កាព្យ​បុរាណ​ភាសិត

នានាកាព្យ
បុរាណសុភាសិត 

(១)  វិស័យចិត្តល្អនឹងក្រខ្លួន  មើលក្បួនលំអានបុរាណប្រាម  ការខុសចោលទៅការត្រូវតាម  ឯកាមគួរកាត់រម្លត់ខ្លះ ។  កុំទៅបណ្ដោយឱ្យវាឆេះ  ក្រែងទាល់ចំណេះលត់មិនឈ្នះ  នឹងបង់របស់អស់តបះ  កាន់មានះគង់មនុស្សគេនិន្ទា ។  គិតអ្វីឱ្យវែងកុំបែងខ្លី  វិស័យចង់ស្រីមើលឫកពា  ផ្គាប់ស្ដេចតោងមើលព្រះទ័យា  ផ្គាប់រាស្រ្តដូចគ្នាតោងមើលចិត្ត ។  ភ្ញៀវមកតោងមើលអាការចេញ  ពោលពាក្យម្ដេចមិញគង់ឃើញពិត  ពាក្យស្លែងរែងស្លូតចួនជាមិត្រ  ពាក្យពិតចួនពាលមមាលវិញ ។ 

(៥)  ពាក្យលេងចួនលកលប្រាជ្ញា  ពាក្យព្រាងមុសាការគេដេញ  អួតខ្លួនតោងឃ្លាតពីខ្លៅចេញ  ស្រឡាញ់តោងថ្នមលោមមើលចិត្ត ។  គេលើកកុំឡើងទៅតាមយស  ឡើងខ្ពស់មើលទាបរក្សាមិត្រ  ដើរមុខទុកក្រោយកុំឱ្យជិត  លោកប្រែតោងប្រព្រឹត្តចិត្តកុំប្រែ ។  កាន់ប្រាជ្ញកុំប្របសម្របតាម  ហួសហើយកុំហាមឱ្យតាមកែ  បទខ្លីតោងវៀរ​រវៀសបែរ  រៀនស្នេហ៍តោងស្និទ្ធចិត្តឱ្យស្ងួន ។  ប្រាក់មានលើកឱ្យគេខ្ចីទៅ  ចំណេះចេះនៅតែក្នុងក្បួន  ប្រពន្ធនៅឆ្ងាយអំពីខ្លួន  ដល់ចួនត្រូវការរអាចិត្ត ។  ចេះច្រើនលំបាកយ៉ាកនឹងគេច  ចេះតិចព្រួយប្រាណរំខានគិត  ល្ងង់ល្ងើប្រើការដូចងងឹត  ឥតបើគិតមិនកើតការនោះបាន ។ 

(១០)  តាំងខ្លួនតោងឃ្លាតពីខ្លៅចេញ  វែងណាស់លលេញហួសប្រមាណ  លក់ដូរមើលដើមឱ្យដឹងដាន  គិតអានសឹមធ្វើតាមប្រាជ្ញា ។  ទូកលឿនជិះលុបអុំឱ្យលិច  ត្បូងពេជ្ររឹងម្ដេចគង់ប្រេះឆា  ទីស្ងាត់ប្រយត្នចេញវាចា  គិតអាថ៌ឯណាកុំអាងជិត ។  ភ្លាត់មាត់មិនទប់កំពប់ប្រាក់  ភ្លាត់ជើងៗបាក់មានថ្នាំបិទ  ភ្លាត់ការគង់កែបំបែរគិត  ភ្លាត់ចិត្តគង់ចាប់ទៅតាមចេះ ។  យល់ញាតិឃ្លាតច្បាប់ចាប់រវាត  យល់ការគង់ឃ្លាតឃ្លៀងចំណេះ  ដំរីជើងបួនគង់ភ្លាត់អេះ  អ្នកប្រាជ្ញដែលចេះគង់ភ្លាត់ខ្លះ ។  ចាប់ត្រីដៃពីរតម្រាហាម  ចាក់អង្ករយកអង្កាមហាមមិនឈ្នះ  អុំទូកឡើងភ្នំខំមានះ  បង់ព្រះទៅសំពះឯបាយាប ។ 

(១៥)  ស្លៀកសសាងព្រឹត្តិចិត្តនៅខ្មៅ  ចោលប្រាជ្ញតាមខ្លៅចង់ចៀសបាប  លូកវែកឱ្យដឹងរសប្រៃសាប  យកខ្សាច់មកគាបបានប្រេងឬ ។  ឫស្សីធ្វើក្លាក់ដាក់គ្មានថ្នាំង  គងស្គររគាំងវាយមិនឮ  សុរិយាមិនយកជាពន្លឺ  កាន់ជឿអំពិលអំពែកសត្វ ។  ចងអ្វីមិនខ្ជាប់ស្មើសង្សារ  ការអ្វីមិនស្មើការប្រតិបត្តិ  ស្ងាត់អ្វីមិនស្មើចិត្តដែលស្ងាត់  កាចអ្វីមិនស្មើជនពាលា ។  រោគអ្វីមិនស្មើនឹងរោគឃ្លាន  ទានអ្វីមិនស្មើទានទេសនា  មានអ្វីមិនស្មើមានប្រាជ្ញា  ជាអ្វីមិនស្មើចិត្តជាបុណ្យ ។  រហ័សអ្វីមិនស្មើចិត្តដែលនឹក  មុតអ្វីមិនស្មើទឹកហូរជោរជន់  ធ្ងន់អ្វីមិនស្មើព្រះគុណធ្ងន់  ធន់អ្វីមិនស្មើប្រពន្ធប្រើ ។ 

(២០)  មើលមេឃតោងមើលទៅទេវតា  ចូលព្រៃព្រឹក្សាតោងមើលលើ  យកមិត្រមើលចិត្តឱ្យស្មោះស្មើ  យកក្លើតោងមើលឱ្យសមប្រាណ ។  ធ្វើស្រែចម្ការឱ្យមើលស្មៅ  ទុកដាក់កូនចៅមើលសន្ដាន  ធ្វើទីលំនៅមើលភូមិឋាន  បរិភោគប្រមាណមើលអាហារ ។  ដាវមុតៗមែននៅក្នុងស្រោម  វិជ្ជាចេះព្រមមិនត្រូវការ  ជាតិស្រីឥតប្ដីនឹងព្យាបាល  គជសារឥតហ្មនឹងប្រដៅ ។  ទឹកខ្លាចគេដងទុកតម្កល់  ជាតិដែកៗដុលខ្លាចដំឆៅ  គ្រញូងខ្លាចធ្វើខ្នួចកួចដូចស្មៅ  ទូកខ្លាចគេទៅជាន់គែមផ្អៀង ។  ហោរាប្រយត្នមាត់រអិល  ជាងទងកាន់សីលប្រយត្នទៀង  ចៅក្រមប្រយត្នមិនលម្អៀង  អ្នកផ្ទៀងប្រយត្នបាត់អក្ខរា ។ 

(២៥)  លលេងកូនក្មេងគង់អាប់យស  លលេងនឹងពស់គង់ចឹកផ្សា  លលេងអ្វីៗគង់គេថា  លេងស្រីលេងស្រាគង់ឆ្កួតចិត្ត ។  ឯស្រានិងស្រីបីនិងល្បែង  គួរលះគួរលែងកុំប្រព្រឹត្ត  ព្រោះនាំឱ្យខ្វល់អំពល់ចិត្ត  វិបរិតផ្ដាសៗក្នុងលោកិយ ។  តែថាឯស្រានិងការល្បែង  គួរលះគួរលែងបានមិនអ្វី  ឯត្រង់ចំណង់នឹងស្រីៗ  លោកិយឃើញក្របើលះបាន ។  លះបានតែលោកព្រះយោគា  ភាវនាចម្រើនព្រះកម្មដ្ឋាន  បន្ថយក្ដីស្រេកសម្រេកឃ្លាន  តាំងនៅក្នុងឈានស្ងប់ស្ងាត់អើយ ។ 

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments