ក- ការចែចូវ
មាតាបិតាខាងកូនប្រុស កាលបើសម្គាល់ឃើញកូនស្រីនរណាម្នាក់គួរជាទីពេញចិត្ត ហើយចង់បានធ្វើជាអនាគតកូនប្រសារ ត្រូវពឹងពាក់អ្នកស្រឡាញ់ទុកចិត្តណាម្នាក់ (ហៅថាអ្នកផ្លូវ) ឱ្យចូលទៅស៊ើបមើលថា តើនាងកញ្ញានោះនៅទំនេរដែរឬទេ ? ការចែចូវត្រូវមានបីលើកគឺ ៖
- លើកទី១ អ្នកផ្លូវគ្រាន់តែចូលទៅសួរសុខទុក្ខតែដៃទទេ។
- លើកទី២ អ្នកផ្លូវចូលទៅតែដៃទទេទៀត។ និយាយលេងពីនេះពីនោះ។ គ្រាន់តែស្ទង់ចិត្តថ្លើមមាតាបិតាខាងកូនស្រី។
- លើកទី៣ បន្ទាប់ពីអ្នកផ្លូវគិតថាមានសង្ឃឹម លើកនេះត្រូវមានប្រដាប់កំដរដៃបន្តិចបន្តួចយកទៅជាមួយផង ដូចជា បារី ម្លូ ស្លា ដាក់ក្នុងពាន។
ខ- ការស្តីដណ្តឹង
តាបិតាខាងប្រុសរកមនុស្សអ្នកមុខ អ្នកការ មានវោហា ៣នាក់ ឱ្យធ្វើជាអ្នកផ្លូវចូលទៅស្តីដណ្តឹង កូនស្រីដោយមានរងសម្ងាចមួយ គឺរងឬថាសប្រាក់ (ឬស្ពាន់) ក្រាលកន្សែងបញ្ចពណ៌(ច្របុច) រៀបគ្រឿងប្រអប់ស្លាគ្រប់ប្រដាប់មានស្លា ម្លូ ថ្នាំជក់ ស្លាជ្វា កំបោរ ជារបស់កំដរដៃដូចកាលពីពេលចែចូវ និងត្រូវមានផ្លែឈើឬនំមួយគូ ពីរគូទៀតផង។ ពិធីស្តីដណ្តឹងក៏ត្រូវមាន ៣ លើកដែរ ប៉ុន្តែសព្វថ្ងៃគេនិយមធ្វើតែមួយលើកជាការស្រេច។
លើកទី១ អ្នកផ្លូវត្រូវជម្រាបទៅមេបាជាពាក្យយ៉ាងនេះថា ៖ “ សូមទាន សូមជម្រាបអស់លោកមេបាតូចធំ ត្រកូលរៀមច្បង សូមទានជ្រាប ដ្បិត (ប្រាប់នាម និងងារមាតា បិតាខាងប្រុស ) ពឹងពររកយើងខ្ញុំទាំង៣នាក់ ឱ្យធ្វើជាអ្នកផ្លូវ នាំភស្តុភារ បណ្ណាការមកជូនលោកមេបា សុំស្គាល់ សុំស្រឡាញ់ជាសម្ពន្ធមិត្រនឹងអស់លោកមេបាតូចធំទាំងអស់តរៀងទៅ ហើយសូមស្តីដណ្តឹងកូនស្រីលោកមេបា ឈ្មោះនាង………ថានៅទំនេរឥតមានទាក់ទាមសម្តីនឹងអ្នកណាទេឬដូចម្តេច ? មេបាឆ្លើយថា កូនស្រីរបស់ខ្លួនជាប់សម្តីនឹងញាតិ គេបាននាវទុកតាំងពីតូចមក តែឥឡូវបាត់ដំណឹងសូន្យឈឹង មិនដឹងជាយ៉ាងណា ? (សូម្បីគ្មានគេនាវទុកក៏ដោយ ក៏មេបាត្រូវតែប្រើពាក្យសម្តីបែបនេះដែរ ព្រោះដើម្បីឱ្យតម្លៃ និងលើកតម្កើងកិត្តិយសកូនស្រី )។
អ្នកផ្លូវជម្រាបបន្តថា: បើដូច្នោះ សុំលោកមេត្តាដោះជំពាក់សម្តីនឹងញាតិនោះឱ្យទាន ក្រែងបានប្រកប និង បានជាសម្ព័ន្ធមិត្រនឹងគ្នាតរៀងទៅ… ”។
លើកទី២ អ្នកផ្លូវ ចូលទៅដូចមុន ហើយនិយាយថា ៖ “ …ដ្បិតជើងមុន យើងខ្ញុំសុំឱ្យលោកមេបាដោះពាក្យ ដែលជំពាក់នោះ ឥឡូវនេះលោកបានដោះរួចហើយឬនៅ ? ”
មេបាឆ្លើយតបថា: “ យើងបានដោះពាក្យជំពាក់នោះរួចហើយ ! ”
អ្នកផ្លូវត្រូវជម្រាបបន្តថា “ សូមទាន សូមជម្រាប លោកមេបាតូចធំ ត្រកូលរៀមច្បងសូមទានជ្រាប ! ដ្បិតលោក………អ្នក……ពឹងយើងខ្ញុំជាអ្នកផ្លូវមកសុំ ជាសាច់ ជាសន្តាន ជាស្ពានមេត្រី សុំដណ្តឹង នាង………..ជាកូនលោក……….អ្នក………ឱ្យជាគូ សម្ពន្ធវង្សនឹងលោក……….ជាកូនប្រុស……..លោក………និង អ្នក….។ គួរពុំគួរយើងខ្ញុំសូមអភ័យទោស ”។
មេបាឆ្លើយថា ៖ “ យើងសព្វថ្ងៃ រកតែញាតិច្រើនក្រែងដើរជិតឆ្ងាយស្ទាក់ស្ទើរដំណើរ គ្រាន់នឹងបានជាទីសំចតស្នាក់អាស្រ័យសោះនឹងបារម្ភ តែត្រង់មកដណ្តឹងកូនស្រីយើងខ្ញុំនេះ យើងខ្ញុំយល់ថា អ្នកខាងណេះមិនគួរនឹងមកចង់ ជាប់សាច់សន្តាននឹងយើងសោះ ព្រោះកូនស្រីយើងខ្ញុំមានរូបឆោមលោមពណ៌ សម្បុរមិនឆើត ហើយល្ងង់ខ្លៅមិនចេះ ធ្វើការរកស៊ីឱ្យពិតប្រាកដផង ក្រែងបានទៅជាសាច់ញាតិហើយត្រឡប់ទៅជាមានតំណិះតិះដៀលដោយហេតុផ្សេងៗមកដល់យើងជាមេបានេះ ”។
អ្នកផ្លូវជម្រាបថា “ ហេតុត្រង់ណេះ សុំកុំឱ្យលោកមេបាព្រួយ ទោះបីអាក្រក់ ល្អ ស ខ្មៅជួរជងដូចម្តេច ចេះតែស្រឡាញ់មិនមានរង្គៀសគ្នាន់ក្នាញ់ដោយហេតុអ្វីៗទេ បានជាសង្វាតសុំទាំងម្ល៉េះ សូមលោកមេបាមេត្តាអនុគ្រោះ អនុញ្ញាតឱ្យទាន ”។
មេបាឆ្លើយថា “ បើដូច្នេះ អ្នកទៅវិញសិនចុះ ចាំយើងពិគ្រោះនឹងញាតិជិតឆ្ងាយមើលសិន ”។
លើកទី៣ អ្នកផ្លូវសុំស្តីដណ្តឹងម្តងទៀត តែមេបាតូច (មេបាស្រី)ឆ្លើយថាស្រេចលើមេបាធំ (មេបាប្រុស )។
មេបាប្រុស ឆ្លើយថា “ អ្នកនិយាយសុំស្តីដណ្តឹងកូនចៅយើងនេះ យើងនឹងនិយាយកិច្ចការអ្វីជាស្រេចដាច់ខាតនឹងអ្នកជាអ្នកផ្លូវ ពុំទាន់បានទេ ដ្បិតអ្នកជាស្រីមានស្មារតីតិច ច្រើនភ្លេចមុខ ភ្លេចក្រោយ ក្រែងនឹងទទួលការសព្វគ្រប់ពុំបាន បើដូច្នេះសូមអ្នកត្រឡប់ទៅប្រាប់អ្នកសាមីដើមការឱ្យពឹងពររក ប្រុស៣នាក់ ដែលចេះដឹងចាំវិធីការ ធ្លាប់ធ្វើជាមហាមកប្រាស្រ័យនឹងយើងជាមេបាធំ ដើម្បីនឹងនិយាយការតទៅ ”។
បន្ទាប់មកអ្នកផ្លូវទៅប្រាប់អ្នកសាមីដើមការតាមសម្ដីមេបាធំ។
គ- ការស្តីដណ្តឹងភ្ជាប់ពាក្យ
មេបាខាងប្រុសបានបង្គាប់ឱ្យអ្នកផ្លូវជ្រើសរើសរកបុរសបីនាក់ធ្វើជាមហា ដើម្បីនិយាយការស្តីដណ្តឹង។
លោកមហាត្រូវជម្រាបទៅ លោកមេបាថា ៖ សូមទានជ្រាបជម្រាបលោកមេបាតូចធំ ត្រកូលរៀមច្បងសូមទានជ្រាប! ដ្បិតពេលនេះអ្នកសាមីដើមការ បានពឹងពររកខ្ញុំបាទនាម ……….. មានងារជា ……….. ប្រពន្ធឈ្មោះ …………. នៅភូមិ …….. សង្កាត់ ………. ស្រុក…. ខេត្ត ……….ឱ្យធ្វើជាមហា មកប្រណិប័តន៍លោកមេបាជម្រាបការមង្គលដូចតទៅ។ ហើយបើគួរពុំគួរ សូមប្រសាសន៍ !
លោកមេបាឆ្លើយតបថា យើងជាមេបាពិនិត្យទៅឃើញថា អ្នកទាំងបីសក្តិសមល្មមធ្វើជាមហានិយាយការមង្គលបានហើយសូមរៀបចំប្រាណតាមរបៀបមហាឱ្យពេញលក្ខណៈមកចុះ។ លោកមហាម្នាក់ក៏ប្តឹងថា ៖ បើអញ្ចឹងយើងខ្ញុំទាំងបីសូមអនុញ្ញាតពាក់អាវផាយស្រាយមាត់ថង់ តម្រង់មាត់ពែង អុជទៀនប្រណិប័តន៍ ចាក់ស្រា ឬតែពែងពីរគោរពលោកមេបាដូចតទៅ។ សូមទានជ្រាបជម្រាបលោកមេបាតូចធំត្រកូលរៀមច្បង សូមទានជ្រាប ដ្បិតវេលាគ្រាឥឡូវលោក ……….. អ្នកស្រី ……… ជាសាមីដើមការបានពឹង យើងខ្ញុំទាំងបីនាក់ជាមហាមកប្រណិប័តន៍លោកមេបាដើម្បីសូមស្តីដណ្តឹង នាង ………. ជាកូនស្រីលោកមេបាឱ្យជាសម្ពន្ធវង្ស នឹងលោក ……….. ជាកូនប្រុសសាមីដើមការ ឱ្យបានជាសាច់សន្តានដ៏ជិតស្និទ្ធតទៅ គួរពុំគួរសូមមេត្តាអភ័យទោស សូមទានមានប្រសាសន៍។
មេបាតបវិញថា ដែលលោកមហាជម្រាបយើងនេះ យើងក៏ស្តាប់បានតែយើងមិនដែលបានឃើញ បានស្គាល់កូនប្រុសអ្នកសាមីដើមការ មិនដឹងជាមានសណ្ឋានរូប ឆោមលោមពណ៌ល្អ អាក្រក់ ខ្វាក់ ខ្វិន គ ថ្លង់ ទុព្វលភាពយ៉ាងណានោះទេ ម្យ៉ាងបើរូបសម្បត្តិល្អបរិសុទ្ធហើយ ប៉ុន្តែកិរិយាមារយាទទុរជនអបលក្ខណ៍ ជាអ្នកលេងល្បែងស៊ីសង មានសេពសុរាមេរ័យ ជក់អាភៀនញៀនកញ្ឆា មិនចេះធ្វើការរកស៊ីដូចអ្នកផងទាំងពួងនោះមួយ ឬក៏មានស្រីកំណាន់ប្រកាន់ចិត្តលួចលាក់រួចហើយនោះមួយ លើសពីនេះក្រែង មានជំពាក់បំណុលបុលការប្រាក់គេនោះមួយ ហេតុនេះយើងជាមេបានឹងឆ្លើយព្រមឱ្យមិនទាន់បានទេ ចាំស៊ើបសព្ទស្តាប់មើលសិន បើឃើញថាល្អបរិសុទ្ធឥតមានមោះ ចំពោះត្រង់ណាមួយនោះ យើងជាមេបានឹងមិនជាអ្វីនោះឡើយ។
ហាម្នាក់តបឡើងថា សាមីកូនប្រុសនឹងនាំមកជូនលោកមេបាពិនិត្យមើលឱ្យបានច្បាស់នឹងត្រង់ កិរិយាមារយាទ កូនប្រុសសាមីដើមការនោះពិតជាបុរសសុភាពរាបសាល្អបរិសុទ្ធ ឥតមានសេចក្តីសៅហ្មង ដោយបទអាក្រក់ណាមួយទេ ទាំងមានចំណេះវិជ្ជា ឆ្លៀវឆ្លាតសង្វាតរកស៊ីលើសកំលោះផងទាំងពួង។ បើលោកមេបាស៊ើបទៅឃើញថា សាមីខ្លួនកូនប្រុសនោះជាមនុស្សជួជាតិមារយាទអាក្រក់ក្នុងបទណាមួយនោះ មហាខ្ញុំបាទសូមទទួលខុសលើខ្លួនតាមច្បាប់សម្រាប់ស្រុក។ ឯភស្តុភារបណ្ណាការក៏សូមជូនលោកមេបាពិសាទទេដោយមិនឱ្យបង់ខាតអ្វីសោះឡើយ ទោះបីជាគ្មានព្រេងសំណាងនឹងគ្នាតទៅអនាគតនោះក៏ដោយ។ មេបាឆ្លើយតបវិញថា បើលោកមហាហ៊ានរ៉ាប់រងទទួលខុសត្រូវលើខ្លួនជាប្រាកដដូច្នោះ ពិតមែនតែគ្មានលិខិតសញ្ញា តែវាចាក្នុងទីចំណោមយ៉ាងនេះក៏បញ្ជាក់ថា យកជាកិច្ចសន្យាបានហើយ។ បើអ្នកមហាថាល្អប្រាកដហើយ យើងជាមេបាក៏យល់ព្រមឱ្យ តែបើយើងឱ្យទៅហើយមិនទាន់ដល់ថ្ងៃរៀបមង្គលការ ប្រសិនបើស៊ើបទៅដឹងថា កូនប្រុសសាមីដើមការនោះបានប្រព្រឹត្តបទអាក្រក់ឯណាមួយនោះ យើងនឹងហៅលោកមហាមកវិញ ដោយសុំផ្តាច់សេចក្តីព្រមព្រៀងនោះវិញ ដែលមិនអាចមានបទអ្វីមកជំទាស់យើងបានឡើយ។
លោកមហាជម្រាបតបថា ៖ លោកមេបាមានប្រសាសន៍មកទាំងប៉ុន្មាន មហាយើងខ្ញុំសូមទទួលទាំងអស់។
មេបាតបជាថ្មី ៖ បើដូច្នេះយើងក៏ព្រមឱ្យកូនស្រីយើងទៅជាគូវាសនារួមសន្តានវង្សនិងកូនប្រុសលោកអ្នកសាមីដើមការខាងណោះហើយ សូមលោកមហាទៅប្រាប់អ្នកសាមីដើមការ នាំនូវភស្តុភារបណ្ណាការជាជំនូនស៊ីស្លាធំភ្ជាប់ពាក្យតែម្តងចុះ។ ក្រោយបានទទួលដំណឹងនេះហើយ លោកមេបាខាងប្រុសក៏រៀបចំជំនូនទទួលអំណរនិងស្លាម្លូសម្រាប់ស៊ីស្លាដក់ ស្លាកន្សែង។ បន្ទាប់មកឱ្យអ្នកមហានាំនូវភស្តុភារបណ្ណាការមកជូនលោកមេបាទទួលអំណរ ទាំងស៊ីស្លាដក់ ស្លាកន្សែង ក្នុងគ្រានោះផង។ លោកមេបាកាលបើបានទទួលជំនូនរួចហើយក៏ប្រជុំញាតិស៊ីស្លាដក់ ស្លាកន្សែង។ អ្នកមហាត្រូវលើកថង់រង ឯអ្នកផ្លួវត្រូវលើករងសម្ងាច មានម្លូមូរ ២ សន្លឹក ហៅថាស្លាមាត់ចាបដាក់ជូនមេបា។ ភស្តុភារបណ្ណាការមានផ្លែឈើ៣៦មុខ មួយមុខមួយគូរ ព្រមជាមួយរបស់បញ្ចាំចិត្ត គ្រឿងមាស ពេជ្រ និងគ្រឿងអាភរណៈទាំងពួងតាមកម្លាំងធនធាន។
លោកចៅមហាក៏ចាប់ផ្តើមនិយាយការ ៖ សូមទានជ្រាបជម្រាប លោកមេបាដ្បិតជើងមុនមហាខ្ញុំបាទបានចូលមកសុំស្តីដណ្តឹងលោកមេបា ក៏បានអនុញ្ញាតព្រមឱ្យ ឥឡូវនេះលោកសាមីដើមការឱ្យមហាខ្ញុំបាទនាំយកភស្តុភារបណ្ណាការនិងរបស់បញ្ចាំ(កម្ជាប់)ចិត្ត ព្រមទាំងសូមស៊ីម្លូស្លាភ្ជាប់ពាក្យតែម្តង សូមលោកមេបាអនុញ្ញាតតាមការគួរ។ ពេលនោះ មេបាក៏បានឆ្លើយយល់ព្រមតាមពាក្យដែលមហាបានស្នើសុំ។
លោកមហា ក៏ចាត់ក្មេងប្រុសម្នាក់បីថង់រងជូនមេបាធំ(ប្រុស) និងអ្នកផ្លូវក៏ចាត់ឱ្យក្មេងស្រីម្នាក់បីថង់រងជូនទៅលោកមេបាតូច(ស្រី) បន្ទាប់មកត្រូវឱ្យមេបាតូចធំណាម្នាក់ដែលមានអាយុច្រើនជាងគេ(ច្បង) ចាប់យកម្លូពីរសន្លឹកមុនគេ ទើបមេបាដែលមានអាយុតិចជាងបន្តបន្ទាប់គ្នា ចាប់យកម្លូពីរសន្លឹកម្នាក់ ទាល់តែអស់ញាតិ។ បន្ទាប់ទៀតកុមារានិងកុមារីត្រូវលើកថង់រងទៅឱ្យមេបាធំច្បងគេនោះ ចាប់យកម្លូម្តងទៀតមកបៀកពិសាបែបនោះហៅថា “ ពិសាស្លាប្រសព្វមុខ ” ជាមួយនោះមេបាទាំងសងខាងព្រមទាំងញាតិសាច់សាលោហិត ទាំងអស់ក៏ប្រសិទ្ធពរជ័យសិរីមង្គលជូនដល់សាមីខ្លួនជូនកូនប្រុសស្រី ដែលនឹងក្លាយជាគូស្វាមីភរិយាថ្មីឱ្យប្រកបសេចក្តីសុខចម្រើន។
បន្ទាប់មកអ្នកផ្លូវក៏យកគ្រឿងអាភរណៈទៅបំពាក់ជូនសាមីខ្លួនខាងស្រី ឬក៏ប្រគល់ឱ្យទៅមេបាខាងស្រីតែម្តងក៏បាន។ ដើម្បីលោះព្រលឹងកូនស្រី គេអាចធ្វើពិធីជញ្ជាត់ព្រលឹងឬកួចព្រលឹង ដោយឱ្យកូនប្រុសនិងកូនស្រីបំពាក់គ្រឿងអលង្ការបញ្ចាំចិត្តគ្នាទៅវិញទៅមក ដើម្បីជាអនុស្សាវរីយ៍តរៀងទៅ។
លំដាប់ ពីស៊ីស្លាភ្ជាប់ពាក្យរួចហើយ លោកមហាក៏រៀបកំណត់ពេលាចេកមាសជូនលោកមេបា។ បើធ្វើរួម (ស៊ីគួប) មហាត្រូវជម្រាបមេបាថា សូមជូនពេលារួមជាមួយពេលដែលជូនរបស់បញ្ចាំចិត្តនោះតែម្តង។ តែបើបែកគ្នា(ស៊ីញែក) មហាត្រូវជម្រាបលោកមេបាថា សុំជូនពេលាញែក។ បន្ទាប់មកទើបមេបាទាំងសងខាងឯកភាពរកលោកអាចារ្យគន់គូរកថ្ងៃខែសម្រាប់រៀបមង្គលការ ៕៚
ដកស្រង់ពីសៀវភៅពិធីបុណ្យទំនៀមទម្លាប់ខ្មែរ