រឿង សត្វ​ខ្លា​ចាញ់​ប្រាជ្ញា​គីង្គក់​និង​អណ្ដើក

រឿង​ព្រេង​និទានខ្មែរ

មានសត្វខ្លាមួយ​ដើរស្វែងទៅរកស៊ីតាមទម្លាប់វា លុះដើរទៅប្រទះនឹងសត្វគីង្គក់មួយ​កំពុងលោតផ្លោតៗ ខ្លាឃើញស្រែកសួរទៅថា។

យើបងមាំងកាយេ “ខ្លាហៅថាមាំងកាជា” ឯងដើររកអីហ្នឹង គីង្គក់តបវិញថា ចុះបងខ្លាមករកអីដែរ ខ្លាថាយើងដើររកស៊ី គីង្គក់តបថា យើងដើររកស៊ីដូចបងឯងដែរ។

ខ្លាសួរ ចុះដើររកស៊ីអីនឹងបាន បើបងឯងលោតម្ដងមួយសុញដូច្នេះនេះ តើនឹងចាប់សត្វអ្វីនឹងបាន គីង្គក់ក៏អួតអាត្មាប្រាថ្នាឱ្យខ្លាកោតខ្លាចថា យើងនេះពិតតែឃើញលោតតិចៗដូច្នេះ បើចង់លោតយ៉ាងណាក៏បាន ចង់ចាប់សត្វអ្វីក៏បាន ទោះតូចក្ដីធំប៉ុន្មានក្ដីក៏ចាប់បានទាំងអស់មិនចាញ់បងឯងទេ ខ្លាសួរបើបងឯងពូកែដូចសម្ដីថានេះ យើងលោតប្រណាំងគ្នាម្ដងមើលពីត្រើយព្រែកខាងណេះទៅត្រើយម្ខាង បើបងឯងលោតឆ្លងទៅដល់យើងជឿជាពូកែមែន “គីង្គក់ជាសត្វមានប្រាជ្ញាគិតឃើញថាសត្វខ្លានេះ តែកាលណាវារៀបនឹងលោតរមែងចោលកន្ទុយទៅខាងក្រោយ បើដូច្នេះអញចាំខាំកន្ទុយវាកាលមុនវានឹងលោតទៅ នោះទើបគីង្គក់តបទៅថា ខ្លាចអីបងខ្លាឯង បើចង់លោតពីត្រឹមណាទៅត្រឹមណាក៏បានដែរ ហើយយើងហ៊ានឱ្យបងឯងទៅឈរពីមុខយើងទៀតផងតែកាលណាយើងស្រែកថា ហ៏ ត្រូវឱ្យបងឯងលោតទៅចុះ (សត្វខ្លាជាសត្វឆោតមិនអាចដឹងគំនិតគីង្គក់វានឹងខាំកន្ទុយខ្លួននោះសោះ ឯខ្លួនទៀតក៏មិនគិតឃើញពីរបៀបខ្លួនដែលរៀបនឹងលោតទៅនោះកិរិយាយ៉ាងណាខ្លះ គិតមិនឃើញឡើយ ក៏ព្រមសន្យាទៅឈរនៅពីមុខគីង្គក់ ឯគីង្គក់កាលណាឃើញខ្លាមកឈរពីមុខឃើញពេលល្អហើយ ក៏ប្រាប់ថាបងខ្លាឯងប្រុងស្ដាប់ ខ្លាខំប្រុងត្រចៀកស្ដាប់ហើយកន្ទុយនោះចោលទៅត្រង់ចំមុខគីង្គក់ ៗ ទទួលស្រែកថាហ៏ហើយខាំកន្ទុយជាប់ខ្លាលោតផ្លោតទៅភ្លាមដល់ត្រើយម្ខាងមួយរំពេច អំណាចកន្ទុយខ្លាវាត់ទៅខាងមុខវិញ ដោយទាំងគីង្គក់នោះទៅដូចជាដុំដីដែលគេចោលនឹងឈើដង្ហក់ ធ្លាក់ហួសទៅមុខខ្លាស្ទើតែនឹងស្លាប់ ខ្លាក៏មិនអាចដឹងប្រែប្រាណទៅខាងក្រោយវិញ ស្រែកហៅថាបងមាំងកាជាអើយម៏ គីង្គក់ឆ្លើយកូកនៅឯណេះហើយ ខ្លាឮគីង្គក់ឆ្លើយនៅពីមុខដូច្នោះ ក៏ជឿបងមាំងកាយេឯងពូកែមែនហើយ។

ប៉ុន្តែឯខាងចាប់សត្វនោះយើងមិនទាន់បានឃើញឫទ្ធិបងឯងនៅឡើយបើដូច្នោះយើងនឹងចាប់សត្វល្បងគ្នាទៀត គីង្គក់ក៏ព្រមតបវិញថាឱ្យបងឯងទៅចាប់សត្វចុះ បានសត្វ​ប៉ុន្មាន​ៗ ឱ្យមកចួបគ្នានៅកន្លែងនេះនឹងរើសាច់នោះល្បងគ្នាមើលអ្នកណាច្រើនជាង ខ្លាព្រមចេញទៅរកចាប់សត្វផ្សេងៗបានជាច្រើន។

ឯគីង្គក់ក្រោយពីខ្លាចេញទៅហើយនោះខំសង្វាតលោតទៅមិនដឹងនឹងទៅចាប់សត្វឯណាបានទេ ព្រោះធ្លាប់ចាប់តែជន្លេន នឹងចាប់តែស្រមោចសង្អារ លោតបន្តិចទៅឃើញមានធ្យូងមួយ​ដុំប៉ុនគ្រាប់សណ្ដែក គីង្គក់លេបធ្យូងនោះចូលទៅ លោតបន្តិចទៅទៀតឃើញឆ្អឹងត្រីស្លាតមួយ​តូចនៅកណ្ដាលផ្លូវ គីង្គក់លេបថែមទៅទៀត លោតបន្តិចទៅទៀតឃើញគ្រាប់អង្ក្រេមអង្ក្រមមួយ​ ក៏លេបទៅបានជា ៣ ល្មមតែពេញពោះគ្នានោះរួចត្រឡប់វិលមកចាំខ្លាឯទីដដែលវិញ។

ឯសត្វខ្លាកាលណាស្វែងរកខាំសត្វបានសព្វគ្រប់ហើយត្រឡប់មកឯកន្លែងសន្យាដើម មកដល់ឃើញគីង្គក់នៅអង្គុយចាំច្រប៉ុកៗ ខ្លាសួរថាយើបងមាំងកាយេឯងមកដល់ហើយអ្ហ៎ះ គីង្គក់តបថាយើងមកដល់ចាំបងឯងយូរណាស់ហើយ អើបងខ្លាឯងបានប៉ុន្មានមុខ បងឯងរើចេញមកមើលយើងនឹងកត់ត្រា ខ្លាក៏រើសាច់សត្វនានា ប្រាប់គីង្គក់ជាច្រើនមុខ រើចេញអស់ទើបប្រាប់ថាអស់តែប៉ុណ្ណេះហើយ គីង្គក់ក៏តាំងរើចំណែករបស់ខ្លួនវិញឱ្យមកមើលចុះ

ទី១ ដំបូងរើបញ្ចេញធ្យូងនោះមកមុន ខ្លាសួរថាសត្វអីបង គីង្គក់តបថាហ្នឹងគេហៅ “គាសរម៉ុយ” ខ្លាស្ដាប់មិនបានអង្វរថា កុំនិយាយបាលីបាគុអីបង សុំឱ្យប្រាប់ជាសម្រាយមកចុះ គីង្គក់ប្រាប់ថានេះ កុយរមាស ខ្លាក៏កោតថាយើទៅខាំដល់កុយរមាសផង។

ទ២ រើឆ្អឹងត្រីស្លាតនោះចេញមកទៀត ខ្លាសួរថាសត្វអីសស្គុសអ៊ីចេះបង គីង្គក់ប្រាប់ថា ផ្លដំរីស៊ុក ខ្លាថាអាណិតកុំនិយាយបាលីបាគូអី គីង្គក់តបថាអាហ្នឹងគេហៅភ្លុកដំរីស ខ្លារឹតតែកោតថា អៃយ៉ាលេងដល់ភ្លុកដំរីសទៀតផង ចុះអស់ប៉ុណ្ណឹងហើយឬនៅបង គីង្គក់តបថាយើអស់អីចេះអ្នកម៉ែនៅច្រើនមុខណាស់ បងឯងចាំតែរាប់ចុះ។

ទី៣ ទម្លាក់គ្រាប់អង្ក្រេមអង្ក្រមនោះមក ខ្លាសួរថាសត្វអីក្រហមផងខ្មៅផងដូចនេះ។ គីង្គក់តបថា “ផ្នាអាឃ្លែក” ខ្លាថាសុំនិយាយជាសម្រាយទៅវិញមើល គីង្គក់តបថាហ្នឹងឯងហើយគេហៅថាភ្នែកអាខ្លាឯង ខ្លាឮថាភ្នែករបស់ខ្លួនស្ទុះរត់ភ្លាមមិនហ៊ាននៅ គីង្គក់ស្រែកថាឈប់សិនឯងទៅណាចាំអញយកភ្នែកឯងស៊ីសិន ខ្លារឹតតែភ័យខ្លាំងឡើងទៀតចេះតែរត់ទៅ គីង្គក់ខំដេញតាមពីក្រោយ លុះឆ្ងាយបន្តិចទៅស្រាប់តែប្រទះនឹងសត្វអណ្ដើក ៗ សួរថាបងមាំងកាយេឯងរត់ទៅណា គីង្គក់តបទៅថា បងរាជាបូរិល ខ្ញុំដេញតាមខ្លាវារត់ទៅមិញៗ បងប្រទះដែរឬ អណ្ដើកប្រាប់ថាឃើញវារត់ទៅហើយ បើចុះខ្ញុំជួយតាម គីង្គក់និងអណ្ដើកក៏នាំគ្នាតាមទៅ ដើរបន្តិចទៅឃើញខ្លានៅពួនលើគុំឫស្សី អណ្ដើកមើលទៅឃើញ ស្រែកប្រាប់គីង្គក់ថា វានៅៗនេះទេ។

គីង្គក់តបអណ្ដើកថាឱ្យបងឯងនៅចាំត្រង់ណេះចុះខ្ញុំនឹងឡើងទៅចាប់វា គីង្គក់ខំឡើងតាមវល្លិនិងមែកឈើទៅបានពាក់កណ្ដាលគុំឫស្សីស្រាប់តែរបូតដៃធ្លាក់មកដីឮតែប្រោកអណ្ដើកថាវាថីបង គីង្គក់ប្រាប់ថាខ្ញុំចុះមកបោចវល្លិយកទៅចងវាតែម្ដង ខ្លាឮដូច្នោះស្ទុះលោតចុះរត់ទៅទៀត ទៅឃើញដើមឈើមួយធំក៏ត្រេកអរខំឡើងទៅនៅសម្ងំមិនឱ្យសត្វទាំងពីរដឹង ឯគីង្គក់និងអណ្ដើកខំតាមដានទៅ បាត់ដានត្រង់ដើមឈើនោះមើលទៅលើឃើញឯខ្លាពួនក្រាបនៅលើមែកឈើស្រមាមៗ  ទើបស្រែកប្រាប់គ្នាថា កនយើងវានៅៗនេះទេ គីង្គក់ប្រាប់ថាបងរាជាបូរិលឯងចាំនៅគល់នេះចុះ ខ្ញុំនឹងឡើងទៅចាប់វាឯលើ គីង្គក់ខំប្រវេប្រវាឡើងទៅជិតប្រគាបមែកឈើមួយ​ ស្រាប់តែសម្បកឈើវារបេះធ្លាក់ចុះមកដោយទាំងគីង្គក់មកដល់ដី អណ្ដើកឃើញសួរទៅម៉េចអីចេះ គីង្គក់ប្រាប់ថាយើងគិតរម្លំឈើនេះវិញឱ្យដួលមកនឹងចាប់ អណ្ដើកបោលទង្គិចគល់ឈើនោះឮសូរតែប៉ូកៗ រួចគីង្គក់ធ្វើបញ្ចេញសំឡេងឮតែក្រតៗ ហើយស្រែកបន្ទរទៀតថា ហ៏រលំទៅហើយ ខ្លាបានឮថារលំក្រឡេកមើលទៅឃើញពពករសាត់លឿនស្លៅ ស្មានថារលំមែនហើយខំស្ទុះរត់ចុះទៅទៀតសត្វទាំង២ចេះតែដេញតាមទៅ។

ឯខ្លារត់កាន់តែឆ្ងាយបានទៅប្រទះនឹងតាចាស់ម្នាក់ធ្វើជាងដែក ខ្លាចូលទៅសំពះតាចាស់នោះសុំឱ្យជួយយកអាយុខ្ញុំផង ដ្បិតគីង្គក់និងអណ្ដើកវាដេញចាប់ខ្ញុំ នឹងប្រហារដល់ជីវិត តាចាស់តបទៅនឹងខ្លាថា នៅចុះសឹមអញជួយឯងឱ្យរួចពីស្លាប់កុំឱ្យអាគីង្គក់ អណ្ដើកធ្វើអីបាន យូរបន្តិចឃើញអណ្ដើកទៅដល់មុន ខ្លាប្រាប់តាចាស់ថា អុញហ្នម៏ទៀតហើយតាតាចាស់ថាមិនអីទេ បើខ្លាចណាស់ឱ្យខំសប់ឱ្យខ្លាំងៗ ខ្លារឹតតែសប់ខ្លាំងឡើង ហើយតាចាស់ទៅចាប់អណ្ដើកនោះ គាត់ថាជាហើយចាំតែធ្វើដែករួចនឹងស្ងោ បន្តិចទៀតឃើញគីង្គក់ទៅដល់ទៀតអាហ្នឹងហើយវាប្រាថ្នាតែភ្នែកខ្ញុំទេ តាចាស់ប្រាប់ថាបើឯងខ្លាចវាណាស់ឱ្យយកខ្សែចងស្នប់ភ្ជាប់នឹងចង្កេះទៅខ្លាធ្វើតាម ឯតាចាស់នោះគាត់ស្លៀកខោខ្លីជើងធំៗ ពេកគាត់អង្គុយលើអណ្ដើកកំពង់តែលោក៏កោសកាំបិតឱ្យស្អាត ភ្លេចគិតឯប្រដាប់របស់ខ្លួនខាងក្រោម វាធ្លាក់នៅកណ្ដាលវាល គីង្គក់ក្រឡេកទៅឃើញប្រាប់ទៅអណ្ដើកថា បងរាជាបូរិលឯងមើលខាងក្រោម អណ្ដើកក្រឡេកទៅឃើញប្រដាប់តាចាស់នោះទាំងអស់ ក៏មានចិត្តអរព្រួច ហើយអើតក្បាលចូលទៅក្នុងជើងខោខាំត្រឹមគល់នឹងចង្កូមដាច់ទៅទាំងអស់ តាចាស់ដួលបះជើងច្រោង គីង្គក់ក៏ស្រែកថាអៅកនយើងដួលមួយ​ហើយ ខ្លាឃើញតាចាស់ដួលក៏ស្ទុះរត់ទៅដោយទាំងស្នប់នោះទៅផង គីង្គក់រឹងដេញតាមទៅ ដល់ជិតមាត់ស្ទឹងមួយ​​មានទឹកជ្រៅ គីង្គក់ស្រែកឱ្យអណ្ដើកថា បងប្រយត្នខំស្ទាក់កុំឱ្យវាលោតទឹកក្រែងបាត់ដាន ខ្លាឮដូច្នោះក៏លោតទៅក្នុងទឹក ៗ ក៏ចូលទៅក្នុងស្នប់ហើយហូរខ្លាំងក៏នាំខ្លាលិចស្លាប់ទៅ។

រឿងនេះអ្នកមានប្រាជ្ញាគួរពិចារណាឃើញសេចក្ដីជឿទៅលើសត្វឆោតដូចខ្លានេះ នឹងនាំខ្លួនឱ្យលំបាកហើយស្លាប់ខ្លួនឥតអំពើដូចខ្លានេះ គួរទៅខ្លាចអីសត្វគីង្គក់វិញនេះ គេបញ្ឆោតថាដូចម្ដេចក៏ចេះតែជឿ គ្មានប្រាជ្ញាពិចារណាឱ្យឃើញខុសត្រូវសិនសោះឆោតអីឆោតម្ល៉េះលុះតែស្លាប់ខ្លួន។

រឿងនេះមានពាក្យកំប្លែងថា (ជាពាក្យឃ្លោង)

តាជាងតាចាស់   ប្រញាប់រហ័ស  រហាល់ខាងស្ងោរ រាជាបូរិល ផ្ដាច់ផ្ដិលក្នុងខោ  តាជាងភ្នែកស្លោ ផ្ងារជើងផ្ងារដៃ  ។

ទៅចួបឯខ្លា  សត្វអាប់ប្រាជ្ញា  នាំឱ្យចង្រៃ អណ្ដើកគីង្គក់  គេប្រាជ្ញាវៃ  ចែងចេះសម្ដី កែខៃដាក់ទុក  ។

មួយ​ទៀតឯខ្លា  អាប់ឥតប្រាជ្ញា ហៅថាគម្រក់ ខ្លួនខ្លាំងអំណាច ទៅខ្លាចគីង្គក់  អង្គុយជ្រងក់ ដូចដុំសិលា  ។

សត្វខ្លាសែនខ្លៅ  ចិត្តឆោតចេះឆៅ  ឮគីង្គក់ថា បញ្ឆោតអួតអាង ថាភ្នែកអាត្មា  ភិតភ័យតក្កមា រត់រាន់ចៅរ៉ៅ  ។

ខ្លាខ្លាចបងមាំង កាយេគេខ្លាំង ចិត្តចោរឃោឃៅ ខ្លាចខាំនេត្រា ទ្វេហាទៀតទៅ ម៉្លោះហើយគ្នានៅ ឯណាក៏បាន  ។

ជាន់ក្រោយនេះទៀត  ឆោតពាលើឆ្លៀត លិចអន្ដរធាន លោតចុះគង្គា ស្នប់វាទាញប្រាណ  ទឹកហូរដូចច្រាន ដោយស្នប់លឿនស្លៅ ។

ទៅទាំងខ្លួនខ្លា  លិចក្នុងគង្គា  ទឹកទៀតជ្រៀលជ្រៅ ខ្លាហែលមិនរួច កួចលិចបាត់ទៅ  ម៉្លោះហើយខ្លានៅ រស់បានកាលណា  ។

(ចប់ឆោតទី ១) ៕

ព្រះមេត្រីតេជោ (សុគទោ) ក្រមការដើមខ្សែលេខ ២
ជាអ្នករៀបរៀង

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៣៤

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments