បុរាណសុភាសិត
(១) វិស័យចិត្តល្អនឹងក្រខ្លួន មើលក្បួនលំអានបុរាណប្រាម ការខុសចោលទៅការត្រូវតាម ឯកាមគួរកាត់រម្លត់ខ្លះ ។ កុំទៅបណ្ដោយឱ្យវាឆេះ ក្រែងទាល់ចំណេះលត់មិនឈ្នះ នឹងបង់របស់អស់តបះ កាន់មានះគង់មនុស្សគេនិន្ទា ។ គិតអ្វីឱ្យវែងកុំបែងខ្លី វិស័យចង់ស្រីមើលឫកពា ផ្គាប់ស្ដេចតោងមើលព្រះទ័យា ផ្គាប់រាស្រ្តដូចគ្នាតោងមើលចិត្ត ។ ភ្ញៀវមកតោងមើលអាការចេញ ពោលពាក្យម្ដេចមិញគង់ឃើញពិត ពាក្យស្លែងរែងស្លូតចួនជាមិត្រ ពាក្យពិតចួនពាលមមាលវិញ ។
(៥) ពាក្យលេងចួនលកលប្រាជ្ញា ពាក្យព្រាងមុសាការគេដេញ អួតខ្លួនតោងឃ្លាតពីខ្លៅចេញ ស្រឡាញ់តោងថ្នមលោមមើលចិត្ត ។ គេលើកកុំឡើងទៅតាមយស ឡើងខ្ពស់មើលទាបរក្សាមិត្រ ដើរមុខទុកក្រោយកុំឱ្យជិត លោកប្រែតោងប្រព្រឹត្តចិត្តកុំប្រែ ។ កាន់ប្រាជ្ញកុំប្របសម្របតាម ហួសហើយកុំហាមឱ្យតាមកែ បទខ្លីតោងវៀររវៀសបែរ រៀនស្នេហ៍តោងស្និទ្ធចិត្តឱ្យស្ងួន ។ ប្រាក់មានលើកឱ្យគេខ្ចីទៅ ចំណេះចេះនៅតែក្នុងក្បួន ប្រពន្ធនៅឆ្ងាយអំពីខ្លួន ដល់ចួនត្រូវការរអាចិត្ត ។ ចេះច្រើនលំបាកយ៉ាកនឹងគេច ចេះតិចព្រួយប្រាណរំខានគិត ល្ងង់ល្ងើប្រើការដូចងងឹត ឥតបើគិតមិនកើតការនោះបាន ។
(១០) តាំងខ្លួនតោងឃ្លាតពីខ្លៅចេញ វែងណាស់លលេញហួសប្រមាណ លក់ដូរមើលដើមឱ្យដឹងដាន គិតអានសឹមធ្វើតាមប្រាជ្ញា ។ ទូកលឿនជិះលុបអុំឱ្យលិច ត្បូងពេជ្ររឹងម្ដេចគង់ប្រេះឆា ទីស្ងាត់ប្រយត្នចេញវាចា គិតអាថ៌ឯណាកុំអាងជិត ។ ភ្លាត់មាត់មិនទប់កំពប់ប្រាក់ ភ្លាត់ជើងៗបាក់មានថ្នាំបិទ ភ្លាត់ការគង់កែបំបែរគិត ភ្លាត់ចិត្តគង់ចាប់ទៅតាមចេះ ។ យល់ញាតិឃ្លាតច្បាប់ចាប់រវាត យល់ការគង់ឃ្លាតឃ្លៀងចំណេះ ដំរីជើងបួនគង់ភ្លាត់អេះ អ្នកប្រាជ្ញដែលចេះគង់ភ្លាត់ខ្លះ ។ ចាប់ត្រីដៃពីរតម្រាហាម ចាក់អង្ករយកអង្កាមហាមមិនឈ្នះ អុំទូកឡើងភ្នំខំមានះ បង់ព្រះទៅសំពះឯបាយាប ។
(១៥) ស្លៀកសសាងព្រឹត្តិចិត្តនៅខ្មៅ ចោលប្រាជ្ញតាមខ្លៅចង់ចៀសបាប លូកវែកឱ្យដឹងរសប្រៃសាប យកខ្សាច់មកគាបបានប្រេងឬ ។ ឫស្សីធ្វើក្លាក់ដាក់គ្មានថ្នាំង គងស្គររគាំងវាយមិនឮ សុរិយាមិនយកជាពន្លឺ កាន់ជឿអំពិលអំពែកសត្វ ។ ចងអ្វីមិនខ្ជាប់ស្មើសង្សារ ការអ្វីមិនស្មើការប្រតិបត្តិ ស្ងាត់អ្វីមិនស្មើចិត្តដែលស្ងាត់ កាចអ្វីមិនស្មើជនពាលា ។ រោគអ្វីមិនស្មើនឹងរោគឃ្លាន ទានអ្វីមិនស្មើទានទេសនា មានអ្វីមិនស្មើមានប្រាជ្ញា ជាអ្វីមិនស្មើចិត្តជាបុណ្យ ។ រហ័សអ្វីមិនស្មើចិត្តដែលនឹក មុតអ្វីមិនស្មើទឹកហូរជោរជន់ ធ្ងន់អ្វីមិនស្មើព្រះគុណធ្ងន់ ធន់អ្វីមិនស្មើប្រពន្ធប្រើ ។
(២០) មើលមេឃតោងមើលទៅទេវតា ចូលព្រៃព្រឹក្សាតោងមើលលើ យកមិត្រមើលចិត្តឱ្យស្មោះស្មើ យកក្លើតោងមើលឱ្យសមប្រាណ ។ ធ្វើស្រែចម្ការឱ្យមើលស្មៅ ទុកដាក់កូនចៅមើលសន្ដាន ធ្វើទីលំនៅមើលភូមិឋាន បរិភោគប្រមាណមើលអាហារ ។ ដាវមុតៗមែននៅក្នុងស្រោម វិជ្ជាចេះព្រមមិនត្រូវការ ជាតិស្រីឥតប្ដីនឹងព្យាបាល គជសារឥតហ្មនឹងប្រដៅ ។ ទឹកខ្លាចគេដងទុកតម្កល់ ជាតិដែកៗដុលខ្លាចដំឆៅ គ្រញូងខ្លាចធ្វើខ្នួចកួចដូចស្មៅ ទូកខ្លាចគេទៅជាន់គែមផ្អៀង ។ ហោរាប្រយត្នមាត់រអិល ជាងទងកាន់សីលប្រយត្នទៀង ចៅក្រមប្រយត្នមិនលម្អៀង អ្នកផ្ទៀងប្រយត្នបាត់អក្ខរា ។
(២៥) លលេងកូនក្មេងគង់អាប់យស លលេងនឹងពស់គង់ចឹកផ្សា លលេងអ្វីៗគង់គេថា លេងស្រីលេងស្រាគង់ឆ្កួតចិត្ត ។ ឯស្រានិងស្រីបីនិងល្បែង គួរលះគួរលែងកុំប្រព្រឹត្ត ព្រោះនាំឱ្យខ្វល់អំពល់ចិត្ត វិបរិតផ្ដាសៗក្នុងលោកិយ ។ តែថាឯស្រានិងការល្បែង គួរលះគួរលែងបានមិនអ្វី ឯត្រង់ចំណង់នឹងស្រីៗ លោកិយឃើញក្របើលះបាន ។ លះបានតែលោកព្រះយោគា ភាវនាចម្រើនព្រះកម្មដ្ឋាន បន្ថយក្ដីស្រេកសម្រេកឃ្លាន តាំងនៅក្នុងឈានស្ងប់ស្ងាត់អើយ ។