ទំនៀម​បេះក្រវាញ

ជំនឿ ទំនៀមទម្លាប់ ប្រពៃណី​ខ្មែរ

ក្រវាញជាប្រទាលមួយយ៉ាង មានផ្លែប្រើជាថ្នាំកែរោគ មានដើមតូចៗ សំប៉ែតៗ មានស្រទាប់ដូចដើមខ្ជាយឬដើមរមៀត ហើយមានកម្ពស់ពីដីចំនួនជា ២០ ឬ ៣០ សង់ទីម៉ែត្រ មានកញ្ចុំ​ផ្កាដុះចេញពីគល់ដូចជាផ្កាខ្ញី។ ផ្លែក្រវាញមានជាតិហឹរ។ ដើមក្រវាញមានសភាពខុសគ្នាពីដើមក្រកោបន្តិច គឺដើមក្រកោមានកម្ពស់ដល់ទៅមួយម៉ែត្រ ឬមួយម៉ែត្រកន្លះដូចដើមរំដេង ឯដើមក្រវាញមានកម្ពស់តែ ២-៣ តឹកប៉ុណ្ណោះ។

ក្រវាញជារបស់ក្រ មិនមានដុះគ្រប់ស្រុកទេ ច្រើនដុះតែនៅដីភ្នំហើយដោយដុំៗផង គេឃើញមាននៅខេត្តពោធិ៍សាត់ បាត់ដំបង កំពង់ស្ពឺ។ បណ្ដាខេត្តទាំង៣នេះ ខេត្តពោធិ៍សាត់មានដុះក្រវាញច្រើនជាងគេ ។ ក្រវាញចាប់ផ្កាផ្លែតាំងពីខែផល្គុន ដល់ទៅខែអាសាឍទើបទុំល្មមបេះ ប៉ុន្តែគេពុំទាន់ហ៊ានបេះទេ ទាល់តែមានបង្គាប់ពីចៅហ្វាយស្រុកទៅមេឃុំៗ បង្គាប់ទៅមេព្រៃ (គឺមនុស្សម្នាក់ដែលអ្នកស្រុកគេតាំងឡើងសម្រាប់មើលការខុសត្រូវក្នុងព្រៃក្រវាញនោះ) ឱ្យទៅមើលក្រវាញសិនបើឃើញថាល្មមបេះបានហើយ ទើបមេព្រៃធ្វើសេចក្ដីរាយកាណ៍​ជូនទៅមេឃុំ។ ធ្វើសេចក្ដីប្ដឹងទៅចៅហ្វាយស្រុកៗ កំណត់ថ្ងៃឱ្យបេះក្រវាញទើបហ៊ានបេះ ប៉ុន្តែនៅខាងខេត្តពោធិ៍សាត់ គេមិនហៅថាបេះក្រវាញទេគេថា “ឡើងក្រវាញ” ទៅវិញ ។

អ្នកឡើងក្រវាញសុទ្ធតែជាតិពីរដែលមានសណ្ដាប់ធ្នាប់ ខុសអំពីខ្មែរអ្នកស្រុកយើងធម្មតា។ ជាតិពីនេះជាមនុស្សមួយពួកដែលពុំសូវរវះរវាមនឹងការចងបានចង់មានទេ គេធ្វើស្រែចម្ការដែរ តែជាការបន្ទាប់បន្សំទេ គេចូលចិត្តរកស៊ីតែឡើងក្រវាញ។ ឯទីលំនៅទៀតសោតក៏មិនបានបានធំដុំមាំមួនល្អដែរ ច្រើនតែជាខ្ទមតូចៗនៅក្បែរជើងភ្នំ។ ជាតិព័រ ច្រើនលែងខ្លួនទទេ ស្លៀកសំពត់ឥតអាវទាំងស្រីទាំងប្រុស។ ជាតិនេះ កាន់សាសនាព្រាហ្មណ៍ ប៉ុន្តែជាតិនេះ មានបង់ពន្ធចូនរាជការយើងដូចជារាស្ត្រខ្មែរធម្មតាដែរ។ នៅក្នុងខេត្តពោធិ៍សាត់ ស្រុកលាវ មានតែ ៥ ឃុំទេ ដែលមានក្រវាញ គឺឃុំតាំងលួច ១ ឃុំតាពងពង់ ១ ឃុំច្រកព្រាល ១ ឃុំស្រែតាំងយ៉ ១ ឃុំពាមព្រុស ១។

នៅពេលដែលត្រូវឡើងក្រវាញ គេរៀបធ្វើពិធីបូជាយ៉ាងឱឡារិកមានសង់រោងក្រសាលនៅកន្លែងអ្នកតា សម្រាប់ដេកនៅដរាបគ្រប់ ៣ ថ្ងៃដែលឡើងក្រវាញ ហើយពិធីនេះ ត្រូវឡើងដំណាលគ្នាទាំង ៥ ឃុំផង។

មេព្រៃរៀបបូជាអ្នកតាហើយ ប្រាប់ទៅពួកអ្នកឡើងក្រវាញថា កាលណាឮសូរគេវាយគង ៣ ដងត្រូវរៀបចំប្រដាប់ប្រដាឡើងក្រវាញគ្រប់គ្នា។ លុះធ្វើពិធីបូជាបួងសួងសុំសេចក្ដីសុខឱ្យអ្នកឡើងក្រវាញហើយ មេព្រៃវាយគង ៣ ដង អ្នកឡើងក្រវាញក៏នាំគ្នាយកសង្រែក ដងរែក ជាល ទៅឡើងក្រវាញរៀងខ្លួន ។

អ្នកឡើងក្រវាញទាំងប៉ុន្មាន ត្រូវតមមិននិយាយពាក្យអាសគ្រាម មិនស្លៀកខោ មិនស្លៀកសំពត់សម្លុយ មិនពាក់មួក មិនជូតក្បាល មិនដើរកាត់រងរបស់គេ គឺអ្នកណាឡើងជួរណា ឡើងជួរនោះទៅ មិនហៅឈ្មោះសត្វថា ខ្លា ពស់…. ជាដើម។

គេឱ្យស្លៀកសំពត់ចងក្បិន បើឈ្មោះណា កន្លងត្រណមទាំងប៉ុន្មានយ៉ាង ខាងលើនេះអ្នកនឹងបណ្ដាលហេតុឱ្យឃើញការមិនស្រួលមួយរំពេច មានឱ្យឃើញខ្លាជាដើម។ បើឃើញដូច្នេះ អ្នកឡើង​ក្រវាញត្រូវទៅប្រាប់មេព្រៃឱ្យគេលក់ជាស្រាមួយដប អង្ករ ១០ នាឡិ សំពត់ ១ អាវ ហើយអ្នកប្រព្រឹត្តខុស ត្រូវទៅសុំទោសចំពោះមុខអ្នកតាជាមួយនឹងមេព្រៃទើបរួចគ្រោះ។ បើពុំនោះទេ នឹងត្រូវខ្លាអូសយកទៅស៊ី ដំរីព្រេច ពស់ចឹក ជ្រូកព្រៃខ្លះពុំខាន ចួនកាលអ្នកប្រព្រឹត្តខុសមិនដឹងខ្លួន ក៏ស្រាប់តែមានភ្លៀងធ្លាក់មកទាំងយប់ទាំងថ្ងៃឥតស្រាកស្រាន្ត នាំឱ្យរំខានដល់អ្នកឡើងក្រវាញ ឃើញដូច្នោះមេព្រៃគេអាចដឹងបានថា មានអ្នកណាមួយខុសត្រណម បើរកមុខមិនឃើញ មេព្រៃត្រូវប្រជុំអ្នកឡើងក្រវាញទាំងអស់មកធ្វើឧបកិច្ចដោយឱ្យធ្វើគប់ភ្លើងមួយៗម្នាក់ អុជឱ្យឆេះដង្គោលឡើង ហើយដេញឆួលគ្នាវីវក់ទៅមកនៅចំពោះមុខអ្នកតា ទើបភៀងរាំងទៅវិញ។

លុះគ្រប់កំណត់វារៈ៣ថ្ងៃ ដែលគេត្រូវឈប់ឡើងក្រវាញ អ្នកឡើងទាំងប៉ុន្មានត្រូវកើបជញ្ជូនផលរបស់ខ្លួនមកទុកកន្លែងរៀងៗខ្លួន ហើយមេព្រៃគេដើរកត់ត្រាឱ្យដឹងថាបានចំនួនប៉ុន្មាន រួចគេកាត់ឱ្យអ្នកបេះម្នាក់ ២៥ នាឡិ សល់ពីនោះគេកត់បញ្ជូនទៅសាលាស្រុក ដើម្បីលក់ជាផ្លូវការ។

រឿងរ៉ាវខាងលើនេះ គឺអធិប្បាយចំពោះតែទំនៀមខេត្តពោធិ៍សាត់ ឯទំនៀមនៅក្នុងខេត្តកំពតនិងកំពង់ស្ពឺ ដែលជាខេត្តមានដុះក្រវាញដែរនោះ មានទំនៀមល្អៀងគ្នាបន្តិចៗ ដូចជាមេព្រៃនៅខាងខេត្តកំពត កែហៅថាគ្រូស្មូន នៅកន្លែងខ្លះ គេហៅថាអាចារ្យស្មឹង។ នៅខាងខេត្តកំពត បើអ្នកឡើងក្រវាញប្រព្រឹត្តខុសត្រណម គ្រូស្មូនគេមិនលក់ដូចនៅខាងខេត្តពោធិ៍សាត់ទេ គេធ្វើទណ្ឌកម្មយ៉ាងធ្ងន់ដល់អ្នកមានទោសនោះដោយគេដាក់ថ្ងោក គឺគេចងជើងទាំងពីរ ដៃទាំងពីរភ្ជាប់ទៅនឹងក ហើយគេយកឈើទល់ពោះឱ្យខ្នងកោងឡើង ទើបគេវាយ ១០០ រំពាត់ ប៉ុន្តែរំពាត់នោះគេចងរួមគ្នាតែមួយបាច់ចំនួន ១០០ កូន។ ការធ្វើទណ្ឌកម្មនិងការលក់ទាំង​ប៉ុន្មានខាងលើនេះ សុទ្ធតែជាកិច្ចរំដោះគ្រោះអ្នកដែលខុសត្រណមទេ បើពុំនោះទេ អ្នកប្រព្រឹត្តខុសនឹងត្រូវបង់ជីវិតដោយខ្លាស៊ី ដំរីព្រេច ឬពស់ចឹក ។

ពណ៌នាអំពីទំនៀមបេះក្រវាញចប់តែប៉ុណ្ណេះ។

តាមឯកសាររបស់ក្រុមជំនុំទំនៀមទម្លាប់
អ្នកស្រី ពេជ-សល់ រៀបរៀង

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៥៩

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Oldest
Newest Most Voted
Inline Feedbacks
View all comments