្រះ​បិតា ចូល​ទៅ​ផ្ទំ​ក្នុង​ចន្លោះ​ចិត្តករ លើក​ព្រះ​មឈូស​មាស​ដែល​តម្កល់​ព្រះ​សព​នោះ​ដាក់​លើ​ដើម​ទ្រូង​ផ្ទាល់​ព្រះ​អង្គ ហើយ​ទើប​ទ្រង់​បង្គាប់​ឱ្យ​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​មាតា។

គ្រា​នោះ​អានុភាព​នៃ​សេចក្ដី​កតញ្ញូ​កតវេទិតា​គុណ​របស់​ព្រះ​បរម​ពោធិសត្វ ក៏​បង្កើត​ជា​បុព្វ​និមិត្ត​ឱ្យ​ឃើញ​ជាក់​ច្បាស់​ថា ព្រះ​មហា​សត្វ​ស្ដេច​នឹង​បាន​ត្រាស់​ជា​ព្រះ​សព្វញ្ញុតញាណ​ក្នុង​កាល​ខាង​មុខ​មិន​ខាន ឯ​ចំហាយ​កម្ដៅ​នោះ​សូម្បី​តែ​បន្តិច​បន្តួច​មិន​​អាច​នឹង​ទៅ​ប៉ះពាល់​ដល់​សរីររាង​កាយ​របស់​ព្រះ​អង្គ​បាន​ឡើយ ឯ​ព្រះ​សរីរ​កាយ​នោះ​ក៏​តាំង​នៅ​ល្អ​ផូរផង់​ហាក់​ដូច​ជា​អង្គ​សុវណ្ណ​បដិមាករ​ដែល​ប្រាកដ​នៅ​ក្នុង​រងើក​ភ្លើង មហា​ជន​ទាំងឡាយ​បាន​ឃើញ​ហេតុ​នោះ​ជា​អស្ចារ្យ​ដូច្នោះ​ហើយ ក៏​បបួល​គ្នា​លើក​ទង់​បូជា​ចំពោះ​ព្រះ​មហា​សត្វ​ក្នុង​គ្រា​នោះ​ជា​អនេកប្បការ ហើយ​ក៏​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​វររាជ​មាតា ១​អន្លើ​ដោយ​គ្រឿង​សក្ការៈ​ដរាប​សុស​សម្រេច​ការ​នោះ។

គ្រា​នោះ​មហា​ប្រឹថពី ដែល​មាន​កម្រាស់​ ២ម៉ឺន៤ពាន់​យោជន៍ ក៏​បន្លឺ​នូវ​សំឡេង​គឹក​កង​រំពង​គ្រាំ​គ្រេង ហាក់​ដូច​ជា​សំឡេង​ដំរី​ចុះ​ប្រេង​បញ្ចេញ​នូវ​សព្ទ​កោញ្ចនាទ ទាំង​សិនេរុរាជ​សោត​ក៏​ទោរទន់​ល្វាម្​ល្វន់​ឱន​កំពូល​មក​ថ្វាយ​បូជា ឧបមា​ដូច​បណ្ដូល​ទង​ផ្ដៅ​ដែល​ត្រូវ​កម្ដៅ​ភ្លើង​ដូច្នោះ​ឯង។ ទាំង​មហា​សមុទ្រ​ទៀត​ក៏​ពុស​ពោ​ជោរ​ជន់​ពង់​ប៉ោង​ពូន​ជា​រលក​បោក​បែក​ផ្កា​ត្រែង ឡើង​ជា​ទេសកាល​ទាំង​ផ្លេក​បន្ទោរ​​ឆ្វៀល​ឆ្វាត់​ខ្វាត់​ខ្វែង ពេញ​ទាំង​ផ្ទៃ​អាកាស​លាន់​ឮ​សំឡេង​គឹក​កង​កើត​ជា​កោលាហល តាំង​អំពី​ផែន​ដី​ប្រឹថពី​រហូត​ទៅ​ដល់​ទល់​នឹង​ព្រហ្មលោក​នាយ។

កាល​ព្រះ​មហា​បុរស ធ្វើ​ឈាបនកិច្ច​ថ្វាយ​ព្រះ​មាតា​ស្រេច​ហើយ ទ្រង់​ក៏​ទៅ​សាង​ប្រាង្គណ៍​ព្រះ​ចេតិយ ១ ទុក​នៅ​ទៀប​បណ្ណសាលា​ក្នុង​ភ្នំ​វិបុលបព៌ត កំណត់​ទុក​ជា​អនុស្សាវរីយ៍​ជា​ទី​គ្រាន់​រឭក​គុណ ហើយ​ទ្រង់​ឱ្យ​មាន​ការ​មហោស្រព ជា​គ្រឿង​បូជា​សព​គ្រប់ៗឆ្នាំ​ផង លុះ​យូរ​បន្តិច​ទី​នោះ​បាន​ឈ្មោះ​ថា​ធម្មនិគម ឯ​ព្រះ​បរម​ពោធិសត្វ​ស្ដេច​សោយ​រាជ​សម្បត្តិ​រហូត​ដល់​ព្រះ​ជន្មាយុ​អស់​ទៅ ក៏​បាន​ឡើង​ទៅ​កើត​ក្នុង​ស្ថាន​ព្រហ្ម​លោក។

សត្ថាឥមំធម្មទេសនំអាហររិត្វា សម្ដេច​ព្រះ​បរម​សាស្ត្រាចារ្យ ទ្រង់​នាំ​មក​នៅ​ធម្ម​ទេសនា​នោះ​ហើយ ទើប​ទ្រង់​ប្រកាស​នូវ​អរិយ​សច្ច​កថា លុះ​ចប់​អរិយ​សច្ច​ទេសនា​ហើយ​ចំណែក​ភិក្ខុ​ដែល​ចិញ្ចឹម​មាតា​បាន​លុះ​ដល់​សោតាបត្តិផល ជា​ព្រះ​អរិយ​បុគ្គល​ក្នុង​សាសន​មណ្ឌល​នេះ ហើយ​ព្រះ​បរម​ត្រៃ​លោកុត្តមាចារ្យ​ទ្រង់​ប្រជុំ​នៅ​ជាតកថា នាង​សិរិមតី​រាជ​ទេវី​ជា​មាតា​ព្រះ​ពោធិសត្វ​ក្នុង​ជាន់​នោះ​បាន​មក​ជា ព្រះ​មហា​មាយា ក្នុង​កាល​ឥឡូវ​នេះ ព្រះ​បាទ​យសកិត្តិ​ជា​បិតា​ក្នុង​គ្រា​នោះ បាន​មក​ជា​ព្រះ​បាទ​សិរិសុទ្ធោទន​ក្នុង​កាល​ឥឡូវ​នេះ ឯ​ស្ដេច​កូដរាជ​ឬ​វិលុបរាជ​ក្នុង​សម័យ​នោះ បាន​មក​ជា​ទេវទត្ត​ភិក្ខុ ពេជ្ឈឃាដ​ក្នុង​ពេល​នោះ បាន​មក​ជា​សុនក្ខត្តភិក្ខុ បរិសទ្យ​ទាំងឡាយ​ក្នុង​វេលា​នោះ បាន​មក​ជា​ពុទ្ធ​បរិសទ្យ​ក្នុង​កាល​បច្ចុប្បន្ន​នេះ ឯ​ព្រះ​បាទ​សិរិវិបុលកិត្តិ​ក្នុង​ភព​ជាន់​នោះ ពុំ​គឺ​អ្នក​ណា​ដទៃ​ឡើយ គឺ​អង្គ​អញ​តថាគត​ក្នុង​កាល​ភទ្រកល្ប​នេះ​ឯង​ហោង។

ចប់​សិរិវិបុលកិត្តិ​ជាតក

[១]ច្បាប់​ដើម​ថា ឯកោវ តែ​បាន​ពិនិត្យ​មើល​ទៅ​ឃើញ​ថា ឯកកោ ទើប​ត្រូវ​ល្អ

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៣៣

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Oldest
Newest Most Voted
Inline Feedbacks
View all comments