របស់លោកឧកញ៉ា វង្សាសរពេជ្ជ នង បានប្រែចេញពីបាលី ហើយនិពន្ធជាពាក្យឃ្លោង តាំងពីក្នុងរជ្ជកាលព្រះបាទសម្ដេច ព្រះហរិរក្ខរាមា ព្រះ អង្គដួង ព្រះពុទ្ធវង្ស ម៉ី អាំងស្បិចទ័រ និងព្រះគ្រូវិមលបញ្ញា អ៊ុម – ស៊ូរ អាចារ្យក្នុងព្រះរាជបណ្ណាល័យ បានយកមកពិនិត្យផ្ទៀងផ្ទាត់ ឱ្យបានត្រឹមត្រូវឡើង។
៙ បាណាតិបាត នាអ្នកនេសាទ ចិត្តចោរចោទចង់ ពិឃាដម្រឹគា មច្ឆានូវអង្គ មនុស្សសត្វឱ្យបង់ ឱ្យបាត់ជន្មា ។ អ្នកនោះនឹងទៅ រងបាបក្ដាត់ក្ដៅ លំបាកនៅនា សញ្ជីពនរក ទល់ទុក្ខឈឺផ្សា ទុរន់ទុរា រូបរងយូរក្រៃ ។ យមបាលបោះ ទៅក្នុងភ្លើងស្មោះ ឆុរឆេះក្សិណក្ស័យ ហើយរស់រូបវឹង កុំដឹងភិតភ័យ ថាវិលមកព្ធ ដល់មាត់រណ្ដៅ ។ យមបាលចរ ចោលចាក់នឹងស្ន មូលច្បូកដែកក្ដៅ ចាក់នឹងលំពែង ស៊កសែងចោលទៅ ក្នុងទីរណ្ដៅ ភ្លើងភ្លឺពុំក្សាន្ត ។
(៥) កំណត់ជន្មា នរកនោះហារ រយឆ្នាំប្រមាណ គិតគណនាឆ្នាំ ត្រូវប្រាំបួនលាន មនុស្សនេះទើបបាន មួយថ្ងៃនរក ។ លង់លុះរដោះ ពីនរកនោះ មកមិនដែលសុខ កើតជាមច្ឆា មាន់ទាជ្រូកស្រុក គេកាប់សាច់លក់ ប្រាំរយជាតិជាក់ ។ ទៀងទើបកើតជា មនុស្សមានទោសា គេបាញ់គេចាក់ គេដោតគេកាប់ សម្លាប់ឥតអាក់ ប្រាំរយជាតិជាក់ ពិតពុំសុខអង្គ ។ ទើបយកជាតិជា មនុស្សមានរោគា ដំបៅពកឃ្លង់ ជាមនុស្សគមគាក់ ភ្នែកខ្វាក់ខ្វិនខ្វង់ ក្លែងក្លង់ ក្លួរអប្រិយ ។ បើបានសក្តិបុណ្យ ដ្បិតផលជាតិមុន បានសាងមកក្ដី ពៀរកម្មអាត្មា ឱ្យអាយុខ្លី ពុំយឺនជីវី ជីវិតដល់ចាស់ ។
(១០) ទោះទុក្ខធ្វេសធ្វើ កាយកម្មបាបបើ បោះបង់ក្រឡាស់ ប្រឡាប់លែងលាប ប្រែប្រេះរហ័ស ដឹងដោយធម៌ច្បាស់ គន់គិតយង់យល់ ។ ខ្លាចបាបខ្មាសបាប ចៀសចាកដរាប ជីវិតសត្វសល់ ពិតពុំពណ៌នា រក្សាតម្កល់ ចិត្តចាំសីលផល បាណាតិបាត ។ បានទៅកើតនា សួគ៌ចាតុម្មហា រាជិកាជាតិ ជាអង្គទេវបុត្រ បរិសុទ្ធស្អាត ស្ថិតលើប្រាសាទ ប្រាំពីរយោជន៍គត់ ។ ស្រីទេពកញ្ញា ប្រាំរយអង្គា បម្រើបាទបត់ ចូលបង្គំគាល់ រៀងរាល់ប្រាកដ ប្រកបកំណត់ កំណាន់សព្វថ្ងៃ ។ ប្រាំរយឆ្នាំគត់ ទើបទេពច្យុត មកកើតនៅព្ធ ត្រកូលក្សត្រក្សាន្ត សន្ដានថ្លាថ្លៃ រូបរាងល្អក្រៃ មានលក្ខណាក្ដាត់ ។
(១៥) មានលមកម្លាំងលន់ មានចិត្តទោរទន់ ប្រណីទុក្ខសត្វ មានកូនមានចៅ ញាតិផៅពុំព្រាត់ ពុំប្រោសខ្ចាយខ្ចាត់ ជាតិសុខដល់ចាស់ ។ ពុំដែលក្សិណក្ស័យ ជីវិតប្រល័យ ដោយគ្រឿសសហ័ស បានបរិពារពេក អនេកច្រើនណាស់ ឥតទុក្ខទោសទាស់ ឥតព្យាធិ៍រោគា ។ ឥតមានសត្រូវ កំណាចភ្យាតភ្យូវ បៀតបៀនបណ្ឌា អាយុយឺនយូរ បរិបូណ៌ជន្មា នេះផលបាណា តិបាតប្រធាន ។ អទិន្នាទានា មនុស្សលួចទ្រព្យា គេគិតចង់បាន បំព្រាត់បញ្ឆោត បំពោតបំពាន បំពារអាងមាន យសសក្តិខូវខំ ។ លុះលែងជាតិទៅ នរកនាមហៅ កាឡសូត្រអស់យម- បាលចាប់ចង ធាក់ផងដាល់ដំ ឈឺផ្សាពេកពុំ សុខសោយទុក្ខា ។
(២០) ទើបយកបន្ទាត់ ដែកដុតមកផ្ទាត់ សុខសព្វកាយា ខ្លះយករណារ មកអារអង្គា ពុះពីសិរសា ទល់ទុក្ខទោរទន់ ។ ឈាមហូរសស្រាក់ ស្រែកយំឥតអាក់ ភិតភ័យភាំងភាន់ នៅនានរក រងទុក្ខកំណាន់ កំណត់មួយពាន់ ឆ្នាំទើបរដោះ ។ មួយពាន់ឆ្នាំត្រៃ ត្រិង្សទើបមួយថ្ងៃ នានរកនោះ យូរពន់ប្រមាណ លុះបានរួចស្មោះ ពីនរកនោះ មកជាប្រេតនោះ ។ កម្ពស់ត្នោតលៃ រូបអាក្រក់ក្រៃ រកអ្វីស៊ីគ្មាន ស៊ីសឹងតែលាមក ជាទុក្ខអត់ឃ្លាន ប្រាំរយជាតិបាន មកកើតជាមនុស្ស ។ កម្សត់ពិបាក អត់ឃ្លានតោកយ៉ាក ទុគ៌តទុយ៌ស ដើរសូមទានស៊ី ឥតគេសប្បុរស ក្សិណក្សត់របស់ ប្រាំរយជាតិទៀត ។
(២៥) មានទ្រព្យតិចតួច ចោរចាំលបលួច បានបាត់បង់សៀត កើតជាខ្ញុំគេ ម្ចាស់ជេរវាយទៀត បាបដ្បិតបៀនបៀត ទ្រព្យអ្នកដទៃ ។ បើអ្នកឯណា មួយមានប្រាជ្ញា ជវ័នវាងវៃ វៀរចាកទិន្នា ទានជាបច្ច័យ មគ្គផលអាស្រ័យ សមានបរិភោគ ។ វៀរជំនួញប្រាំ ប្រការចងចាំ ចិត្តចេះអធ្យោគ អធ្យាស្រ័យយល់ ទៅដល់បរលោក ខ្លាចកម្មទុក្ខសោក ដិតដល់អាត្មា ។ អ្នកនោះនឹងបាន ទៅកើតជាស្ថាន សួគ៌ត្រៃត្រិង្សា មានទេពអប្សរ បវរកញ្ញា មួយពាន់ចោមជា បរិវារគង់គាល់ ។ ឋិតវិមានខ្ពស់ ប្រមាណទ្វាទស យោជន៍យល់ឆើតឆាយ ត្រដែតត្រដួច បង្គួចរៀងរាល់ សឹងមានពិព័រណ៍ ពិពិធរចនា ។
(៣០) សោយសុខប្រមាណ មួយពាន់ឆ្នាំមាន ទើបយកជាតិជា ត្រកូលក្សត្រក្សាន្ត មែនមានប្រាជ្ញា ធនធានសក្ដា ច្រើនពន់ពេកក្រៃ ។ ទើបយកជាតិជា ត្រកូលនៃមហា សេដ្ឋីប្រពៃ មានទ្រព្យរបស់ សក្តិយសថ្លាថ្លៃ ឥតអ្នកដទៃ ណានិងបៀតបាន ។ ទោះចោរខ្មួយខ្មាំង សត្រូវបៀតទាំង លាយលោកធនធាន ចិត្តចង់វិវាទ ប្រមាទពុំបាន ហេតុនោះអ្នកមាន ផលលះលោកលែង ។ កាមេសុមិច្ឆា ទោះអ្នកឯណា ចិត្តនោះវង្វេង លួចភរិយាគេ ឥតឯមានក្រែង ស្រីផិតប្ដីឯង អំពើឆោតឆុត ។ អ្នកនោះនឹងទៅ ដល់ទុក្ខនិត្យនៅ សង្ឃាតនរក ទាំងប្រុសទាំងស្រី ឥតបីមានសុខ រូបរងទោសទុក្ខ លំបាកមហិមា ។
(៣៥) យមបាលបាន ដាវដេញឱ្យពាន ឡើងដើមរកា ដែកដាលជាភ្លើង ខ្ពស់ឡើងកណ្ឋា មួយយោជន៍បន្លា ច្រើនច្រុះច្រាងច្រូង ។ ស្រីពានឡើងមុន មុតខ្លួនទុរន់ ស្រែកយំរលូង ប្រុសឡើងតាមទៅ មុតដៅដើមទ្រូង ធ្លុះថ្លើមបេះដូង ឈាមហូរសស្រាក់ ។ មានឆ្កែសច្រាល ប៉ុនដំរីសារ ខឹងខាំកន្ត្រាក់ ជើងជែងហួរហែក ត្មាតក្អែកឆុកឆាក់ ចឹកចោះធ្លុះធ្លាក់ ខ្លួនដល់ដេកដាល ។ ឆុរឆេះជាភ្លើង ភ្លឺផ្លេកឡប់ឡើង ព្រោងព្រាយរន្ទាល ឆេះខ្លួនក្រៀមក្រំ ទើបយមបាល បរបណ្ដេញដាល ឱ្យឡើងទៀតទៅ ។ ស្លាប់មួយថ្ងៃពីរពាន់ ដងដោយកំណាន់ គំនិតអសៅ អសារអសោច លន្លោចក្ដាត់ក្ដៅ ពីរពាន់ឆ្នាំទៅ រស់រងទោសទុក្ខ ។
(៤០) អាយុពីរពាន់ ឆ្នាំទិព្វនៅជាន់ យាមាសួគ៌សុខ ទើបបានមួយថ្ងៃ មួយយប់នាក់ រងរួចទោសទុក្ខ យោនយកជាតិជា ។ សត្វតិរច្ឆានឆុក គេគ្រៀវធ្វើទុក្ខ ទោសតាមវេរា កាយកម្មអង្គឯង វង្វេងមោហា ប្រាំរយជាតិជា ទុក្ខទៀងអប្រិយ ។ កើតជាខ្ទេចខ្ទើយ ប្រាំរយជាតិហើយ កំព្រាឥតប្ដី ដោយនូវវៀរវី ចាកពីបូរី បរមជាតី បាបជាទម្ងន់ ។ ទើបកើតជាប្រុស អាក្រក់ទុយ៌ស មកមានប្រពន្ធ ចោរចិត្តជាផិត ពុំគិតបាបបុណ្យ ហេតុពៀរពីមុន បរទារកម្មគេ ។ បើអ្នកណាមាន វិញ្ញូញេយ្យញាណ ប្រុងប្រាជ្ញប្រុះប្រែ ចិត្តចេះចាំចៀស រវៀសបានបែរ វៀរចាកកាមេ សុមិច្ឆាចារា ។
(៤៥) អ្នកនោះនឹងទៅ សោយសម្បត្តិនៅ សុខសួគ៌យាមា ស្ថិតលើប្រាសាទ ស្អាងស្អាតសោភា កម្ពស់អដ្ឋា រយយោជន៍យល់យង់ ។ ភ្លឺផ្លេកចិញ្ចាច ចិញ្ចែងត្រដាច ត្រដូចដោះដុង មានទេពអប្សរ បវរគាល់គង់ ពីរពាន់សឹងទ្រង់ ឆោមឆាយវិសុទ្ធ ។ អាយុពីពាន់ ឆ្នាំទើបគ្រប់គ្រាន់ ចាកចរច្យុត យោនយកកំណើត មកកើតជាបុត្រ ក្សត្រថ្លៃវិសុទ្ធ វិសេសប្រសើរ ។ ប្រកបភរិយា ត្រឹមត្រូវលក្ខណា គាប់គួរមៀងមើល ជាស្រីគ្រប់លក្ខណ៍ ឯកអគ្គប្រសើរ ទោះដេកទោះដើរ សឹងជាសុខសល់ ។ មុសាវាទា ទោះអ្នកឯណា កុហកកាចកល់ មានពាក្យរឹងរូស ប្រទូស្តកំហល់ កំហឹងកែវកល់ កែចិត្តកិច្ចគេ ។
(៥០) បញ្ឆុកបញ្ឆោត បញ្ឆៀងបំពោត បំពានវៀចវេរ ពោលពាក្យភូតភរ បង្អរស្រាលស្រែ ឱ្យបង់ទ្រព្យគេ ឱ្យគេកើតទុក្ខ ។ អ្នកនេះនឹងទៅ ទល់ទុក្ខនិត្យនៅ រោរពនរក បានបួនពាន់ឆ្នាំ រងកម្មពុំសុខ ព្រោះមាត់អាក្រក់ ពោលពាក្យមុសា ។ យមបាលយក ដង្កាប់ដែកមក ដុតដកជីវ្ហា ឈាមហូរសស្រាក់ កន្ត្រាក់អង្គា ចោលចុះក្នុងនា រណ្ដៅធំក្រៃ ។ ប្រាំពាន់ឆ្នាំណា សួគ៌តុសិតា ទើបបានមួយថ្ងៃ រោរពនរក រងទុក្ខរងភ័យ យឺនយូរកម្រៃ កម្ររដោះ ។ លុះរួចមកបាន កើតជាប្រេតប្រាណ អសោចសូន្យសោះ កម្មកើតអគ្គី ឆេះពីមាត់នោះ ស៊ីសឹងឈាមខ្ទុះ ជាតិជាអាហារ ។
(៥៥) ទើបកើតជាមនុស្ស អាក្រក់ទុយ៌ស មាត់វៀចឆែបឆា កើតជាមនុស្សល្ងង់ គថ្លង់ឥតការ ឥតកេរ្តិ៍អសារ អសោចពីមាត់ ។ បើអ្នកឯណា វៀរពាក្យមុសា វាងវៀរគិតកាត់ កាន់សច្ចវាទី ស្រដីពាក្យសត្យ នឹងបានសម្បត្តិ សួនសោយសុខា ។ ពិភពតុសិត អាយុយឺនក្ដាត់ បួនពាន់វង្សា មានទេពអប្សរ បវរធីតា បួនពាន់ជាតិជា បរិវារសព្វថ្ងៃ ។ ឋិតលើប្រាសាទ ប្រសើរស្អាងស្អាត សឹងកែវប្រពៃ ខ្ពស់ម្ភៃប្រាំយោជន៍ ស្រោងស្រោចត្រឈៃ សុខសប្បាយក្រៃ ឥតឯឧបមា ។ បានបួនពាន់ឆ្នាំ ទើបផលសោតចាំ ចុះមកកើតនា ត្រកូលក្សត្រក្សាន្ត មែនមានប្រាជ្ញា ទើបទៅកើតជា អ្នកប្រាជ្ញចេះធម៌ ។
(៦០) មែនមានពាក្យសត្យ ពាក្យពីរោះក្ដាត់ ចេះចាំអស់អាថ៌ ចំណោទប្រស្នា បញ្ហាសព្វសារ- ពើពុំទើសទាល់ ដល់ប៉ុនកេសី ។ សុរាមេរយា រីមនុស្សផឹកស្រា ភ្លេចភ្លាំងស្មារតី ក្រសាលជាល្បែង ពុំក្រែងវាវី- បាកបាបស្រដី ពុំជឿធម្មតា ។ នឹងធ្លាក់ទៅនៅ នរកជ្រាលជ្រៅ រូបរងវេទនា ដល់ដាបនរក ទល់ទុក្ខមហិមា យឺនយូរគណនា ប្រាំបីពាន់ឆ្នាំ ។ ហេតុចិត្តវង្វេង ផឹកទឹកទង់ដែង ក្ដៅក្ដាត់ជោកជាំ រលាករលុះ ពង់ពុះដោយកម្ម ប្រាំបីពាន់ឆ្នាំ និម្មានរតី ។ ទើបបានមួយថ្ងៃ នរកយូរក្រៃ លង់លុះឡើងពីរ បាបបានកើតជា យក្សាតិរ្ថិយ ជាមនុស្សអប្រិយ សឹងឆ្កួតពុធ្យា ។
(៦៥) មានពាក្យអសុរោះ ពាក្យរឹងទ្រគោះ លលើលលា អ្នកផងតិះដៀល ដំនៀលនិន្ទា ជាមនុស្សមោហា ជួជាតិខ្លួនខ្លៅ ។ បើអ្នកឯណា វៀរសេពសុរា នោះនឹងបានទៅ សោយសុខស្ថិតស្ថាន ពិមានសន្ធៅ សឹងកែវនិត្យនៅ និម្មានរតី ។ ពីព្រោះប្រាសាទ សាមសិបយោជន៍ស្អាត ប្រកបនឹងស្រី ទេពអប្សរសួគ៌ គាប់គួរប្រាំបី ពាន់ឆ្នាំទិព្វពីរ នោះមកកើតជា ។ ត្រកូលមហាក្សត្រ សេពសោយសម្បត្តិ សម្មតិទេវា ស្ដេចស្ដែងថ្កើងថ្កាន មែនមានចេស្ដា ប្រកបប្រាជ្ញា ចេះចាំធម៌គាប់ ។ មានចិត្តខ្លាចបាប ខ្លាចពៀរដរាប មានស្មារតីខ្ជាប់ ជវ័នប្រាជ្ញប្រុះ ឆ្លាស់ឆ្លុះវ័យឆាប់ ពាក្យពោលគំនាប់ គំនិតសោតធ្ងន់ ។
(៧០) អំពើទាំងប្រាំ ប្រការចូរចាំ ចិត្តចេះគិតគន់ បង់បញ្ចវេរា កម្មជាទម្ងន់ មិនមានមោះម- ន្ទិលទាស់ទោសទុក្ខ ។ រក្សាសីលប្រាំ នេះន័យនឹងនាំ រូបរួចបានសុខ ទៀងទាល់និព្វាន មិនមានឆោតឆុក ផុតពីនរក សោយសួគ៌សម្បត្តិ ។ សម្បូណ៌បច្ចុប្បន្ន បុណ្យបានទ្រព្យធន ថួនទាំងមនុស្សសត្វ សិទ្ធីទីស្ថាន ស្ថិតប្រាណដុះខាត់ ខឹងខំកម្ចាត់ កម្ចាយបាបកម្ម ។ កម្មពៀរវៀរចេញ ចិញ្ចឹមចំណេញ ចំណេះចេះចាំ ចំណោទចោទសួរ សមគួរបរិកម្ម កម្មដ្ឋានចំណាំ វិបស្សនាហោង ៕៚