វិធី​សម្រាល​កូន – រឿង​ទំនៀម​ទម្លាប់​ខ្មែរ

ជំនឿ ទំនៀមទម្លាប់ ប្រពៃណី​ខ្មែរ

ក្នុងកិច្ចសម្រាលកូននេះនេះ ខ្មែរមានសន្មតិពាក្យសម្រាប់ហៅដល់ទៅ ៥ យ៉ាង គឺកើតកូន សម្រាលកូន ឆ្លងទន្លេ សម្ភព ប្រសូត។ ពាក្យថា កើតបាន ហៅបានទូទៅទាំងមនុស្សទាំងតិរច្ឆាន វៀរលែងតែក្សត្រ។ ពាក្យថា សម្រាលកូននិងឆ្លងទន្លេ ហៅបានចំពោះតែមនុស្សដែលជាតិជារាស្ត្រទូទៅទាំងអ្នកធំទាំងអ្នកតូច ជាពាក្យដែលគេវាយតម្លៃ​ហើយថា ខ្ពស់ជាងពាក្យថា កើតកូន។ ពាក្យថា សម្ភព មានបញ្ញត្តិក្នុងរាជសព្ទថា សម្រាប់ហៅអ្នកដែលបិតាជាក្សត្រ មាតាជាព្រះស្នំ។ ពាក្យថា ប្រសូត ចំពោះហៅបានតែក្សត្រទាំងមាតាទាំងបិតា ជាពាក្យដ៏មានតម្លៃជាងពាក្យឯទៀតទាំងអស់ តែក្នុងភាសាដើម គឺភាសាមគធៈនិងសំស្ក្រឹត លោកប្រើទូទៅទាំងក្សត្រ​ ទាំងរាស្ត្រ យើងយកមកកំណត់ប្រើចំពោះតែក្សត្រ។

កិច្ចសម្រាលកូននេះជាការក្រការទម្ងន់ ជាទីភិតភ័យព្រួយដល់អ្នកសាមីខ្លួនទាំងប្ដីទាំងប្រពន្ធ និងបណ្ដាញាតិទាំងឡាយ ព្រោះជាផ្លូវដែលអាចនឹងអន្តរាយជីវិតនៃមាតាឬបុត្រឯណានីមួយក៏បាន ឬទាំងពីរនាក់ក៏បាន ហេតុនោះ គេទើបសន្មតពាក្យហៅថា សម្រាល ដើម្បីឱ្យធូរឱ្យស្រាលទៅតាមមាត់ ម្យ៉ាងទៀតគេហៅតាមអាការ គឺក្នុងវេលាមានគភ៌ហៅថា ទម្ងន់ វេលាកើត ហៅថា សម្រាល គឺស្រាលចេញអំពីពោះ។ ពាក្យថា ឆ្លងទន្លេ ជាពាក្យប្រៀបនៃការក្រ ព្រោះការសម្រាលកូននោះជាការក្រណាស់ ប្រៀបបីដូចជាបុគ្គលហែលទឹកឆ្លងទន្លេ កម្រនឹងរួចរស់ដល់ត្រើយបានដូច្នោះ។

ក៏ឯវិធីសម្រាលកូនយ៉ាងរាស្ត្រ ៗ អ្នកស្រុកនោះ កាលណាដឹងជាគភ៌ចាស់ខែ ជិតដល់កំណត់នឹងសម្រាលហើយ គឺក្នុងរវាងមុនសម្រាល ២-៣ ខែ គេរមែងស្វែងរកថ្នាំនិងរបស់ផ្សេងៗ ដែលសម្រាប់ប្រើក្នុងកិច្ចនេះ មកបម្រុងទុកដើម្បីនឹងបានប្រើការក្នុងវេលាសម្រាលកូនរួចហើយ។

ថ្នាំធំដែលសម្រាប់ប្រើក្នុងកិច្ចនេះមាន ២ យ៉ាង គឺថ្នាំផង់ឬហៅថាថ្នាំត្រាំស្រា ១ យ៉ាង ថ្នាំឆ្នាំង ១ យ៉ាង។ ឯថ្នាំផង់នោះគេផ្សំយកដើមឈើខ្លះ សម្បកឈើខ្លះ ឫសឈើខ្លះ មើមឈើខ្លះ មកហាន់បុកឱ្យល្អិតទុក។ មុននឹងប្រើត្រូវយកថ្នាំនោះមកដាក់ក្នុងដប  ចាក់ស្រាត្រាំទុកប្រមាណ ២-៣ ខែ ទើបយកមកផឹក។ ឯថ្នាំឆ្នាំងនោះ ក៏គឺគ្រឿងថ្នាំជាមួយគ្នានឹងថ្នាំផង់នោះឯង ប្លែកតែគេយកមកកាត់ជាកំណាត់ៗដាក់ក្នុងឆ្នាំងថ្មីមួយ​ទុកសម្រាប់ដាំទឹកផឹក។ ថ្នាំទាំង ២ យ៉ាងនេះ ជាថ្នាំក្ដៅ មានសព្វគុណដូចគ្នា សម្រាប់លាងជម្រះទម្លាក់ឈាមអាក្រក់ដែលជាដុំខន់នៅក្នុងខ្លួន សឹងអាចបណ្ដាលឱ្យទៅជារោគផ្សេងៗនោះឱ្យធ្លាក់ចុះមក និងសម្រាប់ផ្គុំធាតុក្នុងខ្លួនឱ្យមានកម្លាំងស្មើភាគគ្នាឡើងវិញ និងរក្សាសាច់ ឈាម សរសៃ ឱ្យល្អឱ្យស្រស់ឡើងវិញ ថ្នាំទាំងពីរយ៉ាងនេះ ត្រូវផឹកតាំងពីវេលាសម្រាលកូនហើយរហូតទៅ ទាល់តែឃើញថាស្រួលខ្លួនហើយទើបឈប់ នឹងផឹកជាមួយគ្នាទាំងពីរយ៉ាងទៅក៏បាន ឬនឹងផឹកតែយ៉ាងឯណានីមួយក៏បាន អ្នកដែលមិនចេះផឹកស្រាគេច្រើនប្រើថ្នាំឆ្នាំង ពុំនោះសោតគេយកថ្នាំផង់នោះមកឆុងទឹកក្ដៅផឹកក៏មាន។

ដល់មកក្នុងខែដែលនឹងសម្រាល ត្រូវត្រៀមរកធ្យូងឈើចំនួនយ៉ាងតិច ១ ហាប ឬបើគ្មានធ្យូងត្រូវរកអុសក្រសាំងចំនួនតិច ១ ម៉ែត្រ និងគ្រែដេក ១ កម្ពស់ប្រមាណ ៦៥ សង់ទីម៉ែត្រនិងចង្ក្រានដី ១- ២ មកបម្រុងទុកដើម្បីនឹងបានដុតឱ្យអ្នកសម្រាលកូនដេកអាំងក្នុងវេលាសម្រាលរួចហើយ។

ប្រយោជន៍ដែលប្រើអាំងភ្លើងធ្យូងនោះ ព្រោះភ្លើងធ្យូងក្ដៅងំហើយមិនសូវមានផ្សែងផង។ ប្រយោជន៍ដែលប្រើអាំងភ្លើងឧសក្រសាំងនោះ ព្រោះភ្លើងឧសក្រសាំងក្ដៅងំល្អហើយធុំក្លិនក្រអូបផង។ នឹងប្រើដុតទាំងពីរយ៉ាងជាមួយគ្នាក៏បាន ឬតែយ៉ាងឯណានីមួយក៏បាន ទៅតាមភូមិស្ថានដែលរកងាយឬរកក្រ។

គុណប្រយោជន៍ដែលផឹកថ្នាំពីរមុខខាងដើមនិងអាំងភ្លើងនេះ ជាឧបការៈជួយទំនុកបម្រុងសាច់ឈាមសរសៃឱ្យល្អ ឱ្យបានសុខសប្បាយក្នុងខ្លួន កុំបណ្ដាលទៅជារោគាព្យាធិផ្សេងៗ មានរោគស្គមរីងរៃជាដើម។ ត្រង់នេះចាស់ៗតែងនិយាយថា អ្នកសម្រាលកូន បើផឹកថ្នាំបានច្រើនអាំងភ្លើងបានច្រើនថ្ងៃ នឹងមានសាច់ឈាម សម្បុរល្អ ក្រចាស់ មិនសូវមានរោគាព្យាធិមកញាំញីរាងកាយតាមដែលសង្កេតមកឃើញពិតដូច្នោះមែន។

តមកត្រូវចាត់ចែងដេរម៉ក់ (ខ្លះហៅថាកែប) សណ្ឋានយ៉ាងពូក តែតូចល្មមកូនខ្ចីនោះដេកស្រួលញាត់គរធូរៗ ឱ្យបានចំនួន ៧- ៨ កំណាត់ និងមុងតូច១ អង្រឹង១ បម្រុង១ បម្រុងទុកដើម្បីនឹងឱ្យកូនខ្ចីនោះដេកក្នុងវេលាសម្រាលហើយ។

ដល់វេលាឈឺពោះជិតនឹងសម្រាលហើយ ត្រូវរៀបចំបន្ទប់មួយ​ក្នុងផ្ទះរបស់ខ្លួននោះ បិទបាំងដោយជញ្ជាំង ឬដោយវាំងនន (តែអ្នកខ្លះគេសង់រោង១តូចនៅក្បែរផ្ទះនោះ) ទុកសម្រាប់ឱ្យសម្រាលកូន នឹងត្រូវទៅអញ្ជើញឆ្មបស្រីស្រុកអាយម្នាក់មកជួយជ្រោមជ្រែងក្នុងការសម្រាលនោះ ក្នុងខណៈសម្រាលនោះមានជាទំនៀមហាមមិនឱ្យអ្នកដទៃក្រៅចូលទៅក្នុងបន្ទប់ ចូលបានតែស្រីដែលជាឆ្មប ជាជីដូន-ម្ដាយ​បងប្អូនផ្ទាល់ឬស្រីដែលស្និទ្ធស្នាលជិតដិតណាស់ ដែលមានកិច្ចត្រូវចូលទៅជួយគាំពារដោយប្រការឯណានីមួយ ឬបើមានហេតុមិនស្រួលជាខ្លាំងកើតឡើង ប្រុសដែលជាអាពុក- ប្ដី- បងប្អូន ឬគ្រូពេទ្យនឹងចូលទៅជួយឧបត្ថម្ភបាន។ វេលាសម្រាលហើយ ឆ្មបត្រូវលាងជម្រះមន្ទិលឱ្យម្ដាយទឹកក្ដៅឧណ្ហៗ ដែលគេដាំបម្រុងហើយត្រូវប្រកបថ្នាំស្រស់ ១ មុខ គឺយកស្លឹកក្រសាំងបង្ហុំ ម្រេច ដីប្លី ក្រវាញ ម្រែងភ្លើង ប្រមាណស្មើភាគគ្នា និងអំបិលលើសគេប្រមាណ ២ ភាគ មកបុកឱ្យល្អិតហើយលាយនឹងទឹកនោមកូនក្មេងឬស្រា ឱ្យម្ដាយផឹកក្នុងខណៈនោះភ្លាម។ សុកត្រូវខ្ចប់ហើយយកទៅកប់តាមទិសដែលអាចារ្យកំណត់ឱ្យ។

លំដាប់នោះត្រូវបែរមកចាត់ការឱ្យកូនខ្ចីនោះវិញ គឺត្រូវលើករលាក់ទឹកព្រៃក្នុងខ្លួននោះឱ្យធ្លាក់អស់ហើយ យកអំបោះខ្មៅមកចងសណ្ដង់ផ្ចិត ហើយកាត់ទុកតែល្មមសមគួរ នឹងត្រូវប្រកបថ្នាំមួយ​មុខទៀត គឺយកសត្វសង្កើចប្រមាណ ៦- ៧ មកច្របាច់លាយនឹងស្រាបន្តិច ហើយយកនោះទៅក្វៀសជូតជម្រះអណ្ដាតកូនខ្ចី ស្រេចហើយលើកដាក់លើម៉ក់ឱ្យមនុស្សទទួលយកទៅដាក់ក្នុងមុងដែលគេចាត់ទុក។

លំដាប់នោះអ្នកម្ចាស់ការ ត្រូវរួសរាន់យកចង្ក្រាន ធ្យូង និងគ្រែដែលពោលខាងលើទៅរៀបដុតភ្លើងហើយដាក់គ្រែពីលើនៅបន្ទប់ដែលសម្រាលនោះឬនៅបន្ទប់ណាមួយ​ តាមដែលឃើញថាស្រួល ហើយជួយគ្រាអ្នកសាមីខ្លួនទៅដាក់ឱ្យដេកអាំង នឹងត្រូវចាត់មនុស្សម្នាក់ឱ្យនៅមើលថែភ្លើងឱ្យឆេះតែល្មមអាំងបាន។

លំដាប់នោះអ្នកម្ចាស់ការ ត្រូវរៀបរបស់ដែលជាគ្រឿងកំណល់ឆ្មប​ មួយ​ប្រដាប់ទៀត គឺស្រូវ១កញ្ជើ (ស្រូវនេះហៅថាស្រូវពន្លៃ) ចេក១ស្និត ស្រា១ដប អំបោះ១ប៉ោយ ទៀន៥ ធូប៥ ដាក់លើកញ្ជើស្រូវនោះ នឹងមានអង្ករ ១ចានទៀត យកទៀនស្នែងក្របី (គឺទៀនដែលពត់ជារង្វង់ដូចស្នែងក្របី ហើយទៀន១ដើមទៀតមកបិទភ្ជាប់ត្រង់កណ្ដាល) ដោតបញ្ឈរលើអង្ករនិងដាក់ប្រាក់ ៤ប៉ែ (ឬ៤សេន) នៅលើអង្ករនោះទៀត។ របស់អម្បាលនេះត្រូវយករៀបទុកក្បែរគ្រែដែល អាំងភ្លើង ទុកទៅដល់គ្រប់៣​ថ្ងៃ ទើបលើកជូនទៅឆ្មប ដូចជានឹងមានពោលទៅខាងក្រោយ។

          លំដាប់អំពីនោះទៀត ត្រូវរកគ្រូឬអាចារ្យ ឬអ្នកឯណានីមួយដែលចេះមន្តអាគមមកពទ្ធសីមា គឺគេយកអំបោះសមកសូធ្យ​សេកដោយមន្តអាគមហើយចងពទ្ធជុំវិញគ្រែដែលអាំងភ្លើង ជារបងសម្រាប់ការពារកុំឱ្យ​ខ្មោច បិសាច អាប ព្រាយ មានព្រាយក្រឡាភ្លើងជាដើម ដែលនឹងមកបៀតបៀនយាយីដល់អ្នកសម្រាលកូន ព្រោះក្នុងពេលដែលសម្រាលកូនឈឺទុរន់ទុរាដូច្នេះ ខ្មោច បិសាច អាប ព្រាយ ចំណាំតែមកបន្លំធ្វើឱ្យទៅជាឈឺផ្សេងៗថែមទៀត។

នៅក្រោមផ្ទះត្រង់កន្លែងដែលសម្រាលកូននោះ គេតែងយកបន្លាមកស្រាស់ ដើម្បីកុំឱ្យអាបមកយាយីដល់អ្នកសម្រាលកូន និងកុំឱ្យមកលិឍស៊ីឈាម ឬរបស់ស្មោកគ្រោកទាំងពួង ព្រោះអាបនោះវាខ្លាចបន្លាដោយធម្មជាតិរបស់អាបនោះ វាតែងតែដើរចូលធ្វើគេឱ្យឈឺ ដើម្បីយករបស់សំណែន ហើយនឹងតែងដើរលិឍស៊ីខ្ទុះឈាមក្នុងទីផ្សេងៗទូទៅ។

ព្រះមហាពិទូរក្រសេម រៀបរៀង

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៣៥

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments