សាធុនរធម៌

សារវន្តកថា

កាលព្រះពោធិសត្វសោយព្រះជាតិជាវិធុរបណ្ឌិត ក្នុងនគរឥន្ទបត្ត ថ្ងៃមួយ មានយក្សមួយ ឈ្មោះថា បុណ្ណកៈ បានចាប់ព្រះអង្គ ដោយប្រាថ្នានឹងសម្លាប់ហើយនាំហឫទ័យទៅថ្វាយវរុណនាគរាជ ដើម្បីសុំរៀបការនឹងព្រះរាជធីតាឈ្មោះ ឥរន្ទតី ពេលនោះ វិធុរបណ្ឌិតប្រាថ្នានឹងសម្តែង សាធុនរធម៌ គឺគុណធម៌របស់មនុស្សល្អឱ្យយក្សស្តាប់ ទើបបានពោលជាគាថាថា ៖

យាតានុយាយី  ច  ភវាហិ  មាណវអល្លញ្ច បាណឹ បរិវជ្ជយស្សុ

មា  ចស្សុ  មិត្តេសុ  កទាចិ  ទុព្ភី

មា  ច  វសំ  អសតីនំ  និគច្ឆេ ។

“ម្នាលមាណព អ្នកចូរដើរតាមផ្លូវដែលគេដើរហើយ អ្នកចូរវៀរ គឺកុំដុតបាតដៃទាំងទទឹក អ្នកកុំប្រទូស្តមិត្ត ក្នុងកាលណាមួយ អ្នកកុំលុះអំណាច នៃស្រីដែលប្រកបដោយអសទ្ធម្ម”។

បុគ្គលណាអញ្ជើញមនុស្ស ដែលមិនធ្លាប់នៅជាមួយគ្នា ឬមិនធ្លាប់ឃើញគ្នា សូម្បីដោយអសនៈ បុរសត្រូវធ្វើប្រយោជន៍តបស្នងដល់បុគ្គលនោះឯង បណ្ឌិតទាំងឡាយពោលថា អ្នកនោះឯងជាអ្នកដើរតាមផ្លូវដែលគេដើរហើយ។ បុរសស្នាក់នៅក្នុងផ្ទះបុគ្គលណា សូម្បីមួយយប់ បានបាយនិងទឹក ក្នុងសម្នាក់បុគ្គលណា មិនត្រូវគិតអំពើអាក្រក់ដល់បុគ្គលនោះ សូម្បីដោយចិត្ត បុគ្គលអ្នកប្រទូស្តមិត្រ ឈ្មោះថាដុតបាតដៃទាំងទទឹក។ បុគ្គលអង្គុយឬដេកក្នុងម្លប់ឈើណា មិនត្រូវកាច់មែកឈើនោះ ព្រោះថា បុគ្គលប្រទូស្តមិត្រ ជាបុគ្គលអាក្រក់។

បុរសណាឱ្យផែនដីដែលពេញដោយទ្រព្យដល់ស្រីដែលខ្លួនសន្មតថាល្អ ស្រីនោះបានឱកាស (ក្បត់ចិត្ត) គប្បីមើលងាយបុរសនោះវិញ បុគ្គលមិនត្រូវលុះអំណាចស្រីដែលប្រកបដោយអសទ្ធមនោះទេ។ បុគ្គលឈ្មោះថាដើរទៅកាន់ផ្លូវដែលគេដើរហើយយ៉ាងនេះ ឈ្មោះថាដុតបាតដៃទាំងទទឹកយ៉ាងនេះ ស្រីនោះឈ្មោះថាប្រកបដោយអសទ្ធម បុរសនោះឈ្មោះថា ជាអ្នកប្រទូស្តមិត្រ អ្នកចូរប្រកបដោយធម៌ ចូរលះបង់អំពើមិនមែនធម៌ចេញ។

គុណធម៌របស់មនុស្សល្អ ដែលវិធុរបណ្ឌិតពោលក្នុងគាថានេះ មាន ៤ ប្រការ គឺ

១- ចូរដើរតាមផ្លូវដែលគេដើរហើយ

២- កុំដុតបាតដៃទាំងទទឹក

៣- កុំប្រទូស្តមិត្រ

៤- កុំលុះអំណាចនៃស្ត្រី

វិធុរជាតក បិដកលេខ ៦៣ ទំព័រ ៧៤ 

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments