សម្ពុលា​ជាតក

នានា​ជាតក
តឹសតិនិបាត សត្តមភាគ
ព្រះ​បាឡាត់​ពោធិរាម យូរ – ប៉ុណ្ណ 
ក្រុម​ជំនុំ​ព្រះ​ត្រៃបិដក ប្រែ រៀប​រៀង

ព្រះ​សាស្ដា​គង់​នៅ​ក្នុង​វត្ត​ជេតពន ទ្រង់​ប្រារព្វ​នូវ​នាង​មល្លិកា​ទេវី ហើយ​សម្ដែង​ធម្ម​ទេសនា​ថា កា វេធមានា ដូច្នេះ​ជា​ដើម។

រឿង​នេះ​មាន​សេចក្ដី​ពិស្ដារ​ក្នុង​កុម្មាសបិណ្ឌិក​ជាតក​ឯ​ណោះ។

មាន​សេចក្ដី​ដំណាល​ថា នាង​មល្លិកា​ទេវី​បាន​ដល់​នូវ​ភាព​ជា​អគ្គ​មហេសី​នៃ​ព្រះ​រាជា​កោសល​ក្នុង​ថ្ងៃ​នោះ គឺ​បាន​ដោយ​អានុភាព​នៃ​នាង​ថ្វាយ​នូវ​នំ​កុម្មាស៣ដុំ ​ចំពោះ​ព្រះ​តថាគត ហើយ​ជា​ស្រី​ប្រកប​ដោយ​កល្យាណ​ធម៌​ច្រើន​យ៉ាង ធ្លាប់​បាន​ទំនុក​បម្រុង​ព្រះ​ពុទ្ធ​ពី​បុព្វ​ជាតិ​មក ជា​ពុទ្ធ​ឧបដ្ឋាយិកា​ក្នុង​បច្ចុប្បន្ន​នេះ ទើប​បាន​ឈ្មោះ​ថា​ជា​បតិ​ទេវតា។ ឯ​អានុភាព​នៃ​នាង​ដែល​បាន​ឈ្មោះ​ថា​ជា​បតិ​ទេវតា​នោះ ក៏​ល្បី​ឮ​សុសសាយ​ប្រាកដ​ទៅ​ក្នុង​ដែន​ទាំង​មូល។

ថ្ងៃ​មួយ​ភិក្ខុ​ទាំង​ឡាយ​ប្រជុំ​គ្នា​ក្នុង​រោង​ធម្ម​សភា ពោល​សរសើរ​គុណ​នាង​មល្លិកា​ទេវី​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ នាង​មល្លិកា​ទេវី​នេះ ជា​ស្រី​បរិបូណ៍​ដោយ​វត្ត ប្រកប​ដោយ​កល្យាណ​ធម៌​ច្រើន​យ៉ាង ឆ្លៀវ​ឈ្លាស មាន​ប្រាជ្ញា​ច្រើន ប៉ិន​ប្រសប់​ខាង​ការ​ធ្វើ​កិច្ច​ទាំង​ពួង មាន​ធ្វើ​កុសល​ជា​ដើម ជា​ពុទ្ធ​ឧបដ្ឋាយិកា បាន​ឈ្មោះ​ថា​បតិ​ទេវតា ឮ​ច្បាស់​ប្រាកដ​ទៅ​ក្នុង​ដែន​ទាំង​មូល យើង​ទាំង​ឡាយ​អត់​ទ្រាំ​នឹង​សរសើរ​មិន​បាន។ ចួន​ជា​ពេល​នោះ ព្រះ​ដ៏​មាន​ព្រះ​ភាគ ស្ដេច​យាង​មក​ដល់ ទើប​ទ្រង់​ត្រាស់​សួរ​ថា ម្នាល​ភក្ខុ​ទាំង​ឡាយ អ្នក​ប្រជុំ​គ្នា​និយាយ​ពី​ការ​អ្វី។ ភិក្ខុ​ទាំង​ឡាយ​ក្រាប​បង្គំ​ទូល​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ខ្ញុំ​ព្រះ​ករុណា​ទាំង​ឡាយ​ប្រជុំ​គ្នា​និយាយ​សរសើរ​គុណ​នាង​មល្លិកា​ទេវី។ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ នាង​មល្លិកា​ទេវី​នេះ មាន​គុណ​មិន​តែ​ឥឡូវ​នេះ​ទេ កាល​ពី​ព្រេង​នាយ​មក ក៏​ជា​ស្រី​បរិបូណ៍​ដោយ​វត្ត​ប្រកប​ដោយ​កល្យាណ​ធម៌​ច្រើន​យ៉ាង ឆ្លៀវ​ឈ្លាស មាន​ប្រាជ្ញា​ជា​ពុទ្ធ​ឧបដ្ឋាយិកា ទើប​បាន​ឈ្មោះ​ថា​ជា​បតិ​ទេវតា​​ដែរ។ ទើប​ព្រះ​អង្គ​ទ្រង់​នាំ​រឿង​អតីត​ជាតិ​មក​ថា អតីតេ។ ល។

ម្នាល​ភិក្ខុ​ទាំង​ឡាយ ក្នុង​កាល​ដែល​កន្លង​ទៅ​ហើយ​មាន​ក្សត្រ​មួយ​អង្គ​ទ្រង់​ព្រះ​នាម​ថា​សោត្ថិសេន ជា​បុត្រ​ព្រះ​បាទ​ព្រហ្ម​ទត្ត ក្នុង​នគរ​ពារាណសី លុះ​បាន​ព្រះ​ជន្មាយុ​ចម្រើន​ឡើង​ហើយ ព្រះ​វរ​បិតា​ឱ្យ​ឡើង​កាន់​ជា​ទី​ឧបរាជ​លើក​នាង​សម្ពុលា ជា​ស្រី​មាន​រូប​ល្អ មាន​ពណ៌ ដូច​ជា​អណ្ដាត​ប្រទីប ឱ្យ​ធ្វើ​ជា​អគ្គ​មហេសី។ លុះ​កន្លង​យូរ​បន្តិច​ទៅ​សោត្ថិ​សេន​ឧបរាជ ក៏​កើត​រោគ​ឃ្លង់​ពេញ​ទាំង​សរីរៈ ពួក​ពេទ្យ​ខំ​ព្យាបាល​នោះ​ណាស់​តែ​មិន​អាច​នឹង​កម្ចាត់​បង់​រោគ​នោះ​បាន​ឡើយ។ ចេះ​តែ​រាល​ដាល​ច្រើន​ឡើង។ សោត្ថិសេន​ឧបរាជ ក៏​មាន​សេចក្ដី​ខ្មាស​អៀន​ដល់​ពួក​ញាតិ​មិត្ត ក៏​គិត​ថា អញ​ប្រយោជន៍​អ្វី​នឹង​នៅ​ក្នុង​ទី​នេះ សូម្បី​ពួក​មន្រ្តី​តូច​ធំនិង​ក្សត្រ​ធ្លាប់​លេង​ជា​មួយ​គ្នា ក៏​គេ​ធ្វើ​តោះ​តើយ​មិន​សូវ​រាប់​រក​ដូច​ពី​ដើម​រៀង​មក ទាំង​ទី​កន្លែង​ដែល​ធ្លាប់​លេង​សប្បាយ​ក៏​ខាន​បាន​សប្បាយ ចាប់​តាំង​ពី​ថ្ងៃ​នេះ​ត​ទៅ ខ្លួន​អញ​អស់​មាន​កិច្ចការ​ឯ​ណា​មួយ​ដែល​នាំ​ឱ្យ​កើត​សេចក្ដី​រីក​រាយ​ដល់​ចិត្ត​នោះ​ឡើយ ណ្ហើយ​ចុះ​អាត្មា​អញ​មិន​ត្រូវ​ការ​នឹង​រាជ​សម្បត្តិ ​ស៊ូ​លះ​កាត់​ដើរ​ចេញ​ពី​ទី​នេះ ទៅ​នៅ​ក្នុង​ព្រៃ​ជា​កន្លែង​ឥត​ទី​ពឹង ផ្ញើ​រូប​ផ្ញើ​ឆ្អឹង​នឹង​សត្វ​តិរច្ឆាន​វិញ​ប្រសើរ​ជាង​ លុះ​គិត​ហើយ ទើប​ហៅ​នាង​សម្ពុលា​មក​ប្រាប់​ថា ម្នាល​នាង​សម្ពុលា​ចូរ​នាង​នៅ​រក្សា​ខ្លួន​ឱ្យ​បាន​សេចក្ដី​សុខ – ចម្រើន ទាំង​រក្សា​នូវ​ព្រះ​វរ​មាតា​បិតា និង​ពួក​ខត្តិយ​ត្រកូល​ជា​ញាតិ​មិត្ត​របស់​បងនិង​ប្អូន​ឱ្យ​បាន​សេចក្ដី​សុខ – ចម្រើនផង​ចុះ ដើម្បី​នឹង​ឱ្យ​ស្រឡាញ់​រាប់​រក​ដូច​ពី​ដើម​រៀង​មក បង​នឹង​សូម​លា​ប្អូន​ទៅ​នៅ​ក្នុង​ព្រៃ ទោះ​ស្លាប់​ទោះ​រស់​ផ្សង​តាម​យថាកម្ម ​សព្វ​ថ្ងៃ​នេះ ខ្លួន​បង​មិន​ទាន់​ស្លាប់​ទេ តែ​ហាក់​ដូច​ជា​ស្លាប់​ទៅ​ហើយ នែ​ប្អូន បង​សូម​លា​ហើយ ចូរ​ប្អូន​នៅ​ឱ្យ​សុខ​ចុះ។ នាង​សម្ពុលា​លុះ​ឮ​ពាក្យ​ស្វាមី​មាន​ព្រះ​បន្ទូល​យ៉ាង​នេះ​ហើយ ហាក់​ដូច​ជា​គេ​យក​ដាវ លំពែង​មក​ចាក់​កណ្ដាល​ដើម​ទ្រូង​ឈឺ​ផ្សា​ចុក​សៀត​ណែន​គាំង​ស្ទើរ​តែ​នឹង​និយាយ​មិន​រួច ទើប​ទូល​តប​វិញ​ថា បពិត្រ​ព្រះ​ស្វាមី ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​ដូច​ម្ដេច​យ៉ាង​នេះ សូម​ព្រះ​អង្គ​កុំ​ទៅ​ណា​ឡើយ ខ្ញុំ​ម្ចាស់​នឹង​ធានា​បី​បាច់​ថែ​រក្សា​ព្យាបាល ដរាប​ដល់​រម្ងាប់​រោគ​នោះ​បាន ស៊ូ​ស្លាប់​រស់​ជា​មួយ​នឹង​ព្រះ​អង្គ បើ​ព្រះ​អង្គ​យាង​ទៅ​ហើយ ខ្ញុំ​ម្ចាស់​ឥត​ទី​ពឹង​ពាក់​អាស្រ័យ​ទេ។ សោត្ថិសេន​តប​វិញ​ថា បង​មិន​នៅ​ទេ បើ​ទុក​ជា​យ៉ាង​ណា​ក៏​ទៅ​ដែរ សូម​ប្អូន​នៅ​ឱ្យ​សុខ​ចុះ នាង​ឃាត់​យ៉ាង​ណា​ក៏​មិន​ព្រម ទើប​ទូល​ថា បើ​ព្រះ​ស្វាមី​មិន​ព្រម​នៅ​ទេ ខ្ញុំ​ម្ចាស់​នឹង​តាម​ព្រះ​អង្គ​ទៅ ស៊ូ​ស្លាប់​រស់​ជា​មួយ​គ្នា។ សោត្ថិសេន​ឧបរាជ ក៏​ចូល​ទៅ​ក្រាប​បង្គំ​ទូល​ព្រះ​វរ​មាតា​បិតា​ថា ខ្ញុំ​ព្រះ​អង្គ​ សូម​ក្រាប​បង្គំ​លា​ទៅ​នៅ​ក្នុង​ព្រៃ​ដែល​ជា​កន្លែង​ឥត​ទី​ពឹង​ឯ​ណោះ​វិញ​ប្រសើរ​ជាង ទោះ​បី​ស្លាប់​រស់​​តាម​យថា​កម្ម​របស់​ខ្ញុំ​ព្រះ​អង្គ​ចុះ។ ព្រះ​វរ​បិតា​ឃាត់​ថា ម្នាល​កូន​សម្លាញ់  កូន​កុំ​ទៅ​ឡើយ ថ្វី​បើ​កើត​រោគ​ប៉ុណ្ណឹង សឹម​បិតា​រក​ពេទ្យ​ឱ្យ​ព្យាបាល​ដរាប​ដល់​រម្ងាប់​រោគ​នោះ​បាន ឬ​មួយ​បើ​រោគ​នោះ​មិន​បាន​រម្ងាប់​ទេ ទោះ​ស្លាប់​រស់ ក៏​បិតា​មិន​លះ​បង់​កូន​ឡើយ ស៊ូ​ស្លាប់​រស់​ជា​មួយ​នឹង​កូន បើ​ចេញ​ពី​ស្រុក​ទៅ​នៅ​ព្រៃ​ទី​ហោរឋាន ឥត​មាន​មនុស្ស​ម្នា​ខ្ញុំ​កំដរ មាន​តែ​ពួក​ម្រឹគ​បក្សី​បក្សា ​តើ​នឹង​បាន​អ្នក​ឯ​ណា​ជា​ទី​ពឹង នែ​កូន​កុំ​ទៅ អាណិត​តែ​មាតា​បិតា​ចុះ។ ឧបរាជ​ទូល​ថា​សូម​ឱ្យ​ព្រះ​បិតា​អាណិត​កូន​វិញ បើ​ទុក​ជា​នៅ​ក្នុង​ទី​នេះ​ក៏​ស្លាប់ ចេញ​ទៅ​ក៏​ស្លាប់ សព្វ​ថ្ងៃ​នេះ​ទុក​ដូច​ជា​ស្លាប់​ទៅ​ហើយ កុំ​ឱ្យ​ព្រះ​បិតា​មាតា​ព្រួយ​ព្រះ​ទ័យ​ចំពោះ​កូន​ឡើយ ទូល​សព្វ​គ្រប់​ហើយ ក៏​ក្រាប​ទៀប​បាទា​ព្រះ​បិតា​មាតា ទឹក​នេត្រ​ហូរ​សស្រាក់ ក្រោក​ដើរ​ចេញ​ពី​ព្រះ​បរម​រាជ​វាំង​ទៅ​ទាំង​ខ្សឹក​ខ្សួល។ ឯ​នាង​សម្ពុលា​ជា​មហេសី ក៏​សោយ​សោក​ដើរ​ទៅ​ជា​មួយ​នឹង​ស្វាមី។ ឯ​ព្រះ​វរ​មាតា​បិតា​មាន​សេចក្ដី​សោក​ស្រណោះ​អាឡោះ​អាល័យ​កូន​ពន់​ពេក​ណាស់ ក៏​ស្រែក​ផ្ដាំ​ថា​បើ​កូន​បាន​ជា​រោគ​ពេល​ណា សូម​ឱ្យ​កូន​ត្រឡប់​មក​នគរ​វិញ​កុំ​ខាន។ គ្រា​នោះ ក្សត្រ​ទាំង​ពីរ​អង្គ​ចេញ​ពី​នគរ​សំដៅ​ទៅ​កាន់​ព្រៃ​ធំ​មួយ ជា​ព្រៃ​ឆ្ងាយ​ពី​ស្រុក​ទេស ជា​ទី​ស្ងប់​ស្ងាត់​មាន​តែ​ពួក​ម្រឹគ​បក្សី​បក្សា មិន​មាន​មនុស្ស​ម្នា​ណា​នឹង​ដើរ​ទៅ​មក​បាន។ លុះ​បាន​ទៅ​ដល់​ទី១ ជា​ទី​មាន​ឈើ​ធំៗ សម្បូណ៌​ទៅ​ដោយ​ផ្លែ​ផ្កា​និង​មើម សុទ្ធ​តែ​ជា​ឈើ​ផ្លែ​មាន​រស​ឆ្ងាញ់ និង​ជ្រោះ​មាន​ទឹក​ថ្លា​ល្អ​គួរ​ជា​ទី​រីក​រាយ​ដល់​ចិត្ត  ទើប​ចាត់​ចែង​ធ្វើ​អាស្រម​នៅ​ក្នុង​ទី​នោះ មិន​មាន​ព្រួយ​បារម្ភ​ឡើយ។ ចាប់​តាំង​ពី​ថ្ងៃ​ដែល​ទៅ​នៅ​ក្នុង​ព្រៃ​ពេល​ណា នាង​សម្ពុលា​យក​ចិត្ត​ទុក​ដាក់​បម្រើ​ស្វាមី​មិន​ឱ្យ​អាក់​ខាន​ដល់​ទៅ​អាក់​អន់​ព្រះ​ទ័យ​ឡើយ។ ឯ​កិច្ច​វត្ត​ដែល​នាង​បម្រើ​នោះ​គឺ​ពេល​ព្រឹក​ឡើង នាង​បោស​សម្អាត​ទី​កន្លែង​សព្វ​អន្លើ បម្រើ​ទឹក​ក្ដៅ​ទឹក​ត្រជាក់ ពេល​ស្រង់​ទឹក​នាង​ដុស​លាង​ញើស​ក្អែល​ដោយ​ដៃ​ខ្លួន​ឯង ហើយ​យក​ថ្នាំ​មក​លាប​ស្រឡាប​រោគ​ទៀត ពេល​សោយ​ នាង​រើស​យក​ផ្លែ​ឈើ​មាន​រស​ឆ្ងាញ់​មក​ថ្វាយ សោយ​ ហើយ​នាង​យក​ទឹក​ខ្ពុរ​ព្រះ​ឱស្ឋ​និង​ឈើ​ស្ទន់​មក​ថ្វាយ រួច​ទើប​នាង​សោយ​ជា​ខាង​ក្រោយ រួច​រៀប​ចំ​ទុក​ដាក់​មាន​របៀប​រៀប​រយ​ល្អ។ លុះ​ពេល​នាង​នឹង​ចេញ​ទៅ​ព្រៃ ក៏​ចូល​ទៅ​ថ្វាយ​បង្គំ​ទូល​ថា​សូម​ព្រះ​អង្គ​កុំ​ធ្វេស​ប្រហែស​យាង​ទៅ​ណា​មក​ណា​ឡើយ ខ្ញុំ​ម្ចាស់​នឹង​ទៅ​ស្វែង​រក​ផ្លែ​ឈើ​មើម​ឈើ​បម្រុង​ដល់​ពេល​ព្រឹក លុះ​ត្រឡប់​មក​វិញ​កាន់​ក្អម​យក​ទៅ​ដង​ទឹក​មក​ដាក់​បំពេញ​ពាង​តូច​ធំ​សម្រាប់​ប្រើ​ប្រាស់។ ពេល​ចូល​ផ្ទំ​នាង​ទៅ​ចាប់​គក់​ច្របាច់។ ឯ​កិច្ច​ដែល​នាង​គោរព​ចំពោះ​ស្វាមី​យ៉ាង​នេះ រាល់​ថ្ងៃ​ឥត​ធុញ​ទ្រាន់​ដល់​ចិត្ត​ឡើយ។

មាន​កាល​ថ្ងៃ​មួយ នាង​ចូល​ទៅ​ក្នុង​ព្រៃ​បេះ​ផ្លែ​ឈើ​ជិត​ជ្រោះ​ភ្នំ​មួយ ឯ​ជ្រោះ​នោះ​មាន​ទឹក​ថ្លា​ត្រជាក់​ល្អ នាង​ក៏​ចុះ​ទៅ​ងូត​ដើម្បី​នឹង​ជម្រះ​ញើស​ក្អែល រួច​ហើយ​នាង​ក៏​ស្លៀក​ពាក់​រៀប​ចំ​ខ្លួន​ប្រាណ​ផាត់​ម្សៅ​មាន​មុខ​ស្រស់​បោះ​ល្អ​ដូច​ស្រី​ក្នុង​ក្រុង មាន​ពន្លឺ​រស្មី​ផ្សាយ​ចេញ​ពី​សរីរៈ​ឆ្លុះ​ទៅ​ក្នុង​ព្រៃ​គួរ​ឱ្យ​មាន​ចិត្ត​រីក​រាយ​ចំពោះ​រូប​នាង​នោះ​ណាស់។

ពេល​នោះ ចួន​ជា​មាន​ទានវ​យក្ស[១] មួយ ដើរ​ស្វែង​រក​អាហារ​ក្នុង​ច្រក​ភ្នំ​នោះ​ដែរ ក៏​បាន​ចួប​ប្រទះ​នឹង​នាង​សម្ពុលា​មាន​រូប​ល្អ​ដូច​ទេវតា មាន​ចិត្ត​ស្រឡាញ់​នាង​នោះ​ណាស់ អត់​ទ្រាំ​មិន​បាន​ក៏​សួរ​ថា ៖

កា វេធមានា កិរិ​កន្ទរាយ

ឯកា តុវំ តិដ្ឋសិ សញ្ញ​តូរុ

បុដ្ឋាសិ មេ បាណិបមេយ្យ​មជ្ឈេ

អក្ខាសិ មេ នាមញ្ច ពន្ធ​វេ ចៈ។

ឱកាស​យំ វនំ រម្មំ  សីហ​ព្យក្ឃនិ​សេវិតំ

កា វា តូមសិ កល្យាណី កត្វា ត្វំ សុមជ្ឈិមេ

អភិវាទេមិ តំ កទ្ទេ ទាន​វាហំ នមត្ថុ តេ។

ម្នាល​នាង​មាន​ភ្លៅ​មូល នាង​ឯង​ឈ្មោះ​អ្វី​មក​ឈរ​ម្នាក់​ឯង លើ​ជ្រោះ​ភ្នំ​ញាប់​ញ័រ ( យ៉ាង​នេះ ) នាង​ឯង​កាល​បើ​យើង​សួរ​កណ្ដាល​ព្រៃ​ដែរ​គួរ​កំណត់​ដោយ​ដៃ [២] នាង​ចូរ​ប្រាប់​នូវ​ឈ្មោះ​នឹង​ផៅ​ពង្ស​ដល់​យើង។ ម្នាល​នាង​កល្យាណី​ជា​ស្រី​មាន​ខ្លួន​ពាក់​កណ្ដាល​ល្អ នាង​ជា​ស្រី​ល្អ តើ​ឈ្មោះ​អ្វី នាង​ជា​ធីតា​របស់​អ្នក​ណា ទើប​ញ៉ាំង​ព្រៃ​ជា​ទី​រីក​រាយ ដែល​ពួក​សត្វ​សីហ​និង​ខ្លា​ធំ​អា​ស្រ័យ​នៅ​ឱ្យ​ភ្លឺ​រុង​រឿង ម្នាល​នាង​ដ៏​ចម្រើន យើង​ជា​អសុរ សូម​សំពះ​នាង សូម​គោរព​ចំពោះ​នាង។ នាង​សម្ពុរលា​បាន​ស្ដាប់​ពាក្យ​ទានវ​យក្ស​ហើយ​ក៏​ឆ្លើយ​វិញ​ថា ៖

យោ  បុត្តោ  កាសិក​រាជ​ស្ស  សោត្ថិ​សេនាតិ នំ វិទូ

តស្សាហំ សន្ពុលា  ភរិយា  ឯវំ  ជានាហិ  ទានវ

អភិវាទេមិ  ភទ្ទន្តេសម្ពុលាហំ  នមត្ថិ តេ។

វេទេហ​បុត្តោ ភទ្ទន្តេ         វនេ វសតិ អាតុរោ

តមហំ រោគ​សម្មត្តំឯកា ឯកំ ឧបដ្ឋហឹ។

អហញ្ច វន​មុញ្ឆាយ         មធុមំសំ មិកាវិលំ

យទាហ​រាមិ តំ ភក្ខោ     តស្ស នូនជ្ជ នាធតិ។

អ្នក​ណា​ជា​បុត្រ​របស់​ស្ដេច​ក្នុង​ដែន​កាសី អ្នក​ផង​តែង​ស្គាល់​អ្នក​នោះ​ថា ជា​ស្ដេច​ឈ្មោះ​សោត្ថិ​សេន ខ្លួន​ខ្ញុំ​ឈ្មោះ​នាង​សម្ពុលា ជា​ភរិយា​របស់​ស្ដេច​ឈ្មោះ​សោត្ថិ​សេន​នោះ បពិត្រ​ទាន​វៈ អ្នក​ចូរ​ដឹង​យ៉ាង​នេះ​ចុះ បពិត្រ​អ្នក​ដ៏​ចម្រើន ខ្ញុំ​ឈ្មោះ​នាង​សម្ពុលា សូម​សំពះ សូម​គោរព ចំពោះ​អ្នក បពិត្រ​អ្នក​ដ៏​ចម្រើន ព្រះ​រាជ​បុត្រ​ឯ​ណា ជា​បុត្រ​របស់​ស្ដេច​ក្នុង​ដែន​វិទេហៈ មាន​សេចក្ដី​ក្ដៅ​ក្រហាយ​ក្នុង​ចិត្ត ទើប​មក​នៅ​ក្នុង​ព្រៃ ខ្ញុំ​ជា​ស្រី​ម្នាក់​ឯង​បម្រើ​ព្រះ​រាជ​មួយ​អង្គ​នោះ ដែល​មាន​រោគ​បៀត​បៀន។ មិន​តែ​ប៉ុណ្ណោះ ខ្ញុំ ( ត្រាច់​ទៅ ) ដើម្បី​ស្វែង​រក​ផ្លែ​ឈើ​ក្នុង​ព្រៃ​នាំ​មក​និង​ទឹក​ឃ្មុំ​និង​សាច់​ដែល​សល់​អំពី​ម្រឹគ​ឯ​ណា ( ស្វាមី​របស់​ខ្ញុំ ) មាន​ទឹក​ឃ្មុំ​និង​សាច់​នោះ​ជា​អាហារ  ( កាល​បើ​មិន​មាន​អាហារ ) សរីរៈ​របស់​ស្វាមី​នោះ រមែង​ញាប់​ញ័រ​ក្នុង​ថ្ងៃ​នេះ​ដោយ​ពិត។

ទានវ​យក្ស​និយាយ​លួង​លោម​ថា ៖

កឹ វនេ  រាជ​បុត្តេន  អាតុវេន   ករិស្សសិ

សម្ពុលេ បរិចិណ្ណេន  អហំ  កត្តា ភវាមិ តេ។

ម្នាល​នាង​សម្ពុលា នាង​ធ្វើ ( នូវ​ការ​មូល​មិត្ត​ជាមួយ ) នឹង​ព្រះ​រាជ​បុត្រ​ជា​បុគ្គល​ក្ដៅ​ក្រហាយ​ដែល​មាន​រោគ​មក​ប៉ះ​ពាល់​នៅ​ក្នុង​ព្រៃ​ធ្វើ​អ្វី បង​នឹង​ធ្វើ​ជា​ភស្ដា​នៃ​នាង ( ក្នុង​ថ្ងៃ​នេះ )។

នាង​សម្ពុលា​តប​ថា​ ៖

សោក​ដ្តាយ  ទុរត្តាយ    កឹ រូបំ វិជ្ជេតេ មម

អញ្ញំ  បរិយេស ភទ្ទន្តេ     អភិ​រូប​តរំ មយា។

បពិត្រ​អ្នក​ដ៏​ចម្រើន ខ្ញុំ​នឹង​មាន​រូប​ល្អ​ដូច​ម្ដេច ព្រោះ​ខ្ញុំ​ជា​ស្រី​មាន​សេចក្ដី​សោក​គ្រប​សង្កត់ មាន​ខ្លួន​លំបាក ( នឿយ​ហត់​ខ្លាំង​ណាស់ មិន​សម​បើ​អ្នក​មក​ស្និទ្ធ​ស្នាល​ទេ ) អ្នក​ចូរ​ទៅ​ស្វែង​រក​ស្រី​ឯ​ទៀត​ដែល​មាន​រូប​ល្អ​ជាង​ខ្ញុំ ( មក​ធ្វើ​ជា​ភរិយា​ចុះ )។

ទានវ​យក្ស​និយាយ​ថា ៖

ឯហិមំ កិរិមា​រុយ្ហភរិយា មយ្ហំ  ចតុ​សតា

តាសំ ត្វំ បវារា ហោ​ហ     សព្វ​កាម​សមិទ្ធិនី។

ន្វិន តារក​វណ្ណភេយំ កិញ្ចិ បន លច្ឆសិ

សព្វ​ន្តំ បចុរំ មយ្ហំរមស្សជ្ជ មហា សហ។

នោ ចេ តុវំ មហេសេយ្យំ   សម្ពុលេ ការយិស្សសិ

អលំ ត្វំ បាតរាសាយមញ្ញេ ភក្ខា ភវិស្សសិ។

តញ្ច សត្ត​ជជោ លុទ្ទោ    កទ្បារោ បរិសាទ​កោ

វនេ នាថំ អបស្សន្តឹសម្ពុលំ អគ្គហី កុជេ។

ម្នាល​ប្អូន​ស្រី ​ចូរ​នាង​មក​ចុះ ចូរ​នាង​ឡើង​ទៅ​លើ​ភ្នំ​នេះ ប្រពន្ធ​របស់​បង​មាន​ចំនួន ៤០០ នាក់ បណ្ដា​ប្រពន្ធ​ទាំង​នោះ នាង​ឯង​ជា​ស្រី​ប្រសើរ​ជា​ទី​សម្រេច​តាម​សេចក្ដី​ប្រាថ្នា​គ្រប់​យ៉ាង។ ម្នាល​ប្អូន​ស្រី​ដ៏​មាន​ពន្លឺ​ដូច​ផ្កាយ នាង​ប្រាថ្នា​ក្នុង​ចិត្ត​ចំពោះ​វត្ថុ​ឯ​ណា​មួយ វត្ថុ​ទាំង​អស់​នោះ​របស់​បង​មាន​គរ​គោក ចូរ​ប្អូន​ត្រេក​អរ​នៅ​ជាមួយ​នឹង​បង​ក្នុង​ថ្ងៃ​នេះ​ចុះ។ ម្នាល​នាង​សម្ពុលា បើ​នាង​មិន​ព្រម​ធ្វើ​នូវ​ភាព​ជា​មហេសី​បង​ទេ នាង​ឯង​គួរ​នឹង​បាន​ជា​អាហារ​ក្នុង​វេលា​ភោជន​ក្នុង​ពេល​ព្រឹក​នេះ​មិន​ខាន។ ឯ​ទានវ​យក្ស​ដែល​មាន​ភ្នួង​សក់ ៧ ជាន់ ជា​ជាតិ​អាក្រក់​មាន​ចង្កូម​លៀន​ចេញ​មក​ក្រៅ ជា​អ្នក​ក្លៀវ​ក្លា​ថា​តែ​ប៉ុណ្ណោះ ក៏​ស្ទុះ​ទៅ​ចាប់​នាង​សម្ពុលា​ទាំង​អំណាច​ដែល​មិន​ឃើញ​មាន​អ្នក​ណា​មួយ​ជា​ទី​ពឹង​នៅ​ក្នុង​ព្រៃ មក​ដាក់​លើ​ភ្លៅ។

អធិបន្នា បិសាចេនលុទ្ទេ​នាមិស​ចក្ខុនា

សា ច សត្តុ​វសម្បត្តាបតិមេវានុសោចតិ។

ន មេ ឥទំ តថា ទុក្ខំយំ មំ ខាទេយ្យ រក្ខ​សោ

យញ្ច មេ អយ្យ​បុត្ត​ស្ស     មនោ ហេស្សតិ អញ្ញថា។

ន សន្តិ ទេវា បវ​សន្តិ នូន

ន ហិ នូន សន្តិ ឥធ លោក​បាលា

សហសា ករោន្តានំ អសញ្ញតានំ

ន ហិ នូន សន្តិ បដិ​សេធិ​តារោ។

នាង​សម្ពុលា ដែល​យក្ស​ជា​បិសាច​ជា​ជាតិ​អាក្រក់​មាន​ភ្នែក​សម្លឹង​នូវ​អាមិស​គ្រប​សង្កត់ ជា​ស្រី​លុះ​ក្នុង​អំណាច​នៃ​សត្រូវ​ហើយ ក៏​សោយ​សោក​ទៅ​រក​ស្វាមី​ថា យក្ស​ស៊ី​នូវ​ខ្ញុំ​ដោយ​ហេតុ​ឯណា ហេតុ​នោះ​មិន​មែន​ជា​ទុក្ខ​ដល់​ខ្ញុំ​ដូច្នោះ​ទេ លុះ​តែ​ចិត្ត​របស់​អយ្យ​បុត្រ​របស់​ខ្ញុំ​កើត​មាន​ដោយ​អាការៈ​ដទៃ​ដោយ​ហេតុ​ឯ​ណា ហេតុ​នោះ​ទើប​បាន​ជា​ទុក្ខ​ដល់​ខ្ញុំ។ នាង​យំ​ទួញ​រៀប​រាប់​នឹក​រក​ដល់​ពួក​ទេវតា​ថា ទេវតា​ទាំង​ឡាយ​នៅ​ក្នុង​ទី​នេះ​ប្រហែល​ជា​មិន​មាន​ទេ​ដឹង ទេវតា​ទាំង​ឡាយ​ជា​លោក​បាល​អ្នក​រក្សា​លោក​នៅ​ក្នុង​ទី​នេះ​ប្រហែល​ជា​មិន​មាន​ទេ​ដឹង ទេវតា​ទាំង​ឡាយ​ហាម​ឃាត់​នូវ​ពួក​ជន​ជា​អ្នក​មិន​សង្រួម ជា​អ្នក​ធ្វើ​ដោយ​ការ​កំហែង មិន​មាន​ទេ​ឬ ( បាន​ជា​នៅ​ស្ងៀម​ឈឹង​យ៉ាង​នេះ )។

គ្រា​នោះ ក៏​ក្ដៅ​រំជួល​ដល់​ព្រះ​ឥន្រ្ទា​ធិរាជ ដោយ​តេជៈ​សីល​នៃ​នាង​សម្ពុលា អត់​ទ្រាំ​នៅ​មិន​បាន​ទើប​ស្ដេច​ពិចារណា​នូវ​ហេតុ​នោះ ក៏​បាន​ដឹង​ប្រាកដ ក៏​កាន់​យក​នូវ​វជិរា​វុធ​ហោះ​ចុះ​មក​ដោយ​ប្រញាប់​ប្រញាល់ ឋិត​នៅ​លើ​អាកាស ត្រង់​ពី​លើ​ក្បាល​ទានវ​យក្ស ហើយ​គំរាម​ថា ៖

នែ​យក្ស ! ស្រី​នេះ​ជា​ស្រី​មាន​យស ជា​ស្រី​ប្រសើរ​ជាង​ស្រី​ទាំង​ឡាយ ជា​ស្រី​មាន​សណ្ដាប់​ធ្នាប់ មាន​កិរិយា​មារយាទ​ស្មោះ​ស្មើ​ល្អ មាន​តេជះ​រុង​រឿង​ដូច​អណ្ដាត​ភ្លើង ( មិន​មែន​ជា​ស្រី​ផ្ដេស​ផ្ដាស​ទេ ) បើ​ឯង​ស៊ី​នាង​កញ្ញា​នេះ ក្បាល​អ្នក​ឯង​នឹង​បែក​ចេញ​ជា ៧ ភាគ​មិន​ខាន អ្នក​ឯង​កុំ​កម្ដៅ ( នូវ​នាង​កញ្ញា​នេះ ) អ្នក​ឯង​ចូរ​លែង​ទៅ ព្រោះ​ស្រី​នេះ​ជា​ស្រី​មាន​ប្ដី​ទេ​តើ។

ទានវ​យក្ស​បាន​ស្ដាប់​នូវ​ពាក្យ​នោះ​ហើយ ក៏​ភិត​ភ័យ​តក់​ស្លុត​ញាប់​ញ័រ​អស់​ទាំង​ខ្លួន ទើប​លែង​នាង​នោះ​ប្រញាប់។ ព្រះ​ឥន្រ្ទា​ធិរាជ​ក៏​ចាប់​យក្ស​នោះ​ចង​ដោយ​ច្រវាក់ ហើយ​លែង​ទៅ​ក្នុង​ចន្លោះ​ភ្នំ​ទី ៣ ដោយ​គិត​ថា កុំ​ឱ្យ​វា​មក​បៀត​បៀន​ដល់​នាង​នេះ​ទៀត​ឡើយ។ ទើប​ឱ្យ​ឱវាទ​ដល់​នាង​សម្ពុលា​ថា នាង​កុំ​មាន​សេចក្ដី​ភិត​ភ័យ​ឡើយ ចូរ​នាង​ត្រឡប់​ទៅ​បម្រើ​ស្វាមី​វិញ​ចុះ។ សក្ក​ទេវ​រាជ​លុះ​បាន​ឱ្យ​ឱវាទ​ដល់​នាង​រួច​ហើយ ក៏​ត្រឡប់​ទៅ​កាន់​លំនៅ​វិញ។ វេលា​នោះ​ព្រះ​អាទិត្យ​ក៏​អស្ដង្គត​ទៅ​ហើយ នាង​ដើរ​ទៅ​ដោយ​ពន្លឺ​ព្រះ​ចន្រ្ទ មាន​សេចក្ដី​ទុក្ខ​សោក​ក្រៀម​ក្រំ​នឹក​ដល់​ស្វាមី​ដែល​នៅ​ក្នុង​អាស្រម​ម្នាក់​ឯង ប្រហែល​ជា​គង់​ចាំ​មើល​ដំណើរ​មក​នៃ​អញ​ទេ​ដឹង។ ចំណែក​ឯ​សោត្ថិ​សេន​លុះ​ដល់​ពេល​រសៀល​ល្ងាច​ហើយ​មិន​ឃើញ​នាង​ត្រឡប់​មក​អាស្រម ក៏​ចុះ​ទៅ​ចាំ​នៅ​មាត់​ទ្វារ​ក្រៅ​ចាំ​មើល​ផ្លូវ​នាង។

ព្រះ​បរម​លោក​នាថ ទ្រង់​ប្រកាស​សេចក្ដី​នេះ​ថា ៖

សា ច អស្សមមាគញ្ឆិបមុត្តា បុរី​សាទកា

និឌ្ឌំ ផលីន​សកុណីវគតសិង្គំវ អាលយំ។

សា តត្ថ បរិ​ទេវេសិ រាជ​បុត្តី យស​ស្សិន៍

សម្ពុលា ឧតុមត្តក្ខាវនេ នាថំ អបស្សន្តី។

សមណេ ព្រហ្មណេ វន្ទេសម្បន្ន​ចរណេ ឥសេ

រាជ​បុត្តំ អបស្សន្តី   តុម្ហម្ហិ សរណំ គតា។

វន្ទេ សីហេ ច ព្យគ្ឃេ ចយេ ច អញ្ញេ វនេ មិគា

រាជ​បុត្តំ អបស្សន្តី   តុម្ហម្ហិ សរណំ គតា។

តិណា​លតានិ ឧសធ្យោបព្វតានិ វនានិ ច

រាជ​បុត្តំ អបស្សន្តី   តុម្ហម្ហិ សរណំ គតា។

វន្ទេ ឥន្ទិវវី​សាមំ     រត្តីន​ក្ខត្តមាលិនី

រាជ​បុត្តំ អប ស្សន្តី  តុម្ហម្ហិ សរណំ គតា។

វន្ទេ ភគិរ​សឹ គង្គំ     វសន្តីនំ បដិគ្គហំ

រាជ​បុត្តំ អបស្សន្តី   តុម្ហម្ហិ សរណំ គតា។

វន្ទេ អហំ បព្វ​ត​រាជសេដ្ឋំ ហិម​វន្តំ សិលុច្ចយំ

រាជ​បុត្តំ អបស្សន្តី   តុម្ហម្ហិ សរណំ គតា។

លុះ​នាង​សម្ពុលា​រួច​ពី​កណ្ដាប់​ដៃ​យក្ស​ប្រុស​កំណាច​ហើយ​ក៏​ត្រឡប់​មក​កាន់​អាស្រម​វិញ ដូច​ជា​មេ​បក្សី​បាក់​បែក​ទ្រនំ ហើរ​មក​កាន់​ទ្រនំ​ដើម​វិញ ពុំ​នោះ​ដូច​មេ​គោ​បាក់​ស្នែង​មក​កាន់​កន្លែង​វិញ នាង​នោះ​ជា​រាជ​បុត្រី ជា​ស្រី​មាន​យស មាន​ភ្នែក​ទន់​ដោយ​រដូវ មក​ដល់​អាស្រម​រក​មើល​ស្វាមី​មិន​ឃើញ ក៏​ទ្រង់​ព្រះ​កន្សែង​ក្នុង​អាស្រម​នោះ​ដោយ​ពាក្យ​ថា ខ្ញុំ​ម្ចាស់​សូម​ថ្វាយ​បង្គំ​ចំពោះ​សមណ​ព្រហ្មណ៍​និង​ឥសី​ទាំង​ឡាយ ដែល​មាន​ការ​ប្រព្រឹត្ត​ល្អ​បរិបូណ៌ ខ្ញុំ​ម្ចាស់​កាល​បើ​មិន​បាន​ឃើញ​ព្រះ​រាជ​បុត្រ​ជា​ស្វាមី​ទេ សូម​ដល់​នូវ​លោក​ជា​ទី​ពឹង។ ខ្ញុំ​ម្ចាស់​សូម​ថ្វាយ​បង្គំ​ចំពោះ​ពួក​សីហៈ ​ខ្លា​ធំ និង​ពួក​ម្រឹគ ដែល​អាស្រ័យ​នៅ​ក្នុង​ព្រៃ ខ្ញុំ​ម្ចាស់​កាល​បើ​មិន​បាន​ឃើញ​នូវ​ព្រះ​រាជ​បុត្រ​ទេ សូម​ដល់​នូវ​លោក​ជា​ទី​ពឹង។ ខ្ញុំ​ម្ចាស់​សូម​ថ្វាយ​បង្គំ​នូវ​ស្មៅ​វល្លិ ថ្នាំ​ឱសថ​ភ្នំ​ និង​ព្រៃ​ទាំង​ឡាយ ខ្ញុំ​ម្ចាស់​កាល​បើ​មិន​ឃើញ​នូវ​ព្រះ​រាជ​បុត្រ​ទេ សូម​ដល់​នូវ​លោក​ជា​ទី​ពឹង។ ខ្ញុំ​ម្ចាស់​សូម​ថ្វាយ​បង្គំ​នូវ​របៀប​ផ្កាយ​ក្នុង​រាត្រី ដែល​មាន​ពណ៌​ដូច​ជា​ផ្កាយ​រាជ​ព្រឹក ខ្ញុំ​ម្ចាស់​កាល​បើ​មិន​បាន​ឃើញ​នូវ​ព្រះ​រាជ​បុត្រ​ទេ សូម​ដល់​នូវ​លោក​ជា​ទី​ពឹង។ ខ្ញុំ​ម្ចាស់​សូម​ថ្វាយ​បង្គំ​នូវ​ស្ទឹង​ឈ្មោះ​ភគិរសី​ជា​ទី​ទទួល​របស់​ស្ទឹង​ទាំង​ឡាយ​ដែរ​ហូរ​មក ខ្ញុំ​ម្ចាស់​កាល​បើ​មិន​ឃើញ​នូវ​ព្រះ​រាជ​បុត្រ​ទេ សូម​ដល់​នូវ​លោក​ជា​ទី​ពឹង។ ខ្ញុំ​ម្ចាស់​សូម​ថ្វាយ​បង្គំ​នូវ​ភ្នំ​ហិមពាន្ត ជា​ស្ដេច​ភ្នំ​ដ៏​ប្រសើរ ដែល​មាន​ថ្ម​ខ្ពស់​ត្រដួច​ឡើង ខ្ញុំ​ម្ចាស់​កាល​បើ​មិន​បាន​ឃើញ​នូវ​ព្រះ​រាជ​បុត្រ​ទេ សូម​ដល់​នូវ​លោក​ជា​ទី​ពឹង។

គ្រា​នោះ សោត្ថិ​សេន ឃើញ​នាង​យំ​សោក​ខ្សឹក​ខ្សួល​ខ្លាំង​យ៉ាង​នេះ​ទ្រង់​ព្រះ​តម្រិះ​ថា នាង​នេះ​យំ​សោក​អ្វី​ខ្លាំង​ម្ល៉េះ អញ​មិន​បាន​ដឹង​ហេតុ​នេះ​សោះ បើ​សិន​ជា​នាង​ធ្វើ​នូវ​អំពើ​បែប​នេះ ដោយ​សេចក្ដី​ស្រឡាញ់​ចំពោះ​អញ​មែន ហឫទ័យ​របស់​នាង​មុខ​ជា​នឹង​បែក​ធ្លាយ​មិន​ខាន បើ​ដូច្នោះ​គួរ​អញ​នឹង​ទៅ​សាក​សួរ​ឱ្យ​ដឹង​ហេតុ​នោះ។ ទើប​ស្ដេច​យាង​ទៅ​គង់​នៅ​ទៀប​មាត់​ទ្វារ​អាស្រម។ នាង​ចេះ​តែ​យំ​សោក​ដើរ​ទៅ​មក លុះ​ឃើញ​ស្វាមី​ហើយ​ក្រាប​ថ្វាយ​បង្គំ​ទៀប​បាទា​ទូល​សួរ​ថា ចុះ​ព្រះ​ស្វាមី​យាង​ទៅ​ឯ​ណា​បាត់ ខ្ញុំ​ម្ចាស់​ដើរ​រក​មិន​ឃើញ។ ស្វាមី​ស្ដី​បន្ទោស​ថា ៖

អតិសាយំ វតាគញ្ឆិរាជ​បុត្តី យស​ស្សិនី

កេន នុជ្ជ សមាគញ្ឆិកោ តេ បិយ​តរោ មយា។

យើង​នាង​រាជ​បុត្រី ជា​ស្រី​មាន​យស មក​ក្នុង​វេលា​យប់​ម្ល៉េះ​ហ្ន៎ ! នាង​មក​ជាមួយ​នឹង​អ្នក​ណា​ក្នុង​ថ្ងៃ​នេះ អ្នក​ណា​ជា​ទី​ស្រឡាញ់​របស់​នាង​ជាង​អញ​ទៅ​ទៀត ( ថ្ងៃ​នេះ​ម្ដេច​ក៏​មិន​ដូច​ថ្ងៃ​មុន )។

នាង​ក្រាប​បង្គំ​ទូល​តាម​ដំណើរ​នោះ​ថា បពិត្រ​ព្រះ​អយ្យ​បុត្រ ខ្ញុំ​ម្ចាស់​សូម​ទោស តាម​តែ​ព្រះ​អង្គ​មេត្តា​ប្រោស​ចុះ កាល​ដែល​ខ្ញុំ​ម្ចាស់​ចេញ​ទៅ​ព្រៃ​បេះ​ផ្លែ​ឈើ ហើយ​ត្រឡប់​មក​វិញ មាន​អសុរ​មួយ​ចិត្ត​អាក្រក់​និយាយ​ល្បួង​លួង​ខ្ញុំ​ម្ចាស់​ដោយ​សេចក្ដី​ស្នេហា​ខ្ញុំ​ម្ចាស់​មិន​ព្រម​ដោយ​ពាក្យ​ល្បួង​នោះ ក៏​ស្ទុះ​មក​ចាប់​គំរាម​ថា បើ​នាង​ឯង​មិន​ព្រម​តាម​អញ​ទេ អញ​នឹង​ស៊ី​នាង​ឯង​ជា​អាហារ​មិន​ខាន។ ខ្ញុំ​ម្ចាស់​មាន​សេចក្ដី​សោយ​សោក​ចំពោះ​ហេតុ​នោះ

ឥទំ ខោហំ តទវោចំគហិតា តេន សត្តុនា

ន មេ ឥទំ តថា ទុក្ខំយំ មំ ខាទេយ្យ រក្ខសោ

យញ្ច មេ អយ្យ​បុត្ត​ស្ស     មនោ ហេស្សតិ​អញថា។

ខ្ញុំ​ម្ចាស់​ដែល​សត្រូវ​នោះ​ចាប់​បាន ក៏​ពោល​ពាក្យ​នេះ​នឹង​យក្ស​ថា យក្ស​ស៊ី​ខ្ញុំ​ដោយ​ហេតុ​ឯ​ណា ហេតុ​នោះ​មិន​មែន​ជា​ទុក្ខ​ដល់​ខ្ញុំ​ទេ លុះ​តែ​ចិត្ត​អយ្យ​បុត្រ​របស់​ខ្ញុំ​កើត​មាន​ដោយ​អាការ​ដទៃ ដោយ​ហេតុ​ឯ​ណា ហេតុ​នោះ ទើប​ជា​ទុក្ខ​ដល់​ខ្ញុំ។ ពេល​នោះ មាន​ស្ដេច​នៃ​ទេវតា​មក​ស្រែក​គំរាម​យក្សៗ ក៏​លែង​ខ្ញុំ​ម្ចាស់ ទើប​ខ្ញុំ​ម្ចាស់​បាន​រួច​មក​ដល់​ពេល​ថ្មើរ​នេះ។

ស្វាមី​តប-ម្នាល​នាង​ដ៏​ចម្រើន ពាក្យ​នេះ​លើក​ទុក​សិន​ចុះ ធម្មតា​ពាក្យ​សច្ចៈ​របស់​មាតុ​គ្រាម គេ​ជឿ​បាន​ដោយ​ក្រ​ណាស់ ព្រោះ​ថា​ពួក​ជន​អ្នក​ដើរ​រក​ស៊ី​ធ្វើ​ការ​ក្នុង​ព្រៃ​ហិមពាន្ត​នោះ​មាន​ច្រើន​ណាស់ អ្នក​ណា​គេ​នឹង​ជឿ​នាង​ឯង​បាន។

ពាក្យ​សច្ចៈ​របស់​ពួក​ស្រី​ចោរ មាន​មាយា​ច្រើន គេ​រក​បាន​ដោយ​ក្រ​ណាស់ ភាព​គឺ​ឫក​មារយាទ​របស់​ស្រី​ទាំង​ឡាយ ក៏​គេ​ដឹង​បាន​ដោយ​ក្រ​ដូច​ជា​ដំណើរ​ត្រីដែល​នៅ​ក្នុង​ទឹក ( មិន​អាច​កំណត់​បាន​ទេ )។

នាង​ទូល​តប- បពិត្រ​ព្រះ​អយ្យ​បុត្រ បើ​ព្រះ​អង្គ​មិន​ជឿ​ចិត្ត​ខ្ញុំ​ម្ចាស់​ទេ ខ្ញុំ​ម្ចាស់​សូម​បួង​សួង​ដោយ​កម្លាំង​សច្ចៈ​ធម៌​របស់​ខ្ញុំ​ម្ចាស់ ចំពោះ​រោគ​ព្រះ​អង្គ​ក្នុង​ពេល​ឥឡូវ​នេះ បើ​ខ្ញុំ​ម្ចាស់​មាន​ចិត្ត​ត្រង់​នឹង​ព្រះ​អង្គ​ពិត​មែន សូម​ឱ្យ​រោគ​នេះ​រម្ងាប់​ទៅ​ភ្លាម ហើយ​នាង​កាន់​យក​ទឹក​មក​ស្រោច​ពី​លើ​ព្រះ​សិរ​ស្វាមី​ដោយ​ពាក្យ​សច្ចៈ​ថា ៖

តថា មំ សច្ចំ បាលេតុបាលយិស្សតិចេមម

យថាហំ នាភិជានាមិអញ្ញំ បិយតរំ តយា

ឯ​តេន សច្ច​វជ្ជេន   ព្យាធិ តេ វូប សម្មតុ។

ខ្ញុំ​ម្ចាស់​មិន​ស្គាល់​នូវ​បុគ្គល​ដទៃ ជា​ទី​ស្រឡាញ់​ជាង​ព្រះ​អង្គ​យ៉ាង​ណា សូម​ពាក្យ​សច្ចៈ​រក្សា​នូវ​ខ្ញុំ​ម្ចាស់​យ៉ាង​នោះ បើ​ពាក្យ​សច្ចៈ​នឹង​រក្សា​នូវ​ខ្ញុំ​ម្ចាស់ ដោយ​ពាក្យ​សច្ចៈ​នេះ សូម​ឱ្យ​ព្យាធិ​របស់​ព្រះ​អង្គ​ស្ងប់​រម្ងាប់​ទៅ​ដោយ​រួស​រាន់។

លុះ​នាង​ពោល​ពាក្យ​សច្ចៈ​រួច​ហើយ រោគ​ឃ្លង់​ក៏​ស្ងប់​រម្ងាប់​ទៅ​ជាមួយ​រំពេច ដូច​ជា​គេ​យក​ថ្នាំ​ទិព្យ​មក​ស្រោច​លាង​ជ្រះ​អស់​មន្ទិល ទៅ​ជា​មាន​ពណ៌​សម្បុរ​ល្អ​ដូច​មាស។

សោត្ថិ​សេន​ឱបរាជ ដឹង​ថា​រោគ​នោះ​រម្ងាប់​ទៅ​ដោយ​សច្ច​ធម៌​របស់​នាង​ក៏​មាន​សេចក្ដី​រីក​រាយ​ជឿ​ជាក់​ក្នុង​ព្រះ​ទ័យ​ថា នាង​នេះ​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ព្រះ​អង្គ​មែន។

ក្សត្រ​ទាំង​ពីរ​អង្គ​លុះ​នៅ​ក្នុង​ព្រៃ​នោះ​បាន​ពីរ​បី​ថ្ងៃ ក៏​ត្រឡប់​ទៅ​នៅ​ក្នុង​នគរ​វិញ ចូល​ទៅ​អាស្រ័យ​នៅ​ក្នុង​ឧទ្យាន​របស់​ព្រះ​បិតា។ ព្រះ​វរ​បិតា​បាន​ជ្រាប​ថា​កូន​ទាំង​ពីរ​ត្រឡប់​មក​វិញ​ហើយ ក៏​ចាត់​ចែង​រៀប​ចំ​ពិធី​អភិសេក​បុត្រ​ឱ្យ​សោយ​រាជ្យ​ស្នង​ព្រះ​អង្គ លើក​នាង​សម្ពុលា​ជា​អគ្គ​មហេសី​ធំ។ ព្រះ​វរ​បិតា​ក៏​ចេញ​បួស​ជា​តាបស​ឥសី​អាស្រ័យ​នៅ​ក្នុង​ឧទ្យាន​នោះ។

ព្រះ​បាទ​សោត្ថិ​សេន តាំង​តែ​ពី​បាន​សោយ​រាជ្យ​គ្រាន់​តែ​តាំង​នាង​សម្ពុលា​ឱ្យ​ធ្វើ​ជា​អគ្គ​មហេសី តែ​មិន​ដែល​នឹក​នា​ឱ្យ​ប្រយោជន៍​ណា​មួយ​ដល់​នាង​ឡើយ ទាំង​សុខ​ទុក្ខ​យ៉ាង​ណា ក៏​ព្រះ​អង្គ​មិន​ជ្រាប មាន​ព្រះ​ទ័យ​ត្រេក​ត្រអាល​តែ​នឹង​ពួក​ស្រី​ជា​បរិវារ នាង​មាន​សេចក្ដី​ព្រួយ​ព្រះ​ទ័យ​ខ្លាំង​ណាស់ សោយ​ក្រយា​ស្ងោយ​មិន​បាន ទៅ​ជា​ស្គាំង​ស្គម​រីង​រៃ​ស្លេក​ស្លាំង​ព្រះ​ភក្រ្ត មិន​មាន​សេចក្ដី​សុខ​ពេល​ណា​មួយ​ឡើយ នាង​នឹក​ដល់​ហេតុ​ខាង​ដើម​ថា ស្ដេច​នេះ​ដែល​បាន​សោយ​រាជ្យ​ថ្កុំ​ថ្កើង​ប៉ុណ្ណេះ​នេះ ក៏​ព្រោះ​តែ​អញ កាល​ដែល​កើត​រោគ​ពេញ​ទាំង​ព្រះ​កាយ ហើយ​ចេញ​ពី​នគរ​ទៅ​នៅ​ក្នុង​ព្រៃ​តែ​ពីរ​នាក់ ខ្លួន​អញ​ឥត​នឹក​ដល់​ការ​នឿយ​ហត់​ខំ​ប្រឹង​ថែ​រក្សា​ព្យាបាល​រោគ​ដរាប​ដល់​រម្ងាប់​ទៅ​បាន ឥឡូវ​ដល់​បាន​សេចក្ដី​សុខ​ហើយ ឥត​មាន​នឹក​នា​ដល់​សេចក្ដី​ទុក្ខ​លំបាក​ខាង​ដើម ឱ​ខ្លួន​អញ​ជា​ស្រី​កើត​មក​អភព្វ​ណាស់​ហ្ន៎ ! ស្លាប់​ទៅ​វិញ​ប្រសើរ​ជាង រស់​នៅ​ឥត​អំពើ។ ទើប​នាង​ចូល​ទៅ​ក្រាប​ថ្វាយ​បង្គំ​ព្រះ​តាបស​ជា​បិតា​ឱ្យ​លោក​ជួយ​ស្រាយ​នូវ​សេចក្ដី​ទុក្ខ​ព្រួយ ក្នុង​ពេល​ដែល​លោក​និមន្ត​មក​ធ្វើ​ភត្ត​ក្នុង​ប្រាសាទ។

ព្រះ​តាបស​បាន​ឃើញ​នាង​មាន​សរីរៈ​ស្គាំង​ស្គម​ស្លេក​ស្លាំង ក៏​សួរ​ថា ៖

យេ កុញ្ជរា សត្ត​សតា ឧឡារា

រក្ខន្តិ រត្តិន្ទិវំ ឧយ្យុតាវុធា

ធនុគ្គហានញ្ច សតានិ សោឡស

កថំវិធេ បស្សសិ កទ្ទេ សត្តវោ។

ម្នាល​នាង​ដ៏​ចម្រើន ដំរី​ទាំង ៧០០ ជា​សត្វ​មាន​កម្លាំង​ដ៏​លើស​លប់​​មាន​អាវុធ​រៀប​ចំ​ចាំ​រក្សា​អស់​វេលា​យប់​និង​ថ្ងៃ ពួក​ខ្មាន់​ធ្នូ ១ ពាន់ ៦ រយ​នាក់ ( ក៏​នៅ​ចាំ​រក្សា​អស់​កាល​ជានិច្ច ) ចុះ​នាង​ឃើញ​នូវ​សត្រូវ​ដូច​ម្ដេច​បាន ( ឬ​មួយ​នាង​មាន​ហេតុ​ដូច​ម្ដេច​បាន​ជា​ស្គាំង​ស្គម​ម៉្លេះ )។

ទើប​នាង​ទូល​ព្រះ​វរ​បិតា​ថា ៖

អលង្កតាយោ បទុមុត្តរត្ត​ធា

វិរាគិតា បស្សតិ ហំសគគ្គរា

តាសំ សុណិត្វា មិតគីតវាទិតំ

នទានិ មេ តាត តថា យថា បុរេ។

សុវណ្ណ​សង្កច្ចធរា សុវិគ្គហា

អលង្កតា មានុសិយច្ឆ​រូបមា

សេនាបិយា តាត អនិន្ទិតង្គយោ

ខត្តិយ​កញ្ញា បដិលោក​យន្តិ នំ។

សចេ អហំ តាត តថា យថា បុរេ

បតិ តំ ឧញ្ឆយ បុនា វនេ ភ រ

សម្មានយេ មំ ន ច មំ វិនាយ​នេ

ឥតោបិ មេ តាត តតោ វរំ សិយា។

យមន្នបានេ វិបុលស្មិ ឱហិតេ

នារី វិមដ្ឋាភរណ អលង្កតា

សព្វង្គុបេតា បតិនោ ចអប្បិយា

អវជ្ឈ តស្សា មរណំ តតោ វរំ។

អបិ ចេ ទលិទ្ទា កបណា អនាឡិយា

កដាទុតិយា បតិនោ ច សា បិយា

សព្វង្គុបេតាយបិ អប្បិយាយ

អយមេវ សេយ្យា កបណាបិ យា បិយា។

បពិត្រ​ព្រះ​បិតា ព្រះ​ស្វាមី​ឃើញ​នូវ​ស្រី​ដែល​តាក់​តែង​កាយ មាន​សម្បុរ​ស្បែក​ដូច​ជា​ស្រទាប់​ផ្កា​ឈូក មាន​សរីរៈ​លាប​ស្រឡាប​នូវ​គ្រឿង​ក្រអូប​ដ៏​វិសេស មាន​សំឡេង​ដូច​ជា​សំឡេង​សត្វ​ហង្ស ស្ដាប់​នូវ​ចម្រៀង​និង​ប្រគំ​ដែល​គេ​គួរ​រាប់​រក​របស់​ពួក​ស្រី​ទាំង​នោះ ឥឡូវ​នេះ​ព្រះ​ស្វាមី​របស់​ខ្ញុំ​ម្ចាស់​មិន​ប្រព្រឹត្ត​ដូច​ក្នុង​កាល​មុន​ទេ។ បពិត្រ​ព្រះ​វរ​បិតា ពួក​ស្រី​មាន​រូប​ល្អ​ទ្រទ្រង់​នូវ​សង្វារ​មាស តាក់​តែង​ខ្លួន​ដូច​ស្រី​អប្សរ​ក្នុង​មនុស្ស​លោក ជា​ទី​ស្រឡាញ់​នៃ​ស្ដេច​សោត្ថិសេន ជា​ស្រី​មាន​រាង​កាយ​ដែល​អ្នក​ផង​តិះ​ដៀល​មិន​បាន ជា​ខត្តិយ​កញ្ញា​រមែង​ប្រលោម​ព្រះ​ស្វាមី​នោះ​ឱ្យ​ជាប់​ព្រះ​ទ័យ​បាន។ បពិត្រ​ព្រះ​បិតា ប្រសិន​បើ​ខ្ញុំ​ម្ចាស់​ចិញ្ចឹម​នូវ​ព្រះ​ស្វាមី​ក្នុង​ព្រៃ​ទៀត ដោយ​ការ​ស្វែង​រក​នូវ​ផ្លែ​ឈើ​ដូច​ក្នុង​កាល​មុន​ដូច្នេះ​ ព្រះ​ស្វាមី​រាប់​អាន​ខ្ញុំ​ម្ចាស់​ក្ដី មិន​រាប់​អាន​ខ្ញុំ​ម្ចាស់​ក្ដី បពិត្រ​ព្រះ​បិតា ព្រោះ​ហេតុ​នោះ ព្រៃ​នោះ​ឯង ប្រសើរ​ជាង​រាជ​សម្បត្តិ​ក្នុង​ក្រុង​ពារាណសី​នេះ​ទៅ​ទៀត។ នាង​នារី​ឯ​ណា កើត​ក្នុង​ត្រកូល​មាន​បាយ​និង​ទឹក​បរិបូណ៌ ដែល​គេ​ចាត់​ចែង​ហើយ​ជា​អ្នក​មាន​គ្រឿង​មាន​ប្រដាប់​ដ៏​ស្អាត​វិសេស តាក់​តែង​ខ្លួន​ប្រកប​ដោយ​អង្គ​គ្រប់​យ៉ាង តែ​មិន​ជា​ទី​ស្រឡាញ់​របស់​ប្ដី ឬ​ជា​ស្រី​ឥត​កូន សេចក្ដី​ស្លាប់​របស់​នារី​នោះ ប្រសើ​ជាង​ការ​នៅ​ជា​ឃរា​វាស​នោះ​ទៅ​ទៀត។ បើ​ស្រី​ឯ​ណា​ទាល់​ក្រ​កំព្រា​ល្ងង់​ខ្លៅ មាន​តែ​កន្ទេល​ជា​គម្រប់​ពីរ​នឹង​ខ្លួន តែ​ស្រី​នោះ​ជា​ទី​ស្រឡាញ់​របស់​ប្ដី​ទៅ​ទៀត។

នាង​សម្ពុលា​បាន​ទទួល​ហេតុ​បន្តុះ​បង្អាប់​ខ្លួន​ឯង ចំពោះ​ព្រះ​វរ​បិតា រួច​សព្វ​គ្រប់​ហើយ ទើប​តាបស​ជា​បិតា​ឱ្យ​ទៅ​អញ្ជើញ​ស្ដេច​មក​នឹង​ឱ្យ​ដំបូន្មាន​តាម​គន្លង​ធម៌។ ម្នាល​បុត្រ កាល​ដែល​បុត្រ​មាន​រោគ​ចេញ​ពី​ទី​នេះ​ទៅ​អាស្រ័យ​នៅ​ក្នុង​ព្រៃ នាង​នេះ​តាម​ទៅ​បម្រើ ធ្វើ​រោគ​ឱ្យ​រម្ងាប់​បាន លុះ​ត្រឡប់​មក​គ្រប់​គ្រង​រាជ​សម្បត្តិ​វិញ ម្ដេច​ហើយ​ក៏​ភ្លេច​ហេតុ​ដើម ទាំង​ភ្លេច​សេចក្ដី​ទុក្ខ​របស់​នាង​នេះ​ទៅ​វិញ នែ​សោត្ថិ​សេន​បុត្រ ឯ​ការ​ទ្រុស្ត​មិត្ត​យ៉ាង​នេះ​មិន​ល្អ​ទេ បាប​ធ្ងន់​ណាស់។ ព្រះ​តាបស​ជា​បិតា​បន្ទោស​យ៉ាង​នេះ​ហើយ ទើប​ឱវាទ​ត​ទៅ​ទៀត ៖

សុទុល្លកិត្ថី បុរិសស្ស យា ហិតា

កត្តិត្ថិយា ទុល្លភោ យោ ហិតោ ច

ហិតា ច តេ សីលវតី ច ភរិយា

ជនិន្ទ ធម្មំ ចរេ សម្ពុលាយ។

ម្នាល​បា​ជា​ធំ​ក្នុង​ដែន ស្រី​ឯ​ណា​ជា​គុណ​ដល់​បុរស ស្រី​នោះ​គេ​រក​បាន​ដោយ​ក្រ​ក្រៃលែង បុរស​ឯ​ណា​ជា​គុណ​ដល់​ស្រី បុរស​នោះ​ក៏​គេ​រក​បាន​ដោយ​ក្រ​ដែរ ភរិយា​របស់​បា​ជា​គុណ​ដល់​បា​ផង មាន​សីល​ផង បា​ចូរ​ប្រព្រឹត្ត​ធម៌ ( ដោយ​​ការ​រួប​រួម​ជាមួយ​គ្នា ) នឹង​សម្ពុលា​ចុះ។

ព្រះ​តាបស​ឱ្យ​ឱវាទ​ហើយ ក៏​និមន្ត​ទៅ​កាន់​អាស្រម​ក្នុង​ឧទ្យាន​នោះ​វិញ។

ព្រះ​បាទ​សោត្ថិ​សេន​រាជ ទ្រង់​ត្រាស់​ហៅ​នាង​សម្ពុលា​មក​ខមា​ទោស​ថា ម្នាល​នាង​ដ៏​ចម្រើន សេចក្ដី​កំហុស​ដែល​យើង​ធ្វើ​ហើយ​អស់​កាល​យូរ សូម​នាង​អត់​ទោស​ដល់​យើង​ដោយ​សេចក្ដី​សង្រ្គោះ។ ទើប​ព្រះ​អង្គ​ពោល​ពាក្យ​ប្ដេជ្ញា​ចំពោះ​នាង​ថា ៖

សចេ តុវំ វិបុលេ លទ្ធ​ភោតេ

ឥស្សាវតិណ្ណា មរណំ ឧបេសិ

អហញ្វ តេ ភទ្ទេ ឥមា រាជ​កញ្ញា

សព្វេវ តេ វចនករា ភវាម។

ម្នាល​នាង​មាន​ភោគ​ច្រើន បើ​នាង​មិន​លុះ​ក្នុង​អំណាច​នៃ​សេចក្ដី​ច្រណែន​ដរាប​ដល់​​មរណៈ​ទេ​យើង​និង​ពួក​រាជ​កញ្ញា​ទាំង​អស់​របស់​នាង​នេះ នឹង​ធ្វើ​តាម​ពាក្យ​របស់​នាង​ដរាប​ទៅ។

ចាប់​តាំង​ពី​ថ្ងៃ​នេះ​ទៅ ព្រះ​រាជា​សោត្ថិសេន​បាន​ធ្វើ​ការ​រួប​រួម​មូល​មិត្ត សេចក្ដី​សុខ​ទុក្ខ​ជាមួយ​នឹង​អគ្គ​មហេសី ទាំង​ប្រគល់​កិច្ចការ​នាទី​មុខ​ក្រសួង​របស់​នាង​ឱ្យ​ធ្វើ​តាម​ត្រូវ​ការ នឹង​ចាត់​ចែង​ធ្វើ​បុណ្យ​ទាន​តាម​បវេណី​របស់​មហា​ក្សត្រ ជា​ផ្លូវ​ជា​ដំណើរ​ទៅ​កាន់​សុគតិ​ភព​តាម​យថា​កម្ម។ ឯ​ព្រះ​តាបស​ជា​បិតា​ក៏​បាន​សម្រេច​ឈាន​សមាបត្តិ ជា​ផ្លូវ​ជា​ដំណើរ​ទៅ​កាន់​ព្រហ្ម​លោក។

ព្រះ​បរម​សាស្ដា ទ្រង់​សម្ដែង​អតីត​ជាតិ​នៃ​នាង​មល្លិកា​ទេវី​នេះ​ឱ្យ​ឃើញ​ប្រាកដ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ នាង​មល្លិកា​ទេវី​នេះ ជា​ស្រី​ឆ្លៀវ​ឈ្លាស​ប្រកប​ដោយ​កល្យាណ​ធម៌​ច្រើន​យ៉ាង ប៉ិន​ប្រសប់​ខាង​កិច្ចការ​គ្រប់​យ៉ាង មាន​ធ្វើ​កុសល​ជា​ដើម បាន​ឈ្មោះ​ថា​ជា​បតិ​ទេវតា មិន​តែ​ឥឡូវ​នេះ​ទេ កាល​ពី​ព្រេង​នាយ​កើត​ជា​នាង​សម្ពុលា​នោះ​ក៏​ដូច្នោះ​ដែរ។

ព្រះ​អង្គ​ទ្រង់​ប្រជុំ​ជាតក​អំពី​អតីត​ជាតិនិង​ក្នុង​បច្ចុប្បន្ន​នេះ ឯ​នាង​សម្ពុលា​ទេវី បាន​មក​ជា​នាង​មល្លិកា​ទេវី ស្ដេច​សោត្ថិសេន បាន​មក​ជា​ព្រះ​រាជា​កោសល តាបស​ជា​បិតា ក៏​គឺ​អង្គ​តថាគត​ហ្នឹង​ឯង។

ចប់ សម្ពុលា​ជាតក

តឹសតិ​និបាត សត្តមភាគ។

[១] អសុរ​អាស្រ័យ​នៅ​លើ​កំពូល​ភ្នំ​នោះ។

[២] ប្រហែល​ជា​អសុរ នឹង​នាង​សម្ពុលា និយាយ​ស្ដាប់​គ្នា​មិន​បាន គឺ​សញ្ញា​ដោយ​ដៃ។

ប្រភព ៖ ទស្សនាវដ្ដី​កម្ពុជសុរិយា អត្ថបទក្បាលទី១ ឆ្នាំទី១៧ ខ្សែទី៦ គ.ស.១៩៤៥ ព.ស.២៤៨៥ និងអត្ថបទក្បាលទី២ ឆ្នាំទី១៧ ខ្សែទី៧ គ.ស.១៩៤៥ ព.ស.២៤៨៥

 

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments