ច្បាប់​សុភាសិត

នានាកាព្យ
ច្បាប់សុភាសិត
ប្រសើរពេកពិត  ប្រែពីគាថា
បន្ទូលព្រះពុទ្ធ  ចំហុតទេសនា
ឱ្យអស់ទាំងមហា-  ជនផងត្រងត្រាប់។
និព្វានប្បច្ចយោ  ហោតុ មេ។
របស់
ឧកញ៉ាវង្សាសារពេជ្ញ នង ចាងហ្វាងក្រុមរាជបណ្ឌិត្យ
ក្នុងរាជព្រះបាទសម្ដេចព្រះហរិក្សរាមាឥស្សរាធិបតី
(ព្រះអង្គដួង)។
អារម្ភកថានិងពាក្យនមស្ការ

សុភសេដ្ឋោ  ឯកសប្តឯកទោ  សំវច្ឆរេ  ចសុនខំ  ចន្ទំវារេ  អាសាឡ្ហមាសេ  បុណ្ណមិយំ។  កាយោមយា  នងនាមនា  មនោរថំ  បីតិបិយោ  សីលោរក្ខំ  សុភាសិតំ  កាព្យករោ។  អហំនមា-  មិសិរសា  សុសម្ពុទ្ធោ  តិលោកានំ  សេដ្ឋំអត្តោ  នរទេវោ  វរនាថំ។  មហាវីរោ  សុវិជេយ្យោ  មារសេនំ  អាតច្ឆិយោ  សម្ពោធិតំ  អនន្តញ្ញាណំ  លោកុត្តមោ។  នកេវលៈ-  មេវពុទ្ធៈ-  ធម្មនាថោ  នមាមិហំ  អដ្ឋង្កិកោ  អរិយបថោ  ទេវជនំ។  សន្តិករោ  និយ្យានិកោ  មោក្ខប្បនំ  បនមាមិ  អរិយសង្ឃំ  សីលសុទ្ធំ  សន្តិន្រ្ទិយា។  បុញ្ញក្ខោត្តំ  សត្តេគុណំ  នមស្សមានោ  រតនត្តយំ  ហិតំបញ្ញោ  កយំទុក្ខោ  នីអលំត្ថំ។  សុកមស្តុ  សួស្ដីស្រីសុ-  ភមង្គលំ  ពហុលចេស្ដា  ជយាវរំ  ឯកស័ប្តឯកំ  ទោតិរេកេ។  ស័កសោត្តមំ  ចនក្សត្រំ  ពេញបូណ៌មីខែ  អសាឍចន្ទៈ  ពារៈទេវេ  វុឌ្ឍិវវេ  សាធុការា។

ឯអង្គអញខ្ញុំ  នាម នង សោតសម  ចិត្តចេតនា  សូមមានមនោ  បរិយោសទ្ធា  ព្យាយាមឧស្សាហ៍  ត្រេកត្រង់កុសល។  ដ្បិតខ្ញុំនេះណា  ទើបរៀនចងជា  កាព្យកិច្ចការកល  គន់គិតដោយនា  ប្រាជ្ញាយោបល់  ពុំសូវឆ្ងាយយល់  ជ្រៅជ្រះកាព្យា។  ខ្ញុំផ្ទឹមទសករ  កាយកបបវរ  រូរត្នបុស្បា  បុស្បបទបង្គំ  ប្រណម្យអភិវាទ៍  វន្ទីយ៍ព្រះមហា  សារពេជ្ញ​ពុទ្ធោ។  សុរាឥន្ទព្រហ្ម  មូលមកបង្គំ  ក្រាបក្រោមបាទោ  ប្រកបកង់ចក្រ  លាយលក្ខណ៍វរោ  វរំអគ្គោ  ឯកឥតទុតិយំ។  ព្រះស្រីសម្ពុ-  ទ្ធោធម៌វិសុទ្ធ  វិសេសសេដ្ឋំ  ជាតិជាមកុដ  អង្គឧត្តមំ  ប្រោសសត្វទូទាំង  ត្រីត្រ័យភពភារ។  សរសើរបារមី  វរញាណជិនស្រី  ក្រាស់ក្រៃពិស្ដារ  សែនកោដិកល្បកាត់  ផ្ដាច់វដ្ដសង្សារ  ផ្ចាលផ្ចាញ់មោហ៍មារ  មានះបបបាន។  ព្រះលោកុត្តរ  សុពណ៌បវរ  ភារភេត្រាយាន  យោនយោងសត្វសល់  ដាក់ដល់និព្វាន  និរនេសមិនមាន  មរណ៍មកដិតដល់។  ព្រះសង្ឃសីលសុទ្ធ  វិសេសពង្សពុទ្ធ-  ឱរសនិម្មល  អស្តារិយសង្ឃ  ទ្រទ្រង់សីលសល់  អង្គឥតអំពល់  វដ្ដសង្សារា។  ស្រគត់អស់ឥ-  ន្រ្ទីយ៍អង្គអចិ-  ន្ត្រៃយ៍ទ្រង់ករុណា  សព្វសត្វដាក់ដល់  មណ្ឌលសួគ៌ា  គុណគាប់ជាតិជា  ស្រូវស្រែបុណ្យផល។  ទាំងបីព្រះអង្គ  ប្រសើរទ្រទ្រង់  ករុណាសត្វសល់  ផ្ទេរផ្ទុកសំពៅ  នាំទៅដាក់ដល់  ត្រង់ត្រើយថ្នាក់ថ្នល់  និរនេសបាបបង់។  ហេតុនោះខ្ញុំថ្វាយ  បុស្បបង្ក័ជកាយ  កបកោមលផ្ចង់  សរសើរបារមី  ទាំងបីព្រះអង្គ  រុងរឿងអភិម-  ង្គលគុណថ្លៃថ្លា។  តេជតេជះខ្ញុំ  ថ្វាត់ថ្វាយបង្គំ  ត្រង់ត្រៃរតនា  សូមទេពទិសទស  សោឡសសួគ៌ា  ចម្រើនទីឃា-  យុយឺនក្សេមក្សាន្ត។  ស្រេចខ្ញុំនឹងថ្លែង  ស្រាវស្រង់សម្ដែង  សណ្ដាប់និទាន  សុភាសិតសព្ទ  ធម៌គាប់ទូន្មាន  សព្វសត្វឱ្យបាន  អភិរម្យរូបា។  ព្រះធម៌ប្រធាន  ប្រសើររូយាន  រត្នរឿងសុវណ្ណា  នាំសត្វពីក្នុង  វដ្ដសង្សារា  ដោមដាក់ដល់នា  សុខសួគ៌ាល័យ។  ធម៌នេះជាច្បាប់  ប្រសើរមហាគាប់  ចូរជនទីទៃ  រួសរៀនត្រងត្រាប់  ជាច្បាប់ប្រពៃ  តាមដោយអាថ៌នៃ  បទព្រះគាថា។

១- យោសម្បន្នំ  អាយុវស្សំ  ឯកសតា  អរក្ខិតំ  សីលំអសា-  ធុអសមា-  ហិតោជនំ។  យេចនរា  នរឯកា-  ហំជីវិតំ  សេយ្យោរក្ខៈ  សីលវន្តំ  សជ្ឈាយិនំ  សាធុជនា។

អាទិបទេ  ដើមបទបន្លែ  បាលីនេះថា  យោចជនោ  នរូអ្នកណា  មួយមានជន្មា  រយឆ្នាំប្រាកដ។  អរក្ខិតា  បើពុំរក្សា  សីលជាកំណត់  អសាធុនា  ធម៌ថាឥតបទ  ឥតបុណ្យប្រាកដ  ពិតពុំប្រពៃ។  យេចនរា  នរូអ្នកណា  ទើបកើតមួយថ្ងៃ  បើមានសីលំ  សេដ្ឋំប្រពៃ  ប្រសើរលើសក្រៃ  អ្នកចាស់វិញណា។  ដ្បិតសីលជាយាន  នាំរូបរួចបាន  ចៀសចាកចតុរា-  បាយបាបបានដល់  មណ្ឌលសួគ៌ា-  ល័យលុះមហា-  និព្វានសេដ្ឋំ។

២- យោចនរោ  ធនលោភោ  កុតោសីលំ  សុរាមេរយ  កុតោសច្ចំ  លោភោមំសំ  កុតោទយា។

អាថ៌ព្រះបាលី  នេះលោកស្រដី  ថាអ្នកឯណា  មួយលោភទ្រព្យធន  ពេកពន់មហិមា  រីសីលសត្យា  ពីណានឹងមាន។  នាអ្នកប្រមឹក  ស្រាស្រេកចង់ផឹក  ពិតពុំគិតប្រាណ  ធ្លាប់ទីនរក  ទល់ទុក្ខឥតក្សាន្ត  ហើយតើនឹងមាន  ពាក្យសត្យពីណា។  បើលោភចំណី  ចំណង់ចង់ស៊ី  សាច់សត្វមហិមា  ហើយតើរីក្ដី  មេត្រីទយា  អាសូរករុណា  ពុំមានឯងឯ។

៣- នត្ថិលោកំ  រហោនាមំ  បុញ្ញចាបេ  នរាកតំ  បឋមំចិត្តេ  ជានេយ្យទ្វេ  រក្ខទេវា។

នាអ្នកផងធ្វើ  កិច្ចការអំពើ  បុណ្យបាបវេរា  កម្មកាលលោកិយ  នាបីហៅជា  ស្ងាត់បាត់នៅនា  អាយអង្គឺមាន។  កាលប្រថមគិត  ជាដើមមានចិត្ត  ឯងដឹងស្រេចបាន  ជាពីរនឹងអា-  រក្ខនាសព្វឋាន  ទេព្ដាមានញាណ  ពិតពុំកំបាំង។

៤- បង្គំចលេ  ជនិតំលោកេ  ធោវនបង្គំ  ជលចាបេ  ចិត្តេជនិតំ  ធោវនកម្ម  ចាបចិត្តេ។

លោកថាកំណើត  ភក់ផងសឹងកើត  ពីទឹកឯងឯ  បើនឹងលាងភក់  អាក្រក់ឱ្យថែ  ឱ្យជ្រះមានតែ  ទឹកទើបជ្រះហោង។  រីអំពើបាប  ពៀរពិតដរាប  អកុសលផង  សឹងកើតពីចិត្ត  គំនិតធ្វើឆ្គង  ពុំតាមគន្លង  ធម៌ព្រះទេសនា។  បើនឹងចង់ផ្ដាច់  បាបបង់សម្រេច  លះលែងវេរា  មានប៉ុនតែចិត្ត  គន់គិតរក្សា  សីលសូមប្រាថ្នា-  ភិរម្យរូបំ។

៥- បេមតោជា-  យតេសោកោ  បេមជាយ-  តេភយំវិ-  ប្បមុត្តស្ស  នត្ថិសោកោ  កុតោកយា។

នាអ្នកផងមាន  ភ័យភិតពុំក្សាន្ត  សែនសោយសោកា  សោតសឹងកើតពី  ហេតុក្ដីស្នេហា  ស្រឡាញ់ទើបជា  ទុក្ខទៀងក្រាស់ក្រៃ។  ថាបើមិនមាន  ស្រឡាញ់ក្នុងប្រាណ  ឥតក្ដីអាល័យ  ហើយតើអំពល់  សោកសល់នោះនៃ  ទល់ទុក្ខភិតភ័យ  នឹងមានពីណា។

៦- អត្តាតហេ  និវត្តន្តេ  មិត្តពន្ធា  វាសុសានេ  សុខេទុក្ខា  កម្មំអត្តា  នតច្ឆន្តី។

លោកថារីទ្រព្យ  ផងសឹងក្រឡាប់  វិលវឹងអំពី  ព្រៃព្រឹក្សពុំបាន  តាមប្រាណទៅខ្មី  បុត្រភរិយាក្ដី  តាមទៅពុំបាន។  មានតែអំពើ  បុណ្យបាបបានធ្វើ  ពិតពីមុនមាន  ពៀរពិតនិត្យនៅ  តាមទៅដោយប្រាណ  ប្រាកដមិនមាន  ឃ្លាតឃ្លារូបា។

៧- សច្ចំនត្ថិ  តបោឥន្រ្ទី-  យនិត្តហា  នត្ថិសព្វេ  ភូតេទយា  ឯតំចណ្ឌា-  លលក្ខណំ។

អ្នកបួសពុំមាន  ពាក្យសត្យពុំបាន  សង្រួមកាយំ  ពុំមានទយា  មេត្តាកុរណំ  ភូតេសព្វំ  សព្វសត្វទាំងឡាយ។  លោកថាពុំមាន  ផលបរិបូរណ៍បាន  បុណ្យបរលោកនាយ  ពុំមានតបះ  តេជះសីលសាយ  ជាអ្នកកាចកាយ  ចណ្ឌោលលក្ខណោ។

៨- ព្រហ្មាសច្ចំ  ព្រហ្មាតបំ  ឥន្រ្ទីយនិត្តហោ  សព្វសត្តា  ទយាវរោ  ព្រហ្មចរិយោ  លក្ខណោតី។

អ្នកបួសបើមាន  ពាក្យសត្យសោតបាន  សង្រួមឥន្រ្ទិយ  មែនមានមេត្តា  ករុណាខន្តី  សព្វសត្វឥតបី  ចងជាទោសា។  ប្រសើរឯផល  បានបរិបូណ៌ដល់  ដូចដោយប្រាថ្នា  មែនមានតបះ  ដោយព្រះធម៌ថា  ជាលក្ខណា  នៃអ្នកបួសខ្មី។

៩- ឧប្បជ្ជតេ  កថំករណេ  ធម្មោវុឌ្ឍី  សច្ចំទយា  ខមាធម្មី  វិនាសតី  ចិត្តំកោធា។

លោកថារីព្រះ  ធម៌ធារជ្រៅជ្រះ  កើតកបសីលា  ហេតុមានសច្ចំ  ទៀងទាំងទយា  អាសូរខមា  អំណត់នឹងទៅ។

១០- កេសសតា  គុណំកប្បា  សហស្សចីវរេ  ទសសីលំ  សតំសហស្សេ  ពុទ្ធវន្ទេ  ចអនន្តំ។

អ្នកណាមួយមាន  ចិត្តចង់បុណ្យបាន  កាត់កោរកេសំ  ថ្វាត់ថ្វាយព្រះពុទ្ធ  ចំហុតផលំ  សតកប្បំ  រយកល្បបាបបាត់។  ពាក់ចីវរស្បាន់  បានផលមួយពាន់  កាលកប្បទៀងទាត់  ចប់ត្រៃសរណា-  គមនាផលខ្ចាត់  មួយសែនកល្បកាត់  បាបបានបុណ្យថ្លៃ។  នាអ្នកកាន់សីល  ព្យាយាមពុំខ្ជិល  នឹងព្រះរត្នត្រ័យ  បានថ្វាយបង្គំ  ប្រណម្យសព្វថ្ងៃ  ផលបុណ្យបានក្រៃ  ឯកអនន្តំ។

១១- មិត្តសត្យេ  កលុសធម្មេ  សុខេនវិជ្ជំ  ផរុសេនា-  រិបតាបរំ  ធនសម្បទំ  អជ្ជចិន្តី។

ពាក្យនេះលោកថា  នរូអ្នកណា  ចង់ចងមេត្រី  ឱ្យមានពាក្យសត្យ  បរមត្ថវាទី  ទោះរៀនធម៌ក្ដី  កុំមុសាវាទ។  ទោះបីនឹងរៀន  ចំណេះរបៀន  អាគមសិល្បសាត្រ  ឱ្យមានត្រណម  តឹងតមកុំឃ្លាត  បើនឹងប្រុសប្រា-  ថ្នាចង់បានស្រី។  ឱ្យមានពាក្យនោះ  ផ្អែមល្អែមពីរោះ  ជាមិត្រមេត្រី  ចង់មានសម្បត្តិ  ថេរឋិតវុឌ្ឍី  យឺនយូរកុំបី  បៀតបៀនទ្រព្យគេ។

១២- យោអនន្តំ  វទត្វានំ  ជរាកាលេ  សហស្សកំ  បិន្ទំរោតេ  ព្យាធិសតេ  មរណំឯកំ។

លោកជានាកាល  នៅក្មេងពេញពាល  កាត់សទ្ធាខ្លាំង  ចែកចាយធនធាន  ជាទានសេដ្ឋំ  ធ្វើមួយកម្លាំង  បានមួយអនន្ត។  លុះខ្លួនចាស់បាន  ធ្វើបុណ្យឱ្យទាន  មួយជាមួយពាន់  កាលខ្លួនមានព្យាធិ៍  អាពាធទុរន់  ឱ្យទានមួយគុណ  បានមួយរយនៅ។  កាលខ្លួនមរណ៍ចាក  ឋានលែងលះលាក  ចេញចោលកូនចៅ  ធ្វើបុណ្យចន្លោះ  ចំពោះជូនទៅ  មួយជាមួយនៅ  ដើមដែលវិញាណ។

១៣- សុទិធនំ  តេហេវរំ  មិត្តភរិយា  តច្ឆន្តិយេ  កាលេវរា  វរំវិជ្ជា  បុញ្ញោមិត្តំ។  ព្យាធិបិន្ទ-  កាលេវរ-  មិត្តោសថំ  មរណកាល  ធម្មេវរំ  មិត្តនាថំ  បរលោកេ។

ធម៌ថាឋានឋិត  បើបានបាំងបិទ  ជុំជិតគេហេ  រីភរិយាយំ  មិត្តំពន្ធេ  ជាមិត្រវរេ  វរំឧត្តមោ។  កាលបើណាបាន  ចរចេញចាកឋាន  ទៅទូរតោ  អង្គអនាថំ  មិត្តំបុញ្ញោ  វិជ្ជាសដ្ឋោ  ជាមិត្តវរំ។  កាលកើតអាពាធ  ជារោគរូបព្យាធិ៍  បិន្ទារូបំ  បៀតបៀនទល់ទុក្ខ  ពុំសុខកាយំ  ឯឱសថំ  ជាមិត្រអាត្មា។  កាលខ្លួនមរណ៍ទៅ  លះលែងលំនៅ  ភូមិភពមនុស្សា  មានតែព្រះធម៌  សម្មាថ្លៃថ្លា  ជាមិត្រស្នេហា  ពំនាក់រូបោ។

១៤- អហពស្សា  សតំទានា  សហស្សបុណ្ណោ  ចសង្រ្កាន្តំ  សតំសហេស្សោ  រាហុចន្ទោ  ចអនន្តំ។

លោកថាឱ្យទាន  ថ្ងៃពុំសីលបាន  ផលរយកម្លាំង  ឱ្យទានថ្ងៃពេញ  បុណ្ណមីយំ  សហសហសគុណំ  បានបរិបូណ៌បុណ្យ។  ថ្ងៃមហាសង្ក្រាន្ត  ឱ្យទានសោតបាន  ផលមួយសែនគុណ  ថ្ងៃគ្រោះបើបាន  ឱ្យទានទ្រព្យធន  បានមួយអនន្ត-  គុណផលសេដ្ឋំ។

១៥- បស្សសលា  សរោរសា  វាទិសច្ចំ  តស្សសរោ  រសោវរំ  និតុរិយំ  រសោតាលា។

មលាចាបេ  រសោភវេ  ធនុសង្កា-  មចររសោ  កាមយោបន្ធា  រសោអាហា-  រសរសោ។  នាកាវិនិ-  ច្ឆយកវិ  រសោធម្ម  តិលោកានំ  វរំសេដ្ឋោ  អាចរិយោ  បកាសិតា។  រីរសក្រសាល  ត្រអាលខ្ញៀវខ្ញារ  សាន្តសោមនស្សា  ពុំស្មើឥតទុក្ខ  សាន្តសុខចិន្ដា  រីរសវាចា  ពុំស្មើពាក្យសត្យ។  សូរភ្លេងដទៃ  ពុំស្មើស្រឡៃ  ឮលេចឡើងខ្ចាត់  រសអកុសល  អំពល់បាបបាត់  មិនក្រៃអ្នកកាត់  ស្រឡាញ់បាបបាន។  រសឯចម្បាំង  សឹកសោតតតាំង  គ្រឿងគ្រប់ប្រុងប្រាណ  ពុំស្មើធ្នូជ័យ  វាតវៃបាញ់បាន  រសកាមាមាន  មិត្រមូលវាស្នា។  មិនក្រៃនឹងភ្លោះ  ក្រមុំកាន់កោះ  កួចកើតកាមា  ឯអស់អាហារ  ត្រកាលឱជា-  រសរែងពិសា  មិនក្រៃនឹងឃ្លាន។  រីរសបង្គាប់  សេចក្ដីប្រៀបប្រាប់  ពុំស្មើអ្នកមាន  ប្រាជ្ញាឈ្លាសវៃ  រសត្រៃភពឋាន  ប្រសើរសោតមាន  តែព្រះធម្មា។

១៦- ជានាសយេ  ភជាពន្ធេ  វមិភយា  កមេអប្ប-  ទសតថា  មិត្តទារា  វិភវខ្យេ។

ចង់ដឹងពុតអា-  មាត្យគាល់ក្សត្រា  ជាម្ចាស់សិរេ  ចេញអង្គុយគាល់  ផ្ទាប់ផ្ទាល់វេះវេ  ដឹងចិត្តញាតិប្រែ  កាលកើតភ័យខ្មី។  ទោះនូវចង់ជាក់  ដឹងចិត្តក្លើម្រាក់  សម្លាញ់ភ្ងាប្រិយ  កាលកើតកម្មកល  ដូចដល់មានក្ដី  ចង់ដឹងពុតស្រី  កាលថ្លោះទ្រព្យា។

១៧- យោចពាលោ  ឥត្ថីធុត្តោ  អក្ខសុរា-  ធុត្តោធនំ  លទ្ធំវិនា-  សេតិបរា-  ភវតោមុខំ។

នាអ្នកខ្លៅល្ងង់  វង្វេងចិត្តចង់  ស្រឡាញ់ល្បែងខ្លាំង  ល្បែងស្រីល្បែង​ស្រា  បៀបាស្កាតាំង  ធនធានតំណាំង  ស្រើបស្រាលពុំធ្ងន់។  អ្នកនោះនឹងមាន  ភ័យភិតព្រួយប្រាណ  ដំនៀលអង្គអ-  ន្តរធានខ្ចាត់ខ្ចាយ  ខូចខាតទ្រព្យធន  ទល់ទុក្ខទុក្ខទុរន់  លុះបរលោកំ។

១៨- យោរូបយោ-  ព្វនសម្បន្នោ  វិសាសលកុលំ  សុសម្ភវា  វិជ្ជាហីនំ  នត្ថិកន្ធំ  តវកីសុកា។

អាថ៌អធិប្បាយ  បន្លែស្រេចស្រាយ  បាទបាលីថា  អ្នកណាមួយមាន  សន្តានថ្លៃថ្លា  រូបរាងសោភា  សុភាពរាបសា។  បើឥតចំណេះ  ប្រាជ្ញាពុំចេះ  សិល្បសាស្ត្រវោហារ  ពុំពេញជាមនុស្ស  ទុយ៌សឥតការ  ដូចកល់ផ្កាចារ  ឯងឥតគន្ធំ។

១៩- ឥត្ថីធនោ  រូបំបុរិសោ  ធនកុលំ  សប្បោនាម  ពលវិសំ  រាជានាមំ  ធនពលោ។

ពាក្យពិតធម៌ថា  ស្រីយករូបជា  ទ្រព្យអង្គអគ្គោ  ប្រុសយកទ្រព្យា  ជាក់ជាវង្សោ  វង្សាវរោ  ត្រកូលថ្លៃថ្លា។  ពស់ពាលសាមារ  យកពិសប្រហារ  ជាតជាពលា  ក្សត្រាយកទ្រព្យ  ប្រដាប់ឱ្យជា  រង្វាន់យោធា  ជាតជាកម្លាំង។

២០-នារិតុនេ  ចតុលោកេ  ចសុជាកំ  សុវចនៈ  រក្ខធនំ  បតិរក្ខំ  តហទេវា។

លោកថាបើស្រី  ណាចេះផ្គាប់ប្ដី  ចេះរៀបបណ្ណា-  ការស្លដណ្ដាំ  ភ្លាញាំសាច់សា  កបកើតឱជា-  រសរក្សាប្ដី។  រៀបរាប់រក្សា  ធនធានទ្រព្យា-  ករកបសម្ដី  មិនឱ្យមានអាក់  អន់បាក់ចិត្តប្ដី  ប្រសើរជាស្រី  ស្មោះស្មើទេព្ដា។

២១- យោបុត្តលោ  លជ្ជិរញ្ញោ  កុតោយសា  លជ្ជិតុរូ  កុតោបញ្ញា  លជ្ជិករិយា  កុតោបុត្តី។

បទបន្លែថា  នរូអ្នកណា  ច្រអូសអប្រិយ  ខ្ជិលផ្គាប់ព្រះមហា-  ក្សត្រាធិបតី  បានបុណ្យបទអ្វី  អ័ប្បអង្គអាស្រូវ។  រីសិស្សតំអឹង  ចិត្តចោររែងរឹង  ខ្ជេញខ្ជិលនឹងគ្រូ  នឹងបានពីណា  ប្រាជ្ញាមូទូ  អ័ប្បអង្គឯនូវ  អសារសូន្យសោះ។  មួយថាស្វាមី  បើចិត្តខ្មាសស្រី  អន់អៀនពុំស្មោះ  ខ្ជិលពុំស្នេហា  ចិន្ដាកាន់កោះ  តើនឹងមានមោះ  កូនកើតនឹងអ្វី។

២២- អសន្តោសោ  យតិនដ្ឋោ  មហិបតី  សន្តុដ្ឋោសៈ  លជ្ជាតណី-  កានលជ្ជី  កុលំនរា។

និទានបន្លែ  បាលីថាឯ  ភិក្ខុឯណា  មួយមិនសន្ដោស  ទោសទុក្ខពុំជា  ប្រយោជន៍អង្គអា-  សារសូន្យសល់។  មួយនីក្សត្រា-  ធិរាជចេស្ដា  រក្សរាស្ត្រមណ្ឌល  បើមានសន្ដោស  ទុក្ខទោសអំពល់  អំពីពុំស្កល់  រាជរម្យរដ្ឋា។  មួយស្រីផ្កាមាស  បើមានចិត្តខ្មាស  ពេកពុំបានជា  ប្រយោជន៍នៃប្រាណ  ពុំបានទ្រព្យា  អង្គឥតអ្នកណា  ចូលចង់អង្គប្រាណ។  មួយនីអ្នកណា  មួយមានពង្សា  ត្រកូលសន្ដាន  បើមិនមានខ្មាស  ពព្លាសឈ្លានពាន  អ្នកនោះនឹងមាន  ប្រយោជន៍ពីអ្វី។

២៣- ធនសាធូនំ  អប្បម្បិតំ  កូបវារី-  វនិក្ខយំ  បហុតតម្បី  សាធុវារី-  វអន្វេខ្យំ។

លោកថាធនធាន  ទ្រព្យនៃអ្នកមាន  សប្បុរសសេដ្ឋំ  ទោះតិចក្ដីណា  ហេតុសទ្ធាខ្លាំង  ចែកជាទានំ  ឱ្យដល់អ្នកផង។  នេះនូវគួរនា  ដូចកល់គង្គា  អណ្ដូងគេដង  ពិតពុំហែងហួត  រីងស្ងួតឡើយហោង  នៃនរអ្នកផង  អាស្រ័យសឹងបាន។  រីទ្រព្យរបស់  អ្នកឥតសប្បុរស  ទោះច្រើនប៉ុន្មាន  ទ្រព្យនោះសឹងក្ស័យ  អាស្រ័យពុំបាន  ហេតុពុំឱ្យទាន  ធ្វើបុណ្យឡើងនៃ។  នេះនូវគួរនា  ដូចកល់ទឹកមហា-  សមុទ្ទសោតប្រៃ  សឹងសូន្យអសារ  ឥតការពេកក្រៃ  ឥតអ្នកអាស្រ័យ  បានបរិភោគ។

២៤- កក្កដានំ  នត្ថិសិរំ  សប្បាជាទា  នគច្ឆន្តិ  កុក្កុដថនា  នត្ថិនរមា-  វមញ្ញីមតី។

ពាក្យពិតឧបមា  ក្ដាមឥតក្បាលវា-  ចេះដើររកស៊ី  ពស់សោតឥតជើង  ចេះឡើងឈើខ្មី  មាន់ជាបក្សី  សត្វសោតគ្មានដោះ។  ចិញ្ចឹមកូនបាន  រស់រូបមិនមាន  ក្សិណក្ស័យសូន្យសោះ  មនុស្សផងទាំងឡាយ  កុំមើលងាយស្មោះ  ដ្បិតមានបុណ្យនោះ  ពុំយល់កំបាំង។

២៥- និវតិក្ខោ  វជាវកោ  តិក្ខោទិវំ  ទុវចនា  មហាតិក្ខំ  ទិវជាវកំ  មហាតិក្ខា។

លោកថារីព្រះ  សូរ្យសែងរឿងរះ  កណ្ដាលវេហាស៍  ក្ដៅក្ដាត់ចំហាយ  សូរ្យាយមហិមា  មោះពុំស្មើនា  កម្ដៅអគ្គី។  នាអ្នកកាន់កាច  ពោលពាក្យកំណាច  ពិតពុំមេត្រី  នោះក្ដៅក្រៃលែង  សូរ្យសែងរង្សី  ក្រៃលែងអគ្គី  ក្ដៅក្ដាត់មហិមា។

២៦- មធុសុណិ  ជាលបក្ខិ-  កសុណិជ្ជា-  លាពុទ្ធេសៈ  សុណិសាស្រ្តា  ចចន្ទិមា  សុណិបុណ្ណមី។

លោកថារីឃ្មុំ  ខ្មីឃ្មាតខិតខំ  យកកេសរភ្ញី  តែម្ង៉ៃតើបាន  ប៉ុន្មានមួយនី  ចាបជាបក្សី  សត្វសោតចង់បាន។  ខិតខំរកធ្វើ  សម្បុកម្ង៉ៃតើ  បានច្រើនប៉ុន្មាន  នេះដូចអ្នកណា  ប្រាជ្ញាញេយ្យញាណ  រៀនខំឱ្យបាន  ចេះតែមួយថ្ងៃ។  តើបានប៉ុន្មាន  ហេតុនោះឱ្យមាន  ការព្យាយាមនៃ  ដូចកល់ព្រះចន្ទ្រ  សោភ័ណថ្លាថ្លៃ  ទើបកើតតែម្ង៉ៃ  តើពេញបុណ្ណមី។

២៧- ទិសេនត្ថិ  តិរិវមិ  ខិតំតិរី  នាមទិសេ  និត្ថិកវី  កកាកិកី  ចបណ្ឌិតា។

លោកថាទីឋាន  ណាមួយមិនមាន  ភ្នំធំឡើយណា  មានតែដំបូក  សោតលោកហៅថា  ភ្នំវិញប្រុះប្រា-  កដកបសឹងបាន។  មួយនីលោកថា  ប្រទេសឯណា  សូន្យសោះមិនមាន  អ្នកប្រាជ្ញបណ្ឌិត  គន់គិតរិះធ្យាន  ប្រុងប្រែពុំបាន  បាលីគាថា។  មានតែអ្នកខ្លៅ  ពិតពុំចេះជ្រៅ  អប្បឥតប្រាជ្ញា  ជួជាតិតែឡែ[១]  ចេះតែកកា  កិកីហៅថា  អ្នកប្រាជ្ញបានខ្ញី។

២៨- យំកុទេស  កុច្ឆិមជំ  ពន្ធកុច្ឆី  តំកុទារៈ  កុច្ឆភូមី  ទូរេបេរិ-  វិវជ្ជយេ។

បទបន្លែថា  ប្រទេសឯណា  កាចកលរិះរេ  មួយបើមនុស្សកាច  កំណាចវៀចវេរ  មួយញាតិផងប្រែ  ចិត្តកាចកិច្ចកល។  មួយបើភរិយា  កាចកិច្ចកើតជា  កំហឹងកំហល់  មួយស្ដេចកំណាច  កាន់កាចឥតកល  លោកពុំឱ្យយល់  ចៀសឱ្យទូរគោ[២]។

២៩- បព្វតោភា-  រោចតុសា-  តរភារោ  មិត្តទុព្ភា  ភារាគតោ  វិយន្តកោ  បញ្ចានន្តំ។

លោកថារីភ្នំ  ចិញ្ចែងធារធំ  ក្រាស់ក្រៃទៀងទាំង  មហាសមុទ្រ  បួនគម្ភិរំ  ធ្ងន់ឥតឧបមំ  ឧបមេយ្យឡើយណា។  រីអ្នកទ្រុស្តមិត្ត  សម្លាញ់ស្នេហ៍ស្និទ្ធ  ធ្ងន់ក្រៃលែងសា-  គរគម្ពីររឹង  ក្រៃនឹងបព្វតា  ស្មើនឹងបញ្ចា-  នន្តរិកោ។

៣០- បឋវីស-  ព្វានភារៈ  ជលវហោ  នភារានៈ  យេចសិស្សោ  គុរុទេហា  តរោការា។

នេះលោកស្រដី  ថាប្រឹថពី  កម្រាសគណនា  ពីរសែនយោជន៍ថួន  ប្លាយបួនហ្មឺនជា  ទម្ងន់លោកថា  ពុំធ្ងន់ឡើយនៃ។  រីទឹកនព្វមហា-  សមុទ្រគណនា  ជម្រៅជ្រៅក្រៃ  ប្រាំបីហ្មឺនស្បាន់  បួនពាន់យោជន៍នៃ  លោកឧបមេយ្យ  ថាស្រាលវិញណា។  រីសិស្សកំណាច  ចិត្តចោរកៀចកាច  ទ្រុស្តគ្រូអាត្មា  បាបធ្ងន់ក្រាស់ក្រៃ  លែងនៃក្រឡា  បឋវីសា-  គរគម្ភីរំ។

៣១- បតិមាយេ  នេវកុព្វេ-  ថវិសាសំ  ខលោឥវ  សប្បុរក្ខំ  ចិរកាលំ  វទុស្សតេ។

នរូអ្នកណា  មួយមានប្រាជ្ញា  គិតគាប់ថួនថែ  គួរកុំបីភប់  ប្រសព្វស្នាលស្នេហ៍  ស្និទ្ធទុកចិត្តឯ  មិត្រកាចកម្លៅ។  គួរនាដូចឯ  ពស់ពិសកាចគេ  រក្សាលង់ទៅ  ខឹងខាំម្ចាស់ឯង  ឥតក្រែងរាក់ជ្រៅ  ហេតុដ្បិតកម្លៅ  កម្លាំងមោហោ។

៣២- ចន្ទបុណ្ណ-  មិយោឯកៈ  សសិរាត្រោ  កិលាសភាខ្យំ  សិលម្ភកាមោ  ទាត្រសរោ  សុរេសេនា។  តជេន្ទស្សៈ  លង្ការុទ្ធៈ-  រេសចេស្តា  ឥត្ថីសោឡ-  សវសិរោ-  តិសុភរនា  សយោបុត្តំ។

លោកថារីព្រះ  ចន្ទចែងរឿងរះ  ពេញបុណ្ណមិយំ  ពុំល្អប្រពៃ  ស្មើថ្ងៃឯកំ  មិតិត្ថិយំ  មួយរោចឡើយហោង។  មួយនីនៃអ្នក  ចេះសិល្ប៍សិទ្ធសក្ដិ  គាថាមន្តផង  បើពុំចាំមាត់  ស្ទើរស្ទាត់ជាម្ដង  ពុំប្រសើរហោង  ជាចេះឡើយណា។  រីអ្នកទាហាន  សេនាថ្កើងថ្កាន  សាហ័សក្លៀវក្លា  បើគ្មានថ្វីដៃ  ឥតជ័យចេស្ដា  ពុំរាប់ហៅថា  ទាហានឡើយនៃ។  មួយសោតគជសារ  ធាត់ធំឧទារ  ខ្លោះខ្លាំងនិរភ័យ  បើបានចូលសឹក  ពន្លឹកជាញជ័យ  រែងមានតេជជ័យ  ទើបប្រសើរហោង។  មួយសោតលោកណា  ស្រីមានរូបា  សោឡសឆ្នាំងផង  ពុំហៅល្អល្អះ  ត្រចះហ្មត់ហ្មង  លុះមានកូនម្ដង  សុសោភតេ[៣]។

៣៣- មណ្ឌុកោសំ-  របទុមំ  បុច្ឆគន្ធេ  អលិប្បភូ-  មរោទូរេ  បុប្ផគន្ធេ  នលិប្បតិ។

ពាក្យពិតលោកថា  កង្កែបឯងអា-  សារសូន្យអប្រិយ  នែបនិត្យនៅនា  បទុមាស្រះស្រី  ពុំត្រឹបត្រង់វី-  សេសសុគន្ធ។  រីឯកន្លង់  នៅឆ្ងាយត្រាច់ត្រង់  ត្រឹបត្រងកេសរ  លម្អងបុប្ផា  បទុមាឈូកឈរ  ក្លិនបុប្ផាភរ-  ភាយផាត់គន្ធា។

៣៤- ពហុសេលំ  ចបព្វតំ  មណិជាតា  ចទុល្លកោ  មហាទុល្លកា  អរញ្ញវនា  ពហុរុក្ខោ។  ចន្ទជាតា  ចទុល្លកា  មហាទុល្លកោ  នតរេច  ពហុនរោ  សប្បុរិសោ  ចទុល្លកា។

លោកថាថ្មដុំ  ដេរដាសដោយភ្នំ  ច្រើនឥតគណនា  មោះនឹងរើសរក  កម្របានជា  មណីរត្នថ្លៃថ្លា  ក្រៃក្រនឹងមាន។  មួយសោតរីឈើ  ច្រើនពណ៌អន្លើ  ដុះដោយសព្វឋាន  សុសសព្វឈូងឆក  រិះរកក្របាន  ជាខ្លឹមចន្ទន៍មាន  តម្លៃឡើយហោង។  រីឯនគរ  មនុស្សផងវឹកវរ  ច្រើនក្រៃកន្លង  ក្រនឹងមានមនុស្ស  សប្បុរសស្នេហ៍ស្នង  ខ្លួនខ្លាចបាបផង  ក្រមានឯងឯ។

៣៥- សិរឹបញ្ច  ហត្ថំអស្ស  ទសហត្ថេរ  សតហត្ថំ  តជំនាមេ  ចទស្សតេ  ពិទូរជនា។

សត្វណាមានស្នែង  លោកឱ្យគិតក្រែង  ចៀសចេញវាងវា  បានប្រាំហត្ថគត់  កំណត់ធម៌ជា  កុំចរយាត្រា  ទៅទៀបឡើយហោង។  រីសេះសោតណា  ឱ្យចៀសវាងវា  ដប់ហត្ថជាម្ដង  រីគជសារ  ឧទារទ្រើសឃ្នង  ឱ្យចៀសរំលង  ចេញបានរយហត្ថ។  នាអ្នកទុជ៌ន  ជួជាតិអង្គអ-  ន្ធពាលអស្សត្យ  លោកឱ្យលះលាក  ចៀសចាកចេញថ្វាត់  រើផ្ទះខ្ចាត់ខ្ចាយ  រកភូមិទៀតខ្មី។

៣៦- មាតាកិសកោ  ទ្វារងាលា  ហុតោលិក្ខី-  តោពាណិជ្ជា  មហាសេដ្ឋី  រាជវសី-  កោនិច្ឆយោ។  រាជាសេនំ  សមណតុណំ  កវតុរ្វ  វិរុទ្ធនៈ-  ករោងោសោ  ឥមជនោ  មិត្តំវឌ្ឍតី។

ធម៌នេះលោកថា  ឱ្យអ្នកផងជា  មិត្រមានមេត្រី  អ្នកប្រាំដណ្ដប់  ឱ្យគ្រប់កុំបី  ចងចិត្តជាក្ដី  ប្រមាទឡើយណា។  មួយម្ដាយមួយគឺ  ពេទ្យមើលជំងឺ  មួយគឺហោរា  មួយគឺអ្នកកត់  កំណត់ត្រួតត្រា  មួយអ្នកទ្វារមហា-  ក្សត្រាធិបតី។  មួយគឺអ្នកនាយ  សំពៅទាំងឡាយ  មួយគឺសេដ្ឋី  មួយគឺសុភា  ពិចារណាក្ដី  មួយគឺមន្ត្រី  អង្គអគ្គសេនា។  មួយគឺព្រះវង្ស  មួយនីគឺអង្គ  ព្រះមហាក្សត្រា  មួយគឺអ្នកបួស  ទ្រង់ផ្នួសចរិយា  មួយអ្នកឯណា  មានគុណស្ងួនគ្រង។  មួយគឺអ្នកប្រាជ្ញ  បណ្ឌិតឯងអាច  ចេះធម៌អាថ៌ផង  មួយគឺអ្នកជា  គ្រូអាត្មាហោង  គិតគួរកុំចង  ចិត្តជាទោសំ។

៣៧- សត្តពិន្ទឱរៈ-  លស្មាសត្តមៈ-  តាលបតាលំ  ចន្ទកុលេ  រវេជាតំ  និរធនំ  នបស្សតី។

ទោះអ្នកឯណា  ទំហំអង្គា  ប្រាំពីរដំរី  កម្ពស់សុរិល  ប្រាំពីរត្នោតក្ដី  រូបរាងឥន្រ្ទិយ  ធាត់ធំមហិមា។  សន្ដានអម្បូរ  ជាមួយព្រះសូរ្យ  និងព្រះចន្រ្ទា  ថាបើពុំមាន  ធនធានទ្រព្យា  អង្គឥតអ្នកណា  មួយនឹងយល់ឡើយ។  លោកិយប្រធាន  ប្រសើរសោតមាន  តែទ្រព្យជាត្រើយ[៤]  ជាញាតិជាមិត្រ  ស្នេហ៍ស្និទ្ធឯងហើយ  ឥតអ្វីទៀតឡើយ  ទ្រព្យជានាថោ។  ៣៨- យស្សរុក្ខិ  ឆាយាយនិ-  សីទយវា  សយយតនៈ  តស្សសាខា  កញ្ជយវា  មិត្តទុព្ភោ។  នរូព្រឹក្សា  មួយមានសាខា  ស្លោមស្លឹករុក្ខោ  ទោះអ្នកឯណា  ចិន្ដាមោហោ  មោហៈពាលោ  ពាលពន់វិស័យ។  ចូលចតសម្នាក់  អាស្រ័យពឹងពាក់  ក្រោមម្លប់ព្រឹក្សព្រៃ  នោះហើយមានចិត្ត  គំនិតកាចក្រៃ  កាន់កាច់កាប់នៃ  ស្លោមស្លឹកសាខា។  លោកហៅទ្រឹស្ដិទ្រុះ  មិត្រមានបាបលុះ  បទចិត្តមោហា  ធ្លាក់ទៅនរក  អាក្រក់ឈឺផ្សា  ខ្លោចខ្លួននៅនា  ភូមិភ័យនិរយំ។

៤០- យោចជនោ  អរក្ខិតោ  មហិចេកំ  តយោតវា  ឆសុនខំ  សត្តអស្សំ  បញ្ចមជ្ជារា។  អដ្ឋកុញ្ជៈ  រាទ្វេកេសៈ  រាទ្វេអាវុធា    ទ្វេករិយាយំ  អវមង្គលា  ភយំអសា-    ធុកំជនេ។

ពាក្យនេះលោកថា  ពុំឱ្យរក្សា  នូវក្របីតែ  មួយមានចង្រៃ  ទុក្ខភ័យឯងឯ  គោ៣សោតគេ  ពុំឱ្យរក្សា។  ឆ្មា៥នូវឆ្កែ  ប្រាំមួយឯងឯ  សេះប្រាំពីរណា  ដំរីប្រាំបី  អប្រីយ៍សា  ចុងសក់បែកជា  ពីរពុំប្រពៃ។  ប្រពន្ធពីរណា  ដាវពីរពុំជា  សោតសឹងចង្រៃ  អពមង្គល  អំពល់ទុក្ខភ័យ  ពិតពុំប្រពៃ  នៃអ្នកនោះណា។

៤១- នកត្តឃៈ  កន្តំឯវៈ  ហង្សកាកា  ភាសំឯវៈ  ចកោកិលា  មណ្ឌូធវិកា  ឯវសីហោ។

ធារធម៌វិសាល  វិសេសបរិបាល  បរមត្ថសេដ្ឋោ  កណ្ដូបគន់គិត  គំនិតអសោ  ចិត្តមោះមោហា  ហេតុតិរច្ឆាន។  កាលណាលោតទៅ  ទំលើចុងស្មៅ  ហើយអួតឯប្រាណ  ដំណើរអញណា  ដូចមហាហង្សបាន  ឥតនឹងហង្សមាន  អញតាងបានហោង។  ក្អែកសោតកាលវា  ហើរទៅទំនា  ចុងបង្គោលផង  អួតសំឡេងថា  ឥតតាវៅហោង  មានអង្គអញស្នង  តាវៅបក្សី។  កង្កែបកាលណា  ចេញពីរន្ធវា  យំហើយគិតខ្មី  អួតអង្គឯងអាច  ដូចរាជសីហ៍  ចរចេញអំពី  គុហាសុវណ្ណ។

៤២- ទលិទ្ទសៈ  ជនំមរៈ  ទូភាកា  ក្សត្រីអវិ  ព្យាបណ្ឌិតា  អាចរិយា  សច្ចំមរណំ។

ពាក្យពិតសារសត្យ  សារសច្ចបរមត្ថ  បរមសេដ្ឋំ  អ្នកណាពុំមាន  ធនធានទ្រព្យ[៥]  ទុកស្មើមរណំ  រស់ឥតរូបឥតការ។  ក្សត្រីបើមាន  ដំនៀលដល់ប្រាណ  សោតសឹងអសារ  អសោចអាសៅ  លោកហៅស្រើបស្រាល  សូន្យសោះឥតការ  ឥតកេរ្តិ៍ស្មើស្លាប់។  មួយនាអ្នកប្រាជ្ញ  បណ្ឌិតឯងអាច  ពុំឈ្លាសវៃឆាប់  អង្គឥតប្រាជ្ញា  លោកថាស្មើស្លាប់  សោតសឹងឱនអាប់  អង្គឯងនោះនៃ។  មួយអង្គអាចារ្យ  ឥតសព្ទឥតសារ  ឥតសិល្បសាស្ត្រសៃយ  ឥតមានពាក្យសត្យ  ភ្លាំងភា្លត់ហឫទ័យ  ស្មោះស្មើក្សិណក្ស័យ  ដ្បិតចិត្តមោហោ។

៤៣- យោសុនខំ  ឌំសេងាទំ  សាយស្សសោ  នឌំសេងា-  ទំសុនខោ  ចបណ្ឌិតោ  នាលំកុជ្ឈតី។

ពាក្យពិតឧបមា  រីឆ្កែសោតសា-  ហាវហានអប្រីយិ៍  ខឹងខាំបាទា  អ្នកណាមួយក្ដី  អ្នកនោះទោះបី  ខឹងដល់ប៉ុន្មាន។  ពុំដែលនឹងប្រែ  វិលខាំជើងឆ្កែ  វិញពុំដែលមាន  នេះដូចអ្នកប្រាជ្ញ  ឯងអាចញេយ្យញាណ  ពុំដែលខឹងថ្កាន  តបអ្នកពាលោ។

៤៤- ឯកបក្ខា  មហារាជា  ឯកកាមោ  ទេវីមហន្តំ  ឯកំយសោ  នានុវត្តយោ  មហាសុខា។

លោកថាមហាក្សត្រ  សោយរាជសម្បត្តិ  រក្សរាស្ត្ររដ្ឋា  កុំមានហឫទ័យ  អាល័យស្នេហា  ស្រឡាញ់ករុណា  តែអ្នកមួយឡើយ។  រីរាជជាយា  អង្គអគ្គមហា  មហេសីហើយ  កុំមានចំណង់  ចិត្តចង់ច្រើនឡើយ  ដ្បិតក្សត្រត្រាណត្រើយ  ឥសូរសិរសី។  មួយសោតអ្នកណា  មួយនឹងចង់ជា  ឯកអគ្គមន្ត្រី  កុំឱ្យសរសើរ  ដំណើរពិតពី  ស្រីសុខសួស្ដី  អង្គឯងប្រាកដ។  ប្រកបប្រុងប្រែ  ស្រង់ស្រាយបានសែ  សិបបួនជាបទ កាកកាព្យដោយអាថ៌  ធារធម៌កំណត់  ទើបចង់ជាបទ  ព្រហ្មៈគីតិថា ៖

៤៥- និនិនិវាបិ  រដ្ឋេវិរាជិកា  នារីវិវត្ថោ  បរុក្ខាពនាលិ។  រុក្ខោវិប្បតោ  ចនសោកភត្តេនិ  ខីរធេនុវិ  សុភាសិតកថា។

លោកថារីស្រះស្ងួត  រីងហែងហួតឥតគង្គា  នគរឥតក្សត្រា  ស្រីឥតស្បៃដណ្ដប់ប្រាណ។  រីព្រៃសោតថាបើ  មិនមានឈើដុះដោយដាន  ឈើសោតបើពុំមាន  សន្លឹកឡើយសឹងសូន្យសោះ។  មេគោសោតឥតក្សីរ  ក្សិណនេសនីរនៃទឹកដោះ  រីពាក្យពុំពីរោះ  សឹងសូន្យសោះពុំសេដ្ឋោ។

៤៦- យោធម្មសីលា  ជិតមានទោសា  វិធ្យាវិនិតោ  នបរោបតិ។  សទារតុដ្ឋា  បរទារវជ្ជិ  កយានិកិញ្ចិ  នត្ថិតសលោកំ។

នរូអ្នកឯណា  ចិត្តចិន្តាដោយធម្មំ  សីលោរក្ខិតំ  រក្សាសីលពុំដែលដាច់។  កំហឹងខឹងមានះ  លែងលាកលះបរិបូណ៌ស្រេច  រួសរិះរៀនសូត្រសេច  ធម៌ពិនិត្យពិនិស្ច័យ។  ប្រាជ្ញាជ្រាបជ្រះជ្រៅ  មិនកម្ដៅអ្នកដទៃ  វៀរបរទារការនៃ  ត្រេកអរនូវបុត្រភរិយា។  ឯងឯអស់អំពល់  ពិតពុំដល់ជិតអង្គា  អ្នកនោះលោកិយគ្រា  នេះនីរនេសភិតភ័យខ្លាំង។

៤៧- បក្ខិមររុក្ខោ  ពាណិជ្ជោមរនោវំ  ភិក្ខុមរសីលំ  រាជាមរសង្កាមា។

លោកថាសត្វបក្សី  សោតទោះបីនឹងមរណា  លុះលើមែករុក្ខា  ទើបប្រសើរជាបក្សី។  រីឈ្មួញសោតមរណា  លើភេត្រាត្រាច់ជលធី  ភិក្ខុទ្រង់សីលវី-  សេសសោតមរក្នុងសីលសង្ឃ។  ព្រះមហាក្សត្រាធិរាជ  ទ្រង់អំណាចមរណាក្នុង  សង្គ្រាមជ័យទ្រើសទ្រង់  កេរ្តិ៍ប្រសើរជាក្សត្រា។

៤៨- យោចបុត្តលោ  ទុជ្ជនោទោសំមា-  នាយទុត្តន្ធា-  និឥវសូករោ។  សុជនោគុណៈ  សង្គហយហង្សោ  ខីរបិវម្ភតោ  សប្បុរិសសេដ្ឋោ។

អ្នកកាចកាន់យកទោស  ពុំសន្ដោសលោកគួរនា  ដូចជ្រូកឈ្លូសយកអា-  សោចសឹងល្មក់ទុគ្គន្ធំ[៦]។  រីអ្នកសប្បុរស  លោកចោលអស់ទាំងទោសំ  ប្រមូលយកគុណំ  ដូចហង្សចង់ក្សីរភោក្ដា[៧]។

៤៩- សសេសសេល  ភេធនភរិយា  ញាតិសសេសា  សេលភេជដ្ឋកោ។

នាអ្នកមួយធ្លាប់មាន  ទ្រព្យបើបានបង់ធនោ[៨]  ចិន្តេសិកសមោ  ចិត្តចង់បានដូចដែលវិញ។  មួយធ្លាប់មានភរិយា  ស្និទ្ធស្នេហាដោយស្រឡាញ់  បើស្លាប់ភរិយាមិញ  ចង់យកភរិយាទៀតណា។  អ្នកមួយធ្លាប់មានញាតិ  បើឃ្លាឃ្លាតព្រាត់ប្រាស់គ្នា  ចិត្តចង់រកអ្នកណា  សប្បុរសជាញាតិផង។  អ្នកមួយធ្លាប់ជាធំ  បើថ្លោះអំពីយសផ្គង  រីចិត្តអ្នកនោះហោង  នៅធំដូចអតីតំ[៩]។

៥០- កដ្ឋកម្មំពៈ  មរភូមឧទកំ  ឧជូសនច្ចំ  វាចាកម្មំសាស្រ្តា។

លោកថាឈើណាមូល  ពុំទាន់ចូលព្រមរណា  នោះអ្នកប្រាជ្ញលោកថា  ពុំទាន់ហៅជាមូលមាន។  ភូមិណាមួយបើរាប  ចាំងច្រាសប្រាបទួលទីឋាន  ពុំទាន់ស្ទង់ទឹកបាន  លោកពុំហៅជារាបឡើយ។  ឈើត្រង់សោតបើពុំ  ទាន់ផ្ទាត់តម្រង់ជាត្រើយ  ពុំទាន់ហៅត្រង់ឡើយ  លុះផ្ទាត់ទើបហៅត្រង់ហោង។  អ្នកណាមួយស្រដី  មានបាលីគាថាផង  លោកឱ្យជឿជាម្ដង  កុំសន្ទិះចិត្តចិន្ដា។

៥១- ឥមេកាព្យាហិ  ករោមិចសុភា-  សិតំហិកាថា  បញ្ញាសនិដ្ឋិតំ។  ឥមិនាតរជេ  នបុញ្ញេកុសលំ  យាវនិព្វានំ  បច្ចយោហោតុមេ។

(ចប់)
  • [១]– ប៉ោឡែ, ក្រឡែក្រឡ។
  • [២] – ឱ្យឆ្ងាយ។
  • [៣] – រឹងរឹតតែល្អឡើង, ល្អជាងក្រមុំ។
  • [៤] – ទ្រព្យដែលបានមកដោយសុចរិត ឬ អរិយទ្រព្យទាំង ៧ មានសទ្ធាជាដើម ទើបមានឈ្មោះថាទ្រព្យប្រសើរ។
  • [៥] – លោកសំដៅយកអរិយទ្រព្យទាំង ៧ មានសទ្ធា សីល ជាដើម។
  • [៦] – មានក្លិនអាក្រក់, ស្អុយ។
  • [៧] – ចង់ផឹកទឹកដោះ។
  • [៨] – បង់ទ្រព្យ។
  • [៩] – ដូចពីដើម។   
កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Oldest
Newest Most Voted
Inline Feedbacks
View all comments