សុខមូលកធម៌

សារវន្តកថា

ធម៌ជាហេតុនាំឱ្យកើតសេចក្ដីសុខនេះ ព្រះសម្ពុទ្ធទ្រង់បានសម្ដែងទុកជាច្រើនបែប ៖

កន្លែងខ្លះបានសម្ដែងថា « សុខោ បញ្ញស្ស ឧច្ចយោ ការសន្សំនូវបុណ្យ ជាហេតុនាំមកនូវសេចក្ដីសុខ »។

កន្លែងខ្លះ បានសម្ដែងថា « សុខោ ពុទ្ធានមុប្បាទោ កិរិយាកើតឡើងនៃអ្នកប្រាជ្ញទាំងឡាយ ជាហេតុនាំឱ្យកើតសេចក្ដីសុខ »។

កន្លែងខ្លះបានសម្ដែងថា « សុខា សទ្ធម្មទេសនា ការសម្ដែងនូវព្រះសទ្ធម្ម ជាហេតុនាំឱ្យកើតសេចក្ដីសុខ »។

កន្លែងមួយទៀតបានសម្ដែងថា « សុខា សង្ឃស្ស សាមគ្គី ការព្រមព្រៀងគ្នានៃពួកក្រុម ជាហេតុនាំមកនូវសេចក្ដីសុខ »។

តែដើម្បីតម្រូវតាមសេចក្ដីត្រូវការនៃប្រទេសកម្ពុជានាបច្ចុប្បន្នសម័យជាចាំបាច់ ហើយជាបន្ទាន់ផងនោះ ព្រះពុទ្ធដីកាបីវគ្គខាងដើមមិនបានអធិប្បាយក្នុងឱកាសនេះទេ សូមលើកយកតែមួយវគ្គខាងចុងមកធ្វើអត្ថាធិប្បាយ គឺត្រង់វគ្គថា « សុខា សង្ឃស្ស សាមគ្គី »។

ពាក្យថា « សុខា » ប្រែថា « ធម្មជាតិងាយអត់ទ្រាំ » បើប្រែយកសេចក្ដីថា « ងាយទាំងសព្វ » គឺងាយប្រកបអាជីវកម្ម ងាយធ្វើគមនាគមន៍ទាក់ទងគ្នាទៅវិញទៅមក ងាយក្នុងការបំពេញករណីយកិច្ច ងាយក្នុងការគ្រប់គ្រងពួកក្រុម ងាយក្នុងការលក់ចេញទិញចូល។ល។ បានសេចក្ដីថា ងាយសព្វបែបសព្វយ៉ាង គ្មានពិបាកក្នុងរឿងអ្វីមួយឡើយ ដូច្នេះហៅថា «សុខ» តែក្នុងអត្ថបទនេះត្រូវប្រែថា នាំមកនូវសេចក្ដីស្រួលងាយ ជាហេតុឱ្យកើតសេចក្ដីសុខ ជាដើមចមនៃសេចក្ដីសុខ ជាមូលដ្ឋាននៃសេចក្ដីសុខ  ជាមេកសាងនូវសេចក្ដីសុខស្រួលងាយដល់ក្រុមសង្គមគ្រួសារ។

សេចក្ដីសុខនេះចែកជាប្រភេទដោយសង្ខេបមាន៣យ៉ាងគឺ ៖

១- កាយិកសុខ សុខប្រព្រឹត្តទៅក្នុងកាយ។

២- វាចសិកសុខ សុខប្រព្រឹត្តទៅក្នុងវាចា។

៣- ចេតសិកសុខ សុខប្រព្រឹត្តទៅក្នុងចិត្ត។

ការងាយស្រួលក្នុងការដើរ ឈរ អង្គុយ ដេក ងាយក្នុងការបរិភោគប៉ុណ្ណោះជាដើមហៅថា « កាយិកសុខ » សុខប្រព្រឹត្តទៅក្នុងកាយ។

ងាយពោល ងាយនិយាយ ងាយប្រកាសឃោសនាឱ្យដំណឹងដល់ពួកក្រុម ងាយដោយការធ្វើក្បួនច្បាប់ ងាយក្នុងការសរសេរចាររចនាអក្សរប៉ុណ្ណេះជាដើមហៅថា « វាចសិកសុខ » សុខប្រព្រឹត្តទៅក្នុងវាចា។

ការស្រួលចិត្ត មានចិត្តរីករាយសប្បាយ មានចិត្តត្រជាក់ត្រជំ មិនមានទោមនស្សទាស់អធ្យាស្រ័យអាក់អន់ស្រពន់ចិត្ត មិនមានការក្រហល់ក្រហាយរោលរាលអន្ទះសាក្នុងចិត្ត ព្រោះមិនមានឧបសគ្គខាងក្រៅមកធ្វើឱ្យកករល្អក់ ជាចិត្តស្រស់បំព្រងទៅដោយអារម្មណ៍ដែលគួរប្រាថ្នា ដូច្នេះជាដើមហៅថា « ចេតសិកសុខ » សុខប្រព្រឹត្តទៅក្នុងចិត្ត។

សេចក្ដីសុខទាំង៣ប្រការនេះ ដែលនឹងកើតឡើងបាន លុះតែមាន « សង្ឃស្ស សាមគ្គី » សេចក្ដីព្រមព្រៀងមូលមិត្រប្រមូលគ្នានៃពួកក្រុម ទើបកើតឡើងបាន។

ពាក្យថា « សង្ឃស្ស » មកពីពាក្យ « សង្ឃ » ប្រែថា ពួកបក្សក្រុម សង្គម គ្រួសារ។ បានសេចក្ដីថា គ្នាច្រើន រួបរួមគ្នាជាបែបតែមួយ។ ឯបក្សពួកសង្គមគ្រួសារនីមួយៗ បើចង់បានសុខស្រួល ត្រូវតែនាំគ្នាបណ្ដុះបណ្ដាលនូវសាមគ្គីធម៌ ឱ្យមានប្រចាំក្នុងសន្ដានចិត្តជានិច្ច ទើបបានសុខចម្រើនសមតាមប្រាថ្នា។

ពាក្យថា « សាមគ្គី » ប្រែថា សេចក្ដីមូលមិត្រ សេចក្ដីរាប់អានស្និទ្ធស្នាល ដំណើរមិនកន្ធែកបែកចេញពីគ្នា ដំណើរមិនប្រឆាំងគ្នា។

បានសេចក្ដីថា ការដែលស្របគ្នាការដែលមិនទទឹងទាស់ ឬការជួយចិត្តដល់គ្នានិងគ្នា ស្មើគំនិត ស្មើអធ្យាស្រ័យគ្នា។

សាមគ្គីនេះបើចែកជាប្រភេទមាន ៣ គឺ ៖

១- កាយសាមគ្គី ព្រមព្រៀងដោយកាយ។

២- វចីសាមគ្គី ព្រមព្រៀងដោយសម្ដី។

៣- មនាសាមគ្គី ព្រមព្រៀងដោយចិត្ត។

ការព្រមព្រៀងរួបរួមគ្នាធ្វើកិច្ចដោយកាយ បើធ្វើអ្វីៗ ធ្វើទាំងអស់គ្នា មិនប្រចាំមួយៗ ឬមិនមើលបំណាំគ្នា តួយ៉ាងដូចជាព្រះសង្ឃក្នុងមណ្ឌលព្រះពុទ្ធសាសនា បើមានកិច្ចការណាមួយដែលត្រូវខ្វល់ខ្វាយដោយកាយ ដូចជាជួសជុលកុដិសាលាព្រះវិហារ ទីវត្តអារាមជាដើម មិនត្រូវមើលបំណាំគ្នា។ល។

បើខាងគ្រហស្ថ ដូចជានៅក្នុងសង្គមភូមិនីមួយៗ បើមានអន្តរាយណាមួយកើតឡើងមានចោរប្លន់ជាដើម ត្រូវព្រួតដៃចុះទៅប្រយុទ្ធទាំងអស់គ្នា មិនបណ្ដែតបណ្ដោយឱ្យម្នាក់ៗ ហើយនាំគ្នាដោះដៃគេចចេញឡើង។ ការរួបរួមព្រមគ្នាធ្វើដូច្នេះជាដើមហៅថា « កាយសាមគ្គី » ព្រមព្រៀងគ្នាដោយកាយ។

សម្ដីដែលស្របគ្នា សម្ដីដែលចុះសម្រុងគ្នា មិនប្រឆាំង ប្រកែកប្រណាំងគ្នា តួយ៉ាងដូចជាប៉ែកខាងព្រះសង្ឃក្នុងព្រះពុទ្ធសាសនា បានដល់ការសិក្សាស្វាធ្យាយ ធម៌វិន័យត្រូវបែបគ្នា ក្នុងការអានបាលីភាសាក៏ត្រូវគ្នា ការឱ្យឱវាទត្រូវទំនងគ្នា ព្រមព្រៀងប្រតិបត្តិតាមឱវាទដែលត្រឹមត្រូវតាមពុទ្ធដីកាទាំងអស់គ្នា មានវាទៈប្រកបដោយធម៌ត្រូវគ្នា។

បើប៉ែកខាងគ្រហស្ថ ដែលនៅក្នុងស្រុកភូមិនីមួយៗ បានដល់ការដែលនិយាយអំពីប្រយោជន៍ដែលស្របគ្នា ពោលលទ្ធិត្រូវគ្នា សម្ដីដែលប្រកបដោយហេតុផលស្ដាប់ទាន់ត្រូវគ្នា។ល។ បើអ្នកនិយាយនោះនិយាយទៅសមរម្យតាមហេតុ ក៏ព្រមជឿស្ដាប់ទាំងអស់គ្នាជាដើមហៅថា « វចីសាមគ្គី » ព្រមព្រៀងគ្នាដោយសម្ដី។

ការស្រុះស្រួលដោយចិត្ត គឺមានអធ្យាស្រ័យត្រូវគ្នា។ បើផ្នែកខាងបព្វជិត ទោះបីបព្វជិតរូបណាមួយមានយសសក្តិតូចទាប ឬមានវ័យក្មេងក្ដី តែមានយោបល់ល្អ ចេះស្វែងរកប្រយោជន៍ដល់សាសនា ចេះយល់ឃើញហេតុការណ៍ល្អ ត្រូវតែមូលមតិគ្នាយកយោបល់នោះ មកតាំងជាមូលដ្ឋានសម្រាប់ស្រាវជ្រាវរាវរកវឌ្ឍនភាពតទៅ។

ចំណែកខាងឃរាវាសវិញក៏ដូច្នេះដែរ បើអ្នកណាមួយក្នុងក្រុមរបស់ខ្លួននាំបំពេញប្រយោជន៍អ្វីមួយ ទោះជាប្រយោជន៍ជាតិក្ដី ប្រយោជន៍សាសនាក្ដី ប្រយោជន៍ពួកបក្ខខ្លួនក្ដី ក៏ចេះតែព្រមតាមទាំងអស់គ្នា មិនមានបញ្ចេញមតិ ណាផ្ទុយពីប្រយោជន៍ឡើយ ដូច្នេះហៅថា « ចិត្តសាមគ្គី » ព្រមព្រៀងចិត្ត។

រួបរួមបទទាំងបីមកគឺ សុខា ១ សង្ឃស្ស ១ សាមគ្គី ១ បានសេចក្ដីថា ការព្រមព្រៀងរួបរួមមូលចិត្តមូលគំនិត មូលអធ្យាស្រ័យនៃពួកក្រុម ជាហេតុឱ្យងាយទាំងសព្វ ត្រង់ការងាយហ្នឹងហើយជាតួអង្គនៃសេចក្ដីសុខ។

មិនត្រឹមតែប៉ុណ្ណេះទេ សាមគ្គីនេះមានឫទ្ធានុភាពណាស់ សូម្បីខ្លួនតូចតាច កំប៉ិចកំប៉ីល្អិតល្អោចក៏ដោយចុះ ឱ្យតែមានការព្រមព្រឺសសស្រោកសស្រាំជាឯកភាព ឬជាធ្លុងមួយហើយមុខជាអាចផ្ចាញ់ផ្ចាលអ្នកធំស្ដុកស្ដម្ភណា ដែលហ៊ានប្រមាថមើលងាយបានយ៉ាងស្រួលទៀតផង។

ដូចមានអតីតនិទានយ៉ាងសង្ខេប ដែលព្រះសម្ពុទ្ធទ្រង់បានសម្ដែងថា « សូម្បីតែសត្វចាបជៀបកប្បាស ដែលជាសត្វតូចល្អិត ក៏អាចបំផ្លាញជីវិតដំរីជាមហាសត្រូវ ឱ្យវិនាសបានដោយសារមធ្យោបាយសាមគ្គីរបស់ខ្លួនដែរ »។

ម្យ៉ាងទៀត ឧទាហរណ៍បច្ចុប្បន្ន បានដល់រដ្ឋខ្មែរទាំងព្រះសង្ឃទាំងគ្រហស្ថ ដែលកំពុងតែមានសាមគ្គីភាពយ៉ាងរស់រវើក រឹងប៉ឹងដង្ហែតាមក្រោយព្រះរាជកិច្ចដឹកនាំនៃសម្ដេចព្រះអគ្គប្រមុខរដ្ឋ មិនគ្រាន់តែធ្វើឱ្យប្រទេសជាតិបានចម្រើនដុះដាលគ្រប់វិស័យប៉ុណ្ណោះទេ សាមគ្គីនេះថែមទាំងអាចធាក់ច្រានរម្លាយចោល នូវការប៉ុនប៉ងបំផ្លិចបំផ្លាញយ៉ាងសាហាវព្រៃផ្សៃរបស់បរទេស ដែលបរិបូណ៌ដោយអាវុធនិងមធ្យោបាយ ឱ្យវាទទួលនូវបរាជ័យយ៉ាងអាម៉ាស់មុខគ្រប់កាលៈទេសៈទៀតផង។ នេះបញ្ជាក់ឱ្យឃើញថា ជីវិតនិងសេចក្ដីសុខសាន្តនៃអ្នកតូចតាច ប្រាកដជាឋិតថេរចីរកាលជាអង្វែងទៅបាន ដោយសារសាមគ្គីធម៌នេះឯង។

ប៉ុន្តែទោះបីដូច្នេះក៏ដោយ ការព្រួយបារម្ភប្រាកដជានៅមានទៀត ព្រោះបើគេមិនខំថែរក្សាថ្នាក់ថ្នមចងក្រៀកទុកឱ្យមាំមួនទេ ថ្ងៃណាមួយសាមគ្គីនេះ មុខជានឹងរលាយសាបសូន្យបាត់បង់ទៅវិញជាមិនខាន។

អាស្រ័យហេតុនេះ ទើបព្រះពុទ្ធជាបរមគ្រូនៃយើងទ្រង់បានសម្ដែងទៀត នូវធម៌ជាចំណងចងក្រៀក ឬធម៌ជាឃ្នាបគាបពួកក្រុម ឱ្យមានសាមគ្គីជាប់លាប់ជាស្ថាពរយូរអង្វែងតទៅ កុំឱ្យសាបរលាបបាន។

ឯធម៌ជាឃ្នាបឬជាចំណងសាមគ្គីនោះមាន ៦ យ៉ាងគឺ ៖

១- វីរិយ សេចក្ដីព្យាយាម

២- ខន្តី សេចក្ដីអត់ធន់

៣- សច្ចៈ សេចក្ដីពិតត្រង់

៤- អធិដ្ឋាន  ការតាំងទុកក្នុងចិត្តដោយបញ្ញា

៥- មេត្តា ការរាប់អាន

៦- បរិច្ចាគ ការចែកលាភគ្នា

                                                          អធិប្បាយថា

១- វីរិយៈ ប្រែថាព្យាយាម ប្រឹងប្រែងស្រវាស្រទេញ បើហៅថា ឧដ្ឋានៈ ឬបធានៈក៏បាន។ វីរិយ នេះបើចែកទៅទៀតមាន ៤ យ៉ាងគឺ ៖

ក- បហានប្បនានៈ ព្យាយាមលះទោសដែលកើតឡើងដល់ពួកក្រុមខ្លួន។

ខ- សំវរប្បនានៈ ព្យាយាមហាមឃាត់ទោស មិនឱ្យកើតឡើងដល់ពួកក្រុមខ្លួន។

គ- ភាវនាបនានៈ ព្យាយាមចម្រើនសេចក្ដីល្អឱ្យកើតឡើង ដល់ពួកក្រុមខ្លួន។

ឃ- អនុរក្ខនាបនានៈ ព្យាយាមរក្សាសេចក្ដីល្អដែលកើតឡើងហើយ មិនឱ្យបាត់ទៅវិញ។

២- ខន្តី ប្រែថា ការអត់ឱនមិនប្រកាន់ទោស មិនប្រទូស្តតបចំពោះពួកក្រុម។ បើអ្នកណាមួយក្នុងក្រុមមានការឆ្គាំឆ្គងមិនសមរម្យ ក៏មិនមានប្រកាន់កំណាន់ចិត្តទុកឡើយ។ ខន្តីនេះមិនត្រឹមតែប៉ុណ្ណេះទេ ត្រូវមានចិត្តតស៊ូទ្រាំអត់ធន់ចំពោះប្រយោជន៍ដល់ពួកក្រុមទៀត គឺថាធ្វើការដើម្បីពួកក្រុមខ្លួនមិនខ្លាចក្ដៅត្រជាក់ ដោយសំអាងលើហេតុ ៦ យ៉ាងនោះឡើយ។

ហេតុ ៦ យ៉ាងនោះគឺអាងថា ត្រជាក់ពេក ក្ដៅពេក ព្រឹកពេក ល្ងាចពេក ឃ្លានពេក ស្រេកពេក ហើយឈប់មិនធ្វើការ។

ការអត់ទ្រាំនឹងក្ដៅ ត្រជាក់ នឿយ ព្រួយ ដើម្បីបំពេញប្រយោជន៍បក្ស គណៈក្រុមដូច្នេះហៅថា « ខន្តី »។

៣- សច្ចៈ ការណ៍ពិតទៀងត្រង់ ការស្មោះត្រង់ ការជាក់លាក់ ការមិនកុហកឆបោក ការមិនវៀចវេរ ហៅថា សច្ចៈ។ សច្ចៈចែកទៅទៀតមាន ៣ គឺ ៖

ក- កាយសច្ចៈ ពិតត្រង់ដោយកាយ

ខ- វចីសច្ចៈ ពិតត្រង់ដោយសម្ដី

គ- មនោសច្ចៈ ពិតត្រង់ដោយចិត្ត។

ការទៀង ការណ៍ពិតមានកម្រិត ការប្រាកដប្រជាដោយអំពើដែលត្រូវប្រកបដោយកាយ ដូចជាទៀងក្នុងការបរិភោគ ក្នុងការដេក ក្នុងការធ្វើការងារ ទៀងក្នុងការប្រជុំ ប្រាកដក្នុងរបរប្រកបអាជីវកម្មជាដើម ហៅថា « កាយសច្ចៈ » ពិតត្រង់ដោយកាយ។

ការណ៍ពិតត្រង់មិនវៀចវេរ មិនភូតភរកុហកដោយពាក្យសម្ដី ឬថាមិនលាក់ទុកនូវហេតុដែលគួរប្រាប់ដល់ពួកក្រុម ឬក៏ការមិននិយាយបំផ្លើសឱ្យលើសហួសអំពីហេតុដែលខ្លួនដឹង ដឹងដូចម្ដេចនិយាយដូច្នោះ។ យ៉ាងនេះជាដើមហៅថា « វចីសច្ចៈ »។

ការណ៍ពិតប្រាកដនឹងខ្លួន ការស្មោះត្រង់ដោយចិត្ត មិនមានចិត្តក្រឡេចក្រឡុច មិនមានចិត្តវៀចវេរ ឬថាមានចិត្តមិនភ្ញាក់ផ្អើលសាវាទៅតាមការឃោសនានៃលទ្ធិដទៃឬសាសនាដទៃ ការដែលមានចិត្តនឹងធឹងមាំមួនយ៉ាងនេះ ហៅថា « មនោសច្ចៈ »។

៤- អធិដ្ឋាន  ការដែលមានបញ្ញាប្រចាំនៅក្នុងសន្ដានចិត្តជានិច្ច សម្រាប់លៃលកពិចារណាល្បងពិសោធមើលការងារសព្វជំពូកក្នុងពួកក្រុម មិនបណ្ដែតបណ្ដោយ លះបង់ចោលឡើយ។ ដូច្នេះហៅថា « អធិដ្ឋាន »។

៥- មេត្តា ប្រែថា ការរាប់អាន ចែកទៅជា ៣ យ៉ាងគឺ ៖

ក- មេត្តាកាយកម្ម មានមេត្រីភាពដោយកាយ។

ខ- មេត្តាវចីកម្ម មានមេត្រីភាពដោយសម្ដី។

គ- មេត្តាមនោកម្ម មានមេត្រីភាពដោយចិត្ត។

ការប្រកបអំពើអ្វីៗ ដោយកាយដល់ពួកក្រុម សុទ្ធតែមានចិត្តស្មោះស្មើ មានចិត្តរាប់អានដោយត្រង់ មិនធ្វើដើម្បីទាមទារយកតែប្រយោជន៍ផ្ទាល់ខ្លួន។ តួយ៉ាងដូចជាបព្វជិតក្នុងព្រះពុទ្ធសាសនា ឃើញបព្វជិតផងគ្នាមានធុរៈ ដូចជាមានរោគាព្យាធិបៀតបៀនជាដើម ក៏ខំជួយបម្រើដោយខ្មីឃ្មាត មានជួនរកថ្នាំសង្កូវជាដើម ត្រូវជួយមើលថែទាំការខុសត្រូវឱ្យដោយត្រង់សុចរិត និងការរាប់អានដូច្នេះឯងហៅថា « មេត្តាកាយកម្ម »។

ការនិយាយពាក្យទន់ភ្លន់ផ្អែមល្អែមពីរោះពិសាប្រកបដោយមេត្រីភាព ជាសម្ដីជាទីស្រឡាញ់ពេញចិត្តគាប់អធ្យាស្រ័យនៃជនទូទៅ ឬក៏ជាពាក្យប្រៀនប្រដៅដោយចិត្តចង់ឱ្យបានល្អ សម្ដីប្រកបដោយប្រយោជន៍មិនបន្ទោសជេរស្ដី ដោយចិត្តចង់ឱ្យតែវិនាសនោះឡើយ ឬក៏និយាយពាក្យសប្បុរសទៅកាន់គ្នា ដោយមេត្រីចិត្ត មិនមែនឃើញគ្នាតូច ហើយហៅគ្នាអាមឹងតាមទំនើងចិត្តនោះឡើយ។ ទោះបីមានការខុសមួយដង មួយកាល ក៏នៅតែមានចិត្តរាប់អានស្ដីប្រដៅឱ្យបានល្អឡើងវិញ គឺមិនប្រើសម្ដីប្រទូស្តទាល់តែវិនាសខូចខាតចាកប្រយោជន៍នោះឡើយ។ ដូច្នេះ ហៅថា « មេត្តាវចីកម្ម »។

ការផ្សាយមេត្រីចិត្តដល់ពួកក្រុម មានចិត្តត្រង់រាប់អានចង់ឱ្យគេបានសុខ ចម្រើនបានប្រយោជន៍ មិនច្រណែនឈ្នានីសនឹងគេឡើយ។ បើឃើញពួកក្រុមណា ឬក្រុមខ្លួនបានលូតលាស់ហើយក៏ជួញចិត្តត្រេកអរសាទរជាមួយគ្នា។ ដូច្នេះហៅថា « មេត្តាមនោកម្ម »។

៦- បរិច្ចាគៈ ការលះ ការឱ្យ ការចែករំលែកដល់គ្នីគ្នា។

បរិច្ចាគៈ នេះចែកទៅជា ២ យ៉ាងទៀតគឺ ៖

ក- អាមិសបរិច្ចាក  ការឱ្យនូវគ្រឿងអាមិសមានម្ហូបអាហារសម្លៀកបំពាក់ ប្រដាប់ប្រើប្រាស់ជាដើម។

ខ- ធម្មបរិច្ចាគ  ការលះឱ្យនូវធម៌ មានសម្ដែងធម្មទេសនា និងចែកចាយនូវក្បួនច្បាប់ធម៌ជាដើម។

ធម៌ទាំង ៦ យ៉ាងគឺ វីរិយ សេចក្ដីព្យាយាម ខន្តី សេចក្ដីអត់ធន់ សច្ចៈ សេចក្ដីពិតត្រង់ អធិដ្ឋាន ការតាំងទុកក្នុងចិត្តដោយបញ្ញា មេត្តា ការរាប់អានគ្នា បរិច្ចាគ ការចែកលាភគ្នានេះហើយ ជាចំណងយ៉ាងស្វិតស្វាញបំផុត សម្រាប់ចងក្រៀកពួកក្រុមឱ្យមានសាមគ្គីជាប់លាប់ដោយល្អ។

ជាការណ៍ពិតប្រាកដណាស់ បើបក្សពួកសមាគមក្រុមហ៊ុនណាមួយបានបណ្ដុះបណ្ដាលធម៌ទាំង ៦ ប្រការនេះឱ្យតាំងនៅក្នុងសន្ដានចិត្តជានិច្ច ហើយបក្សពួកចលនាសមាគមក្រុមហ៊ុននោះ ឈ្មោះថាបានរក្សាការពារទុកនូវសាមគ្គីភាពយ៉ាងប្រពៃពន់ពេក មិនមានថ្ងៃណាមួយអាចនឹងសាបសូន្យ ប្រេះឆាពុករលួយរលាយបង់ទៅបានឡើយ។

កាលបើពួកក្រុម ឬអង្គការអ្វីមួយ មានការព្រមព្រៀងរួបរួមគ្នាជាស្ថាពរដូច្នេះហើយ សេចក្ដីសុខពោលគឺសេចក្ដីស្រួលងាយសព្វយ៉ាង តែងហូរចូលមកគគាចដូចទឹកហូរធ្លាក់ពីលើកំពូលភ្នំ ពុំមានបើកឱកាសបន្តិចបន្តួចឱ្យកាលៈទេសៈលំបាកណាមួយចូលលាយឡំបានឡើយ។

ការអធិប្បាយអំពី សុខមូលកធម៌ អស់សេចក្ដីតែប៉ុណ្ណេះ។

ភិក្ខុឧបសេនា ញ៉ែម នី កុដិលេខ ២៦ វត្តសារាវ័ន
រៀបរៀង

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៦៥

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments