មានសេចក្ដីទាក់ទងរវាងពុទ្ធចក្រនិងរាជអាណាចក្រ
ឧកញ៉ា ទេពពិទូរ ឈឹម ក្រសេម គន្ថបណ្ឌិត
ការទាក់ទងច្បាប់សម្រាប់ស្រុក និងពុទ្ធសាសនាដែលនឹងពោលទៅនេះសំដៅដល់បញ្ញាច្បាប់ផ្សេងៗ ដែលកើតឡើងដោយអាស្រ័យការដែលអ្នកស្រុកញែកបុគ្គលចេញជាព្រះសង្ឃមួយពួក ជាឃរាវាសមួយពួក។
ព្រះសង្ឃមានច្បាប់ដោយចំពោះគឺវិន័យ ប្រកបដោយអដ្ឋកថា នឹងពាក្យអធិប្បាយផ្សេងៗ ដែលព្រះមហាថេរនិងអាចារ្យទាំងឡាយបានរចនាទុកជាតំណៗមក តាំងអំពីបុរាណកាលមានគម្ពីរសមន្តប្បាសាទិកាជាដើម។ ព្រះវិន័យនិងច្បាប់ មានវិធីដំណើរទៅមួយផ្លូវម្នាក់ឬមួយយ៉ាងម្នាក់ ព្រោះមានសេចក្ដីប៉ុនប៉ងផ្សេងគ្នាដោយធម្មតា សេចក្ដីផ្សេងគ្នារវាងព្រះវិន័យនិងច្បាប់នេះ មិនជាហេតុឱ្យមានខទំនាស់កើតឡើងបានទេ ព្រោះព្រះសង្ឃបំពេញសមណធម៌នៅក្រៅខេត្តដែលឃរាវាសដំណើរជីវិតនៅជាធម្មតា ព្រះវិន័យនិងច្បាប់មិនប៉ះគ្នា តែក៏រមែងមានករណីយផ្សេងៗ ដែលធ្វើឱ្យព្រះវិន័យនិងច្បាប់មានការទាក់ទងគ្នាខ្លះដែរ ហើយបើសិនមានខបង្គាប់ដ៏ខុសគ្នាទៅវិញ ក៏អាចមានបញ្ហាកើតឡើងទៅជាអង្គសេចក្ដីឡើងកាន់សាលាវិនិច្ឆ័យបានដូចយ៉ាងទ្រព្យមរតករបស់ភិក្ខុសង្ឃ តាមព្រះវិន័យ ទ្រព្យនោះត្រូវធ្លាក់ជាទ្រព្យរបស់សង្ឃ ហើយបែងចែកជាលហុភណ្ឌ គរុភណ្ឌ តែចំណែកឃរាវាស ច្បាប់បែងទ្រព្យរបស់អ្នកដែលស្លាប់ទៅឱ្យធ្លាក់នៅក្នុងរវាងវង្សញាតិ បើភិក្ខុអ្នកអនិច្ចធម្មគ្មានញាតិមកសុំចំណែកមរតក គណៈសង្ឃត្រូវចាត់ការបែងតាមព្រះវិន័យ តែបើមានញាតិមកសុំចំណែក ក៏ជាហេតុឱ្យមានសេចក្ដីជជែកវិវែកគ្នា ដូចមានប្រាកដតាមពាក្យពិភាក្សារបស់សាលា តុលាការក្នុងប្រទេសផ្សេងៗ ដែលរាប់អានព្រះពុទ្ធសាសនានិងតាមពាក្យពិភាក្សាក្នុងប្រទេសថៃនេះផង។
បញ្ហាដូច្នេះរមែងមានឡើងគ្រប់ៗប្រទេសដែលរាស្ត្ររាប់អានព្រះពុទ្ធសាសនិ មិនថាពុទ្ធសាសនា ឬសាសនាណា ព្រោះកាលសាសនាណាផ្សាយចូលក្នុងប្រទេសណា អ្នកស្រុកក្នុងប្រទេសនោះរមែងមានទំនៀមទម្លាប់និងច្បាប់មកមុនហើយ ដែលអាស្រ័យប្រវេណីលទ្ធិទំនៀមដើមរបស់ជាតិនោះៗ ខបញ្ញត្តិរបស់សាសនាដែលតាំងឡើងជាក្រោយ ទើបមិនចុះរុះគ្នាគ្រប់មុខគ្រប់យ៉ាងតែម្ដងទៅទេ គង់មានទំនាស់គ្នាខ្លះជាធម្មតា ប្រសិនបើសាសនាមានកំណើតទៅក្រៅប្រទេសផងហើយ ខទំនាស់គ្នារឹតតែមានច្រើនឡើង ព្រោះខបញ្ញត្តិនៃសាសនាមុខគួរឱ្យស្ងួនរក្សាច្បាប់និងទំនៀមទម្លាប់ក្នុងប្រទេសដែលបានកើតឡើងមុន ទាំងសាសនាទាំងឡាយនោះដោយសភាពជា (conservative) រមែងកាន់តាមគោលដើមដែលបានស្ថាបនាមកពីបុរាណកាល តែចំណែកឯច្បាប់សម្រាប់ស្រុកទេស រមែងប្រែប្រួលផ្លាស់ប្ដូរថែមថយតាមកាលតាមសម័យ តាមរបៀបទំនៀមទម្លាប់ និងតាមសេចក្ដីត្រូវការរបស់ជនជាតិនោះដែលត្រូវផ្លាស់ប្ដូរជាប្រក្រតី នេះឯងដែលជាហេតុមួយដែលធ្វើឱ្យខបញ្ញត្តិសម្រាប់សាសនា តោងមានរបៀបផ្សេងគ្នាអំពីខបញ្ញត្តិរបស់ពួកឃរាវាស។
ខបញ្ញត្តិដែលកើតឡើងនោះអាស្រ័យសេចក្ដីបែកខ្ញែកផ្សេងគ្នាដូច្នេះ ចំពោះសាសនាគ្រិស្ដមានអ្នកយកចិត្តទុកដាក់យូរយារណាស់មកហើយ ទាល់តែមានតម្រាតែងឡើងជាច្រើនច្បាប់។ ចំណែកឯព្រះពុទ្ធសាសនាតាមដែលខ្ញុំបានដឹង នៅមិនសូវមានអ្នកណាយកចិត្តទុកដាក់ណាស់ សូម្បីក្នុងប្រទេសថៃនិងប្រទេសផ្សេងៗ ដែលរាប់អានព្រះពុទ្ធសាសនា ក៏នៅមិនទាន់មានតម្រាពិនិត្យវិនិច្ឆ័យបញ្ហាបែបនេះដែរ ដូច្នេះប្រហែលជាព្រោះហេតុថា អ្នកនីតិសាស្ត្រប៉ែកឃរាវាសកាន់ថា ជាបញ្ហាដែលទាក់ទាមដោយធម៌វិន័យ ចំណែកខាងព្រះសង្ឃក៏កាន់ថា ជាបញ្ហាដែលទាក់ទាញដោយច្បាប់ស្រុក ទាំងសងខាងទើបព្រងើយកន្តើយមិនរក្សាសេចក្ដីពិត ឃើញថា បញ្ហាព្រះវិន័យនិងស្រុកទេសនៅទាក់ទាមគ្នាជាធម្មតា ទាល់តែញែកចេញពីគ្នាមិនបាន ហេតុនេះអ្នកនីតិសាស្ត្រទាំងព្រះសង្ឃ ទាំងឃរាវាស គួរយកចិត្តទុកដាក់និងជួយគ្នាពិចារណា ព្រោះជាបញ្ហាដ៏សំខាន់គ្រប់ប្រការ ហើយជាបញ្ហាដែលចៀសវាងមិនបានត្រូវតែប៉ះប្រទះ បើមិនថ្ងៃមួយក៏ថ្ងៃមួយ ហេតុនោះគួរពុទ្ធសាសនិកជនទាំងឡាយទទួលយកមកពិចារណាដោយល្អិតល្អ ដើម្បីស្វែងរកពាក្យវិនិច្ឆ័យ ដ៏ជាប់ដោយសេចក្ដីយុត្តិធម៌ គឺការពារមិនឱ្យកើតសេចក្ដីអាស្រូវដល់ព្រះពុទ្ធសាសនានិងព្រះរាជអាណាចក្រ។
ក្នុងការពិចារណានិងរកពាក្យវិនិច្ឆ័យនេះ យើងអាចបានសេចក្ដីដំរួយអំពីប្រវត្តិសាស្ត្រ និងការបដិបត្តិក្នុងប្រទេសជិតខាងដែលរាប់អានព្រះពុទ្ធសាសនាផងគ្នា គឺយើងអាចដឹងថា ក្នុងសម័យពុទ្ធកាល ក្នុងប្រទេសឥណ្ឌាគេបានដោះស្រាយបញ្ហានេះដូចម្ដេច ហើយក្នុងសម័យបុរាណក្នុងប្រទេសថៃ មន ភូមា ខ្មែរ លាវ បានបដិបត្តិមកយ៉ាងណាជាតួយ៉ាង ឱ្យយើងវិនិច្ឆ័យដ៏សមគួរដល់ប្រទេសនិងសម័យ ដើម្បីនឹងឱ្យលោក-អ្នកយល់រឿងនេះដោយល្អិតល្អ ខ្ញុំសុំលើកបញ្ហា ១ខ មកពិគ្រោះផង តាមវិធីដែលខ្ញុំពោលមក គឺតាំងបញ្ហាឡើងថា៖ កាលបុរសមានភរិយាហើយទៅបួសជាភិក្ខុក្នុងព្រះពុទ្ធសាសនា តើការសម្ពន្ធនៃស្វាមីភរិយានោះជានៅជាប់តទៅ ឬដាច់ចាកសម្ពន្ធជាស្វាមីភរិយាហើយ ? ឬគួរជាដូចម្ដេចទៅវិញ ? ។
តាមបញ្ហានេះគួរសង្កេតថា តាមព្រះវិន័យមិនបញ្ញត្តិ ឬណែនាំដែលនាំឱ្យឃើញថា គួរវិនិច្ឆ័យយ៉ាងណាទេ ! បុគ្គលដែលមានសទ្ធាក្នុងព្រះពុទ្ធសាសនា និងឧបសម្ប័ទដើម្បីបំពេញសមណធម៌នោះ ត្រូវលះទ្រព្យសម្បត្តិចេញទាំងអស់ និងលះភរិយានូវបុត្រចេញ តែមិនបានបង្គាប់ថា ត្រូវទម្លាយទ្រព្យសម្បត្តិនោះៗចោលចេញជាមុនសិន នឹងលែងលះផ្ដាច់ចំណងចាកភាវៈជាស្វាមីភរិយាជាមុនសិន ទើបទទួលឱ្យឧបសម្ប័ទបានក៏ទេដែរ ព្រោះជាមុខងាររបស់ច្បាប់សម្រាប់ស្រុកដែលត្រូវមានខបង្គាប់ ខបង្គាប់នេះទើបអាចប្រែប្រួលទៅតាមទំនឹមទំនៀមរបស់ប្រទេសនិងកាលសម័យ ដូចយ៉ាងកាន់ថា ការបួសនេះជាហេតុធ្វើឱ្យចំណងនៃស្វាមីភរិយាចប់ចុះ ឬជាហេតុឱ្យលែងលះគ្នាបាន តែគេអាចកាន់ថា ការបួសគ្រាន់តែជាការលះភរិយា សឹងធម្មតាមិនជាហេតុឱ្យការសម្ពន្ធចប់ចុះឡើយ គ្រាន់តែបើកឱកាសឱ្យភរិយាសុំលែងលះបាន ក្នុងវេលាដែលស្វាមីបោះបង់ចោលយូរហួសកំណត់ ច្បាប់ទម្លាប់ទោះបីដូចម្ដេចក៏ដោយក៏មិនប៉ះពាល់ដល់ព្រះពុទ្ធបញ្ញត្តិក្នុងព្រះវិន័យ បុគ្គលដែលបួសជាភិក្ខុអាចនៅក្នុងសិក្ខាបទបដិបត្តិតាមព្រះវិន័យតទៅ សូម្បីភរិយាដែលលែងលះហើយ ចំណែកខាងស្រុកទេសនៅកាន់ថាជាភរិយា ទាំងហាមមិនឱ្យមានប្ដីថ្មីទៀតបាន តែកាលមកពិគ្រោះមើលដោយល្អិតសព្វគ្រប់ហើយ ច្បាប់មិនល្អដល់ម្ល៉ោះទេ គឺមានបទដែលផ្ទុយគ្នានឹងសេចក្ដី ចំណែកក្នុងព្រះវិន័យតែម្ដង សូម្បីមានបទដល់ទៅទំនាស់គ្នាក៏ពិតមែន តែមិនបានអើពើនូវការបដិបត្តិផ្លូវព្រះវិន័យក្នុងប្រការខ្លះ ដូចដែលបានឃើញតាមច្បាប់ឬតាមប្រវេណីផ្សេងៗ ដែលមាននៅក្នុងប្រទេសដែលរាប់អានព្រះពុទ្ធសាសនា តាំងអំពីសម័យបុរាណរហូតដល់សម័យបច្ចុប្បន្ន។
ក្នុងប្រទេសឥណ្ឌាគ្រាពុទ្ធកាល បញ្ហាដែលកំពុងវិនិច្ឆ័យនេះ មិនគួរបើនឹងកើតឡើង ព្រោះក្នុងប្រទេសឥណ្ឌាការអាពាហ៍ពិពាហ៍មិនចេះចប់ចុះ បើមានការលែងលះឱ្យស្រីដែលរៀបការហើយមានស្វាមីថ្មីទៀតបាន ហេតុនោះស្វាមីគ្រាន់តែបួសជាបុព្វជិតក្នុងព្រះពុទ្ធសាសនា ក៏គង់នៅជាស្វាមីភរិយាតទៅដោយពិត ពិតមែនតែថាច្បាប់ហិណ្ឌូអនុញ្ញាតឱ្យស្រីដែលស្វាមីទៅបួសជាឫសី ក្នុងលទ្ធិសាសនាព្រាហ្មណ៍ យកប្ដីប្រុសដទៃទៀតបាន ដោយមានឋានៈដ៏ប្រហែលគ្នា និងការជាស្វាមីភរិយាតាមច្បាប់ តែជាទីសន្ធិៈថា ច្បាប់នេះប្រើពិន័យបានរហូតដល់ការបួសជាភិក្ខុក្នុងព្រះពុទ្ធសាសនាឬទេ ? ព្រោះការបួសជាឫសីនិងជាភិក្ខុនោះខុសគ្នាឆ្ងាយ ហេតុបុគ្គលកាលបួសជាឫសីហើយ មិនអាចត្រឡប់ជាគហបតីវិញបាន គឺតោងចាំសីលនៅក្នុងព្រៃដរាបអស់ជីវិត ប្រសិនបើឫសីនោះលើកលែងចាំសីល ហើយត្រឡប់មកនៅគ្រប់គ្រងផ្ទះវិញ ច្បាប់ហិណ្ឌូបង្គាប់ឱ្យធ្វើទោសយ៉ាងទម្ងន់ ហើយមិនព្រមឱ្យត្រឡប់មកជាគហបតីដូចដើមវិញ តែចំណែកខាងព្រះពុទ្ធសាសនា ការបួសជាបុព្វជិតនោះ មិនរឹតរួតឱ្យតោងទ្រង់សំពត់កាសាវពស្ត្ររហូតជីវិតទេ អ្នកបួសមានសិទ្ធិនឹងសឹកបានជាដរាប ព្រោះតាមព្រះពុទ្ធសាសនា ការបួសគ្រាន់តែបើកឱកាសឱ្យអ្នកបួសបានប្រទះឃើញអារ្យធម៌ ហើយនិងទទួលផលនៃកុសលកម្មដែលបានសាងសន្សំមកអំពីមុន អ្នកដែលមានអភិនីហារបារមីច្រើន កាលបួសហើយក៏អាចនៅរហូតជីវិតទៅបានទាំងអាចបានទទួលផលរម្លត់កិលេស រួចចាកសង្សារទុក្ខបានក្នុងជាតិនោះតែម្ដង តែបើអ្នកមានវាសនាបារមីតិចនៅអាល័យទ្រព្យសម្បត្តិក្នុងលោកនេះ ក៏សឹកចេញជាឃរាវាសបាន តែបានទទួលផលតិចតាមយថាកម្មរបស់ខ្លួន ការបួសក្នុងសាសនាព្រាហ្មណ៍ ឬក្នុងសាសនាគ្រិស្ត អ្នកបួសតោងនៅបំពេញសមណធម៌ដរាបដល់អាយុក្ស័យ។
អ្នកនីតិសាស្ត្រពួកហិណ្ឌូរមែងដឹងថា ការបួសជាព្រះសង្ឃក្នុងព្រះពុទ្ធសាសនាផ្សេងគ្នាអំពីការបួសជាឫសីតាមលទ្ធិសាសនាព្រាហ្មណ៍ ទើបគួរសន្និដ្ឋានថា មិនបាននាំយកច្បាប់ដែលទាក់ទាមដោយការបួសជាឫសីមកប្រើគ្រប់គ្រងអ្នកបួសជាភិក្ខុដោយផ្លូវអនុលោមទេ ក្នុងគម្ពីរព្រះត្រៃបិដកនិងអដ្ឋកថាមានរឿងផ្សេងៗជាច្រើនរឿងដែលជាឧបករណ៍ជំនួយសេចក្ដីវិនិច្ឆ័យនេះបានយ៉ាងល្អ ដូចយ៉ាងក្នុងអដ្ឋកថានៃថេរគាថាឬធម្មបទពណ៌នាដល់ឧបាយផ្សេងៗ ដែលភរិយាចាស់របស់ភិក្ខុបង្កធ្វើមកជាញយៗ ដើម្បីឱ្យស្វាមីសឹកមកចិញ្ចឹមខ្លួនតទៅ ដូចយ៉ាងភរិយារបស់ព្រះបុណ្ណមាស កាលបុត្រស្លាប់ទៅហើយ ក៏មកអង្វរស្វាមីឱ្យទៅនៅជាមួយគ្នាដូចដើមវិញដោយក្រែងថា បើគ្មានបុត្រហើយទ្រព្យសម្បត្តិនឹងធ្លាក់ទៅជារបស់ព្រះមហាក្សត្រ។ ភរិយាព្រះចុល្លកាល មានចិត្តក្លាហានជាងនេះទៅទៀត បានធ្វើឧបាយនិមន្តព្រះសាស្ដាមកឯផ្ទះខ្លួន ខណៈស្វាមីមកផ្ទះដើម្បីត្រួតមើលការក្រាលអាសនៈ សម្រាប់ទទួលព្រះសាស្ដាក៏នាំគ្នាមកចាប់ស្វាមីសម្រាតចីវរចេញ ឱ្យសឹកមួយរំពេច តាមតួយ៉ាងអម្បាលនេះចង្អុលឱ្យឃើញថា ភរិយារបស់ភិក្ខុបានធ្វើឧបាយកលផ្សេងៗ ដើម្បីឱ្យស្វាមីសឹកមកវិញ តែមិនមានតួយ៉ាងដែលភរិយាយកស្វាមីថ្មីទៀត តាមគម្ពីរវិភង្គ ពោលដល់ភិក្ខុដែលនៅមានអាល័យទ្រព្យសម្បត្តិនិងភរិយា ដោយប្រើសម្ដីថា
“បដាបតិ មេ អត្ថិ សា មយា បោសេតព្វា អាត្មានេះនៅមានភរិយាដែលត្រូវបីបាច់ចិញ្ចឹម” ខនេះសឱ្យឃើញច្បាស់ថា សូម្បីបានទទួលឱបសម្ប័ទហើយក្ដីក៏នៅកាន់ថា ការសម្ពន្ធផ្លូវស្វាមីភរិយានោះពុំទាន់ផុតនៅឡើយ ព្រះនន្ទនោះក៏ដូច្នេះដែរ កាលបួសហើយនៅគិតដល់ភរិយាជានិច្ច ទាល់តែព្រះបរមសាស្ដាធ្វើឧបាយបង្ហាញឱ្យឃើញស្រីសួគ៌ ដែលមានរូបឆោមល្អជាងភរិយាខ្លួន ទើបបន្ទោសេចក្ដីអាល័យក្នុងភរិយារបស់ខ្លួនទៅបាន តាមរឿងក្នុងគម្ពីរឃើញបានថា ភរិយារបស់ភិក្ខុនៅរង់ចាំស្វាមីដែលបួសជានិច្ច ដូចយ៉ាងព្រះចិត្តហត្ថបួស ៦ ដង សឹក ៦ ដង ក៏នៅតែត្រឡប់ទៅឃើញភរិយាគូគ្រងរបស់ខ្លួននៅរង់ចាំក្នុងផ្ទះរាល់ៗដង។ មួយទៀតតាមក្នុងគម្ពីរមិនបានហៅភរិយារបស់ភិក្ខុថាភរិយាចាស់ តែហៅថា បុរាណទុតិយិកា ប្រែថា ស្រីដែលធ្លាប់នៅជាគូគ្នាអំពីមុន ដែលតាំងឈ្មោះដោយឡែកដូច្នេះ ក៏ព្រោះសេចក្ដីពិត នៅមានឈ្មោះជាភរិយាតាមច្បាប់នៅឡើយ គ្រាន់តែមិនបាននៅរួមសង្វាសប៉ុណ្ណោះ ហេតុនេះនឹងហៅថា “បុរាណភរិយា” មិនបាន តោងប្រើពាក្យមួយយ៉ាងដែលសំដៅដល់ការនៅ គឺការដែលមិនបាននៅរួមគ្នា។ ប្រការមួយទៀត តាមក្នុងគម្ពីរនឹងឃើញបានថា ព្រះពុទ្ធអង្គមិនបានហាមភិក្ខុមិនឱ្យចួបនឹងភរិយាតែម្ដង គ្រាន់តែហាមមិនឱ្យសេពមេថុនធម្មដូចគ្នានឹងស្ត្រីដទៃ ស្រីដែលមានចិត្តល្អ តាមរឿងផ្សេងៗក្នុងគម្ពីរមិនជាឧបសគ្គដល់សទ្ធារបស់ស្វាមី មានតួយ៉ាងដ៏សំខាន់ គឺភទ្ទាកបិលានីថេរី ភរិយារបស់ព្រះមហាកស្សបជាដើម បើមិនដល់ទៅបួសជាភិក្ខុនី ក៏គង់ជាឧបាសិកាកាន់សីល ធ្វើបុណ្យកុសលយ៉ាងឃរាវាសទាំងពួង ជាអ្នកឧបដ្ឋាកស្វាមី ចាត់ចែងរកអាហារបម្រុងទុកប្រគេនស្វាមី ក្នុងវេលាដែលមកបិណ្ឌបាត តាមរឿងព្រះថេរចាស់មួយអង្គសឹងមានពោលក្នុងអដ្ឋកថាធម្មបទ សឹងត្រូវព្រះសាស្ដាទ្រង់ដំណៀលក៏ព្រោះភិក្ខុចាស់នោះ សម្ដែងអាការទាក់ទងនឹងភរិយាហួសពេកទៅ តែក៏មិនបានទ្រង់តិះដៀល ការដែលភរិយាជាអ្នកឧបដ្ឋាកភិក្ខុជាស្វាមី និងជាអ្នកជួយឱ្យស្វាមីបានផលពេញតាមវាសនា។ ច្បាប់ប្រវេណីហិណ្ឌូមិនបើកឱ្យភរិយា ដែលស្វាមីលែងលះដើម្បីទៅបួសនោះ យកស្វាមីថ្មីទៀត ហេតុនោះបើភរិយាជាអ្នកមានសទ្ធា រមែងបដិបត្តិក្នុងផ្លូវជាមិត្ររបស់ស្វាមីជាដរាប តែបើភរិយាព្រងើយកន្តើយ ក៏គ្មានផ្លូវដទៃក្រៅអំពីនៅរង់ចាំទម្រាំប្ដីសឹកមក ចំណែកស្វាមីអ្នកបួសជាភិក្ខុ ទើបមានឱកាសពិសោធកុសលសទ្ធារបស់ខ្លួនថា នឹងបួសរហូតទៅឬសឹកមកវិញ ? តាមកម្លាំងចិត្តស្ងប់របស់ខ្លួន ដោយមិនបាច់ក្រែងភរិយាផិតក្បត់ទៅមានស្វាមីថ្មី បើមានសេចក្ដីអាល័យខ្លាំងក៏សឹកមក គង់មានផ្ទះភរិយា-បុត្រពីដើមស្រាប់។
តែកាលពុទ្ធសាសនាចម្រើនផ្សាយទៅក្នុងនានាប្រទេស មានប្រទេសភូមានិងប្រទេសថៃជាដើម ការនឹងបានប្រព្រឹត្តទៅដូចទំនៀមក្នុងប្រទេសឥណ្ឌានោះក៏ទេ ព្រោះតាមទំនៀមដើមការអាពាហ៍ពិពាហ៍ក្នុងប្រទេសនោះមិនខ្ជាប់ខ្ជួនដូចប្រទេសឥណ្ឌា ស្វាមីភរិយាមានសិទ្ធិនឹងលែងលះគ្នាបាន ហើយបើស្វាមីមិនចិញ្ចឹមភរិយា មិនទៅមករកគ្នាក្នុងរវាងវេលាដែលកំណត់ទុកតាមទំនៀមកាន់ថា មិនជាស្វាមីភរិយាតទៅទៀតឡើយ ភរិយាមានសិទ្ធិរកស្វាមីថ្មីទៀតបាន ហេតុនោះកាលស្វាមីបួសជាបព្វជិតហើយ គង់មានបញ្ហាជាគ្រាដំបូងថា នៅជាស្វាមីភរិយាគ្នាតទៅឬទេ ? នេះជាបញ្ហាដ៏ស្មុគស្មាញ ព្រោះខាងព្រះពុទ្ធសាសនា នឹងខាងទំនៀមទម្លាប់ស្រុកទេសអំពីដើម ដើររបៀបខុសគ្នា គឺខាងព្រះពុទ្ធសាសនា គួរឱ្យការសម្ពន្ធនោះនៅដូចដើមតទៅ ព្រោះនៅមិនទាន់ដឹងជាប្រាកដថា អ្នកបួសជាបព្វជិតនោះអាចប្រព្រឹត្តព្រហ្មចរិយទៅបានយូរត្រឹមណា ហើយបើជាកាន់ថាការបួសនោះទុកដូចការលែងលះ ក៏ជាការឧបសគ្គសុញគំនិតដល់អ្នកមានសទ្ធាទាំងឡាយ ព្រោះស្វាមីរមែងមានសេចក្ដីអាល័យក្នុងភរិយា បើត្រូវបង់ភរិយាតាំងអំពីដំបូងដែលចេញបួសនោះតែម្ដង គង់ជាមានមនុស្សជាច្រើននាក់ដែលអល់អែកមិនស្មគ្រចេញបួស កាលបើដូច្នោះអ្នកនោះៗ គង់មិនមានឱកាសប្រទះអរិយធម៌រហូតជីវិតរបស់ខ្លួន ចំណែកឯទំនៀមទម្លាប់ក៏ទៅក្នុងផ្លូវដទៃ មួយយ៉ាងសឹងផ្ទុយគ្នាតែម្ដង ឃើញថា កាលស្វាមីបួសហើយហាក់ដូចជាស្វាមីបោះបង់ចោលមិនចិញ្ចឹមតទៅ ហើយភរិយារមែងមានសិទ្ធិនឹងរកស្វាមីទៀតបាន នឹងបង្គាប់ឱ្យភរិយារង់ចាំស្វាមីក៏ជាការទំនាស់នឹងទំនៀមទម្លាប់ដែលកាន់យកតាំងពីបុរាណកាល។
ការសាសនានិងទំនៀមទម្លាប់ដើររបៀបខុសគ្នាដូច្នេះ ក៏កម្រនឹងរកពាក្យមកវិនិច្ឆ័យឱ្យជាទីយុត្តិធម៌ត្រូវតាមលំអានទាំងពីរផ្លូវ ដូចប្រាកដក្នុងប្រវត្តិសាស្ត្រច្បាប់ក្នុងប្រទេសភូមានិងប្រទេសថៃ។
ក្នុងប្រទេសភូមាមានតម្រាច្បាប់មួយយ៉ាងហៅថា ធម្មសត្ថាំ គឺធម្មសាស្ត្រ ដែលអ្នកនីតិសាស្ត្រតែងឡើងតាំងពីបុរាណកាលមករហូតដល់បច្ចុប្បន្នកាល យើងទើបអាចដឹងនឹងពិគ្រោះមើល សេចក្ដីយល់ឃើញរបស់អ្នកនីតិសាស្ត្រភូមា ក្នុងបញ្ហាខនេះដែលមានមកជាយូរយារដរាបដល់វេលានេះបាន។
ច្បាប់ចាស់បំផុត គឺ មនូធម្មសត្ថាំ របស់ព្រះចៅវារេឡុ (ព្រះចៅហ្វារួ) ដែលបានតាំងឥស្សរៈឡើងក្នុងស្រុកគោតមៈ ? ក្នុងរវាងពុទ្ធសករាជ ១៨៣០ តម្រានេះដោយច្រើនយកសេចក្ដីមកអំពីព្រះធម្មសាស្ត្ររបស់ព្រាហ្មណ៍ឥណ្ឌូ តាំងតែនៅមិនទាន់បានទទួលឥទ្ធិពលព្រះពុទ្ធសាសនា ទើបមិនមានពោលដល់ហេតុដែលបុរសមានភរិយាហើយបួសជាព្រះសង្ឃ តែមានមាត្រា ១ បញ្ញត្តិថា កាលស្វាមីលះភរិយាទៅដើម្បីសិក្សារៀនសូត្រ ភរិយាត្រូវរង់ចាំ ៦ឆ្នាំ ទើបយកប្ដីថ្មីទៀតបាន បទច្បាប់នេះសំដៅដល់ទំនៀមក្នុងសាសនាព្រាហ្មណ៍ គឺ អ្នករៀនព្រះវេទ តែដោយហេតុប្រទេសរាម័ញ្ញដែលព្រះចៅហ្វារួគ្រប់គ្រងនោះមិនកាន់សាសនាព្រាហ្មណ៍ គឺរាប់អានកាន់ព្រះពុទ្ធសាសនាហើយទើបគួរសន្និដ្ឋានថា មាត្រានេះសំដៅដល់ព្រហ្មចារីក្នុងព្រះពុទ្ធសាសនាផង បើជាដូច្នេះពិត ការលែងលះភរិយាចេញបួសជាសង្ឃមិនដូចការលែងលះភរិយាតាមធម្មតា ព្រោះតាមតម្រាជាមួយគ្នានេះឯងថា បើស្វាមីបោះបង់ចោលភរិយាយូរបំផុត ៣ឆ្នាំ នឹងដាច់ចាកសម្ពន្ធភាពជាស្វាមីភរិយាហើយ តែថាបើស្វាមីបួសជាសង្ឃ ភរិយាត្រូវរង់ចាំដល់ ៦ឆ្នាំ សម្ដែងឱ្យឃើញថា ច្បាប់របស់ព្រះចៅវារេឡុព្យាយាមនឹងតាំងនៅខាងប៉ែកពុទ្ធសាសនាច្រើន ព្រោះបើប្រសិនជាស្វាមីមិនសឹក ក្នុងកំណត់វេលាដែលយូរៗដូច្នេះ ក៏ត្រូវយល់ថា អស់អាល័យក្នុងភរិយាហើយគង់មានចំណងនឹងប្រព្រឹត្តព្រហ្មចរិយតទៅ ភរិយាមានសិទ្ធិនឹងគ្រប់គ្រងខ្លួនឯងបាន។
ក្នុងសម័យតមក អ្នកនីតិសាស្ត្រភូមាមិនរ៉ាប់រងបទបញ្ញត្តិក្នុងមាត្រារបស់ព្រះចៅវារេឡុ គង់គិតឃើញថា ដែលភរិយារង់ចាំស្វាមីយូរៗដូច្នេះ ខុសនឹងទំនៀមទម្លាប់ ហើយជាការឱ្យស្រីចាញ់ប្រៀបច្រើន កម្រអ្នកស្រុកនឹងបដិបត្តិតាមបាន ទើបអនុញ្ញាតបើកឱ្យស្រីដែលស្វាមីទៅបួសមានសិទ្ធិយកប្ដីទៀតបាន។ តែក្នុងខណៈជាមួយគ្នានៅកាន់តាមលទ្ធិដើមថា ការបួសមិនទម្លាយសម្ពន្ធចាស់ទៅផង គឺឃើញថា បើស្វាមីមុននៅអាល័យ ហើយសឹកមក ស្វាមីក្រោយត្រូវបង្វិលភរិយាឱ្យទៅគេវិញ បើស្វាមីថ្មីមិនព្រមបង្វិលឱ្យ ហើយស្វាមីដើមប្ដឹងដល់សាលា ស្វាមីថ្មីត្រូវបង់ថ្លៃខ្វាត់ជំនុំជំនួសស្វាមីដើមទាំងអស់ តាមន័យមតិនេះ អាចនឹងឃើញបានថា ស្វាមីដើមដែលបួសជាសង្ឃនៅជាស្វាមីនៅឡើយ ចំណែកឯការអាពាហ៍ពិពាហ៍ក្រោយមិនខ្ជាប់ខ្ជួន នឹងនៅជាមួយគ្នាបាន ដរាបណាដែលស្វាមីដើមមិនទាមទារ។ តម្រាច្បាប់ខ្លះ កំណត់វេលាដែលស្វាមីដើម នឹងសឹកមកទាមទារយកភរិយាមកវិញយូរដល់ទៅ ៨ឆ្នាំ រាប់តាំងអំពីថ្ងៃដែលស្វាមីដើមដឹងរឿងអាពាហ៍ពិពាហ៍ថ្មី ក្រោយនោះ តែដោយច្រើនអ្នកតែងតម្រាមិនកំណត់វេលាយ៉ាងនេះ តែព្យាយាមរកផ្លូវឱ្យបានសេចក្ដីច្បាស់លាស់ថា ស្វាមីដើមដាច់អាល័យក្នុងភរិយាពិតហើយ តម្រាសំខាន់ដែលតែងឡើងក្នុងពុទ្ធសករាជ ២៣៣៤ ឈ្មោះមនូវណ្ណនាធម្មសត្ថាំ អាងបទបញ្ញត្តិមួយបទ ដោយពោលថា ជាបទបញ្ញត្តិដែលតម្រាចាស់ បទនេះបញ្ញត្តិថា “កាលស្វាមីលែងលះភរិយាដើម្បីបួសជាសង្ឃ បើប្រុសដទៃបានស្រីនោះជាភរិយាឥតមានទោស តែថា បើស្វាមីដើមដឹងហើយសឹកមក ស្វាមីថ្មីត្រូវបង្វិលភរិយានោះឱ្យទៅស្វាមីដើមវិញ បើបុរសណាបួសហើយសឹក សឹកហើយបួសដល់ទៅ ៧ ដង ភរិយារបស់បុរសនោះរមែងបានឥស្សរៈយកបុរសដទៃជាស្វាមីតាមទំនើងចិត្ត តែត្រូវរង់ចាំស្វាមីសឹកមកគម្រប់ ៧ ដងរួចហើយ”។
មូលហេតុនៃមាត្រាក្នុងមនូវណ្ណនានេះ ប្រហែលជាយកមកពីក្នុងអដ្ឋកថាធម្មបទ គឺរឿងចិត្តហត្ថ ដែលបានពោលហើយនោះឯង ព្រោះចិត្តហត្ថបួសៗ សឹកៗ ដល់ទៅ ៦-៧ ដង ដូច្នោះជាព្រោះហេតុនេះ ឬព្រោះហេតុដទៃក៏ដោយ បទបញ្ញត្តិក្នុងមនូវណ្ណនា ទើបបានជាទីនិយមរបស់ពួកអ្នកនីតិសាស្ត្រក្នុងប្រទេសភូមាអស់កាលដ៏យូរ ព្រោះតម្រាច្បាប់ដទៃៗដែលតែងតមកបានទទួលរ៉ាប់រងមាត្រានេះជាច្រើនច្បាប់ ដែលនិយមដូច្នេះ ក៏ព្រោះបទមាត្រានេះព្យាយាមនឹងវិនិច្ឆ័យបញ្ហាដ៏ស្មុគស្មាញនេះឱ្យជាទីពេញចិត្តទាំងសងខាង គឺខាងស្វាមីដើមដែលបួសជាសង្ឃនៅស្ងួនសិទ្ធិដែលមាននៅក្នុងភរិយារបស់ខ្លួនយូរតោងសឹក ៧- ដង ហើយបួសក្នុងគ្រាទី ៨ ហើយ រមែងសន្និដ្ឋានបានថា បានតាំងចិត្តលះលែងដាច់ខាត អស់អាល័យដោយពិត ចំណែកឯភរិយាទោះបីការសម្ពន្ធមុនមិនទាន់ផុតនូវឡើយ តែក៏បណ្ដោយឱ្យមានស្វាមីថ្មីទៀតបានមិនបាច់រង់ចាំយូរដូចអំពីដើម បើស្វាមីដើមបួសមិនសឹកទេ ការអាពាហ៍ពិពាហ៍របស់ស្រីនោះក៏សម្បូណ៌ខ្ជាប់ខ្ជួន ដូចជាការអាពាហ៍ពិពាហ៍របស់ស្រីមេម៉ាយ។
តែសេចក្ដីពិតបទមាត្រាក្នុងមនូវណ្ណនានេះ នៅមានខដែលគួររិះគន់ខ្លះ ព្រោះថាការដែលស្វាមីដើមមានសិទ្ធិយកភរិយាមកវិញក៏ដោយ មិនបានគិតដល់ចិត្តស្រី ក៏បង្គាប់ឱ្យស្រីតោងត្រឡប់មកនៅរួមនឹងស្វាមីដើមវិញ ដោយមិនបាច់អើពើពីស្រីនោះជាព្រមព្រៀងផងឬទេ ទើបជាការកំណាចហួសពេកទៅ ត្រឡប់ថយក្រោយចូលទៅក្នុងបទយល់ឃើញក្នុងសម័យបុរាណក្នុងកាលដែលនៅកាន់ថា ភរិយាជាទ្រព្យសម្បត្តិស្វាមី ស្វាមីទើបមានអំណាចយកវិញបាន ដូចគ្នានឹងម្ចាស់ទ្រព្យរមែងមានអំណាចទាមទារកម្មសិទ្ធិក្នុងទ្រព្យសម្បត្តិផ្សេងៗរបស់ខ្លួនដូច្នោះ ឋានៈរបស់ភរិយាក្នុងប្រទេសភូមា បានត្រូវរៀបចំក្នុងសម័យតមកជាច្រើន បទបញ្ញត្តិក្នុងមនូវណ្ណនាដែលនិយមមកអំពីដើម ទើបត្រឡប់ជារបស់កណ្ដឹងចិត្តនិងផុតសម័យទៅហើយ អ្នកនីតិសាស្ត្រទើបគិតរកពាក្យវិនិច្ឆ័យរបស់ខ្លួន។
តាមតម្រាដែលតែងឡើងក្នុងកាលតមកប្រាកដថា នៅមានអ្នកនីតិសាស្ត្រខ្លះដែលព្យាយាមរកផ្លូវដើម្បីការពារសិទ្ធិ របស់ស្វាមីកាលបួសហើយ មានតម្រាដែលធ្លាប់ប្រើក្នុងផែនដី ព្រះចៅប៉ដុង ត្រូវនឹងរជ្ជកាលទី១ ក្រុងរតនកោសិន្ទ្រជាតួយ៉ាង។ តែប្រហែលជាតែងឡើងមុន បញ្ញត្តិថា “កាលស្វាមីបួសជាសង្ឃ ភរិយាត្រូវរក្សាខ្លួននៅរង់ចាំស្វាមី បើស្វាមីសឹកហើយ ប្រសិនជាភរិយាមានប្ដីថ្មីទៀត ស្វាមីដើមបានប្ដឹងដល់តុលាការ តុលាការនឹងបង្គាប់ឱ្យភរិយាត្រឡប់មកនៅរួមស្វាមីដើមវិញក្នុងខាងក្នុង ៣ឆ្នាំ ឬពិភាក្សាឱ្យលែងដាច់ជ្រះស្រឡះអំពីភាវៈប្ដីប្រពន្ធមួយរំពេចបាន ស្រេចហើយតែស្វាមីដើមប្ដឹងសុំ” តាមបញ្ញត្តិនេះអាចឃើញបានថា ការឧបសម្ប័ទមិនទម្លាយទារសម្ពន្ធតែម្ដង តែថា បើភរិយាបានប្ដីថ្មី ស្វាមីដើមមានសិទ្ធិនឹងលែងលះបាន (គឺដោយកាន់ថា មានសហាយស្មន់ ស្វាមីត្រូវបានប្រាក់ពិន័យ នឹងត្រូវរឹបទ្រព្យសម្បត្តិរបស់ភរិយាទាំងអស់) បើស្វាមីមិនចង់លែង សាលឱ្យឱកាសស្វាមី ទៅចរចានឹងភរិយាដល់ ៣ឆ្នាំ កាលផុតកំណត់ហើយ បើភរិយាមិនព្រមត្រឡប់មកនៅរួមនឹងស្វាមីដើមវិញ សាលាទើបមានអំណាចកាត់ឱ្យលែងលះគ្នា ជ្រះស្រឡះ អ្នកតែងតម្រានេះនៅកាន់ថា ស្វាមីដែលបួសជាសង្ឃនៅមានសិទ្ធិក្នុងភរិយានៅឡើយ ឯភរិយាក៏នៅស្លូតត្រង់នឹងស្វាមីដូចដើម ទើបធ្វើទោសភរិយានោះក្នុងស្ថានមានសហាយស្មន់ តែឃើញថា នឹងបង្គាប់ចិត្តភរិយាមិនបាន ទើបលើកឡាត់ឱ្យលែងគ្នាបាន។ បទបញ្ញត្តិក្នុងតម្រានេះ សម្ដែងឱ្យឃើញថា ជឿនទៅមុខហើយ តែដោយអ្នកនីតិសាស្ត្រចាស់បានបណ្ដោយឱ្យភរិយាមានប្ដីបានភ្លាមដោយមិនមានទោស ទាំងបានបដិបត្តិតាមនេះមកយូរ ទាល់តែក្លាយទៅជាប្រវេណីទៅហើយ ទើបជាការលំបាកនឹងត្រឡប់មកធ្វើទោសភរិយាបាន ក្នុងទីបំផុត អ្នកនីតិសាស្ត្រភូមានិងអ្នកពិភាក្សា ក៏តោងបណ្ដោយឱ្យប្រព្រឹត្តទៅដូច្នោះតទៅទៀត នឹងព្រមឱ្យភរិយាលែងលះស្វាមីដើមបានដោយដាច់ខាត។
ក្នុងតម្រាឈ្មោះថា មនូបេ ដែលតែងឡើងក្នុងផែនដីព្រះចៅអឡងពញ៉ា មានមាត្រា ១ បញ្ញត្តិថា កាលស្វាមីបួសជាសង្ឃ ភរិយាត្រូវនៅរង់ចាំ ៧ថ្ងៃ កាលស្វាមីសឹកផុតកំណត់ ៧ថ្ងៃហើយ នឹងទាមទារយកជាភរិយាដូចដើមពុំបាន ភរិយានោះនឹងយកប្រុសដទៃជាស្វាមីបាន មាត្រានេះតុលាការក្នុងប្រទេសភូមានៅប្រើជាច្បាប់ដរាបមកដល់បច្ចុប្បន្ននេះ ទើបរាប់ថាជាកាលក្រោយបំផុតនៃប្រវត្តិសាស្ត្រច្បាប់ភូមាក្នុងបញ្ហាខនេះ ហេតុនោះក្នុងប្រទេសភូមាទើបកាន់ថា ការបួសជាហេតុល្មមឱ្យលែងលះគ្នាបាន តែគួរសង្កេតថា តាមច្បាប់ ការបួស មិនធ្វើឱ្យការសម្ពន្ធដាច់ផុតតែម្ដងទេ ការសម្ពន្ធដែលនឹងដាច់ លុះតែភរិយាមានស្វាមីថ្មីទៀតហើយ ហេតុនោះប្រសិនបើភរិយានៅរង់ចាំស្វាមី ក៏ឈ្មោះថាមិនមានការលែងលះ បើស្វាមីសឹកហើយមកនៅរួមសំវាស បីបាច់ចិញ្ចឹមដូចដើម តាមន័យនេះ មានពាក្យពិភាក្សារបស់តុលាការជាទីតាំងមកហើយ ហេតុនោះ ក្នុងប្រទេសភូមា ត្រង់មតិដើមដែលកាន់ថា ការឧបសម្ប័ទមិនបានទម្លាយការសម្ពន្ធនោះឱ្យរលត់សោះសូន្យទៅទេ នៅមានលំអានប្រាកដនៅដរាបដល់សព្វថ្ងៃនេះ តែសេចក្ដីពិតការដែលភរិយាផុតអំណាចស្វាមីត្រឹមគម្រប់ ៧ថ្ងៃប៉ុណ្ណោះ ក្រោយនោះបានជាឥស្សរៈចំពោះខ្លួន ដូច្នេះ ធ្វើឱ្យអ្នកស្រុកយល់ងាយៗថា ការបួសជាហេតុឱ្យដាច់ទារសម្ពន្ធ។
ក្នុងប្រទេសថៃក៏កាន់ដូចគ្នាថា ” កាលស្វាមីទៅបួសរមែងមិនជាស្វាមីភរិយាគ្នាហើយ ដោយមានមាត្រា ៣៨ នៃច្បាប់លក្ខណៈប្ដីប្រពន្ធ (ច្បាប់ចាស់) បញ្ញត្តិថា “បុរសស្ត្រីដែលនៅរួមបរិភោគជាប្ដីប្រពន្ធផងគ្នា កាលស្វាមីមានសទ្ធាលះភរិយានូវទ្រព្យរបស់ចេញទៅបួសជាភិក្ខុ-សាមណេរហើយ ក្រោយនោះសឹកមកវិញមកនៅរួមនឹងស្រីនោះ បើស្រីមិនស្មគ្រជាភរិយាតទៅ ក៏ស្រេចហើយតែចិត្តស្រី ហេតុថាបួសហើយដាច់ចាកភាវៈជាប្ដីប្រពន្ធ បើបុរសនោះកំហែងចាប់ចងដោយអំណាច លោកឱ្យពិន័យបុរសនោះ ដូចកំហែងចាប់ចងស្រីមេម៉ាយ” តែសេចក្ដីពិតច្បាប់នេះមិនមែនជាច្បាប់ចាស់មកពីព្រេងនាយមកទេ ជាច្បាប់ដែលទើបបញ្ញត្តិឡើង ក្នុងរជ្ជកាលទី៣ ក្រុងរតនកោសិន្ទ្រនេះឯង តាមព្រះរាជកំណត់របស់ព្រះបាទសម្ដេចព្រះពុទ្ធយ៉តហ្វ៉ា ចុះថ្ងៃសុក្រ ២ រោច ខែផល្គុន ឆ្នាំមមី ចុល្លសករាជ ១១៦០ ត្រូវនឹងថ្ងៃ ២៩ មិថុនាយន ព. ស. ២៣៤១ បានសេចក្ដីថា ក្នុងសម័យមុន គឺសម័យក្រុងកៅ (ក្រុងចាស់) ប្រើច្បាប់ចាស់ដ៏មានសេចក្ដីថា “ប្រុសណាធ្វើមិច្ឆាចារដោយស្រីជាភរិយា ដែលព្រះស្ដែងមិនទាន់លះដាច់អាល័យ ក្នុងរវាងបីវស្សា សឹកមកប្ដឹងតវ៉ា កាលពិចារណាបានសេចក្ដីជាស័ត្យហើយ ឱ្យពិន័យប្រុសសហាយនោះ” ហេតុនោះទើបឃើញថា ក្នុងសម័យក្រុងកៅ មិនបានកាន់ថា ការបួសទម្លាយការសម្ពន្ធតែម្ដង ព្រោះស្វាមីអាចនឹងមិនមានចេតនា គិតនឹងលះដាច់តាំងអំពីដំបូង តែកាលបួសបានបីវស្សាហើយមិនសឹកមក ភរិយាមានសិទ្ធិនឹងយកប្ដីថ្មីទៀតបាន ដែលបញ្ញត្តិដូច្នេះ ក៏ព្រោះច្បាប់ទូទៅថា “កាលស្វាមីទៅស្រុកឆ្ងាយ លោកឱ្យស្រីរង់ចាំ ៣ ឆ្នាំ បើផុតកំណត់ហើយស្វាមីមិនត្រឡប់មកដល់ សូម្បីស្វាមីគ្មានចេតនានឹងលែងលះ លោកថាដាច់ចាកសម្ពន្ធជាស្វាមីភរិយាហើយ បើស្រីមានសហាយ ឬមានប្ដីទៀត ឥតមានទោសទេ” ចំណែកឯប្ដីដែលបួស ៣ វស្សាមកហើយ ក៏ចូលក្នុងចំណោមច្បាប់ទូទៅនេះទើបគាប់តាមលំអាន គឺថាការសម្ពន្ធរមែងផុតប៉ុណ្ណោះហើយ បទបញ្ញត្តិទើបគាប់ដោយទំនៀមទម្លាប់នឹងសេចក្ដីបំណងក្នុងព្រះវិន័យផង។
ការដែលព្រះបាទសម្ដេចព្រះពុទ្ធយ៉តហ្វ៉ាឱ្យលើកច្បាប់នោះមិនបានអាងហេតុផល ក្រៅអំពីទ្រង់ឃើញថា មិនត្រឹមត្រូវដោយបទអយ្យការ តែសេចក្ដីពិតគួរឱ្យជឿថា ដែលទ្រង់ឱ្យលើកក៏ដោយហេតុទំនៀមទម្លាប់របស់រាស្ត្រ បានកែប្រើមកហើយតាំងពីសម័យក្រុងកៅ រហូតមកដល់រជ្ជកាលទី១។
ថាដោយហេតុអ្នកស្រុកបែរមកកាន់តាមច្បាប់ នឹងទំនៀមទម្លាប់របស់ភូមា ឬដោយហេតុដទៃក៏ដោយ អ្នកស្រុកដែលមិនបានចូលធ្វើរាជការជាមន្ត្រីកាន់ថា ការបួសជាហេតុឱ្យដាច់ចាកភាវៈជាស្វាមីភរិយា សម្ដេចព្រះពុទ្ធយ៉តហ្វ៉ាទទួលរ៉ាប់រងសេចក្ដីកែប្រែក្នុងប្រវេណីដើម ហើយការជម្រះច្បាប់ អ្នកជម្រះបានយកច្បាប់ថ្មី គឺមាត្រា ៣៨ នោះឯងមកបញ្ចូលក្នុងច្បាប់លក្ខណៈប្ដីប្រពន្ធដើម តែក្នុងខណៈជាមួយគ្នានេះ បានត្រាព្រះរាជកំណត់សម្រាប់ខ្ញុំរាជការដោយចំពោះ បញ្ញត្តិថា “កាលអ្នករាជការលាបួស បើអ្នកណាប្រព្រឹត្តកន្លងប្រវេណី លបសហាយស្មន់នឹងភរិយាអ្នកបួសនោះ ឱ្យធ្វើទាំងប្រុសទាំងស្រីយ៉ាងធ្ងន់” ទាំងនេះក៏ដោយមានព្រះរាជតម្រិះថា អ្នកជាខ្ញុំរាជការទាំងប៉ុន្មាន រមែងមានវាសនាផ្សេងៗគ្នា អ្នកខ្លះមានសតិបញ្ញាច្រើន ឃើញទុក្ខទោសក្នុងការមានទ្រព្យនិងបុត្រភរិយាក៏លាលះដាច់ខាតតែម្ដង ដើម្បីចូលបព្វជ្ជាឧបសម្ប័ទបំពេញសមណធម៌ទៅ ក៏បានសម្រេចមគ្គនិងផលរួចចាកសង្សារទុក្ខ អ្នកខ្លះមានសទ្ធានិងបញ្ញាយ៉ាងកណ្ដាលនិងយ៉ាងឱនថយនៅមានអាល័យក្នុងទ្រព្យសម្បត្តិនិងបុត្រភរិយាលះមិនដាច់ស្រេច ក៏ចូលបួសក្នុងព្រះពុទ្ធសាសនា ឱ្យជាហេតុសិនទើបបានជាផលតទៅក្នុងវេលាក្រោយ កំណត់បួសតែ មួយខែ ពីរខែខ្លះ មួយឆ្នាំខ្លះ ពីរបីឆ្នាំខ្លះ ជាផ្លូវឱ្យបានបង្វឹកចិត្តឱ្យកើតសតិបញ្ញាឡើង ដោយឧបជ្ឈាយ៍អាចារ្យនិងមិត្តអ្នករួមព្រហ្មចារីជាមួយគ្នាជួយប្រដៅ ហើយបានមគ្គផលជាលោកុត្តរសម្បត្តិទៅ តែកាលបួសហើយស្រី-ប្រុស អ្នកមិនខ្មាសបាប មិនខ្លាចបាប រមែងធ្វើមិច្ឆាចារសហាយស្មន់ធ្វើឱ្យអ្នកបួសដែលមិនទាន់បានបង្វឹកចិត្តពេញទី តោងរំភើបក្ដៅក្រហាយ មិនអាចនឹងបំពេញសមណធម៌ឱ្យបានមគ្គផលតទៅ ចួនកាលក្ដៅក្រហាយខ្លាំង តោងត្រឡប់សឹកមកក្នុងរវាងដើម ឬកណ្ដាលវស្សានោះឯង ធ្វើឱ្យខូចព្រះករុណាបារមីដែលទ្រង់តាំងព្រះរាជហឬទ័យឱ្យខ្ញុំរាជការបានលោកិយម្បត្តិ លោកុត្តរសម្បត្តិ ទើបទ្រង់ព្រះតម្រិះថា អ្នករាជការដែលលាបួស ទុកដូចជាអ្នកមានកិច្ចការទៅឆ្ងាយ បុត្រភរិយាដែលនៅខាងក្រោយ ទ្រង់ព្រះករុណាការពារមិនឱ្យអ្នកឯណាបៀតបៀនធ្វើមិច្ឆាចារដល់ស្រីជាភរិយានោះបាន ទើបមានព្រះរាជឱង្ការឱ្យត្រាព្រះរាជបញ្ញត្តិធ្វើទោសភរិយានិងប្រុសអ្នកសហាយស្មន់តាមដែលពោលមកខាងដើម។
អំពីនោះមក ការបួសទើបមានផលផ្សេងគ្នាតាមឋានៈរបស់អ្នកបួស គឺអ្នករាជការដែលមានបណ្ដាសក្ដិ ១ យ៉ាង រាស្ត្រធម្មតា ១ យ៉ាង សឹងជាការចម្លែក ព្រោះការអាពាហ៍ពិពាហ៍របស់អ្នករាជការនិងរបស់រាស្ត្រជាការអាពាហ៍ពិពាហ៍ដូចគ្នា មានសិទ្ធិជាស្វាមីភរិយាតាមច្បាប់ប្រវេណីរបស់ស្រុកទេសដូចគ្នា។ ចំណែកការបួសក៏មានផលតាមព្រះវិន័យដូចគ្នា អ្នកបួសនោះ ទោះជាអ្នករាជការ ឬជារាស្ត្រ ឥតមានខុសគ្នាត្រង់ណា ហេតុម្ដេចច្បាប់ក៏មិនគ្របដណ្ដប់ទួទៅគ្រប់គ្នា តែយើងខ្ញុំឃើញថា មិនចាំបាច់វិនិច្ឆ័យខស្មុគស្មាញនេះ ព្រោះឥឡូវនេះ ប្រមួនកុដហ្មាយផែងនិងពាណិជ្ជបព្វៈ ៥ បានបោះពុម្ពចេញប្រើជាច្បាប់ជំនួសច្បាប់លក្ខណៈប្ដីប្រពន្ធហើយ ចំណែកឯព្រះរាជកំណត់ក្នុងរជ្ជកាលទី១នោះ ជាបញ្ហាថា បានត្រូវលើកលែងប្រើទៅផងឬទេ ? យើងខ្ញុំមិនចង់ពោលដល់ច្បាប់ក្នុងបច្ចុប្បន្ន ដែលសាលាមិនទាន់ពិចារណាជាបទដ្ឋាន ទើបសូមស្លែះតែប៉ុណ្ណេះដោយសង្ឃឹមថា ពាក្យបរិយាយរបស់ខ្ញុំ គង់ជាប្រយោជន៍ណែនាំឱ្យវិនិច្ឆ័យបញ្ហាខនេះឱ្យទៀងត្រង់តាមគន្លងធម៌ គួរដល់ការបដិបត្តិក្នុងផ្លូវព្រះពុទ្ធសាសនា និងប្រវេណីស្រុកទេស តែបញ្ហាខនេះគ្រាន់តែជាតួយ៉ាងក្នុងបញ្ហាផ្សេងៗដែលកើតឡើងដោយទាក់ទងនឹងព្រះពុទ្ធចក្រ នឹងព្រះរាជអាណាចក្រ មានច្បាប់ប្រវេណីម្យ៉ាងម្នាក់ បញ្ហាបែបនេះនៅមានច្រើនហើយស្មុគស្មាញជាងនេះ ក៏មានជាច្រើនខ យើងខ្ញុំទើបសូមឱ្យលោកទាំងឡាយពិនិត្យពិចារណាតទៅ បាឋកថានេះទើបបានសម្រេចប្រយោជន៍ពេញ តាមសេចក្ដីបំណងត្រឹមប៉ុណ្ណេះ។
ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៤៤