រាជវសតី​កថា

សារវន្តកថា

នមោ  តស្ស  ភគវតោ  អរហតោ  សម្មាសម្ពុទ្ធស្ស

សូមនមស្ការចំពោះព្រះភគវន្តមុនី អរហំសម្មាសម្ពុទ្ធ ព្រះអង្គនោះ ( ព្រមទាំងព្រះធម៌និងព្រះអរិយសង្ឃ ដោយសេចក្ដីគោរព )។

ក្នុងឱកាសនេះ អាត្មាភាពសូមសម្ដែងអំពី ” រាជវសតីកថា ” ជាឱវាទរបស់ព្រះបរមសាស្ដា ដើម្បីជាផ្លូវចម្រើនក្នុងការសិក្សានៃពុទ្ធសាសនិកជន តាមគោលនៃពុទ្ធភាសិតដែលមានក្នុងមហាសន្និបាតជាតក ខុទ្ទកនិកាយ ដូចបទនិពន្ធគាថា យ៉ាងនេះថា ៖

ឧដ្ឋាតា  កម្មធេយ្យេសុ អប្បមត្តោ  វិចក្ខណោ

សុសំវិហិតកម្មន្ដា  ស  រាជវសតឹ  វសេ

ប្រែថា ៖ បុគ្គលអ្នកប្រឹងប្រែងក្នុងការងារ ជាអ្នកមិនប្រមាទ មានបញ្ញាឃើញប្រចក្ស ចាត់ចែងការងារបានរៀបរយ បុគ្គលនោះគប្បីតាំងនៅក្នុងរាជការបាន ”។

ព្រះពុទ្ធភាសិតនេះសរសើរថា អ្នកដែលអាចតាំងនៅក្នុងវង្សរាជការបាន ដោយគុណធម៌៤ប្រការ ដែលហៅថា រាជវសតី ៖

១- ជាអ្នកប្រឹងប្រែងតស៊ូក្នុងការងារ

២- ជាអ្នកមិនប្រមាទធ្វេសប្រហែស ប្រាសចាកសេចក្ដីខ្ជិលច្រអូសក្នុងមុខក្រសួង

៣- ជាអ្នកមានបញ្ញាពិចារណា គិតគូរមើលសេចក្ដីចម្រើនវិនាសក្នុងការងារ

៤- ជាអ្នកចាត់ចែងការងារឱ្យមានរបៀបរៀបរយ មិនច្របូកច្របល់។

ដូចអធិប្បាយតទៅនេះ ៖

ការប្រឹងប្រែងតស៊ូព្យាយាមក្នុងករណីយកិច្ចគ្រប់ប្រការ ចាត់ថាជា គុណសម្បត្តិសំខាន់យ៉ាងក្រៃលែង អាចធ្វើឱ្យអ្នកប្រកបដល់នូវសន្តិវរសុខនិងបរមសុខបាន។ ការងារទាំងឡាយមានការរកស៊ីចិញ្ចឹមជីវិតដោយប្រក្រតី ដូចជាកសិកម្ម វាណិជ្ជកម្ម វេជ្ជកម្ម ឧស្សាហកម្ម ហត្ថកម្ម និងការសិក្សាអក្សរសាស្ត្រ សាសនសាស្ត្រ វិទ្យាសាស្ត្រ តក្កសាស្ត្រជាដើម រហូតដល់មុខកិច្ចជាមុខក្រសួងរបស់ខ្លួន ដែលចាត់ថាជាករណីយកិច្ចត្រឹមត្រូវ ក៏សុទ្ធតែត្រូវអាស្រ័យ សេចក្ដីព្យាយាមជួយដឹកនាំគាំទ្រផង សមដោយនិពន្ធពុទ្ធភាសិតថា ឧដ្ឋាតា  វិន្ទតេ  ធនំ  ” អ្នកមានសេចក្ដីព្យាយាមមាំ រមែងបានទ្រព្យសម្បត្តិ ”។ មនុស្សដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ តែងបានសេចក្ដីសុខ។ ការដែលមានភោគសម្បត្តិ ក៏ដោយអាស្រ័យសេចក្ដីព្យាយាមលះកាត់សេចក្ដីសុខបន្តិចបន្តួចប្ដូរយកសេចក្ដីសុខធំ ទាត់សេចក្ដីខ្ជិលច្រអូស ព្រោះសេចក្ដីខ្ជិលច្រអូស រមែងធ្វើអាការដូចមិត្តឱ្យសេចក្ដីសុខក្នុងខាងដើម លួងលោមបុគ្គលល្ងង់ឱ្យលង់លិច ពេលមកខាងក្រោយផ្ដល់សេចក្ដីទុក្ខឱ្យមិនមានទីបំផុត ឯសេចក្ដីព្យាយាមនោះ រមែងធ្វើការដូចជាសត្រូវ ឱ្យសេចក្ដីលំបាកក្នុងខាងដើម តែពេលខាងក្រោយត្រឡប់ទៅជាមហាមិត្រ អាចជួយសេចក្ដីសុខយ៉ាងធំរកទីបំផុតគ្មាន ហេតុនេះសេចក្ដីខ្ជិលច្រអូសជាគ្រឿងកសាងសេចក្ដីទុក្ខ ការព្យាយាមជាគ្រឿងផ្សំបណ្ដុះសេចក្ដីសុខ។ បុគ្គលដែលឆ្លងសេចក្ដីទុក្ខបាន ក៏ព្រោះការព្យាយាម បើគេធុញទ្រាន់នឹងការព្យាយាមដោយឃើញតែសេចក្ដីលំបាកក្នុងករណីយកិច្ចមុនហើយ គេនឹងឆ្លងសេចក្ដីទុក្ខក៏ពុំបាន ដូចជាបុគ្គលចូលលត់ភ្លើងក្នុងពេលដែលឆេះផ្ទះ បើខ្លាចក្ដៅក៏លត់ពុំបាន។ ពិតណាស់ សេចក្ដីលំបាករមែងកើតជាមួយនឹងការព្យាយាម ព្រោះមនុស្សដែលមានឧបសគ្គក្នុងវេលាធ្វើ បើចុះចាញ់ឧបសគ្គនោះក៏ត្រូវរងទុក្ខវេទនាជាដរាប តែបើយកជ័យជម្នះបានឧបសគ្គនោះបាន សេចក្ដីទុក្ខព្រួយក៏ឃ្លាតចេញពីខ្លួនឯង។ ការដែលមិនខ្លាចនឿយហត់នេះឯងឈ្មោះថា ” វីរិយ ”។ ពោលដោយមូលហេតុមាន ២ យ៉ាងគឺ កាយនិងចិត្ត។ ដែលប្រព្រឹត្តទៅតាមផ្លូវកាយ ហៅថា ” កាយិកៈ ” តាមផ្លូវចិត្តហៅថា ” ចេតសិក ”។ ដូច្នេះ វីរិយៈ មិនមែនមានតែក្នុងទីទៃ គឺមានក្នុងកាយនិងចិត្ត កាយនិងចិត្តនេះឯងជាទីតាំងនៃការព្យាយាម កាលបើបុគ្គលឃើញច្បាស់យ៉ាងនេះហើយគួរប្រកបការប្រឹងប្រែងអង់អាចខាងផ្លូវកាយនិងផ្លូវចិត្ត ដែលធម្មតាតាក់តែងឱ្យមក មិនគួរទុកកាយនិងចិត្តឱ្យនៅទំនេរឥតប្រយោជន៍ទេ។ ចំណែកករណីយកិច្ចដែលត្រូវធ្វើដោយផ្លូវកាយនិងផ្លូវចិត្ត ទាំងផ្នែកគតិលោកនិងគតិធម៌ តាំងពីជាន់ទាបរហូតដល់ជាន់ខ្ពស់ សុទ្ធតែត្រូវអាស្រ័យការតស៊ូប្រឹងប្រែងជាគ្រឿងទំនុកបម្រុង ទើបអាចសម្រេចសមតាមបំណងបាន។ សេចក្ដីព្យាយាមមានកម្លាំង តែងដឹកនាំបុគ្គលអ្នកប្រកបឱ្យប្រសព្វសន្តិសុខទាន់ពេលសម័យ ប្រៀបដូចគ្រឿងចក្រដែលបង្វិលរថយន្ត អាកាសយាន កប៉ាល់និងកាណូតឱ្យទៅកាន់មាគ៌ាដ៏ឆ្ងាយបានដោយសុវត្ថិភាព។ កាលបើបុគ្គលមានព្យាយាមមាំជាគ្រឿងទំនុកបម្រុងហើយ នឹងបានជាដើមទុនកកើតផលគឺ វរសុខនិងសិរីធម៌។ តែករណីយកិច្ចដែលត្រូវធ្វើ នឹងដើរលឿនទៅដោយសេចក្ដីរៀបរយល្អបានដោយអាស្រ័យសេចក្ដីមិនប្រមាទ ប្រាសចាកការធ្វេស​ប្រហែស​ក្នុងមុខការងាររបស់ខ្លួន ទើបរួចចាកវិបត្តិកាត់ចូលទៅរកសួស្ដី ហេតុនេះព្រះទសពលញ្ញាណប្រទានអប្បមាទធម៌ជាគុណសម្បត្តិចាត់ទុកក្នុងបទទី ២។

សេចក្ដីមិនប្រមាទនេះ បានដល់សេចក្ដីប្រយត្នមិនធ្វេសប្រហែស មិនភ្លេចភ្លាំង មិនភាន់ភាំងទៅក្នុងអារម្មណ៍ បើពោលដោយសេចក្ដីបានដល់ការមិនវង្វេងភ្លេចស្មារតី មិនបណ្ដោយឱ្យដើរទៅតាមសេចក្ដីស្រវឹងជ្រុលជ្រប់។ សេចក្ដីមិនប្រមាទនេះជាទីតាំងនៃគុណប្រយោជន៍ដ៏ធំទូលាយទាំងគតិលោកនិងគតិធម៌ តួយ៉ាងដូចអ្នករកស៊ីឈ្នួលទទួលរក្សាចិញ្ចឹមគោក្របីឱ្យគេ កាលបើធ្វេសប្រហែសមិនយកចិត្តទុកដាក់ក្នុងការថែទាំរក្សាសត្វដែលខ្លួនចិញ្ចឹមទេ ហ្វូងសត្វនោះក៏អន្តរាយ ព្រោះរោគវិបត្តិខ្លះ ព្រោះចោរភ័យខ្លះ រកផលល្អគ្មាន កាលបើប្រុងប្រយត្ន មិនបណ្ដែតបណ្ដោយ អន្តរាយបែបនោះក៏គ្មាន បើទុកជាមានខ្លះ ក៏តិចជាងមិនប្រយត្ន។ ឯអ្នកគ្រប់គ្រងផ្ទះ បើមិនអើពើក្នុងការរវាំងមើល​គេហដ្ឋាន មិនរវាំងទ្រព្យសម្បត្តិបណ្ដោយឱ្យការងារច្របូកច្របល់គ្នា ភោគសម្បត្តិដែលមិនទាន់កើត ក៏មិនកើត ដែលកើតហើយក៏វិនាសបាត់ទៅ នឹងទៅជាចន្លោះបើកឱ្យចោរចូលលុកលុយចូលយកទ្រព្យសម្បត្តិបានទៀត។ ចំណែករាជបុរសអ្នកបដិបត្តិរាជការ បើធ្វេសប្រហែលមិនប្រយត្នក្នុងមុខការរបស់ខ្លួន ក៏រមែងមិនរួចពីកំហុស។ កាលបើមានចិត្តស្វាមីភក្ដិក្នុងករណីយកិច្ចរបស់ខ្លួន មិនមានសេចក្ដីប្រមាទ បើបានជាអ្នកចម្រើនក្នុងកិច្ចការទៅតាមលំដាប់។ ឯអ្នកជាប្រធានរបស់គណៈវង្សត្រកូល បើមិនប្រយត្នថែទាំយកចិត្តទុកដាក់ក្នុងនាទីរបស់ខ្លួន មិនបីបាច់រក្សាទំនុកបម្រុងនូវអន្តោជននិងពាហិរជនដោយធម្មិកោបាយទេ អន្តរាយនឹងកើតមានដល់គណៈវង្សត្រកូល មិនបានចម្រើនមាំមួនទៅតាមផ្លូវល្អ ពួកជនពាលនឹងបានឱកាសបង្កសេចក្ដីរំខាន ហេដ្ឋិមជនក៏នឹងបានសេចក្ដីទុក្ខក្ដៅក្រហាយ មិនមានសេចក្ដីស្ងប់ជាសុខ កាលបើតាំងចិត្តថែទាំរក្សាទំនុកបម្រុងដោយសេចក្ដីមិនប្រមាទ ទើបអាចកម្ចាត់ទោសភ័យ-វិបត្តិ បានសម្រេចសេចក្ដីសុខ-សួស្ដីដ៏ធំទូលាយ។ ចំណែកអ្នកត្រូវការខាងផ្លូវធម៌ បំពេញកុសលចរិយាវត្ត រក្សាក្រៀកទុកនូវសតិមិនឱ្យសេចក្ដីប្រមាទលុកលុយ ទើបអាចហាមឃាត់អកុសលដែលមិនទាន់កើតមិនឱ្យកើតឡើង ធ្វើកុសលដែលកើតឡើងហើយ ឱ្យរឹងរីតតែចម្រើនឡើងជាភិយ្យោភាព ជាគោលនៃសន្តិសុខក្នុងព្រះពុទ្ធសាសនាសមដោយទេសនាន័យ ដែលសម្ដេចព្រះសម្ពុទ្ធជាម្ចាស់ត្រាស់សរសើរសេចក្ដីមិនប្រមាទក្នុងធម្មបទ ខុទ្ទកនិកាយថា ៖ “ បណ្ដាកុសលធម៌ទាំងអស់ សេចក្ដីមិនប្រមាទជាធំជាង ដូចស្នាមជើងសត្វទ្វេបាទ ចតុប្បាទ ដែលសញ្ចរលើប្រឹថពី ស្នាមជើងដំរី ធំជាងស្នាមជើងទាំងអស់ ”។ កាលបើបុគ្គលមិនប្រមាទហើយ កុសលធម៌ដែលមិនទាន់កើត នឹងកើតឡើង ដែលកើតឡើងហើយ ក៏រឹងរឹតតែចម្រើនឡើង អ្នកមិនប្រមាទរមែងទាញយកនូវប្រយោជន៍ទាំងពីរផ្លូវបាន គឺប្រយោជន៍ក្នុងបច្ចុប្បន្នដែលឃើញជាក់នឹងភ្នែក បានដល់ប្រយោជន៍ក្នុងគតិលោក ប្រយោជន៍ក្នុងសម្បរាយិកភពលោកមួយ បានដល់ប្រយោជន៍គតិធម៌ ឈ្មោះថាអ្នកមានជ័យជម្នះទាំងពីរផ្លូវ ឬពោលវោហារថា បានសម្រេចសម្បត្តិទាំងពីរយ៉ាងគឺ ភោគសម្បត្តិ បានដល់មាស ប្រាក់ កែវ កង ដែលជាគ្រឿងទំនុកបម្រុងដល់អាមិសសុខ និងគុណសម្បត្តិ បានដល់កុសលធម៌ និងសេចក្ដីបរិសុទ្ធកាយ វាចា ចិត្ត ដែលជាឧបការដល់និរាសមិសសុខ។ តែសេចក្ដីមិនប្រមាទនេះដែលអាចកើតឡើងដល់បុគ្គល ក៏ដោយសារការចួបប្រទះនូវវត្ថុអស់ទៅនឹងសូន្យទៅជាសាក្សី តពីនេះ ទើបអប្បមាទ ធម៌កើតចម្រើនឡើង ដូចបុគ្គលអ្នកឃើញការវិនាសទៅនិងសូន្យទៅនៃភោគសម្បត្តិ រមែងជាមូលហេតុមិនឱ្យប្រមាទក្នុងការស្វែងរកភោគទ្រព្យ មិនឱ្យប្រមាទក្នុងការបរិហាររក្សាទ្រព្យ មិនប្រមាទក្នុងការចាយវាយទ្រព្យ។ កាលបើឃើញការសាបសូន្យចាកយស ជាមូលហេតុឱ្យប្រយត្នរក្សាក្នុងករណីផ្សេងៗ ហេតុនេះ អប្បមាទធម៌ជាគុណសម្បត្តិរបស់បុគ្គលអ្នកត្រូវការចម្រើនក្នុងរាជវសតី គួរអប់រំឱ្យកើតមានក្នុងសន្ដានរបស់ខ្លួន ជាថ្នាក់ទី ២។ តែថាបើខ្វះបញ្ញាជាគ្រឿងពិចារណាលៃលកមើលសេចក្ដីវិនាសទៅនិងសូន្យទៅនៃកិច្ចការ ក៏ជាហេតុឱ្យការងារដែលខ្លួនធ្វើឱ្យប្រព្រឹត្តទៅដោយលំបាក មិនមានរបៀបរៀបរយ បើមានបញ្ញាជាគុណជាតិខ្ពង់ខ្ពស់ចូលអែបនែបផង នឹងត្រិះរិះឬពិចារណា ឬក៏នឹងធ្វើអ្វីៗ បានមិនទើសទាក់ ហេតុនេះទើបទ្រង់ត្រាស់ថា បញ្ញា ជាគុណសម្បត្តិថ្នាក់ ៣។

ប្រីជាដែលស្គាល់ច្បាស់ហេតុផល ឈ្មោះថា បញ្ញា។ គុណសម្បត្តិនេះល្អទាំងគតិលោកនិងគតិធម៌ ព្រោះថាសព្វវត្ថុទាំងចំណែកល្អឬអាក្រក់ រមែងជាហេតុឱ្យផលបូកគូគ្នា ហេតុល្អឱ្យសម្រេចផលល្អ ហេតុអាក្រក់ឱ្យសម្រេចផលអាក្រក់ ហេតុនៃសេចក្ដីសុខឱ្យសម្រេចផលបានជាសុខ  ហេតុនៃសេចក្ដីទុក្ខឱ្យសម្រេចផលក៏ជាទុក្ខ ធម្មជាតិទាំងអស់សុទ្ធតែមានហេតុផលជាគូៗគ្នា មិនផ្លាស់ប្ដូរទៅរកធម្មជាតិដទៃឡើយ ហេតុនៅមានត្រឹមណាផលក៏នៅមានត្រឹមនោះ កាលបើអស់ហេតុទើបផលរលត់។ អ្នកមានបញ្ញាដឹងច្បាស់ហេតុផល តាមគន្លងវឌ្ឍនធម៌ បានឈ្មោះថា អ្នកស្គាល់ហេតុស្គាល់ផល ​និស្ស័យ​ចិត្តគំនិតរបស់បុគ្គលនោះ រមែងភ្លឺស្វាងព្រោះពន្លឺគឺបញ្ញា បណ្ដេញចោលនូវងងឹតគឺអវិជ្ជា មិនឱ្យមានឱកាសរួបរឹតចូលមកពទ្ធព័ន្ធបាន។ ព្រះអាទិត្យព្រះចន្ទមានដួងប្រទីបបញ្ចេញពន្លឺពីចិត្តគំនិតបានដូច្នោះ លោកនឹងរុងរឿងធូរទូលាយបាន ក៏ព្រោះតែអាស្រ័យបុគ្គលអ្នកមានប្រាជ្ញាដឹងផ្លូវហាយនធម៌ វឌ្ឍនធម៌ច្បាស់ ប្រកបឧបាយជាគ្រឿងលុបលាងសេចក្ដីវិនាសចោលចេញ ដើរទៅតាមបដិបទានៃសេចក្ដីចម្រើន។ ផ្លូវធម៌ក៏ដូចគ្នា បើចិត្តប្រាសចាកបញ្ញា អវិជ្ជាក៏រួបរឹតឱ្យងងឹតចូលទៅទំនុកបម្រុងផង ក៏ជួយបង្ហាញផ្លូវឱ្យស្គាល់ច្បាស់ធម្មតារបស់ឧបសគ្គបាន កាលបើចិត្តដើរទៅកាន់ផ្លូវត្រូវដូចនេះហើយ អាចទទួលពន្លឺ គឺបញ្ញាមកអំពីផលដែលធ្វើខ្លួនឱ្យរួចចាកងងឹតបាន។ ឯពន្លឺព្រះអាទិត្យព្រះចន្ទមានដួងអាចបញ្ចេញពន្លឺបាន តែក្នុងទីដែលមិនមានវត្ថុអ្វីបិទបាំង បើមានវត្ថុអ្វីបិទបាំងក៏ផ្សាយពន្លឺទៅមិនដល់ ចំណែកពន្លឺ គឺបញ្ញាទុកណាជាវត្ថុឧបសគ្គយ៉ាងណាក៏ដោយ ក៏អាចភ្លឺឆ្លុះទៅរហូតបាន ថែមទាំងជាគុណជាតិមាំមួនផង រាប់ថាជាពន្លឺយ៉ាងកំពូល សមដោយពុទ្ធនិពន្ធដែលទ្រង់ត្រាស់ទុកថា នត្ថិ បញ្ញា សមា អាភា ” ពន្លឺស្មើដោយបញ្ញាមិនមាន ”។ បញ្ញាអាចសង្កេតពិចារណារកហេតុដ៏សុខុមល្អិតដែលកំបាំង ឱ្យភ្លឺច្បាស់ប្រាកដឡើង មិនមានពន្លឺដទៃស្មើនឹងជាគ្រឿងដាស់តឿនឱ្យដើរទៅរកផ្លូវត្រូវជាផ្នែកសុចរិត។ បុគ្គលមានអាជីពប្រកបដោយបញ្ញា រមែងធ្វើករណីយកិច្ចប្រាសចាកទោស ដើម្បីជាសាធារណប្រយោជន៍ដល់សាធារណជន មិនប្រព្រឹត្តលបក្បត់ ព្រោះតែឃើញប្រយោជន៍ផ្ទាល់ខ្លួនតែម្យ៉ាង តែងចែករំលែកផ្សព្វផ្សាយ ជាសាធារណដៈល់ជនដទៃ ដោយទឹកចិត្តមេត្តា ចិត្តអាណិតត្រាប្រណី ទាំងនេះ ក៏ព្រោះអាស្រ័យបញ្ញាជាគ្រឿងទំនុកបម្រុង។ លោកអ្នកដែលគ្រប់គ្រងប្រជុំជនឱ្យជាពួកគណៈឬក្រុមគ្រួសារទៅបាន រាប់តាំងពីត្រកូលមួយឬភូមិភាគឡើងទៅ ក៏ព្រោះមានបញ្ញា ស្គាល់ហេតុផល ដឹងជាក់នូវឧបាយជាគ្រឿងការពារសត្រូវ មិនឱ្យមានឱកាសញាំញីបៀតបៀនបាន មួយទៀតពួកអ្នករាជការនឹងបីបាច់ថែរក្សាមាតុភូមិឱ្យដើរទៅដោយសន្តិវិធី ក៏ត្រូវមានបញ្ញាស្គាល់ហេតុ ផល ពិចារណាគិតគូរ រំពឹងមើលឱ្យធ្ងន់ មានគំនិតយ៉ាងសុខុមជុំវិញមិនខ្វះកន្លះ ចេះរកឧបាយជាគ្រឿងកែខៃឧបសគ្គផ្សេងៗបាន ហេតុនេះ បញ្ញាទើបចាត់ជាគុណសម្បត្តិ ដែលបុគ្គលអ្នកប្រាថ្នាការចម្រើនក្នុងវង្សរាជការគួរអប់រំក្នុងថ្នាក់ទី ៣។

ទុកណាជាបរិបូណ៌ដោយគុណសម្បត្តិគ្រប់ទាំង៣ប្រការនេះហើយ  តែកិច្ចការងារនៅ​ច្រងេង​ច្រងាង​ប្រទាំងប្រទើសមិនរៀបរយ ក៏រាប់ថាជាអ្នកមានសមត្ថភាពក្នុងការងារមិនទាន់បាន លុះត្រាតែចាត់ចែងការងារឱ្យមានរបៀបរៀបរយ មិនច្របូកច្របល់ ទើបនឹងចួបផ្លូវនៃវឌ្ឍនធម៌ទៅតាមវង្សរាជការ ហេតុនេះទើបសម្ដេចព្រះមហាមុនីត្រាស់នូវភាពនៃបុគ្គលអ្នកចាត់ការមានរបៀបរៀបរយទុកក្នុងគុណសម្បត្តិថ្នាក់ទី ៤។

ធម្មតាបុគ្គលអ្នកមានករណីយកិច្ច ដែលនឹងត្រូវធ្វើយ៉ាងណានីមួយ កាលមិនធ្វើតាមកាលសម័យ បណ្ដោយការងារឱ្យសល់ទុកនៅ ឬមិនចាត់ចែងការងារនេះឱ្យមានរបៀបរៀបរយល្អ ការងារនោះហៅថា ច្របូកច្របល់ លោកតិះដៀលថា ជាអពមង្គល មិនជាហេតុនាំមកនូវសេចក្ដីចម្រើន។ ចំណែកការងារដែលចាត់ចែងឱ្យមានរបៀបសមតាមកាលសម័យ មិនបណ្ដោយឱ្យសល់ទុកទាល់តែលើសប្រមាណ កាលបើមានការងារ យ៉ាងណាលេចឡើង ក៏ប្រឹងប្រែងតស៊ូការងារនោះឱ្យសម្រេចដោយសួស្ដី មិនបង្អង់ពេលវេលា មិនបណ្ដោយការថ្ងៃនេះឱ្យអាក់ខានទៅដល់ថ្ងៃស្អែក ដែលជាហេតុនាំឱ្យនឿយណាយក្នុងវេលាត្រូវធ្វើ លោកហៅការងារមិនច្របូកច្របល់ ជាទីសរសើររបស់បណ្ឌិតជន សមនឹងពុទ្ធភាសិតពោលថា ៖ អនាកុលា ច កម្មន្ដា  ឯតម្មង្គលមុត្តមំ ” ការទាំងឡាយដែលមិនច្រឡូកច្រឡំ ចាត់ជាមង្គលខ្ពស់បំផុត ”។

ហេតុនេះ សាធុជនអ្នកប្រាថ្នាផល គឺសន្តិសុខ វឌ្ឍនធម៌ សេរីធម៌ និងអារ្យធម៌ គួរអប់រំឱ្យនៅក្នុងក្រុម និងសម្មាបដិបត្តិប្រព្រឹត្តតាមគោលនៃចរិយាវត្ត សេចក្ដីបដិបត្តិរបស់រាជសេវកៈនាមថា ” រាជវសតី ” គឺសេចក្ដីប្រឹងប្រែងតស៊ូព្យាយាមគ្រងមុខ ក្រសួងនៃការងារមិនរួញរា មិនបណ្ដោយឱ្យសេចក្ដីប្រមាទចូលគ្របសង្កត់ទាល់តែខូចខាតការងារ មានបញ្ញាជាគ្រឿង ពិចារណាការអស់ទៅនិងសូន្យទៅរបស់ការងារ ចាត់ចែងការងារឱ្យមានរបៀបរៀបរយមិនប្រទាំងប្រទើសច្រឡូកច្រឡំគ្នា ទើបនឹងប្រសព្វផ្លូវនៃសន្តិសុខយ៉ាងក្រៃលែង ជាភូមិភាគនៃសេចក្ដីរីករាយក្នុងវង្សនៃរាជការបាន សមនឹងទេសនាជាឱវាទានុសាសនី ដែលព្រះបរមលោកនាថត្រាស់ទុកថា ៖ “ អ្នកប្រឹងប្រែងក្នុងការងារ មិនប្រមាទ មានបញ្ញាឃើញច្បាស់ ចាត់ចែងការងារឱ្យមានរៀបរយ អ្នកនោះគប្បីតាំងនៅក្នុងរាជការបាន ”។ អធិប្បាយមកប៉ុណ្ណេះ ក៏សមគួរដល់ពេលវេលានឹងបញ្ចប់ ឯវំ ដោយនូវបការយ៉ាងនេះឯង។

ព្រះអាចារ្យ  ហេន – ធឿង  វត្តមហាមន្ត្រី
រៀបរៀង

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៥៥

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Oldest
Newest Most Voted
Inline Feedbacks
View all comments