មង្គលសូត្រ

នានា​សូត្រ

មង្គល ៣៨ ប្រការ

ពាក្យថា “មង្គល” មានន័យថា ការរីកចម្រើន សេចក្តីសុខចម្រើនសួស្តី ដែលជាទីប្រាថ្នារបស់មនុស្ស។  ដោយហេតុតែចង់បានមង្គលគឺក្តីសុខចម្រើននេះ មនុស្សមានការប្រព្រឹត្តិផ្សេងៗគ្នា ដោយអ្នកខ្លះបួងសួងពពួកទេវតា អ្នកខ្លះបូជាដល់អាទិទេពឬព្រះរបស់ពួកគេ អ្នកខ្លះបួងសួងអារក្ស អ្នកតា ខ្មោច ព្រាយ បិសាច ជីដូន ជីតាជាដើម។ ចំពោះព្រះពុទ្ធសាសនា ការបួងសួងទាំងនេះជាទង្វើមិនត្រឹមត្រូវឡើយ។  នៅក្នុងគម្ពីរមង្គលត្ថទីបនី មានដំណាលថា មុនពេលព្រះពុទ្ធបានត្រាស់ដឹងនិងជំនាន់ពុទ្ធកាលនៅប្រទេសឥណ្ឌាដែលជា ប្រទេសរុងរឿងនោះ ពួកលោកអ្នកប្រាជ្ញមានការមិនចុះសម្រុងគ្នាអំពីគោលការណ៍ដែលនឹងនាំមក នូវក្តីចម្រើន ឬមង្គលរហូតដល់មានការទាស់ទែងខ្វែងគំនិតគ្នាតាំងពីពួកអ្នកប្រាជ្ញ រហូតដល់មន្ត្រីរាជការ ប្រជារាស្ត្រ និងដល់ពពួកទេវតា។ លុះដល់ព្រះពុទ្ធត្រាស់ដឹងក្នុងលោក ពួកគេបាននាំគ្នាចូលគាល់និងសួរព្រះសម្មាសម្ពុទ្ធអំពីមង្គល។  ព្រះសម្មាសម្ពុទ្ធបានសម្តែងថា មង្គលបានមកពីការប្រតិបត្តិដ៏ត្រឹមត្រូវនិងមានគោល ការណ៍ច្បាស់លាស់ប្រកបដោយភាពវៃឆ្លាតនិងម៉ឺងម៉ាត់ទៀងទាត់ មិនមែនបានមកពីការបួងសួង អធិដ្ឋានចំពោះព្រះ ចំពោះអាទិទេព ឬទេវតាអង្គណា ឬរង់ចាំវាសនាពីបុព្វជាតិឡើយ។ ព្រះអង្គបានបង្រៀនថា ផ្លូវដែលនាំទៅរកក្តីសុខប្រាស ចាកកង្វល់ឱ្យបានដល់នូវការចម្រើនលូតលាស់ រុងរឿង និងសន្តិភាពនោះមាន ៣៨ ប្រការគឺ៖

ឯវមេ សុត្តំ សូត្រនេះឈ្មោះមង្គលសូត្រ គឺខ្ញុំ ឈ្មោះអានន្ទ បានស្តាប់មកហើយយ៉ាងនេះថា ៖

ឯកំ សមយំ ភគវា សាវត្ថិយំ វិហរតិ ជេតវនេ អនាថបិណ្ឌិកស្ស អារាមេ។

សម័យមួយ ព្រះដ៏មានព្រះភាគទ្រង់គង់នៅ ក្នុងវត្តជេតពន ជាអារាមរបស់អានាថបណ្ឌិកសេដ្ឋីទៀបក្រុងសាវត្ថី។

អថខោ អញ្ញតរា ទេវតា អភិក្កន្តាយ រត្តិយា អភិក្កន្តវណ្ណា កេវលកប្បំ ជេតវនំ ឧភាសេត្វា យេន ភគវា តេនុបសង្កមិ ឧបសង្កមិត្វា ភគវន្តំ អភិវាទេត្វា ឯកមន្តំ អដ្ឋាសិ។

លំដាប់ នោះឯង ទេវតាអង្គ១ កាលដែលវេលារាត្រីបឋមយាមកន្លងទៅហើយមានរស្មីដ៏ល្មមញ៉ាំងវត្ត ជេតពនជុំវិញទាំងអស់ឱ្យភ្លឺស្វាង ហើយព្រះដ៏មានព្រះភាគទ្រង់គង់ក្នុងទីណា ក៏ចូលទៅក្នុងទីនោះ លុះចូលទៅដល់ហើយ ទើបថ្វាយបង្គំចំពោះព្រះអង្គដ៏មានព្រះភាគ ហើយឈរនៅក្នុងទីដ៏សមគួរ។

ឯកមន្តំ ឋិតា ខោសា ទេវតា ភគវន្តំ គាថាយ អជ្ឈភាសិ។

កាលទេវតានោះឈរក្នុងទីដ៏សមគួរ ហើយទើបក្រាបទូលព្រះដ៏មានព្រះភាគដោយពាក្យជាគាថាយ៉ាងនេះថា៖

ពហូ ទេវា មនុស្សា ច មង្គលានិ អចិន្តយុំ អាកង្ខមានា សោត្ថានំព្រូហិ មង្គលមុត្តមំ។

ទេវតានិងមនុស្សទាំងឡាយជាច្រើនប្រាថ្នានូវសេចក្តីសួស្តី បានគិតរកនូវមង្គលទាំងឡាយ សូមព្រះអង្គទ្រង់ព្រះមេត្តា សម្ដែងប្រាប់នូវមង្គលដ៏ឧត្តម។

ព្រះដ៏មានព្រះភាគទ្រង់ត្រាស់សម្ដែងតបពាក្យទេវតានោះដោយពុទ្ធភាសិតជាគាថាយ៉ាងនេះថា៖

អសេវនា ច ពាលានំ បណ្ឌិតានញ្ខ សេវនា បូជា ច បូជនិយានំ ឯតម្មង្គលមុត្តមំ។

កិរិយាមិនសេពគប់នូវបុគ្គលពាលទាំងឡាយ១ កិរិយាសេពគប់នូវបុគ្គលជាបណ្ឌិតទាំងឡាយ១ កិរិយាបូជាដល់បុគ្គលដែលគួរបូជាទាំងឡាយ១ ទាំង៣នេះជាមង្គលដ៏ឧត្តម។

បដិរូបទេសវាសោ ច បុព្វេ ច កតបុញ្ញតា អត្តសម្មាបណីធិ ច ឯតម្មង្គលមុត្តមំ។

កិរិយានៅក្នុងប្រទេសដ៏សមគួរ១ ភាវៈនៃបុគ្គលបានធ្វើបុណ្យទុកហើយក្នុងកាលមុន១ កិរិយាតម្កល់ខ្លួនដោយប្រពៃ១ ទាំង៣នេះ ជាមង្គលដ៏ឧត្តម។

ពាហុសច្ចញ្ច សិប្បញ្ច វិនយោ ច សុសិក្ខិត្តោ សុភាសិតា ច យា វាចា ឯតម្មង្គលមុត្តំ។

ភាវៈនៃបុគ្គលបានស្តាប់ បានរៀនហើយដោយច្រើន១ សិល្ប៍សាស្ត្រគឺសេចក្តីឆ្លៀវឆ្លាស់ក្នុងហត្ថកម្ម របស់អ្នកបួសនិងគ្រហស្ថ១   វិន័យដែលបុគ្គលសិក្សាដោយប្រពៃ១វាចាដែលបុគ្គលពោលត្រឹមត្រូវ១ ទាំង៤នេះ ជាមង្គលដ៏ឧត្តម។

មាតាបិតុឧបដ្ឋានំ បុត្តទារស្ស សង្គហោ អនាកុលា ច កម្មន្តា ឯតម្មង្គលមុត្តមំ។

កិរិយាបម្រើនូវមាតា១ កិរិយាបម្រើនូវបិតា១ សេចក្តីសង្គ្រោះដល់បុត្រនិងភរិយា១ ការងារទាំងឡាយដែលមិនច្របូកច្របល់១ ទាំង៤នេះ ជាមង្គលដ៏ឧត្តម។

ទានញ្ច ធម្មចរិយា ច ញាតិកានញ្ច សង្គហោ អនវជ្ជានិ កម្មានិ ឯតម្មង្គលមុត្តមំ។

កិរិយាបរិច្ចាគទាន១ កិរិយាប្រព្រឹត្តនូវធម៌១ សេចក្តីសង្គ្រោះដល់ញាតិទាំងឡាយ១ ការងារទាំងឡាយដែលមិនមានទោស១ ទាំង៤នេះ ជាមង្គលដ៏ឧត្តម។

អារតី វិរតី បាបា មជ្ជបានា ច សញ្ញមោ អប្បមាទោ ច ធម្មេសុ ឯតម្មង្គលមុត្តមំ។

កិរិយាមិនត្រេកអរក្នុងបាប និងកិរិយាវៀរចាកបាប១ សេចក្តីសង្រួមចាកកិរិយាផឹកនូវទឹកស្រវឹង១ សេចក្តីមិនប្រមាទក្នុងធម៌ទាំងឡាយ១ ទាំង៣នេះ ជាមង្គលដ៏ឧត្តម។

គារវោ ច និវាតោ ច សន្តុដ្ឋី ច កតញ្ញតា កាលេន ធម្មស្សវនំ ឯតម្មង្គលមុត្តមំ។

សេចក្តីគោរពចំពោះបុគ្គលដែលគួរគោរព១ កិរិយាប្រព្រឹត្តបន្ទាបនូវខ្លួន១ សេចក្តីត្រេកអរចំពោះរបស់ដែលមាន១ ភាវៈនៃបុគ្គលអ្នកដឹងនូវឧបការៈដែលអ្នកដទៃធ្វើហើយដល់ខ្លួន១ កិរិយាស្តាប់នូវធម៌តាមកាល១ ទាំង៥នេះ ជាមង្គលដ៏ឧត្តម។

ខន្តី ច សោវចស្សតា សមណានញ្ច ទស្សនំ កាលេន ធម្មសាកច្ឆា ឯតម្មង្គលមុត្តមំ។

សេចក្តីអត់ធន់១ ភាវៈនៃបុគ្គលដែល គេប្រដៅបានដោយងាយ១ កិរិយាបានឃើញបានជួបនូវសមណៈទាំងឡាយ១ ធម្មសាកច្ឆាគឺកិរិយា សន្ទនាទៅវិញទៅមក នូវធម៌តាមកាល១ ទាំង៤នេះ ជាមង្គលដ៏ឧត្តម។

តបោ ច ព្រហ្មចរិយញ្ច អរិយសច្ចាន ទស្សនំ និព្វានសច្ឆិកិរិយា ច ឯតម្មង្គលមុត្តមំ។

សេចក្តី ព្យាយាមដុតនូវបាបធម៌១ កិរិយាប្រព្រឹត្តនូវធម៌ដ៏ប្រសើរ១ កិរិយាឃើញនូវអរិយសច្ចៈទាំងឡាយ១ កិរិយាធ្វើឱ្យជាក់ច្បាស់នូវព្រះនិព្វាន១ ទាំង៤នេះ ជាមង្គលដ៏ឧត្តម។

ផុដ្ឋស្ស លោកធម្មេហិ ចិត្តំ យស្ស ន កម្បតិ អសោកំ វិរជំ ខេមំ ឯតម្មង្គលមុត្តមំ។

ចិត្ត នៃបុគ្គលឯណាដែលលោកធម៌ទាំងឡាយពាល់ត្រូវហើយ មិនរំភើបញាប់ញ័រ១ មិនមានសេចក្តីសោក១ មានធុលីគឺរាគៈទៅប្រោសហើយ១ ជាចិត្តក្សេមក្សាន្ត១ ទាំង៤នេះ ជាមង្គលដ៏ឧត្តម។

ឯតាទិសានិ កត្វាន សព្វត្ថមបរាជិតា សព្វត្ថ សោត្ថឹ គច្ឆន្តិ តន្តេសំ មង្គលមុត្តមន្តិ។

ទេវតានិងមនុស្សទាំងឡាយ ធ្វើនូវមង្គលទាំងឡាយ ប្រាកដដូច្នេះហើយ ជាអ្នកមិនចាលចាញ់ក្នុងទីទាំងពួង តែងដល់នូវសេរីសួស្តីក្នុងទីទាំងពួង ម្នាលទេវតា ចូរអ្នកប្រកាន់ជឿថា មង្គលទាំង៣៨ប្រការ មានកិរិយាមិនសេពគប់ នូវបុគ្គលពាលជាដើមនោះ របស់ទេវតានិងមនុស្ស ទាំងអម្បាលណោះ ជាមង្គលដ៏ឧត្តម ៕៚

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments