សង្គហធម៌

សារវន្តកថា

នមោ  តស្ស  ភគវតោ  អរហតោ  សម្មាសម្ពុទ្ធស្ស 

វេលានេះ អាត្មាភាពសូមសម្ដែងអំពីសង្គហធម៌ ដែលមានក្នុងសុត្តន្តបិដក គម្ពីរទីឃនិកាយ បាដិកវគ្គ ដូចសេចក្ដីតទៅនេះ ៖

កិច្ច ឬឧបាយសម្រាប់សង្គ្រោះឬក៏ស្រោចស្រង់គ្នានឹងគ្នាឱ្យមានក្ដីស្នេហាទៅវិញទៅមក កុំឱ្យបែកបាក់គ្នា ហៅថា សង្គហធម៌ (ឬថាបិយករណធម៌ ៗជាគ្រឿងធ្វើនូវសេចក្ដីស្រឡាញ់) មាន ៤ យ៉ាង ដូចពុទ្ធភាសិតមួយកន្លែង ក្នុងសិង្គាលោវាទសូត្រថា៖

ទានញ្ច  បិយវជ្ជញ្ច           អត្ថចរិយា  ច  យា  ឥធ

សមានត្តតា  ច  ធម្មេសុ    តត្ថ    តត្ថ  យថារហំ

ឯតេ  ខោ  សង្គហា  លោកេ        រថស្សាណីវ  យាយតោ

ឯតេ  ច  សង្គហា  នាស្ស  ន  មាតា  បុត្តការណា

លភេថ  មានំ  បូជំ  វា                 បិតា  វា បុត្តការណា ។

សេចក្ដីថា៖ ធម៌សម្រាប់សង្គ្រោះមនុស្សក្នុងលោកនេះ មាន ៤ យ៉ាង គឺ៖ ការឱ្យទាន ១ ពោលពាក្យពីរោះ ១ កិរិយាប្រព្រឹត្តអំពើឱ្យជាប្រយោជន៍ ១ ភាពជាអ្នកតាំងខ្លួនឱ្យស្មោះស្មើ ១ ធម៌ទាំងប៉ុណ្ណេះនេះ រមែងប្រព្រឹត្តទៅក្នុងលោកដូចប្រែកទប់នៃរទេះ។ អធិប្បាយថា រទេះកាលបើមានប្រែកទប់ ទើបអាចប្រព្រឹត្តទៅ បើមិនមានទេក៏មិនអាចប្រព្រឹត្តទៅបានឡើយ ដូចម្ដេចមិញ សត្វលោក កាលបើមានសង្គហធម៌ទាំង ៤ នេះ ទើបប្រព្រឹត្តទៅបាន បើមិនមានទេក៏មិនអាចប្រព្រឹត្តទៅបានដូច្នោះឯង។ សង្គហធម៌ប៉ុណ្ណេះមិនមានហើយ មាតាក្ដី បិតាក្ដី ក៏មិនបាននូវការបូជាឬសេចក្ដីរាប់អានអំពីបុត្ររបស់ខ្លួនឡើយ។

១- ការឱ្យទាន  ទាននេះចែកជា ២ យ៉ាងគឺ៖ សារណទាន ១ អសារណទាន ១។ ឱ្យចំពោះរូបបុគ្គលម្នាក់ ៗ ដូចជាមាតាបិតាឱ្យអាហារ ឱ្យគ្រឿងប្រដាប់ស្លៀកពាក់ ឱ្យទ្រព្យសម្បត្តិធ្វើដើមទុនដល់បុត្រធីតាឬក៏បុត្រធីតាដែលមានផ្ទះសម្បែងហើយ បានជូនភោជនាហារគ្រឿងស្លៀកពាក់ដល់មាតាបិតាដែលចាស់ជរា យ៉ាងនេះហៅថា អសាធារណទាន។ ឥស្សរជន ឬអ្នកមានទ្រព្យសម្បត្តិ ជាអ្នកមានចិត្តផ្សាយមេត្តា អាណិតអាសូរដល់មហាជនហើយលះបង់ទ្រព្យសម្បត្តិ ជួលគេឱ្យលើកថ្នល់ ជីកព្រែក ធ្វើស្ពាន ដើម្បីជាផ្លូវគមនាគមន៍ទៅមកបានស្រួល ឬដាំដើមឈើ ជីកស្រះ ជីកអណ្ដូង សង់សាលា ដើម្បីជាទីសម្នាក់អាស្រ័យដល់មនុស្សអាគន្តុកៈឬទំនុកបម្រុងធ្វើផ្ទះពេទ្យ សាលាបង្រៀនជាទីឱ្យចំណេះវិជ្ជាដល់កុមារាកុមារី យ៉ាងនេះហៅថា សាធារណទាន ព្រោះឱ្យមិនចំពោះរូបបុគ្គលម្នាក់ ៗ នេះជាសង្គហធម៌ទី ១។

២- ការពោលពាក្យពីរោះ  នោះអធិប្បាយថា អ្នកឱ្យបើគ្រាន់តែឱ្យប៉ុណ្ណោះ ប៉ុន្តែមិនបានពោលពាក្យពីរោះគួរឱ្យចាប់ចិត្តផងទេ វត្ថុដែលឱ្យនោះ បើទុកជាច្រើនយ៉ាងណា ក៏ប្រាកដហាក់ដូចជាតិច បើពោលពាក្យពីរោះគួរឱ្យចាប់ចិត្តផង ពស្តុភារដែលឱ្យនោះសូម្បីតិចតួចសោះក៏ប្រាកដហាក់ដូចជាច្រើន ព្រោះធ្វើឱ្យកើតសេចក្ដីស្រឡាញ់ពេញចិត្ត ដូចភាសិតបុរាណថា “ប្រហុកអំបិលក៏ដោយចុះឱ្យតែចានកណ្ដាប់មាស” ព្រោះហេតុនោះ បានជាព្រះសម្ពុទ្ធជាម្ចាស់ទ្រង់ចាត់ការពោលពាក្យពីរោះ ថាជាសង្គហធម៌ទី ២។

៣- កិរិយាប្រព្រឹត្តអំពើឱ្យជាប្រយោជន៍  អធិប្បាយថា អ្នកឱ្យបើប្រសិនជាឱ្យហើយនិយាយពីរោះផង ដែលជាគុណចាប់ចិត្តចងមេត្រីទុកបានយ៉ាងស្និទ្ធហើយ ប៉ុន្តែបើជាមនុស្សចេះតែមើលបំណាំគ្នាទៅវិញទៅមក មិនប្រព្រឹត្តប្រយោជន៍ដល់គ្នានឹងគ្នា គឺថាមិនហុចប្រយោជន៍ឱ្យ មិនប្រាប់ឧបាយឱ្យកើតប្រយោជន៍ គ្រាន់តែឱ្យរបស់និងនិយាយពីរោះប៉ុណ្ណោះ ការស្និទ្ធនោះក៏នឹងសាបសូន្យទៅវិញដោយងាយ។ ព្រោះហេតុនោះ ការប្រព្រឹត្តអំពើជាប្រយោជន៍នេះ ចាត់ជាសង្គហធម៌ទី ៣។

៤- ភាពជាអ្នកតាំងខ្លួនឱ្យស្មោះស្មើ  នោះអធិប្បាយថា អ្នកឱ្យសូម្បីឱ្យហើយ និយាយពាក្យពីរោះ ព្រមទាំងជួយខ្វល់ខ្វាយធ្វើប្រយោជន៍ដល់គ្នានឹងគ្នាហើយ តែបើមិនចេះរៀបចំខ្លួនឱ្យសមតាមយសសក្តិឬមិនស្គាល់ធំ តូច ខ្ពស់ ទាប ជាអ្នកប្រកាន់មានះមើលងាយគេ សេចក្ដីរាប់អានគ្នាក៏នឹងសាបសូន្យទៅវិញ។ លុះតែអាស្រ័យនូវសេចក្ដីស្មោះស្មើ តាំងខ្លួនឱ្យសមតាមយសសក្តិផង ទើបសេចក្ដីរាប់អាននោះនឹងមានកម្លាំងអាចតាំងនៅយូរអង្វែងទៅបាន។ នេះចាត់ជាសង្គហធម៌ទី ៤។

សព្វសត្វទាំងអស់ក្នុងលោកគួរមានសង្គហធម៌ សង្គ្រោះដល់គ្នានឹងគ្នាទៅវិញទៅមកតាមជាន់តាមថ្នាក់ ទើបចក្រទាំងគូ គឺពុទ្ធចក្រនិងអាណាចក្រវិលទៅរកវឌ្ឍនធម៌និងសន្តិសុខបានដោយស្រួល។

ឯបុគ្គលដែលត្រូវមានសង្គហធម៌សង្គ្រោះគ្នានឹងគ្នានោះមាន៦ពួក ព្រះពុទ្ធជាម្ចាស់ទ្រង់និពន្ធជាបទព្រះគាថាប្រៀបធៀបនឹងទិសទាំង៦ ដូច្នេះថា៖

មាតាបិតា  ទិសា  បុព្វា               អាចរិយា  ទក្ខិណា  ទិសា

បុត្តទារា  ទិសា  បច្ឆា                  មិត្តាមច្ចា  ច  ឧត្តរា

ទាសកម្មករា  ហេដ្ឋា                   ឧទ្ធំ  សមណព្រាហ្មនា

ឯតា  ទិសា  នមស្សេយ្យ   អលមត្តោ  កុលេ គិហី ។

សេចក្ដីថា៖ មាតាបិតាទុកជាទិសខាងកើត គ្រូបាអាចារ្យទូកជាទិសខាងត្បូង បុត្រភរិយាទុកជាទិសខាងលិច មិត្រសម្លាញ់ទុកជាទិសខាងជើង ទាសកម្មករទុកជាទិសខាងក្រោម សមណព្រាហ្ម៍ទុកជាទិសខាងលើ គ្រហស្ថក្នុងត្រកូលដែលមានសមត្ថភាព ចិញ្ចឹមបុត្រភរិយា ហើយនៅគ្រប់គ្រងផ្ទះសម្បែង គប្បីនមស្ការនូវបុគ្គលទាំងឡាយមានមាតាបិតាជាដើមដែលទុកដូចជាទិសនោះៗចុះ។

សេចក្ដីអធិប្បាយ

មាតាបិតាទុកជាទិសខាងកើត បុត្រធីតាគប្បីមានសង្គហធម៌ប្រតិបត្តិចំពោះមាតាបិតាដោយស្ថាន ៥ យ៉ាងគឺ៖

១- កូនត្រូវតាំងចិត្តថា អាត្មាអញនេះ គឺមាតាបិតាបានចិញ្ចឹមមកហើយ អាត្មាអញត្រូវចិញ្ចឹមលោកវិញ។

២- កូនត្រូវតាំងចិត្តថា កាលបើមាតាបិតាមានកិច្ចរវល់ នោះអាត្មាអញត្រូវបញ្ឈប់ការងាររបស់ខ្លួនទុកសិន ហើយត្រូវធ្វើកិច្ចរវល់របស់មាតាបិតាវិញ។

៣- កូនត្រូវតាំងចិត្តថា អាត្មាអញត្រូវតម្កល់វង្សត្រកូលមាតាបិតាទុកឱ្យល្អមិនឱ្យវិនាស គឺថានឹងមិនញ៉ាំងទ្រព្យសម្បត្តិរបស់មាតាបិតាឱ្យវិនាសដោយការឥតប្រយោជន៍ និងសង្គ្រោះមាតាបិតាឱ្យផុតអំពីវង្សដែលមិនប្រកបដោយធម៌ ហើយឱ្យតាំងនៅក្នុងវង្សដែលប្រកបដោយធម៌ និងមិនផ្ដាច់បង់នូវការកុសលទាំងឡាយមានសលាកភត្តជាដើមដែលមាតាបិតាបានប្រព្រឹត្តធ្វើតាមគន្លងត្រូវល្អមកហើយ។

៤- កូនត្រូវតាំងចិត្តថា អាត្មានឹងតាំងចិត្តគំនិតមារយាទឱ្យល្អ ឱ្យជាទីពេញចិត្តនាំមាតាបិតាឱ្យជាមនុស្សគួរមាតាបិតាប្រគល់ទ្រព្យសម្បត្តិកេរ្តិ៍ដំណែលឱ្យ។

៥- កូនត្រូវតាំងចិត្តថា កាលបើមាតាបិតាធ្វើកាលកិរិយាហើយ អាត្មាអញត្រូវធ្វើទក្ខិណាទាន ឧទ្ទិសចំណែកផលបុណ្យជូនដល់មាតាបិតារឿយៗ។

ចំណែកខាងមាតាបិតាត្រូវអនុគ្រោះបុត្រធីតាដោយស្ថាន ៥ យ៉ាងគឺ៖

១- ហាមឃាត់កូនមិនឱ្យធ្វើកម្មអាក្រក់ ហាមឃាត់កូនមិនឱ្យសម្លាប់សត្វ លួចទ្រព្យគេជាដើម។

២- ឱ្យកូនតម្កល់នៅក្នុងកម្មជាកុសល មានទាននិងសីលជាដើម។

៣- ឱ្យកូនសិក្សារៀនសិល្បសាស្ត្រចំណេះវិជ្ជាដែលគួររៀនមានអក្សរនិងលេខជាដើម។

៤- រៀបចំកូនឱ្យមានភរិយា ឬស្វាមីតាមសមគួរដល់ត្រកូលនិងទ្រព្យសម្បត្តិ។

៥- ឱ្យទ្រព្យសម្បត្តិដល់កូនក្នុងសម័យពីរយ៉ាងគឺ៖ និច្ចសម័យ១ កាលសម័យ១ និច្ចសម័យនោះគឺឱ្យទ្រព្យសម្បត្តិរឿយៗ ដើម្បីឱ្យកូនចាយប្រើតាមការគួរ ឬឱ្យដើម្បីទុកធ្វើកុសលណាមួយ កាលសម័យនោះ គឺឱ្យក្នុងកាលដែលបានរៀបចំឱ្យកូនមានភរិយាស្វាមីហើយឬឱ្យក្នុងកាលដែលខ្លួនជិតនឹងដល់នូវមរណភាព។

គ្រូបាអាចារ្យទុកជាទិសខាងត្បូង សិស្សត្រូវប្រតិបត្តិដោយស្ថាន ៥ យ៉ាងគឺ៖

១- ដោយកិរិយាធ្វើនូវបច្ចុគ្គមនាការក្រោកឡើងទទួល គឺថាបើសិស្សកំពុងអង្គុយនៅក្នុងទីណាមួយ ដែលមិនមានបុគ្គលជាធំជាងគ្រូអាចារ្យទេ កាលបើបានឃើញគ្រូអាចារ្យមកកាន់ទីនោះ ត្រូវសិស្សក្រោកឈរឡើង បើលោកមានគ្រឿងបរិក្ខាអ្វី ត្រូវទទួលយកមកអំពីលោកដោយអើពើ ត្រូវរកទឹកលាងជើង រកកំណាត់ជូតជើងរួចត្រូវចាត់ចែងទីអាសនៈដើម្បីលោក លុះលោកអង្គុយហើយ សឹមខ្លួនអង្គុយជាខាងក្រោយ។ កាលបើលោកក្រោកលាខ្លួនទៅ ត្រូវធ្វើអនុគ្គមនាការ គឺក្រោកជូនលោកទៅ បើយ៉ាងជិតណាស់ត្រឹមមាត់ទ្វារក្រៅ។

២- ដោយកិរិយាចូលទៅបម្រើគ្រូអាចារ្យក្នុង ១ ថ្ងៃ ៣ ដងគឺ វេលាព្រឹកម្ដង ថ្ងៃត្រង់ម្ដង ល្ងាចម្ដង។

៣- ដោយកិរិយាជឿស្ដាប់ពាក្យឱវាទគ្រូអាចារ្យ ដែលលោកពោលទូន្មានប្រៀនប្រដៅដោយល្អ។

៤- ដោយការបម្រើតូចៗ មានឱ្យឈើស្ទន់និងទឹកលុបមុខជាដើម។

៥- ដោយកិរិយារៀនសូត្រសិល្បសាស្ត្រ ចំណេះវិជ្ជាអំពីគ្រូអាចារ្យដោយគោរព គឺរៀនម្ដងៗតាមសមគួរដល់កម្លាំងប្រាជ្ញានៃខ្លួនហើយស្វាធ្យាយទន្ទេញដរាបដល់ចាំ ដល់ចូលចិត្ត។

ចំណែកគ្រូបាអាចារ្យត្រូវអនុគ្រោះសិក្សាដោយស្ថាន ៥ យ៉ាង គឺ៖

១- ទូន្មានប្រៀនប្រដៅសិស្សដោយល្អ គឺទូន្មានប្រៀនប្រដៅឱ្យសិស្សចេះរៀបចំឥរិយាបទទាំង៤គឺ ដេក ដើ ឈរ អង្គុយ ឱ្យរៀបរយ ព្រមទាំងប្រដៅឱ្យសេពគប់តែនឹងកល្យាណមិត្រ។

២- បង្ហាត់បង្រៀនសិស្សដោយល្អ គឺបង្ហាត់បង្រៀនដោយត្រូវតាមអត្ថនិងព្យញ្ជនៈ នឹងរបៀបពាក្យរបៀបសេចក្ដីឱ្យសិស្សចាំចូលត្រឹមចិត្ត។

៣- បង្ហាញសិល្បសាស្ត្រចំណេះវិជ្ជាដល់សិស្ស ដោយមិនលាក់ទុក គឺថាបើខ្លួនចេះប៉ុន្មាន ចង់ឱ្យសិស្សចេះប៉ុណ្ណោះដែរ។

៤- ពោលពាក្យលើកសរសើរសិស្ស ដែលមានសិល្បសាស្ត្រចំណេះវិជ្ជានិងកិរិយាមារយាទល្អពិតនោះ ឱ្យច្បាស់ប្រាកដដល់មិត្រនិងអាចារ្យ។

៥- ធ្វើនូវសេចក្ដីការពាររក្សាសិស្សក្នុងទិសទាំងឡាយ គឺថាឱ្យសិស្សរៀនសិល្បសាស្ត្រចំណេះវិជ្ជា មិនឱ្យទើសទាល់ក្នុងវេលាដែលសិស្សនៅក្នុងទិសនោះ ៗ។

ភរិយាទុកជាទិសខាងលិច ស្វាមីគប្បីអនុគ្រោះដោយស្ថាន ៥ យ៉ាង គឺ៖

១- ដោយសេចក្ដីរាប់អានដោយសម្ដីដ៏ទន់ផ្អែមទៅរកភរិយា។

២- ដោយកិរិយាមិនបៀតបៀន មិនមើលងាយភរិយាដូចទាសកម្មករ។

៣- ដោយកិរិយាមិនប្រព្រឹត្តកន្លងចិត្តភរិយា។

៤- ដោយកិរិយាប្រគល់នូវឥស្សរិយៈ គឺភាវៈជាធំក្នុងការចាត់ចែងម្ហូបចំណីឱ្យដាច់មុខទៅភរិយា។

៥- ដោយកិរិយាផ្គត់ផ្គង់នូវគ្រឿងប្រដាប់ដល់ភរិយា តាមសមគួរដល់សម្បត្តិរបស់ខ្លួន។

ចំណែកភរិយាត្រូវប្រតិបត្តិស្វាមីដោយស្ថាន ៥ យ៉ាងគឺ៖

១- ចាត់ចែងការងារមានការចម្អិននូវអាហារជាដើម ដោយផ្ចិតផ្ចង់។

២- សង្គ្រោះដល់ជនជាញាតិរបស់ស្វាមីនិងញាតិរបស់ខ្លួនដោយស្មោះស្មើ។

៣- ចេះថែទាំទុកដាក់នូវទ្រព្យសម្បត្តិដែលស្វាមីរកបានមកហើយ។

៤- មិនប្រព្រឹត្តកន្លងចិត្តស្វាមី។

៥- ជាស្រីឈ្លាសប្រសប់ក្នុងកិច្ចការទាំងឡាយ មានការចាត់ចែងនូវបបរនិងបាយជាដើម ឥតខ្ជិលច្រអូសក្នុងកិច្ចការទាំងពួង ហើយអាចញ៉ាំងកិច្ចទាំងនោះឱ្យសម្រេចបាន។

មិត្រសម្លាញ់ទុកជាទិសខាងជើង កុលបុត្រគប្បីទំនុកបម្រុងដោយស្ថាន ៥ យ៉ាងគឺ៖

១- ដោយកិរិយាឱ្យទ្រព្យរបស់ដែលគួរឱ្យដល់មិត្រ។

២- ដោយកិរិយាពោលពាក្យពីរោះទៅរកមិត្រ។

៣- ដោយកិរិយាប្រព្រឹត្តធ្វើនូវប្រយោជន៍ឱ្យកើតដល់មិត្រ។

 ៤- ដោយភាវៈជាអ្នកមានខ្លួននិងចិត្តស្មើដោយមិត្រ។

៥- ដោយភាវៈមិនក្លែងពោលឱ្យឃ្លាតចាកសេចក្ដីពិតដល់មិត្រ។

ចំណែកខាងមិត្រសម្លាញ់ត្រូវអនុគ្រោះកុលបុត្រ ដោយស្ថាន ៥ យ៉ាងគឺ៖

១- ជួយរក្សាមិត្រដែលបានជាភ្លាំងភ្លាត់ធ្វេសប្រហែស។

២- ជួយថែរក្សាទ្រព្យសម្បត្តិរបស់មិត្រដែលមិត្របានជាភ្លាំងភ្លាត់ធ្វេសប្រហែស។

៣- កាលបើមិត្រមានសេចក្ដីភិតភ័យ ក៏អាចជាទីពឹងអាស្រ័យដល់មិត្របាន។

៤- មិនលះបង់ចោលមិត្រក្នុងកាលដែលមិត្រមានការក្រ។

៥- ស្រឡាញ់រាប់អានកូនចៅផៅពង្សរបស់មិត្រ។

ទាសកម្មករទុកជាទិសខាងក្រោម ចៅហ្វាយនាយគប្បីទំនុកបម្រុងដោយស្ថាន ៥ យ៉ាងគឺ៖

១- ដោយកិរិយាចាត់ចែងនូវការងារឱ្យធ្វើតាមសមគួរដល់កម្លាំងនៃទាសកម្មករ គឺថាដាក់ការងារឱ្យធ្វើតាមការ សម្រាប់ប្រុសស្រីចាស់ក្មេង។

២- ដោយកិរិយាធ្វើនូវភត្តាហារនិងឈ្នួល ឬបំណាច់រង្វាន់តាមសមគួរដល់ទំនងដែលត្រូវឱ្យ។

៣- ដោយកិរិយាព្យាបាលរក្សាថែទាំទាសកម្មករ ក្នុងកាលដែលមានជំងឺ ហើយមិនបៀតបៀនឱ្យធ្វើការងារអ្វីឡើយ។

៤- ដោយកិរិយាចែករំលែកនូវរបស់ដែលមានរសឆ្ងាញ់ត្រកាលឱ្យទាសកម្មករបរិភោគ។

៥- ដោយកិរិយាបើកឱកាសឱ្យឈប់ធ្វើការក្នុងនិច្ចសម័យ គឺថាកាលបើទាសកម្មករធ្វើការនឿយហត់ពេញ១ថ្ងៃ ក៏ឱ្យឈប់សម្រាកកម្លាំងខ្លះ។ ឱ្យឈប់ធ្វើការក្នុងកាលសម័យ គឺថាបើដល់កំណត់ថ្ងៃនក្ខត្តឫក្សមានថ្ងៃចូលឆ្នាំជាដើម ក៏បើកឱ្យឈប់ធ្វើការ។

ចំណែកខាងបាវព្រាវនិងមនុស្សដែលធ្វើការឈ្នួល ត្រូវយកចិត្តទុកដាក់បំពេញបំប៉នចៅហ្វាយនាយរបស់ខ្លួនដោយស្ថាន ៥ យ៉ាងគឺ៖

១- ក្រោកឡើងធ្វើការងារមុនចៅហ្វាយនាយ។

២- ឈប់ធ្វើការងារក្រោយចៅហ្វាយនាយ។

៣- មិនលួចទ្រព្យរបស់ចៅហ្វាយនាយ យកតែរបស់ដែលចៅហ្វាយនាយឱ្យ។

៤- ធ្វើការងាររបស់ចៅហ្វាយនាយ ដោយពិនិត្យពិច័យផ្ចិតផ្ចង់អស់ពីចិត្ត ដោយការគិតកាញ់គ្នេរ។

៥- យកការងាររបស់ចៅហ្វាយនាយ ទៅពោលសរសើរក្នុងទីនោះៗ។

សមណព្រាហ្មណ៍ទុកជាទិសខាងលើ កុលបុត្រជាគ្រហស្ថគប្បីប្រតិបត្តិផ្គត់ផ្គង់ដោយស្ថាន ៥ យ៉ាងគឺ៖

១- ដោយកាយកម្មប្រកបដោយមេត្តា គឺថាធ្វើនូវកិច្ចដោយកាយ មានទៅនិមន្តលោកនិងទទួលយកនូវតម្រងទឹក ទៅត្រងទឹកប្រគេនលោក និងគក់ច្របាច់ជាដើម។

២- ដោយវចីកម្មប្រកបដោយមេត្តា គឺថាធ្វើនូវកិច្ចដោយវាចា មានពោលពាក្យដាស់តឿនអ្នកឯទៀត ឱ្យធ្វើទានដល់សមណព្រាហ្មណ៍និងបន្លឺនូវសព្ទសាធុការក្នុងកាលដែលស្ដាប់ធម៌ទេសនាចប់ និងធ្វើនូវបដិសណ្ឋារៈដោយសម្ដីរាក់ទាក់ជាដើម ដោយសេចក្ដីរាប់អានដ៏ស្មោះត្រង់។

៣- ដោយមនោកម្មប្រកបដោយមេត្តា គឺថាធ្វើនូវកិច្ចដោយចិត្តមានគិតថា ព្រះថេរៈទាំងឡាយដែលលោកតែងនិមន្តមកកាន់ត្រកូលរបស់យើង សូមឱ្យលោកបានសេចក្ដីសុខសប្បាយជាដើម ដោយសេចក្ដីរាប់អានស្មោះត្រង់អស់ពីចិត្ត។

៤- ដោយភាវៈជាអ្នកមានទ្វារផ្ទះមិនបិទ គឺថាជាអ្នកឧស្សាហ៍ធ្វើទានដល់សមណព្រាហ្មណ៍ កាលបើឃើញសមណព្រាហ្មណ៍មកដល់ហើយ ក៏ឱ្យទានដោយមិនពោលត្អូញត្អែរចំពោះរបស់ដែលមាននោះថាជាគ្មានវិញឡើយ។

៥- ដោយកិរិយាឱ្យនូវអាមិសៈ គឺឱ្យនូវខាទនីយភោជនីយាហារដល់សមណព្រាហ្មណ៍។

ចំណែកខាងសមណព្រាហ្មណ៍ ត្រូវអនុគ្រោះកុលបុត្រដោយស្ថាន ៦ យ៉ាងគឺ៖

១- ហាមឃាត់កុលបុត្រមិនឱ្យធ្វើកម្មអាក្រក់ មានឃាត់មិនឱ្យសម្លាប់សត្វនិងមិនឱ្យលួចទ្រព្យគេជាដើម។

២- ឱ្យកុលបុត្រតម្កល់នៅក្នុងកុសល មានទាននិងសីលជាដើម។

៣- អនុគ្រោះកុលបុត្រដោយកល្យាណចិត្ត គឺតាំងចិត្តផ្សាយមេត្តាធម៌ដល់កុលបុត្រទាំងឡាយថា ឱ្យបានសេចក្ដីសុខ កុំបីមានទុក្ខ សោក រោគ ភ័យអ្វីឡើយ។

៤- ឱ្យកុលបុត្របានស្ដាប់នូវធម៌ដែលមិនធ្លាប់បានស្ដាប់។

៥- ញ៉ាំងធម៌ដែលកុលបុត្រធ្លាប់បានស្ដាប់ហើយ ឱ្យផូរផង់ល្អ គឺថាប្រាប់ពន្យល់សេចក្ដីនៃធម៌នោះ ឱ្យច្បាស់លាស់ប្រាកដឡើង ត្រាតែកុលបុត្រនោះលែងមានសេចក្ដីសង្ស័យ។

៦- ប្រាប់នូវសួគ៌ដល់កុលបុត្រ មានប្រាប់ឱ្យដឹងដូច្នេះថា បុគ្គលដែលបានទៅកើតក្នុងឋានសួគ៌នោះ ព្រោះអំណាចនៃកុសលមានសីល៥ និងកុសលកម្មបថ១០ជាដើម។

កាលបើបុគ្គលទាំង ៦ ពួកគឺ៖ មាតាបិតានិងបុត្រធីតា គ្រូបាអាចារ្យនិងសិស្សានុសិស្ស ភរិយានិងស្វាមី មិត្រសម្លាញ់និងកុលបុត្រ ទាសកម្មការនិងចៅហ្វាយនាយ សមណព្រាហ្មណ៍និងកុលបុត្រ បានប្រព្រឹត្តត្រូវតាមស្ថានដែលខ្លួនត្រូវប្រតិបត្តិ ត្រូវអនុគ្រោះទៅវិញទៅមកដូច្នេះហើយ បុគ្គលទាំងនោះ ឈ្មោះថាបិទបាំងនូវភ័យអន្តរាយ មិនឱ្យកើតឡើងបាន ជាបុគ្គលមានកេរ្តិ៍ឈ្មោះល្អក្នុងលោកទាំងពីរ គឺលោកនេះនិងលោកខាងមុខ រមែងបាននូវកេរ្តិ៍ឈ្មោះយសសក្តិ ចម្រើនដោយសុខភាពអនាម័យដ៏ល្អ។

សង្គហធម៌ទាំង ៤ នេះ បើបុគ្គលណាបានប្រតិបត្តិដោយប្រពៃហើយ កេរ្តិ៍ឈ្មោះរបស់បុគ្គលនោះនឹងផុលផុសឡើងក្នុងលោក ផ្សាយនូវក្លិនពិដោរឈ្ងុយឈ្ងប់គ្រប់ទិស ជនភាគច្រើនតែងដើរត្រសងស្រង់តាមក្លិនចូលទៅទទួលស្គាល់បុគ្គលនោះជានាយចៅហ្វាយ ជាមិត្រសម្លាញ់ ប្រៀបដូចបុប្ផជាតិដែលមានក្លិនក្រអូបឆើត ជាទីកើតតម្រេកនៃភមរជាតិទាំងឡាយ មានកន្លង់ដូច្នោះជាដើមដែរ។

ន័យមួយទៀត ព្រះសម្ពុទ្ធជាម្ចាស់ទ្រង់ត្រាស់សម្ដែងថា៖

យស្មា  ច  សង្គហា  ឯតេ   សមបេក្ខន្តិ  បណ្ឌិតា

តស្មា  មហត្តំ  បប្បោន្តិ      បាសំសា  ច  ភវន្តិ  តេ ។

សេចក្ដីថា អ្នកប្រាជ្ញទាំងឡាយ លោកបានប្រព្រឹត្តធ្វើនូវសង្គហធម៌ទាំង៤នេះដោយប្រពៃ ព្រោះហេតុនោះបានជាលោកបានដល់នូវភាវៈជាធំ ព្រមទាំងបាននូវសេចក្ដីសរសើរអំពីប្រជុំជនផងគ្នា។

សម្ដែងមកអំពីសង្គហធម៌ ក៏សន្មតថាចប់ដោយសង្ខេបតែប៉ុណ្ណេះ។

ដោយអានុភាពនៃធម្មទេសនា សូមទេវតាទាំងមួយម៉ឺនលោកធាតុរក្សាព្រះប្រិយមហាក្សត្រកម្ពុជាធិបតី ព្រមទាំងព្រះរាជវង្សានុវង្ស សូមទ្រង់ប្រសិទ្ធិដោយចតុព្វិធពរ រុងរឿងដោយសតិបញ្ញា បរិហាររចនាកម្ពុជរដ្ឋឱ្យដល់នូវឧត្ដមគតិ ដោយមុហុត្តកាល។

ទាំងសូមពុទ្ធបរិស័ទទាំងឡាយគ្រប់ជាន់ ដែលបានប្រតិបត្តិតាមសាសនវិធី ក្រោមអធិបតេយ្យនៃព្រះសម្មាសម្ពុទ្ធ ឱ្យចម្រើនដោយសុខភាព អនាម័យដ៏ល្អ ដើម្បីជាពលរដ្ឋប្រកបកិច្ចសាសនា ក្លាហានបានមគ្គាភិសម័យទៅហោង។

ចប់

ព្រះបាឡាត់ឧត្ដមលិខិត សុង – ស៊ីវ វត្តលង្កា ភ្នំពេញ
ទេសនាដាក់វិទ្យុប្រទេសកម្ពុជា កាលពីថ្ងៃ ៨ រោច ខែផល្គុន ឆ្នាំជូត សំរិទ្ធិស័ក
ព. ស. ២៤៩១ (២២ – ៣ – ៤៩)

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៥៣

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Oldest
Newest Most Voted
Inline Feedbacks
View all comments