ពាក្យ​កាព្យ​បុរាណ សីលប្រាំ

នានាកាព្យ

របស់លោកឧកញ៉ា វង្សាសរពេជ្ជ នង បានប្រែចេញពីបាលី  ហើយនិពន្ធជាពាក្យឃ្លោង តាំងពីក្នុងរជ្ជកាលព្រះបាទសម្ដេច  ព្រះហរិរក្ខរាមា ព្រះ អង្គដួង ព្រះពុទ្ធវង្ស ម៉ី អាំងស្បិចទ័រ និងព្រះគ្រូវិមលបញ្ញា អ៊ុម – ស៊ូរ អាចារ្យក្នុងព្រះរាជបណ្ណាល័យ  បានយកមកពិនិត្យផ្ទៀងផ្ទាត់ ឱ្យបានត្រឹមត្រូវឡើង។

៙  បាណាតិបាត  នាអ្នកនេសាទ  ចិត្តចោរចោទចង់  ពិឃាដម្រឹគា  មច្ឆានូវអង្គ  មនុស្សសត្វឱ្យបង់  ឱ្យបាត់ជន្មា ។  អ្នកនោះនឹងទៅ  រងបាបក្ដាត់ក្ដៅ  លំបាកនៅនា  សញ្ជីពនរក  ទល់ទុក្ខឈឺផ្សា  ទុរន់ទុរា  រូបរងយូរក្រៃ ។  យមបាលបោះ  ទៅក្នុងភ្លើងស្មោះ  ឆុរឆេះក្សិណក្ស័យ  ហើយរស់រូបវឹង  កុំដឹងភិតភ័យ  ថាវិលមកព្ធ  ដល់មាត់រណ្ដៅ ។  យមបាលចរ  ចោលចាក់នឹងស្ន  មូលច្បូកដែកក្ដៅ  ចាក់នឹងលំពែង  ស៊កសែងចោលទៅ  ក្នុងទីរណ្ដៅ  ភ្លើងភ្លឺពុំក្សាន្ត ។ 

(៥)  កំណត់ជន្មា  នរកនោះហារ  រយឆ្នាំប្រមាណ  គិតគណនាឆ្នាំ  ត្រូវប្រាំបួនលាន  មនុស្សនេះទើបបាន  មួយថ្ងៃនរក ។  លង់លុះរដោះ  ពីនរកនោះ  មកមិនដែលសុខ  កើតជាមច្ឆា  មាន់ទាជ្រូកស្រុក  គេកាប់សាច់លក់  ប្រាំរយជាតិជាក់ ។  ទៀងទើបកើតជា  មនុស្សមានទោសា  គេបាញ់គេចាក់  គេដោតគេកាប់  សម្លាប់ឥតអាក់  ប្រាំរយជាតិជាក់  ពិតពុំសុខអង្គ ។  ទើបយកជាតិជា  មនុស្សមានរោគា  ដំបៅពកឃ្លង់  ជាមនុស្សគមគាក់  ភ្នែកខ្វាក់ខ្វិនខ្វង់  ក្លែងក្លង់  ក្លួរអប្រិយ ។  បើបានសក្តិបុណ្យ  ដ្បិតផលជាតិមុន  បានសាងមកក្ដី  ពៀរកម្មអាត្មា  ឱ្យអាយុខ្លី  ពុំយឺនជីវី  ជីវិតដល់ចាស់ ។ 

(១០)  ទោះទុក្ខធ្វេសធ្វើ  កាយកម្មបាបបើ  បោះបង់ក្រឡាស់  ប្រឡាប់លែងលាប  ប្រែប្រេះរហ័ស  ដឹងដោយធម៌ច្បាស់  គន់គិតយង់យល់ ។  ខ្លាចបាបខ្មាសបាប  ចៀសចាកដរាប  ជីវិតសត្វសល់  ពិតពុំពណ៌នា  រក្សាតម្កល់  ចិត្តចាំសីលផល  បាណាតិបាត ។  បានទៅកើតនា  សួគ៌ចាតុម្មហា  រាជិកាជាតិ  ជាអង្គទេវបុត្រ  បរិសុទ្ធស្អាត  ស្ថិតលើប្រាសាទ  ប្រាំពីរយោជន៍គត់ ។  ស្រីទេពកញ្ញា  ប្រាំរយអង្គា  បម្រើបាទបត់  ចូលបង្គំគាល់  រៀងរាល់ប្រាកដ  ប្រកបកំណត់  កំណាន់សព្វថ្ងៃ ។  ប្រាំរយឆ្នាំគត់  ទើបទេពច្យុត  មកកើតនៅព្ធ  ត្រកូលក្សត្រក្សាន្ត  សន្ដានថ្លាថ្លៃ  រូបរាងល្អក្រៃ  មានលក្ខណាក្ដាត់ ។ 

(១៥)  មានលមកម្លាំងលន់  មានចិត្តទោរទន់  ប្រណីទុក្ខសត្វ  មានកូនមានចៅ  ញាតិផៅពុំព្រាត់  ពុំប្រោសខ្ចាយខ្ចាត់  ជាតិសុខដល់ចាស់ ។  ពុំដែលក្សិណក្ស័យ  ជីវិតប្រល័យ  ដោយគ្រឿសសហ័ស  បានបរិពារពេក  អនេកច្រើនណាស់  ឥតទុក្ខទោសទាស់  ឥតព្យាធិ៍រោគា ។  ឥតមានសត្រូវ  កំណាចភ្យាតភ្យូវ  បៀតបៀនបណ្ឌា  អាយុយឺនយូរ  បរិបូណ៌ជន្មា  នេះផលបាណា  តិបាតប្រធាន ។  អទិន្នាទានា  មនុស្សលួចទ្រព្យា  គេគិតចង់បាន  បំព្រាត់បញ្ឆោត  បំពោតបំពាន  បំពារ​អាងមាន  យសសក្តិខូវខំ ។  លុះលែងជាតិទៅ  នរកនាមហៅ  កាឡសូត្រអស់យម-  បាលចាប់ចង  ធាក់ផងដាល់ដំ  ឈឺផ្សាពេកពុំ  សុខសោយទុក្ខា ។ 

(២០)  ទើបយកបន្ទាត់  ដែកដុតមកផ្ទាត់  សុខសព្វកាយា  ខ្លះយករណារ  មកអារអង្គា  ពុះពីសិរសា  ទល់ទុក្ខទោរទន់ ។  ឈាមហូរសស្រាក់  ស្រែកយំឥតអាក់  ភិតភ័យភាំងភាន់  នៅនានរក  រងទុក្ខកំណាន់  កំណត់មួយពាន់  ឆ្នាំទើបរដោះ ។  មួយពាន់ឆ្នាំត្រៃ  ត្រិង្សទើបមួយថ្ងៃ  នានរកនោះ  យូរពន់ប្រមាណ  លុះបានរួចស្មោះ  ពីនរកនោះ  មកជាប្រេតនោះ ។  កម្ពស់ត្នោតលៃ  រូបអាក្រក់ក្រៃ  រកអ្វីស៊ីគ្មាន  ស៊ីសឹងតែលាមក  ជាទុក្ខអត់ឃ្លាន  ប្រាំរយជាតិបាន  មកកើតជាមនុស្ស ។  កម្សត់ពិបាក  អត់ឃ្លានតោកយ៉ាក  ទុគ៌តទុយ៌ស  ដើរសូមទានស៊ី  ឥតគេសប្បុរស  ក្សិណក្សត់របស់  ប្រាំរយជាតិទៀត ។ 

(២៥)  មានទ្រព្យតិចតួច  ចោរចាំលបលួច  បានបាត់បង់សៀត  កើតជាខ្ញុំគេ  ម្ចាស់ជេរវាយទៀត  បាបដ្បិតបៀនបៀត  ទ្រព្យអ្នកដទៃ ។  បើអ្នកឯណា  មួយមានប្រាជ្ញា  ជវ័នវាងវៃ  វៀរចាកទិន្នា  ទានជាបច្ច័យ  មគ្គផលអាស្រ័យ  សមានបរិភោគ ។  វៀរជំនួញប្រាំ  ប្រការចងចាំ  ចិត្តចេះអធ្យោគ  អធ្យាស្រ័យយល់  ទៅដល់បរលោក  ខ្លាចកម្មទុក្ខសោក  ដិតដល់អាត្មា ។  អ្នកនោះនឹងបាន  ទៅកើតជាស្ថាន  សួគ៌ត្រៃត្រិង្សា  មានទេពអប្សរ  បវរកញ្ញា  មួយពាន់ចោមជា  បរិវារគង់គាល់ ។  ឋិតវិមានខ្ពស់  ប្រមាណទ្វាទស  យោជន៍យល់ឆើតឆាយ  ត្រដែតត្រដួច  បង្គួចរៀងរាល់  សឹងមានពិព័រណ៍  ពិពិធរចនា ។ 

(៣០)  សោយសុខប្រមាណ  មួយពាន់ឆ្នាំមាន  ទើបយកជាតិជា  ត្រកូលក្សត្រក្សាន្ត  មែនមានប្រាជ្ញា  ធនធានសក្ដា  ច្រើនពន់ពេកក្រៃ ។  ទើបយកជាតិជា  ត្រកូលនៃមហា  សេដ្ឋីប្រពៃ  មានទ្រព្យរបស់  សក្តិយសថ្លាថ្លៃ  ឥតអ្នកដទៃ  ណានិងបៀតបាន ។  ទោះចោរខ្មួយខ្មាំង  សត្រូវបៀតទាំង  លាយលោកធនធាន  ចិត្តចង់វិវាទ  ប្រមាទពុំបាន  ហេតុនោះអ្នកមាន  ផលលះលោកលែង ។  កាមេសុមិច្ឆា  ទោះអ្នកឯណា  ចិត្តនោះវង្វេង  លួចភរិយាគេ  ឥតឯមានក្រែង  ស្រីផិតប្ដីឯង  អំពើឆោតឆុត ។  អ្នកនោះនឹងទៅ  ដល់ទុក្ខនិត្យនៅ  សង្ឃាតនរក  ទាំងប្រុសទាំងស្រី  ឥតបីមានសុខ  រូបរងទោសទុក្ខ  លំបាកមហិមា ។ 

(៣៥)  យមបាលបាន  ដាវដេញឱ្យពាន  ឡើងដើមរកា  ដែកដាលជាភ្លើង  ខ្ពស់ឡើងកណ្ឋា  មួយយោជន៍បន្លា  ច្រើនច្រុះច្រាងច្រូង ។  ស្រីពានឡើងមុន  មុតខ្លួនទុរន់  ស្រែកយំរលូង  ប្រុសឡើងតាមទៅ  មុតដៅដើមទ្រូង  ធ្លុះថ្លើមបេះដូង  ឈាមហូរសស្រាក់ ។  មានឆ្កែសច្រាល  ប៉ុនដំរីសារ  ខឹងខាំកន្ត្រាក់  ជើងជែងហួរហែក  ត្មាតក្អែកឆុកឆាក់  ចឹកចោះធ្លុះធ្លាក់  ខ្លួនដល់ដេកដាល ។  ឆុរឆេះជាភ្លើង  ភ្លឺផ្លេកឡប់ឡើង  ព្រោងព្រាយរន្ទាល  ឆេះខ្លួនក្រៀមក្រំ  ទើបយមបាល  បរបណ្ដេញដាល  ឱ្យឡើងទៀតទៅ ។  ស្លាប់មួយថ្ងៃពីរពាន់  ដងដោយកំណាន់  គំនិតអសៅ  អសារអសោច  លន្លោចក្ដាត់ក្ដៅ  ពីរពាន់ឆ្នាំទៅ  រស់រងទោសទុក្ខ ។ 

(៤០)  អាយុពីរពាន់  ឆ្នាំទិព្វនៅជាន់  យាមាសួគ៌សុខ  ទើបបានមួយថ្ងៃ  មួយយប់នាក់  រងរួចទោសទុក្ខ  យោនយកជាតិជា ។  សត្វតិរច្ឆានឆុក  គេគ្រៀវធ្វើទុក្ខ  ទោសតាមវេរា  កាយកម្មអង្គឯង  វង្វេងមោហា  ប្រាំរយជាតិជា  ទុក្ខទៀងអប្រិយ ។  កើតជាខ្ទេចខ្ទើយ  ប្រាំរយជាតិហើយ  កំព្រាឥតប្ដី  ដោយនូវវៀរវី  ចាកពីបូរី  បរមជាតី  បាបជាទម្ងន់ ។  ទើបកើតជាប្រុស  អាក្រក់ទុយ៌ស  មកមានប្រពន្ធ  ចោរចិត្តជាផិត  ពុំគិតបាបបុណ្យ  ហេតុពៀរពីមុន  បរទារកម្មគេ ។  បើអ្នកណាមាន  វិញ្ញូញេយ្យញាណ  ប្រុងប្រាជ្ញប្រុះប្រែ  ចិត្តចេះចាំចៀស  រវៀសបានបែរ  វៀរចាកកាមេ  សុមិច្ឆាចារា ។ 

(៤៥)  អ្នកនោះនឹងទៅ  សោយសម្បត្តិនៅ  សុខសួគ៌យាមា  ស្ថិតលើប្រាសាទ  ស្អាងស្អាតសោភា  កម្ពស់អដ្ឋា  រយយោជន៍យល់យង់ ។  ភ្លឺផ្លេកចិញ្ចាច  ចិញ្ចែងត្រដាច  ត្រដូចដោះដុង  មានទេពអប្សរ  បវរគាល់គង់  ពីរពាន់សឹងទ្រង់  ឆោមឆាយវិសុទ្ធ ។  អាយុពីពាន់  ឆ្នាំទើបគ្រប់គ្រាន់  ចាកចរច្យុត  យោនយកកំណើត  មកកើតជាបុត្រ  ក្សត្រថ្លៃវិសុទ្ធ  វិសេសប្រសើរ ។  ប្រកបភរិយា  ត្រឹមត្រូវលក្ខណា  គាប់គួរមៀងមើល  ជាស្រីគ្រប់លក្ខណ៍  ឯកអគ្គប្រសើរ  ទោះដេកទោះដើរ  សឹងជាសុខសល់ ។  មុសាវាទា  ទោះអ្នកឯណា  កុហកកាចកល់  មានពាក្យរឹងរូស  ប្រទូស្តកំហល់  កំហឹងកែវកល់  កែចិត្តកិច្ចគេ ។ 

(៥០)  បញ្ឆុកបញ្ឆោត  បញ្ឆៀងបំពោត  បំពានវៀចវេរ  ពោលពាក្យភូតភរ  បង្អរស្រាលស្រែ  ឱ្យបង់ទ្រព្យគេ  ឱ្យគេកើតទុក្ខ ។  អ្នកនេះនឹងទៅ  ទល់ទុក្ខនិត្យនៅ  រោរពនរក  បានបួនពាន់ឆ្នាំ  រងកម្មពុំសុខ  ព្រោះមាត់អាក្រក់  ពោលពាក្យមុសា ។  យមបាលយក  ដង្កាប់ដែកមក  ដុតដកជីវ្ហា  ឈាមហូរសស្រាក់  កន្ត្រាក់អង្គា  ចោលចុះក្នុងនា  រណ្ដៅធំក្រៃ ។  ប្រាំពាន់ឆ្នាំណា  សួគ៌តុសិតា  ទើបបានមួយថ្ងៃ  រោរពនរក  រងទុក្ខរងភ័យ  យឺនយូរកម្រៃ  កម្ររដោះ ។  លុះរួចមកបាន  កើតជាប្រេតប្រាណ  អសោចសូន្យសោះ  កម្មកើតអគ្គី  ឆេះពីមាត់នោះ  ស៊ីសឹងឈាមខ្ទុះ  ជាតិជាអាហារ ។ 

(៥៥)  ទើបកើតជាមនុស្ស  អាក្រក់ទុយ៌ស  មាត់វៀចឆែបឆា  កើតជាមនុស្សល្ងង់  គថ្លង់ឥតការ  ឥតកេរ្តិ៍អសារ  អសោចពីមាត់ ។  បើអ្នកឯណា  វៀរពាក្យមុសា  វាងវៀរគិតកាត់  កាន់សច្ចវាទី  ស្រដីពាក្យសត្យ  នឹងបានសម្បត្តិ  សួនសោយសុខា ។  ពិភពតុសិត  អាយុយឺនក្ដាត់  បួនពាន់វង្សា  មានទេពអប្សរ  បវរធីតា  បួនពាន់ជាតិជា  បរិវារសព្វថ្ងៃ ។  ឋិតលើប្រាសាទ  ប្រសើរស្អាងស្អាត  សឹងកែវប្រពៃ  ខ្ពស់ម្ភៃប្រាំយោជន៍  ស្រោងស្រោចត្រឈៃ  សុខសប្បាយក្រៃ  ឥតឯឧបមា ។  បានបួនពាន់ឆ្នាំ  ទើបផលសោតចាំ  ចុះមកកើតនា  ត្រកូលក្សត្រក្សាន្ត  មែនមានប្រាជ្ញា  ទើបទៅកើតជា  អ្នកប្រាជ្ញចេះធម៌ ។ 

(៦០)  មែនមានពាក្យសត្យ  ពាក្យពីរោះក្ដាត់  ចេះចាំអស់អាថ៌  ចំណោទប្រស្នា  បញ្ហាសព្វសារ-  ពើពុំទើសទាល់  ដល់ប៉ុនកេសី ។  សុរាមេរយា  រីមនុស្សផឹកស្រា  ភ្លេចភ្លាំងស្មារតី  ក្រសាលជាល្បែង  ពុំក្រែងវាវី-  បាកបាបស្រដី  ពុំជឿធម្មតា ។  នឹងធ្លាក់ទៅនៅ  នរកជ្រាលជ្រៅ  រូបរងវេទនា  ដល់ដាបនរក  ទល់ទុក្ខមហិមា  យឺនយូរគណនា  ប្រាំបីពាន់ឆ្នាំ ។  ហេតុចិត្តវង្វេង  ផឹកទឹកទង់ដែង  ក្ដៅក្ដាត់ជោកជាំ  រលាករលុះ  ពង់ពុះដោយកម្ម  ប្រាំបីពាន់ឆ្នាំ  និម្មានរតី ។  ទើបបានមួយថ្ងៃ  នរកយូរក្រៃ  លង់លុះឡើងពីរ  បាបបានកើតជា  យក្សាតិរ្ថិយ  ជាមនុស្សអប្រិយ  សឹងឆ្កួតពុធ្យា ។ 

(៦៥)  មានពាក្យអសុរោះ  ពាក្យរឹងទ្រគោះ  លលើលលា  អ្នកផងតិះដៀល  ដំនៀលនិន្ទា  ជាមនុស្សមោហា  ជួជាតិខ្លួនខ្លៅ ។  បើអ្នកឯណា  វៀរសេពសុរា  នោះនឹងបានទៅ  សោយសុខស្ថិតស្ថាន  ពិមានសន្ធៅ  សឹងកែវនិត្យនៅ  និម្មានរតី ។  ពីព្រោះប្រាសាទ  សាមសិបយោជន៍ស្អាត  ប្រកបនឹងស្រី  ទេពអប្សរសួគ៌  គាប់គួរប្រាំបី  ពាន់ឆ្នាំទិព្វពីរ  នោះមកកើតជា ។  ត្រកូលមហាក្សត្រ  សេពសោយសម្បត្តិ  សម្មតិទេវា  ស្ដេចស្ដែងថ្កើងថ្កាន  មែនមានចេស្ដា  ប្រកបប្រាជ្ញា  ចេះចាំធម៌គាប់ ។  មានចិត្តខ្លាចបាប  ខ្លាចពៀរដរាប  មានស្មារតីខ្ជាប់  ជវ័នប្រាជ្ញប្រុះ  ឆ្លាស់ឆ្លុះវ័យឆាប់  ពាក្យពោលគំនាប់  គំនិតសោតធ្ងន់ ។ 

(៧០)  អំពើទាំងប្រាំ  ប្រការចូរចាំ  ចិត្តចេះគិតគន់  បង់បញ្ចវេរា  កម្មជាទម្ងន់  មិនមានមោះម-  ន្ទិលទាស់ទោសទុក្ខ ។  រក្សាសីលប្រាំ  នេះន័យនឹងនាំ  រូបរួចបានសុខ  ទៀងទាល់និព្វាន  មិនមានឆោតឆុក  ផុតពីនរក  សោយសួគ៌សម្បត្តិ ។  សម្បូណ៌បច្ចុប្បន្ន  បុណ្យបានទ្រព្យធន  ថួនទាំងមនុស្សសត្វ  សិទ្ធីទីស្ថាន  ស្ថិតប្រាណដុះខាត់  ខឹងខំកម្ចាត់  កម្ចាយបាបកម្ម ។  កម្មពៀរវៀរចេញ  ចិញ្ចឹមចំណេញ  ចំណេះចេះចាំ  ចំណោទចោទសួរ  សមគួរបរិកម្ម  កម្មដ្ឋានចំណាំ  វិបស្សនាហោង ៕៚

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments