សាស្ត្រា​ពាក្យ​​ចាស់ (ខ្មែរសុរិន្ទ្រ)

នានាកាព្យ

(១)  ភន្តេភគវា  ខ្ញុំទូលបាទា  បង្គំភក្តី  នៅព្រះរត្នត្រៃ  ថ្លាថ្លៃទាំងបី  ទូលល្អងធូលី  ឱ្យជ្រាបព្រះទ័យ ។  អញខ្ញុំនេះណា  លាទោសអាតា្ម  កាលនៅក្នុងផ្ទៃអ្ន  កម្ដាយទ្រង់គភ៌  អាញខ្ញុំនេះនៃ  ទន់អស់សរសៃ  ទាំងសាបសិបសង ។  អ្នកម្ដាយជាទុក្ខ  ពុំដែលជាសុខ  ដល់តិចឡើយហោង  តែងតែរងរុក្ខ  ពុំសុខដល់ម្ដង  អញខ្ញុំនេះហោង  លំបាកមហិមា ។  លុះដល់មួយខែ  ឈាមនោះមកប្រែ  ជាដុំហើយណា  លុះដល់ពីខែ  បីបួនសោះសា  កើតបញ្ចសាខា  នៅលើទងសុក ។

(៥)  អង្គុយច្រហោង  ងងេងងងោង  នៅក្រោមផ្ទៃល្មក់  មាត់នៅបៀមបោ  ជុងជក់សុក  អង្គុយប្រែមុខ  ទៅខាងខ្នងម្ដាយ ។  ខ្លួនដូចជាសត្វ  ដូចស្វាគេលាត់  ក្រហល់ក្រហាយ  បើលោកបរិភោគ  បង្អែម​ទាំងឡាយ  ខ្ញុំសុខសប្បាយ  ក្នុងអង្គអាត្មា ។  បើម្ដាយខ្ញុំឆី  អស់ទាំងចំណី  ហឹរប្រៃហើយណា  វាឈឺអស់អង្គ  វាខ្លោចវាផ្សា  ញ័រអស់រូបា  អញខ្ញុំក្នុងផ្ទៃ ។  ជជ្ផង​ឱ្យគ្រប់  ចួនចួបប្រសព្វ  ខែដប់ហើយនៃ  លុះបានគ្រាន់គ្រាប់  បរិបូណ៌ប្រពៃ  មានខ្យល់មួយនៃ  ឈ្មោះកម្មជ្ជវាត ។  មកបក់បង្វិល  ប្រែក្បាលនោះវិល  ចេញមកស្អាងស្អាត  ដោយទ្វារ​មាតា  អញខ្ញុំជាអាទិ៍  អញខ្ញុំព្រះបាទ  ពុំដឹងអាត្មា ។

(១០)  ដូចគេគ្រវែង  ចោលទៅក្នុងពែង  ចក្ក​វាឡា  រួចចេញទីផ្ទៃ  ព្រះកន្លោងហើយណា  ខ្ញុំភ្ញាក់អាត្មា  ស្រែកយំខ្លាំងក្រៃ ។  ឯព្រះមាតា  អ្នកឈឺខ្លោចផ្សា  ដ្បិតខ្ញុំនេះនៃ  អ្នកដេកក្នុងភ្លើង  បានប្រាំបួនថ្ងៃ  លុះស្រាលជើងដៃ  បរិបូណ៌​ហើយហោង ។  លាបាបមួយណា  អ្នកម្ដាយរក្សា  ចិញ្ចឹមរៀមរង  ទុកកែប៉ុន្មាន  ឱ្យមានឆ្លង  អ្នកតែងនិងរង  ទម្ងន់សោះសា ។  ខ្ញុំលាបាបមួយ  ដ្បិតអ្នកពេកព្រួយ  ដេកនៅនឹងអាចម៍  និងនោមកាលជា  ក្មេងឡើយខ្ញុំលា  អំពើបាបនោះ ។  លាបាបមួយណា  អ្នកម្តាយរក្សា  មិនមានទ្រគោះ  តែងនឹងឱបក្រុង  បីឱ្យបៅដោះ  ដៃអញខ្ញុំនោះ  គក់ទ្រូងអ្នកម្ដាយ ។

(១៥)  អញខ្ញុំនេះលា  ក្រែងមានវេរា  អំពើទាំងឡាយ  ភ្ញាក់លោកដេកលក់  ជាសុខសប្បាយ  អញខ្ញុំពពាយនាយ  យំឱ្យលោកភ្ញាក់ ។  ហេតុកម្មនោះខ្ញុំ  សូមស្មាលាកម្ម  តែងតាមចងជាក់  កាលខ្ញុំនៅក្មេង  តែងយំទធាក់  បាបនោះ​អបលក្ខណ៍  អញខ្ញុំសូមលា ។  លាបាបមួយនោះ  ក្រែងខ្ញុំទ្រគោះ  ឈ្លោះនឹងមាតា  ហើយលាបាបនោះ  ប្រមាថមាតា  លាបាបនោះណា  លាទោសនោះហោង ។  អញខ្ញុំនោះលា  ក្រែងមានវេរា  អំពើបាបផង  ក្រែងខ្ញុំប្រឈ្លោះ  ពោលពាក្យឆ្គាំឆ្គង  នឹងសាច់ញាតិផង  ទាំងឡាយនានា ។  អញខ្ញុំប្រមាទ  កាលនៅនេសាទ  សម្លាប់មច្ឆា  អស់ទាំងបាបនោះ  ខ្ញុំសោតសូមលា  កុំមានវេរា  លំបាកនោះឡើយ ។

(២០)  ដ្បិតឥតយោបល់  អញខ្ញុំពុំយល់  បុណ្យបាបជាត្រើយ  ពុំដឹងគុណទោស  ស្រដីមុសា ។  មួយក្រែងប្រមាទ  ព្រះអាទិត្យ​ជាអាទិ៍  ព្រះចន្ទតារា  ព្រះពាយព្រះភិរុណ  ព្រះអគ្គីគង្គា  ប្រមាថទេវតា  លាបាបនោះឯង ។  លាបាបមួយណា  ប្រមាថរាជា  ក្រឡាគម្ដែង  អម្ចាស់ផ្ទៃក្រោម  ដ្បិតលោកតាក់តែង  អស់បាបនោះឯង  អញខ្ញុំសូមលា ។  បាបមួយស្រដី  ប្រមាទមន្ត្រី  អស់អង្គសាសនា  ក្រែងមានស្រដី  ជេរពោលមុសា  អស់បាបនោះណា  លាទោសនោះផង ។  លាបាបនោះណា  កាលបួសនៅជា  សាមណេរហើយហោង  គ្រូលោកប្រដៅ  ដ្បិតខ្លួននេះឆ្គង  ក្រែងខិតរំលង  កន្លងលោកគ្រូ ។

(២៥)  អញខ្ញុំនេះលា  ដ្បិតមានវាចា  បាបនោះមកត្រូវ  ស្រដីខុសពាក្យ  នឹងលោកជាគ្រូ  ចិត្តខឹងក្រជូរ  ក្រែងជេរកំបាំង ។  ខ្ញុំលាអស់បាប  លាពៀរដរាប  សូមលោកជួយរាំង  អស់បាបនោះផង  សូមលោកជួយខាំងជៀសចាកកំបាំង  កុំឃើញឡើយណា ។  បាបមួយក្រែងត្រូវ  ខ្ញុំភូតនឹងគ្រូ  បំពោត  វាចា  ស្រដីដើមគ្រូ  ក្រែងត្រូវរូបា  អញខ្ញុំនេះណា  លាទោសនោះផង ។  លាបាបមួយណា  កាលបួសនៅជា  សមណេរហើយហោង  ក្រែងខ្ញុំប្រឈ្លោះ  ប្រកួតប្រឡង  ពោលពាក្យឆ្គំឆ្គង  ជេរដៀលមាតា ។  កាលជាភិក្ខុ  លុះដល់ឥឡូវ  ជេរពោលអស់គ្នា  ប្រដៅរៀនសូត្រ  ក្រែងភូតមាយា  អញខ្ញុំនេះលា  បានជាជេរទៅ ។

(៣០)  អញខ្ញុំនេះខឹង  ធ្វើបុកក្រញឹង  សម្លឹងក្រឡៅ  ក្រហមទាំងមុខ  សម្លក់ជេរទៅ  ដ្បិតសិស្សខ្លៅ  ឱ្យបានដូចចិត្ត ។  សិស្សឥតប្រាជ្ញា  អញខ្ញុំនេះលា  វេនកម្មចំហុត  ឱ្យចេះសត្រា  ចេះទាំងសំបុត្រ  ឱ្យចេះផ្គង់ផ្គត់  គុន្តិសព្វសា ។  លាមួយប្រើសត្វ  ខឹងខំវាយក្ដាត់  ពុំមានមេត្តា  បរហើយវាយដំ  បង្ខំវាយវា  ពុំមានមេត្តា  ខ្ញុំលាបាបនោះ ។  លាបាបមួយណា  កាលមានរោគា  ឱ្យហោគុណគ្រោះ  ត្រូវសត្វជើងពីរ  ជើងបួនលដោះ  ទើបបានស្បើយគ្រោះ  ដោយហោទាយថា ។  រីពេទ្យមេមត់  ទោះឆុតពុំឆុត  យកមកសែនលា  បង្គាប់ឱ្យត្រូវ  សព្វដូចហៅថា  ថ្នាំគ្រូនិងស្រា  យកមកបំផឹក ។

(៣៥)  រីបាបនោះណា  ដោយធម៌លោកថា  យមបាលបំផឹក  នៅទីកន្លែង  គួរស្ញែងពន្លឹក  បាបព្រោះតែផឹកស្រាខុសវិន័យ ។  លាបាបមួយណា  ដ្បិតខ្ញុំផឹកស្រា  បាបនោះឯងនៃ  ខ្ញុំពឹងសម្ភារ  ពឹងព្រះបារមី  សូមអមា្ចស់ថ្លៃ  ករុណាប្រោសហោង ។  លាបាបមួយណា  ក្រែងមានវេរា  អំពើឆ្គាំឆ្គង  វាយដំឆ្កែឆ្មា  មាន់ទាទោះផង  វាស្រែកទៀតកង  ក្រែងមានវេរា ។  អញខ្ញុំលាថ្លង់  លាអស់ល្ងើល្ងង់  លំបាកកំព្រា  ខ្ញុំលារៀនទៅ  សព្វជាតិនានា  កើតសព្វៗគ្រា  កុំឱ្យយល់ឡើយ ។  ខ្ញុំលាឃ្លង់ស្រែង  ដំបៅក្ងែង  ក្ងង់ឥតត្រើយ  តម្ពែកទំពក់  ខិ្វនខ្វាក់នោះឡើយ  លាទាំងខ្ចើខ្ចើយ  គមគាក់កំពើង ។

(៤០)  លាខ្នងកន្ត្រោន  ដំណើរក្រញោន  សក់ច្រាញកន្ទ្រើង  ក្ងួរៗ  ក្រញោះក្រញើង  ស្ញូញស្ញាញពើតពើង  កុំឱ្យយល់ឡើយ ។  លារូបអាក្រក់  ជើងធំរលស្ទក់  ឃ្លង់ជើងឃ្លង់ដៃ  លាខ្នែងស្រលាង  សម្លឹងក្រៅក្រៃ  ឡើងបាយស្លើតនៃ  រសៀលខ្ញុំលា ។  លាមួយធ្មេញបាក់  ញញាក់ចង្កា  លាមាត់សំញើញ  កុំបិញដូចស្វា  បើនឹងឆីស្លា  ខិបខុបក្រៅក្រៃ ។  លាមាត់សម្លាក  ដំបៅរលាក  សជើងសដៃ  ខ្មៅមុខដូចផេះ  អសុរោះចង្រៃ  ស្គាំងស្គមជើងដៃ  អញខ្ញុំសូមលា ។  ហើយលាតម្ពែក  ត្រងាលចម្លែក  គង់តែរលា  ដើរទៅងេលងាល  ប៉េលប៉ោលសោះសា  គង់តែរលា  រលីងសក់លើ ។

(៤៥)  លាមួយជើងបាក់  ដើរទៅខ្ញីខ្ញាក  ទាបខ្ពស់​ពភ្លើ  លាទាបកន្ទ្រល  ទុំទួលទុំងើ  ទុំនាលមើលលើ  មើលខាងខ្ញុំលា ។  លាឃ្លង់ល្ពៅ  ឃ្លង់ដែកខ្លួនខ្មៅ  ឃ្លង់​ភ្លើង​ស្រែងជ្វា  ស្រកីអណ្ដែង  កន្លុះមាន់ណា  កើលប្រើសឃ្លង់ជ្វា  កុំឱ្យយល់ឡើយ ។  លារូបអាក្រក់  ជំងឺផ្ដក់ៗ  ព្យាធិរីងរៃ  លាអស់រោគា  ព្យាធិចង្រៃ  បៀតបៀននោះនៃ  កុំឱ្យដិតដល់ ។  លាដៃក្រញង់  ក្រញរ​សងខាង  សរសៃរួតរឹត  លាទាំងដំបៅ  នូវ​មាត់ក្រពឹត  គ្រហុបជួញជិត  ខ្ញុំលាពុំយល់ ។  លាមួយពាក្យភូត  ស្រដីបញ្ឆោត  កុហកកិច្ចកល  លាមួយលាលោ  មូឡ្ហោ​កម្លៅ​  ស្រដីសៅដៅ  ចិត្តរាចនឹងញាតិ ។

(៥០)  ពុំដឹងខុសកាច  ពុំដឹងបុណ្យបាប  ដោយធម៌ជាអាទិ៍  ស្រដីមុសា  ពាក្យភូតសឹងឃ្លាត  ខ្ញុំលាសព្វជាតិ  កុំឱ្យយល់ឡើយ ។  លាមួយចង្រៃ  យកអ្នកដទៃ  មកធ្វើជាញាតិ  លាពៀរនោះនៃ  កុំយល់សព្វជាតិ  ឱ្យខ្ញុំចាកឃ្លាត  ជៀសចាកចេញឆ្ងាយ ។  ខ្ញុំលាអស់បាប  លាពៀរដរាប  អំពើទុកនោះ  លាខ្សត់លំបាក  តោកយ៉ាកហិនហៃ  ហើយខ្ញុំលាកៃ  ចតុរាបាយហោង ។  បាណាតិបាត​  ខ្ញុំវៀរ​ពិឃាដ  ជីវិតសត្វផង  អទិន្នាទាន  អញខ្ញុំនេះហោង  វៀរ​លួចទ្រព្យផង  នៃអ្នកដទៃ ។  កាមេសុមិច្ឆា  វៀរ​លួចភរិយា  បុរសសព្វថ្ងៃ  មុសាវាទា  ខ្ញុំវៀរ​ភូតក្រៃ  សុរាមេរ័យ  ខ្ញុំវៀរសេព​ស្រា ។

(៥៥)  រីសីលទាំង៥  អញខ្ញុំតែងចាំ  សព្វទិនទិវា  សីលនេះជាផ្លូវ  នាំទៅសួគ៌ា  សោយសុខគឺមហា  និព្វានសុខំ ។  លាបាបមួយណា  ចូលចេញព្រះវស្សា  ភ្ជុំបិណ្ឌចូលឆ្នាំ  ខ្ញុំលាអស់បាប  ដរាបចងចាំ  ឱ្យបានផ្ដាច់កម្ម  ដូចខ្ញុំសច្ចា ។  លាបាបឥតច្បាប់  ពាក់មុខយក្ខមារ  ក្រែងខ្ញុំលយឆាយ  ចូលវត្តផឹកស្រា  ប្រមាថមាតា  ពុំក្រែងមែនហោង ។  បំបោលរទេះ  ជិះដំរីសេះ  បាំងតាំងយូផង  ជួតក្បាលចូលវត្ត  ទាត់សីលេងកង  ក្នុងវត្តអារាម  សេចក្តីប្រមាថ ។  ផ្អែកផ្ទៀងស្ទាញស្ទប់  ខ្ញុំពុំកោតឡើយ  ស្ដោះទាំងទឹកមាត់  មិនក្រែងស្រដី  ជាឋានព្រះតថា-  គត​ម្ចាស់ខ្ញុំអើយ  ប្រោសខ្ញុំមា្ចស់ស្បើយ ។

(៦០)  បាបនោះខ្ញុំលា  លាបាបទោសធ្ងន់  ឮលោកសូត្រមន្ត  ថ្លែងព្រះទេសនា  ខ្ញុំពុំបានស្ដាប់  និយាយតែគ្នា  ស្ទាញស្ទប់​ចង្កា  គិតទៅឯទៀត ។  លាបាបអបលក្ខណ៍  យកខ្មោចអារក្ស  ដំឡើងរោងរាជ  បង្ហិនតែទ្រព្យ  បន់ហើយបន់ទៀត  អាសាចោលម្សៀត  ធ្លាក់ទៅអវចី ។  លាបាបមួយនេះ  ក្រែងខ្ញុំដៀលត្មេះ  អ្នករក្សាសីល  គុណព្រះពុទ្ធហើយ  មិត្តទ្រុះឫស្យា  បាបស្មើក្រឡា  ប្រឹថពីសូមលា ។  ខ្ញុំសូមសំណឹក  ព្រះអង្គវលោក  រុងរឿងថ្លៃថ្លា  សូមម្ចាស់អត់ទោស  ប្រស់ប្រោសសត្វណា  នានាំអស់មហា  ដល់ផងនានា ។  រីសល់អស់ទាំង  ចូលចេះចែងចាំ  កុំភេ្លចឡើយណា  រីសីល៨  ខ្មីឃ្មាតរក្សា  ខំតាំងភាវនា  ពុំភេ្លច១ថ្ងៃ ។

(៦៥)  ដូចព្រះពុទ្ធផង  ពិសេសកន្លង  ខិតខំសព្វថ្ងៃ  សឹងសាងសន្សំ  បន្ទំបារមី  នាំសត្វដល់ឰ  ដាក់ដល់និពា្វន ។  ខ្ញុំពឹងសម្ភារ​  ពឹងដែកព្រះបា-  រមីជាប្រធាន  សូមយើងខ្ញុំបាន  កើតកបពិមាន  កែវបុណ្យសួគ៌ា  តុសិតសួគ៌ឋាន ។  កបនៅភ្លាំងភ្លាត់  ល្វេងល្វើយស្រងាត់  ស្រីកាបរិពារ  មកជាសម្រាប់  ដូចគាល់ទេវតា  បម្រើត្រៀបត្រា  នៅសួគ៌ាល័យ ។  សូមព្រះទ្រង់ញាណ  សូមឱ្យទ្រង់បាន  ផ្ចាញ់មារក្រាស់ក្រៃ  កុំបីមានជ្រែក  ឱ្យចាលចាញ់ដៃ  សូមឱ្យខ្ញុំក្ស័យ  កិលេសតណ្ហា ។  សូមខ្ញុំបានកាត់  អស់ទាំងសម្បតិ្ត  ខ្លួនបុត្រភរិយា  ដាក់ឱ្យជាទាន  សូមកាត់សង្សារ  រួចចេញពីមហា  ចម្រូងក្រាស់ក្រៃ ។

(៧០)  រីក្បាសំណូម  តេជះខ្ញុំសូម  បានដូចប្រាថ្នា  សូមបានមគ្គផល  ទៅដល់សួគ៌ា  ហើយបានដល់មហា  និព្វានស្រេចហោង ។

និដ្ឋិតំ ។
ល្បាស្មាលា  ចប់តែប៉ុណ្ណេះ”

នេះហៅបុណ្យខុស  ទាំងស្រីទាំងប្រុស  ខ្ញុំប្រាប់កុំខឹង  ម៉ែឪនៅរស់  អស់លោកខំប្រឹង  ធ្មេញគាត់នៅរឹង  បានឆ្ងាញ់ពិសា ។  ខ្លះជឿបុណ្យខ្លាំង  យួរ​ម្ហូបមួយឆ្នាំង  យកទៅវត្តវ៉ា  ម៉ែឪអត់ឃ្លាន  ចង់បានណាស់ណា  ភ្លយសួរកូនថា  មានសល់ឬទេ ។  ព្រឹកឡើងឃ្លានបាយ  ញ័រពោះ  ញើសខ្ចាយ  ឃើញសម្លគេ  កូនឆ្លើយវិញថ្កាន  មិនមានសល់ទេ  កូនស្លគ្រាន់តែទៅវត្តទេឪ ។  ឪសួរកូនថា  បើដួសកាលណា  ចែកឪខ្លះទៅ  កូនខ្លះឆ្លើយប្រាប់  ថាបាបណាឪ  គេថាមិនត្រូវ  ឪស៊ីមុនលោក ។

(៧៥)  ម៉ែឪចាស់ៗ  ព្រឹកឡើងឃា្លនណាស់  គួឱ្យអធ្យោគ  ឪទារពិសា  គេថាមុនលោក  ពុំបានបរិភោគ  គេឱ្យបាបផង ។  នេះបុណ្យផ្កាប់មុខ  ឬបុណ្យចោលស្រុក  ព្រោះដើរផ្លូវឆ្គង  បុណ្យមិនត្រកាល  វិសាលឡើយហោង  ព្រោះដើរគន្លង  ឱ្យឪម៉ែអត់ ។  ពួកជនមិនរៀន  ធ្វើបុណ្យធ្វើទាន  ច្រើនតែបានក្បត់  សទ្ធាមិនជ្រៅ  ជ្រុលទៅតែវត្ត  ឱ្យព្រះដើមអត់  បាបច្រើនពេកក្រៃ ។

និដ្ធិតំ  ចប់ ។

គួកុំបីខ្ជិល  កសាងបានសីល  និងភាវនាផង  រៀនធម៌វិន័យ  ប្រពៃកន្លង  ពីក្មេងទៅហោង  កុំចាំដល់ចាស់ ។  ដល់ពេលជិតស្លាប់  ទើបបានប្រញាប់  ប្រវាខ្វេសខ្វាស  រកធម៌ឱ្យជួយ  ព្រោះព្រួយចិត្តណាស់  នោះរៀនមិនច្បាស់  ដូចនៅក្មេងឡើយ ។

(៨០)  គួរហាត់លះចិត្ត  កុសលទុច្ចរិត  បង្កាឱ្យហើយ  ដល់ពេលជិតស្លាប់  ឈោងចាប់កោះត្រើយ  ទីពឹងឱ្យហើយ  បានដូចប្រាថ្នា ។  ការហាត់លះចិត្ត  ឱ្យរាយល្អពិត  និងអង្គអាត្មា  ឱ្យបានសម្បត្តិ  ល្អក្តាត់ណាស់ណា  ជាមនុស្សទេព្តា  ក្នុងលោកិយ​បាន ។  ហើយនឹងបានដល់  លោកកុត្តរដល់  សម្រេចនិព្វាន  ក្នុងជាតិខាងមុខ  ចំហុតមែនមាន  ដោយបារមីញាណ  សាងទុកនោះហោង ។

នដ្ឋំតំ  ចប់ស្រេចហោង”៕
(ម.ត្រាណេ)
កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments